តាមប្រពៃណីខ្មែរយើងនៅសម័យបុរាណ ការដាក់ឈ្មោះឲ្យកូនចៅនីមួយៗគេច្រើនប្រកាន់ណាស់ ។ គេពុំមែនចេះតែដាក់ឈ្មោះឲ្យដោយពុំបានរកគ្រូអាចារ្យដើម្បីគន់គូរទស្សទាយដោយក្បួនវេទជាមុនឡើយ ។ ផ្ទុយទៅវិញ ការដាក់ឈ្មោះនេះ គេច្រើនតម្រូវទៅតាមឫក្សពារ តាមពេលាល្អ ឡើងស័ក្ត ឡើងរាសី សមតាមលំដាប់ថ្ងៃខែនៃកំណើតទារកដែលមានអត្ថន័យសំខាន់ស្របតាមគម្ពីបាលី និងស្របតាមសេចក្ដីប្រាថ្នានៃមាតាបិតាចំពោះអនាគតនៃទារកទាំងនោះ ។
នឹងឲ្យឈ្មោះនោះទៀត គេត្រូវកម្រិតចំនួនព្យាង្គ គឺចំនួនពាក្យក្នុងឈ្មោះនីមួយៗស្របតាមវណ្ណៈគ្រួសារដើម្បីជាវិន័យមួយសម្រាប់សម្គាល់ដោយប្រាកដនូវអម្បូរ ពូជ ពង្ស នៃគ្រួសារដូចតទៅ ៖
ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រ
ព្រះនាមនីមួយៗត្រូវមានពាក្យពីបួនព្យាង្គឡើងទៅ ដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាមព្រះបាទនរោត្ដម គឺ រាជាវត្តី ព្រះបាទស៊ីសុវត្ថិ គឺ សេរីសុវត្ថិ ។
ខ. ចំពោះព្រះរាជវង្សានុវង្ស និងមន្ត្រី
ដែលព្រះរាជាតាំងជាក្សត្រពេញអង្គ ព្រះនាមត្រូវមានយ៉ាងច្រើនត្រឹមតែបីព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុមក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រីរាជវង្ស) ។
គ. ចំពោះបុត្រមន្ត្រី គហបតី និងមន្ត្រីកិត្តិយស
នាមបុត្រត្រូវមានយ៉ាងច្រើនត្រឹមតែពីរព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។
ឃ. ចំពោះបុត្រប្រជារាស្ត្រសាមញ្ញទូទៅ
នាមបុត្រមានតែមួយព្យាង្គ ឬមួយម៉ាត់ទេ ពោលគឺឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។
បើប្រជារាស្ត្រទាំងនេះ បានឡើងបុណ្យស័ក្តិធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះនូវគោរម្យងារ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។
(ដកស្រង់ពីសៀវភៅបរិវារស័ព្ទក្នុងភាសាខ្មែរ របស់លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី)
No comments:
Post a Comment