Showing posts with label សេដ្ឋកិច្ច. Show all posts
Showing posts with label សេដ្ឋកិច្ច. Show all posts

Tuesday, September 20, 2011

ទីផ្សារ​ក្នុង​តំបន់​ទើប​ជា​និរន្តរភាព​នៃ​ការ​នាំ​ចេញ

ដោយ: Phnom Penh Post.
ភ្នំពេញៈ តួ​លេខ​នាំ​ចេញ​៧​ខែ របស់​​កម្ពុជា កើន​ឡើង​ជាង​៤៦​​ភាគ​រយ​ដល់ ២,៦​៧៧​​ពាន់​លាន​​ដុល្លារ​។ កំណើន​នេះ​ធ្វើ​ឲ្យ​មន្ត្រី​​កម្ពុជា​អះអាង​ថា ​​វិបត្តិ​ហិរញ្ញ​​វត្ថុ​នៅ​អឺរ៉ុប និង​អាមេរិក មិន​ប៉ះ​ពាល់​​ដល់​ការ​នាំ​ចេញ​​របស់​កម្ពុជា​ទេ។

ទោះ​បី​យ៉ាង​នេះ​ក្តី​កម្ពុជា​ត្រូវ​សម្លឹង​ទីផ្សារ​ក្នុង​តំបន់​ឲ្យ​ខ្លាំង ទោះ​បី​បច្ចុប្បន្ន​ទី​ផ្សារ​ទាំង​ពីរ​​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់ ​កម្ពុជា​មាន​​កំណើន​​ក្តី។ ការ​ពង្រឹង​សមត្ថភាព​ទីផ្សារ​ក្នុង​តំបន់​ជា​ជម្រើស​​ដ៏​ល្អ​សម្រាប់​និរន្ត​រភាព​កំណើន​នាំ​ចេញ​របស់​ខ្លួន។

មេរៀន​ ដែល​កម្ពុជា​ធ្លាប់​ទទួល​​បាន​ម្តង​ហើយ​នោះ​គឺ​វិបត្តិ​សេដ្ឋ​កិច្ច​​ឆ្នាំ ​២០០៨ ។ ពេល​នោះ​ការ​នាំ​​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​​ទៅ​អាមេរិក​​បាន​ ធ្លាក់​ចុះ​ដោយ​​សារ​តែ​ទី​នោះ​ជា​ទីផ្សារ​ធំ​របស់​​កម្ពុជា​​។ ការ​បញ្ជា​ទិញ​មួយ​ចំនួន​ធំ​ត្រូវ​ផ្អាក ជា​លទ្ធ​ផល​រោង​ចក្រ​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ​។

គម្រោង​ដែល​អឺរ៉ុប​ផ្តល់​ឲ្យ​កម្ពុជា «អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​​តែ​អាវុធ» បាន​ផ្តល់​ឲ្យ​កម្ពុជា​​នូវ​ការ​លើក​លែង​ពន្ធ​រាល់​​ទំនិញ​ ដែល​​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប ហើយ​ដោយ​សារ​តែ​គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​​ទៅ​ អឺរ៉ុប​មាន​សន្ទុះ​។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​គម្រោង​នេះ​ត្រូវ​​ដក​ចេញ​ កម្ពុជា​ប្រឈម​ការ​ប្រកួត​ប្រជែង​ទាំង​បរិមាណ និង​គុណភាព​។

របាយការណ៍​ពាណិជ្ជ​កម្ម​នាំ​ចេញ​​របស់​កម្ពុជា ​ចេញ​ផ្សាយ​ជា​បន្ត​​បន្ទាប់​នៅ​ឆ្នាំ​នេះ​បង្ហាញ​ពី​​សញ្ញា​វិជ្ជ​មាន​ច្រើន ​ បន្ទាប់​ពី​ពិភព​លោក​បាន​ស្ទុះ​ងើប​ពី​វិបត្តិ​សេដ្ឋកិច្ច​​សកល​។

ការ​នាំ​ចេញ​អង្ករ​ សម្លៀក​បំពាក់​ និង​ទំនិញ​កសិកម្ម ​កើន​ឡើង​ពីមួយ​ត្រី​មាស​ទៅ​មួយ​ត្រី​មាស​។ ​ទីផ្សារ​ធ្វើឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​កំណើន​គឺ ​អឺរ៉ុប និង​អាមេរិក។

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​អឺរ៉ុប និង​អាមេរិក​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះ បាន​កើន​ឡើង​៣២​ភាគ​រយ បើ​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​​ពី​ឆ្នាំ​ទៅ​។ ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​អាមេរិក​ ​កើន​​ឡើង​១៧​ភាគ​រយ ​សរុប​ជា​ទឹក​ប្រាក់​គឺ ​៩៦០​លាន​​ដុល្លារ​ បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​កាល​ឆ្នាំ​មុន​។ ​ចំណែក​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប​កើន​ឡើង​៥៤​ភាគ​រយ ដល់​៥៣២​លាន​​ដុល្លារ​ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចេញ​​ទៅ​​កាន់​ទី​ផ្សារ​ផ្សេង​ៗ​ទៀត ​ដូច​ជា ​កាណាដា ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​កើន​ឡើង​៤៩​ភាគ​រយ ​​ដល់ ​៣៦៦​​លាន​ដុល្លារ​។

ទាំង​នេះ​បង្ហាញ​ថា​អាមេរិក និង​អឺរ៉ុប នៅ​តែ​ជា​ទីផ្សារ​ធំ​សម្រាប់​ទំនិញ​នាំ​មុខ​របស់​កម្ពុជា​។ ប៉ុន្តែ​និន្នាការ​នេះ​​នឹង​នៅ​​យូរ​អង្វែង​​សម្រាប់​កំណើន​នាំ​ចេញ​របស់​ កម្ពុជា​ដែរ​ទេ ខណៈ​ព្យុះ​ហិរញ្ញ​​វត្ថុ​​ចេះ​​តែ​បន្ត​កើត​ឡើង ម្តង​ហើយ​ម្តង​ទៀត​លើ​ប្រទេស​សមាជិក​អឺរ៉ុប និង​អាមេរិក​នោះ​។

វិបត្តិ​ហិរញ្ញវត្ថុ ដែល​កំពុង​រុក​កួន​សមាជិក​អឺរ៉ុប និង​អាមេរិក លើក​នេះ​ទំនង​ជា​បង្ក​ឲ្យ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ធ្ងន់​ធ្ងរ​ជាង​​ កាល​ពី​ឆ្នាំ​២០០៨។

ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​វិបត្តិ​នៅ​​អឺរ៉ុប និង​អាមេរិក នៅ​បន្ត​យូរ​ឆ្នាំ​ទៀត ចង់​មិន​ចង់​ប្រទេស​ទាំង​នោះ​នឹង​ត្បិត​ត្បៀត​ការ​ចំណាយ ហើយ​អាច​នឹង​ធ្វើ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទី​នោះ​ត្រូវ​បាន​កាត់​ បន្ថយ។

សមាជិក​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប លោក Coene Tells L’Echo ​ព្រមាន​ថា អឺរ៉ុប​ទំនង​ជា​ប្រឈម​ភាព​មិន​​ប្រាកដ​ប្រជា​នឹង​សេដ្ឋ​កចិ្ច​របស់​ខ្លួន​ រយៈ​ពេល​យូរ​។ លោក​អះ​អាង​ថា​ភាព​មិន​ប្រាកដ​ប្រជា​នេះ នឹង​ចាប់​ផ្តើម​រយៈ​ពេល​វែង ដោយ​កើត​ឡើង​បន្ត​កន្ទុយ​គ្នា។

ដើម្បី​ចៀសវាង​វិបត្តិ​ដោយ​សារ​តែ​ការ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​​អឺរ៉ុប និង​អាមេរិក កម្ពុជា​កំពុង​តែ​បង្កើន​​កម្លាំង​នៅ​ទី​ផ្សារ​ក្នុង​តំបន់ ព្រោះ​វិបត្តិ​កាល​ពី​ឆ្នាំ ២០០​៨ ​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​មិន​រង្គោះ​រង្គើ​ ឬ​ប៉ះពាល់​ខ្លាំង​ឡើយ តួ​យ៉ាង​ដូច​ជា​ចិន និង​ឥណ្ឌា​ជាដើម ប៉ុន្តែ​សេដ្ឋ​កិច្ច​របស់​​ប្រទេស​ចិន​បែរ​ជា​ងើប​ឡើង​យ៉ាង​លឿន​ទៅ​វិញ​​​។

ម្យ៉ាង​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​នៅ​អាស៊ី ក៏​លឿន​ជាង​នៅ​អាមេរិក និង​អឺរ៉ុប ផង​ដែរ៕


Monday, September 19, 2011

កម្ពុជា​ប្រឈម​កាន់​តែ​ធំ​ពេល​កិច្ច​ព្រម​ព្រៀង​ទំនិញ​អាស៊ាន​មក​ដល់

ដោយ: ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នោះ​ជា​ការ​ខាត​បង់​​សម្រាប់​ប្រទេស​នាំ​ចូល​​ច្រើន​ជាង​នាំ​ចេញ ដូច​ជា​កម្ពុជា​។ ការ​នាំចេញ​សំខាន់​ជាង​​គេ​របស់​​កម្ពុជា​នៅ​ពេល​នេះ គឺ​​សម្លៀក​​បំពាក់ និង​​ផលិត​ផល​កសិ​កម្ម ដូច​ជា​អង្ករ​ជាដើម​។​ តែ​​​ទំនិញ​ ឬ​​ផលិត​ផល​ផ្សេង​ទៀត​​ កម្ពុជា​ស្ទើរ​តែ​​នាំ​ចូល​​ទាំង​ស្រុង​​សម្រាប់​​ផ្គត់​ផ្គង់​​។

ឧទាហរណ៍​តូច​មួយ​ គ្រាន់​តែ​ការ​នាំ​ចូល​ភេសជ្ជៈ និង​គ្រឿង​ឧបភោគ​ ​បរិភោគ​នៅ​ឆមាស​ទី​មួយ​​នេះ​​​​​កើន​ឡើង​២៨​ភាគ​រយ។

និយាយ​ត្រឹម​តែ​ទីផ្សារ​ក្នុង​តំបន់ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​​ថៃ​ ដែល​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​​ធំ​​ធ្លាក់ចុះ​នៅ​ឆមាស​ទី​មួយ​ ខណៈ​ការ​នាំចូល​ពី​ថៃ​នៅ​តែ​បន្ត​កើន​ឡើង។ ការ​នាំ​ចេញ​របស់​​កម្ពុជា​ទៅ​វៀត​ណាម ក្នុង​រយៈ​ពេល​៥​ខែ បាន​កើន​តែ​៣ភាគរយ​ប៉ុណ្ណោះ ​ស្រប​ពេល​​ការ​នាំ​ចូល​​​ពី​វៀត​​​ណាម កើន​​​១៣​៩​ភាគ​រយ។

កម្ពុជា​​ជាទូ​ទៅ​នាំ​ចេញ​ទំនិញ​មិន​​​​ទាន់​​កែ​ច្នៃ ហើយ​នាំចូល​មក​វិញ​​​នូវ​ផលិត​ផល​សម្រេច។ នេះ​បញ្ជាក់​​ថា កម្ពុជា​ត្រូវ​ខាត​​បង់​ថ្លៃ​ដើម​រួច​ជា​ស្រេច​ទៅ​ហើយ ពិសេស​​ថ្លៃ​ពលកម្ម​។

ទាំង​នេះ​បង្ហាញ​ពី​កម្សោយ​នៃ​ផលិត​កម្ម​ទាំង​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ និង​នាំ​ចេញ។

សព្វ​ថ្ងៃ​នេះ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ទីផ្សារ​អឺរ៉ុប ក្រោម​​គម្រោង «អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​​» ដែល​ភាគ​ច្រើន​​នាំ​ចេញ​សម្លៀក​បំពាក់ ប៉ុន្តែ​អ្នក​ជំនាញ​ជា​ច្រើន​បាន​លើក​ឡើង​ថា​កម្ពុជា​ត្រូវ​តែ​ធ្វើ​ ឲ្យឧស្សា​ហ​ក​ម្ម​​នាំចេញ​របស់​ខ្លួន​មាន​ភាព​ចម្រុះ​បែប​ ដើម្បី​ទីផ្សារ​ប្រកួត​ប្រជែង ពេល​អនាគត ព្រោះ​វិស័យ​កាត់​ដេរ​មួយ​មុខ ​មិន​អាច​ជួយ​កំណើន​សេដ្ឋ​កិច្ច​យូ​រអង្វែង​ទេ ជាក់​ស្តែង​វិស័យ​នេះ​កំពុង​អ៊ុត​មើល​សេដ្ឋ​កិច្ច​អាមេរិក ដែល​ជាទីផ្សារ​ធំ​​។

កំណើន​នៃ​ការ​នាំ​ចូល​ទំនិញ​បង្ហាញ​ពីការ​កើន​ឡើង​នៃ​សេដ្ឋ​កិច្ច​របស់​ ប្រទេស​ ប៉ុន្តែ​ការ​នាំ​ចូល​របស់​ប្រទេស​មួយ​​​ មិន​គួរមាន​គម្លាត​ឆ្ងាយ​ពី​ការ​នាំ​ចេញ​របស់​ខ្លួន​ពេក​ទេ បើ​មិន​ដូច្នេះ​ឱន​ភាព​ពាណិជ្ជ​កម្ម​មាន​កាន់​តែ​ធំ ពោល​គឺ​យើង​ត្រូវ​ចំណាយ​ច្រើន​ជាង​ចំណូល រី​ឯ​ឱកាស​នៃ​ការ​ប្រកួត​ប្រជែង​មាន​កាន់​តែ​ទាប។

ការ​លើក​ឡើង​នេះ មិន​ទាន់​និយាយ​​ដល់​​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​ទំនិញ​ក្នុង​សមាគម​អាស៊ាន​ និង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០​១៥ ទេ។

កិច្ច​ព្រម​ព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះ​ដូរ​ទំនិញ​ដោយ​សេរី​ ក្នុង​ចំណោម​សមាជិក ដោយ​មិន​គិត​ពន្ធ​។ ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​​ការ​ខាត​បង់ ប្រសិន​បើ​ប្រទេស​នេះ​នៅ​​តែ​មិន​អាច​ផលិត​សម្រាប់​នាំ​ចេញ​​ឲ្យ​បាន​ ច្រើន​នោះ​។

កម្ពុជា​នឹង​ទទួល​បន្ទុក​ក្នុង​ការ​ប្រកួត​ប្រជែង​ទាំង គុណភាព​ និង​បរិមាណ ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​។​​ ​កិច្ច​​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​សេរី​​អាស៊ាន​-ចិន​ជា​បន្ទុក​មួយ​ទៀត​ កម្ពុជា​ត្រូវ​ទប់​ទល់​​ទំនិញ​​ពី​ចិន​ ដែល​ជា​ការ​ប្រកួត​មួយ​ដ៏​ធំ​៕


Saturday, September 17, 2011

ការ​យល់​ដឹង​អំពី​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ​នៅ​កម្ពុជា

ភ្នំពេញៈ ក្រុម​ហ៊ុន​សាជីវកម្ម​ជា​​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក ពឹង​ផ្អែក​ខ្លាំង​លើ​ប្រភព​ដើម​ទុន​មួយ​​ចំនួន ដើម្បី​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​អាជីវកម្ម​របស់​ខ្លួន។

ទី​ផ្សារ​ភាគ​ហ៊ុន ផ្តល់​ហិរញ្ញវត្ថុ​ជា​ដើម​ទុន​​ផ្ទាល់​រយៈ​ពេល​វែង ចំណែក​ទី​ផ្សារ​មូល​​បត្រ​បំណុល ផ្តល់​ហិរញ្ញវត្ថុ​ជា​បំណុល រី​ឯ​ទី​ផ្សារ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី។

ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ កម្ពុជា នឹង​មាន​ទី​ផ្សារ​មូល​បត្រ​កម្ម​សិទ្ធិ និង​​មូល​បត្រ​បំណុល ប៉ុន្តែ​តាំង​ពី​​ដើម​រៀង​មក ក្រុម​ហ៊ុន​អាជីវ​កម្ម​ជា​ច្រើន បាន​ទទួល​ហិរញ្ញវត្ថុ​តាម​រយៈ​ដើម​ទុន​ផ្ទាល់​ខ្លួន និង​កម្ចី​​ពី​ធនាគារ។

ដូច្នេះ ធនាគារ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ពេល​មិន​មាន​ជម្រើស​ផ្សេង​ទៀត។ ការ​យល់​ដឹង​អំពី​របៀប​ដែល​ធនាគារ​វាយ​តម្លៃ​​ប្រាក់​កម្ចី និង​ដំណើរ​ការ​សម្រេច​ចិត្ត​របស់​ធនាគារ​ទាំង​នោះ​ពិត​ជា​មាន​ប្រយោជន៍​យ៉ាង ​​ខ្លាំង​​សម្រាប់​អ្នក​ខ្ចី​ប្រាក់​ដែល​មាន​​សក្តានុពល។

ធនាគារ​ជា​ច្រើន​ពេញ​ចិត្ត​ជា​ខ្លាំង​​ចំពោះ​ក្រុម​ហ៊ុន​ដែល​មាន​ប្រវត្តិ​​ធ្វើ​អាជីវកម្ម និង​ទទួល​បាន​ផល​​ចំណេញ​ជា​ច្រើន​ឆ្នាំ។

ធនា​គារ នឹង​មាន​គោល​នយោបាយ​ផ្តល់​ប្រាក់​កម្ចី​ដែល​ពឹង​ផ្អែក​លើ​បទ​ ប្បញ្ញត្តិ​ទី​ផ្សារ​ក្នុង​ស្រុក​ក៏​ដូចជា​វិធាន និង​នីតិវិធី​ផ្ទាល់​របស់​ធនាគារ​ផង​ដែរ។

ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ឧស្សាហ​កម្ម​មួយ​ចំនួន អាច​នឹង​ត្រូវ​រឹត​បន្តឹង​ដោយ​សារ​តែ​ហេតុ​ផល​មួយ​ចំនួន ដូច​ជា​ ផល​ប៉ះ​ពាល់​ទៅ​​លើ​បរិស្ថាន ឬ​ដោយ​សារ​តែ​ហេតុ​​ផល​សីលធម៌។ ម្យ៉ាង​វិញ​ទៀត​ធនាគារ​មួយ​ចំនួន នឹង​ប្រើ​ប្រាស់​ទុន​​ខ្លួន ឲ្យ​មាន​ភាព​ចម្រុះ​បែប​​ដោយ​កំណត់​ការ​ផ្តល់​​ប្រាក់​កម្ចី​​ដល់​ ឧស្សាហកម្ម​នីមួយ​ៗ​។

បទ​ប្បញ្ញត្តិ​ក្នុង​ស្រុក ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ ឧទាហរណ៍ ធនាគារ​មួយ អាច​នឹង​ផ្តល់​ប្រាក់​​កម្ចី​២០​ភាគ​រយ​នៃ​ដើម​ទុន​របស់​ខ្លួន​ដល់​អ្នក​ ខ្ចី​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ការ​កំណត់​​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ខ្ចី​ម្នាក់។

អត្រា​ផ្តល់​ប្រាក់​កម្ចី​នៅ​កម្ពុជា មាន​កំណើន​ជា​លំដាប់​ក្នុង​រយៈ​ពេល​​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​ អត្រា​ការ​ប្រាក់​នៅ​តែ​ខ្ពស់​ជាង​អត្រា​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ដដែល។

របៀប​ដែល​ធនាគារ​គណនា​តម្លៃ​ប្រាក់​កម្ចី​របស់​ខ្លួន ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន។ «តម្លៃ​ដើម​នៃ​​មូល​ធន» ជា​ទូ​ទៅ​​ជា​អ្វី​ដែល​​ធនាគារ​ត្រូវ​បង់​ជូន​អ្នក​ដាក់​ប្រាក់​​បញ្ញើ​របស់ ​ខ្លួន។ តម្លៃ​នេះ ទទួល​​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ការ​ផ្គត់​ផ្គង់ និង​តម្រូវ​ការ។

បើ​ទី​ផ្សារ​ទទួល​បាន​ប្រាក់​បញ្ញើ​​កាន់​តែ​ច្រើន អត្រា​ការ​ប្រាក់​សម្រាប់​ការ​ដាក់​ប្រាក់​បញ្ញើ​​នឹង​ចុះ​ថោក។

អត្រា​ការ​ប្រាក់ នឹង​ថយ​ចុះ​បើ​ធនាគារ​រឹត​បន្តឹង​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ខ្លួន ដោយ​សារ​តែ​តម្រូវ​ការ​​ប្រាក់​កម្ចី​ថយ​ចុះ​។

បើ​ធនាគារ​ផ្តល់​​កម្ចី​យ៉ាង​សកម្ម និង​មាន​តម្រូវ​ការ​ប្រាក់​បញ្ញើ នោះ​​អត្រា​ការ​ប្រាក់​សម្រាប់​បញ្ញើ នឹង​កើន​ឡើង​​ខ្ពស់។

ថ្លៃ​ផ្តល់​ប្រាក់​កម្ចី​ក៏​ទទួល​រង​ឥទ្ធិ​ពល​ពី​ថ្លៃ​ប្រតិបត្តិការ​ផ្ទាល់​របស់​​ធនាគារ​និង​ហានិភ័យ​របស់​អ្នក​ខ្ចី​ផង​ដែរ។

ការ​ខ្ចី​ប្រាក់​រយៈ​​ពេល​កាន់​តែ​វែង នឹង​មាន​អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់ ដោយ​សារ​តែ​ហានិភ័យ​នៃ​ប្រាក់​កម្ចី​រយៈ​ពេល​វែង មាន​ទំហំ​ធំ​ធេង​ជាង​ប្រាក់​កម្ចី​រយៈ​ពេល​​ខ្លី។ ធនាគារ​ចាំ​បាច់​ត្រូវ​រក្សា​​ប្រាក់​បម្រុង​នៅ​ធនាគារ​កណ្តាល។ លក្ខ​ខណ្ឌ​រក្សា​ប្រាក់​បម្រុង​ជា​ភាគ​រយ​នៃ​ការ​ដាក់​ប្រាក់​បញ្ញើ​របស់​ អតិថិជន ដែល​រក្សា​​ទុក​នៅ​ធនាគារ​កណ្តាល។ នេះ​ជា​កត្តា​សម្រាប់​កំណត់​តម្លៃ​អត្រា​ការ​ប្រាក់។

ធនាគារ​នៅ​កម្ពុជា​មិន​មាន​ការ​លើក​លែង​អ្វី​ទាំង​អស់ ការ​ផ្តល់​ប្រាក់​កម្ចី​ត្រូវ​មាន​ដាក់​វត្ថុ​បញ្ចាំ ដូច្នេះ​តម្លៃ និង​គុណ​ភាព​នៃ​​វត្ថុ​បញ្ចាំង​មាន​ឥទ្ធិពល​ទៅ​លើ​​ចំនួន​ទឹក​ប្រាក់​ដែល​ ធនាគារ​ផ្តល់​ប្រាក់​កម្ចី៕C

ផ្សារ​មូលបត្រ​កម្ពុជា​កំពុង​សម្លឹង​មើល​បទ​ពិសោធ​ពី​អ្នក​ជិត​ខាង​របស់​ខ្លួន

ភ្នំពេញ: ជា​មួយ​នឹង​​​ការ​មក​ដល់​តាម​ការ​រំ​ពឹង​ទុក​​នៃ​ផ្សារ​មូល​បត្រ​កម្ពុជា​ជា ​លើក​ទី​មួយ​កាល​ពី​ម្សិលមិញ ក្រុម​អ្នក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​សម្លឹង​មើល​ទៅ​ប្រទេស​ជិត​ ខាង​​​ដើម្បីស្វែង​រក​គំរូ​ស័ក្តិសម​បំផុត​ដើម្បី​​​យក​គំរូតាម​។

ផ្សារ​​មូល​បត្រ​​ក្នុង​តំបន់​​​ទាំង​ក្នុង​ប្រទេស​ឡាវ​ និង​ទាំង​ក្នុង​ប្រទស​វៀត​ណាម ​ត្រូវ​បាន​លើក​ឡើង​ជា​ ​លក្ខណៈ​ប្រៀប​ធៀប​ដោយ​អ្នក​វិនិយោគ​ក្នុង​តំបន់​។

ផ្សារ​មូល​បត្រ​ទីក្រុង​ ហូ ជីមិញ របស់​ប្រទេស​វៀត​ណាម ​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០០ ហើយ​កាល​ពី​ដំបូង​មាន​ក្រុម​ហ៊ុន​ចេញ​លក់​មូល​បត្រ​ចំនួន​តែ​ពីរ​ប៉ុណ្ណោះ​។ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​មុន ក្រុម​ហ៊ុន​សរុប​ចំនួន​២៤៧ ត្រូវ​បាន​ចុះ​បញ្ជី​។

នាយក​ក្រុម​ហ៊ុនមូល​បត្រ VinaSecurities Adrian Cundy បាន​ថ្លែង​កាល​ពីម្សិលមិញ​ថា​៖ «​ជោគ​ជ័យ​​នៃ​ផ្សារ​មូល​បត្រ​​នឹង​ផ្អែក​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​អាច​វិនិយោគ ​បាននិង​តម្លៃ​ភាគ​ហ៊ុន ​មិនមែន​ផ្អែក​លើ​​ចំនួន​ប្រជា​ជន​ឬ​ទំហំ​ប្រទេស​នោះ​ទេ​។ ដូច្នេះ តាម​ពិត​​ដែល​ថា​ វៀត​ណាម​ជា​ប្រទេស​ធំ​ជាង​ ​​ដែល​មាន​ប្រជា​ជន​រហូត​ដល់​ជិត​៩០​លាន​នាក់​ ​មិន​មែន​ជា​បញ្ហា​ចំពោះ​​ឱកាស​​​របស់​ប្រទេស​កម្ពុជា​ក្នុង​​​ការ​ចាប់​ ផ្តើម​ផ្សារ​មូលបត្រ​​ជោគ​ជ័យ​មួយ​នោះ​ទេ​»។ លោក​បាន​បន្ត​ថា៖ «​នោះ​គឺថា​ក្បាល​ម៉ាស៊ីន​នៃ​ការ​លូត​លាស់​​គឺ​​ស្ថិត​នៅ​ក្នុង​សេដ្ឋ​កិច្ច ​​សេរី​»។

លោក​បាន​បន្ថែម​ថា​ វៀត​ណាម​មាន​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ ក្រុម​ហ៊ុន​អចលន​ទ្រព្យ ​សហគ្រាស​​ខ្នាត​តូច​និង​ខ្នាត​មធ្យម​ជា​​ច្រើន​ ហើយ​ថ្មី​ៗនេះ អ្នក​ប្រើ​ប្រាស់​ជា​អ្នក​ដើរ​តួ​។ នេះ​គឺដោយសារ​តែ​​ភាព​រីក​ចម្រើន​ចេញ​ពី​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​​ដែល​ បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជា​មួយ​​ប្រាក់​កម្ចី​។ លោក​បន្ត​ថា​៖ «​​វា​ពិបាក​និយាយ​ថា ​តើ​រឿង​នឹង​ទៅ​ជា​យ៉ាង​ដូច​ម្តេច​ក្នុង​ប្រទេស​កម្ពុជា ... ​កម្ពុជា​មាន​ឱកាស​ជា​ច្រើន​»។

Naoto Sumiyoshi ប្រធាន​អ្នក​ស្រាវ​ជ្រាវ​​នៅ​​ក្រុម​ហ៊ុន​វិនិយោគ​ជប៉ុន WorldStock ជឿ​ថា ​​ទោះបី​ជា​វៀត​ណាម​​មាន​ភាព​ពេញ​វ័យ​ដោយ​ជោគ​ជ័យ​​ជា​មួយ​​ផ្សារ​មូល​បត្រ​ មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ក៏​ដោយ ដំណើរ​ដំបូង​គឺ​មិន​​មើល​ទៅ​មិន​មាន​លក្ខណៈ​វិជ្ជ​មាន​ដូច​នេះ​ទេ​។

លោក​បន្ត​ថា​៖ «​យើង​អាច​រំពឹង​ថា​នឹង​មាន​តម្លៃ​ខ្ពស់​​ដូច​គ្នា​នៅ​ទី​នេះ​»។

ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន WorldStock ក្នុង​ប្រទេស​វៀត​ណាម​រួម​មាន​វិស័យ​ ធនាគារ ម្ហូប​អាហារ កសិកម្ម ថាម​ពល និង​អចលន​ទ្រព្យ​។ លោក​បាន​បន្ថែម​ថា ស្ថាន​ភាព​ក្នុង​ប្រទេស​ឡាវ គឺ​មិន​ល្អ​ ហើយ​រំពឹង​ថា ក្រុម​ហ៊ុន​ច្រើន​​ទៀត​នឹង​​ចាប់​ផ្តើម​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​មូល​បត្រ​។

ផ្សារ​មូល​បត្រ​ក្នុង​ប្រទេស​ឡាវ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ខែ​ មករា ឆ្នាំ​២០១១​ហើយ​ ដូច​​ផ្សារ​មូល​បត្រ​កម្ពុជា​​ដែរ គឺ​​បាន​បើក​ដោយ​​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ចុះ​បញ្ជី។ ​ប៉ុន្តែ​រហូត​មក​ដល់​នេះ​មាន​ក្រុម​ហ៊ុន​ពីរ​បាន​ចុះ​បញ្ជី​និង​ប្រតិ បត្តិការ​ គឺ​ Electricite du Laos និង Banque Pour Le Commerce ។

Martin Desautels ទីប្រឹក្សា​ផ្នែក​ច្បាប់​និង​ពន្ធ​​នៅ​ DFDL Mekong ដែល​មាន​មូល​ដ្ឋាន​នៅ​រាជ​ធានី​ភ្នំ​ពេញ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចាប់​​ផ្តើម​កាល​ពី​ម្សិល​មិញ​ថា​ ឡាវ​គឺ​ជា​គំរូ​ល្អ​ប្រសើរ​មួយ ដែល​តំណាង​នូវ​អ្វី​ដែល​​នឹង​កើត​ឡើង​នៅ​ទី​នេះ​។ លោក​ថ្លែង​ថា៖ «​វា​បាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​នៅ​ក្នុង​ប្រទេស​​ឡាវ​ ហើយ​ព្យាករថា​ នឹង​មាន​ផ្លូវ​មួយ​​ស្រដៀង​គ្នា​នៅ​ទី​នេះ​»។ លោក​បាន​ថ្លែង​​ថា វា​ល្អ​ដែល​ចាប់​ផ្តើម​នៅ​ពេល​ឥឡូវ​នេះ ហើយ​​​ធ្វើ​ឲ្យ​ប្រជា​ជន​ចាប់​អារម្មណ៍​។ «​វា​ជា​សញ្ញា​ចាប់​ផ្តើម​ល្អ​មួយ...​វា​បើក​ចំហ​សម្រាប់​អាជីវ​កម្ម ដូច្នេះ​ប្រជា​ជន​នឹង​ចាប់​ផ្តើម​​រៀប​ចំ​ខ្លួន​»​។

Desautels បាន​បន្ថែម​ថា​ មាន​​សក្តានុពល​រីក​ចម្រើន​​ច្រើន​​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​នៅ​ប្រទេស​ឡាវ​មាន​ក្រុម​ហ៊ុន​ធំៗ​ជា​ង​។ ដូច្នេះ​ខណៈ​ដែល​កម្ពុជា​អាច​នឹង​​មាន​ក្រុម​ហ៊ុន​ច្រើន​ជាង​ ទំហំ​ទីផ្សារ​នៅ​កម្ពុជា​ទំនង​ជា​​ធំ​ជាង​នៅ​ប្រទេស​ឡាវ​»​។ លោក Han Kyung Tae នាយក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន​មូល​បត្រ​ Tong Yang Securities កម្ពុជា ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ទៅ​សក្តា​នុពល​រីក​ចម្រើន​នៃ​សេដ្ឋ​កិច្ច កម្ពុជា​។

លោក​​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ខែ​ឧសភា ឆ្នាំ​នេះ​​ថា៖ «​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ក្មេង​ខ្ចី​នៃ​ការ​អភិវឌ្ឍន៍​របស់​ ខ្លួន។ ទីផ្សារ​គឺ​រីក​ចម្រើន​យ៉ាង​លឿន»​។ ​ការ​ផ្តល់​​ជា​លើក​ទី​មួយ​​នឹង​ការធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​ ​​ហើយ​ដែល​ភាគ​ច្រើន​បំផុត​ទំនង​ជា​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​ក្នុង​វិស័យ​ ចម្បង​ៗ​ដូច​ជា វិស័យ​ធនាគារ ទូរគម​នាគមន៍ ​កសិកម្ម សេវា និង​កាត់​ដេរ​។

លោក​បាន​បន្ត​ថា​៖ «​​ពួក​គេ​នឹង​បន្ត​រក្សា​​ទិសដៅ​ទាក់​ទាញ​សម្រាប់​ក្រុម​អ្នក​វិនិយោគ​បរទេស​»។

លោក Han​ រំពឹង​ថា ​មាន​ក្រុម​ហ៊ុន​ពី​៥​ទៅ​១០​ក្រុម​ហ៊ុន​​នឹង​​ទទួល​បាន​ការ​ផ្តល់​សិទ្ធិ​ ទទួល​ស្គាល់​​ជា​សាធារណៈ​​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ដំបូង​បន្ទាប់​ពី​ការ ​ចាប់​ផ្តើម​ផ្សារ​មូល​បត្រ​នេះ​ ដោយ​មាន​ក្រុម​ហ៊ុន​កំពូល​ៗ ​ក្នុង​វិស័យ​នី​មួយ​ៗ​​កំពុង​ត្រៀម​ខ្លួន​​ចុះ​បញ្ជី​​ក្នុង​ផ្សារ​​មូល បត្រ​កម្ពុជា​ដំបូង​នេះ​៕ Phnom Penh Post

ការ​ស្វែង​យល់​អំពី​ស្ថាន​ភាព​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន

ការ​ស្វែង​យល់​អំពី​ស្ថាន​ភាព​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន

BY: Anthony Galliano

ខែ​កក្កដា និង​សីហា ត្រូវ​បាន​កត់​សម្គាល់​ដោយ​ចរន្ត​ទី​ផ្សារ​ឡើង​ចុះ​ខ្លាំង ជា​ពិសេស ចុះ​ខ្លាំង ប៉ុន្តែ​​ថ្មី​ៗ​នេះ​បាន​​កើន​ឡើង​វិញ ហើយ​ចរន្ត​នេះ​បាន​​ធ្វើ​ឲ្យ​គេ​នឹក​ដល់​ព្រឹត្តិ​ការណ៍​​ធ្លាក់​ចុះ​របស់​ទីផ្សារកាល​ពី​ឆ្នាំ​​២០០៨ និង​ឆ្នាំ​២០០៩។ ដោយ​សារ​​ការផ្លាស់​ប្តូរ​ចរន្ត​​​ទី​ផ្សារ​ពី​ខ្សោយ ទៅ​ខ្លាំង ដូច្នេះ​​ជា​ពេល​វេលា​ដ៏​សមរម្យ។

ចរន្ត​ទិញ​ភាគ​ហ៊ុន (Bull market​) ជាស្ថាន​ភាព​ទីផ្សារ​​ ដែល​​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ប្រញា​យ​​ទិញ​ភាគ​ហ៊ុន ស្ថិត​ក្នុង​​​រយៈ​ពេល​ដែល​​ភាគ​ហ៊ុន​ឡើង​ថ្លៃយូរ ហើយ​ការណ៍​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​ទំនុក​ចិត្ត​របស់​វិនិយោគិន និង​ការ​រំពឹង​ទុក​ថា តម្លៃ​ភាគ​ហ៊ុន នឹង​ឡើង​ថ្លៃ​នា​ពេល​អនាគត។

ទី​ផ្សារ​ឡើង​ចុះជា​និន្នា​ការ​យូរ​អង្វែង ដែល​មាន​រយៈ​ពេល​ពី៥ ទៅ ២៥​ឆ្នាំ ហើយ​ក្នុង​និន្នាការ​នេះ ប្រមូល​ផ្តុំ​ដោយ​និន្នាការ​ចម្បង​ៗ និង​ការ​គាំ​ទ្រ​យ៉ាង​ទូលំ​ទូលាយ​ នៅ​ក្នុង​ទី​ផ្សារ​ទាំង​មូល ដែល​មាន​រយៈ​​ពេល​ជា​ច្រើនឆ្នាំ។

នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ដែល​មាន​ការ​ឡើង​ចុះ តម្លៃ​ភាគ​ហ៊ុន បាន​​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់ ជា​ជាង​ការ​​ធ្លាក់​ចុះ​ទាប​ ដោយ​សារ​តែ​បញ្ហា​រាំង​ស្ទះ​ណា​មួយ បណ្តាល​មក​ពី​តម្លៃ​ភាគ​ហ៊ុន​ឡើង​ថ្លៃ។

ចរន្ត​លក់​ភាគ​ហ៊ុន (Bear market​) ជា​ស្ថានភាព​ទីផ្សារ ដែល​​មនុស្ស​​នាំ​គ្នា​លក់​ភាគ​ហ៊ុន ស្ថិត​​ក្នុង​រយៈ​ពេល​ដែល​តម្លៃ​ភាគ​ហ៊ុន ធ្លាក់​ចុះ​ជា​ទូ​ទៅ ស្រប​ពេល​ដែល​​វិនិយោគិន​​មាន​​ភាព​បារម្ភ និង​មាន​ទុទិ្ទដ្ឋិ​និយម។

ជា​ទូ​ទៅ​ការ​យល់​ឃើញ​អវិជ្ជមាន​ធ្វើ​ឲ្យ​វដ្ត​ទី​ផ្សារ​នេះ កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ទៅ​ៗ។ នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន ​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​លក់​ចេញ​ភាគ​ហ៊ុន​របស់​ខ្លួន គឺ​ពេល​ដែល​ភាគ​ហ៊ុន​ធ្លាក់​ថ្លៃ​ ២០​ភាគ​រយ ឬ​ច្រើន​ជាង​នេះ​ក្នុង​រយៈ​ពេល ២​ខែ។ នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​បែប​នេះ បើ​សិន​ជា​​ភាគ​ហ៊ុន​ធ្លាក់​ចុះ គឺ​ធ្លាក់​ដល់​កម្រិត​ទាប​ខ្លាំង បើ​ឡើង​ថ្លៃ​គឺ​ឡើង​ថ្លៃ​តិច​តួច​បំផុត។ ផ្ទុយ​ពី​ Bull market ដែល​មនុស្ស​នាំ​គ្នា​ទិញ​ភាគ​ហ៊ុន បើ​ឡើង​ថ្លៃ គឺ​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់ បើ​ធ្លាក់​ចុះ​វិញ គឺ​ធ្លាក់​ចុះ​តិច​តួច​ប៉ុណ្ណោះ​។

Bear market ជា​និន្នាការ​គួរ​ឲ្យ​កត់​សម្គាល់ មាន​ទិស​ដៅ​ធ្លាក់​ចុះ ហើយ​ជា​កត្តា​មួយ​ដែល​នាំ​ដល់​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ។

ការ​ងើប​ឡើង​វិញ (rally) ជា​រយៈ​ពេល​​ដែល​តម្លៃ​ភាគ​ហ៊ុន​ឡើង​​ថ្លៃ​ប្រកប​ដោយ​និរន្តរ​ភាព ហើយ​ការណ៍​នេះ អាច​កើត​មាន​ទាំង​នៅ​ក្នុង​ Bear market និង Bull market ។

ការ​ងើប​ឡើង​វិញ​នេះ មាន​ពីរ​គឺ​ការ​ងើប​ឡើង​វិញ​ក្នុង​ចរន្ត​ទិញ​ភាគ​ហ៊ុន និង​ការ​ងើប​ឡើង​វិញ​នៅ​ក្នុង​ចរន្ត​លក់​ភាគហ៊ុន។ ការ​ងើប​ឡើង​វិញ​នៅ​ក្នុង​ចរន្ត​ទិញ​ភាគ​ហ៊ុន​អាច​ចាប់​ផ្តើម​ភ្លាម​ៗ ប៉ុន្តែ​មាន​រយៈ​ពេល​ខ្លី ដោយ​វា​កើន​​​ពី ១០ ទៅ ២០​ភាគ​រយ​។

ការ​កែ​ប្រែ (correction) ជា​ចលនា​បញ្ច្រាស​នៃ​តម្លៃ​ភាគ​ហ៊ុន យ៉ាង​ហោច​ណាស់​១០​ភាគ​រយ​។ ការ​កែ​ប្រែជា​ទូ​ទៅ​មាន​ទំនាក់​ទំនង​​ទៅ​នឹង​ការ​វិល​ត្រឡប់​ទៅ​រក​តម្លៃ​​ ដើម​វិញ។ ការ​កែ​ប្រែ​តិច​តួច អាច​​វិល​ត្រឡប់​ទៅ​រក​តម្លៃ​ដើម​វិញ​ ចំនួន ១ ភាគ ៣ នៃ​និន្នាការ​តម្លៃ​ភាគ​ហ៊ុន​កើន​ឡើង។ ចំណែក​ការ​កែ​ប្រែ​ខ្លាំង​ អាច​វិល​ត្រឡប់​ទៅ​​រក​តម្លៃ​ដើម​វិញ​ចំនួន ៧៥​ភាគ​រយ។ ផ្ទុយ​ទៅ​វិញភាព​ចលាចល​ក្នុង​ទី​ផ្សារ​​ភាគ​ហ៊ុន កើត​ឡើង​ពេល​ដែល​ទី​ផ្សារ​ភាគ​ហ៊ុន ខាត​បង់​ជាង​១០​ភាគ​រយ ក្នុង​រយៈ​​ពេល​ពីរ បី​ថ្ងៃ ហើយ​ជួន​កាល​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ភាព​ចលាចល​នេះ អាច​កើត​ឡើង​បន្ទាប់​ពី Bull market បាន​អូស​បន្លាយ​ពេលធ្វើ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​កាន់​តែ​ឡើង​ថ្លៃ​ខ្លាំង។

ការ​លក់​ភាគ​ហ៊ុន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច គឺ​ជា​ការ​លក់​ភាគ​ហ៊ុន​ក្នុង​ទ្រង់​ទ្រាយ​ធំ ដោយ​ផ្អែក​លើ​អារម្មណ៍​និង​ភាព​ភ័យ​ខ្លាច ជា​ជាង​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ។

ការ​យល់​ព្រម​ចុះ​ចាញ់ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេល​មួយ​ដែល​វិនិយោគិន មិន​អាច​ទ្រាំ​ទ្រ​នឹង​ការ​ខាត​​បង់​បន្ត​ទៀត​បាន ក៏​សុខ​ចិត្ត​បោះ​​បង់​ចោល ដើម្បី​ចាក​ចេញ​ពី​ទី​ផ្សារ​។ ករណី​នេះ​ពាក់​ព័ន្ធ​នឹង​តម្លៃ​​ភាគ​ហ៊ុន​​ឡើង​ថ្លៃ និង​ធ្លាក់​ចុះ​ខ្លាំង ​ហើយ​ការ​លក់​​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​មួយ ដែល​មាន​ការ​តថ្លៃ​គ្នា​ខ្លាំង​រវាង​អ្នក​ទិញ និង​អ្នក​លក់ ដោយ​សារ​អ្នក​គ្រប់​ៗ​គ្នា ចង់​បោះ​បង់​ចោល ដូច្នេះ​ពួក​គេ ត្រូវ​បង្ខំ​ចិត្ត​លក់​ភាគ​ហ៊ុន​​របស់​ខ្លួន៕