ការប្រកួតប្រជែង បង្អួតសមត្ថភាពនៃប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទ និងឧបករណ៍ Tablet ពិតជាមាន សកម្មភាពយ៉ាងខ្លាំងនាសម័យបច្ចុប្បន្ន ដោយក្រុមហ៊ុនមួយចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយ ក្រុមហ៊ុនមួយទៀតក៏ចេញថ្មីមួយទៀតដែរ ជាក់ស្តែងការប្រជែងគ្នា រវាងក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធ ប្រតិបត្តិការ Android និង Apple ដែលបង្កើតប្រព័ន្ធប្រតិបត្តិការ iOS ជាដើម។ យោងតាមការវិភាគមួយ ចំនួនបានទស្សទាយថា នៅប៉ុន្មានឆ្នាំខាងមុខ ប្រព័ន្ធប្រតិបត្តិការ Android នឹងអាចទទួលបានការ គាំទ្រច្រើនជាងប្រព័ន្ធប្រតិបត្តិការ iOS។ ហេតុដូចនេះ ដើម្បីបង្កើនចំនួន អ្នកគាំទ្រ និងបន្ត យកព្រៀបលើគូប្រជែង ក្រុមហ៊ុន Apple បានធ្វើទំនើបកម្មលើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយហៅថា iOS 5 ដោយក្នុងនោះ ក្រុមអ្នកអភិវឌ្ឍន៍របស់ Apple បានដោះស្រាយនូវគុណវិបត្តិដែលមានក្នុង iOS មុន និងបន្ថែមនូវមុខងារថ្មីៗជាច្រើនទៀតរហូតដល់ជាង 200 មុខងារខុសៗគ្នា។ ដោយឡែក ក្នុងចំណោមមុខងារថ្មីៗទាំងនោះរួមមាន មុខងារប្រកដដោយលក្ខណៈពិសេសជាងគេចំនួន 10 ដែលក្រុមហ៊ុន Apple បានលើកមកបង្ហាញ។ ហើយខាងក្រោមនេះ ទស្សនាវដ្តី ទូរស័ព្ទ សូមលើកយក ពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសៗទាំង 10 នោះមកបង្ហាញជូនលោកអ្នកជ្រាបដូចខាងក្រោមៈ
01. Notifications
លក្ខណៈពិសេសចំបងដំបូងគេដែលបញ្ចូលក្នុង iOS 5 គឺការបន្ថែមនូវមុខងារ Notification ដោយ ក្រុមហ៊ុន Apple បានបង្កើតវាឡើងបំណងកែតំរូវគុណវិបត្តិដ៏ធំមួយដែលមានការរិះគន់ជារើយៗ ពី សំណាក់អ្នកប្រើប្រាស់ក្នុង iOS មុន។ Notification បានលុបបំបាត់នូវគុណវិបត្តិ Annoying pop ups គឺពេលដែលអ្នកប្រើប្រាស់កំពុងលេងហ្គេម ឬលេង chat ជាមួយនរណាម្នាក់ ចំពេលមានដំណើរការ អ្វីចូលមកនោះ វានឹងផ្តាច់ ឬចាកចេញពីកម្មវិធីនោះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់មានការធ្នើស ចិត្តជា ខ្លាំង។ ដោយសារ តែបញ្ហានេះ ក្រុមហ៊ុន Apple បានកែសំរួលវា ដោយបង្កើតកម្មវិធីថ្មីមួយឲ្យឈ្មោះថា Notification Center។ វាមាន មុខងារសំរាប់បង្ហាញចេញនូវសញ្ញាប្រាប់ដំណឹងចល័តមួយ នៅពេល ដែលមានដំណើរការអ្វីមួយកើតឡើងដូចជា មាន សារផ្ញើចូល មានការហៅចូល ឬមានដំណើរការ អ្វីទៀត កើតឡើង គឺវានឹងបង្ហាញជាផ្ទាំងសារមួយឡើង បើទោះជា កំពុងលេងហ្គេម ឬលេង Chat ក៏វាមិនផ្តាច់កម្មវិធីហ្គេម ឬ Chat នោះដែរ។ Notification ក៏ជាកម្មវិធី Widgets តូច មួយ សំរាប់បង្ហាញព័ត៌មានភ្លាមៗ ចេញពីកម្មវិធីណាមួយ ដូចជាកម្មវិធី Wealther និងកម្មវិធីដទៃទៀតផង ដែរ។ ម្យ៉ាងទៀត នៅលើមុខងារ Lock Screen ក៏ត្រូវបានកែប្រែផងដែរ ព្រោះមានការងារជាច្រើនមិន អាចធ្វើទៅដោយមិនបានដោះសោរជាមុនឡើយ។ ការកែប្រែនោះ គឺពេលដែលលោកអ្នកយក ម្រាមដៃអូសដើម្បីដោះសោរ វានឹងបើកដោយស្វ័យប្រវត្តិនូវកម្មវិធីដែលបានបង្ហាញ ឬកំពុងមាន នៅលើ Notification នោះ។ លក្ខណៈនេះ ពិតជាមានគុណសម្បត្តិ និងអត្ថប្រយោជន៍យ៉ាង ខ្លាំងសំរាប់ អ្នកប្រើប្រាស់៕
02. Newsstand
បន្ទាប់ពីលក្ខណៈពិសេសរបស់ Notification ក្រុមហ៊ុន Apple បានបន្ថែមនូវកម្មវិធី Newsstand ភ្ជាប់ មកជាមួយ iOS 5 នេះផងដែរ។ វាមានទំរង់ប្រហាក់ប្រហែលនឹងកម្មវិធី iBooks ដែរ ប៉ុន្តែ Newsstand នេះគឺប្រមូលផ្តុំតែសៀវភៅ កាសែត និងទស្សនាវដ្តីដែលចេញផ្សាយប្រចាំខែ ឬប្រចាំ ឆ្នាំប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកអ្នកក៏អាចចូលទៅស្វែងរកសៀវភៅទស្សនាវដ្តី និងកាសែតបន្ថែមទៀតនៅក្នុងហាង លក់សៀវភៅដែលមានក្នុង Apple Store បានយ៉ាងងាយស្រួល ទៀតផង។
03. Twitter
នេះជាចំនុចមួយទៀតដែល iOS 5 បានភ្ជាប់មកជា មួយសំរាប់បន្ថែមនូវភាពងាយស្រួល ដល់ លោកអ្នកក្នុងការភ្ជាប់ទំនាក់ទំនងបណ្តាញសង្គមតាមរយៈកម្មវិធី Twitter។ ភាពងាយស្រួលនោះ ឧទាហរណ៍ដូចជាក្នុងកម្មវិធីកាមេរ៉ា អ្នកប្រើប្រាស់អាចបង្ហោះរូបភាពដោយផ្ទាល់ដាក់លើកម្មវិធី Twitter តែម្តង។ លើសពីនេះ ជាមួយកម្មវិធី YouTube, Safari ឬសូម្បីតែកម្មវិធី Maps អ្នកប្រើ ប្រាស់ក៏អាចចែក រំលែកវីដេអូ អាសយដ្ឋានតភ្ជាប់ ឬទីតាំងក្នុងផែនទីទៅកាន់ អ្នកគ្រប់គ្នាដោយផ្ទាល់ ដាក់លើកម្មវិធី Twitter ផងដែរ។ ម្យ៉ាងទៀត វាក៏អាចទាញយកអាសយដ្ឋានដែលមានក្នុង កម្មវិធី Twitter ភ្ជាប់ជាមួយកម្មវិធី Contact របស់លោក អ្នកបានទៀតផង៕
04. Safari
ចំណែកឯកម្មវិធី Safari វិញ បានបន្ថែមនូវមុខងារថ្មីៗ ដូចជាមុខងារ Reader អនុញ្ញាតឲ្យអ្នក ប្រើប្រាស់ផ្លាស់ប្តូរ ទំរង់នៃការបើកមើលគេហទំព័រជា Fullscreen ដែលអាច ដកចេញនូវផ្ទាំង ផ្សាយពាណិជ្ជកម្មផ្សេងៗជំនួយដល់ការបើកមើលអត្ថបទកាន់តែប្រសើរជាងមុន។ វាអាចបង្កើតជា Reading List ដែលអាចឲ្យលោកអ្នករក្សាទុកគេហទ័រសំរាប់បើកមើលពេល Offline និងអាចធ្វើការ Syncronize ជាមួយ ឧបករណ៍ iOS ដទៃទៀតតាមរយៈ iCloud ផងដែរ។ ម្យា៉ងទៀត ក៏បាន បន្ថែម នូវ tabs សំរួលក្នុងពេលបើក គេហទំព័រច្រើន ដោយវានឹងបង្ហាញបន្ទាត់មួយនៅខាង ក្រោមប្រអប់ អាសយដ្ឋានគេហទំព័រ ដែលអាចឲ្យលោកអ្នកផ្លាស់ប្តូរពីគេហទំព័រមួយទៅមួយទៀតបានយ៉ាងរហ័ស និងងាយគ្រប់គ្រងគេហទំព័រដែលកំពុងបើកទៀតផង៕
05. Reminders
ចំពោះកម្មវិធី Reminders ថ្មីនេះ បានរៀបចំនូវផ្ទាំងកម្មវិធីយ៉ាងសាមញ្ញ ផ្តល់ភាពងាយស្រួលក្នុងការ កត់ត្រាអ្វីដែលត្រូវធ្វើប្រចាំថ្ងៃក្នុង to-do list ព្រមទាំងអាចធ្វើការ Syncronize កំណត់ត្រានោះ ជាមួយឧបករណ៍ដែល ដំណើរការ iOS 5 ដទៃទៀត និងម៉ាស៊ីន Mac OS X ឬ Notebook ផងដែរ។ ម្យ៉ាងទៀត អ្វីដែលអស្ចារ្យសំរាប់ Reminders នេះគឺមុខងារសំគាល់ទីតាំង ឧបមាថា លោក អ្នកកត់ត្រាក្នុង to-do list ថានឹងត្រូវទិញទឹកដោះគោ ហើយ បន្ទាប់មកភ្លេច ពេលដែលលោកអ្នកឆ្លង កាត់ផ្សារលក់ អាហារ នោះ វានឹងប្រាប់ថា អ្នកត្រូវទិញទឹកដោះគោជាមិនខាន៕
06. Camera & Photos
រីឯការប្រើប្រាស់កាមេរ៉ាវិញ បានបន្ថែមនូវលក្ខណៈ ពិសេស 2 យ៉ាងដែល iOS មិនធ្លាប់មានពីមុនមក។ លក្ខណៈពិសេសទី 1 ផ្តោតលើការប្រើប្រាស់ Shortcut នៅពេលទូរស័ព្ទកំពុងចាក់សោរ (Lock Screen)គឺលោក អ្នកអាចប្រើ Camera ដោយមិនចាំបាច់ដោះសោរឡើយ។ ចំណែកលក្ខណៈ ពិសេសទី 2 វិញ គេបានបន្ថែមនូវភាព ងាយស្រួលដល់អ្នកប្រើប្រាស់ ដោយអាចប្រើប៊ូតុង Volu me ជំនួសប៊ូតុងថត (Shutter) គឺគ្រាន់តែចុចលើប៊ូតុង Volume ប៉ុណ្ណោះ ពេលចង់ថតរូបម្តងៗ។ ម្យ៉ាងទៀត ក្នុងកម្មវិធី កាមេរ៉ាថ្មីនេះ បានបញ្ចូលនូវមុខងារមូលដ្ឋានសំរាប់កែច្នៃរូបភាពផងដែរ។ មុខងារមូលដ្ឋាន នោះរួមមាន រចនារូបភាព បង្កើតស្រមោល បន្ថែមគំនូស និងកែតំរូវព៌ណដោយស្វ័យប្រវត្តិជាដើម។ វាក៏បានបន្ថែមមុខងារ Red Eye Reduction និងតំរឹមគែមរូបភាពផងដែរ៕
07. Mail
iOS 5 បានបង្កើតឲ្យមានជំរើសកាន់តែប្រសើរជាង មុន គឺលោកអ្នកអាចផ្លាស់ប្តូរក្នុងការសរសេរសារ ដោយអាច កំណត់អក្សរក្រាស់ អក្សរទ្រេត ឬមានបន្ទាត់ខាងក្រោមជា ដើម។ វាក៏អនុញ្ញាតឲ្យ ទាញដាក់បញ្ចូលអាសយដ្ឋាន e-mail ទៅក្នុងប្រអប់ cc និង bcc ផ្ទាល់ផងដែរ។ ម្យ៉ាងទៀត វា ផ្តល់វិធីងាយៗក្នុងការបង្កើត ឬលុប Mailbox ដោយគ្រាន់តែប្រើម្រាមដៃអូសលើ mail នោះប៉ុណ្ណោះ។ លើសពីនេះ ជាមួយកម្មវិធី iCloud លោកអ្នកអាចថែរក្សារាល់ account mail ទាំងអស់លើ Server iCloud បានយ៉ាងងាយដោយ ការធ្វើ Syncronize ជាមួយ Server iCloud នោះ៕
08. No PC required
នេះជាលក្ខណៈពិសេសដ៏មានសារសំខាន់បំផុតមួយក្នុងចំណោមលក្ខណៈពិសេសដទៃទៀត គឺលោក អ្នកមិនចាំបាច់ត្រូវការកម្មវិធី iTune និងម៉ាស៊ីនកុំព្យូទ័រដើម្បីប្រើប្រាស់ជាមួយទូរស័ព្ទ iPhone, iPod Touch ឬ iPad ទៀតឡើយ ហើយវាក៏ជាចំណុចខ្លាំងមួយដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធប្រតិបត្តិការ Android និង Windows Phone 7 ផងដែរ។ លោកអ្នកអាចដំឡើង iDevice ថ្មីរបស់ខ្លួនកាន់តែងាយ ស្រួលជាមួយការបើក Gadget ថ្មី និងការដាក់បង្ហាញរូប ភាពនៅលើ Welcome Screen។ ចំពោះការ Update Software វិញ គឺអាចប្រព្រឹត្តបានដោយផ្ទាល់លើទូរស័ព្ទតែ ម្តង។ ម្យ៉ាងទៀត ក្នុងកម្មវិធីទាំងអស់លោកអ្នកអាចធ្វើការផ្លាស់ប្តូរ ឬកែប្រែបានដោយសេរី ឧទាហរណ៍ដូចជាលោក អ្នកមិនចាំបាច់ប្រើកម្មវិធី iCal ឬកម្មវិធីលើកុំព្យូទ័រដទៃទៀតដើម្បីបង្កើត Calendar ឡើយ។ ដូច្នេះ គ្មានទៀតឡើយកុំព្យូទ័រ Desktop ឬ Laptop សំរាប់ធ្វើការជាមួយ iDevice របស់លោកអ្នក៕
09. Game Center
លោកអ្នកពិតជាទទួលស្គាល់ថា iOS ប្រជុំដោយហ្គេម ដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមប្រព័ន្ធ ប្រតិបត្តិការផ្សេងទៀត ក្នុងនោះ iOS5 ក៏បានបន្ថែមលក្ខណៈពិសេសជាច្រើនដល់កម្មវិធី Game Center ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់កាន់តែរីករាយជាមួយការលេងហ្គេមតទល់គ្នាលើ Online។ លក្ខណៈពិសេសថ្មីៗទាំងនោះមានដូចជា ការដាក់បង្ហាញ រូបភាពរបស់អ្នកលេង ចាប់ដៃគូគ្នាលេង ដោយការឆ្លើយ ឆ្លងសារខ្លីៗ ស្វែងរកហ្គេមថ្មីដោយមិនចាំបាច់ចាកចេញពី Game Center និងអាចប៉ាន់ប្រមាណកំលាំងភាគីលេង ម្ខាងទៀតតាមពិន្ទុសរុបរបស់គេជាដើម៕
10. iMessage
ចំណែកឯលក្ខណៈពិសេសចុងក្រោយនេះ ផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ឧបករណ៍ដែលដំណើរការ ដោយ iOS 5 ទាំងអស់អាចបង្កើតជាសេវាកម្មផ្ញើសារថ្មីមួយឲ្យឈ្មោះថា iMessage។ វាអនុញ្ញាតឲ្យ លោកអ្នកផ្ញើសារជា អក្សរដោយឥតកំណត់តាមរយៈប្រព័ន្ធ Wi-Fi ឬ 3G ពី ទូរស័ព្ទ iPhone, ipod Touch ឬ iPad ទៅកាន់មួយ ក្នុងចំណោម ឧបករណ៍ទាំងនេះ។ ម្យ៉ាងទៀត iMessage បានរួមបញ្ជូល ជាមួយកម្មវិធី Message ដូច្នេះ លោកអ្នក អាចផ្ញើឯកសារ រូបភាព វីដេអូ ទីតាំងតំបន់ និង Contacts ឲ្យគ្នាទៅវិញទៅមកបាន៕
No comments:
Post a Comment