កំហឹងជាប្រតិកម្មច្រឡោតនៃអារម្មណ៍ដែលតែងតែកើតមានលើបុគ្គលម្នាក់ៗមិនអាចចៀសផុត។ ការថប់អាម្មណ៍ និង ភាពតានតឹងក្នុងចិត្ដបង្កជាមូលហេតុនៃការមួម៉ៅក្ដៅក្រហាយចំពោះអ្វីដែលនៅជុំវិញខ្លួនយើង ធ្វើឱ្យយើងខាតបង់ផលប្រយោជន៍ យ៉ាងច្រើន និងផ្ដល់នូវបញ្ហាតាមក្រោយមិនចេះចប់ ក្រោយទង្វើដែលយើងធ្វើប្រកបដោយការខឹងនោះ។ ដូចនេះមនុស្សម្នាក់ៗគួរតែ ស្វែងយល់ និងធ្វើលំហាត់ប្រាណចិត្ដគំនិតទើបជាការប្រសើរក្នុងការរម្ងាប់កំហឹង។
លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នកឯកទេសជំនាញផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ចូលរួមធ្វើការបកស្រាយ ប្រធានបទខាងលើនេះជូនប្រិយមិត្ដទាំងអស់ តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
កំហឹងជាអ្វី?
កំហឹងគឺជាប្រតិកម្មនៃអារម្មណ៍របស់ចិត្ដដែលក្ដៅឆួលឆេះ ក្រហល់ក្រហាយ និងការពុះកញ្ជ្រោល។ កំហឹងជាសភាវៈគតិ ដែលតោងជាប់មកជាមួយមនុស្សតាំងពីថ្ងៃដែលប្រសូតចេញពីផ្ទៃរបស់ម្ដាយមកម្ល៉េះ។
មូលហេតុបង្កការខឹង
ការខឹងគឺជាអាការមិនសុខនៃចិត្ដចំពោះសកម្មភាពផ្សេងៗដែលមានឥទ្ធិពលចំពោះមនោចិត្ដរបស់មនុស្សម្នាក់ៗ ជាពិសេស វាតែងកើតឡើងចំពោះមនុស្សដែលពុំសូវប្រើមនោគិតក្នុងការដោះស្រាយបញ្ហា។ ការខឹងសម្បាផ្សេងៗកើតចេញពីមនោចិត្ដទាំង៥ ដែលមាននៅក្នុងបុគ្គលម្នាក់ៗ ដូចជាការចងគំនុំសងសឹក ការគិតប្រទូសរ៉ាយជាមួយគំនិតអ្នកដទៃ ការក្ដៅពុះកញ្ជ្រោលនៃអារម្មណ៍ ការទាស់ចិត្ដ និងការមិនពេញចិត្ដ។ សេចក្ដីទាំងប្រាំអង្គនេះ គឺជាភាវៈគំនិតអរូបិយរបស់ភាវៈមានជីវិតទាំងអស់ មិនថាមនុស្សឬក៏សត្វនោះទេ។
ផលប៉ះពាល់នៃកំហឹង
ការខឹងជាផ្នែកនៃចិត្ដគំនិតមួយដែលជាទូទៅពុំសូវនាំមកនូវផលចំណេញមកឱ្យមនុស្សប៉ុន្មាននោះទេ។ ព្រោះរាល់កាយ វិការរបស់មនុស្សដែលបានធ្វើនៅក្នុងខណៈពេលដែលខ្លួនកំពុងត្រាំក្នុងសេចក្ដីក្រោធនោះ សុទ្ធសឹងតែចេញពីអាសេវៈដែលរស់ក្នុង មនោចិត្ដដែលមានប្រតិកម្មចំពោះសកម្មភាពដែលខ្លួនមិនពេញចិត្ដ។ បើសិនមនុស្សម្នាក់បណ្ដោយឱ្យមនោចិត្ដរបស់ខ្លួនគាបសង្កត់លើ មនោគិតនោះ ប្រាកដថាជួបការលំបាកជាច្រើនក្នុងការរស់នៅ ដូចជាការប្រាស្រ័យជាមួយមនុស្សជុំវិញខ្លួន គ្មានសុភមង្គលក្នុង អារម្មណ៍ដែលពេលខ្លះអាចបង្កជាជម្ងឺផ្លូវចិត្ដក៏មាន។
វិធិសាស្ដ្រក្នុងការរម្ងាប់កំហឹង
គ្មានមនុស្សណាម្នាក់នៅលើលោកអាចរម្ងាប់កំហឹងរបស់ខ្លួនឯងបានភ្លាមមួយរំពេចនោះទេ។ ការរម្ងាប់កំហឹងពុំមែនជារឿងងាយៗនោះទេ តែមិនពិបាកដូចជារឿងនិទានស្ដីពីការសុំភ្លើងយក្សនោះដែរ។ ព្រះបានបង្កីតមនុស្សឱ្យមានសភាវៈគតិខុស និងត្រូវ។ មានការខឹងក៏មានការរម្ងាប់ទៅវិញដោយខ្លួនឯងបាន នេះជាមូលហេតុមួយដែលសបញ្ជាក់ឱ្យឃើញថា អ្វីៗទាំងអស់វាមានព្រំដែនរបស់វា។ រួមសេចក្ដីមកអ្នកដែលចងខ្សែតែងរមែងយល់នូវវិធីស្រាយដូចគ្នា ដើម្បីរម្ងាប់កំហឹងបានលុះត្រាតែមានការតាំងចិត្ដយ៉ាងពិតប្រាកដ និងធ្វើតាមលំដាប់នៃអារម្មណ៍បានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីសាស្ដ្រដែលអាចឱ្យលោកអ្នកអាចយកទៅសាកល្បងបានក្នុងការរម្ងាប់កំហឹងរបស់ខ្លួន។
- ត្រូវមានសម្មាធិឱ្យបានច្រើនក្នុងការយល់នូវហេតុផលនៃសេចក្ដីខឹងសម្បារបស់ខ្លួន ហើយធ្វើការស្វែងយល់អំពីទោស និងការខាតបង់នៃការខឹង។
- ពិចារណាឱ្យឃើញនូវផលប្រយោជន៍ដែលនាំឱ្យចិត្ដបានស្ងប់ និងក្ដៅក្រហាយពីការមិនខឹង។
- ផ្ដល់នូវកម្លាំងចិត្ដចំពោះខ្លួន ហើយមិនត្រូវប្រកាន់ចំពោះទង្វើដែលប៉ះពាល់អារម្មណ៍ដោយការដើរចេញពីស្ថានភាពតឹង តែង
- ប្រើវិធីបន្លប់សាច់រឿងក្នុងចិត្ដលោកអ្នក ដោយការទន្ទេញឈ្មោះអ្នកដែលខ្លួនស្រឡាញ់ ឬការរាប់ពី១ទៅដល់ចំនួន ១០០០០ ដើម្បីឱ្យចិត្ដលោកអ្នកធ្វើពលកម្មដែលគ្មានសម្រាក ឬថេរៈវេលាចំពាះការខឹង ធ្វើការសម្រាកនៃអារម្មណ៍ចំពោះស្ថាន ការណ៍ចំពោះមុខ ដោយការបិទភ្នែកស្ដាប់សម្លេងខ្យល់ ហើយចាប់ផ្ដើមដកដង្ហើមចេញចូលរបស់ខ្លួនឱ្យបានវែងៗជាទីបំផុតចំនួន១០ ដង។ នៅពេលដែលកំពុងដកដង្ហើមត្រូវធ្វើលំហាត់ប្រាណនៃអារម្មណ៍ដោយការរាប់ និងដឹងពីខ្យល់ចេញ និងខ្យល់ចូលក្នុងសួតរបស់អ្នកធ្វើបែបនេះ នោះការខឹងរបស់លោកអ្នកនឹងបង្អង់ល្បឿនជាលំដាប់ បន្ដិចម្ដងៗពីការខឹងខ្លាំងទៅជាការស្ងប់វិញ។
- ចម្រើនចិត្ដអាណិតចំពោះខ្លួន ពោលគឺការស្វែងយល់រកសេចក្ដីសុខមកឱ្យអារម្មណ៍ មិនត្រូវគិតពីការចងអាឃាត ការសងសឹក គំនិតទុទ្ទិដ្ឋិនិយម ដែលកើតមាននៅក្នុងចិត្ដ ឬគំនិតអញនៅក្នុងខ្លួនដែលនាំឱ្យវង្វេងក្នុងប្រភពនៃបញ្ហា។
ទាំងនេះជាវិធីសាស្ដ្រដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការនាំចិត្ដគំនិតរបស់លោកអ្នកឆ្ពោះទៅរកសេចក្ដីសុខ ទាំងរូបកាយ និងចិត្ដគំនិត ព្រោះសុខភាពផ្លូវចិត្ដមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅវិញទៅមក។
ដំបូន្មានអ្នកឯកទេស
សេចក្ដីក្រោធជាវត្ថុដែលមនុស្សគ្រប់រូបគួរតែរើសអើងក្នុងការសេពគប់។ ការកើតនូវកំហឹងបើកើតមាននៅលើមនុស្ស វាមិនត្រឹមតែធ្វើឱ្យលោកអ្នកជួបនូវការលំបាកក្នុងការរស់នៅប៉ុណ្ណោះទេ ថែមទាំងបាត់បង់កេរ្ដិ៍ឈ្មោះ និងទ្រព្យសម្បត្ដិថែមទៀតផង ។ ការរស់ដែលប្រកបដោយសេចក្ដីសុខ គឺជាប្រការដែលមនុស្សគ្រប់រូបចង់បាន។ ដូចនេះលោកអ្នកគួរតែចេះបង្កើននូវអារម្មណ៍មេត្ដា ករុណានៅក្នុងចិត្ដឱ្យបានច្រើន។ បុព្វជនដែលយកឈ្នះលើខ្លួនឯងបាន មានន័យថាជាអ្នកដែលចេះដឹងអំពីផលពិបាករបស់អ្នកដទៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
No comments:
Post a Comment