Friday, March 15, 2013

វេយ្យាករណ៍ភាសាខ្មែរ


មាតិកា
១ វាចា​អ្នក​និពន្ធ
២ អំពី​អក្សរ ឬ​អក្ខរៈ
២.១ ​ព្យញ្ជនៈ
២.២ ជើង​ព្យញ្ជនៈ
២.៣ ស្រៈពេញ​តួ
២.៤ ស្រៈ​និស្ស័យ
២.៥ ការ​ប្រើ​ប្រាស់​ជើង​អក្សរ
២.៦ អំពីវគ្គ
២.៧ សំឡេង​ព្យញ្ជនៈ
២.៨ ព្យញ្ជនៈ​ប្តូរ​សំឡេង
២.៩ ព្យញ្ជនៈផ្ញើ​ជើង
២.១០ ព្យញ្ជនៈ​បន្ថែម
២.១១ សិថិល និង​ ធនិត
២.១២ ព្យញ្ជនៈ​គូ
២.១៣ កំណត់​សម្គាល់​ពី​ព្យញ្ជនៈ​ឡាតាំង ដែល​ត្រូវ​នឹង​ព្យញ្ជនៈ​ខ្មែរ
៣ វណ្ណយុត្តិ (Signe Diacritique)
៣.១ មូសិកទន្ត​ ឬ​ធ្មេញ​កណ្ដុរ “ ៉ ”
៣.២ ត្រីស័ព្ទ ( ៊)[5]
៣.៣ រស្សសញ្ញា​ ឬ​បន្តក់ (់)
៣.៤ សំយោគ​សញ្ញា (័)
៣.៥ របាទ (៌)
៣.៦ អស្តា (៏)
៣.៧ ទណ្ឌឃាត ឬ​បដិសេធ (​៍)
៣.៨ វិសជ៌នី (ះ) ឬរះមុខ
៣.៩ យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ” ក៏បាន [8]
៣.១០ រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union”
៣.១១ កាក​បាទ ឬ​ជើង​ក្អែក (+)
៣.១២ លេខ​ទោ (ៗ)
៤ ខណ្ឌ​សញ្ញា (Signes de ponctuation)
៤.១ ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)[9]
៤.២ ទ្វិពិន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)
៤.៣ បុច្ឆន​សញ្ញា (?) (Point d’interrogation)
៤.៤ ឧទានសញ្ញា (!) (Point d’exclamation)
៤.៥ អញ្ញប្រកាស[14] ( “…” )
៤.៦ អព្ភន្តរ​សញ្ញា[15] (‘…’)
៤.៧ មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (…) (point de Suspension)
៤.៨ វង់​ក្រចក ឬ​នខសញ្ញា ( )
៤.៩ វង់​តង្កៀប [.....]
៤.១០ រ៉ាត់ ឬ​ឃ្នាប ( } ឬ { ….} ) (Accolade)
៤.១១ បេយ្យាលៈ ឬ លៈ (៘)
៤.១២ ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
៤.១៣ ខណ្ឌចប់ ( ៕ )
៤.១៤ អាទិសង្កេត ( . )
៤.១៥ កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)
៤.១៦ ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)
៤.១៧ អំពី​លេខ​ខ្មែរ
៤.១៨ ការ​ចុះ​កាល​បរិច្ឆេទ
៤.១៩ អំពី​ទម្រង់​ផ្សេងៗ ​នៃ​អក្សរ​ខ្មែរ ( Les différents types de caractères Khmers )
៤.២០ ការ​ប្រើ​ឈ្មោះ​ខែ​តាម​បែប​បារាំង
៥ ពាក្យ​អញ្ញត្រ​ស័ព្ទ (Les mots exceptionnels)
៥.១ អក្ស​រ​កាត់
៥.២ ឋានៈរបស់​ពាក្យ
៦ បន្ថែម
៧ ឯកសារ​ពិគ្រោះ
———————————————————————
វាចា​អ្នក​និពន្ធ
មុន​ដំបូង​ខ្ញុំ​គិត​ថា​សរសេរ​អំពី “វិធី​សរសេរ​តែង​និពន្ធ” ​ដោយ​សង្ខេប​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ក្រោយ​មក អស់​លោក​ជា​អ្នក​ផ្ដួច​​ផ្ដើម​គំនិត លោក​មាន​សំណូម​ពរ សូម​ឲ្យ​បន្ថែម​សេចក្ដី​ណែ​នាំ​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​វេយ្យាករណ៍​ផង នោះ​ទើប​ខ្ញុំ​ក៏​ពិចារណា​ទៅ​ឃើញ​ថា ប្រសិន​បើ​មិន​ចេះ ឬ​ចេះ​វេយ្យាករណ៍​ស្ទើរ​ៗ ​សើៗ ញ្រល​​ៗ​ នោះ ការ​សរសេរ​តែង​និពន្ធ ​ប្រាកដ​ជា​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​មិន​ខាន ។ ដូច្នេះ​ខ្ញុំ​ក៏​យល់​ស្រប ហើយ​សម្រេច​បញ្ចូល​ចំណុច​សំខាន់ៗ​​ មួយ​​ចំនួន​នៃ​ចំណេះ​ខាង​វេយ្យាករណ៍​ខ្មែរ នៅ​ភាគ​ខាង​ដើម​នៃ​សៀវភៅ​នេះ ។ ធ្វើ​ដូច្នេះ ​ដោយ​ចង់​រំលឹក​អ្នក​ចង់​ចេះ​សរសេរ​តែង​និពន្ធ​ទាំង​ឡាយ មិន​ឲ្យ​មើល​ស្រាល​ចំណេះ​ខាង​វេយ្យាករណ៍ ប្រសិន​បើ​គេ​ចង់​សរសេរ​ឲ្យ​បាន​ល្អ ។ លុះ​កាល​ណា​អ្នក​អាន ឬ​អ្នក​សិក្សា​ចាប់​បាន​នូវ​ផ្នែក​សំខាន់ៗ​នៃ​វេយ្យាករណ៍ ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​ពន្លឺ និង​គោល​ការណ៍​នៃ​ការ​តែង​និពន្ធ​ហើយ​នោះ ទើប​ខ្ញុំ​ជួយ​ឲ្យ​អស់​លោក​ទៅ​ជួប​នឹង​ចំណេះ​ដឹង​ជា​សារវន្ត​ទាក់​ទង​ដល់​ការ​សរសេរ​តែង​និពន្ធ ។ ដើម្បី​កុំ​ឲ្យ​សៀវភៅ​នេះ​ក្រាស់​ពេក ហើយ​ដោយ​យល់​ឃើញ​ថា វេយ្យាករណ៍​ខ្មែរ​នេះ មាន​រៀម​ច្បង​មួយ​ចំនួន​បាន​សរសេរ​លម្អិត​ហើយ​នោះ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​សូម​​​ជួយ​រំលឹក​តែ​ត្រង់​ផ្នែក​សំខាន់​ខ្លះ ដែល​អ្នក​សរសេរ​តែង​និពន្ធ​ត្រូវ​ដឹង​ដោយ​ខាន​ពុំ​បាន ។ ឯ​នៅ​​ភាគ​ទី ​​II នេះ​ទៀត​សោត ក៏​ខ្ញុំ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​លម្អិត​ពិស្ដារ​ជ្រៅ​ជ្រះ​​​ប៉ុន្មាន​ទេ ។ សំខាន់​គឺ​គ្រាន់​តែ​លើក​មក​បង្ហាញ​ត្រួសៗ​នូវ​ចំណុច​ចាំ​បាច់​ខ្លះ ដើម្បី​ផ្ដល់​ជូន​អ្នក​អាន អ្នក​សិក្សា​នូវ​សញ្ញាណ​ស្តី​ពី​របៀប​សរសេរ​តែង​និពន្ធ ។ របៀប និង​វិធី​សរសេរ​មាន​ច្រើន​ណាស់… ។ អស់​លោក​ត្រូវ​ខំ​ព្យាយាម​អាន​សៀវភៅ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​ទាំង​​​បុរាណ ទាំង​ទំនើប ទាំង​កំណាព្យ​កម្រង​កែវ និង​អត្ថបទ​សម្រាយ​ធម្មតា… ។ អរគុណ​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​មុខវិជ្ជា​នេះ ។ សូម​ជូន​ពរ​ការ​ខិត​ខំ​សិក្សា​ទទួល​បាន​លទ្ធផល​ល្អ ។
មៀច ប៉ុណ្ណ
អំពី​អក្សរ ឬ​អក្ខរៈ
អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖
ព្យញ្ជនៈ មាន ៣៣ តួ ។
ស្រៈ​ពេញ​តួ ១២ តួ ។
ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។
​ព្យញ្ជនៈ
ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖
ក​ខ​គ​ឃ​ង ច​ឆ​ជ​ឈ​ញ ដ​ឋ​ឌ​ឍ​ណ ត​ថ​ទ​ធ​ន ប​ផ​ព​ភ​ម យ​រ​ល​វ​ ស​ហ​ឡ​អ
ជើង​ព្យញ្ជនៈ
ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​”សក់”ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites)​ ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖
ក្ខ​ខ្ខ​គ្គ​ឃ្ឃ​ង្ង ច្ច​ឆ្ឆ​ជ្ជ​ឈ្ឈ​ញ្ញ ដ្ត​ឋ្ឋ​ឌ្ឌ​ឍ្ឍ​ណ្ណ ត្ត​ថ្ថ​ទ្ទ​ធ្ធ​ន្ន ប្ប​ផ្ផ​ព្ព​ភ្ភ​ម្ម យ្យ​រ្រ​ល្ល​វ្វ​ ស្ស​ហ្ហ​ឡ្ឡ​អ្អ
ស្រៈពេញ​តួ
អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។
ស្រៈ​និស្ស័យ
គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១ តួតាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ”​ (អឿ-អៀ) ​ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧ [1] ។
ការ​ប្រើ​ប្រាស់​ជើង​អក្សរ
ដោយ​ហេតុ​ថា មាន​ករណី​ដោយ​ឡែក​ខ្លះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង​នោះ ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​​ថា ៖
ក/ ជើង​ “ត្ត” និង​ជើង “ដ្ដ” មាន​រូប​រាង​ដូច​គ្នា​អាច​ច្រឡំ ​ព្រោះ​ការ​ប្រើ​ប្រាស់​កន្លង​មក​ ហាក់​ដូច​ជា​ច្របូក​ច្របល់​បន្តិច ដូច​ជា​ពាក្យ​ ស្ដូក​​ស្ដឹង, ផ្តិល(ទឹក), ផ្ដាច់​ផ្តិល ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បាន​កំណត់​ប្រើ​ជើង​(ត្ត) នៅ​ផ្ញើ​ពី​ក្រោម​អក្សរ (ន) វា​មាន​សំឡេង​ជា​ជើង(ត្ត)ទាំង​អស់​ដូច​ជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិច​បន្តួច ។ល។ លើក​លែង​តែ​ពាក្យ ៥ ម៉ាត់​ចេញ​ ដែល​ជើង (្ត) យក​ទៅ​ផ្ញើ​នឹង (ន) ទៅ​ជា​មាន​សំឡេង“ដ”នោះ​គឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន, វេស្សន្ដរ ។ ប៉ុន្តែ​បើ​ជើង (្ត) នៅ​ផ្ញើ​នៅ​ពី​ក្រោម​តួ​ព្យញ្ជនៈ (ណ) វិញ​នោះ វា​មាន​សំឡេង​ជា “ដ” វិញ​ ដូច​ជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។
ខ/ ចំពោះ​ជើង “ញ” បើ​កាល​ណា​ត្រូវ​យក​ជើង (ញ) ទៅ​ផ្ញើ​នឹង​ព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាង​លើ​ត្រូវ​កំបុត​ជើង (ខ្នែង ្ញ) ។ រី​ឯជើង​(ញ)ដែល​យក​ទៅ​ផ្ញើ​នឹង​តួ​ (ញ) នោះ មាន​សិទ្ធិ​អាច​រក្សា​ជើង ​( ខ្នែង ញ្ញ) នេះ​បាន ។ ឧទាហរណ៍​ បញ្ញើ​ក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។
គ/ ជើង​ ឡ មិន​ដែល​ប្រើ​ទេ
ឃ/ ជើង ​(្ព) និង​ជើង (្វ) អាច​ប្រើ​ចូល​គ្នា​បាន ដោយ​យក​ជើង (្វ) ទៅ​ផ្ញើ​ពី​ក្រោម​ព្យញ្ជនៈ (ព) ដូច​ជា និញ្វន ។
សូមគូស​បញ្ជាក់​ថា
បុព្វ​បុរស​យើង​ផ្លាស់​ប្តូរ (ពៈ) ជា ​(វៈ)​ គឺ​ប្រើ​ជា​មួយ​គ្នាជំនួស​គ្នា​បាន ប៉ុន្តែ​គេ​មិន​អាច​យក​ជើង (ព) ទៅ​ផ្ញើ​នឹង​តួ​ (វ) ឡើយ ។
អំពីវគ្គ
១-វគ្គ (ក) ក​ខ​គ​ឃ​ង
២-វគ្គ (ច) ច​ឆ​ជ​ឈ​ញ
៣-វគ្គ (ដ) ដ​ឋ​ឌ​ឍ​ណ
៤-វគ្គ (ត) ត​ថ​ទ​ធ​ន
៥-វគ្គ (ប) ប​ផ​ព​ភ​ម
ឯតួ​អក្សរ​ទាំង​៨តួដែល​សល់​ពី​វគ្គ​ទាំង៥ខាង​ដើម​នោះ លោក​​​ហៅ​ថា សេសវគ្គ​ បាន​ដល់ ៖ យ រ ល វ ស ហ ឡ អ ។
សំឡេង​ព្យញ្ជនៈ
ព្យញ្ជនៈ ​៣៣ ​តួ​នេះ ចែក​ចេញ​​​សំឡេង​​ជា​ពីរ​ប្រភេទ​គឺ អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។ ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។
ព្យញ្ជនៈ​ប្តូរ​សំឡេង
ដើម្បី​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​​មូសិកទន្ត ​“ ៉ ” មក​ដាក់សម្លាប់ពី​លើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​មួយ​ចំនួន​បំប្លែង​សំឡេង​ ឲ្យ​ទៅ​ជាឃោសៈ​វិញ ដូច​ជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់​សម្គាល់
អក្សរ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​មក​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ​​​នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ ក៏​យក(ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច[3] ។
ករណី​ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​​អាច​អនុវត្ត​ក្បួន​ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ចូល​ទូក ។
ព្យញ្ជនៈផ្ញើ​ជើង
ផ្ញើ​ជើង​ គឺ​ជា​វិធី​យក​ជើង​ព្យញ្ជនៈ​មួយ ​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ដើម្បី​បង្កើត​បាន​ជា​សំឡេង​ផ្សំ​ពីរ​បញ្ចូល​គ្នា ឲ្យ​លាន់​ឮ​ក្នុង​ព្យាង្គ​តែ​មួយ ។ នៅ​ក្នុង​ភាសាខ្មែរ​យើង​ សម្បូរ​ពាក្យ​ដែល​ផ្សំ​សំឡេង​ពីរ​រួម​បញ្ចូល​មក​តែ​មួយ​ព្យាង្គ​ សម្រាប់​អាន​និយាយ​ចេញ​មក​ភ្ជាប់​គ្នា​ដូច​ជា​សំឡេង​ភ្លោះ ​។
ឧទាហរណ៍
ក+្ប = ក្ប មាន​ក្នុង​ពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មាន​ក្នុង​ពាក្យ “ ខ្សត់ ”
● របៀប​យក​ជើង​ទៅ​ផ្ញើ (ផ្សំ) ជា​មួយ​ព្យញ្ជនៈ “គោល” គឺ​ព្យញ្ជនៈ​មាន​ឋានៈ​ជា​ម្ចាស់​មាន​របៀប​ប្លែកគ្នា ៖
ក-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​តួព្យញ្ជនៈ​គោល ៖ ខ្លី, ឆ្មា ។
ខ-យក​ជើង​ផ្សំ​ដាក់​ពី​ឆ្វេង​តួ​ព្យញ្ជនៈ ៖ ស្រែ ។
គ-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​និង​ខាង​ស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។
ព្យញ្ជនៈ​បន្ថែម
ដើម្បី​អាច​សម្របតម្រូវ​ជា​មួយ​សំណូរ​ម្យ៉ាងតាមបែប​សូរ​សៀង​ជា​ភាសា​បរទេស ដែល​យើង​តែង​តែ​ខ្ចី​យក​មក​ប្រើ​ខ្លះៗ មាន​ភាសា​បារាំង អង់​គ្លេស…. គេ​យក​តួ​ព្យញ្ជនៈ​មក​ផ្សំ​ជា​មួយ​ជើង​ព្យញ្ជនៈ ដូច​ជា​ពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។
សិថិល និង​ ធនិត
ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​​​​“​​​​ ហ ” មាន​ដូច​ជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ… ។
គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
របាទ (៌)
វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្រ្កឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។
អស្តា (៏)
វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ …។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​… ឱហ្ន៏ នុ៎ះហ្ន៏ ។
ទណ្ឌឃាត ឬ​បដិសេធ (​៍)
វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍…។
វិសជ៌នី (ះ) ឬរះមុខ
គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “​​ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ,​ ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។
យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ” ក៏បាន [8]
គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្រ្កឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ…
● ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។
● លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ… ព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។
● លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ…​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។
● រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។
● ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ… ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។
រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union”
ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។
ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​…។
ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។
គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។
ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។
ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ​ ។
កាក​បាទ ឬ​ជើង​ក្អែក (+)
គឺ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
លេខ​ទោ (ៗ)
សញ្ញា​នេះ​គេ​ប្រើ​សម្រាប់
ក/- ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង,
ខ/- សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ​ ។
ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្មសង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ “នានា”​​​​​​​​ នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម…? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​វត្ថុ ។
ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។
លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប​ ។
លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ​ ។
លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់​ ។
លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។
ចំណាំ ៖ លេខ​ទោ​មិន​អាច​ប្រើ​ផ្ទួន​បាន​នៅ​ខាង​ចុង​ពាក្យ​ពិពណ៌នា អំពី​រូប​រាង​មនុស​ឬ​សត្វ ដូច​ជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្រ្ទា ។ ស្គម​កំព្រឹង​ព្រឹង ។
មិន​ត្រូវ​ប្រើ​លេខ​ទោនេះ​ក្នុង​ករណី​ប្រើ​ពាក្យ​ដដែល​ច្រើនដង
ខណ្ឌ​សញ្ញា (Signes de ponctuation)
ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។
ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)[9]
សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។
ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម
ខ/​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម
គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម
ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ
● កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។
អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖
ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។
ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។
និយាយ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង[10] ។
ទ្វិពិន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)
សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖
ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។
ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។
សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ ( ° ) សូន​ក្រោម (°) ហើយ​មាន​រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បាន​ៗ សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​​​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​វេយ្យាករណ៍។
ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ[11] ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ… ចុះ​ថ្ងៃ​ទី….
កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពី​មុខ​ពាក្យ ​“ថា” ៖
ក/ មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា[12]” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា… ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។
ខ/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ពិន្ទុ (ៈ[13]) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។
បុច្ឆន​សញ្ញា (?) (Point d’interrogation)
ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា…) យ៉ាង​ម៉េច​ក៏…, អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, … ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។
ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?
គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​គ្នាដែរ ។
ក្រៅ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។
មាន​បុច្ឆន​សញ្ញ​មួយ​បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។
ឧទានសញ្ញា (!) (Point d’exclamation)
សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរផងដែរ ។
អញ្ញប្រកាស[14] ( “…” )
គឺ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖
ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ ។
ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង ។
គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ
ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ ។
អព្ភន្តរ​សញ្ញា[15] (‘…’)
សញ្ញា​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។
សូម​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស (​ សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨ ) ចំណែក​នៅ​ក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ….” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ (“…”) ឬ («…»)[16] ។
ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ ( ‘… ’ ) មក​ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស ( “…” ) ។
មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (…) (point de Suspension)
ជួន​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖
ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។
ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​កំហែង ពាក្យ​បណ្តាសា… ។ ​
គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។
ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។
វង់​ក្រចក ឬ​នខសញ្ញា ( )
បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖
ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។
ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។
វង់​តង្កៀប [.....]
នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​តង្កៀប​នេះ​ទេ​ព្រោះ​យើង​មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​អឺរ៉ុប ។
រ៉ាត់ ឬ​ឃ្នាប ( } ឬ { ….} ) (Accolade)
សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។
ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​បែប​នេះ {…..} ។
ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។
បេយ្យាលៈ ឬ លៈ (៘)
គេ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។
ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។
ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ )
ខណ្ឌចប់ ( ៕ )
ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។
អាទិសង្កេត ( . )
គឺ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​សហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​រង (Sous-titre) ដូចជា ៖
មង្គល​ការ អបមង្គល
ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់
ចង់​រត់​ចេញ​ពី​សង្គម…
ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​សញ្ញា (-) ខ្លះ ៗ ​ដែរ ។
កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)
បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ផ្តើម​បើក​បទ​កំណាព្យ ។
ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)
គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ ៕ ឬ​មួយ ។៚ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚
អំពី​លេខ​ខ្មែរ
តាំង​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​​ហេតុ​ការណ៍​ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ… ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល… ។
នៅ​ពេល​បច្ចុប្បន្ន លេខ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គណនា​លុយ​កាក់​ថវិកា​ចំណូល​ចំណាយ ។ ពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ, ស្ថាប័ន​សេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​តួលេខ​ជា​ចម្បង​បំផុត ។ ព្រោះ​តែ “លេខ” មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​នេះ​ហើយ ​ទើប​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា​៖​“សម្តីជាឯក ​លេខ​ជា​ទោ អក្សរ​ជា​ត្រី ” តាំង​ពី​សម័យ​ដើម​មក​ទល់​ពេល​នេះ ទម្រង់​បែប​ផែន​លេខ​ដែល​ខ្មែរ​យើង​ប្រើ​ប្រាស់​មាន៖
ក/ លេខ​ទំនើប​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ ៖ 0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
ខ/ លេខ​អារ៉ាប់ ៖ 0, 1, 2, 3, 4, 5, 6, 7, 8, 9 ។ ស្ទើរ​តែ​នៅ​លើ​សកល​លោក​ គេ​ប្រើ​លេខ​នេះ ទុក​ដូច​ជា​លេខ​អន្តរ​ជាតិ​ទៅ​ហើយ ។
គ/ លេខ​ខ្មែរ​បុរាណ
លេខ​ប្រភេទ​នេះ មាន​តែ​ពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ​ដែល​ប្រើ​ក្នុង​ការ​ទស្សន៍​ទាយ ជោគ​តារាសី​ឲ្យ​មនុស្ស​ទូទៅ និង​ទស្សន៍​ទាយ​មើល​សុខ​ទុក្ខ, ​ព្រឹត្តិការណ៍, ទឹក​ភ្លៀង​ ឬ​កេណ្ឌ​ធារាសាស្រ្ត​ផលាផល​ប្រចាំ​ឆ្នាំ សម្រាប់​ចុះ​ផ្សាយ​ក្នុង​មហាសង្រ្កាន្ត ។ គេ​រាប់​លេខ​នេះ​ថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូម​បង្ហាញ​ជូន​នូវ​រូប​សញ្ញា​នៃ​លេខ​ខ្មែរ​បុរាណ​ដូច​ជា៖ ៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
ឃ/​លេខ​រ៉ូម៉ាំង (Chiffre romain) ច្រើន​សរសេរ ៖
នៅ​លើ​មុខ​នាឡិកា​ប៉ោល​ព្យួរ​ជញ្ជាំង
សម្រាប់​កត់​ត្រា ភាគ, ជំពូក, ផ្នែក, នៃ​អត្ថបទ ឯកសារ​សៀវភៅ​ផ្សេងៗ ។ខាងក្រោម​នេះ គឺ​រូប​សញ្ញា​តួនៃ​លេខ​រ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
នៅ​​​កម្ពុជា​យើង​ គេ​ប្រើ​ទាំង​អស់ លេខ​ទាំង​ប៉ុន្មាន​ដែល​បាន​បង្ហាញ​ជូន​ខាង​លើ ។ លើក​លែង​តែ​អស់​លោក​“ហោរា” ទេ ដែល​ប្រើ​លេខ​ខ្មែរ​បុរាណ ក្នុង​ការ​គណនា​ទស្សន៍ទាយ តាម​លេខ​អត្តៈ​ទស្សន៍​ទាយ ជោគ​ជតា​រាសី ។
ការ​ចុះ​កាល​បរិច្ឆេទ
ការ​ចុះ​កាល​បរិច្ឆេទ​មាន​តួនាទី​សំខាន់​ជា​ចម្បង ព្រោះ​តាម​រយៈ​កាល​បរិច្ឆេទ គេ​អាច​ដឹង​អំពី​កាល​វេលា ​ដែល​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត​នានា​បាន​កើត​ឡើង ។ ឧ. កាល​បរិច្ឆេទ​នៃ​ការ​ឡើង​សោយ​រាជ្យ​នៃ​ស្តេច​អង្គណាមួយ, កាល​បរិច្ឆេទ​នៃ​ការ​កសាង​ប្រាសាទ… កាល​បរិច្ឆេទ​នៃ​ជ័យ​ជម្នះ​របស់​ជាតិ​យើង ​ទៅ​លើ​គូស​ត្រូវ កាល​បរិច្ឆេទ​នៃ​ការ​ចាក​ចោល​ក្រុង​អង្គរ… កាល​បរិច្ឆេទ​នៃ​ការ​ផ្លាស់​ប្តូរ​រាជធានី ។ល។ នៅ​ក្នុង​គ្រួសារ​មួយ ​ការ​សាង​សង់​ផ្ទះ​ថ្មី ក៏​មាន​ចារឹក​កាល​បរិច្ឆេទ​ទុក​ជា​សម្គាល់ ​សម្រាប់​ឲ្យ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយៗ​បាន​ដឹង​។ នៅ​តាម​ចេតិយ ម៉ុង​បញ្ចុះ​សព ក៏​គ្រួសារ​នីមួយៗ តែង​តែ​សរសេរ​ឈ្មោះ បុគ្គល​ជា​សាច់​ញាតិ​ដែល​ស្លាប់ ។
ការ​ចុះ​កាល​បរិច្ឆេទ​តាម​បែប​បុរាណ
ចាប់​ពីរវាង​សតវត្សទី១៦ រហូត​មក​ទល់​​​ដើម​សម័យ​ភ្នំ​ពេញ​បុព្វ​បុរស​យើង​ប្រើ​របៀប​ម្យ៉ាង​ សម្រាប់​ធ្វើ​ជា​រូប​មន្ត​នៃ​​ការ​ចុះ​កាល​បរិច្ឆេទ ។ គោល​សំខាន់​នៃ​រូប​មន្ត​នោះ គឺ​លោក​ដាក់​សញ្ញា​ខណ្ឌ (។) ទុក​ជា​គោល​សម្រាប់​ធ្វើ​ស្នូល​កណ្តាល ។ យើង​ឃើញ​ការ​ចុះ​កាល​បរិច្ឆេទ​របៀប​នេះ នៅ​លើ​ចេតិយ នៅ​លើ​សំណង់​ផ្សេងៗ ខាង​ពុទ្ធសាសនា ជា​ពិសេស យើង​ឃើញ​នៅ​គ្រប់​តែ​សន្លឹក​ខាង​ដើម​បំផុត ឬ​សន្លឹក​ចុង​បញ្ចប់​នៃ​សាស្រ្តា​សឹ្លក​រឹត ។ ឧទាហរណ៍៖ ថ្ងៃ​អង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះ​គេ​សរសេរ​បែប​នេះវិញ ៖
ព.ស. ២៥៤៩
៣ ᧫ ៦ ឆ្នាំ​មមែ ____________
គ.ស. ២០០៥
នេះ​គឺ​ជារបៀប​ចុះ​កាល​បរិច្ឆេទបែប​សង្ខេប​ខ្លី ។ ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ថា ដើម្បី​ចេះ​ចុះ​កាល​បរិច្ឆេទ​របៀប​បុរាណ​នេះ គេ​ត្រូវ​ចេះ​ចាំ​ថ្ងៃ​ទាំង​ ៧ ឲ្យ​ស្ទាត់ គឺ ​អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួច​ហើយ​ត្រូវ​ចេះ រាប់​ខែ​ចន្ទគតិ​ឲ្យ​ស្ទាត់ ​ដោយ​ដាក់​លេខ​ឲ្យ​ខែ​នីមួយៗ​ផង​គឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។​ ការ​គិត ​ខ្នើត​ រនោច គឺលោក​កំណត់​ឲ្យ​ដាក់​ខ្នើត​នៅ​ខាង​លើ​សញ្ញា​ខណ្ឌ, ឲ្យ​ដាក់​រនោចនៅ​ខាង​ក្រោម​សញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃ​សៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវ​សរសេរ​ដូច​ខាង​ក្រោម ៖​
ព.ស. ២៥៤៨
៧᧳៨ ​ឆ្នាំ​ឆ្លូវ ____________
គ.ស. ២០០៤
អំពី​ទម្រង់​ផ្សេងៗ ​នៃ​អក្សរ​ខ្មែរ ( Les différents types de caractères Khmers )
អក្សរ​ខ្មែរ មាន​ទ្រង់​ទ្រាយ​ច្រើន​បែប, មាន​ដូច​ជា ៖
ក/ អក្សរ​ជ្រៀង (Ecriture penchée) ៖ អក្សរ​ជ្រៀង​ គឺ​ជា​អក្សរ​ដៃ (manuscrit) មាន​ជំហរ​រាង​ទ្រេត​ទៅ​មុខ ។ ប៉ុន្តែ គេ​កម្រ​ឃើញ​ទម្រង់​អក្សរ​ សរសេរ​ទ្រេត​​ទៅ​ខាង​ឆ្វេង​ណាស់ (ទ្រេត​ទៅ​ក្រោយ) ។
ខ/​ អក្សរ​ត្រង់ (Eeriture droite) ៖ គឺ​ជា​ទម្រង់​អក្សរ ​ដែល​គេ​សរសេរ​ ឲ្យ​មាន​ជំហរ​ត្រង់​ ទៅ​លើ​តាម​ទំនង​បន្ទាត់​បញ្ឈរ (vertical) ។
គ/ អក្សរ​មូល[18] ៖ គឺ​ជា​ប្រភេទ​អក្សរ ដែល​មាន​ទម្រង់​មូល ។ គេ​ច្រើន​សរសេរ​អក្សរ​មូល ​នៅ​ក្នុង​សៀវភៅ​ធម៌ ជា​ភាសា​បាលី ឬ សំស្រ្កឹត ។ ម្យ៉ាង​ទៀត ការ​សរសេរ​មន្ត​អាគមគាថា លើ​កន្សែង​យ័ន្ត​លើ​អាវ​តេជះ សាក់​លើ​ខ្លួន​ប្រាណ, ក៏​គេ​និយម​ប្រើ​អក្សរ​មូល​ដែរ ។ នៅ​ទូទាំង​ស្រុក​សៀម(ថៃ) កាល​ណា​គេ​សរសេរ​បាលី​គាថា​ មន្ត​អាគម​ គឺ​គេ​សរសេរ​អក្សរ​មូល​ខ្មែរ​ទាំង​អស់ ។ គេ​និយម​យល់​ថា កាល​ណា​គេសរសេរ​អក្សរ (​សៀម) នៅ​លើ​យ័ន្ត​ មន្ត​អាគម​គាថា នោះ​មិន​ពូកែ​សក្តិសិទ្ធិ ​ដូច​សរសេរ​អក្សរ​មូល​ខ្មែរ​ទេ ។
ករណី​លើក​លែង
ប៉ុន្តែ​ដោយ​ឡែក ហើយ​នេះ​ជា​ករណី​ពិសេស ដែល​ជា​ទម្លាប់​របស់​ខ្មែរ​យើង​ស្រាប់​ផង នៅ​លើ​ស្លាក (Enseigne) យីហោផ្ទះ​ជំនួញ ស្លាក​របស់​មន្ទីរ​ក្រសួង​នានា ឈ្មោះ​ចំណង​ជើង​សៀវភៅ​ឈ្មោះ​អ្នក​និពន្ធ… នោះ​គេ​ច្រើន​តែ​សរសេរ​អក្សរ​មូល​ផង​ដែរ ។ ឧទាហរណ៍ ៖រោង​ចក្រ​ម៉ុង​ហួត, ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាម​ពល, វចនានុក្រម​បារាំង-ខ្មែរ ដោយ​លោក តិប យក់, ថាវ-គន្ធ សម ថាំង​… ។ល។
ឃ/ អក្សរ​ខម[19] មាន​ទម្រង់​ទ្រង់​ទ្រាយ​មូល ​ប្រហាក់​ប្រហែល​នឹង​អក្សរ​មូល​ដែរ ប៉ុន្តែ​មាន​ចំណុច​ប្លែក​គ្នា​ខ្លះៗ ដូច​ជា៖
អក្សរ “ក” មាន​ពីរ​ជាន់ ជើង​បី​បែប​នេះ “ក” ។
គ្រប់​តួ​អក្សរ ច្រើន​តែ​មាន​ងៀង​ជ្រុង​បន្តិច ​នៅ​ត្រង់​ចុង​មុម​ ។
អក្សរ “ឞ ” មាន​បន្ទាត់ វះ​ពោះ​ភ្ជាប់​ពី​ម្ខាង​ដល់​ម្ខាង “ម”[20] ។
ស្រៈ “ ែ ” មាន​ទម្រង់​បែប​នេះ “ែ”[21]
គេ​ប្រើ​សរសេរ​អក្សរ ​ខម ប្រហាក់​ប្រហែល​គ្នា​នឹង​អក្សរ​មូល​ដែរ តែ​មិន​សរសេរ​ក្នុង​យ័ន្ត គាថា​ទេ ។ គេ​ច្រើន​សសេរ​ចុះ​ចំណង​ជើង​សៀវភៅ , ចំណង​ជើង​អត្ថបទ , ឈ្មោះ​ជំពូក, វគ្គ, ផ្នែក​នៃ​សៀវភៅ​មួយ ។ ដោយ​ចង់​ថែរក្សា​ទម្រង់​អក្សរ​ បន្សល់​ទុក​មក​ដោយ​បុព្វបុរស​ខ្មែរ គេ​ចម្លង​គំរូ​អក្សរ​ខម​នេះ ពី​សិលាចារឹក ក្រោយ​អង្គរ​ខ្លះ ពីសាស្រ្តា​ស្លឹក​រឹត​ខ្លះ រក្សា​ទុក​ជា​កេរមត៌ក​ខាង​អក្សរ​សាស្រ្ត កុំ​ឲ្យ​បាត់​បង់ ។
ការ​ប្រើ​ឈ្មោះ​ខែ​តាម​បែប​បារាំង
តាំង​ពី​ប្រទេស​យើង​​​ឋិត​នៅ​ក្រោម​រដ្ឋការ​អាណា​ព្យាបាល​បារាំង​មក ក្រៅ​ពី​ប្រើ​កាល​បរិច្ឆេទ​តាម​បែប​ចន្ទគតិ ខ្មែរ​យើង​ប្រើ​កាល​បរិច្ឆេទ​បែប​សុរិយ​គតិ​តាម​បារាំង ព្រោះ​រដ្ឋការ​របស់​បារាំង​និង​ខ្មែរ​យើង​ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ ។ ម្យ៉ាង​ទៀត​ឥទ្ធិពល​បារាំង ទាំង​នយោបាយ ​និង​វប្បធម៌ តែង​តែ​គ្រប​សង្កត់​មក​លើ​យើង​ជា​និច្ច ។ សូម​ជម្រាប​បញ្ជាក់​ថា បារាំង​ពុំ​មាន​ប្រើ​ឈ្មោះ​​ឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង…. ដូច​យើង​ទេ គឺ​គេ​ប្រើ​ឆ្នាំ​តាម​គ្រិស្តសករាជ ។
ឧទាហរណ៍៖ គ្រិស្តសករាជ ២០០៧ ។ ក្រៅ​ពី​ប្រើ​ឆ្នាំ​តាម​គ្រិស្ត​សករាជ បារាំង​ប្រើ​ខែ​សុរិយគតិ​ដូច​ជា Janvier (ហ្សង់​វី​យេ), Février (ហ្វេ​វ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសម​ប្រិ៍) ។
​ក្រោយ​មក ក្នុង​រវាង​បណ្តា​ឆ្នាំ ទសវត្ស​ទី​៦០ គណៈកម្មការ​វប្បធម៌​ជាតិ បាន​បង្កើត​ឈ្មោះ ខែ​សុរិយគតិ​ទាំង​១២ ជា​ភាសា​បាលី​ជំនួស​ខែ​សុរិយគតិ​បារាំង ​ដូច​ខាង​ក្រោម​នេះ ៖
១- Janvier = យ៉ាំង​វី​យេ = មករា
២- Février = ហ្វេ​វ្រីយេ = កុម្ភៈ
៣- Mars = ម៉ារ្ស = មីនា
៤-Avril =អាវ្រីល= មេសា
៥- Mai = ម៉េ = ឧសភា
៦- Juin = យូវ៉ាំង = មិថុនា
៧- Juillet = ស៊ូយេត= កក្កដា
៨- Août = អ៊ូត = សីហា
៩- Septembre =សេបតមប្រិ៍=កញ្ញា​
១០- Octobre = ឧកតូប្រិ៍=តុលា
១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា
១២- Décembre= ដេសមប្រិ៍ =ធ្នូ ។
នេះ​ជា​ដំណាក់​កាល​នៃ​ការ​វិវត្តន៍​របស់​ភាសា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​យើង​ ក្នុង​ជំហាន​ថ្មី​មួយ​ទៀត ។ ប៉ុន្តែ សូម​ជម្រាប​ថា ឈ្មោះ​ខែ​ថ្មី​របស់​ខ្មែរ​យើង ​ដែល​យក​មក​ជំនួស​ខែ​សុរិយគតិ​បារាំង​(ឬសកល) នេះពុំ​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្នែក​ហោរាសាស្រ្ត​សម្រាប់​ទស្សន៍ទាយ ជោគ​ជតារាសី ​គ្រោះ​កាច ​គ្រោះ​ជា… បាន​នោះ​ឡើយ ។ ហោរា​ខ្មែរ​នៅ​តែ​ប្រើ​ខែ​ខាង​ចន្ទគតិ ​សម្រាប់​គន់​គូរ​ដដែល​ដូច​ជា
មិគសិរ= លេខ ១
បុស្ស = លេខ ២
មាឃ= លេខ ៣
ផល្គុន = លេខ ៤
ចេត្រ = លេខ ៥
ពិសាខ = លេខ ៦
ជេស្ឋ =​ លេខ ៧
អាសាឍ = លេខ ៨
ស្រាពណ៍= លេខ ៩
ភទ្របទ = លេខ ១០
អស្សុជ = លេខ ១១
កក្តិក = លេខ ១២
ពាក្យ​អញ្ញត្រ​ស័ព្ទ (Les mots exceptionnels)
គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។
ឧទាហរណ៍
​ អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។
​ អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។
​ (ខាង)លិច(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ដែលព្រះ​អាទិត្យ​លិច ។
​ មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។
​ មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។
​ ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក ។
​ ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។
​ វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ប្លែក ។
​ សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ក្លាយ​ខ្មែរ ។
​ តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​ ១ ​ក្នុង​ទសជាតក; … ។
​ តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។
​ បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​អ្នក​មាន​ប្រាជ្ញា ។​
​ បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។
​ ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​​បាលី=​ទីដែល​គេ​គោរព​បូជា ។
​ ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្រ្កឹត=សង្វាត​ប្រឹង​ប្រែង ។
​ ចេតនា= អាន​ថា “ចែតាណា” មក​ពី​បាលី​= ផ្តួច​គិត,​ ផ្តោត​ចិត្ត ។
​ ព្រះ​ធរណី= អានថា “ព្រះធរនី” មក​ពី​បាលី​,សំស្រ្កឹត= ផែន​ដី[22] ។
​ ប្រពៃណី= អានថា “ប្រពៃនី[23]” មក​ពី​បាលី= ទំនៀម, ពូជពង្ស ។
​ អនុលោម= អានថា “អនុឡោម” មក​ពី​បាលី=​ បណ្តោយ​តាម, យល់​តាម ។
ខ្ញុំ​ស្រង់​ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗ​ប៉ុណ្ណេះ​ យក​បង្ហាញ​ជូន​អស់​លោក ​គ្រាន់​បាន​ជា​គំរូ​ប៉ុណ្ណោះ ។ នៅ​មាន​ពាក្យ​ប្រភេទ​នេះ​ច្រើន​ទៀត ។ សូម​អស់​លោក​ជួយ​ស្រាវ​ជ្រាវ​បន្ថែម តាម​ការ​គួរ ។
សង្កេត ៖ ក្នុង​ចំណោម​អញ្ញត្រ​ស័ព្ទ​ទាំង​អស់​នេះ យើង​សង្កេត​ ឃើញ​មាន​លក្ខណៈ​ពិសេស ៥ យ៉ាង​គឺ ៖
១-ពាក្យ​ទាំង​នេះ​ ច្រើន​តែ​ក្លាយ​មក​ពី​ពាក្យ​បាលី​ និង​សំស្ក្រឹត ។
២-យក​សំឡេង “ ដ ” មក​ជំនួស សំឡេង “ ត ” ; ឧ. បីដា ‹​ បិតា​ ។
៣-យក​ស្រៈ “ ែ ” មក​ជំនួស​ស្រៈ “ េ ” ឧ. ចែដី ‹​ ចេតិយ ។
៤-យក​ព្យញ្ជនៈ​សំឡេង “ អ៊ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ ” ; ឧ. ព្រះ​ធរនី ‹​ ព្រះ​ធរណី, ប្រពៃនី ‹​ ប្រពៃណី ។
៥-យក្យ​ព្យញ្ជនៈ​សំឡេង “ អ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ៊ ” ឧ.ទិស​ខាង​ឡិច …។ បាតុ​ភូត​អញ្ញត្រ​ស័ព្ទ​ គឺ​ជា “សោភ័ណ​ភាសា” ដែល​ទាំង​អ្នក​អក្សរ​សាស្រ្ត​ ទាំង​មហាជន​ព្រម​ព្រៀង​គ្នា​ប្រឌិត​ឡើង សម្រាប់​សម្រួល​ការ​និយាយ​ស្តី ឲ្យ​ស្រួល​មាត់ ។ រីឯការ​សរសេរ​វិញ​ ត្រូវ​តែ​គោរព​អក្ខរាវិរុទ្ធដោយ​អនុលោម​ទៅ​តាម​ជាតិ​សព្ទ​(Etymologie) របស់​ពាក្យ ។
អក្ស​រ​កាត់
នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ជួន​កាល​គេ​សរសេរ​ពាក្យ​នៅ​ក្នុង​ឃ្លា​ណា​មួយ​ដោយ​ប្រើ​ពាក្យ​ពេញលេញ​ទាំង​ស្រុង​តែ​ម្ដង ។ ឧ. អង្គការសុខភាព​ពិភពលោក (O.M.S.) ។
ជួន​កាល​ក្នុង​កាលៈទេសៈ​ខ្លះ​ទៀត ដោយ​គេ​ចង់​ចំណេញ​ពេល ចំណេញ​ក្រដាស គេ​តែង​តែ​រិះរក​វិធី​បំព្រួញ​សង្ខេប​ពាក្យ​ពេញលេញ​នោះ​ឲ្យ​ខ្លី ប៉ុន្តែនៅ​តែ​រក្សា​បាន​អត្ថន័យ​ខ្លឹមសារ​វា​ទាំង​ស្រុង​ដដែល ។
ឧទាហរណ៍
អង្គការសហប្រជាជាតិ ​រួម​មក​នៅ​ត្រឹម អ. ស. ប.
សហរដ្ឋ​អាមេរិក ​ ស. រ. អា.
គណកម្មាធិការ​ជាតិ​ភាសាខ្មែរ គ. ជ. ភ. ខ.
សេចក្ដី​ជូន​ដំណឹង ស. ជ. ណ.
វិធី៖ គេ​ជ្រើស​យក​ព្យញ្ជានៈ​​ក្នុង​ពាក្យ​ណាមួយ​ធ្វើ​ជា​គោល​ ។ ពាក្យ​គោល​នៅ​ក្នុង​ឃ្លា​ណាមួយ​នោះ​ ត្រូវ​បាន​កំណត់​ជ្រើសរើស​យក​មក​ដាក់​តម្រៀប​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ពាក្យ​គោល ដូច​មាន​បញ្ជាក់​ជូន​នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ​ស្រាប់ ។ ​
ឋានៈរបស់​ពាក្យ
ក/​ ចំពោះ​ព្រះសង្ឃ​ និង​ព្រះ​រាជា
ដើម្បី​រាប់​កំណត់​ចំនួន​ ព្រះ​រាជា​នោះ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖ ឧ. ​ព្រះ​មហាក្សត្រា ក្សត្រី យាង​ចូល​ប្រថាប់​ក្នុង​រាជរោង​មាន ១៧ អង្គ​ ។
ដើម្បី​កំណត់​ចំនួន​ព្រះសង្ឃ​ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖ ឧ.ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​បុណ្យ​ទក្ខិណា​នុប្បទាន​នេះ គេ​និមន្ត​ព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យ​សង្ឃស័ព្ទនិង​រាជស័ព្ទ ​មួយ​ចំនួន គឺ​ជាន់​គ្នា​តែ​មួយ​ប្រើ​ពាក្យ​ដូច​គ្នា ដូច​ករណី​ខាង​លើ​ជា​ភស្តុតាង​ស្រាប់ ។ ព្រះរាជា​ឈឺ​ និង​ព្រះ​សង្ឃឈឺ គេ​អាច​ហៅ​ថា “ អាពាធ ” ដូច​គ្នា​បាន​ តែ​ចំពោះ​ព្រះ​រាជា​ មាន​ពាក្យ​ម្យ៉ាង​ទៀត​ថា “ ប្រឈួន ” ។
ខ្មែរ​យើង​ប្រើ​ពាក្យ​ពិសេសៗ ​សម្រាប់​តម្រូវ​នឹង​ឋានៈ​មនុស្ស​ក្នុង​សង្គម ។ ដូច្នេះ ​ព្រះ​សង្ឃ និង​ព្រះរាជា ជា​ជន​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម ដែល​គេ​អាច​សន្មតថា ជា “ ឧត្តមភេទ” ដូច្នេះ​ត្រូវ​តែ​មាន​ពាក្យ​ខ្ពង់​ខ្ពស់​យក​មក​ប្រើ​ ឲ្យ​ត្រូវ​ទៅ​តាម​ឋានៈ​នាទី ក្នុង​សង្គម​ដូច​ជម្រាប​ខាង​លើ ។
ខ/ ចំពោះ​មនុស្ស​ដែល​មាន​ឋានន្តរសក្តិ​ខ្ពង់​ខ្ពស់
ដើម្បី​កំណត់​ចំនួន​មនុស្ស​មាន​យសសក្តិ​ខ្ពង់​ខ្ពស់​វិញ​ គេ​ប្រើ​ពាក្យ “រូប” ៖
ឧ. នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ នៅ​ខេត្ត​កំពង់​ចាម មាន​អស់​លោក​រដ្ឋមន្រ្តី តំណាង​រាស្រ្ត ចូល​រួម​ប្រមាណ ៣០ រូប ។
គ/ ចំពោះ​មនុស្ស​សាមញ្ញ​ធម្មតា
ក្នុង​ការ​រាប់​កំណត់​ចំនួន​មនុស្ស​សាមញ្ញ​ធម្មតា ​គេ​ភ្ជាប់​ពាក្យ​ “នាក់” ៖
ឧ. នៅ​ក្នុង​ពិធីបុណ្យ​ សុំ​ទឹក​ភ្លៀង​នៅ​ទី​ទួល​អ្នក​តា​ដើម​ពោធិ៍ មាន​មនុស្ស​ប្រុស​​ស្រី ក្មេង​ចាស់​ចំនួន​ប្រមាណ​ជាង​៥០០ នាក់ ចូល​រួម ។
ឃ/ ចំពោះ​សត្វ​ទូទៅ
ក្នុង​ការ​គិត​គន់​គណនា​ចំនួន​សត្វ​ទូទៅ គេ​តែង​ប្រើ​ពាក្យ “ក្បាល” ៖
ឧ. គេ​ពិឃាត​គោ ​និង​ជ្រូក​អស់​ចំនួន ៤ ក្បាល ។
តែ​ដោយ​ឡែក​, បើ​ចំពោះ​សៀវភៅ​វិញ​ ក៏​គេ​ហៅ​ថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ)​ ។
ង/ ចំពោះ​វត្ថុ​ផ្សេងៗ
ផ្ទះ គេ​ប្រើ​ពាក្យ “ ខ្នង ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
អិដ្ឋ គេ​ប្រើ​ពាក្យ “ ដុំ ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. អិដ្ឋ ២០០​ ដុំ ។
ក្បឿង គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ.ក្បឿង ​៥០០០​ សន្លឹក ។
សង្កសី គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ចាប់​ពី​ក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
ក្តារ គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ក្តារ​ ១៨០​ សន្លឹក ។
ក្រដាស គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. ក្រដាស ​១០០០ សន្លឹក ។
គ្រឿង​ឈើ​ធ្វើ​សំណង់ គេ​ប្រើ​ពាក្យ “ ផ្លាន ” យក​មក​ភ្ជាប់​ពី​ក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
រថយន្ត, កប៉ាល់,​ទូក គេ​ប្រើ​ពាក្យ “ គ្រឿង ” យក​មក​ភ្ជាប់​ពី​ក្រោយ ​ឧ. រថយន្ត​ ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ​ឧ. ទូក ៥ គ្រឿង ។
ច/ ចំពោះ​រុក្ខជាតិ
ដំណាំ​ដើម​ឈើ​ធំៗ គេ​ប្រើ​ពាក្យ “ ដើម ” យក​មក​ភ្ជាប់​ពី​ក្រោយ ៖
ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
ឆ/ ចំពោះ​សត្វ​ទូទៅ
ដើម្បី​រាប់​កំណត់​ចំនួន​សត្វ​សម្រាប់​ទឹម, គេ​តែង​យក​ពាក្យ​ “ នឹម” មក​ភ្ជាប់​ពី​ក្រោយ ។
ជ/ ចំពោះ​ដំណាំ​វារ, ទ្រើង​តូច​តាច
ដើម្បី​គណនា​ចំនួន​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “គុម្ព”​មក​ភ្ជាប់​ពីក្រោយ ។ ឧ. កសិករ​គំរូ​នៅ​ភូមិ​សំរោង​ បាន​ដាំ​ដំណាំ​បន្លែ​ជា​ច្រើន​ សម្រាប់​លក់​ និង​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដូច​ជា ៖
ត្រឡាច ២០ គុម្ព ។
ស្ពៃ​ខ្មៅ ១០០ គុម្ព ។
ខាត់​ណា ៥០ គុម្ព ។
ឈ/ ចំពោះ​ដំណាំ​យក​ស្លឹក, ផ្លែ, ជាវល្លិ៍
ក្នុង​ការ​គណនា​រាប់​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “ជន្លង់”​ពី​ខាង​ក្រោយ ៖
ឧ. ពូ​ឡាយ​ ហាក់​ ដែល​មានចម្ការ​ប្រភេទ​ដី​ក្រហម, គាត់​ដាំ​ម្រេច​៥០០ ជន្លង់ ដី​មួយ​ងារ​នៅ​ខាង​ក្រោយ​ផ្ទះ, គាត់​ដាំ ម្លូក្រហម ២០ ជន្លង់​ ។
ញ/ ចំពោះ​សម្លៀក​បំពាក់​ ឬ​វត្ថុ​ផ្សេងៗ​ទៀត
បើ​រាប់​ខោ​មួយ អាវ​មួយ ឬ​សំពត់​មួយ ​អាវ​មួយ, គេ​ថា “ប្រដាប់” ៖
គឺ​ខោ​អាវ​, សំពត់​អាវ ១ ប្រដាប់ ។
ឬ​ខោ​អាវ ១ កុំ​ប្លេ ។
បើ​រាប់​ ឬ​គណនា​សំពត់ គេ​ប្រើ​ពាក្យ​ “ក្បិន” គឺ សំពត់ ១ ក្បិន ។
បើ​រាប់​កំណត់​ទំហំ​ល្មម​ កាត់​ខោ​អាវ​បាន​គេ​ថា“អាវ” ឧ. កំណាត់ ១ អាវ ។
បើ​រាប់​គណនា​ស្បែក​ជើង, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. ស្បែក​ជើង ​១ សម្រាប់ ។
បើ​រាប់​គណនា​សង្រែក, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. សង្រែក​ ១ សម្រាប់ ។
បើ​រាប់​គណនាចង្កឹះ, គេ​ប្រើ​ពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
បើ​រាប់​ ឬ​គណនា​ខ្សែ​វិញ គេ​ភ្ជាប់​ពាក្យ “កន្ទុយ” ពីខាង​ក្រោយ ឧ. ខ្សែ​គោ ១ កន្ទុយ ។
បើ​រាប់ ​ឬ​គណនា​ចាន​វិញ​ គេ​ភ្ជាប់​ពាក្យ “ស្រាក់ ​ឬ​ឡូ” ពី​ខាង​ក្រោយ ៖ ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
ដ/ ចំពោះ​ផ្លែ​ឈើ
បើ​រាប់ ​ឬ​គណនា​ផ្លែ​ឈើ, គេ​ភ្ជាប់​ពាក្យ ជា​ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម ៖
បើ​ផ្លែ​ឈើ ៤ គេ​ថា ផ្លែ​ឈើ “១ ដំប” ។
បើ​ផ្លែ​ឈើ ៤០ គេ​ថា ផ្លែ​ឈើ “១ ផ្លូន” ។
បើ​ផ្លែ​ឈើ ៤០០ គេ​ថា ផ្លែ​ឈើ “១​ ស្លឹក” ។
របៀប​រាប់​សំណាប​ ដែល​ដក​ចង​ជា​កណ្តាប់​បម្រុង​យក​ទៅ​​ស្ទូង​ ក៏​គេ​គិត​ជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូច​ផ្លែ​ឈើ​ដែរ ។
បើរាប់​ផ្លែ​ស្លា គេ​គិត​ជា “ដៃ” ក្នុង ១ ​ដៃ​មាន ១០ ផ្លែ (ស្លា) ។​
បើ​រាប់​ម្លូ គេ​គិត​ជា “ស្នើ” ក្នុង​១​ស្នើ មាន ១០ សន្លឹក (ម្លូ) ឬ​គេ​គិត​ជា “ត្របក” ក្នុង ១ ​ត្របក​មាន ២០ សន្លឹក (ម្លូ)​ ។
បើ​រាប់​ដូង គេ​គិត​ជា “ធ្លាយ” គឺ​ចង្កោម​ផ្លែ​ដូង​ដែល​ចេញពី​ ទង​មួយ ។
បើ​រាប់​ស្លា គេ​គិត​ជា “ស្មែង” គឺ​ចង្កោម​ផ្លែ​ស្លា​ដែល​ចេញពី​ទង​មួយ ៖ ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច គេ​ហៅ​ថា ១ ឬ ២ បង្វេច ។
បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច​ល្មម​ស្ពាយ​បាន​ គេ​ហៅ​ថា ១ ឬ ២ សម្ពាយ ។
បើ​របស់​អ្វី​ដែល​គេ​យក​មក​ឆ្វាយ​បានគេ​ហៅ​ថាខ្សែ​មួយ ចង្វាយ​ ។
បើ​របស់​អ្វី​ដែល​គេ​យក​មក​យួរ​បាន គេ​ហៅ​ថា មួយ ​យួរ ។​
ឋ/ ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ
កាល​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖
យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤… ដល់​ភ្លឺ គិត​ជា​យាម ៨ ។
ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ….. លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ … ។
មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ…. ។
មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។
មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។
មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។
ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។
មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ… ។
មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។
បន្ថែម
[1] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មាន​ស្រៈ ៥ ទៀត ពោល​គឺ ាះ (ឧ. ច៎ាះ, អាះ) ីះ (ឧ. យីះ !) ឺះ (ឧ. អឺះ, អ៊ឺះ, វ៉ឺះ, បឺះ ៗ ! ទឺះ ៗ !) ៀះ (ឧ. វៀះ​វៀន) និង ​ េះ (ឧ. ចេះ) ។
-> ចំពោះ​​ស្រៈ ួ ឿ និង ៀ ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ​និង​ឃោសៈ ខ្មែរ​យើង​បញ្ចេញ​សំឡេង​ដូច​គ្នា​មែន តែ​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​ចន្ទបុរី (សព្វ​ថ្ងៃ​នៅ​ប្រទេស​សៀម) និង​នៅ​តំបន់​ភ្នំ​ក្រវាញ កាល​ណា​ថា កួរ និង គួរ, កឿ និង គឿ, ហើយ​និង កៀ​ និង គៀ នៅ​តែ​បញ្ចេញ​សំឡេង​មិន​ដូច​គ្នា​ទេ ពីព្រោះ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ បញ្ចេញ​សំឡេង​ស្រាល (ឬ​ហៅ​ សំឡេង​តូច) ហើយ​ជា​មួយ​ព្យញ្ជនៈ​ឃោសៈ បញ្ចេញ​សំឡេង​ធ្ងន់ (ឬ​សំឡេង​ធំ) ។
[2] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស, សន្តាន, ចិន្តា និង អន្តរធាន ត្រូវ​សរសេរ​នឹង ន្ត ដើម្បី​រក្សា​ជាតិសព្ទ ព្រោះ​ជា​ពាក្យ​មក​ពី​សំស្ក្រឹត-បាលី ។ ពី​ដើម ខ្មែរ​យើង​ធ្លាប់​មាន​ជើង “ដ” មាន​រូប​សណ្ឋាន​ដូច​ខ្លួន​អក្សរ ដ តែ​បាត់​សក់ សម្រាប់​តែ​ពាក្យ​សំស្ក្រឹត-បាលី ។ ជើង​នេះ ខ្ញុំ​បាទ​ប្រទះ​ឃើញ​ក្នុង​សិលា​ចារឹក​នគរ​វត្ត​សម័យ​ក្រោយ​អង្គរ ឧទាហរណ៍ ក្នុង​សិលា​ចារឹក​លេខ ១ និង ៣ (សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី២ គ.ស. ១៩៥៨ ព.ស. ២៥០១ ទំព័រ​ទី ១២៦, ១៤០, ១៤១) និង​ក្នុង​ទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ លោក​បាន​សរសេរ​ពាក្យ « ទស្សនាវដ្តី » នឹង​ជើង ដ ពុំ​មែន​ជា​ជើង​ ត ទេ ។
[3] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក តែ​ក្នុង​វចនានុក្រម​ខ្មែរ សរសេរ​ថា ត្រីសព្ទ វិញ ។ តែ​ត្រង់​មេ​ពាក្យ​ សព្ទ សរសេរ​ថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។
[4] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ œ ក្នុង​ភាសា​បារាំងសែស ច្រើន​អាន​ថា េ មិន​មែន​ជា ឺ ។ ក្នុង​ វចនានុក្រម​ខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ លោក​បាន​សរសេរ​ឈ្មោះ​នេះ​ថា ហ្ស៊ក សេដែស ។
[5] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក តែ​ក្នុង​វចនានុក្រម​ខ្មែរ សរសេរ​ថា ត្រីសព្ទ វិញ ។ តែ​ត្រង់​មេ​ពាក្យ​ សព្ទ សរសេរ​ថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។
[6] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជា​ពាក្យ​បាលី ក្លាយ​​ជា​ “អាស័យ” តាម​​អក្ខរាវិរុទ្ធ​ខ្មែរ ។ រី​ឯ “អាស្រ័យ” វិញ ជា​ពាក្យ​ក្លាយ​មក​ពី​សំស្ក្រឹត “អាឝ្រយ” (និង​តួ ឝ ដែល​ខ្មែរ​យើង​ហៅ​ថា ស-គ) ។
[7] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុង​ភាសា​ខ្មែរ​មាត្រដ្ឋាន (ភាសា​ខ្មែរ​ស្តង់ដារ) មាន​តែ​ជា​មួយ​នឹង​ព្យញ្ជនៈ​ឃោសៈ ដូច​លោក​បាន​សរសេរ ។ តែ​ខ្ញុំ​បាទ​ឃើញ​ថា សព្វ​ថ្ងៃ​នេះ (តាម​ពិត គឺ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០) គេ​ច្រើន​សរសេរ​នឹង​ព្យញ្ជនៈ​អឃោសៈ​វិញ ។ ឧ. ប័រ (ខ្លាញ់​ទឹក​ដោះ​គោ) ទោះ​ជា​ក្នុង​វចនានុក្រម​ខ្មែរ លោក​ថា​ ត្រូវ​សរសេរ ប៊័រ ; បៀរ​ម៉ាក​អានឆ័រ ; សារព័ត៌មាន​កំបូដ​ស័រ ។ ខ្ញុំ​បាទ​គិត​ថា គួរ​តែ​រំឭក​កូន​ខ្មែរ​ឲ្យ​សរសេរ ប៊័រ អានឈ័រ និង​កំបូដ​ស៊័រ​ វិញ ព្រោះ​ថា ក្នុង​គ្រាមភាសា​ខ្មែរ​មួយ​ចំនួន ឧទាហរណ៍​នៅ​ស្រុក​រវៀង​ក្នុង​ខេត្ត​ព្រះ​វិហារ ឬ​នៅ​ខេត្ត​សុរិន្ទ ខ្ញុំ​បាទ​បាន​ឮ​បង​ប្អូន​ខ្មែរ មិន​ច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេ​ថា « អ័រ-​ក » (អារ់​ក គឺ អារ-ក) ហើយ​ពាក្យ​ថា​ អ័រ គេ​បញ្ចេញ​សម្លេង​ខ្លី (អារ់) ខុស​ពី​ “អារ” (ឧ. ប្រពន្ធ​អារ) មាន​សូរ​សម្លេង​វែង ។ ពាក្យ​ទាំង​នេះ ឮ “រ” ប្រកប​យ៉ាង​ច្បាស់ ។ « ធ្វើ​ការ » គេ​និយាយ​ថា « ធ្វើ​ការ » (ឮ​ទាំង​ស្រៈ​អា​វែង និង​ រ ប្រកប) ខុស​ពី « មេ​ឆ្កែ​ក័រ​ (ការ់) កូន » (គឺ មេ​ឆ្កែការ​កូន) ហើយ​ខុស​ពី « ម៉ែ​មាន​គ័ភ៌ » (ឮ​ថា គ័រ) គឺ​ថា “ការ” “ក័រ” និង “គ័រ” មាន​សំឡេង​ខុស​គ្នា​នៅ​ក្នុង​ខេត្ត​ទាំង​នោះ ។
[8] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មាន​ប្រើ​ក្នុង​ពាក្យ​ខ្មែរ​មួយ​ចំនួន​តូច ដូច​ជា រយៈ ហេៈ ឬ ហែៈ (សូរ​លាន់​មាត់) អ៊ីថាៈ វូម​វៈ ! អ្ហាៈ !​ និង​ពាក្យ​មួយ​មក​ពី​ចិន ៖ ប៉ិកួៈ (ដំឡូង​រលួស) (នេះ​គឺ​ជា​អក្ខរាវិរុទ្ធ​របស់​វចនានុក្រម​ខ្មែរ តែ​ខ្ញុំ​បាទ​ឃើញ​ថា គេ​ច្រើន​សរសេរ ប៉ិគក់ វិញ ក្នុង​សៀវភៅ​ធ្វើ​ម្ហូប) ។ ក្នុង​វចនានុក្រម​ខ្មែរ លោក​ហៅ​យុគលពិន្ទុ​ថា ជា​វណ្ណយុត្តិ តែ​ក្នុង​វិស័យ​ភាសាសាស្ត្រ ខ្ញុំ​បាទ​យល់​ថា ​អាច​ទុក​ថា នៅ​ក្នុង​ចំណោម​ស្រៈ​ ឬ ស្រៈ​និង​ ក ប្រកប វិញ ។
[9] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរ​សរសេរ កណ្កកសញ្ញា វិញ ទោះ​ជា​អាន​ថា កណ្តក់ ក៏​ដោយ ព្រោះ​ កណ្តក ជា​ពាក្យ​បាលី មាន​ន័យ​ថា បន្លា ។
[10] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿង​ក្បៀស​ជា​រឿង​សំខាន់​បំផុត បើ​និយាយ​ពី​រឿង​តួ​លេខ ដែល​គួរ​តែ​យក​មក​ពិភាក្សា ដោយ​ហេតុ​តែ ពី​មុន​ ខ្មែរ​យើង​បាន​ទទួល​ឥទ្ធិពល​ពី​បារាំងសែស​យ៉ាង​ខ្លាំង​ក្លា ។ « ពីរ​កន្លះ » យើង​សរសេរ​ថា ២,៥ តាម​ទម្លាប់​បារាំង (ប្រើ​ក្បៀស) ។ តែ​សព្វ​ថ្ងៃ ឥទ្ធិពល​បរទេស​មក​ពី​អាមេរិកាំង​វិញ ហើយ​ពួក​អាគាំង​​សរសេរ​ថា ២.៥ (ប្រើ​ចំណុច) ។ សព្វ​ថ្ងៃ ឃើញ​ថា មាន​ពួក​ក្មេង ៗ និយម​សរសេរ​ដូច​អាមេរិកាំង​ដែរ ។ « បី​ពាន់ » អាមេរិកាំង (ឬ​ពួក​អង់ក្លូសាក់សុង​ជា​ទូទៅ) សរសេរ​ជា​លេខ​ថា ៣,០០០ (សៀម​ក៏​សរសេរ​ដូច្នេះ​ដែរ ៖ ๓,๐๐๐) ឯ​បារាំង​វិញ សរសេរ​ថា ៣ ០០០ (ដាក់​ចន្លោះ​ភ្ជាប់​ក្រោយ​ពី​ខ្ទង់​ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏​បាន ។ ខ្មែរ​ធ្លាប់​ធ្វើ​តាម​បារាំងយូរ​មក​ហើយ ជាង​មួយ​សតវត្ស តែ​ត្រូវ​សម្រេច​ចិត្ត យក​របៀប​ណា របស់​អាមេរិកាំង ឬ​ របស់​បារាំង ?
[11] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ ទោះ​ជា​មាន​គេ​និយម​សរសេរ “កម្មវត្ថុៈ” “យោងៈ” ។ល។ នេះ​គួរ​មិន​ទុក​ថា ត្រឹម​ត្រូវ​ ទេ ព្រោះ​ធ្វើ​ឲ្យ​ច្រឡំ​តួ​នាទី​របស់​យុគលពិន្ទុ​និង​ទ្វិពិន្ទុលេខ ។ គួរ​សរសេរ “កម្មវត្ថុ” ៖ “យោង” ​៖ វិញ ព្រោះ​សព្វ​ថ្ងៃ​ យើង​មាន​យូនីកូដ​ខ្មែរ ។
[12] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ កូន​សិស្ស​ខ្មែរ ដែល​រៀន​ក្បួន​ខ្នាត​អក្ខរាក្រម​និង​វេយ្យាករណ៍​ខ្មែរ មិន​អាច​យល់​កថាខណ្ឌ​ខាង​លើ ព្រោះ​ពួក​គេ​មាន​ភាសា​ខ្មែរ​ជា​ភាសា​កំណើត ហើយ​មិន​ចេះ​ភាសា​បារាំង ព្រោះ​ហេតុ​ថា ភាសា​បារាំង ពុំ​សូវ​មាន​អ្នក​ណា​រៀន​សព្វ​ថ្ងៃ​នេះ ។ មាន​តែ​មនុស្ស​ដែល​បាន​ទទួល​ការ​អប់​រំ​នៅ​សម័យ​អាណាព្យាបាល ឬ សង្គម​និយម ដែល​អាច​យល់​បាន ។​ ហើយ​បើ​សិន​ជា​ត្រូវ​ការ​ខណ្ឌសញ្ញា គួរ​ប្រើ​ទ្វិពិន្ទុលេខ (ចំណុច​ពីរ​គូស ៖) ជំនួស​យុគលពិន្ទុ (ៈ) វិញ ។
[13] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំ​គិត​ថា គួរ​ប្រើ (៖) វិញ ព្រោះ​មាន​ចុច​ពីរ​ក្នុង​ពាក្យ​ថា អ៊ីថាៈ​ហើយ អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ។ ឧ. « ឯង​ថា​ មិន​ឲ្យ​គ្នា​ទៅ​អ៊ី​ថាៈ បាន​ជា​គ្នា​មិន​ទៅ ! » ។[14] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា វិឡារសញ្ញា, អញ្ញប្រកាស ឬ កោណសញ្ញា ហើយ​សរសេរ​ថា « » មាន​ឈ្មោះ​ដូច​គ្នា ។
[15] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា អន្តរសញ្ញា ។
[16] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការ​នេះ​ជា​ការ​ពិបាក​និង​ស្មុគ​ស្មាញ​បន្តិច​ដូច​លោក​បាន​យក​មក​ពិភាក្សា​ ព្រោះ​ខ្ញុំ​ឃើញ​ថា អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ មិន​ប្រើ​ឈ្មោះ​ដូច​គ្នា​ទេ ។ ឧទាហរណ៍ លោក​ នួន ប៊ុត ហៅ “ ” និង « » ថា វិឡារសញ្ញា ហើយ​ថា ហៅ​ថា អញ្ញប្រកាស ក៏​បាន ។ រួច​លោក​ថា « នឹង​ហៅ​ថា កោណសញ្ញា ដើម្បី​ឲ្យ​ស្រួល​ចំណាំ​កុំ​ឲ្យ​ច្រឡំ​គ្នា​បាន » ។ ​ភាសា​បារាំង គេ​ហៅ​សញ្ញា « » ​នេះ​ថា វិឡារសញ្ញា​បារាំងសែស និង “ ” ថា វិឡារសញ្ញា​អង់គ្លេស អាច​ប្រើ​ទាំង​ពីរ​បាន តែ​វិឡារសញ្ញា​អង់គ្លេស​ទុក​ជា​សញ្ញា​រង គឺ​មាន​តួ​នាទី​ខុស​គ្នា​បន្តិច ។ ឧ. « អ្នក​កាន់​បេឡា បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ៖ “សូម​មើល ‘ប៉ាស់ស្ព័រ’ របស់​លោក​បន្តិច ។” ខ្ញុំ​ក៏​ហុច​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ឲ្យ​​គាត់ » ។ សញ្ញា « » ​នេះ ពួក​អង់គ្លេស​និង​អាមេរិកាំង​មិន​ដែល​ប្រើ​ឡើយ ប្រើ​តែ “ ” ប៉ុណ្ណោះ ។ សូម​អ្នក​ប្រាជ្ញ​ខ្មែរ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​ មេត្តា​ដាក់​ឈ្មោះ​ខុស​គ្នា​ឲ្យ​ខណ្ឌសញ្ញា​ទាំង ៣ យ៉ាង​នេះ ពោល​គឺ « », “ ” និង ‘ ’ កុំ​ឲ្យ​កូន​ខ្មែរ​ច្រឡំ ។
[17] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខ​រ៉ូម៉ាំង​មាន​តួ​ច្រើន​ទៀត ព្រោះ​មិន​អនុវត្ត​តាម​របាប់​ទសភាគ ហើយ​លេខ​រ៉ូម៉ាំង​ពុំ​មាន​លេខ​សូន្យ ។ តួ​លេខ​ដទៃ​ទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។
[18] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាល​ខ្ញុំ​បាទ​បាន​រៀន​អក្សរ​ខ្មែរ ខ្ញុំ​បាទ​ក៏​ឮ​គ្រូ ៗ របស់​ខ្ញុំ​បាទ​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​មូល (ហើយ​ខ្ញុំ​បាទ​កត់​សម្គាល់​ថា សព្វ​ថ្ងៃ​នេះ ក្មេង ៗ ជា​ច្រើន​មិន​ស្គាល​ឈ្មោះ​នេះ ហៅ​​ថា អក្សរ​ឆ្លាក់​វិញ) ។ តែ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​បាទ ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​មូល ក៏​ជា​ការ​ច្រឡំ​ដែរ ។ ទោះ​បី​ជា​តួ​អក្សរ​មាន​រាង​មូល​មែន​ក៏​ដោយ តាម​ពិត​គឺ​ជា​អក្សរ​ខម ។ ក ខ គ ឃ ង នេះ គឺ​ជា​អក្សរ​ខម មិន​មែន​ជា​អក្សរ​មូល​ទេ ។ នៅ​ស្រុក​សៀម គេ​ប្រើ​អក្សរ​បែប​នេះ​ក្នុង​សាស្ត្រា​ស្លឹក​រឹត និង​ក្រាំង (សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​ណាស់ ដែល​ចេះ​អាន ព្រោះ​ស្តេច​សៀម​នៅ​ចុង​សតវត្ស​ទី ១៩ ដើម​ ស.វ. ទី ២០ ចង់​ផ្សព្វ​ផ្សាយ​តែ​អក្សរ​សៀម ដោយ​យក​លេស​ថា ជា​អក្សរ​ពិបាក​រៀន និង​ពិបាក​ប្រើ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ តែ​តាម​ទស្សនៈ​ខ្ញុំ​បាទ គឺ​មក​ពី​ទស្សនៈ​ជាតិ​និយម ដែល​បាន​លេច​ឡើង​នៅ​សម័យ​នោះ) ។ ដូច​លោក​មាន​ប្រសាសន៍ ក្នុង​សម័យ​បច្ចុប្បន្ន សៀម​នៅ​តែ​ប្រើ​អក្សរ​បែប​នេះ​សម្រាប់​​សរសេរ​គាថា​លើ​យ័ន្ត្រ ឬ សាក់​លើ​ខ្លួន​មនុស្ស ព្រោះ​ជា​តួ​អក្សរ​ស័ក្តិ​សិទ្ធិ ។ រី​ឯ​អក្សរ​សៀម​វិញ គ្រាន់​តែ​ជា​អក្សរ​សម្រាប់​ផែន​ដី កិច្ចការ​រាជការ​និង​រដ្ឋបាល​ប៉ុណ្ណោះ ទោះ​បី​ជា​ព្រះ​ត្រៃ​បិដក​ជា​ភាសា​បាលី គេ​សរសេរ​ជា​អក្សរ​សៀម​វិញ ។ ​ ពី​ដើម សៀម​មិន​ដែល​សរសេរ​គាថា​បាលី ឬ ពុទ្ធវចនា​ជា​ភាសា​បាលី ជាអក្សរ​​សៀម​ឡើយ ។ សៀម​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​ខម ព្រោះ​ខម​ គឺ​ជា​ជន​ជាតិ​ខ្មែរ ។ សៀម​ហៅ​ខ្មែរ​សម័យ​អង្គរ​ថា ខម ៗ ។
[19] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង នេះ គឺ​ជា​អក្សរ​មូល មិន​មែន​ជា​អក្សរ​ខម​ទេ ។ ខ្ញុំ​បាន​មើល​គម្ពីរ​សៀម​ជា​ភាសា​សៀម​និង​បាលី តែ​សរសេរ​ជា​អក្សរ​ខម (អក្សរ​ខ្មែរ) (រហូត​ដល់​ចុង​ ស.វ. ទី ១៩ សៀម​សរសេរ​សៀវភៅ​ទេសន៍​ភាសា​សៀម​ជា​អក្សរ​ខម)​ ។ ក្នុង​សាស្ត្រា​ទាំង​នេះ ខ្ញុំ​បាទ​មិន​ដែល​ឃើញសៀម​សរសេរ ក មាន​រូប​សណ្ឋាន​ជា ក​ ឬ ង ជា ង ឡើយ ។ គេ​សរសេរ​ដូច​ត​ទៅ​ជា​និច្ច ៖ ក និង ង ។ ខ្ញុំ​បាទ​បាន​សាក​សួរ​និស្សិត​ជាតិ​ដាណឺម៉ាក​ម្នាក់ សព្វ​ថ្ងៃ​ កំពុង​ធ្វើ​សរណា​ស្រាវ​ជ្រាវ​ស្តី​ពី​រឿង ព្រះ​មាល័យ របស់​សៀម ជា​ភាសា​សៀម តែ​សរសេរ​ជា​អក្សរ​ខ្មែរ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​​អាន​ក្រាំង​និង​សាស្ត្រា​ស្លឹក​រឹត​ច្រើន​ច្បាប់ ច្រើន​ខ្សែ មក​ពី​ប្រទេស​សៀម បាន​ប្រទះ​ឃើញ តួ ក តែ​ម្តង​គត់ ក្នុង​ឃ្លា​ចុង​បញ្ចប់​រឿង​មួយ (សរសេរ​ជា​ភាសា​សៀម) ។ ចំណែក​ឯ​របៀប​សរសេរ​តួ ក ខ គ ឃ ង ខ្ញុំ​បាទ​បាន​ប្រទះ​ឃើញ​ជា​ញឹក​ញាប់​បំផុត​ក្នុង​សាស្ត្រា​ស្លឹក​រឹត វាន និង​សៀវភៅ​សរសេរ​ដែល​ពួក​បារាំង​បាន​នាំ​មក​ប្រើ​នៅ​ប្រទេស​កម្ពុជា​នៅ​ចុង​សតវត្ស​ទី ១៩ ។ ដែល​អ្នក​ប្រាជ្ញ​សព្វ​ថ្ងៃ ច្រឡំ​អក្សរ​មូល​និង​អក្សរ​ខម ខ្ញុំ​បាទ​គិត​ថា មាន​មូលហេតុ​ ២ ។ ទី ១ នៅ​ប្រទេស​កម្ពុជា អក្សរ​ខម​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ ស.វ. ទី ២០ ហើយ​គេ​បាន​យក​អក្សរ​នេះ​សម្រាប់​យីហោ ស្លាក ។ល។ ទី ២ ដល់​ពេល​យក​បែប​អក្សរ​នេះ ធ្វើ​ជា​សំណ​អក្សរ​ពុម្ព​ គេ​បាន​ធ្វើ​ឲ្យ​តួ​អក្សរ​បែប​នេះ មាន​រាង​ថ្លោស​ និង​មូល​ទៀត ។ ឯ​អក្សរ​មូល​វិញ គេ​មិន​បាន​ធ្វើ​ឲ្យ​សំណ​ពុម្ព​មាន​រាង​ថ្លោស ។ ម្យ៉ាង​ទៀត គេ​បាន​ធ្វើ​ឲ្យ​មាន​រូប​ជ្រុង​បន្តិច ។ដែល​ខ្ញុំ​បាន​រៀប​រាប់​នេះ ប្រហែល​ជា​ការ​យល់​ខុស​ពី​ខ្ញុំ​បាទ តែ​ខ្ញុំ​បាទ​បាន​ប្រមូល​ឯកសារ​ជា​ភស្តុតាង​ ដែល​ខ្ញុំ​បាន​ស្កេន និង​សូម​ជូន​ក្នុង​ឯកសារ​មួយ​ទៀត ។
[20] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ ឞ តួ​នេះ ពុំ​មែន​ជាព្យញ្ជនៈ ម (ម) ទេ គឺ​ជា​តួ​ព្យញ្ជនៈ ឞ (ហៅ ស­ប) ជា​ព្យញ្ជនៈ​សម្រាប់​តែ​ភាសា​សំស្ក្រឹត ពុំ​មាន​ក្នុង​ភាសា​បាលី​និង​ខ្មែរ​ទេ ។ ភាសា​សំស្ក្រឹត​មាន​ព្យញ្ជនៈ “ស” បី​តួ (បញ្ចេញ​សម្លេង​ខុស​គ្នា) គឺ ឝ (ហៅ ស­ក) ឞ (ហៅ ស­ប) និង ស (អាច​ហៅ ស­ល) បាន ។ រី​ឯ​ភាសា​បាលី មាន​តែ​តួ ស ប៉ុណ្ណោះ ។ ខ្មែរ​ធ្លាប់​ប្រើ ឝ និង ឞ តាំង​ពី​សម័យ​មុន​អង្គរ​រហូត​ដល់​សម័យ​ក្រោយ​អង្គរ ។ ឧ. សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ។
[21] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅ​ក្នុង​សៀវភៅ​បោះ​ពុម្ព​ផ្សាយ​នៅ​ស្រុក​ខ្មែរ​រហូត​ដល់​សម័យ​សង្គម​រាស្ត្រ​និយម ស្រៈ ែ នេះ ក៏​មាន​រូប​សណ្ឋាន​ដូច​នេះ ែ ផង​ដែរ ។
[22] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ធរនី តែ​នៅ​សុរិន្ទ​ គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ធរណី មិនបញ្ចេញ​សម្លេង​ថា ព្រះ​ធរនី (ហើយ​ចំពោះ​ខ្មែរ​សុរិន្ទ ​សម្លេង​នេះ​មិន​មែន​ជា​ឥទ្ធិពល​សៀម ព្រោះ​សៀម​មិន​អាច​បញ្ចេញ​ខ្យល់ ី (អី) ដូច​ខ្មែរ​ទេ ។​
[23] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុង​ចម្រៀង​មួយ​ចំនួន ខ្ញុំ​បាទ​បាន​ឮ​គេ​ថា ប្រពៃណី តាម​អក្ខរាវិរុទ្ធ ទោះ​ជា​ខ្មែរ​ភាគ​ច្រើន​ថា ប្រពៃនី ដូច​លោក​មាន​ប្រសាសន៍ ។ 
Source : SOMBOKREAN