Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Thursday, June 28, 2012

មនុស្ស​ត្រូវ​ការ​ការ​លួង​លោម


បញ្ហា​ជា​ច្រើន​ដែល​កើត​ឡើង អាច​ធ្វើឱ្យ​លោក​អ្នក​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ ធ្លាក់​ទឹក​ចិត្ដ មិន​សប្បាយ​ចិត្ដ​ខកចិត្ដ​អស់ សង្ឃឹម ឬបាត់​បង់​កម្លាំង​ចិត្ដ​ជាដើម។ មនុស្ស​ជាច្រើន​មាន​ការ​ពិបាក​ចិត្ដ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​រឿង​រ៉ាវ​កើត​ឡើង​ផ្ទុយ​ពីអ្វី​ដែល ខ្លួន​ឯង​ចង់​បាន។ បញ្ហា​ស្មុគ​ស្មាញ​ទាំង​នេះ​អាច​ធ្វើឱ្យ​មាន​ផល​វិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ព្រោះ​មិន​ដឹងថា​ត្រូវ​សម្រួល​ចិត្ដ​យ៉ាង​ណា ដើម្បី​បំភ្លេច​ចោល​នូវ​បញ្ហា​នោះ។ ដូច​នេះ​ការ​ផ្ដល់​នូវ​ភាព​លួង​លោម លើក​ទឹក​ចិត្ដ​ជាកត្ដា​សំខាន់​មួយ​អាច​ធ្វើឱ្យ​មនុស្ស​មាន​កម្លាំង ចិត្ដ មាន​សេក្ដី​សុខ​ស្ងប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​សាស្ដ្រា​ចារ្យ សោម​ច័ន្ទ សុវណ្ណ​តារា ជា​អនុ​ប្រធាន​ដេប៉ា​តឺម៉ង់​ចិត្ដ​វិទ្យា នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​មាន វត្ដ​មាន​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ស្វែង​យល់ តាម​រយៈ​ការធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនា​វដ្ដី​សុខ​ភាព​យើង។
អ្វី​ទៅ​ហៅ​ថា លួង​លោម?
លួង​លោម គឺជា​ការ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម ផ្ដល់​កម្លាំង​ចិត្ដ ឬ​ផ្ដល់​នូវ​សមាន​ចិត្ដ ដល់​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ឬអ្នក​ដទៃ ដោយ​មិន​ស្ដី​បន្ទោស ឬ​ប្រមាថ​មើល​ងាយ​ឡើយ។
មូល​ហេតុ​ដែល​ត្រូវ​ការ​ការ​លួង​លោម
មាន​មូល​ហេតុ​ជា​ច្រើន​យ៉ាង ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់​ភេទ​គ្រប់​វ័យ​ត្រូវ​ការនូវ​ការ​លួង​លោម​ពីអ្នក​ដទៃ​ដើម្បី​ជួយ​រំសាយ បំបាត់​ទុក្ខ​សោក ពេល​ដែល​មាន​ការ​ប្រឈម​មុខ។
  • ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់​និង​ជាទី​គោរព ជា​ហេតុ​ធ្វើឱ្យ​ខ្លួន​ខូច​ចិត្ដ ក្លាយ​ជាជន​កំព្រា
  • ការ​ផ្ដាច់​ទំនាក់​ទំនង​គ្នា និង​ការ​បាត់​បង់នូវ​សម្ព័ន្ធ​ភាព ធ្វើឱ្យ​ខ្លួន​មាន​ការ​ពិបាក​ចិត្ដ ឯកោ
  • ការ​ជេរ​ស្ដី​បន្ទោស ចំពោះ​កំហុស​បន្ដិច​បន្ដួច អាច​ធ្វើឱ្យ​ខ្លួន​មាន​ការ​អស់​សង្ឃឹម
  • ការ​ប្រមាថ មើល​ងាយ និង​ជាន់​ឈ្លី​កិត្ដិយស បណ្ដាល​ឱ្យ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ
  • ភាព​ឆ្មើង​ឆ្មៃ ក្រអឺត​ក្រទម និង​ព្រងើយ​កន្ដើយ​ពី​មនុស្ស​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​ក៏ធ្វើ​ឱ្យខ្លួន​មាន​ការ​មិន​សប្បាយ​ចិត្ដ​ហើយ​គិត​ថាខ្លួន​ជា​មនុស្ស​មិន​ល្អ ដែល​ធ្វើឱ្យ​គេមិន​រាប់​អាន​ជាមួយ​ខ្លួន។
  • ការ​និយាយ​ភូត​កុហក​ទៅលើ​អ្នក​ដទៃ​ដោយ​មិន​មាន​បំណង ធ្វើឱ្យ​ខ្លួន​មាន​ចិត្ដ​មិន​ស្ងប់។
វិធី​សាស្ដ្រ​នៃ​ការ​លួង​លោម
ជា​ទូទៅ​មនុស្ស​គ្រប់​ភេទ គ្រប់​វ័យ នៅ​ពេល​ដែល​មាន​បញ្ហា​ជា​ច្រើន​តែង​តែត្រូវ​ការ​ការ​លួង​លោម​ពីអ្នក​ដទៃ​ជា​ជំនួយ។ វិធី​សាស្ដ្រ​លួង​លោម​ចិត្ដ ជួយ​ឱ្យ​មាន​កម្លាំង​ចិត្ដ និង​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។ វិធី​សាស្ដ្រ​នៃការ​លួង​លោម​ចិត្ដ​មាន​ច្រើន ដែល​ប្រើ ទៅ​តាម​បញ្ហា​របស់​បុគ្គល​នីមួយៗ។
  • សូម​កុំគិត​ពី​រឿង​ដែល​ធ្វើឱ្យ​ខ្លួន​មិន​មាន​សេចក្ដី​សុខ មិន​មាន​ការ​សប្បាយ​ចិត្ដ ត្រូវ​ចាត់​ទុក​ថា​ជាការ​យល់​សប្ដិ​អាក្រក់ ប្រសិន​បើ​មាន​រឿង​អាក្រក់​កើត​ឡើង មិន​អាច​ទទួល​យក​បាន។
  • ត្រូវ​រឹង​ប៉ឹង ធ្វើ​ចិត្ដ​ឱ្យ​ស្ងប់ បើ​សិន​បាត់​បង់​អ្នក​ជាទី​ស្រឡាញ់ ជា​ទី​គោរព
  • ធ្វើ​ការ​កោត​សរសើរ លើក​ទឹក​ចិត្ដ ដើម្បី​ឱ្យ​អ្នក​នោះ​កាន់​តែមាន​កម្លាំង​ចិត្ដ ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ប្រសិន​បើ​បុគ្គល នោះ​បាន​ធ្វើ​កិច្ចការ​ត្រឹម​ត្រូវ ហើយ​ទទួល​លទ្ធផល​ជោគ​ជ័យ។
  • ត្រូវតែ​មាន​សេចក្ដី​តស៊ូ​ដូច​ពាក្យ​ចាស់​ពោល​ថា​ព្យាយាម​គង់តែ​បាន​សម្រេច។ ត្រូវធ្វើ​ឱ្យ​មាន​ក្ដី​សង្ឃឹម ជឿ​ជាក់​ប្រសិន​បើ ចង់​រៀន​សូត្រ​ឱ្យបាន​ពូកែ និង​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​មាន​តួនាទី​នៅ​ក្នុង​សង្គម។
  • ត្រូវ​មាន​ឆន្ទៈ​សម្រេច​ការងារ​ឱ្យ​បាន ប្រសិន​បើ​ការងារ​មាន​ឧបសគ្គ​ច្រើន
  • នរណាៗ​ក៏ធ្លាប់​មាន​កំហុស​ខុស​ឆ្គង​ដែរ ដូច​នេះ​បើ​ដឹងពី​កំហុស​ខ្លួន​ឯង​គឺជា​ការ​ប្រសើរ។ ជា​មនុស្ស​ត្រូវតែ​ក្លាហាន ហ៊ាន ទទួល​ខុស​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិត ប្រសិន​បើ​បុគ្គល​នោះ​មាន​ទំនាស់​ទាស់​គ្នា​ហើយ​គិត​ថាខ្លួន​ឯងជា​អ្នកខុស​ដែល​នាំឱ្យ​មាន វិប្បដិ​សារី។
ផល​ប៉ះ​ពាល់​នៃ​ការ​លួង​លោម
រាល់​ពេល​មាន​បញ្ហា​កើត​ឡើង ធ្វើឱ្យ​មនុស្ស​មាន​ការ​ពិបាក​ចិត្ដ តប់​ប្រមល់ និង​ស្មុគ​ស្មាញ នៅ​បញ្ហា​ជុំវិញ​ខ្លួន​ជា​ហេតុ​ធ្វើ​ឱ្យ ខ្លួន​ឯង​ត្រូវ​ការ​ការ​លួង​លោម​ពីអ្នក​ដទៃ។ ការ​ចង់​បាន​នូវ​ភាព​លួង​លោម​ពីអ្នក​ដទៃ​មិន​ប្រាកដ​ថា​ជាការ​លួង​លោម​ក្នុង​គោល​បំណង ល្អ​ទេ អាច​ធ្វើឱ្យ​គេ​មាន​ការ​ឆ្លៀត​ឱកាស​ធ្វើ​បាប​មក​លើ​ខ្លួន​វិញ។ ឧទាហរណ៍ ទំនាក់​ទំនង​រវាង​ប្ដី​និង​ភរិយា​មាន​សម្ព័ន្ធ​ភាព​នឹង គ្នាល្អ​ណាស់ មាន​ថ្ងៃ​មួយ​មាន​ការ​ទាស់​ទែង​គ្នា ហើយ​ឈាន​ទៅ​ដល់​ចែក​ផ្លូវ​គ្នាដើរ​ដោយ​សារ​ការ​លួង​លោម​ពីជន​ទីបី​ឆ្លៀត​ឱកាស​ធ្វើ បាប។ ក្នុង​គ្រួសារ​ដែល​មាន​តែ​អំពើ​ហិង្សា​ជា​ប្រចាំ ធ្វើ​ឱ្យ​កូន​មិន​មាន​សេចក្ដី​សុខ​ហើយ​ចង់​ចាក​ចេញ​ទៅឱ្យ​ឆ្ងាយ​ផុត​ពីអំពើ​ហិង្សា នេះ។ ទី​បំផុត​កូន​ត្រូវ​បាន​ក្លាយ​ជាក្មេង​គ្មាន​អនា​គត​រស់​នៅ​ក្រៅ​សង្គម​ដោយ​សារ​តែអ្នក​ដទៃ​មក​ប្រើ​វិធី​សាស្ដ្រ​លួង​លោម បោក​យក ទៅ​ធ្វើបាប។ ចំពោះ​អ្នក​ខ្លះ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​សោះ​តែ​បែរ​ជាត្រូវ​ចាញ់​បោក​ការ​លួង​លោម​របស់​អ្នក​ដទៃ​ទៅ​វិញ។ ឧទា​ហរណ៍ កុមារ​ម្នាក់​ជា​ក្មេង​ល្អ រៀន​សូត្រ​ពូកែ​មាន​ថ្ងៃ​មួយ​មិត្ដ​រួម​ថ្នាក់​មក​លួង​លោម​រហូត​ធ្វើឱ្យ​កុមារ​ម្នាក់​នេះ​ត្រូវ​ភ្លើត​ភ្លើន ប្រព្រឹត្ដ​អំពើ​សង្គម​មិន​ឱ្យ​តម្លៃ។ ដូច​នេះ​ការ​ចាញ់​បោក​ដោយ​សារ​ការ​លួង​លោម​អ្នក​ដទៃ​មាន​ច្រើន​ណាស់ ដោយ​សារ​ការ​ប៉ិន​ប្រសព្វ ប្រើ​វិធី​សាស្ដ្រ​ល្បិច​កល​លួង​លោម​ធ្វើ​បាប​មិន​ចាំ​បាច់​រាល់​ពេល​ដែល​លោក​អ្នក​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង​ឡើយ។
ប្រការ​គួរ​ប្រតិ​បត្ដិ​ទប់​ស្កាត់​អំពើ​លួង​លោម
ការ​ពិចារ​ណាជា​ចំណុច​សំខាន់​សម្រាប់​លោក​អ្នក រាល់​ពាក្យ​សម្ដី​លួង​លោម​ពីបង​ប្អូន មិត្ដ​ភក្ដិ ឬអ្នក​ជាទី​ស្រឡាញ់​នៅ​ពេល​ដែល​លោក​អ្នក​អស់​សង្ឃឹម គ្មាន​កម្លាំង​ចិត្ដ និង​បញ្ហា​អ្វី​មួយ។ ពាក្យ​សម្ដី​លួង​លោម​ពីអ្នក​ដទៃ​ជា​ជំនួយ​មិន​មែន​ជា​ឱសថ​ទិព្វ ទាំង​អស់​ទេ។ ជួន​កាល​អាច​ជា​ឱសថ​សម្លាប់​លោក​អ្នក​ទៅ​វិញ។ ដូច​នេះ​លោក​អ្នក​ត្រូវ​ត្រិះរិះ​ពិចារ​ណា​ជាមុន​សិន​មុន​អនុវត្ដ​តាម ពាក្យ​សម្ដី​លួង​លោម​របស់​អ្នក​ដទៃ ដើម្បី​កុំឱ្យ​មាន​ការ​ឈឺ​ចាប់។
ដំបូ​ន្មាន​អ្នក​ឯក​ទេស
ការ​លួង​លោម​ពីអ្នក​ដទៃ មិន​មែន​ជាការ​លួង​លោម​ក្នុង​គោល​បំណង​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​លួង​លោម​ដោយ​បំណង​ល្អ​ស្មោះ ត្រង់ អ្នក​ខ្លះ​ទៀត​លួង​លោម​ឆ្លៀត​ឱកាស​ធ្វើ​បាប។ អ្វី​ដែល​សំខាន់ លោក​អ្នក​គិត​ពាក្យ​សម្ដី​ដែល​គេ​លួង​លោម​សិន​ថា​ពាក្យ​សម្ដី​នោះ ត្រឹម​ត្រូវ​ដែរ​ឬទេ ដែល​មក​ប្រាប់​ខ្លួន​ថា ឱ្យ​ខ្លួន​ត្រូវ​ប្រតិ​បត្ដិ​បែប​នេះ ឬ​បែប​នោះ​នៅ​ពេល​លោក​អ្នក​ប្រឈម​មុខនឹង​បញ្ហា​អ្វី​មួយ។ ថ្វី​ត្បិត​តែ​អ្នក​ដទៃ​មក​លួង​លោម​ធ្វើឱ្យ​លោក​អ្នក​មាន​កម្លាំង​ចិត្ដ មាន​សេចក្ដី​សង្ឃឹម​ក៏ពិត​មែន​ប៉ុន្ដែ​ការ​អនុវត្ដន៍​តាម​ពាក្យ​សម្ដី​លួង លោម​របស់​អ្នក​ដទៃ​មិន​ប្រាកដ​ថា​ត្រឹម​ត្រូវ​ទាំង​អស់​ទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

វិធី​រម្ងាប់​កំហឹង


កំហឹង​ជា​ប្រតិកម្ម​ច្រឡោត​នៃ​អារម្មណ៍​ដែល​តែងតែ​កើតមាន​លើ​បុគ្គល​ម្នាក់ៗ​មិនអាច​ចៀសផុត។ ការថប់​អាម្មណ៍ និង ភាព​តានតឹង​ក្នុងចិត្ដ​បង្កជា​មូលហេតុ​នៃការ​មួម៉ៅ​ក្ដៅ​ក្រហាយ​ចំពោះ​អ្វីដែល​នៅ​ជុំវិញ​ខ្លួនយើង ធ្វើឱ្យ​យើង​ខាតបង់​ផល​ប្រយោជន៍ យ៉ាង​ច្រើន និងផ្ដល់​នូវ​បញ្ហា​តាម​ក្រោយ​មិន​ចេះចប់ ក្រោយ​ទង្វើ​ដែល​យើងធ្វើ​ប្រកប​ដោយការ​ខឹងនោះ។ ដូចនេះ​មនុស្ស​ម្នាក់ៗ​គួរតែ ស្វែង​យល់ និងធ្វើ​លំហាត់​ប្រាណ​ចិត្ដគំនិត​ទើប​ជាការ​ប្រសើរ​ក្នុងការ​រម្ងាប់​កំហឹង។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ជំនាញ​ផ្លូវចិត្ដ​នៅមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ចូលរួម​ធ្វើការ​បកស្រាយ ប្រធាន​បទ​ខាងលើ​នេះជូន​ប្រិយមិត្ដ​ទាំងអស់ តាមរយៈ​ការផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។
កំហឹង​ជាអ្វី?
កំហឹង​គឺជា​ប្រតិកម្ម​នៃ​អារម្មណ៍​របស់ចិត្ដ​ដែលក្ដៅ​ឆួលឆេះ ក្រហល់​ក្រហាយ និងការ​ពុះ​កញ្ជ្រោល។ កំហឹង​ជា​សភាវៈ​គតិ ដែល​តោង​ជាប់មក​ជាមួយ​មនុស្ស​តាំងពី​ថ្ងៃដែល​ប្រសូត​ចេញពី​ផ្ទៃ​របស់​ម្ដាយ​មកម្ល៉េះ។
មូលហេតុ​បង្ក​ការខឹង
ការខឹង​គឺជា​អាការ​មិនសុខ​នៃចិត្ដ​ចំពោះ​សកម្មភាព​ផ្សេងៗ​ដែលមាន​ឥទ្ធិពល​ចំពោះ​មនោ​ចិត្ដ​របស់​មនុស្ស​ម្នាក់ៗ ជាពិសេស វា​តែង​កើតឡើង​ចំពោះ​មនុស្ស​ដែល​ពុំសូវ​ប្រើ​មនោគិត​ក្នុងការ​ដោះស្រាយ​បញ្ហា។ ការខឹង​សម្បា​ផ្សេងៗ​កើតចេញ​ពី​មនោ​ចិត្ដទាំង​៥ ដែលមាន​នៅក្នុង​បុគ្គល​ម្នាក់ៗ ដូចជា​ការចង​គំនុំ​សងសឹក ការគិត​ប្រទូស​រ៉ាយ​ជាមួយ​គំនិត​អ្នកដទៃ ការក្ដៅ​ពុះ​កញ្ជ្រោល​នៃ​អារម្មណ៍ ការ​ទាស់ចិត្ដ និងការ​មិនពេញ​ចិត្ដ។ សេចក្ដី​ទាំងប្រាំ​អង្គនេះ គឺជា​ភាវៈ​គំនិត​អរូបិយ​របស់​ភាវៈ​មានជីវិត​ទាំងអស់ មិនថា​មនុស្ស​ឬក៏សត្វនោះ​ទេ។
ផល​ប៉ះពាល់​នៃកំហឹង
ការខឹង​ជាផ្នែក​នៃចិត្ដ​គំនិត​មួយ​ដែលជា​ទូទៅ​ពុំសូវ​នាំមក​នូវផល​ចំណេញ​មកឱ្យ​មនុស្ស​ប៉ុន្មាន​នោះទេ។ ព្រោះ​រាល់កាយ វិការ​របស់​មនុស្ស​ដែលបាន​ធ្វើនៅ​ក្នុង​ខណៈពេល​ដែលខ្លួន​កំពុង​ត្រាំក្នុង​សេចក្ដី​ក្រោធនោះ សុទ្ធសឹង​តែចេញ​ពី​អាសេវៈ​ដែល​រស់ក្នុង មនោចិត្ដ​ដែលមាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​ដែលខ្លួន​មិនពេញ​ចិត្ដ។ បើសិន​មនុស្សម្នាក់​បណ្ដោយ​ឱ្យមនោ​ចិត្ដ​របស់ខ្លួន​គាបសង្កត់​លើ មនោគិត​នោះ ប្រាកដថា​ជួបការ​លំបាក​ជាច្រើន​ក្នុងការ​រស់នៅ ដូចជា​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញខ្លួន គ្មាន​សុភមង្គល​ក្នុង អារម្មណ៍​ដែលពេល​ខ្លះអាច​បង្កជា​ជម្ងឺ​ផ្លូវចិត្ដ​ក៏មាន។
វិធិ​សាស្ដ្រ​ក្នុងការ​រម្ងាប់​កំហឹង
គ្មាន​មនុស្ស​ណាម្នាក់​នៅលើ​លោក​អាច​រម្ងាប់​កំហឹង​របស់ខ្លួន​ឯង​បានភ្លាម​មួយ​រំពេច​នោះទេ។ ការ​រម្ងាប់​កំហឹង​ពុំមែន​ជា​រឿងងាយៗ​នោះទេ តែមិន​ពិបាក​ដូចជា​រឿង​និទាន​ស្ដីពី​ការសុំ​ភ្លើងយក្ស​នោះដែរ។ ព្រះបាន​បង្កីត​មនុស្ស​ឱ្យមាន​សភាវៈ​គតិខុស និងត្រូវ។ មានការ​ខឹងក៏​មានការ​រម្ងាប់​ទៅវិញ​ដោយ​ខ្លួនឯង​បាន នេះជា​មូលហេតុ​មួយ​ដែល​សបញ្ជាក់​ឱ្យឃើញ​ថា អ្វីៗ​ទាំងអស់​វាមាន​ព្រំដែនរបស់​វា។ រួម​សេចក្ដី​មកអ្នក​ដែល​ចងខ្សែ​តែងរមែង​យល់នូវ​វិធី​ស្រាយ​ដូចគ្នា ដើម្បី​រម្ងាប់​កំហឹង​បាន​លុះត្រា​តែមាន​ការ​តាំងចិត្ដយ៉ាងពិត​ប្រាកដ និងធ្វើ​តាម​លំដាប់​នៃ​អារម្មណ៍​បាន​ត្រឹមត្រូវ។ ខាងក្រោម​នេះជា​វិធី​សាស្ដ្រ​ដែលអាច​ឱ្យ​លោកអ្នក​អាចយក​ទៅសាកល្បងបានក្នុង​ការ​រម្ងាប់​កំហឹង​របស់ខ្លួន។
  • ត្រូវមាន​សម្មាធិ​ឱ្យបាន​ច្រើនក្នុង​ការយល់​នូវ​ហេតុផល​នៃសេចក្ដី​ខឹងសម្បា​របស់ខ្លួន ហើយ​ធ្វើការ​​ស្វែងយល់អំពី​ទោស និងការ​ខាតបង់​នៃការ​ខឹង។
  • ពិចារណា​ឱ្យឃើញ​នូវផល​ប្រយោជន៍​ដែលនាំ​ឱ្យចិត្ដ​បានស្ងប់ និងក្ដៅ​ក្រហាយ​ពីការ​មិនខឹង។
  • ផ្ដល់នូវ​កម្លាំង​ចិត្ដ​ចំពោះខ្លួន ហើយ​មិនត្រូវ​ប្រកាន់​ចំពោះ​ទង្វើ​ដែល​ប៉ះពាល់​អារម្មណ៍​ដោយការ​ដើរចេញ​ពី​ស្ថានភាព​តឹង តែង
  • ប្រើ​វិធី​បន្លប់​សាច់រឿង​ក្នុងចិត្ដ​លោកអ្នក ដោយការ​ទន្ទេញ​ឈ្មោះអ្នក​ដែលខ្លួន​ស្រឡាញ់ ឬការ​រាប់ពី​១ទៅ​ដល់ចំនួន ១០០០០ ដើម្បី​ឱ្យចិត្ដ​លោកអ្នក​ធ្វើ​ពលកម្ម​ដែលគ្មាន​សម្រាក ឬថេរៈ​វេលា​ចំពាះ​ការខឹង ធ្វើការ​សម្រាក​នៃ​អារម្មណ៍​ចំពោះស្ថាន ការណ៍​ចំពោះ​មុខ ដោយការ​បិទភ្នែក​ស្ដាប់​សម្លេង​ខ្យល់ ហើយ​ចាប់ផ្ដើម​ដកដង្ហើម​ចេញចូល​របស់ខ្លួន​ឱ្យបាន​វែងៗ​ជាទី​បំផុត​ចំនួន១០ ដង។ នៅពេល​ដែល​កំពុង​ដកដង្ហើម​ត្រូវធ្វើ​លំហាត់​ប្រាណ​នៃអារម្មណ៍​ដោយការ​រាប់ និងដឹង​ពីខ្យល់​ចេញ និងខ្យល់​ចូលក្នុង​សួត​របស់អ្នកធ្វើ​បែបនេះ នោះ​ការខឹង​របស់​លោកអ្នក​នឹងបង្អង់​ល្បឿន​ជាលំដាប់ បន្ដិចម្ដងៗ​ពីការ​ខឹងខ្លាំង​ទៅជា​ការស្ងប់​វិញ។
  • ចម្រើន​ចិត្ដ​អាណិត​ចំពោះខ្លួន ពោលគឺ​ការ​ស្វែងយល់​រក​សេចក្ដី​សុខមក​ឱ្យអារម្មណ៍ មិនត្រូវ​គិតពី​ការចង​អាឃាត ការសងសឹក គំនិត​ទុទ្ទិដ្ឋិនិយម ដែលកើត​មាន​នៅក្នុង​ចិត្ដ ឬគំនិត​អញ​នៅក្នុង​ខ្លួនដែល​នាំឱ្យ​វង្វេង​ក្នុង​ប្រភព​នៃបញ្ហា។
ទាំងនេះ​ជាវិធី​សាស្ដ្រ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​នាំចិត្ដ​គំនិត​របស់​លោកអ្នក​ឆ្ពោះ​ទៅរក​សេចក្ដីសុខ ទាំងរូប​កាយ និង​ចិត្ដ​គំនិត ព្រោះ​សុខភាព​ផ្លូវចិត្ដ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅវិញ​ទៅមក។
ដំបូន្មាន​អ្នក​ឯកទេស
សេចក្ដី​ក្រោធ​ជាវត្ថុ​ដែល​មនុស្ស​គ្រប់រូប​គួរតែ​រើសអើង​ក្នុងការ​សេពគប់។ ការកើត​នូវកំហឹង​បើកើត​មាននៅ​លើ​មនុស្ស វាមិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​ជួបនូវ​ការ​លំបាក​ក្នុងការ​រស់នៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាត់បង់​កេរ្ដិ៍ឈ្មោះ និង​ទ្រព្យសម្បត្ដិ​ថែមទៀត​ផង ។ ការ​រស់ដែល​ប្រកប​ដោយ​សេចក្ដីសុខ គឺជា​ប្រការ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន។ ដូចនេះ​លោកអ្នក​គួរតែ​ចេះបង្កើន​នូវ​អារម្មណ៍​មេត្ដា ករុណា​នៅក្នុង​ចិត្ដឱ្យ​បានច្រើន។ បុព្វជន​ដែលយក​ឈ្នះ​លើ​ខ្លួនឯង​បាន មាន​ន័យថា​ជាអ្នក​ដែល​ចេះដឹង​អំពី​ផលពិបាក​របស់​អ្នកដទៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Tuesday, November 1, 2011

ពណ៌​ទឹកនោម​បញ្ជាក់​ប្រាប់​ពី​សុខភាព

ដើម្បី​ទប់ទល់ ឬ​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់​ពេល​វេលា យើង​គប្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ។ ក្នុង​ចំណោម​ការ​ថែទាំ​សុខភាព​នេះ យើង​គួរ​ត្រួត​ពិនិត្យ​ពណ៌​ទឹកនោម​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ព្រោះ​ទឹក​នោម​អាច​បញ្ជាក់​ប្រាប់​ពី​រោគ​សញ្ញា​មួយ​ចំនួន​កំពុង​បៀតបៀន​យាយី​ដូចជា ៖

ទឹកនោម​បញ្ចេញ​មក​លាយ​មាន​ពណ៌​ក្រហម

បើសិន​ជា​ទឹកនោម​បញ្ចេញ​មក​លាយ​ពណ៌​ក្រហម យើង​ត្រូវ​នឹក​មើល​ខ្លួន​ឯង​ជាមុន​សិន​ថា​បាន​ទទួល​ទាន​អាហារ​អ្វី​ដែល​មាន​ពណ៌​លក្ខណៈ​បែប​នេះ​ដែរ​ឬ​ទេ ដូចជា ស្ពៃក្ដោប​ពណ៌​ស្វាយ ទឹកក្រូច​ពណ៌​ក្រហម ឬ​ផ្លែ​ស្រកា​នាគ​ពណ៌​ក្រហម​ជាដើម ។ បើ​ក្នុង​ករណី​មិន​មាន​បរិភោគ​អ្វី​ដែល​នាំ​ឲ្យ​ទឹកនោម​បញ្ចេញ​ពណ៌​ទេ​នោះ បញ្ជាក់​ថា​អាច​មាន​រោគ​អាក្រក់​ចូល​ជ្រៀត​ជ្រែក​ហើយ ព្រោះ​ថា​ពណ៌​ក្រហម​នោះ​អាច​ជា​ឈាម​ដែល​បញ្ចេញ​មក​ពី​ក្រលៀន ឬ​តម្រង​នោម​រលាក ឬ​មិន​ដូច្នេះ​អាច​មាន​អ្វី​ក្នុង​រាង​កាយ​ដាច់​រហែក​យ៉ាង​ពិត​ប្រាកដ ហេតុ​នេះ​គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់ ។

ទឹកនោម​ពណ៌​ត្នោត

យើង​អាច​សង្កេត​មើល​២​ចំណុច គឺ​អាច​កើត​មក​ពី​ការ​បរិភោគ​សណ្ដែក​ក្នុង​ចំនួន​ច្រើន​ពេក ឬ​អាច​កើត​មក​ពី​រោគ​អាក្រក់​ដោយសារ​ឈាម​កក​ខាង​ក្នុង​ហូរ​មក​លាយឡំ​ជាមួយ ហើយ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដូច​គ្នា ។

ទឹកនោម​ពណ៌​លឿង

បើ​ទឹកនោម​បញ្ចេញ​មក​ពណ៌​លឿង​ខ្ចី អាច​កើត​មក​ពី​ថា​ថ្ងៃ​នេះ​បាន​ទទួល​វីតាមីន​បេ​២​ច្រើន​ពេក រហូត​ត្រូវ​បញ្ចេញ​មក​វិញ ។ ប៉ុន្តែ​បើ​ជា​ពណ៌​លឿង​ចាស់​ក៏​បញ្ជាក់​ថា អ្នក​ផឹក​ទឹក​តិច​ពេក ហើយ​តែ​បើ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា​បាន​ផឹក​ទឹក​ច្រើន​ នៅ​តែ​ទឹកនោម​បញ្ចេញ​មក​បែប​នេះ​ទៀត ចាំ​បាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​អាច​កើត​រោគ​ក្រលៀន​បង្កប់​ផ្នែក​ខាង​ក្នុង ។

ទឹកនោម​ពណ៌​ល្អក់

ក្នុង​ករណី​ដែល​ទឹកនោម​ពណ៌​ល្អក់ ឲ្យ​សាក​ល្បង​ផឹក​ទឹក​ក្រូច​មើល​ថា​បាត់ ឬ​ក៏​អត់ បើ​មិន​បាត់​អាច​ដោយសារ​មក​ពី​ការ​ឆ្លង​មេរោគ​ប្រភេទ​ខ្លះ និង​អាការៈ​បែប​នេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផង​ដែរ ។

ទឹកនោម​ពណ៌​ទឹកក្រូច

អាច​កើត​មក​ពី​ការ​ប្រើ​ថ្នាំ «ភូរីឌៀម» ដែល​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​រោគ​ក្រពះ ។

ទឹកនោម​ពណ៌​ទឹកប៊ិក

បើ​ថ្ងៃ​ណា​មួយ​ទឹក​នោម​បញ្ចេញ​មក​មាន​ពណ៌​បែប​នេះ មិន​ចាំ​បាច់​ប្លែក​ចិត្ត​ទេ ពិសេស​បើ​បរិភោគ​ថ្នាំ​បំបាត់​អាការៈ​ទប់​ទឹកនោម​មិន​ជាប់ ព្រោះ​ថា​ថ្នាំ​ប្រភេទ​នេះ​មាន​លាយ​សារធាតុ «មេធីលីន» ទឹកនោម​ទើប​បញ្ចេញ​មក​មាន​ពណ៌​ទឹកប៊ិក ឬ​ពណ៌​ផ្ទែមេឃ​ចាស់ ៕

(ពាក្យ​ពេចន៍​ក្នុង​អត្ថបទ​នេះ​មាន​លក្ខណៈ​ជា​សម្ដី​ធម្មតា​របស់​អ្នកស្រុក មាន​ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០)


Wednesday, October 26, 2011

រកឃើញ​វីរុស​បង្ក​លើសឈាម​


ដោយ CEN
កន្លង​ទៅ​ថ្មីៗ​នេះ​, ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ចិន​១​ក្រុម បាន​ប្រកាស​ពីគំហើញ​ដ៏​សំខាន់​មួយ​, នោះ​គឺ​ជំងឺលើសឈាម​នៅ​មនុស្ស​អាច​ដោយសារ​ប្រភេទវីរុស​ធម្មតា​មួយ​បង្កឡើង ។​ ជា​លើកដំបូង​, ទំនាក់ទំនង​នេះ​ត្រូវបាន​បង្កើត​ឡើង​និង​ត្រូវ​ដំណើរការពិសោធន៍​បន្ថែមទៀត ។​
​ គម្រោង​ស្រាវជ្រាវ​នេះ​ដំណើរការ​ដោយ​មជ្ឈមណ្ឌល​សរសៃឈាមបេះដូង​, មន្ទីរពេទ្យ​ជាវ​យ៉ាង​, ប៉េកាំង​។ លើកដំបូង ពួក​អ្នកជំនាញការ​ចិន​បាន រកឃើញ​ទំនាក់ទំនង​រវាង Cytomegalovirus សរសេរ​កាត់ គឺ CMV​និង សណ្ឋាន​កើន​សម្ពាធ​ឈាម​មួយ​តែង​កើត​ឡើង​នៅ​មនុស្ស​។ Cytomegalovirus ជា​ពាក្យ​ផ្គុំ​របស់ Cyto, ភា​សាក្រិក គឺ​កោសិកា​, megalo គឺ​នំ ។​
រហូតមកទល់​ពេលនេះ​,​មជ្ឈដ្ឋាន​ជំនាញ​សុទ្ធតែ​ដឹង​ថា CMV បង្ក​ជា​ការរលាក​ឆ្លង​នៅ​មនុស្ស​ក្នុង​ពេលវេលា​មួយ​ណា​នោះ តែ​ពុំ​មាន​រោគសញ្ញា ហើយ​អាស្រ័យហេតុនេះ​តែង​មិន​ត្រូវបាន​យកចិត្តទុកដាក់​ដល់ ។ វីរុស​នេះរាលដាល​តាមផ្លូវ​បញ្ចេញ​ចោល ។​
ការស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ យ៉ាង ស៊ីន យន់ នាយក​មជ្ឈមណ្ឌលស្រាវជ្រាវ​សរសៃឈាម​បេះដូង​ឱ្យ​ដឹងថា​ ៖ "​ប្រសិន​យើងខ្ញុំ​បង្កើត​បាន​ដោយពិតប្រាកដ​ទំនាក់ទំនង​រវាង​ប្រភេទ​វីរុស​ នេះ និង​អាការៈ​កើន​សម្ពាធ​ឈាម យើងខ្ញុំ​អាចមាន​វ៉ាក់សាំង និង​ថ្នាំ​ប្រឆាំង​តប​ជំងឺលើសឈាម​" ។ ប៉ុន្តែ​,​លោកសាស្ត្រាចារ្យ​នេះ​ក៏​ប្រយ័ត្នប្រយែង​និយាយ​យ៉ាង​ច្បាស់លាស់​ ថា កិច្ចការស្រាវជ្រាវ​បច្ចុប្បន្ន​ទើបតែ​នៅ​ដំណាក់កាល​ចាប់ផ្តើម និង​នៅ​ឆាប់​ពេក ដើម្បីបញ្ជាក់​ពី​ពេលវេលា​ជាក់ស្តែង​មួយ​សម្រាប់​ការផលិត​វ៉ាក់សាំង ។ លោកមានប្រសាសន៍ថា "​នេះ​ជា​លើកដំបូង មជ្ឈដ្ឋាន​ជំនាញ​ការជោគជ័យ​ក្នុងការ បង្កើត​បាន​ទំនាក់ទំនង​នេះ​, អាស្រ័យហេតុនេះយើងខ្ញុំ​នៅ​ត្រូវ​ដំណើរការពិសោធន៍​បន្ថែមទៀត​ជាមួយនឹង​ អ្នកជំងឺ​ជាច្រើន​" ។​
​ ​ពិត​ដូច្នោះ​, តាំងពី​ឆ្នាំ​២០០៩ ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​ដំណើរ ការពិសោធន៍​លើ​សត្វ​កណ្តុរ​កំណត់​បាន​តួនាទី​របស់ CMV ក្នុង​ការបង្ក​ជំងឺ​លើសឈាម ។ ភាគច្រើន​នៃ​អ្នក​ជំងឺលើសឈាម​ទើប​កើត​ដំបូង ដែល​បច្ចុប្បន្ន​ពុំទាន់​ច្បាស់​មូលហេតុ ប៉ុន្តែ​ធម្មតា​មាន​ពាក់ព័ន្ធ​ដល់​កត្តា​ហ្សែ​ន​តំណពូជ​, ដល់បណ្តា​លក្ខខណ្ឌ​អនាម័យ​អន់ និង​ជំងឺ​តម្កាត់​ប្រែជា​ធ្ងន់ធ្ងរ​ដោយសា​រវ័យ ។ លើសឈាមជា​មូលហេតុ​ចម្បង​បង្ក​ជា ឧបទ្ទវហេតុ​ អំពី​បេះដូង និង​សរសៃ ឈាម​ខួរក្បាល ។​
​ ​គំហើញ​ថ្មី​របស់​អ្នកជំនាញការ​ចិន អាច​មាន​ឥទ្ធិពល​ធំ​ចំពោះ​ការបង្ការព្យាបាល​ប្រភេទ​ជំងឺ​នេះ​លើ​ពិភពលោក ព្រោះ​តាម​អង្គការ​សុខភាព​ពិភពលោក ( WHO), បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​១​ពាន់​លាន​នាក់​កើត​ជំងឺ​នេះ​, ក្នុងនោះ ជាង​២០០​លាន​ជា​ជនជាតិ​ចិន ។ តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ របស់​មហាវិទ្យាល័យ​សុខាភិបាល​សាធារណៈ និង វេជ្ជសាស្ត្រ​ត្រូពិក Tulane, News Orleans, នៅ​ប្រទេស​ចិនក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស ប្រមាណ​២,៣​លាន​នាក់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​, ក្នុងនោះ​ជំងឺលើសឈាម​ជា​មូលហេតុ​ចម្បង​មួយ ។ ក្រៅពីនេះ​, ប្រមាណ​៥០០ លាន​នាក់​ផ្សេង​ទៀត​មាន​គ្រោះថ្នាក់​ប្រាស្រ័យ​ផ្ទាល់​ជាមួយ "​ឃាតករ​សម្លាប់ មនុស្ស​ដោយ​ស្ងៀមស្ងាត់​"​នេះ​នៅ​ឆ្នាំ ២០២៥ ។ នេះ​ពុំ​គ្រាន់តែ​ជា​បញ្ហា​មានពាក់ព័ន្ធ​ដល់​ស្ថានភាព​ធាត់​នៅ​បណ្តា​ប្រទេស ​លោកខាងលិច​ប៉ុណ្ណោះ​ទេ តែ បច្ចុប្បន្ន​នៅ​តំបន់​មួយចំនួន​ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក​, ជំងឺលើសឈាម​កំពុង​ប្រែក្លាយទៅជា​ជំងឺ​ទូទៅ​មួយ ។ អត្រា​កើនឡើង​ជំងឺលើសឈាម​មានន័យ​ដូច​គ្នានឹង​រាប់​លាន​ករណី​បាត់បង់​ជីវិត​ ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​នឹង​ផ្ទុះឡើង ។​
​ ​វេជ្ជបណ្ឌិត Sidney Smith នៅ​មហាវិទ្យាល័យ North Carolina នៅ Chapel Hill និង​ជា​ទីប្រឹក្សា​ឱ្យ​សមាគម​សរសៃឈាម​បេះដូង​ពិភពលោក​មាន ប្រសាសន៍ថា សូម្បីតែ​នៅ​អាមេរិក​ភាគច្រើន​នៃ​អ្នក​ជំងឺលើសឈាម​នៅតែ​ពុំទាន់​ត្រូវបាន​ ព្យាបាល​ពេញលេញ​ក្នុងចំណោម​អ្នកជំងឺ​សុ​រប​៧២​លាន​នាក់​នៅទីនេះ ។​
​ ​លើសឈាម ជា​មូលហេតុ​ជួរមុខ​របស់​ការ​ដាច់​សរសៃឈាម​ខួរក្បាល និង​ខ្សោយតម្រងនោម ។ វា​នៅ​ជា​ភ្នាក់ងារ​បង្ក​ការ​ងងឹតភ្នែក និង​អាការៈបាត់​ការចងចាំ ។ អ្នក​ជំងឺលើសឈាម​តែង​មិនដឹង​ច្បាស់​រោគសញ្ញា​របស់​ជំងឺ រហូតដល់​ពេល​ផ្នែក​មួយ​ចំនួន​របស់​សរី​រាង្គ​បាន​ត្រូវរបួស ។​
​ ​ប៉ុន្តែ​ជំហាន​ស្ទុះ​របស់​ជំងឺ​នេះ​គ្រោង​នឹង​កើតឡើង​នៅ​បណ្តា​ ប្រទេសកំពុង​រីកចម្រើន​មាន​និន្នាការ​ផ្លាស់ប្តូរ​តាម​ទម្រង់​សេដ្ឋកិច្ច​ របស់​លោក​ខាងលិច ។ មនុស្ស​ម្នាក់​ក្នុងចំណោម​៣​នាក់ រស់នៅ​តំបន់​ទីក្រុង​ឥណ្ឌា បាន​មាន​រោគសញ្ញា​លើសឈាម​, ក្នុងពេល​អត្រា​នេះ​នៅ​តំបន់​ជនបទ​គឺ​តិចជាង ព្រោះ​របៀបរបប​រស់នៅ​សាមញ្ញ និង​មិន​សូវ​ស្ត្រេ​សជាង ។ ជាង​២៥​ភាគរយ​នៃ​ចំនួន​មនុស្សនៅ​ចិន​បាន​លើសឈាម ។ ហ្គាណា និង​អាហ្វ្រិក​ខាងត្បូង ក៏​មាន​អត្រា​ប្រ​ហាក់ប្រហែល ។​
​ ​វេជ្ជបណ្ឌិត Ostergren បាន​សហការ​ជាមួយ​អ្នកជំនាញការ​ពី​សាលាសេដ្ឋកិច្ច London និង​មហាវិទ្យាល័យ​ញូវយ៉ក ដើម្បី​ស្រាវជ្រាវ​អំពី​ប្រធានបទ "​វិបត្តិ​ជំងឺលើសឈាម​" មាន​ពាក់ព័ន្ធ​ដល់​មនុស្ស​១,៥៦​ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០២៥ ។ ប្រធានបទ​នេះ​មាន​និយាយ​ដល់​បញ្ហា​ផ្លាស់ប្តូរ​វប្បធម៌ ព្រោះ ប្រមាណ​៤០​ភាគរយ​នៃ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មាន​កើត​ជំងឺលើសឈាម ហើយ​វា​បាន​ក្លាយទៅជា​ប្រធានបទ​ប្រដៅ​នៅ​ស្ទើរតែ​ទាំងអស់​នៃ​ព្រះវិហារ របស់​ជនជាតិ​ស្បែក​ខ្មៅ ។ នៅ​កន្លែង​មួយចំនួន​ថែមទាំង​សម្តែង​ការមើលងាយ​អំពី​បុគ្គលិកលក្ខណៈ ប្រសិន​ត្រូវ​រក​ឃើញ​ប្រើប្រាស់​ថ្នាំ​លើស ឈាម ៕

គេង​តិច មើល​ទូរទស្សន៍​ច្រើន ធ្វើ​កុមារ​ធា​ត់

តាម​ការសិក្សា ដោយ​អ្នកស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ហ្គាស​ហ្គូ​វ (University of Glasgow) ចក្រភព​អង់គ្លេស បានឲ្យដឹងថា មូលហេតុ​សំខាន់​ដែល​ធ្វើឲ្យ​កុមារ​ប្រឈម​នឹង​ជំងឺ​ធា​ត់ គឺ​ការ​គេង​តិចជាង ១០ ម៉ោង​កន្លះ និង​មើល​ទូរទស្សន៍​ច្រើនជាង ៨ ម៉ោង ក្នុង ១ សប្តាហ៍ ។ ចំពោះ​មូលហេតុ​ផ្សេង​ដែល​ធ្វើឲ្យ​កើត​ជំងឺ​ធាត់​ចំពោះ​កុមារ គឺ​ទម្ងន់​ខ្លួន​ពេល​ទើប​កើត ឪពុក​ម្តាយ​មានជំងឺ​ធា​ត់ រូបរាង​ធាត់​ពេល​អាយុ ៨-១៨ ខែ ទម្ងន់​ខ្លួន​កើនឡើង​រហ័ស​ពេក ក្នុងអំឡុងពេល ១ ឆ្នាំ​ដំបូង មាន​ជាតិ​ខ្លាញ់​សន្សំ​ក្នុង​រាងកាយ​ច្រើន ពេល​អាយុ ៣-៤ ឆ្នាំ ។ ខាងលើនេះ ជា​ការសិក្សា​ពី​កុមារ​ចំនួន 9.000 នាក់ ក្នុង​ចក្រភព​អង់គ្លេស ដែល​ជា​ការគាំទ្រ​ទ្រឹស្តី​ដែលថា បរិស្ថាន​ជុំវិញ ក្នុង​អំឡុង​ពេល​ដំបូង​នៃ​ជីវិត មាន​ឥទ្ធិពល​ចំពោះ​អត្រា​ប្រឈម​នឹង​ជំងឺ​ធាត់ របស់​កុមារ ។ ទោះជា​យ៉ាងនោះក្តី អ្នកស្រាវជ្រាវ​បានបញ្ជាក់​ថា កត្តា​ពិតប្រាកដ​ចំពោះ​អត្រា​ប្រឈម​នឹង​ជំងឺ​ធាត់​នេះ នៅ​មាន​ច្រើន​ទៀត ៕​


Saturday, October 15, 2011

​ការជក់បារី​ធ្វើអោយបាត់បង់​ការចងចាំ​ចំនួន​១​ភាគ​៣

​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​និយាយថា អ្នក​ជក់​បារី​អាច​នឹង​បាត់បង់​ការចងចាំ​របស់​ខ្លួន​ចំនួន​១​ភាគ​៣​ជា​រៀងរាល់ថ្ងៃ​។​
​ ​
​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​មួយ​នៅ​សាកលវិទ្យាល័យ Northumbria University នៅក្នុង​ប្រទេស​អង់គ្លេស នេះ​បាន​បង្ហាញថា អ្នក​ជក់បារី​បាត់បង់​ការចងចាំ​ច្រើន​ជាង​អ្នក​ដែល​មិន​ជក់បារី​។​
​ ​
​ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​បោះបង់​ទម្លាប់​ជក់បារី​ធ្វើឲ្យ​ការចង​ចាំមាន​ឡើង​មក​វិញ​ស្ទើរតែ​ស្មើ​នឹង​កម្រិត​នៃ​អ្នក​ដែល​មិន​ជក់​បារី​ដែរ​។​
​ ​
​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស​ដែល​មាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​រហូត​ដល់​២៥​ឆ្នាំ ហើយ​ក៏​រួម​ទាំង​អ្នក​ដែល​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​នេះ​ផងដែរ​។​
​ ​
​វេជ្ជបណ្ឌិត ថម ហេហ្វ័​រ​នែន ដែល​ដឹកនាំ​ក្រុម​សហប្រតិបត្តិការ​ដើម្បី​ការសិក្សា​ស្រាវជ្រាវ​ពី​ឱសថ​និង​ស្រា​នៅ​សាកលវិទ្យាល័យ​នេះ បាន​និយាយថា លទ្ធផល​នៃ​ការរកឃើញ​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​យុទ្ធនាការ​ប្រឆាំង​ការជក់បារី​។​
​ ​
​លោក​បាន​និយាយថា «​ដោយសារតែ​មាន​អ្នក​ជក់បារី​រហូតដល់​ទៅ​១០​លាន​នាក់​នៅក្នុង​ប្រទេស​អង់គ្លេស និង​៤៥​លាន​នាក់​នៅក្នុង​សហរដ្ឋអាមេរិក នោះ វា​មាន​សារ​:​សំខាន់​ណាស់​ក្នុង​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការជក់បារី​ដែលមាន​ទៅលើ​តួនាទី​ចងចាំ​ជា​រៀងរាល់ថ្ងៃ ហើយ​វា​ជា​ឧទាហរណ៍​ដ៏​ឥតខ្ចោះ​មួយ​»៕

Friday, October 14, 2011

"​បំបាត់​" ជំងឺ​៩ប្រភេទដែល​ស្ត្រី​តែង​ជួបប្រទះ​

ភ្នំពេញ: អ្នកជំនាញការ​បាន​ស្ថិតិ​​ជំងឺ​ទូទៅ​៩​ប្រភេទ ​ដែល​ស្ត្រី​តែង​ជួបប្រទះ​ក្នុង​ជីវិត​របស់​ខ្លួន។ ​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ពី​ជំងឺ​ទាំងនោះ ស្ត្រី​គួរស្វែង​យល់​នូវ​គំនិត​ផ្តួចផ្តើម​ខាងក្រោម​នេះ ។​

​ ​ពិបាក​ទ្រាំ​ពេលមករដូវ ៖ ផឹក​ទឹកដោះគោក្តៅ​, បន្ថែម​ទឹកឃ្មុំ
​ ​ក្នុង​ពេល​មក​រដូវ មាន​ស្ត្រី​មិន​តិច​ឡើយ​ដែល​បាន​ជួប​នូវ​រោគសញ្ញាឈឺពោះ​ខាងក្រោម​, អស់កម្លាំង​, ច្របូកច្របល់​ដំណេក​, សភាព​ចិត្តគំនិត​មិនស្រួលបួល និង ​ អា​ការៈផ្សេងៗ​ទៀត​... ដើម្បី​ជួយ​ស្ត្រី​បន្ថយ​​រោគសញ្ញា​ទាំងនេះ ពួក​អ្នកជំនាញការ​ផ្នែក​សម្ភ​ព និង​រោគ​ស្ត្រី ​បាន​ផ្តល់​ការ​ទូន្មាន​ថា ក្នុងពេល​មាន​រដូវ មុន​ចូល​ដំណេក​រាល់​យប់ ស្ត្រី​គួរ​ផឹក​ទឹកដោះគោក្តៅ​មួយ​កែវ អាច​លាយ​បន្ថែម​ទឹកឃ្មុំ។ វិធី​នេះ​ជួយ​ធ្វើឱ្យ​ឈាម​រត់​ស្រួល​, បន្ថយ​ឈឺពោះ ធ្វើឱ្យ​ធូរចិត្ត និង​ទប់ស្កាត់​ការឆ្លង​មេរោគ។ ម៉ាញ៉េស្យូ​មមាន​ក្នុង​ទឹកឃ្មុំ អាចជួយ​ស្ត្រី​រក្សា​បាន​ភាពនឹងនរ​, បន្ថយ​ភាព​តានតឹង និង​សម្ពាធ​ក្នុង​បណ្តា​ថ្ងៃ​ពិបាក​ទ្រាំ​នេះ។​
​ ​ឈឺពោះ​ពេល​មក​រដូវ​ ៖ បរិភោគ​ចេក​មួយ​ផ្លែ​
​ ​ចេក​សម្បូរ​វីតាមីន B6 រួមចំណែក​រក្សា​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទរបស់​ស្ត្រី​ មានស្ថេរភាព ពិសេស​គឺ​ពេល​ឈឺពោះ​មករដូវ។ ក្រៅពី​នេះ​ ការបរិភោគចេក​​ ជា​វិធានការ​កែប្រែ​ដំណេក​ឱ្យ​ប្រសើរ​ឡើង​យ៉ាងមាន​ប្រសិទ្ធភាព។​
​ ​ឈឺ​មួយ​ចំហៀង​ក្បាល​ ៖ បរិភោគ​អាហារ​មាន​ផ្ទុក​ម៉ាញ៉េ​ស្យូម​
​ ​ស្ត្រី​ក្នុង​វ័យ​បង្កើតកូន ពិសេស​គឺ​អ្នក​ធ្វើការ​ពាក់ព័ន្ធ​ច្រើន​ដល់​ខួរក្បាល តែង​ត្រូវ​ឈឺ​មួយ​ចំហៀង​ក្បាល។ ការស្រាវជ្រាវ​បង្ហាញថា អ្នកជំងឺ​មួយចំនួន គឺ​បណ្តាល​ពី​បរិមាណ​ម៉ាញ៉េស្យូម​ក្នុងឈាម​ទាប។ របប​ទទួលទាន​មួយ​សម្បូរម៉ាញ៉េស្យូ​មមាន​នៅក្នុង ពពួកអា​ហារ​ដូចជា សណ្តែក​, ចេក​, ពពួក​គ្រាប់ និង​គ្រឿងសមុទ្រ អាច​ធ្វើឱ្យ​ថយចុះ​ការចាប់ផ្តើម​របស់​អាការៈ​ឈឺ​មួយ​ចំហៀង​ក្បាល។​
​ ​សោកសៅ​ ៖ បរិភោគ​ត្រី​
​ ​ដោយសារ​ឥទ្ធិពល​របស់​ការប្រែប្រួល​អ័រម៉ូន ស្ត្រី​មាន​លទ្ធភាព​ធ្លាក់ទៅ​ក្នុង​ភាព​សោកសៅ​ខ្ពស់ជាង ​ប្រៀប​នឹង​បុរស។ ការស្រាវជ្រាវ​បង្ហាញថា បរិភោគ​ត្រី និង​ពពួក​អាស៊ីត​ខ្លាញ់​ផ្សេងៗ​សម្បូរ Omega 3 ជាប្រចាំ អាចជួយ​បន្ថយ​ភាព​សោកសៅ​ ឬ​ធ្វើឱ្យ​ថយ​ចុះ​អត្រា​កើត​ជំងឺ​សោកសៅ។​
​ ​បរិមាណ estrogen ថយចុះ​: បរិភោគ​អាហារ​អំពី​សណ្តែកសៀង​
​ ​Estrogen ជា​អ័រម៉ូន​ភេទស្ត្រី​សំខាន់​ក្នុង​សរីរាង្គ។ ពេល​បរិមាណ estrogen ក្នុង​ឈាម​នៅក្រោម​កម្រិត​ធម្មតា នឹង​ធ្វើឱ្យ​សមត្ថកិច្ច​បង្កើតកូនរ​បស់​ស្ត្រី និង​សមត្ថកិច្ច​ផ្លូវភេទ​ត្រូវ​រង​ឥទ្ធិពល និង​ថែម​ទាំង "​គំរាមកំហែង​" ភាពសុវត្ថិភាព​របស់​បេះដូង។ ពពួក isoflavone មាន​ក្នុង​សណ្តែកសៀង ជា​សារជាតិ estrogen មួយ​ អាច​បំពេញ​ឱ្យ​ការខ្វះ estrogen ក្នុង​សរីរាង្គ។ ទឹក ៥០០ ml ទឹក​សណ្តែក ឬ​បរិភោគ​ច្រើនជាង ១០០g ផលិតផល​សណ្តែកសៀង​ នឹងមាន​ប្រសិទ្ធភាព​សម្រួល​សមត្ថកិច្ច​អ័រម៉ូន ដើម្បី​ជំរុញ estrogen ត្រឡប់​ទៅកម្រិត​ធម្មតា​វិញ។​
​ ​រលាក​ទ្វាមាស​, ផ្សិត​ទ្វាមាស​ ៖ បរិភោគ​ខ្ទឹមស​
​ ​បរិភោគ​ខ្ទឹមស​ជាប្រចាំ ជា​វិធី​ដែល​ស្ត្រី​ជាច្រើន ​ជ្រើសរើស​ដើម្បីបញ្ចៀស​ការរលាក​ទ្វាមាស​ដោយសារ​ផ្សិត។ ព្រោះថា ខ្ទឹមស​សម្បូរ allicin និង​សារជាតិ​ផ្សេងៗ ​ដូចជា​ស្ពាន់ធ័រ សារជាតិ​សម្លាប់​មេរោគ​ធម្មជាតិ ... មាន​ឥទ្ធិពល​កម្ចាត់​មេរោគ​ខ្លាំង​, រារាំង​ផ្សិត Candida ក្នុង​ទ្វាមាស​កើន​ហួសកម្រិត ​និង​បង្ក​ការ​រលាក។​
​ ​មហារីក​រោគ​ស្ត្រី​ ៖ បរិភោគ​ផ្លែឈើ​ និង​បន្លែ​ពណ៌​ក្រហម​ច្រើន​
​ ​ផ្លែ​ប៉ោម​ក្រហម​, ម្ទេស​ក្រហម ពពួក​ផ្លែឈើ​ពណ៌​ក្រហម​ផ្សេងៗ​ មានផ្ទុក​សមាសធាតុ​គីមី​រុក្ខជាតិ​ធម្មជាតិ​មួយ មាន​ប្រសិទ្ធភាព​ក្នុង​ការរារាំង​ការ​កើនឡើង​របស់​កោសិកា​មហារីក​ខាង​រោគ​ស្ត្រី ហើយ​អាស្រ័យហេតុនេះ ​មាន​តួនាទីមួយ​ក្នុង​ការបង្ការ​ប្រឆាំង​មហារីក​រោគ​ស្ត្រី។​
​ ​មហារីក​ដៃ​ស្បូនៈ បរិភោគ​អាហារ​សម្បូរ​កាល់ស្យូម​
​ ​ការស្រាវជ្រាវ​ជា​ច្រើន​បង្ហាញថា ស្ត្រី​បំពេញ​គ្រប់​បរិមាណ​កាល់ស្យូម ឱ្យ​សរីរាង្គ​នេះ​នឹង​ថយ​ចុះ​គ្រោះថ្នាក់​មហារីក​ដៃ​ស្បូន​ ដល់​ទៅ​៥៤​ភាគរយ។ អាស្រ័យហេតុនេះ ស្ត្រី​គួរ​យកចិត្តទុកដាក់​ ប្រភេទ​អាហារ​សម្បូរ​កាល់ស្យូម ពិសេស​គឺ​ស្ត្រី​ក្រោយ​អស់​រដូវ និង​ស្ត្រី​ចំណាស់។ រាល់ថ្ងៃ​បរិភោគ​កាល់ស្យូម ត្រូវ​បំពេញ​បន្ថែម​គឺ​ ១០០០ mg ។ ស្ត្រី​អាចបំពេញ​កាល់ស្យូម​ពី​ទឹកដោះគោ ផលិតផល​សណ្តែកសៀង, បង្គា​ក្រៀម, ត្រី សារាយ​សមុទ្រ ...៕ CEN

Wednesday, October 5, 2011

វិធី​សាមញ្ញ​៧​យ៉ាង​បង្ការ​មហារីក​សុដន់​

កើត​មហារីក​សុដន់ ត្រូវបាន​សង្ស័យថា បណ្តាលមកពី​ធាត់ ។ ក្នុងពេល​ដែល​ត្រូវ​ការដើរ​ដោយ​ទៀងទាត់​ប្រមាណ ១២​នាទី​ក្នុង​ថ្ងៃ​គឺ​អាច​ជួយ​បងប្អូន​ស្ត្រី​បន្ថយ​១៨​ភាគរយ​គ្រោះថ្នាក់​ កើត​ជំងឺ ។​ ​ខាងក្រោម​នេះ​ជា​ការផ្តួចផ្តើមមតិ​មួយចំនួន​លើកឡើង​ដោយ The Sun ជួយ​ដល់​បងប្អូន​ស្ត្រី​បន្ថយ​គ្រោះថ្នាក់​មហារីក​សុដន់​ ៖
​ ​១-​បន្ថយ​បរិភោគ​សាច់​ក្រហម​
​ ​ស្ត្រី​បរិភោគ​សាច់​ក្រហម​ច្រើន​មាន​គ្រោះថ្នាក់​ត្រូវ​មហារីក​សុដន់​ ខ្ពស់ទ្វេដង យោង​តាម​ការស្រាវជ្រាវ​មួយ​លើ​ស្ត្រី​៩០.០០០​នាក់ ដំណើរការដោយ​មហាវិទ្យាល័យ​ពេទ្យ Harvard (​អាមេរិក​)​។ សាច់​ក្រហម​មាន​ផ្ទុក​ពពួក អាស៊ីត​អាមីន​រំ​ញោច insulin ក្នុងពេលនោះ insulin ឈាម​ខ្ពស់​មាន​ពាក់ ព័ន្ធ​ដល់​មហារីក​សុដន់ ។​
​ ​ពពួក​សាច់​បាន​កែច្នៃ​ដូចជា ហ្សាំង​បុង​និង​ហតដក ក៏​មាន​ទំនាក់ទំនង​ជា​មួយ​ជំងឺ​នេះ ព្រោះ​វា​ផ្ទុក​អំបិល ស្ពាន់ធ័​រ អាច​បង្ក​ជំងឺមហារីក ។​
​ ​២-​សម្រាលកូន​មុន​អាយុ​៣០​ឆ្នាំ​
​ ​ស្ត្រី​គ្មាន​កូន ឬ​សម្រាលកូន​ដំបូង ក្រោយពេល​បាន​ឈាន​ហួស​អាយុ​៣០ ឆ្នាំ នោះ​ការ​ប្រឈម​កើត​មហារីក​សុដន់ក៏​ខ្ពស់ជាង ។ ពួក​ជំនាញការ​មានជំនឿថា ការ​សម្រាល កូន​មាន​ពាក់ព័ន្ធ​ដល់ជំងឺ​នេះ គឺ​ដោយសារ​វា​ជួយ​បន្ថយ​ចំនួន ខួប​រដូវ​ក្នុង​ជីវិត​ស្ត្រី ។​ ​
​ ​សាស្ត្រាចារ្យ Valerie Beral, ​ធ្លាប់​មាន​ការស្រាវជ្រាវ​អំពី​ហា​រីក​សុដន់ ឱ្យដឹងថា " ខ្ញុំ​បាន​យល់​ហេតុអ្វី​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​ជំងឺ​នេះ ។ យើង​សុទ្ធតែ​ដឹង​មូលហេតុ​សំខាន់ គឺ​ការសម្រាលកូន​ឬ​អត់​" ។​
​ ​៣-​ដើរ​ជា​ប្រចាំ​
​ ​ឥទ្ធិពល​របស់​ការដើ​រ​ចំពោះ​សុខភាព​ស្ត្រី​ត្រូវបាន​ពួក​ អ្នកវិទ្យាសាស្ត្របញ្ជាក់​តាំងពី​យូរ ។​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ការ​ហាត់ប្រាណ​ដ៏​សាមញ្ញ​នេះ​បែរជាមាន​ប្រយោជន៍​បំផុត​ក្នុង​ការបង្ការ​ បញ្ចៀស​ម​ហា​រីក​សុដន់ ។ ប៉ុន្តែ​ពួកជំនាញការ​នៅតែ​ពុំទាន់​ឯកភាព​បាន​ការដើរ​ប៉ុន្មាន​គឺ​ គ្រប់គ្រាន់ ។​
​ ​ការស្រាវជ្រាវ​មួយ​បង្ហាញថា អ្នក​ចាំបាច់​ដើរ​លឿន​តែមួយ​ម៉ោង​ដល់ជាង​២​ម៉ោង​ក្នុង​មួយ​សប្តាហ៍ គឺ​អាច​បន្ថយ​១៨​ភាគរយ​គ្រោះថ្នាក់​កើត​ជំងឺ​។ ប្រសិន​អ្នកដើរ​ប្រមាណ​១០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​នោះ​នឹង​នាំមក​ ប្រសិទ្ធភាពច្រើន​ជាង​នេះ​ទៀត ។​
​ ​៤-​ប្រេង​អូ​លីវ​
​ ​ប្រេង​អូ​លីវ​បន្តិច​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​ពេល​យប់​អាចជួយអ្នក​ បង្ការ​មហារីក។ ពួក​អ្នក​ស្រាវជ្រាវ អេ​ស្ប៉ាញ​សង្កេតឃើញថា វា​អាចវាយប្រហារ​ដុំ​មហារីក រារាំង​ការរីកចម្រើន​របស់​វា​និង​ការពារ ADN ។ បណ្ឌិត Eduard Escrich អ្នកដឹកនាំ​ការស្រាវជ្រាវ​ឱ្យដឹងថា ១០​ស្លាបព្រា​កាហ្វេ ប្រេង​អូ​លីវ​សុទ្ធ​ក្នុង​មួយ​ថ្ងៃ​គឺ​អាច​នាំមក​នូវ​ប្រសិទ្ធ​ភាព ។​
​ ​៥-​បញ្ចុះ​ទម្ងន់​
ប្រមាណ​៣០​ភាគរយ​នៃ​ករណី​កើត​មហារីក​សុដន់ ត្រូវ​សង្ស័យ​គឺបណ្តាល​ពី​ធាត់ ។ ក្នុងចំណោម ៤៥.០០០​ករណី​មហារីក​សុដន់​ត្រូវ បាន​វិនិច្ឆ័យ​ក្នុង​មួយ​ឆ្នាំៗ​នៅ​អង់គ្លេស ពួក​ជំនាញការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​អន្តរជាតិ​មាន​ជំនឿ​ថា ស្ត្រីជាង​១៤.០០០​នាក់​នឹង​មិន​កើត​ជំងឺ​នេះ ប្រសិន​ពួកគេ​បញ្ចុះ​ទម្ងន់ ។
​ ​វេជ្ជបណ្ឌិត Rachel Thompson, មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោកឱ្យដឹងថា "​ស្ត្រី​អាច​បង្ការ​ជំងឺ​ដោយ​វិធី​ឧស្សាហ៍​ហ្វឹកហាត់​និង​បរិភោគ​ជាតិ ខ្លាញ់​តិច​" ។​
​ ​៦-​ឱ្យ​កូន​បៅដោះ​ ​
​ ​ការស្រាវជ្រាវ​មួយ​ចំនួន​បានចង្អុលបង្ហាញ​ថា ការ​ឱ្យ​កូន​បៅដោះ ក៏​អាច​ជួយ​បន្ថយ​គ្រោះថ្នាក់​កើត​មហារីក​សុដន់ ពិសេស​ប្រសិន​ស្ត្រី​ឱ្យ​កូនបៅ​ពី ១៨​ខែ​ដល់​២​ឆ្នាំ ។​
​ ​មូលហេតុ គឺ​ដោយសារ​វា​ជួយ​បន្ថយ​ចំនួន​ខួប​រដូវ​ក្នុង​រង្វង់​ជីវិត​ស្ត្រី ។​
​ ​៧-​មិន​ផឹក​ស្រា​
​ ​ស្រា​ជា​កត្តា​គ្រោះថ្នាក់​ធំ​មួយ​ចំពោះ​ជំងឺមហារីក​សុដន់ ។ ការផឹក ស្រា​តែ​១​កែវ​ក្នុង​១​ថ្ងៃ​ក៏​បាន​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ ។ ស្ត្រី​ផឹក​ច្រើនជាង នេះ​ទៀត​នោះ​គ្រោះថ្នាក់​កើត​ជំងឺ​ស្មើ​១,៥​ដង​ប្រៀប​នឹង​អ្នក​មិន​ផឹក​ស្រា ។​
​ ​ពួក​អ្នក​ស្រាវជ្រាវ​នៅ​អ៊ីតាលី ក៏​ចាត់ទុកថា អត្រា​រួចផុត​ពី​សេចក្តីស្លាប់នៅ​អ្នក​ជំងឺមហារីក​សុដន់​មិន​ផឹកស្រា​គឺ​ជិត ​៩០​ភាគរយ តែ​នឹង​ថយចុះ​៦៥​ភាគរយ​ប្រសិន​ស្ត្រី​ផឹក​តែ​១​កែវ​ក្នុង​មួយថ្ងៃ ៕


Friday, September 30, 2011

ផ្លែ​ប៉ម​ឬ​ផ្លែ​ព័រ​អាច​ជួយ​បញ្ចៀស​ពី​ការ​កើត​ជម្ងឺ​ដាច់​សរសៃ​ក្នុង​ខួរក្បាល​

​ការសិក្សា​មួយ​បង្ហាញ​ថា​ការបរិភោគ​ផ្លែឈើ​និង​បន្លែ​ដែលមាន​សាច់​ពណ៌​ស​ច្រើន​អាច​ជួយ​បញ្ចៀស​ពី​ការ​កើត​ជម្ងឺ​ដាច់​សរសៃ​ក្នុង​ខួរក្បាល​ដែល​ភាសា​អង់គ្លេស​ថា​stroke ។​

​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សុខភាព​របស់​ប្រទេស​ហូ​ឡង់​បាន​និយាយថា អ្នក​ដែល​បរិភោគ​ផ្លែឈើ​ច្រើន​មានដូចជា​ផ្លែ​ប៉​ម ផ្លែ​ព័រ ចេក និង​បន្លែ​ម​មួយចំនួនទៀត អាច​ជួយ​កាន់​បន្ថយ​ការ​កើត​ជម្ងឺ​ដាច់​សរសៃឈាម​នៅក្នុង​ខួរក្បាល​បាន​ចំនួន​៥២​ភាគរយ​។​

​ការសិក្សា​រក​ឃើញ​នេះ​ចេញពី​ការសិក្សា​ទៅលើ​មនុស្ស​ពេញវ័យ​ជាង​២០.០០០​នាក់​ក្នុង​រយៈពេល​១០​ឆ្នាំ​។​

​តែ​ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​ខាង​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បាន​និយាយថា​គេ​ក៏​មិនគួរ​បោះបង់​ការបរិភោគ​បន្លែ​និង​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ផ្សេងៗ​ទៀត​នោះ​ទេ​៕
Zmu4m2rjmt

Wednesday, September 21, 2011

ឈឺពោះបែបណា​ ជាសញ្ញារលាកខ្នែងពោះវៀន ?


ចាប់ផ្តើមពីការឈឺពោះ បរិវេណផ្តិត ប្រហែល ៤-៦ស.ម​ ទើបផ្លាស់មកឈឺបរិវេណក្រោមពោះ ប៉ែកខាងស្តាំ ឬអ្នកខ្លះ អាចចាប់ផ្តើម ឈឺបរិវេណល្វែងពោះខាងស្តាំមុន ។ ប៉ុន្តែក៏មានអ្នកខ្លះទៀត ឈឺពោះ ខាងក្រោមខាងឆ្វេង អាស្រ័យទៅលើទឹកដែលខ្នែងពោះវៀនតម្រង់ ទៅរក ប្រសិនខ្នែងពោះវៀនតម្រង់ទៅខាងខ្នង នឹងឈឺខ្នង ឈឺចង្កេះ ឬឈឺឆ្អឹងជំនីរ ។

- មានអាការមូល ចង់ក្អួតចង្អោរ ហើយអាចមានអាការរាករូសផងដែរ

- អាការឈឺខ្នែងពោះវៀនរលាក តែងតែឈឺ ខ្មួលៗនៅខាងក្នុងពោះ ដែលភាគច្រើនបំផុត តែងតែឈឺផ្នែកខាងក្រោមស្តាំ ពោះឡើងតឹង ហើយរឹង ចុចសង្កត់ឈឺ លែងដៃវិញ ក៏ឈឺ ។ប្រសិនបើមានអាការចុកៗ ដែលរកប្រាប់អាការ អោយចំៗមិនត្រូវ អាចពិនិត្យ ទឹកនោម ពិនិត្យឈាម ។ចំណែកការឆ្លុះអេកូ គឺសម្រាប់យកមកធ្វើ រោគវិនិច្ឆ័យរួមគ្នាថា មិនមានជំងឺដទៃៗ ដូចជា រោគស្រ្តីជាដើម ។

- អាការដែលឈឺចាប់ស្រដៀង រលាកខ្នែងពោះវៀន ដូចជាស្រ្តីដែលមានគឺសត្រង់សម្បុកពង រលាកអាងត្រគាក កូនក្រៅស្បូន ដុំក្រួសក្នុងតម្រងនោមខាងស្តាំ រលាកពោះវៀន ជាដើម ...៕

(អត្ថបទដកស្រង់ចេញពី ទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨៦)

ជំងឺ​ដំបៅ​ក្រពះ​ កើតមក​ពី​អ្វី​ ?


​ជំងឺ​ដំបៅ​ ឬ​រលាក​ក្រពះ​តែងតែ​កើត​ពី​ការ​បរិភោគ​អាហារ​មិន​ទៀងពេល​វេលា​ ឬ​អាហារ​រសជាតិ​ខ្លាំង​ (​ហឹរ​ ,​ ប្រៃ​ ,​ជូរ​,​ ផ្អែម​ខ្លាំង​)​ គ្រៅ​ង​ស្រវឹង​ ឬ​កាហ្វេ​អ៊ី​ន​ ការ​លេបថ្នាំ​ប្រភេទ​ខ្លះ​ និង​ការ​តប់ប្រមល់​។​ ដូច្នេះ​អ្នក​អាច​ការពារ​ជំ​អឺ​ដំបៅ​ក្រពះ​បាន​ ដោយ​ចៀសវាង​សកម្មភាព​ទាំង​អស់នេះ​។​
​អាការ​នៃ​ជំងឺ​រលាក​ក្រពះ​ គឺ​ឈី​ពោះ​ ត្រង់​ចុងដង្ហើម​ នៅ​ពេល​ពោះ​ទំនេរ​ ហើយ​អាច​បាត់​នៅ​ពេល​ពោះ​មាន​អាហារ​ ។​អ្នកខ្លះ​ មានការ​ឈឺ​ក្រោយ​ពិសា​អាហារ​ ដែល​ឈឺ​បាត់ៗ​ យូរ​រាប់​ឆ្នាំ​ ប្រ​សិន​មាន​អាការ​ធ្ងន់ធ្ងរ​អាច​ដល់​ថ្នាក់​ក្អួត​ចេញ​ឈាម​ បត់ជើងធំ​ខ្មៅ​ និង​ឈឺពោះ​ធ្ងន់ធ្ងរ​ ។​
​ដូច្នេះ​ ប្រសិនបើ​អ្នកមាន​អាការ​ដូច​ខាងលើ​ ត្រូវ​ប្រញាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ជា​ពិសេស​ អ្នក​ត្រូវ​ផ្លាស់​ប្តូរ​សកម្មភាព​ខុសឆ្គង​ផង​ ដោយ​ងាក​មក​ពិសារ​អាហារ​អោយ​ទៀងពេល​ ចៀសវាង​អាហារ​រសជាតិ​ខ្លាំង​ ប​ញ្ឃ​ប់​ការ​ពិសា​គ្រឿង​ស្រវឹង​ ឬ​ទឹកក្រូច​ មាន​ជាតិ​ហ្គា​ស​ ប្រយ័ត្ន​ការ​ប្រើ​ថ្នាំ​ បំបាត់​ការ​ឈឺចាប់​ប្រភេទ​ខ្លះ​ ហាត់ប្រាណ​ជា​ប្រចាំ​ កុំ​តប់ប្រមល់​ ហើយ​ពិសា​ថ្នាំ​តាម​ការ​ណែនាំ​ គ្រូពេទ្យ​ យ៉ាងតិច​ ៤-៨​ស​ប្តា​ហ៍​ ៕

Monday, September 19, 2011

តើ​គួរប្រើ​ថ្នាំ "​រុញ​"​កម្ពស់​ឱ្យ​កុមារ​ឬ​អត់ ?


​ដោយ: CEN

ពេល​អ័រម៉ូន​លូតលាស់​ត្រូវបាន​ឃោសនា​ដូចជា​ប្រភេទ​ឱសថ​ជួយបញ្ចៀស​ឆ្ងាយ​ ពាក្យ "​តឿ​" នោះ អាណា​ព្យាបាល​ជា​ច្រើន​មិន​ស្តាយ​ប្រាក់​ដើម្បីរុញ​កម្ពស់​កូនៗ​ជា​ទី

ស្រឡាញ់ ។​ "​ខ្ពស់​ថែម​, ខ្ពស់​ទៀត​..." តែង​ជា​ការស្រេកឃ្លាន​របស់​ឪពុកម្តាយដែល​មាន​កូន​មាន​កម្ពស់​ទាប ។ ហើយ​ពុំ​ត្រឹមតែ​កុមារ​ទេ មនុស្ស​ជាច្រើន​ដែល មាន​អាយុ​លើស​២០-៣០​ឆ្នាំ​នៅ​តែ​ស្វះស្វែង​រក​ទិញ​អ័រម៉ូន​លូតលាស់​( GH), ក្តីសង្ឃឹម​ស្តួចស្តើង តែ​ផលវិបាក​បែរ​ជា​ធំ​...​។​ ​
​ ​អាការៈ "​ឆ្កួត​" អ័រម៉ូន​
​ ​អាណា​ព្យាបាល​ជា​ច្រើន​ចាត់ទុក GH ដូចជា​ប្រភេទ​អាហារូបត្ថម្ភសម្រាប់​អ្នកមាន ។ ជាក់ស្តែង​ការប្រើប្រាស់ GH សម្រាប់​មនុស្ស​ធម្មតា​មាន តម្រូវការ​លូត​កម្ពស់​នៅតែ​ជា​បញ្ហា​បង្ក​ការឈ្លោះប្រកែក​។ តាម​ការស្រាវជ្រាវ ជាច្រើន ការប្រើប្រាស់ GH នៅ​មនុស្ស​ធម្មតា​អាច​ជួយ​បង្កើន​ថែម​ពី​៣,៥ -៧,៥ សង់ទីម៉ែត្រ ។ ប៉ុន្តែ​លទ្ធផល​នេះ​ពុំ​ទូទៅ​ឡើយ មាន​មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ តែ​មិន កើន​ថែម​មួយ​សង់ទីម៉ែត្រ​ណា ។ មនុស្សពេញវ័យ​ជាច្រើន​ប្រើ​ថ្នាំ​ពេល​ឆ្អឹង​បានទៅ​ជា​ខ្លឹម បណ្តាល​ឱ្យ​ដើម​អវយវៈ​ធំ​ប៉ោង​ចេញ​ឆ្អឹង​ទ្រនុង​ថ្ពាល់​ឡើង​ខ្ពស់ មុខមាត់​ប្រែប្រួល​ទ្រង់ទ្រាយ ។​
​ ​ជាក់ស្តែង អាការៈ " ឆ្កួត​" GH ពុំ​ត្រឹមតែ​កើតមាន​នៅ​បណ្តា​ប្រទេស អាស៊ី​ជាច្រើន​ប៉ុណ្ណោះ​ទេ ។ ប្រទេស​អូស្ត្រាលី​កំពុង​ត្រូវ​ប្រឈមមុខ​ជាមួយស្ថានភាព​នេះ​ក្នុង​រយៈពេល​ដ៏ ​វែង ដោយសារ​វិស័យ​សុខាភិបាល​ទទួល យល់ព្រម​ផ្តល់​ថ្នាំ​ឱ្យ​អ្នក​ប្រើ​ដោយ​មិន​គិត​ប្រាក់ ។ តម្លៃ​ថ្នាំ​ថ្លៃ តែ​ត្រូវ​បាន​រដ្ឋា​ភិបាល​រ៉ាប់រង ហេតុនេះ​អាណា​ព្យាបាល​បង្ខំ​ឱ្យ​កូន​របស់​ខ្លួន​ប្រើប្រាស់​ -​មិន​រវល់ ដល់​ការព្រមាន​ថា​ថ្នាំ​អាច​ធ្វើឱ្យ​កើន​សម្ពាធ​ខាងក្នុង​លលាដ៍ក្បាល បង្ក​ការ ឈឺក្បាល ។​
​ ​តាមដាន​ការលូតលាស់​កម្ពស់​តាំង​ពី​ទើប​កើត​
​ ​ដូច្នេះ GH ពិតប្រាកដ​ជា​អ្វី​? ធម្មតា​ក្នុង​សរីរាង្គ​, GH ជា​ប្រភេទ​អ័រម៉ូន រំញោច​សរីរាង្គ​វែង​ចេញ​និង​ធំ​ឡើង​។ មនុស្ស​ជាច្រើន​ត្រូវ​តឿ​ដោយសារ​ពី កំណើត​ខ្វះ GH មិន​ព្យាបាល​នឹង​ឈប់​នៅ​កម្ពស់​អតិបរមា​១,២​ម៉ែត្រ​ចំពោះ​ស្ត្រី និង​១,៣​ម៉ែត្រ​ចំពោះ​បុរស​, ត្រូវបំពេញ GH ដូច​ជា​វិធី​ព្យាបាល​ជំនួស​មួយ ។ ប៉ុន្តែ ដល់​វ័យ​ពេញវ័យ ឆ្អឹង​ទៅជា​ខ្លឹម​រួចហើយនោះ GH មិន​អាច​រុញ​កម្ពស់​ថែម ទៀត​។​ក្រៅពីនេះ GH នៅ​ត្រូវបាន​កំណត់ ជួយ​បង្កើន​កម្ពស់​ឱ្យ​ក្មេងស្រី​កើត​ជំងឺ Turner, កុមារ​រីកចម្រើន​យឺត​ក្នុង​គភ៌ ដែល​ដល់​អាយុ​៤​ឆ្នាំ​មិន​តាម​ទាន់​កម្ពស់ របស់​កុមារ​ធម្មតា កុមារ​រីកចម្រើន​កម្ពស់​យឺត ខ្សោយក្រលៀន​រ៉ាំរ៉ៃ​ ថ្មីៗនេះ ,​ការកំណត់​នេះ​ត្រូវបាន​បើក​ទូលាយ​បន្ថែម​នៅ​កុមារ​កើត​ជំងឺ Prader Willi ។ នេះ​ជា​អាការៈ​ជំងឺ​អាច​សម្គាល់ពី​ដំណាក់កាល​ដំបូង​នៃ​ជីវិតៈ មុន​អាយុ​២ ឆ្នាំ កុមារ​មាន​ស្តែង​ចេញ​ការថយចុះ​កម្លាំង​ពង្រីក​សាច់ដុំ​ទូ​ទាំង​រាងកាយ (​ពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​នោះ​ធាក់​ខ្សោយ​) ដំណាក់កាល​ទើប​កើត​យំ​មិន​សូវ​ឮ ខ្លួនទន់​ល្វត ) ថយ​សមត្ថកិច្ច​ផ្លូវភេទ (​ប្រដាប់បន្តពូជ​តូច នៅ​ក្មេង​ប្រុស​បន្ថែម​លេចចេញ​បង្កប់​ពងស្វាស​) ។ ក្រោយ​អាយុ ២​ឆ្នាំ កុមារ​បរិភោគ​ច្រើន​ធាត់​ឡើង ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម បាតដៃ​បាតជើង​តូច ចន្លោះ​សៀតផ្កា​ទាំង​២​ចង្អៀត ចង្កា​តូច​...​។ អាការៈ Prader Willi សំណូមពរ​បំពេញ GH កាន់តែ​ឆាប់​កាន់ តែ​ល្អ​(​អាច​មុន​អាយុ​១​ឆ្នាំ​) ។​
​ ​ប៉ុន្តែ​ពុំ​មែន​ឱ្យតែ​ទាប​គឺ​ទម្លាក់​ទៅលើ​ការខ្វះខាត GH ។ "​កុមារ​នឹង​ត្រូវ បាន​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ប្រវត្តិ​ពេល​នៅក្នុង​ផ្ទៃ​ម្តាយ​និង​ពេល​កើត ។ បន្ទាប់ ពី​នោះ​នឹង​ត្រូវ​បាន​វិភាគ វាស់​អាយុ ឆ្អឹង​..."​។​
​ ​ការតាមដាន​កម្ពស់​ត្រូវ​តែ​ចាប់ផ្តើម​តាំងពី​ដំណាក់កាល​ជា​ទារក ប៉ុន្តែ ភាគច្រើន​សុទ្ធតែ​រកឃើញ​ជំងឺ​យឺត ។ កុមារ​ចូលរៀន​ថ្នាក់​ទី​១ តម្រង់​ជួរ​, អាណា​ព្យាបាល​ឃើញ​កូន​របស់​ខ្លួន​ទាប​ជាង​មិត្តភក្តិ​វ័យ​ស្របាលៗ​គ្នា​នោះ ទើប​ស្ទុះស្ទា​រក​ថ្នាំ ,​ទៅ​ជួប​គ្រូពេទ្យ ៕​


Sunday, September 18, 2011

ថ្នាំព្យាបាលគីសតាមបែបបុរាណខ្មែរ


ដោយ វីរៈ ដារ៉ា​

រូបភាពដើមក្បាលរ៉ុយ ឬ កំប៉ោយចិន (ផ្តល់ដោយ Ros Peoulakhena)

កាលពីថ្ងៃអាទិត្យម្សិលមិញ, ខ្ញុំបានទៅលេង នៅទីកន្លែងមួយ ឯជាយក្រុង ក៏បានជួបប្រទះ និង អ្នកភូមិ កំពុងតែបោច ដើមក្បាលរ៉ុយ ឬ កំប៉ោយចិន។ ខ្ញុំក៏បានសួរទៅអ៊ុំម្នាក់ ដែល​កំពុង​បោច​នោះ តើគាត់យកវាទៅធ្វើអ្វី? គាត់ក៏បានលាត់ បង្ហាញនូវស្នាម គីស មួយកន្លែង​នៅ​នឹង​ភ្លៅ​របស់​គាត់ ដែលបានស្រកជិតអស់​ទៅ​ហើយថា គាត់យកវាទៅដាំទឹកផឹក ព្យាបាល​ដុំគីស​មួយ​នេះ ព្រោះគាត់មិនហ៊ានវះទេ ដោយខ្លាចវាបែក។ ក្រោយពីផឹកអស់១រយះ វារាប​ស្ទើរ​តែ​គ្មាន​អ្វី​កើតឡើង​ទៅហើយ។

បន្ទាប់មកទៀត ខ្ញុំក៏បានជួបនឹងប្អូនស្រីម្នាក់ទៀត ដែលនៅជិតនោះ​បាន​អះអាង​នូវ​ប្រសិទ្ធិភាព​នៃដើមនេះថា កាលពីមុន ខ្លួនមានគីស ១​គ្រាប់នៅនឹងសុដន្ត ហើយពេទ្យថាត្រូវតែកាត់ ជាស​វាង​​មហារីកដោះ។ ប្អូនក៏បានជ្រើសរើសការព្យាបាលដោយប្រើរុក្ខជាតិនេះ ​លាយ​ជា​មួយ​​​​និង​ស្រា ហើយឥឡូវពេលទៅអេកូម្តងទៀត ពេទ្យបញ្ជាក់ថា គ្មានមានអ្វីទៀតទេ។

ការព្យាបាលរបស់អ្នកទាំងពីរ ប្រើវិធីខុសគ្នាដូចខាងក្រោម៖

  • វិធីទី១៖ បេះយកស្លឹក និង ផ្កា​បន្តិចមកបុក រួចលាយជាមួយស្រាស មួយកូនកែវ (ប៉ុនពែងអាកោរ) ផឹកជាប្រចាំ អាចធ្វើឲ្យដុំគីស រលាយ​បាត់​ទៅវិញ។
  • វិធីទី២៖ យកទាំងអស់ (ឬស, ដើម, ស្លឹក, ផ្កា) មកហាលថ្ងៃឲ្យស្ងួត រួចយកមកដាំទឹកផឹក ដូចជាតែ​រាល់ថ្ងៃ។

តាមការអះអាងរបស់អ្នកទាំងពីរ វិធីទី១មានប្រសិទ្ធភាពខ្ពស់ជាង តែវិធីទី២មានគុណសម្បត្តិ ចំពោះអ្នកមិនចេះញ៉ាំស្រា ឬ ក៏ អ្នកមាន​ផល​ប៉ះពាល់ ដោយសាស្រា។

ខ្ញុំមិនដឹងថាប្រសិទ្ធិភាពពិតប្រាកដបែបណានោះទេ គ្រាន់តែ​ចែករំលែក​តាម​ការ​​ជួប​ប្រទះ​តែ​ប៉ុណ្ណោះ។

**************************

ប្រសិទ្ធភាពចំពោះជម្ងឺផ្សេងទៀត ចម្លងចញពី Wall របស់ Ros Peoulakhena

ក្បាលរុយ ឬ កំប៉ោយចិន ជាប្រភេទរុក្ខជាតិឱសថដែលអាចព្យបាលជម្ងឺ ច្រើនមុខដូចជា៖ ផ្តាសាយ ក្តៅខ្លួន រាគមួល ក្អក លើសឈាម កើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស។

កម្រិត និងរបៀបប្រើ៖ លាងទឹកអោយស្អាត, ហាលស្ងួត ដាំទឹកពី ១៥ ទៅ ៣០ក្រាម ក្នុងមួយថ្ងៃ (ពិសារធម្មតា)។
(រុក្ខជាតិឱសថកម្ពុជា ២០០៦, ទំព័រ ១ និង ២)

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​គេង​គ្រប់​គ្រាន់



ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ចំពោះ​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​ដែល​សម្រាក​បាន​តិចតួច​​ ធ្វើ​ឲ្យ​ជាតិ​ស្ករ​គ្លុយកូស​ក្នុង​ឈាម​របស់​ពួកគេ​​កើន​ឡើង​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ដំណាក់​កាល​កាន់​តែ​លំបាក​ក្នុង​ការគ្រប់​ គ្រង​ជំងឺ​នេះ​។

ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ធ្វើ​ការ​ប្រៀប​ធៀប​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ប្រមាណ​៤០​នាក់​។ ក្រុម​អ្នក​អង្កេត​បាន​ពិនិត្យ​មើល​ពី​ទំនាក់​ទំនង​រវាង​ការ​សម្រាក​ កម្រិត​ជាតិស្ក​រក្នុង​ឈាម​និង​វិធានការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ផ្សេង​ទៀត​។

អ្នក​ស្រី​ គ្រីស្ទីន នូតសិន (Kristen Knutson) ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​សិក្សា​នេះ​ និង​ជា​ជំនួយ​ការ​សាស្រ្ដាចារ្យ​ផ្នែក​ទន្តសាស្រ្ដ​នៅ​សាកល​វិទ្យាល័យ​ ឈីកាហ្គោ​ បាន​ថ្លែង​ថា​៖ «​យើង​បាន​រក​ឃើញ​ថា​ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​នោះ​ ​គឺ​មាន​ទំនាក់​ទំនង​គ្នា​រវាង​​ពេលវេលា​សម្រាក​​មិន​គ្រប់​គ្រាន់​និង​ រង្វាស់​ជាតិ​ស្ក​រក្នុង​ឈាម​កាន់​តែ​ធ្ងន់​ធ្ងរ​»​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​បញ្ហា​មិន​បាន​សម្រាក​គ្រប់​គ្រាន់​ បាន​បង្កើន​​កម្រិត​ជាតិ​ស្ក​​រ​គ្លុយកូស​ក្នុង​ឈាម​រហូត​ដល់​២៣​ភាគរយ​ និង​កម្រិត​ជាតិ​ស្ក​រអាំងសូលីន​៤៨​ភាគរយ​ព្រមទាំង​រំខាន​ដល់​ប្រព័ន្ធ​ គ្រប់​គ្រង​ជាតិ​ស្ក​រអាំងសូលីន​ដល់​ទៅ​៨២​ភាគរយ​បើធៀប​នឹង​អ្នក​ជំងឺ​ដែល​ សម្រាក​បាន​គ្រប់​គ្រាន់​។

អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម​ក៏​គួរ​តែ​​កាត់​បន្ថយ​ជំងឺ​ធុញ​ថប់​ផ្លូវ​ចិត្ដ ​ដើម្បី​ឲ្យ​មាន​ដំណេក​ស្កប់ស្កល់​ផង​ដែរ៕

ភ្នំពេញប៉ុស្តិ៍

ផលប្រយោជន៍​ព្យាបាល​ជំងឺ​ពី​ម្ហូបចំណី​ហឹរ​

ផលប្រយោជន៍​ព្យាបាល​ជំងឺ​ពី​ម្ហូបចំណី​ហឹរ​


តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញថា អាហារ​ហឹរ​ជួយ​បញ្ចុះទម្ងន់​, ល្អ​សម្រាប់​សរសៃឈាម​បេះដូង​, បង្កើន​ចរាចរ​ឈាម​, ប្រឆាំង​មហារីក …​។​

ម្ហូបអាហារ​ហឹរ​ត្រូវបាន​មនុស្ស​ជាច្រើន​និយម​ចូល​ចិត្ត​លើ​ទូទាំង​ពិភពលោក ។ យោង​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ឱ្យដឹងថា ការបន្ថែម​គ្រឿងទេសហឹរ​មួយ​ទៅ​ក្នុង​អាហារ​របស់​អ្នក អាច​ល្អ​សម្រាប់​សុខភាព​ជាង​អ្នក​គិត ។ ផលប្រយោជន៍​របស់​ម្ហូបចំណី​ហឹរ​រួមមានៈ​

  1. ជួយ​បញ្ចុះទម្ងន់​៖ ម្ទេស​ហឹរ​ផ្ទុក Capsaicin អាច​បង្កើន​ល្បឿន បំប្លែង​សារ​ជាតិ​​​និង​​ជួយ​សរីរាង្គ​ដុត​បំផ្លាញ​កាឡូរី​លឿន​ជាង ។ ប្រការនេះគឺ​ដោយសារ Capsaicin ធ្វើឱ្យ​កើន​សីតុណ្ហភាព​សរីរាង្គ​របស់អ្នក និង​រួមចំណែក​ធ្វើឱ្យ​កើន​ចង្វាក់បេះដូង​របស់​អ្នក ។​
  2. ​ល្អ​សម្រាប់​សរសៃឈាម​បេះដូង​៖ ម្ទេស​ហឹរ​អាចជួយ​កែប្រែ​ឱ្យប្រសើរ​ឡើង​សុខភាព​សរសៃឈាម​បេះដូង ដោយ​វិធី​កែប្រែ​សមត្ថភាព​​របស់សរីរាង្គ​រំលាយ​ឈាម​កក ។ ការស្រាវជ្រាវ​បាន​ចង្អុល​បង្ហាញ្ញ​​ថា ដង់ស៊ីតេ​ទាបនៃ​កូ​ឡេ​ស្តេ​រ៉ូ​ល LDL (​កូ​ឡេ​​ស្តេ​រ៉ូល​​អាក្រក់​) ប្រឆាំង​​តប​ដំណើរ​ការ​អុកស៊ីត​កម្ម ក្នុង​រយៈ​ពេល​​វែង​មួយ (​អាច​ធ្វើ​ឱ្យ​ស្ទះ​សរសៃ​ឈាម​​របស់​អ្នក​) អាស្រ័យ​ហេតុនេះ​ពេល​បំពេញ​ម្ទេស​ទៅ​ក្នុង​របប​​ទទួល​ទាន​អាច​ធ្វើឱ្យ​ថយចុះ​ គ្រោះថ្នាក់ឈឺ​បេះដូង ឈាមកក​នៅ​ខួរក្បាល​។​
  3. បង្កើន​ចរាចរ​ឈាម​​៖ ប្រភេទ ​អាហារ​ហឹរ​ក៏​ជំរុញ​ចរាចរ​ឈាម​បានល្អ និង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ។ ពេល​អ្នក​បរិភោគ​អាហា​រហឹរ សីតុណ្ហភាព​សរីរាង្គរ​បស់​អ្នក​ត្រូវ​បាន​លើកឡើង អាស្រ័យ​ហេតុ​នោះ​ធ្វើឱ្យ​កើន បរិមាណ​ចរាចរ​ឈាម​​បេះដូង ។ ក្នុង​ម្ទេស​ក៏​មាន​វីតាមីន A និង C ច្រើន ហេតុនេះ​ជួយ​ពង្រឹង​គែម​​សរសៃឈាម ។​
  4. ប្រឆាំង​មហារីក​៖ ការស្រាវជ្រាវ​ជា​ច្រើន​បានចង្អុលបង្ហាញ​ថា ការ​ប្រើ​ប្រាស់​​ម្ទេស​ជាប្រចាំ នឹង​មាន​ឥទ្ធិពល​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​មហារីក ។ ក្នុង​​ករណី​​មួយ​​ចំនួន Capsaicin ពន្យឺត​ភាព​រីកចម្រើន​របស់​កោសិកា​មហារីក មិន​​តែ​​​ប៉ុណ្ណោះ​​ធ្វើ​ឱ្យ​ងាប់​កោសិកា​មហារីក​ដោយ​មិន​ធ្វើឱ្យ​អន្តរាយ​​ដល់​ កោសិកាជុំវិញ ។​
  5. ជំរុញ​រំលាយ​អាហារ​​៖ ពពួក ​គ្រឿងទេស​ធ្វើឱ្យ​កើន​ការបញ្ចេញ hydrocloric ក្នុង​ក្រពះ ជួយ​អ្នក​រំលាយ​អាហារ​ងាយស្រួល​ជាង ទន្ទឹម​នោះ​ធ្វើឱ្យ​កើន​ចរាចរ​ឈាម​ទៅ​ដល់​ក្រពះ ។ Capsaicin ក្នុង​គ្រឿងទេស​ហឹរ​ក៏​ជួយ កម្ទេច​ពពួក​បាក់​តេរី​ដូច​ជា H. Pylori និង​ជួយ​ទប់ស្កាត់​ឬ​ព្យាបាល​ជំងឺ​រលាក​ក្រពះ ។ ប៉ុន្តែ​ប្រសិន​អ្នក​ត្រូវ​ភើ​ក្តៅពី​ការ​បរិភោគអា​ហារហឹ​រ នោះ​ចូ​រសាក ប្រើប្រាស់​ថ្នាំ​ប្រឆាំង​អាស៊ីត​មួយ​គ្រាប់​ដើម្បី​សម្រួល​អាស៊ីត​ក្នុង​ ក្រពះ ។​
  6. ​ព្យាបាល​ជំងឺ​សន្លាក់​​៖ គ្រឿងទេស​ល្មៀត ( haldi ធ្វើឱ្យ​ថយចុះ​រលាក និង​​បំផ្លាញ​​ឆ្អឹង​នៅ​មនុស្ស ។ សារជាតិ Circumin មាន​នៅក្នុង​ល្មៀតជួយ​បន្ថយ​​ភាពឈឺចាប់​ពាក់ព័ន្ធ​ដល់​រលាក​សន្លាក់ ។​
  7. ​គ្រុន​រងា​និង​គ្រុនផ្តាសាយ​៖ Capsaicin ក្នុង​ពពួក​អាហារ​ធ្វើ​គ្រឿង​ទេស​ជំរុញ​​សរីរាង្គ​ចេញ​ញើស និងជួយ​បន្ថយ​ភាព​ពិបាក​ទ្រាំ​របស់​រោគសញ្ញា​គ្រុន​​រងា​និង​ផ្តាសាយ ។ វា​ក៏​ជួយ​ឱ្យ​ធូរ​ច្រមុះ ដកដង្ហើម​ស្រួល បន្ថយ​រលាក​ខ្ទង់​ច្រមុះ និង​រោគសញ្ញា​ផ្តាសាយ​ផ្សេងៗ ។​
  8. ​​កែប្រែ​ដំណេក​ឱ្យ​ប្រសើរ​ឡើង​៖ អ្នកស្រាវជ្រាវ​អូស្ត្រាលី​បាន​រក ឃើញថា ពួក​អ្នក​បរិភោគ​អាហារ​មាន​គ្រឿងទេស​ច្រើន​នឹង​ងាយ​ដេកលក់ ស្រួល​ជាង ។ ពួកគេ​ក៏​ភ្ញាក់​ពី​ដំណេក​ងាយស្រួល​ជាង មិន​អស់កម្លាំង និង​មានថាមពល​ច្រើន​ពេញ​មួយ​ថ្ងៃ ។​
  9. ​កែប្រែ​សភាព​ចិត្តគំនិត​៖ ម្ទេស​បង្កើន​កម្រិត endorphin និង Serotonin បន្ថយ​ឈឺចាប់ និង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​សុភមង្គល បញ្ចៀសបាន​រោគ​ផ្លូវចិត្ត និង​អារម្មណ៍​តានតឹង​ហួស​កម្រិត ។​
  10. ​ដកដង្ហើម​ល្អ​ជាង​៖ ម្ទេស ​ហឹរ​ល្អ​បំផុត​សម្រាប់​អ្នក​កើត​ជំងឺ​ហឺត រលាក​ទងសួត​រ៉ាំរ៉ៃ រលាក​ខ្ទង់ច្រមុះ ព្រោះ​វា​ជួយ​បន្ថយ​និង​កម្ទេច​ស្លេស្ម៍ ជួយ​ឱ្យ​អ្នក​ដកដង្ហើម​ស្រួល​ជាង ។ ម្ទេស​ហឹរ​ក៏​មាន​ឥទ្ធិពល​ធ្វើឱ្យ​ធូរ​ច្រមុះ ជួយ ឱ្យ​ដកដង្ហើម​ល្អ ។​

​ប៉ុន្តែ​រឿង​សំខាន់​គឺ​អ្នក​គួរ​បរិភោគ​ហឹរ​ក្នុង​កម្រិត​សមល្មម ។ ពិសេសគឺ​ប្រសិនបើ​អ្នក​មាន​​ក្រពះ​​​រំញោច​​នោះ ដាច់ខាត​ត្រូវ​ចៀស​ឆ្ងាយ​ពី​អាហារ​ហឹរ ៕CEN

Saturday, September 17, 2011

វិធីបំបាត់មុននៅលើផ្ទៃមុខ​សម្រាប់​យុវវ័យកំពុងឡើងខ្លួន

http://www.healthcambodia.org/wp-content/uploads/2011/06/girl-applying-acne-treatment-cream-200x300.jpghttp://www.healthcambodia.org/wp-content/uploads/2011/06/girl-applying-acne-treatment-cream-200x300.jpg

មុន​គឺ​ជារោគ​រំ​ខាន​ផ្លូវ​អារម្មណ៍​យ៉ាង​សំ​ខាន់​ដល់​បណ្តា​យុវវ័យ​របស់ ​យើង​ ដែល​កត្តា​សំ​ខាន់​បំ​ផុត​គឺ​កើត​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​អ័​ម៉ូន​ភេទ​។ គេ​ចាប់​ផ្តើម​ឃើញ​មុន​បាន​វាយ​លុក​លើ​ផ្ទៃ​មុខ​យុវវ័យ​ទៅ​តាម​វ័យ​ខុសៗ​ គ្នា ដែល​អ្នក​ខ្លះ​មាន​ចាប់​តាំង​ពី​អាយុ​១៤​ឆ្នាំ​ រហូត​ដល់​ខ្ទង់​២០​ប្លាយ​ទើប​ថប​ថយ​ចុះ​ទៅ​វិញ​។

​ ​បើ​ចង់​កម្ចាត់​មុន​ឲ្យ​មាន​ប្រសិទួ្ធ​ភាព​បណ្តា​យុវវ័យ យុវនារី​យើង​អាច​ប្រើ​ហ្វូម​ប្រភេទ​សម្អាត​ស្បែក​ និង​សាប៊ូរ​រាវ​លាង​សម្អាត​ផ្ទៃ​មុខ​ ដើម្បី​កម្ចាត់​ភាព​កខ្វក់​ដែល​នៅ​ជាប់​ក្នុង​រន្ធ​រោម​ចេញ​ បន្ទាប់​មក​ប្រើ​ទឹក​ក្តៅ​ខ្លាំង​ចាក់​ទៅ​ក្នុង​ចានកោម​ ហើយ​ឪន​មុខ​ចុះ​ដើម្បី​ឲ្យ​ចំ​ហាយ​ទឹក​ក្តៅ​ជួយ​បើក​រន្ធ​រោម​ឡើង​វិញ​ វិធី​នេះ​គឺ​អាច​ជួយ​បំ​បាត់​មុន​បាន​មួយ​កម្រិតផង​ដែរ​។

មួយ​ទៀត​គឺ​យក​ទឹក​ក្រូច​ឆ្មាលាយ​ជា​មួយ​ស៊ុត​ស​២​គ្រាប់​ (​ស៊ុត​សសុទ្ធ​) ​វាយបញ្ជូល​គ្នា​ឲ្យ​សព្វ​ល្អ​ ​ហើយ​​យកមក​​លាប​ស្តើង​ៗ​នៅ​លើ​ផ្ទៃ​មុខ​ បន្ទាប់​មក​កាត់​ក្រដាស​ជូត​មាត់​ជារាង​បួន​ជ្រុង​ឲ្យ​បាន​៥​សន្លឹក​រួច​យក​ មក​បិទ​លើ​ថ្ងាស​ ច្រមុះ​ ចង្កា និង​ថ្ពាល់​ទាំង​សង​ខាង​ ហើយ​ត្រូវ​ទុក​រហូត​​ក្រដាស​ចាប់​ផ្តើម​រឹង​ដែល​មាន​រយៈ​ពេល​ប្រហែល​ជា​៥​ នាទី​។

នៅ​ពេល​ឃើញ​ថា ​ក្រដាស​ចាប់​ផ្តើម​រឹង​ល្មមហើយ​ត្រូវ​បក​​ចេញដោយ​ថ្នម​ៗ​បន្តិច​ម្តង​ៗ​ ពីលើ​ផ្ទៃ​មុខ​នោះ​អ្នកនឹង​បាន​ឃើញ​មុន​មួយ​ចំ​នួន​ខ្លះ​របក​ចេញ​មក​ជា​មួយ​ ពុំ​ខាន​​។ នៅ​ពេល​រួច​រាល់​ហើយ​យើង​អាច​ធ្វើ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ដោយ​ទឹក​ត្រជាក់ ​ខ្លាំង​ ដើម្បីបិទ​រន្ធ​រោម​វិញ​ជា​ការ​ស្រេច​៕