Saturday, October 29, 2011

គ្រួសារ​របស់ ប៉ុល ពតៈ សក្ខីកម្ម​ពី​បងស្រី​គាត់

ដកស្រង់ចេញពី៖​ Chouk khmer

គ្រួសារ សាឡុត​

ជីតា​របស់ ប៉ុល ពត ឈ្មោះ ភឹម ។ ខ្ញុំ​មិន​បាន​ស្គាល់​ឈ្មោះ​ឪពុក​ និង​ជីតា​របស់ ភឹម ទេ ហើយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​គ្មាន​ព័ត៌មាន​របស់​អ្នក​ទាំង​ពីរ​ដែរ ។ ភឹម មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ សាឡុត ដែល​ត្រូវ​បាន​យក​មក​ដាក់​ធ្វើ​ជា​នាមត្រកូល​របស់ ប៉ុល ពត គឺ​ឈ្មោះ សាឡុត ស ។​

ភឹម គឺជា​មេ​បញ្ជាការ​យោធា​ខ្មែរ​សេរី​ម្នាក់​នៅ​ក្នុង​អំឡុង​រាជ្យ​ព្រះបាទ ស៊ីសុវត្ថិ (១៩០៤​-​១៩២៧) ។ នៅ​ពេល​នោះ​គាត់​បាន​ចូលរួម​នៅ​ក្នុង​ចលនា​តស៊ូ​មួយ ហើយ​បាន​បាត់​បង់​ជីវិត​នៅ​ទីនោះ ។ គាត់​ជា​មិត្ដ​របស់​តេជោ ថោង និង តេជោ អ៊ី ដែល​ជា​អតីត​ចៅហ្វាយ​ខេត្ដ​កំពង់ធំ ។ នៅ​ក្នុង​បទ​សម្ភាសន៍​កាលពី​១៩៩៧ ជាមួយ សាឡុត រឿង ដែល​ជា​បងស្រី​របស់ ប៉ុល ពត ខ្ញុំ​មិន​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ខ្មែរ​សេរី​ម្នាក់​ចងមិត្ដ​ជាមួយនឹង​ចៅហ្វាយ​ខេត្ដ​នោះ​ទេ ។ ប្រហែលជា​អ្នក​ទាំងនោះ​គឺជា​មិត្ដភក្ដិ​នឹង​គ្នា​តាំងពី​កុមារភាព​មក​ក៏​មិន​ដឹង ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​គ្រួសារ​របស់ ប៉ុល ពត បាន​ទទួល​ការ​លើក​សរសើរ​នៅ​ក្នុង​ខេត្ដ​ដោយសារ​មាន​ជីតា​ធ្លាប់​ធ្វើ​ជា​អ្នក​ចម្បាំង​កាល​ពី​អតីតកាល​ដែរ ។ ការ​ស្រាវជ្រាវ​បន្ថែម​ទៀត គឺ​ដើម្បី​បញ្ជាក់​ពី​តួនាទី​របស់​ ភឹម ថា​តើ​គាត់​ធ្វើ​ជា​មេ​បញ្ជាការ​យោធា​ម្នាក់ ឬ​ក៏​ធ្វើ​ជា​ខ្មែរ​សេរី​ម្នាក់ ឬ​ក៏​ទាំង​ពីរ ។

ចំណែក​ឪពុក​របស់ ប៉ុល ពត ឈ្មោះ ភឹម សាឡុត ហើយ​ម្ដាយ​ឈ្មោះ សុក ណែម ។ អ្នក​ទាំង​ពីរ​គឺ​ជា​កសិករ​សុទ្ធសាធ​ហើយ​គ្មាន​មុខរបរ​ផ្សេង​ក្រៅពី​នេះ​ទៀត​ទេ ។ អ្នក​ទាំង​ពីរ​ស្លាប់​នៅ​កន្លែង​ដែល​ពួក​គេ​ចាប់​កំណើត​នៅ​ក្នុង​ភូមិ​ព្រែកស្បូវ ។ នៅ​អំឡុង​របប​សាធារណរដ្ឋ​ខ្មែរ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ភូមិ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​កាំភ្លើង​ធំ​ដ៏​សំខាន់​ធំ​មួយ​របស់​ទាហាន លន់ នល់ ។ មេ​បញ្ជាការ​យោធា​នោះ​ឈ្មោះ ទេព បែន ។ អ្នក​ភូមិ​ជា​ច្រើន​បាន​និយាយ​ថា ទ័ពព្រៃ​ខ្មែរក្រហម​មិន​ធ្លាប់​ធ្វើការ​វាយ​ប្រហារ​ចូល​មក​ក្នុង​ភូមិ​នេះ​ទេ​នៅ​មុន​ឆ្នាំ​១៩៧៥ ដែល​ជា​ឆ្នាំ​ដែល​កងទ័ព​ប្រដាប់​អាវុធ​សាធារណរដ្ឋ​ខ្មែរ​ទទួល​បរាជ័យ ។ តំណាងរាស្ដ្រ​កាលពី​ជំនាន់​នោះ​មាន​ឈ្មោះ​ ជា ឆេង ហើយ​និង​ប្រធាន​ឃុំ​ឈ្មោះ សេង នី ដែល​បច្ចុប្បន្ន​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ទៅ​ហើយ​ នៅ​ក្នុង​ភូមិ​មាន​វត្ដ​មួយ​ឈ្មោះ ពៅពិសី

នៅ​អំឡុង​របប​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​-​១៩៧៩ អ្នក​ភូមិ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ ។ អ្នកស្រុក​ទាំងនោះ​ដែល​នៅ​ខាងជើង​ស្ទឹងសែន​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​នៅ​ភាគ​ខាង​ជើង​ហើយ​អ្នក​ដែល​មាន​ទីលំនៅ​នៅ​ខាងត្បូង​ស្ទឹង​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​ទិស​ខាងត្បូង ។ ភូមិ​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​កងទ័ព​ ប៉ុល ពត ព្រមទាំង​ជនជាតិ​ភាគតិច​កួយ​ និង​ចាម​ដែល​នៅ​ជិត​ស្និទ្ធ​ជាមួយនឹង​ខ្មែរក្រហម ។

នៅ​អំឡុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​(១៩៧៩​-​១៩៨៩) និង​អំឡុង​សម័យ​រដ្ឋ​កម្ពុជា​ឆ្នាំ (១៩៨៩​-​១៩៩២) ជនជាតិ​ចាម​ និង​ជនជាតិ​កួយ​ដែល​រស់នៅ​ភូមិ​ព្រែកស្បូវ​បាន​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​គេ​នៅ​ក្នុង​ឃុំ​ប្រាសាទ ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ​វិញ ។

អ្នក​ភូមិ​ព្រែកស្បូវ​បាន​និយាយ​ថា ភូមិ​នេះ​មិន​មែន​ជា​គោលដៅ​វាយប្រហារ​ពី​សំណាក់​ខ្មែរក្រហម​ទេ​កាលពី​ជំនាន់ លន់ នល់ ហើយ​ភូមិ​ព្រែកស្បូវ​ក៏​មិន​ដែល​ទទួល​ការ​គំរាម​កំហែង​ដោយ​អាវុធ​អ្វី​ដែរ ។ លោក យន់ ប៉ោក ដែល​ជា​ប្រធាន​រដ្ឋបាល​នៅ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ដ​កំពង់ធំ​បាន​ប្រាប់​យើង​ថា នៅ​ឆ្នាំ​១៩៩៣ អ៊ំ​ប្រុស​របស់ ប៉ុល ពត (យើង​មិន​បាន​សួរ​ឈ្មោះ​របស់​គាត់) បាន​ត្រឡប់​មក​ពី​ជំរំ​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​សង់ផ្ទះ​មួយ​ដែល​មាន​ពីរ​បន្ទប់ ។ អ៊ំ​ប្រុស​នេះ​ធ្លាប់​ធ្វើ​ដំណើរ​ពី​ខេត្ដ​កំពង់ធំ និង​ក្រុងប៉ៃលិន ជា​កន្លែង​ដែល​គាត់​បាន​ទទួល​លុយ​ពី​ ប៉ុល ពត តាម​រយៈ​លោក អ៊ី ឈាន ។ គាត់​ក៏​ធ្លាប់​បាន​ទទួល​លុយ​នៅ​ស្រុក​ស្ទោង​ពី​ទាហាន​របស់ ប៉ុល ពត នៅ​ភ្នំ​ដងរែក​ដែរ ។

ជួប​ជាមួយ សាឡុត រឿង ដែល​ជា​បងស្រី​របស់ ប៉ុល ពត

សាឡុត រឿង (ទស្សនាវដ្ដី​ស្វែងរកការពិត)

សាឡុត រឿង

មេឃ​កំពុង​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង​ពេល​ដែល​យើង​បាន​មក​ដល់​ផ្ទះ​ដូន​ចាស់​ម្នាក់​ឈ្មោះ សាឡុត រឿង ដែល​ជា​បងស្រី​របស់ ប៉ុល ពត និង​ជា​អតីត​នារី​ស្រស់​ស្អាត​ម្នាក់​នៅ​ក្នុង​ខេត្ដ​កំពង់ធំ ។ ពេល​នោះ វាល​ស្រែ​មាន​ពណ៌​បៃតង​ខ្ចី ហើយ​ផ្លូវ​ក៏​មាន​ការ​លំបាក​ដោយសារ​មាន​ភក់​ច្រើន​ និង​រអិល​ផង ។ ផ្លូវ​នេះ​តូច​ខ្លាំង​ណាស់​សម្រាប់​រថយន្ដ​ធំ​របស់​យើង ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ផ្ទះ​របស់​គាត់ ។ គាត់​កំពុង​សម្រាក​នៅ​លើ​គ្រែ​នៅ​ពេល​ដែល​យើង​ទៅ​ដល់ ។ កូនប្រសា​ស្រី​របស់​គាត់​ និង​ចៅៗ​របស់​គាត់​បាន​ចេញ​មក​ស្វាគមន៍​យើង ។ ក្រោយ​មក កូន​របស់​គាត់​ក៏​បាន​មក​ចូលរួម​ជាមួយ​យើង​ដែរ ។ យាយ​ រឿង ចាប់​ផ្ដើម​និយាយ​ពី​ផ្ទះ​របស់ ឃុន មាឃ នៅ​ក្នុង​ព្រះ​បរមរាជវាំង ។ ឈ្មោះ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ ហើយ​សួរ​គាត់​ថា តើ ឃុន មាឃ នោះ​ជា​នរណា ? គាត់​បាន​ឆ្លើយ​ថា «ព្រះបាទ​មុនីវង្ស» ។

យាយ​រឿង បាន​រៀបរាប់​ថា «ដំណាក់​របស់ ឃុន មាឃ​ គឺ​ជា​លំនៅ​ស្ថាន​មួយ​ដែល​ធ្វើ​ឡើង​ពី​ឥដ្ឋ ហើយ​លាប​ពណ៌​ត្នោត ។ គ្មាន​សួនច្បារ​ទេ​នៅ​ឯ​ដំណាក់ ឃុន មាឃ ។ រាជវាំង​នេះ​មាន​សួនច្បារ​មួយ​ស្អាត​ខ្លាំង​ណាស់​ដែល​មាន​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន ។ អ្នករបាំ​បាន​ឡើង​ហាត់​សម​របាំ​របស់​គេ​នៅ​ក្នុង​ដំណាក់​រាជបល្ល័ង្ក ។ កម្រាលព្រំ​នៅ​ក្នុង​ដំណាក់​រាជបល្ល័ង្ក​ស្អាត​ខ្លាំង​ណាស់ ។ ខ្ញុំ​ចូល​ចិត្ដ​វា​ជា​ខ្លាំង ។ ហើយ​ដំណាក់​រាជបល្ល័ង្ក​នេះ​ក៏​មាន​ក្លិន​ក្រអូប​ដែរ ។ នៅ​រៀង​រាល់​យប់​យើង​មាន​ភ្លើង​អគ្គិសនី​សម្រាប់​ប្រើប្រាស់ ។ យើង​មិន​ដែល​ប្រើ​ទៀន​នៅ​ក្នុង​ដំណាក់​រាជបល្ល័ង្ក​ឡើយ» ។

យាយ​ រឿង បន្ថែម​ទៀត​ថា «ព្រះបាទ​មុនីវង្ស ចិត្ដ​ល្អ​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ។ ខ្ញុំ​នៅ​ក្បែរ​ព្រះ​អង្គ​នៅ​ថ្ងៃ​ដែល​ទ្រង់​សោយ​ទិវង្គត ។ ព្រះ​អង្គ​មិន​ស្លៀក​សម្លៀក​បំពាក់​អ្វី​ទាំងអស់ (ក្រោយ​មក យាយ​រឿង បាន​និយាយ​ថា ព្រះ​អង្គ​គ្រង​អាវ​ស​ និង​សារុង)» ។ យាយ​ រឿង ​ពោល​ទៀត​ថា «ខ្ញុំ​ពាក់អាវ​មាន​ផ្កា​ចម្រុះ​ពណ៌​ និង​សំពត់​ខ្មៅ ។ សក់​របស់ខ្ញុំ​ខ្លី និង​មិន​បាន​តុបតែង​អ្វី​ទេ» ។​

ខ្ញុំ​សួរ​ថា​តើ​ព្រះ​អង្គ​ចូល​ចិត្ដ​ម៉ូត​សក់​របស់​យាយ​ទេ ? ជាមួយនឹង​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត យាយ​រឿង បាន​ប្រាប់​ខ្ញុំ​ថា «វា​ជា​រឿង​សម្ងាត់» ។ នៅ​ពេល​សួរ​ថា តើ​គាត់​ធ្លាប់​ផ្ទុំ​ជាមួយ​ព្រះ​អង្គ​ទេ​មុន​ពេល​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត គាត់​មិន​បាន​ឆ្លើយ​អ្វី​ទេ ប៉ុន្ដែ​គាត់​ញញឹម ។ គាត់​បាន​និយាយ​ថា ព្រះ​អង្គ​មិន​ចូល​ចិត្ដ​សក់​វែង ហើយ​មាន​តុបតែង​អ្វី​ទេ ។ ព្រះ​អង្គ​ចូល​ចិត្ដ​សក់​ខ្លី​ធម្មតា ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ឃើញ​នារី​មាន​សក់​វែង​ ឬ​មាន​ការ​តុបតែង​ម្ដងៗ​ព្រះ​អង្គ​តែងតែ​ថា​ឱ្យ​អ្នក​ទាំងនោះ​ជា​និច្ច ។ យាយ​រឿង បាន​បន្ថែម​ថា «នៅ​ពេល​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត​នៅ​លើ​ភ្នំ​បូកគោ ខ្ញុំ​យំ​ខ្លាំង​ណាស់ ។ ខ្ញុំ​នឹក​ព្រះ​អង្គ ។ ទោះបីជា​ពេល​ឥឡូវ​នេះ ក៏​ខ្ញុំ​នៅ​តែ​នឹក​ព្រះ​អង្គ​ដែរ» ។

ខ្ញុំ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​អ៊ំ​នឹក​ព្រះ​អង្គ​ខ្លាំង​ម្ល៉េះ ? តើ​ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​អ៊ំ ? គាត់​ញញឹម​ម្ដង​ទៀត រួច​និយាយ​ជាមួយនឹង​ស្នាម​ញញឹម​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ថា «ព្រះ​អង្គ​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់» ។​

«នៅ​ពេល​ដែល​ខ្ញុំ​ទើបតែ​មក​ដល់​ក្នុង​ព្រះរាជវាំង​ដំបូង​ ព្រះ​អង្គ​បាន​ឱ្យ​ក្រវិល​ពេជ្រ​ខ្ញុំ​មួយ​គូរ ។ បី​ខែ​ក្រោយមក ព្រះ​អង្គ​បាន​សង់ផ្ទះ​មួយ​ខ្នង​សម្រាប់​ខ្ញុំ ។ ព្រះ​អង្គ​បាន​ទិញ​ឡាន​មួយ​ឱ្យ​ខ្ញុំ​ គ្រឿង​សង្ហារិម​មួយ​ឈុត គ្រែ​និង​ពូក គ្រឿង​ផាត់មុខ ហើយ​និង​អ្វីៗ​ជា​ច្រើន​ទៀត ។ ព្រះ​អង្គ​ថែម​ទាំង​រៀបចំ​គ្រឿង​សង្ហារិម​សម្រាប់​ខ្ញុំ​ទៀត​ផង ។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ងារ​ឱ្យ​ខ្ញុំ​ជា​អ្នក​ម្នាង​ដែល​មាន​ឋានៈ​ស្មើ​នឹង​អ្នកម្នាង ម៉ូនិក នៅ​មុន​ពេល​ដែល​អ្នក​ម្នាង​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ក្សត្រី​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ដែរ»។ យាយ ​រឿង បាន​សើច​ហើយ​និយាយ​ថា គាត់​គ្មាន​ទ្រព្យសម្បត្ដិ​អ្វី​ទេ​ គឺ​មាន​តែ​ខ្លួន​ទទេ​នៅ​ពេល​ដែល​គាត់​ចូល​មក​រស់នៅ​ក្នុង​រាជដំណាក់ ។

យាយ​ រឿង បាន​និយាយ​ថា នៅ​រៀង​រាល់​រដូវ​ក្ដៅ​ ព្រះ​អង្គ​តែងតែ​យក​គាត់​ទៅ​លេង​ភ្នំ​បូកគោ​ជា​និច្ច ។ នៅ​រដូវវស្សា​ព្រះ​អង្គ​ចូល​ចិត្ដ​យក​គាត់​ទៅ​លេង​នៅ​ត្រពាំងជង ​ខេត្ដ​ពោធិ៍សាត់​ណាស់ ។ យាយ​ រឿង បាន​និយាយ​ថា «ព្រះ​អង្គ​តែងតែ​យក​ខ្ញុំ​ទៅ​ជាមួយ​ជា​និច្ច ។ ព្រះ​អង្គ​ស្រឡាញ់​ខ្ញុំ​ណាស់» ។ ខ្ញុំ​បាន​សួរ យាយ​រឿង​ថា «អ៊ីចឹង តើ​ពេល​នោះ​អ៊ំ​ស្អាត​ណាស់​មែន​ទេ ?» យាយ​រឿង​មិន​បាន​ផ្ដល់​ចម្លើយ​អ្វី​ទាំងអស់ ។ គាត់​បាន​សើច ហើយ​និយាយ​ថា «ព្រះ​អង្គ​សោយ​អាហារ​មុន ហើយ​បន្ទាប់​មក​ខ្ញុំ​ហូប​តាម​ក្រោយ ។ ក្នុង​រាជវាំង​មាន​មនុស្ស​បី​នាក់​ទទួល​បន្ទុក​ចម្អិន​អាហារ​សម្រាប់​ព្រះ​អង្គ (ជនជាតិ​បារាំង​ម្នាក់ និង​ជនជាតិ​ខ្មែរ​ពីរ​នាក់) ។ មនុស្ស​ជា​ច្រើន​បម្រើ​ព្រះ​អង្គ​នៅ​អំឡុង​ពេល​សោយ​អាហារ​ថ្ងៃត្រង់​ ឬ​អាហារ​ពេល​ល្ងាច ។ ខ្ញុំ​ធ្លាប់​ហូប​អាហារ​តែ​ពីរ​នាក់​ជាមួយ​ព្រះ​អង្គ» ។​

ខ្ញុំ​សួរ​ថា «នៅ​កន្លែង​ណា ?» យាយ​ រឿង បាន​ឆ្លើយ​ថា «បូកគោ» ។ យាយ​ រឿង ​បាន​និយាយ​ទៀត​ថា «ព្រះ​អង្គ​បាន​ទិញ​គ្រឿង​អលង្ការ​ជា​ច្រើន​ឱ្យ​ខ្ញុំ» ។​

ខ្ញុំ​បាន​សួរ​គាត់​ថា តើ​ព្រះ​អង្គ​បាន​ឱ្យ​ផ្កា​ទៅ​អ៊ំ​ដែរ​ឬ​ទេ ? គាត់​ញញឹម​ហើយ​និយាយ​ថា «យើង​មិន​ចាំ​បាច់​ឱ្យ​ផ្កា​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ពីព្រោះ​យើង​បាន​យល់​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ។ ព្រះ​អង្គ​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​រាំ​របាំ ប៉ុន្ដែ​ខ្ញុំ​បដិសេធ​នឹង​បញ្ជា​របស់​ទ្រង់» ។ ខ្ញុំ​ក៏​សួរ​ដោយ​ឆ្ងល់​ថា «តើ​អ៊ំ​ហ៊ាន​បដិសេធ​នឹង​បញ្ជា​របស់​ព្រះ​អង្គ​ដែរ​ឬ ?» យាយ​ រឿង និយាយ​ដោយ​ញញឹម​ថា «ព្រះ​អង្គ​មិន​អាច​យក​ឈ្នះ​លើ​ការ​អង្វរ​ក​របស់​ខ្ញុំ​បាន​ទេ» ។ យាយ​ រឿង បន្ថែម​ទៀត​ថា «ខ្ញុំ​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​ធ្វើ​ជា​អ្នក​រាំ​របាំ ។ ក្រោយ​មក ព្រះ​អង្គ​យល់​ស្រប ដោយ​មិន​ឱ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​រាំ​របាំ​ទេ» ។

ខ្ញុំ​គិត​ថា​គាត់​នៅ​តែ​ស្រឡាញ់​ព្រះ​អង្គ​យ៉ាង​ជ្រាលជ្រៅ ។ គាត់​ដឹង​ពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ ។ គាត់​មិន​បាន​សារភាព​ថា​គាត់​ធ្លាប់​ផ្ទុំ​ជាមួយ​ព្រះ​អង្គ​ទេ​មុន​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត ។ ប៉ុន្ដែ​គាត់​មាន​ភាព​រីករាយ​នៅ​ពេល​ដែល​គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​បាន​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត ។ គាត់​ញញឹម​ និង​សើច​នៅ​ពេល​ដែល​និយាយ​អំពី​ព្រះ​អង្គ ។​

ខ្ញុំ​សួរ​គាត់​ថា​ តើ​ព្រះ​អង្គ​មាន​ធ្លាប់​ប្រគល់​កន្សែង​ដៃ​ដល់​គាត់​ដែរ​ឬ​ទេ ? បន្ទាប់​មក គាត់​ញញឹម ។ ខ្ញុំ​ក៏​សួរ​ថា តើ​ព្រះ​អង្គ​ធ្លាប់​នាំ​ទៅ​ប្រមាញ់​សត្វ​ដែរ​ឬ​ទេ ? គាត់​ញញឹម​ម្ដងទៀត ។ គាត់​ប្រាប់​ខ្ញុំ​ថា​សំណួរ​របស់​ខ្ញុំ​ទាក់ទង​នឹង​រឿង​ផ្ទាល់ខ្លួន​ជា​ច្រើន ។ គាត់​បាន​និយាយ​ថា «វា​គឺ​ជា​រឿង​សម្ងាត់​របស់​ខ្ញុំ» ។ ខ្ញុំ​បាន​សួរ​គាត់​អំពី​ការ​រាំ​របាំ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។ គាត់​បាន​ឱ្យ​ខ្ញុំ​ទៅ​និយាយ​ជាមួយ​មនុស្ស​ម្នាក់​ឈ្មោះ ស្មី ។ គាត់​និយាយ​ថា «ប៉ុន្ដែ​បច្ចុប្បន្ន ស្មី បាន​ស្លាប់​ហើយ» ។ ខ្ញុំ​បាន​បកស្រាយ​ប្រាប់​គាត់​ពី​សារសំខាន់​ក្នុង​ការ​រក្សា​ប្រវត្ដិសាស្ដ្រ ។ គាត់​ហាក់​ដូចជា​យល់​ស្រប​ជាមួយ​នឹង​ខ្ញុំ ហើយ​អញ្ជើញ​ខ្ញុំ​មក​សួរ​សុខទុក្ខ​គាត់​ម្ដង​ទៀត ។​

នៅ​ជាមួយ សាឡុត រឿង ខ្ញុំ​យល់​ថា ខ្ញុំ​កំពុង​តែ​និយាយ​ជាមួយ​នារី​ឆ្លាត​ និង​ស្អាត​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​២០​ឆ្នាំ ។ គាត់​នៅ​តែ​ស្រឡាញ់​ព្រះ​អង្គ ។ ខ្ញុំ​ជឿជាក់​ថា ព្រះ​អង្គ​បាន​ផ្ទុំ​ជាមួយ​គាត់ ហើយ​ក្រោយមក​ព្រះ​អង្គ​បាន​សុគត​នៅ​លើ​គ្រែ​នៅ​ឯ​ភ្នំ​បូកគោ ។ គាត់​គឺ​ជា​មនុស្ស​តែ​ម្នាក់​ដែល​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត ។

ប៉ុល ពត (ទស្សនាវដ្ដី​ស្វែងរកការពិត)

ប៉ុល ពត

បន្ទាប់​មក គាត់​ចាប់ផ្ដើម​និយាយ​អំពី ប៉ុល ពត ប្រាប់​ខ្ញុំ ។ ប៉ុល ពត បាន​ចាក​ចេញពី​គ្រួសារ​នៅ​ពេល​ដែល​គាត់​មាន​អាយុ​៦​ឆ្នាំ ។ នៅ​ពេល​ដែល ប៉ុល ពត មាន​អាយុ​៧​ឆ្នាំ គាត់​បាន​មក​លេង​ភូមិ​ម្ដង ។ គាត់​ពាក់​អាវ​ស ខោ​ស និង​ស្បែកជើង​ឈើ ។ គាត់​ចូល​ចិត្ដ​និយាយ​លេង​អំពី​អ្វី​ដែល​សំខាន់ៗ ។ គាត់​ដឹង​ពី​អ្វី​ដែល​ខ្លួន​គាត់​និយាយ ប៉ុន្ដែ​គាត់​ចូល​ចិត្ដ​និយាយ​លេងសើច​ច្រើន ។ ប៉ុល ពត កើត​នៅ​ឆ្នាំ​ឆ្លូវ (១៩២៥)។ បច្ចុប្បន្ន​គាត់​គួរតែ​មាន​អាយុ​៨៥​ឆ្នាំ ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ដឹង​ថា​ ប៉ុល ពត កើត​នៅ​ឆ្នាំ​ឆ្លូវ ពីព្រោះ​ខ្ញុំ​ក៏​កើត​នៅ​ឆ្នាំ​នេះ​ដែរ ប៉ុន្ដែ​ខ្ញុំ​កើត នៅ​ក្រោយ​គាត់​បី​ទសវត្សរ៍ ។

សាឡុត សេង (ទស្សនាវដ្ដី​ស្វែងរកការពិត)

សាឡុត សេង

សាឡុត សេង បងប្រុស​ធំ​បង្អស់​របស់ ប៉ុល ពត គឺ​ជា​កសិករ ។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ខ្មែរក្រហម​បាន​សម្លាប់​កូនប្រុស​របស់​គាត់​ដែល​មាន​អាយុ​២១​ឆ្នាំ ។ កូន​របស់​គាត់​ជា​ទាហាន​ លន់ នល់ ។ គាត់​នឹង​មិន​អាច​អភ័យទោស​ដល់ ប៉ុល ពត បាន​ទេ ។

សាឡុត ញឹប (ទស្សនាវដ្ដី​ស្វែងរកការពិត)

សាឡុត ញឹប

សាឡុត ញឹប ប្អូនប្រុស​ពៅ​របស់ ប៉ុល ពត បាន​និយាយ​ថា ប៉ុល ពត គឺជា​បងប្រុស​ដ៏​គួរ​ឱ្យ​ស្រឡាញ់ ។ «ខ្ញុំ​នឹង​នាំ​គាត់​មក​វិញ​ប្រសិនបើ​គាត់​គ្មាន​ទោស» ។ គាត់​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​គ្រួសារ​របស់​គាត់ រួម​ទាំង ប៉ុល ពត និង​ប្រពន្ធ​ទី​មួយ​របស់​គាត់​ ខៀវ ប៉ុណ្ណារី បាន​មក​ភូមិ​របស់​គាត់​ដើម្បី​ធ្វើ​បុណ្យ​សព​ឱ្យ​គាត់​ យាយ​ រឿង មើល​ទៅ​ប្រៀប​បី​ដូច​ជា​ជន​សក្ដិភូមិ​ម្នាក់ ។ ចៅ​របស់ ប៉ុល ពត ដែល​រស់​នៅ​ជាមួយ​យាយ​ រឿង ហៅ ប៉ុល ពត ថា «វា» ​មាន​ន័យ​ថា «សត្វ» ។ យាយ​រឿង ហាក់​ដូចជា​កំពុង​ប្រាប់​ខ្ញុំ​ថា ប៉ុល ពត បាន​បំផ្លាញ​សុភមង្គល​របស់​គាត់ ៕

ដោយ ឆាំង យុ
ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត លេខ​១២៣ ខែមីនា ឆ្នាំ​២០១០

No comments:

Post a Comment