កូនកណ្តុរមួយកំពងតែអើតឡើមៗតាមចន្លោះជញ្ជាំងផ្ទះកសិករ ។ វាឃើញពីរនាក់ប្តីប្រពន្ធកសិករនោះកំពុងតែបើកប្រអប់មួយ ។ វាស្រមៃថានោះប្រាកដជាម្ហូបអាហារដ៏ឈ្ងូយឆ្ញាញ់ទៀតហើយ តែវាបែរជារន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញថា វត្ថុនោះគឺជា អង្គប់កណ្តុរ ទៅវិញ ។
កូនកណ្តុរក៏រត់ទៅកាន់ជង្រុកហើយប្រកាសអាសន្ន ៖ «មានអង្គប់នៅក្នុងផ្ទះ ! មានអង្គប់នៅក្នុងផ្ទះ !»
មេមាន់សើចហើយតបទៅវិញថា ៖ «លោក កណ្តុរ លោកពិតជាខ្លាចអង្គប់ខ្លាំងណាស់ហើយ តែវាមិនមានអីពាក់ព័ន្ធនឹងខ្ញុំទេ ខ្ញុំមិនយកខ្លួនទៅបៀតនឹងរឿងរបស់លោកទេ ។»
កូនកណ្តុរងាកទៅកាន់លោកជ្រូកហើយនិយាយថា ៖ «មានអង្គប់នៅក្នុងផ្ទះ ! មានអង្គប់នៅក្នុងផ្ទះ !»
លោកជ្រូកសម្តែងទឹកមុខអាណិតអាសួរហើយតបថា ៖ «ខ្ញុំសោកស្តាយណាស់ដែលឮរឿងនេះ ប៉ុន្តែខ្ញុំមិនអាចជួយអ្វីបានក្រៅពីបន់ស្រន់នោះទេ សូមឱ្យលោកមានសេចក្តីសុខ ។»
កូនកណ្តុរក៏ងាកទៅកាន់មេគោហើយនិយាយថា ៖ «មានអង្គប់នៅក្នុងផ្ទះ ! មានអង្គប់នៅក្នុងផ្ទះ !»
មេគោក៏និយាយថា ៖ «ណែ លោកកណ្តុរ ខ្ញុំអាណិតលោកណាស់ តែវាឥតមានអ្វីប៉ះពាល់ដល់ខ្ញុំទេ !»
កូនកណ្តុរត្រឡប់ចូលទៅក្នុងផ្ទះវិញដោយអស់សង្ឈឹម ទៅតតាំងជាមួយអង្គប់នោះតែម្នាក់ឯង ។
ដល់ពេលយប់ជ្រៅ មានសម្លេងមួយឮទ្រហឹងពេញផ្ទះ សម្លេងសត្វជាប់អង្គប់ ។ ប្រពន្ធរបស់កសិករក៏ស្ទុះទៅមើល តែគួរឱ្យអនិច្ចារព្រោះអង្គប់នោះគៀបជាប់កន្ទុយពស់ពិសដ៏សាហាវមួយ ពស់នៅក៏ហក់មកខាំនាង ។ កសិករជាប្តីក៏នាំប្រពន្ធរបស់ខ្លួនទៅមន្ទីរពេទ្យ នាងមកផ្ទះវិញដោយខ្លួនគ្រុនញាក់ញ័រ ។
ដោយជឿថាស៊ុបមាន់អាចព្យាបាលជម្ងឺគ្រុនញាក់ញ័របាន កសិករក៏សម្លាប់មេមាន់យកមកធ្វើជាស៊ុបប៉ូវដល់ប្រពន្ធរបស់ខ្លួន ។
ទោះជាយ៉ាងណាអាការៈរបស់នាងមិនបានធូរស្រាលឡើយ អ្នកជិតខាង និង បងប្អូនក៏នាំគ្នាមកមើលថែទាំនាងពេញផ្ទះ ។ ដោយមានគ្នាច្រើនពេក កសិករក៏សម្លាប់លោកជ្រូកយកសាច់សម្រាប់បរិភោគជាមួយអ្នកជិតខាង និង បងប្អូនរបស់គាត់ដែលមក ។
អាការៈនាងមិនបានធូរស្រាលនោះទេ វាការតែធ្ងន់ធ្ងរទៅៗ រហូតដល់នាងស្លាប់ ។ មនុស្សជាច្រើនបានមកចូលរួមបុណ្យសពរបស់នាង កសិករក៏សម្លាប់មេគោដើម្បីធ្វើជាម្ហូបបុណ្យទៅ ។
កូនកណ្តុរតាមដានគ្រប់សកម្មភាពពីរន្ធរបស់វាប្រកបដោយសេចក្ដីទុក្ខសង្រេងយ៉ាងធ្ងន់ធ្អរ ។
ដូច្នេះ ចូរចាំថា នៅពេលក្រោយប្រសិនបើអ្នកឮឬឃើញថានរណាម្នាក់កំពុងតែប្រឈមមុខនឹងបញ្ហា កុំគិតថាវាមិនទាក់ទងនិងអ្នកឱ្យសោះ ចូរចាំ ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមយើងអាចរងគ្រោះ យើងទាំងអស់គ្នាក៏នឹងរងគ្រោះដែរ ។
ពួកយើងទាំងអស់គ្នាសុទ្ធតែជាប់ពាក់ព័ន្ធនឹងដំណើរមួយដែលហៅថា ជីវិត ។ យើងត្រូវតែសម្លឹងទៅរកគ្នាទៅវិញទៅមក ហើយព្យាយាមលើកទឹកចិត្តគ្នាទៅវិញទៅមកផងដែរ ។
សូមចែករំលែករឿងនេះទៅកាន់នរណាដែលធ្លាប់បានជួយអ្នក ហើយប្រាប់ឱ្យគេដឹងថាគេសំខាន់យ៉ាងណា ។ ចូរចងចាំ … យើងម្នាក់ៗ ជាសសៃស្នូលនៃព្រំជីវិតនៃមនុស្សម្នាក់ទៀត ជីវិតរបស់មនុស្សគឺត្រូវបានត្បាញបញ្ចូលគ្នាដោយមានមូលហេតុច្បាស់លាស់ ។
បកប្រែពីអត្ថបទជាភាសាអង់គ្លេសពី CAMBOSASTRA ដកស្រង់ពីតាម៉ាប់នឹងយាយម៉ាប់