Friday, October 25, 2013
មើល Apple បង្អួតពី iPad Air ជាមួយគ្នា
Friday, October 28, 2011
Sony ទិញយក Ericsson
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុនដ៏ធំ ដែលគេគ្រប់គ្នាស្គាល់នោះគឺក្រុមហ៊ុន Sony អីឡូវបានទិញយកការគ្រប់គ្រងទាំងស្រុងនៃការផលិតទូរស័ព្ទចល័ត Sony Ericsson ពីក្រុមហ៊ុនផលិតគ្រឿងរបស់ប្រទេស ស៊ុយអែត ហើយ ដែលក្រុមហ៊ុននោះមានឈ្មោះថា Ericsson។
ក្រុមហ៊ុន Sony បានយល់ព្រមទិញយកភាគហ៊ុន ៥០ ភាគរយនោះបើគិតជាទឹកប្រាក់គឺ ១.៥ ពាន់លានដុល្លារ (មួយពាន់លានកន្លះ) ដោយចាប់ពីពេលនេះទៅក្រុមហ៊ុននេះជាម្ចាស់ដាច់មុខតែម្នាក់ឯងប៉ុណ្ណោះនៃផលិតផលនៃទូរស័ព្ទនេះ។
នៅឆ្នាំ ២០០១ ក្រុមហ៊ុន Sony និង ក្រុមហ៊ុន Ericsson បានចូលរួមគ្នាផលិតទូរស័ព្ទចល័តហើយពួកគេ ក៏បានធ្វើអោយកាន់តែប្រសើរឡើង ដោយដាក់ភ្ជាប់មកជាប់ជាមួយនូវ Walkman សំរាប់អ្នកនិយមចូលចិត្តស្ដាប់បទចំរៀង និង Syber-shot សំរាប់អ្នកដែលនិយមថតរូប ហើយពេកគេបានទទួលជោគជ័យមួយដែរកាលពីដំបូង។ រហូតដល់ឆ្នាំ ២០០៨ ពួកគេបានអភិវឌ្ឍន៍ដល់ទូរស័ព្ទប្រទេស Smartphone ដោយប្រើប្រព័ន្ធ Android របស់ក្រុមហ៊ុន Google។
Saturday, October 15, 2011
iPhone 4Sចេញលក់ អតិថិជនរាប់រយនាក់តំរៀបជួររង់ចាំទិញ
អ្នកនិយមចូលចិត្តiPhone 4Sតំរង់ជួររង់ចាំទិញនៅក្រុងតូក្យូ
ទូរស័ព្ទiPhone ថ្មីរបស់ក្រុមហ៊ុនAppleបានចេញលក់នៅទូទាំងពិភពលោកកាលពីថ្ងៃសុក្រ ដោយអ្នកគាំទ្រចាប់អារម្មណ៍នឹងឧបករណ៍អេឡិចត្រូនិចចុងក្រោយដែលត្រូវបានបញ្ចេញក្នុងអំឡុងពេលលោកស្ទីវ ចបស៍រស់នៅ ដោយពួកគេភាគច្រើនទិញទូរស័ព្ទនេះដើម្បីជាការសម្តែងការដឹងគុណចំពោះអតីតចៅហ្វាយApple រូបនេះ។
អ្នកគាំទ្ររាប់រយនាក់បានឈរតំរៀបជួរនៅក្រុងស៊ីតនីនិងតូក្យូដើម្បីបានជួប iPhone 4Sដំបូងគេ ដែលមើលទៅស្រដៀងគ្នា iPhone 4 កាលពីមុន តែមានកាមេរ៉ាល្អជាងមុន processorលឿនជាងមុនព្រមទាំងសូហ្វវែសម្លេងល្អជាង។
លោកស្រីហារុកូ ស៊ីរ៉ាយស៊ី ដែលបានរង់ចាំយ៉ាងអត់ធ្មត់នៅសង្កាត់លក់ដូរហ្គីនហ្សានៃក្រុងតូក្យូ បាននិយាយថា "ខ្ញុំជាអ្នកគាំទ្រម្នាក់ ខ្ញុំចង់បានអ្វីមួយដើម្បីជាការចងចាំលោកស្ទីវ ចបស៍"។
ថម ម៉ូស្កា ជនជាតិអូស្ត្រាលី ជាមនុស្សដំបូងគេដែលទិញទូរស័ព្ទថ្មីនេះនៅក្រុងស៊ីតនី។លោកបាននិយាយថាការងារដំបូងរបស់លោកគឺត្រូវសួរទូរស័ព្ទ iPhoneថ្មី របស់លោកថាតើ ស្ទីវនៅឯណា?"។
បើតាមសម្ទុះកម្លាំងទិញនាពេលនេះ ក្រុមហ៊ុនApple Inc ទំនងជាអាចលក់ទូរស័ព្ទថ្មីiPhone 4S របស់ខ្លួនបាន៤លានគ្រឿងនៅមួយចុងសប្តាហ៍នេះ។
iPhone 4S កំពុងចេញលក់នៅអាមេរិក អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ជប៉ុននិងអង់គ្លេស។ វាត្រូវគេរំពឹងថានឹងលក់ដាច់បានច្រើនជាង iPhone 4 ដែលលក់បាន១,៧លានគ្រឿងក្នុងចុងសប្តាហ៍ដំបូង៕
Tuesday, September 20, 2011
រថយន្ត Subaru Forester ផ្តល់សុវត្ថិភាព និងផាសុកភាពដល់អ្នកប្រើប្រាស់
ដោយ: Phnom Penh Post.
ស៊ូបារូ (Subaru) ប្រហែលជាពុំសូវមានប្រជាជនកម្ពុជាស្គាល់ច្រើនប៉ុន្មានទេប៉ុន្ដែជាក់ស្ដែងរថយន្ដនេះបានទទួលពានរង្វាន់ជាច្រើនលើលក្ខខណ្ឌផ្នែកសុវត្ថិភាព ជាមួយនឹងរចនាម៉ូដខាងក្នុងសាមញ្ញ និងផ្នែកខាងក្រៅបែបស៊ីមេទ្រី។
Forester ស៊េរីឆ្នាំ២០១០ ដែលនាំចូលដោយក្រុមហ៊ុន Motor Image Cambodia នូវរថយន្ដ SUV ទ្វារ៤ ចំណុះម៉ាស៊ីន ២.៥លីត្រ ដែលមានវត្ដមាននៅអគារពិព័រណ៍តាំងពីឆ្នាំមុន ត្រូវបានរចនាម៉ូដជាមួយនឹងបច្ចេកវិទ្យាម៉ាស៊ីន boxer engine និងប្រព័ន្ធរង្វិលកង់ទាំង៤ (AWD) ដែលអាចជួយទប់លំនឹងខាងក្រោមលើស្ថានភាពផ្លូវគ្រប់ប្រភេទ។ កំពុងតែចង្អុលបង្ហាញពីគំរូសម្ព័ន្ធម៉ាស៊ីនតូចៗរបស់ម៉ាករថយន្តផ្សេងៗ លោកម៉ៅ វិចិត្រ ដែលមានបទពិសោធជាអ្នកផ្ដល់ប្រឹក្សាផ្នែកសេវាកម្ម បានពន្យល់ប្រាប់ថា៖ «Boxer Engine បានជួយធ្វើឲ្យមានតុល្យភាពខណៈពេលកំពុងបើកបរលើផ្លូវកោងបត់ បែន ហើយប្រព័ន្ធរង្វិលកង់ទាំង៤ (AWD) និងប្រព័ន្ធគ្រប់គ្រងថាមពលរថយន្ដ (VDC) បានផ្ដល់ថាមពលដល់កង់ទាំង ៤យ៉ាងមានប្រសិទ្ធភាព»។
បុគ្គលិកមានជំនាញបទពិសោធផ្នែកសេវាកម្មរថយន្ដជាង ១៥ ឆ្នាំ រូបនេះបានថ្លែងថា រថយន្ដ Forester ក៏មានមុខងារសុវត្ថិភាពជាច្រើនទៀត។ ក្នុងករណីបុកទង្គិចចំពីមុខ ម៉ាស៊ីនផ្នែកខាងក្រោមនឹងរំកិលទៅក្រោយដោយមិនរុញបុកចង្កូត ឬក៏ធ្វើឲ្យអ្នកបើកបរគ្រោះថ្នាក់ទេ។ ក្រៅពីមានពោងសុវត្ថិភាពដល់ទី៨ របារដែកដ៏រឹងមាំត្រូវបានបំពាក់នៅទ្វារក្រោយទាំង២ ដើម្បីការពាររាល់ការប៉ះទង្គិចផ្នែកទាំងសងខាងផងដែរ។
ខណៈពេលដែលលោកបានណែនាំអតិថិជនឲ្យសាកល្បងបើកបររថយន្ដ Forester ស៊េរី២០១០នេះ លោក វិចិត្រ បានថ្លែងទាំងជំនឿចិត្ដមុតមាំថា៖ «ក្រុមហ៊ុនស៊ូបារូ គឺផ្ដោតគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីសុវត្ថិភាព»។
ជាមួយនឹងបទពិសោធប្រើប្រាស់រថយន្ត Forester រយៈពេល៣ខែ លោក អៀម វីណា ដែលជានិពន្ធនាយកទស្សនាវដ្ដីរថយន្ដក្នុងស្រុកមួយ បានថ្លែងថា រថយន្ដនេះមានមុខងារសំខាន់ច្រើនយ៉ាងជាងរថយន្ដដទៃ។
ដោយរៀបរាប់បទពិសោធបើកបរលើផ្លូវរលាក់រដិបរដុប និងផ្លូវរអិលទៅកាន់ខេត្ដព្រះវិហារ លោកបាននិយាយថា៖ «វាមានកម្លាំងខ្លាំងក្នុងការបើកឡើងផ្លូវចោតរអិល។ ជាក់ស្ដែងខ្ញុំបានបើកវាទៅប្រាសាទព្រះវិហារពីរលើក ដោយក្នុងចម្ងាយផ្លូវជាង ៥៣០ គីឡូម៉ែត្រ វាស៊ីប្រេងអស់ប្រមាណជា ៥០ លីត្រ»។ លោក វីណា បានអធិប្បាយប្រាប់ទៀតថា៖ «ស្ថានភាពផ្លូវកន្លែងខ្លះមានថ្ម និងកន្លែងខ្លះមានក្រាលកៅស៊ូ និងចំណោតខ្លាំង រថយន្តនេះនៅតែផ្ដល់ភាពងាយស្រួលក្នុងការបើកបរមិនឃ្លីងឃ្លោង ហើយផ្ដល់សុវត្ថិភាពគួរឲ្យទុកចិត្តបំផុត»។
យោងតាមសម្ដីរបស់លោក ឲ្យដឹងថា Subaru ក៏ទទួលពានរង្វាន់មួយចំនួនទៀតសម្រាប់ជាប្រភេទរថយន្ដល្អបំផុត ក្នុងការបើកបរលើផ្លូវលំបាក ហើយលោកសូមឲ្យអតិថិជនសាកល្បងដោយបើកបរលើសណ្ឋានដីខ្សាច់ រដិបរដុបនៅតំបន់ការដ្ឋានលើកោះពេជ្រ។ បើទោះជាបិទសំឡេងតន្ដ្រី និងម៉ាស៊ីនត្រជាក់ក្ដី ក៏រថយន្តនោះបោះពួយទៅមុខ លើផ្លូវពំនូកខ្សាច់នៅកោះពេជ្រយ៉ាងរលូនដោយមិនបញ្ចេញសំឡេងរ៉ូខ្លាំងនៃម៉ាស៊ីន។ អ្នកណែនាំផ្នែកសេវាកម្មរូបនេះ បានបន្ដថា៖ «បើទោះជាកង់មួយស្ថិតលើផ្លូវខ្សាច់ខណៈពេលដែលកង់ផ្សេងទៀតលើផ្លូវរលោងក៏ដោយ ក៏ Forester នឹងអាចបែងចែកថាមពលលើកង់ទាំង៤បានយ៉ាងល្អ។ ជួនកាលលោកអ្នក មិនទាំងដឹងខ្លួនថាកំពុងបើកបរលើសណ្ឋានផ្លូវបែបណាផង»។
Forester មានតម្លៃ៤៥ ០០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនចំណុះ២,០ លីត្រ និងតម្លៃ៥៣.០០០ដុល្លារសម្រាប់ប្រភេទម៉ាស៊ីនចំណុះ ២,៥លីត្រ។ ប៉ុន្ដែលោក វីណា មិនបានយល់ឃើញថាស៊ូបារូមានតម្លៃថ្លៃជាងរថយន្ដផ្សេងនោះទេ ដោយបានថ្លែងថា «តើថ្លៃជាងត្រង់ណា?» ខ្ញុំគិតថាប្រព័ន្ធសុវត្ថិភាព និងគុណភាពរបស់ស៊ូបារូ គឺវាស័ក្តិសមនឹងតម្លៃ។ ជាក់ស្តែងថា ចំពោះរថយន្ដ Forester ២,៥XT របស់ខ្ញុំ វាមានកម្លាំងម៉ាស៊ីន ២៣០Cហើយបើសិនជាលោកអ្នកប្រៀបធៀបតម្លៃរបស់រថយន្ដនេះទៅនឹងរថយន្ដផ្សេងៗទៀត ជាការពិតវាមានតម្លៃថោកជាង។
ចំពោះអ្នកដែលចូលចិត្ដរថយន្តប្រើដោយប្រព័ន្ធ symmatricy All-wheel drive ជាមួយនឹងបំពង់សឺម៉ាំងពីរព្រមទាំងមានវិទ្យុ Ipod និងទូរទស្សន៍DVD ឧបករណ៍បំពងសំឡេងចំនួន ៤ លម្អដោយភ្លើងជុំវិញ។
ចំពោះមូលហេតុនេះ លោកវីណា បានសម្រេចចិត្ដទិញស៊ូបារូបើទោះជាវាជាប្រភេទរថយន្ដស៊េរីសម្រាប់កម្ពុជាក៏ដោយ។ លោកក៏បានណែនាំដល់អតិថិជនផ្សេងទៀតថា៖ «យើងគួរតែជ្រើសរើសប្រភេទឡានដែលបំពាក់ដោយប្រព័ន្ធ All-wheel Drive ដូច ប្រភេទឡាន Subaru ដែលមានមុនគេនៅក្នុងទីផ្សារប្រទេសកម្ពុជា»។
ធ្វើជាកម្មសិទ្ធិរថយន្ដស៊េរីថ្មីនេះជាមួយនឹងការធានារ៉ាប់រងលើការបើកបររយៈពេល ៣ ឆ្នាំ ឬស្មើនឹងចម្ងាយផ្លូវ ៦០០០០ គីឡូម៉ែត្រ ហើយអតិថិជនអាចទទួលផលិតផលដ៏ល្អជាមួយនឹងស្ដង់ដារ Motor Image Academy ត្រូវបានផ្ដល់ជូនដោយឧស្សាហកម្មធុនធ្ងន់ហ៊្វូជី (FHI គឺជារោងចក្រផលិតរថយន្ដស៊ូបារូដែលមានមូលដ្ឋាននៅប្រទេសជប៉ុន) ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស៊ូបារុជាផ្លូវការសម្រាប់តំបន់ ដែលរួមទាំងនៅប្រទេសថៃ ឥណ្ឌូនេស៊ី ហុងកុង ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងចិន។ មជ្ឈមណ្ឌលស៊ូបារូ នៅក្នុងសង្កាត់ Toa Payoh គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដែលបច្ចុប្បន្នស្គាល់ជា Motor Image Subaru Academy Training Center និងមានបុគ្គលិកផ្នែកបច្ចេកទេសសេវាកម្មនិងទីផ្សាររបស់ស៊ូបារូ ទទួលបានការបណ្ដុះបណ្ដាលដែលស្របតាម «ស្ដង់ដារបណ្ដុះបណ្ដាលស៊ូបារូ» រៀបចំឡើងដោយ FHI៕HR
Monday, September 19, 2011
ស្វែងយល់ពី Cydia Source ទាំង 10 ជាប្រភពកម្មវិធីពិសេសបំផុតក្នុងឆ្នាំ 2011
យើងដឹងហើយថាiOS គឺជាប្រព័ន្ធប្រតិបត្តិការមួយដែលដំណើរការលើ iDevices (iPhone, ipod Touch & iPad) និងសំបូរទៅដោយកម្មវិធីហ្គេមនិងTheme ដ៏ច្រើនសន្ធឹកសន្ធាប់ជាពិសេសមានកម្មវិធី ប្លែកៗ ដែលអាចបន្ថែមសមត្ថភាពមុខងារនិងផ្លាស់ប្តូរ ទំរង់នៃការប្រើប្រាស់លើiDevices បានយ៉ាង សំបូរបែប។ដោយឡែក អ្នកប្រើប្រាស់ភាគច្រើន តែងនិយមស្វែងរកនិងទាញយកកម្មវិធីទាំងនោះ តាមគេហទំព័រផ្សេងៗ ដែលស្គាល់ដើម្បីយកមកដំឡើងលើ iDevices របស់ខ្លួន។ ប៉ុន្តែកម្មវិធីលើ គេហទំព័រទាំងនោះសំបូរតែកម្មវិធីហ្គេមនិង Theme ធម្មតាៗ ប៉ុណ្ណោះហើយកម្រ នឹងមានកម្មវិធី ពិសេសៗ ហ្គេមប្លែកៗឬTheme ស្អាតៗណាស់។ម្យ៉ាងទៀតពួកគេប្រហែលមិនដឹងថា នៅមានកម្មវិធី Cydia មួយទៀតដែលជាប្រភពកម្មវិធីដ៏សំខាន់ ហើយងាយស្រួលក្នុងការ ដោនឡដមកប្រើប្រាស់ នោះទេ។ ខាងក្រោមនេះក្រុមការងារទស្សនាវដ្តីទូរស័ព្ទសូមណែនាំពីប្រភពកម្មវិធីឬCydia Source ចំនួន10 ដែលផ្តល់នូវកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់មកបង្ហាញជូនមិត្តអ្នកអានជ្រៀបដូចតទៅ៖
ស្វែងយល់ពីកម្មវិធីCydia និងCydia Source
តើកម្មវិធីCydia ជាអ្វី?
Cydia គឺជាកម្មវិធីមួយសំរាប់ដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS ដែលអាចឲ្យអ្នកប្រើប្រាស់ ស្វែងរកនិងដោនឡូនកញ្ចប់កម្មវិធីដែលក្នុងនោះរួមមាន កម្មវិធីហ្គេមកម្មវិធីសំរាប់បន្ថែមមុខងារឲ្យ ប្រព័ន្ធប្រត្តិបត្តិការ កម្មវិធីផ្លាស់ប្តូរទំរង់នៃការប្រើប្រាស់Theme និងសម្លេងរោរិ៍ជាដើម។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការលើiDevices ដែលបានJailbreak រួចរាល់ហើយ។Cydia ក៏ជាឧបករណ៍ មួយសំរាប់ធ្វើការបង្កើតនិងជាប្រព័ន្ធគ្រប់គ្រងកញ្ចប់ កម្មវិធីដ៏ទំនើបមួយផងដែរ ដូច្នេះអ្វីដែលមាន ក្នុងនោះគឺត្រូវ បានបង្កើតដោយប្រព័ន្ធវិមជ្ឍការឬក្រុមអ្នកអភិវឌ្ឍន៍ របស់ក្រុមហ៊ុននីមួយៗ ដែលជា អ្នករៀបចំប្រមូលផ្តុំកញ្ចប់កម្មវិធីសំរាប់ឲ្យអ្នកប្រើប្រាស់ ធ្វើការដោនឡដ។ ម្យ៉ាងទៀតកញ្ចប់កម្មវិធី ទាំងនោះភាគច្រើនបំផុតអាចដោនឡដបាន ដោយឥតគិតថ្លៃនិងមួយចំនួនទៀតត្រូវទិញតាម Cydia Storeស្រដៀងនឹងApp Store អញ្ចឹងដែរ។ចំពោះកញ្ចប់កម្មវិធីដែលមានក្នុង Cydia គឺបានបែងចែកនិង បញ្ចាក់យ៉ាងច្បាស់តំរូវតាមជំនាន់ Firmware ដែលវាគាំទ្រនិងមានលក្ខណៈពិសេសៗ អាចឲ្យអ្នក ប្រើប្រាស់បន្ថែមមុខងារនិងបង្កើនសមត្ថភាពដ៏អស្ចារ្យ លើសពីអ្វីដែលមានស្រាប់ក្នុងប្រព័ន្ធដំណើរការ ទៀតផង។ ដោយឡែកកម្មវិធីភាគច្រើនក្នុងនោះលោកអ្នកមិនអាចរកឬដំឡើងបានក្រៅពីក្នុងCydia នេះឡើយ។
តើអ្វីទៅជាCydia Source?
Cydia Source គឺជាប្រភពប្រមូលផ្តុំនូវកម្មវិធីនិងកញ្ចប់កម្មវិធី សំរាប់ឲ្យអ្នកប្រើប្រាស់ ទាញយក ទៅដំឡើងលើ iDevices ហើយដើម្បីទទួលបានកម្មវិធីដែលមានក្នុងSource នោះចាំបាច់ត្រូវបន្ថែម ឈ្មោះអាសយដ្ឋានរបស់វាតាមកម្មវិធីCydia។
បញ្ចាក់ៈដើម្បីបន្ថែមអាសយដ្ឋានCydia Source នីមួយៗលោកអ្នកត្រូវបើកដំណើរការកម្មវិធីCydia នៅលើHome Screen របស់ iDevices បន្ទាប់មកសូមចុចលើManage រួចចុចលើSource បន្ទាប់មក ទៀតសូមចុចលើប៊ូតុងEdit រួចចុចលើAdd ដើម្បីវាយបញ្ចូលឈ្មោះអាសយដ្ឋានដែលលោកអ្នក ស្គាល់។
កម្មវិធីCydia Source ទាំង10 ដែលពិសេសបំផុត
1 iPhone Khmer (Address: http://iphonekhmer.com)
iPhoneKhmer គឺជាស្នាដៃដ៏វិសេសវិសាលមួយរបស់ក្រុមអ្នក អភិវឌ្ឍន៍កម្មវិធីជនជាតិខ្មែរ ដែលមាន បំណងចែករំលែកចំណេះដឹង ក្នុងការប្រើប្រាស់ភាសាខ្មែរ ឲ្យកាន់តែទូលំទូលាយ លើទូរស័ព្ទចល័ត។ វាបានប្រមូលផ្តុំនូវ Software ភាសាខ្មែរជាច្រើនសំរាប់ដាក់ឲ្យដោនឡដ ដោយសេរីនិងកំពុងអភិវឌ្ឍន៍ ជាបន្តបន្ទាប់តំរូវតាមជំនាន់ Firmware ចេញថ្មីរបស់iOS។ តាមរយៈកញ្ចប់កម្មវិធីក្នុង Source នេះ iDevice របស់លោកអ្នកនឹងអាចបើកមើលគេហទំព័រជាភាសាខ្មែរផ្លាស់ប្តូរកម្មវិធីទៅជាភាសាខ្មែរ វាយបញ្ចូលអត្ថបទឬកត់ត្រាអ្វីផ្សេងៗជាភាសារខ្មែរតាមក្តារចុចKhmerUnicode។ លើសពីនេះ លោកអ្នកក៏អាចដោនឡដកម្មវិធីវចនានុក្រមអង់គ្លេស-ខ្មែរ-ខ្មែរក្តារចុចជាភាសាថៃនិងឡាវបាន ទៀតផង៕
2 SiNfuL iPhone Repo (Address: http://sinfuliphonerepo.com)
Sinful iPhone Repo គឺជាCydia Source ដ៏ពេញនិយមបំផុតក្នុងចំណោមSource ដទៃទាំងអត្ថប្រយោជន៍និងចំនួនកម្មវិធី។ វាបានប្រមូលផ្តុំនូវកញ្ចប់កម្មវិធីនិងកម្មវិធីពិសេសជាច្រើន ដែលអ្នកប្រើប្រាស់ត្រូវការចាំបាច់បំផុតដូចជាៈAndroidLock, Install0us, iRealSMS, MyWi, Multifl0w, YourTube, AppIconReOrder, AutoSilent, BiteSMS, AppSyn និងiFileជាដើម។ ម្យ៉ាងទៀត កម្មវិធី ទាំងនោះសុទ្ធតែត្រូវបានCrack រួចជាស្រេចសំរាប់ដាក់ឲ្យដោនឡដដោយសេរីទៀតផង។
កម្មវិធីសំខាន់ៗ:AndroidLock, FaceBreak, Infinidock, Install0us, iRealSMS, MyWi, Multifl0w, YourTube, AppIconReOrder, Attachment Saver, AutoSilent, BiteSMS, Chronus, Full Preview, HapticPro, iBlacklist, iBlueNova, iFile, GameBoy និងNES emulator។
3 xSellize Repo (Address: http://cydia.xsellize.com)
xSellize គឺជា Cydia Source ដ៏ល្អបំផុតមួយសំរាប់អ្នកដែលនិយមលេង កំសាន្តហ្គេមដែល អាចដំណើរ ការដោយកម្មវិធី Emulator (កម្មវិធីសំរាប់លេងហ្គេមប្រភេទប្រណាំងប្រជែង)។ ក្រោយពីបានបន្ថែម ឈ្មោះអាសយដ្ឋាន Source នេះរួចរាល់ហើយលោកអ្នកនឹងឃើញ បញ្ជីរាយឈ្មោះកម្មវិធីនិងហ្គេម ដ៏ច្រើនសន្ធឹកសន្ធាប់តាំងពីតួអក្សរA ដល់Z ដែលក្នុងនោះប្រជុំទៅដោយហ្គេមប្រភេទGame Boy, Nintendo 64 និងNES Emulator ជាដើម។ក្នុងនោះឈ្មោះមួយចំនួនជាកញ្ចប់ហ្គេមមាន50 ទៅ60 ហ្គេមដែលលោកអ្នកអាចលេងលើកម្មវិធី Emulator នេះបាន។ មិនតែប៉ុណ្ណោះវាក៏រៀបចំនូវ Theme ប្រភេទHD សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទiPhone & iPod Touch ដោនឡដដោយសេរីផងដែរ។
កម្មវិធីសំខាន់ៗ: CategoriesSB, CLASSified HD, Crimson HD, Cycorder, Cyntact, Element Mod, Elite PRO HD, ROMs និងemulators។
4 Insanelyi Repo (Address: http://repo.insanelyi.com)
ចំណែកឯInsanelyi Repo នេះវិញគឺប្រជុំទៅដោយកញ្ចប់កម្មវិធីថ្មីៗ ដែលអាចឲ្យអ្នកប្រើប្រាស់ ធ្វើការ ផ្លាស់ប្តូរសោភ័ណភាពលើអេក្រង់ទូរស័ព្ទiPhone 4 & iPod Touch 4G របស់ខ្លួនឲ្យមានភាពទាក់ទាញ ជាងមុន។លើសពីនេះវានៅមានកម្មវិធីគន្លឹះ សំរាប់ដោះស្រាយបញ្ហា មួយចំនួននិងកម្មវិធី បន្ថែម មុខងារដល់ iDevices ដែលកំពុងដំណើរការដោយiOS4 ឬខ្ពស់ជាងនេះផងដែរ។ Insanelyi ក៏បាន បញ្ចូលនូវកម្មវិធីដែលបានCrack ខ្លះៗផងដែរប៉ុន្តែវាគឺជាCydia Source ដ៏ប្រសើរមួយសំរាប់អ្នកដែល និយមប្តូរផ្ទៃអេក្រង់តាមរយៈTheme ប៉ុណ្ណោះ។
កម្មវិធីសំខាន់ៗ: Adelis HD, AndroidLock XT, AnyRing, App Switcher (Brightness, volume និងrotator), AppSync សំរាប់3.1/3.2/4.0/4.1/4.2, AttachmentSaver, Auto3G និងBarrel។
5 iHacks Repo (Address: http://ihacksrepo.com)
iHacks Repo ក៏ជាCydia Source ដែលល្អបំផុតមួយសំរាប់អ្នកប្រើប្រាស់ទូរស័់ព្ទiPhone 4 និងiPod Touch 4G ផងដែរ។ វាបានប្រមូលផ្តុំស្ទើរតែទាំងស្រុងនូវកម្មវិធីពិសេសៗ ដែលលោកអ្នកបាន ឃើញក្នុង xSellize និងSiNfuL iPhone repo។ iHacks Repo ក៏បានប្រមែប្រមូលGame ROMS, Game emulators,HD Theme និងកម្មវិធីថ្មីៗដ៏ច្រើនសន្ធឹកសន្ធាប់សំរាប់លោកអ្នក យកទៅ ប្រើប្រាស់លើ iDevices ដំណើរការលើOS4 ដែលបានjailbreak រួចហើយ។
កម្មវិធីសំខាន់ៗ: FolderEnhancer, FoldersInFolders, FreeSync, FullScreen សំរាប់Safari, Gingerbread HD, GPower Pro, Graviboard, GridTab សំរាប់Safari, Infiniboard, Infinidock, Inifinifolders, Instant Mirror, Auto3G, Frash, FaceBreak, iClassic, iFile និងYourTube HD។
6 Hack Your iPhone Repo (Address: http://repo.hackyouriphone.org)
នេះជាCydia Source ថ្មីមួយទៀតដែលបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី ជនជាតិអ៊ីតតាលី។ វាប្រជុំទៅដោយ Theme ប្លែកៗ, រូបភាពចលនានៅពេលlockscreen រួមជាមួយកម្មវិធី បន្ថែមមុខងារ ពិសេសជាច្រើនទៀតសំរាប់ប្រើលើទូរស័ព្ទiPhone iPod Touch & iPad។ HackYouriPhone ក៏សំបូរ ទៅដោយរូបភាពចលនាពេលlockscreen និង Theme HD ជាច្រើនទំរង់ផងដែរសំរាប់អ្នកប្រើប្រាស់ iPhone 4 និង iPod Touch 4G អាចដោនឡដដោយសេរី។
កម្មវិធីសំខាន់ៗ: AndroidLock, App Switcher Brightness, AppSync, Auto Shutdown, Auto Silent, Backgrounder, Black'UPS Darkness HD, 3G Unrestrictor, CallClear, CallLock, CameraButtons, iFake, iSHSHit និងLockInfo plugins។
7 Bite Your Apple Repo (Address: http://repo.biteyourapple.net)
នេះជាCydia Source ផ្តល់នូវប្រភពកម្មវិធីដ៏ធំមួយទៀតដែលភ្ជាប់មកជាមួយកម្មវិធី ផ្លាស់ប្តូរ ទំរង់នៃការប្រើប្រាស់កម្មវិធីTheme និងRingtones ជាច្រើនតំរូវលើiDevices ទាំងអស់។ម្យ៉ាងទៀត ប្រសិនបើលោកអ្នកចង់បន្ថែមអាសយដ្ឋាន http://cydia.hackulo.us នោះលោកអ្នកអាចបន្ថែម អាសយដ្ឋាន Source (http://repo.biteyourapple.net) នេះជំនួសបានព្រោះកញ្ចប់កម្មវិធីដែលមានក្នុង Sourcehackulo ក៏មានក្នុងSource នេះផងដែរ។
កម្មវិធីសំខាន់ៗ: Wifi Sync, Folder Enhancer, Frash Toggle, zToggle, Full Screen សំរាប់Safari, Gridlock, Home Page ក្នុងSafari, GroupSMS, Insomnia Pro និងInspell app។
8 iPhone Cake Repo (Address: http://cydia.iphonecake.com)
រីឯ Cydia Source នេះវិញមានកញ្ចប់កម្មវិធីតែបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែកម្មវិធីទាំងនោះ សុទ្ធតែមាន ប្រយោជន៍មិនអាចខ្វះបាននោះគឺកម្មវិធីAppSyn ដែលអាចឲ្យលោកអ្នកដំឡើងកម្មវិធីដែលបានCrack ហើយលើiDevices និងកម្មវិធីAppCake+។ ចំពោះAppCake+ នេះមានលក្ខណៈដូចកម្មវិធី Installous ដែរតែពិសេសត្រង់ថាវាមិនត្រឹមតែអាចឲ្យលោកអ្នកដោនឡដដោយឥតគិតថ្លៃនូវកម្មវិធីដែលមានដាក់លក់ក្នុងAppStore ប៉ុណ្ណោះទេហើយថែមទាំងអាចឲ្យលោកអ្នកចូលទៅដោនឡដកម្មវិធី Crack ដែលមានក្នុងCydia ក្នុងពេលដំណាលគ្នាផងដែរ។ លើសពីនេះ iPhoneCake ក៏មានគេហទំព័រផ្ទាល់ខ្លួនមួយដែលអនុញ្ញាត្ត ឲ្យអ្នកប្រើប្រាស់ចូលទៅដោនឡដកម្មវិធីមិនគិតថ្លៃ និងគិតថ្លៃដែលមានក្នុង AppStore ដោយសេរី តាម ម៉ាស៊ីនកុំព្យូទ័របានទៀតផង។
9 Your Cydia Repo (Address: http://yourcydiarepo.org)
លោកអ្នកប្រាកដជាពិបាកក្នុងការស្វែងរកកម្មវិធីThemes ឬRingtones ក្នុងCydia Source នេះណាស់ប៉ុន្តែវាប្រជុំទៅដោយកម្មវិធី សំរាប់បន្ថែមមុខងារនិងផ្លាស់ប្តូរទំរង់ នៃការប្រើប្រាស់ ពិសេសជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់។ គ្មានឡើយកម្មវិធី Crack ក្នុង Cydia Source នេះប៉ុន្តែលោកអ្នកក៏អាចដោនឡដកម្មវិធី ទាំងនោះបានដោយសេរី និងអាចប្រើប្រាស់បាន ពេញលេញ ផងដែរព្រោះកម្មវិធីទាំងនោះត្រូវបានគេhack រួចរាល់ហើយ។
កម្មវិធីសំខាន់ៗ: PwnTunes, MobileTerminal, SBRotator, biteSMS, Infiniboard, Infinidock, iSilent។
10 p0dulo Repo (Address: http://p0dulo.com)
សំរាប់Cydia Source ចុងក្រោយនេះអ្នកប្រើប្រាស់ភាគច្រើនប្រាកដ ជាមិនធ្លាប់ឮឈ្មោះទេ ប៉ុន្តែវាជាប្រភពកម្មវិធីដ៏សំខាន់មួយ ដែលអាចផ្តល់នូវកញ្ចប់កម្មវិធី ជាច្រើនសំរាប់បំពេញ តំរូវការក្នុង iDevices របស់លោកអ្នក។ ក្នុងនោះលោកអ្នកនឹងឃើញនូវកម្មវិធីប្លែងៗ ជាច្រើនខុសពី Cydia Sourceដទៃខាងលើទាំង Theme, Ringtones, កម្មវិធីផ្លាស់ប្តូរទំរង់ប្រើប្រាស់និងហ្គេមជាដើម។
កម្មវិធីសំខាន់ៗ: Infinidock, Infiniboard។
សែ្ចងយល់ពីលក្ខណះពិសេសៗ ទាំង 10 របស់ប្រព័ន្ធប្រតិបតិ្ត iOS 5
ការប្រកួតប្រជែង បង្អួតសមត្ថភាពនៃប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទ និងឧបករណ៍ Tablet ពិតជាមាន សកម្មភាពយ៉ាងខ្លាំងនាសម័យបច្ចុប្បន្ន ដោយក្រុមហ៊ុនមួយចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយ ក្រុមហ៊ុនមួយទៀតក៏ចេញថ្មីមួយទៀតដែរ ជាក់ស្តែងការប្រជែងគ្នា រវាងក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធ ប្រតិបត្តិការ Android និង Apple ដែលបង្កើតប្រព័ន្ធប្រតិបត្តិការ iOS ជាដើម។ យោងតាមការវិភាគមួយ ចំនួនបានទស្សទាយថា នៅប៉ុន្មានឆ្នាំខាងមុខ ប្រព័ន្ធប្រតិបត្តិការ Android នឹងអាចទទួលបានការ គាំទ្រច្រើនជាងប្រព័ន្ធប្រតិបត្តិការ iOS។ ហេតុដូចនេះ ដើម្បីបង្កើនចំនួន អ្នកគាំទ្រ និងបន្ត យកព្រៀបលើគូប្រជែង ក្រុមហ៊ុន Apple បានធ្វើទំនើបកម្មលើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយហៅថា iOS 5 ដោយក្នុងនោះ ក្រុមអ្នកអភិវឌ្ឍន៍របស់ Apple បានដោះស្រាយនូវគុណវិបត្តិដែលមានក្នុង iOS មុន និងបន្ថែមនូវមុខងារថ្មីៗជាច្រើនទៀតរហូតដល់ជាង 200 មុខងារខុសៗគ្នា។ ដោយឡែក ក្នុងចំណោមមុខងារថ្មីៗទាំងនោះរួមមាន មុខងារប្រកដដោយលក្ខណៈពិសេសជាងគេចំនួន 10 ដែលក្រុមហ៊ុន Apple បានលើកមកបង្ហាញ។ ហើយខាងក្រោមនេះ ទស្សនាវដ្តី ទូរស័ព្ទ សូមលើកយក ពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសៗទាំង 10 នោះមកបង្ហាញជូនលោកអ្នកជ្រាបដូចខាងក្រោមៈ
01. Notifications
លក្ខណៈពិសេសចំបងដំបូងគេដែលបញ្ចូលក្នុង iOS 5 គឺការបន្ថែមនូវមុខងារ Notification ដោយ ក្រុមហ៊ុន Apple បានបង្កើតវាឡើងបំណងកែតំរូវគុណវិបត្តិដ៏ធំមួយដែលមានការរិះគន់ជារើយៗ ពី សំណាក់អ្នកប្រើប្រាស់ក្នុង iOS មុន។ Notification បានលុបបំបាត់នូវគុណវិបត្តិ Annoying pop ups គឺពេលដែលអ្នកប្រើប្រាស់កំពុងលេងហ្គេម ឬលេង chat ជាមួយនរណាម្នាក់ ចំពេលមានដំណើរការ អ្វីចូលមកនោះ វានឹងផ្តាច់ ឬចាកចេញពីកម្មវិធីនោះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់មានការធ្នើស ចិត្តជា ខ្លាំង។ ដោយសារ តែបញ្ហានេះ ក្រុមហ៊ុន Apple បានកែសំរួលវា ដោយបង្កើតកម្មវិធីថ្មីមួយឲ្យឈ្មោះថា Notification Center។ វាមាន មុខងារសំរាប់បង្ហាញចេញនូវសញ្ញាប្រាប់ដំណឹងចល័តមួយ នៅពេល ដែលមានដំណើរការអ្វីមួយកើតឡើងដូចជា មាន សារផ្ញើចូល មានការហៅចូល ឬមានដំណើរការ អ្វីទៀត កើតឡើង គឺវានឹងបង្ហាញជាផ្ទាំងសារមួយឡើង បើទោះជា កំពុងលេងហ្គេម ឬលេង Chat ក៏វាមិនផ្តាច់កម្មវិធីហ្គេម ឬ Chat នោះដែរ។ Notification ក៏ជាកម្មវិធី Widgets តូច មួយ សំរាប់បង្ហាញព័ត៌មានភ្លាមៗ ចេញពីកម្មវិធីណាមួយ ដូចជាកម្មវិធី Wealther និងកម្មវិធីដទៃទៀតផង ដែរ។ ម្យ៉ាងទៀត នៅលើមុខងារ Lock Screen ក៏ត្រូវបានកែប្រែផងដែរ ព្រោះមានការងារជាច្រើនមិន អាចធ្វើទៅដោយមិនបានដោះសោរជាមុនឡើយ។ ការកែប្រែនោះ គឺពេលដែលលោកអ្នកយក ម្រាមដៃអូសដើម្បីដោះសោរ វានឹងបើកដោយស្វ័យប្រវត្តិនូវកម្មវិធីដែលបានបង្ហាញ ឬកំពុងមាន នៅលើ Notification នោះ។ លក្ខណៈនេះ ពិតជាមានគុណសម្បត្តិ និងអត្ថប្រយោជន៍យ៉ាង ខ្លាំងសំរាប់ អ្នកប្រើប្រាស់៕
02. Newsstand
បន្ទាប់ពីលក្ខណៈពិសេសរបស់ Notification ក្រុមហ៊ុន Apple បានបន្ថែមនូវកម្មវិធី Newsstand ភ្ជាប់ មកជាមួយ iOS 5 នេះផងដែរ។ វាមានទំរង់ប្រហាក់ប្រហែលនឹងកម្មវិធី iBooks ដែរ ប៉ុន្តែ Newsstand នេះគឺប្រមូលផ្តុំតែសៀវភៅ កាសែត និងទស្សនាវដ្តីដែលចេញផ្សាយប្រចាំខែ ឬប្រចាំ ឆ្នាំប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកអ្នកក៏អាចចូលទៅស្វែងរកសៀវភៅទស្សនាវដ្តី និងកាសែតបន្ថែមទៀតនៅក្នុងហាង លក់សៀវភៅដែលមានក្នុង Apple Store បានយ៉ាងងាយស្រួល ទៀតផង។
03. Twitter
នេះជាចំនុចមួយទៀតដែល iOS 5 បានភ្ជាប់មកជា មួយសំរាប់បន្ថែមនូវភាពងាយស្រួល ដល់ លោកអ្នកក្នុងការភ្ជាប់ទំនាក់ទំនងបណ្តាញសង្គមតាមរយៈកម្មវិធី Twitter។ ភាពងាយស្រួលនោះ ឧទាហរណ៍ដូចជាក្នុងកម្មវិធីកាមេរ៉ា អ្នកប្រើប្រាស់អាចបង្ហោះរូបភាពដោយផ្ទាល់ដាក់លើកម្មវិធី Twitter តែម្តង។ លើសពីនេះ ជាមួយកម្មវិធី YouTube, Safari ឬសូម្បីតែកម្មវិធី Maps អ្នកប្រើ ប្រាស់ក៏អាចចែក រំលែកវីដេអូ អាសយដ្ឋានតភ្ជាប់ ឬទីតាំងក្នុងផែនទីទៅកាន់ អ្នកគ្រប់គ្នាដោយផ្ទាល់ ដាក់លើកម្មវិធី Twitter ផងដែរ។ ម្យ៉ាងទៀត វាក៏អាចទាញយកអាសយដ្ឋានដែលមានក្នុង កម្មវិធី Twitter ភ្ជាប់ជាមួយកម្មវិធី Contact របស់លោក អ្នកបានទៀតផង៕
04. Safari
ចំណែកឯកម្មវិធី Safari វិញ បានបន្ថែមនូវមុខងារថ្មីៗ ដូចជាមុខងារ Reader អនុញ្ញាតឲ្យអ្នក ប្រើប្រាស់ផ្លាស់ប្តូរ ទំរង់នៃការបើកមើលគេហទំព័រជា Fullscreen ដែលអាច ដកចេញនូវផ្ទាំង ផ្សាយពាណិជ្ជកម្មផ្សេងៗជំនួយដល់ការបើកមើលអត្ថបទកាន់តែប្រសើរជាងមុន។ វាអាចបង្កើតជា Reading List ដែលអាចឲ្យលោកអ្នករក្សាទុកគេហទ័រសំរាប់បើកមើលពេល Offline និងអាចធ្វើការ Syncronize ជាមួយ ឧបករណ៍ iOS ដទៃទៀតតាមរយៈ iCloud ផងដែរ។ ម្យា៉ងទៀត ក៏បាន បន្ថែម នូវ tabs សំរួលក្នុងពេលបើក គេហទំព័រច្រើន ដោយវានឹងបង្ហាញបន្ទាត់មួយនៅខាង ក្រោមប្រអប់ អាសយដ្ឋានគេហទំព័រ ដែលអាចឲ្យលោកអ្នកផ្លាស់ប្តូរពីគេហទំព័រមួយទៅមួយទៀតបានយ៉ាងរហ័ស និងងាយគ្រប់គ្រងគេហទំព័រដែលកំពុងបើកទៀតផង៕
05. Reminders
ចំពោះកម្មវិធី Reminders ថ្មីនេះ បានរៀបចំនូវផ្ទាំងកម្មវិធីយ៉ាងសាមញ្ញ ផ្តល់ភាពងាយស្រួលក្នុងការ កត់ត្រាអ្វីដែលត្រូវធ្វើប្រចាំថ្ងៃក្នុង to-do list ព្រមទាំងអាចធ្វើការ Syncronize កំណត់ត្រានោះ ជាមួយឧបករណ៍ដែល ដំណើរការ iOS 5 ដទៃទៀត និងម៉ាស៊ីន Mac OS X ឬ Notebook ផងដែរ។ ម្យ៉ាងទៀត អ្វីដែលអស្ចារ្យសំរាប់ Reminders នេះគឺមុខងារសំគាល់ទីតាំង ឧបមាថា លោក អ្នកកត់ត្រាក្នុង to-do list ថានឹងត្រូវទិញទឹកដោះគោ ហើយ បន្ទាប់មកភ្លេច ពេលដែលលោកអ្នកឆ្លង កាត់ផ្សារលក់ អាហារ នោះ វានឹងប្រាប់ថា អ្នកត្រូវទិញទឹកដោះគោជាមិនខាន៕
06. Camera & Photos
រីឯការប្រើប្រាស់កាមេរ៉ាវិញ បានបន្ថែមនូវលក្ខណៈ ពិសេស 2 យ៉ាងដែល iOS មិនធ្លាប់មានពីមុនមក។ លក្ខណៈពិសេសទី 1 ផ្តោតលើការប្រើប្រាស់ Shortcut នៅពេលទូរស័ព្ទកំពុងចាក់សោរ (Lock Screen)គឺលោក អ្នកអាចប្រើ Camera ដោយមិនចាំបាច់ដោះសោរឡើយ។ ចំណែកលក្ខណៈ ពិសេសទី 2 វិញ គេបានបន្ថែមនូវភាព ងាយស្រួលដល់អ្នកប្រើប្រាស់ ដោយអាចប្រើប៊ូតុង Volu me ជំនួសប៊ូតុងថត (Shutter) គឺគ្រាន់តែចុចលើប៊ូតុង Volume ប៉ុណ្ណោះ ពេលចង់ថតរូបម្តងៗ។ ម្យ៉ាងទៀត ក្នុងកម្មវិធី កាមេរ៉ាថ្មីនេះ បានបញ្ចូលនូវមុខងារមូលដ្ឋានសំរាប់កែច្នៃរូបភាពផងដែរ។ មុខងារមូលដ្ឋាន នោះរួមមាន រចនារូបភាព បង្កើតស្រមោល បន្ថែមគំនូស និងកែតំរូវព៌ណដោយស្វ័យប្រវត្តិជាដើម។ វាក៏បានបន្ថែមមុខងារ Red Eye Reduction និងតំរឹមគែមរូបភាពផងដែរ៕
07. Mail
iOS 5 បានបង្កើតឲ្យមានជំរើសកាន់តែប្រសើរជាង មុន គឺលោកអ្នកអាចផ្លាស់ប្តូរក្នុងការសរសេរសារ ដោយអាច កំណត់អក្សរក្រាស់ អក្សរទ្រេត ឬមានបន្ទាត់ខាងក្រោមជា ដើម។ វាក៏អនុញ្ញាតឲ្យ ទាញដាក់បញ្ចូលអាសយដ្ឋាន e-mail ទៅក្នុងប្រអប់ cc និង bcc ផ្ទាល់ផងដែរ។ ម្យ៉ាងទៀត វា ផ្តល់វិធីងាយៗក្នុងការបង្កើត ឬលុប Mailbox ដោយគ្រាន់តែប្រើម្រាមដៃអូសលើ mail នោះប៉ុណ្ណោះ។ លើសពីនេះ ជាមួយកម្មវិធី iCloud លោកអ្នកអាចថែរក្សារាល់ account mail ទាំងអស់លើ Server iCloud បានយ៉ាងងាយដោយ ការធ្វើ Syncronize ជាមួយ Server iCloud នោះ៕
08. No PC required
នេះជាលក្ខណៈពិសេសដ៏មានសារសំខាន់បំផុតមួយក្នុងចំណោមលក្ខណៈពិសេសដទៃទៀត គឺលោក អ្នកមិនចាំបាច់ត្រូវការកម្មវិធី iTune និងម៉ាស៊ីនកុំព្យូទ័រដើម្បីប្រើប្រាស់ជាមួយទូរស័ព្ទ iPhone, iPod Touch ឬ iPad ទៀតឡើយ ហើយវាក៏ជាចំណុចខ្លាំងមួយដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធប្រតិបត្តិការ Android និង Windows Phone 7 ផងដែរ។ លោកអ្នកអាចដំឡើង iDevice ថ្មីរបស់ខ្លួនកាន់តែងាយ ស្រួលជាមួយការបើក Gadget ថ្មី និងការដាក់បង្ហាញរូប ភាពនៅលើ Welcome Screen។ ចំពោះការ Update Software វិញ គឺអាចប្រព្រឹត្តបានដោយផ្ទាល់លើទូរស័ព្ទតែ ម្តង។ ម្យ៉ាងទៀត ក្នុងកម្មវិធីទាំងអស់លោកអ្នកអាចធ្វើការផ្លាស់ប្តូរ ឬកែប្រែបានដោយសេរី ឧទាហរណ៍ដូចជាលោក អ្នកមិនចាំបាច់ប្រើកម្មវិធី iCal ឬកម្មវិធីលើកុំព្យូទ័រដទៃទៀតដើម្បីបង្កើត Calendar ឡើយ។ ដូច្នេះ គ្មានទៀតឡើយកុំព្យូទ័រ Desktop ឬ Laptop សំរាប់ធ្វើការជាមួយ iDevice របស់លោកអ្នក៕
09. Game Center
លោកអ្នកពិតជាទទួលស្គាល់ថា iOS ប្រជុំដោយហ្គេម ដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមប្រព័ន្ធ ប្រតិបត្តិការផ្សេងទៀត ក្នុងនោះ iOS5 ក៏បានបន្ថែមលក្ខណៈពិសេសជាច្រើនដល់កម្មវិធី Game Center ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់កាន់តែរីករាយជាមួយការលេងហ្គេមតទល់គ្នាលើ Online។ លក្ខណៈពិសេសថ្មីៗទាំងនោះមានដូចជា ការដាក់បង្ហាញ រូបភាពរបស់អ្នកលេង ចាប់ដៃគូគ្នាលេង ដោយការឆ្លើយ ឆ្លងសារខ្លីៗ ស្វែងរកហ្គេមថ្មីដោយមិនចាំបាច់ចាកចេញពី Game Center និងអាចប៉ាន់ប្រមាណកំលាំងភាគីលេង ម្ខាងទៀតតាមពិន្ទុសរុបរបស់គេជាដើម៕
10. iMessage
ចំណែកឯលក្ខណៈពិសេសចុងក្រោយនេះ ផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ឧបករណ៍ដែលដំណើរការ ដោយ iOS 5 ទាំងអស់អាចបង្កើតជាសេវាកម្មផ្ញើសារថ្មីមួយឲ្យឈ្មោះថា iMessage។ វាអនុញ្ញាតឲ្យ លោកអ្នកផ្ញើសារជា អក្សរដោយឥតកំណត់តាមរយៈប្រព័ន្ធ Wi-Fi ឬ 3G ពី ទូរស័ព្ទ iPhone, ipod Touch ឬ iPad ទៅកាន់មួយ ក្នុងចំណោម ឧបករណ៍ទាំងនេះ។ ម្យ៉ាងទៀត iMessage បានរួមបញ្ជូល ជាមួយកម្មវិធី Message ដូច្នេះ លោកអ្នក អាចផ្ញើឯកសារ រូបភាព វីដេអូ ទីតាំងតំបន់ និង Contacts ឲ្យគ្នាទៅវិញទៅមកបាន៕
Sunday, September 18, 2011
Acer ដាក់បង្ហាញ Ultrabook លើកដំបូង
ដោយ Sanal
ក្រុមហ៊ុន Acer ទើបតែបានបង្ហាញកុំព្យូទ័រម៉ូដែលថ្មីរបស់ខ្លួន Ultrabook នៅ IFA ក្នុងទីក្រុងប៊ែកឡាំង។ ក្រុមហ៊ុននេះបានអះអាងថាខ្លួនបានដាក់បញ្ចូលគ្នានូវលក្ខណៈពិសេសចូលទៅ Aspire S3 តែម្តង។
បច្ចេកវិទ្យាថ្មីរបស់គេមានឈ្មោះថា Acer Green Instant On ធ្វើឱ្យថ្មីប្រើបានយូរ និង បច្ចេកវិទ្យា Acer Instant Connect ធ្វើឱ្យការប្រើអ៊ីនធឺណិតបានលឿនជាងមុន។ កុំព្យូទ័រនេះមានកំរាស់ស្តើង ស្រាល និងមានការរចនាស្អាតមែនទែបើប្រៀបធៀបទៅនឹងស៊េរីមុនៗរបស់ Acer។ គេនឹងចាប់ផ្តើមចេញលក់វាជាដំបូងនៅតាមប្រទេសមួយចំនួននាខែកញ្ញានេះ។
លក្ខណៈទូទៅនិងពិសេសរបស់វាមាន៖
- មានកំរាស់ 1.3 សង់ទីម៉ែត្រ
- ទំងន់ 1.4 គីឡូក្រាម
- មានអេក្រង់ HD LED
- សំបកធ្វើពីអាលុយមីញ៉ូម
- Intel Core i3/ i5/i7
- SSD 240GB ឬ HDD 320/500GB
- HDMI
- 2-in-1 card reader (SD Card & MMC formats)
- Acer Crystal Eye 1.3 មេហ្គាភីចសែល
- Bluetooth 4.0+ HSR
- Wi-Fi
របៀបធ្វើឱ្យ Firefox ដំណើរការបានលឿនបំផុត
ដោយ Sanal -
សូមធ្វើតាមជំហាននីមួយៗខាងក្រោមនេះ
1. ត្រូវបើកកម្មវិធី Firefox បន្ទាប់មកត្រូវវាយអក្សរ “about:config”
2. ពេលវាចេញផ្ទាំងអក្សរមួយមក លោកអ្នកចុចជ្រើសរើសយកពាក្យយល់ព្រម
3. ពេលនោះលោកអ្នកនឹងឃើញតារាងអក្សរជាច្រើនជួរ
4. ត្រូវស្វែងរកអក្សរ “network.http.pipelining” ហើយចុច mouse ខាងស្តាំ ជ្រើសរើសយក Toggle ដើម្បីប្តូរតំលៃពី false ទៅ true
5. បន្ទាប់មកទៀតស្វែងរកអក្សរ “network.http.proxy.pipelining” រួចចុច mouse ខាងស្តាំងជ្រើសរើសយក Toggle ដើម្បីប្តូរតំលៃពី false ទៅ true ដូចក្នុងជំហានទី 4 ដែរ
6. បន្ទាប់មកទៀតស្វែងរកអក្សរ “network.http.pipelining.maxrequests” រួចហើយចុច mouse ខាងស្តាំងជ្រើសរើសយក Modify ទើបប្តូរលេខដែលនៅក្នុងប្រអប់ពីទាប ទៅខ្ពស់ ដូចជា 10 20 ឬ 30 ក៏បាន
7. រូចមកលោកអ្នកចុច mouse ខាងស្តាំត្រង់ណាក៏បាន ហើយចុចលើ “New” ជ្រើសរើសយក “Integer” បន្ទាប់មកវានឹងទាមទារឱ្យដាក់ឈ្មោះ អ្នកត្រូវវាយអក្សរ“nglayout.initialpaint.delay” រួចហើយចុច OK វានឹងទាមទារឱ្យវាយលេខចូល សូមវាយលេខ 0 ចូលទៅ។
8. បិទកម្មវិធី ហើយបើកឡើងវិញ
9. លោកអ្នកនឹងឃើញថាវាដំណើរការលឿនជាងមុន