Tuesday, November 1, 2011

របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​របស់​ខ្មែរ​បុរាណ

តាម​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​អាចារ្យ​ដើម្បី​គន់គូរ​ទស្សទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅ​តាម​ឫក្សពារ តាម​ពេលា​ល្អ ឡើងស័ក្ត ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​នៃ​កំណើត​ទារក​ដែល​មាន​អត្ថន័យ​សំខាន់​ស្រប​តាម​គម្ពី​បាលី និង​ស្រប​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតា​បិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង​នោះ ។

នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

ក. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ
ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពី​បួន​ព្យាង្គ​ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​ រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​ សេរីសុវត្ថិ ។

ខ. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី
ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស) ។

គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស
នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។

ឃ. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ
នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។

(ដក​ស្រង់​ពី​សៀវភៅ​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី)

No comments:

Post a Comment

Post a Comment