Thursday, June 28, 2012

មនុស្ស​ត្រូវ​ការ​ការ​លួង​លោម


បញ្ហា​ជា​ច្រើន​ដែល​កើត​ឡើង អាច​ធ្វើឱ្យ​លោក​អ្នក​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ ធ្លាក់​ទឹក​ចិត្ដ មិន​សប្បាយ​ចិត្ដ​ខកចិត្ដ​អស់ សង្ឃឹម ឬបាត់​បង់​កម្លាំង​ចិត្ដ​ជាដើម។ មនុស្ស​ជាច្រើន​មាន​ការ​ពិបាក​ចិត្ដ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​រឿង​រ៉ាវ​កើត​ឡើង​ផ្ទុយ​ពីអ្វី​ដែល ខ្លួន​ឯង​ចង់​បាន។ បញ្ហា​ស្មុគ​ស្មាញ​ទាំង​នេះ​អាច​ធ្វើឱ្យ​មាន​ផល​វិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ព្រោះ​មិន​ដឹងថា​ត្រូវ​សម្រួល​ចិត្ដ​យ៉ាង​ណា ដើម្បី​បំភ្លេច​ចោល​នូវ​បញ្ហា​នោះ។ ដូច​នេះ​ការ​ផ្ដល់​នូវ​ភាព​លួង​លោម លើក​ទឹក​ចិត្ដ​ជាកត្ដា​សំខាន់​មួយ​អាច​ធ្វើឱ្យ​មនុស្ស​មាន​កម្លាំង ចិត្ដ មាន​សេក្ដី​សុខ​ស្ងប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​សាស្ដ្រា​ចារ្យ សោម​ច័ន្ទ សុវណ្ណ​តារា ជា​អនុ​ប្រធាន​ដេប៉ា​តឺម៉ង់​ចិត្ដ​វិទ្យា នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​មាន វត្ដ​មាន​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ឱ្យ​បាន​ស្វែង​យល់ តាម​រយៈ​ការធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនា​វដ្ដី​សុខភាពយើង។
អ្វី​ទៅ​ហៅ​ថា លួង​លោម?
លួង​លោម គឺជា​ការ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម ផ្ដល់​កម្លាំង​ចិត្ដ ឬ​ផ្ដល់​នូវ​សមាន​ចិត្ដ ដល់​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ឬអ្នក​ដទៃ ដោយ​មិន​ស្ដី​បន្ទោស ឬ​ប្រមាថ​មើល​ងាយ​ឡើយ។
មូល​ហេតុ​ដែល​ត្រូវ​ការ​ការ​លួង​លោម
មាន​មូល​ហេតុ​ជា​ច្រើន​យ៉ាង ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់​ភេទ​គ្រប់​វ័យ​ត្រូវ​ការនូវ​ការ​លួង​លោម​ពីអ្នក​ដទៃ​ដើម្បី​ជួយ​រំសាយ បំបាត់​ទុក្ខ​សោក ពេល​ដែល​មាន​ការ​ប្រឈម​មុខ។
  • ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់​និង​ជាទី​គោរព ជា​ហេតុ​ធ្វើឱ្យ​ខ្លួន​ខូច​ចិត្ដ ក្លាយ​ជាជន​កំព្រា
  • ការ​ផ្ដាច់​ទំនាក់​ទំនង​គ្នា និង​ការ​បាត់​បង់នូវ​សម្ព័ន្ធ​ភាព ធ្វើឱ្យ​ខ្លួន​មាន​ការ​ពិបាក​ចិត្ដ ឯកោ
  • ការ​ជេរ​ស្ដី​បន្ទោស ចំពោះ​កំហុស​បន្ដិច​បន្ដួច អាច​ធ្វើឱ្យ​ខ្លួន​មាន​ការ​អស់​សង្ឃឹម
  • ការ​ប្រមាថ មើល​ងាយ និង​ជាន់​ឈ្លី​កិត្ដិយស បណ្ដាល​ឱ្យ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ
  • ភាព​ឆ្មើង​ឆ្មៃ ក្រអឺត​ក្រទម និង​ព្រងើយ​កន្ដើយ​ពី​មនុស្ស​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​ក៏ធ្វើ​ឱ្យខ្លួន​មាន​ការ​មិន​សប្បាយ​ចិត្ដ​ហើយ​គិត​ថាខ្លួន​ជា​មនុស្ស​មិន​ល្អ ដែល​ធ្វើឱ្យ​គេមិន​រាប់​អាន​ជាមួយ​ខ្លួន។
  • ការ​និយាយ​ភូត​កុហក​ទៅលើ​អ្នក​ដទៃ​ដោយ​មិន​មាន​បំណង ធ្វើឱ្យ​ខ្លួន​មាន​ចិត្ដ​មិន​ស្ងប់។
វិធី​សាស្ដ្រ​នៃ​ការ​លួង​លោម
ជា​ទូទៅ​មនុស្ស​គ្រប់​ភេទ គ្រប់​វ័យ នៅ​ពេល​ដែល​មាន​បញ្ហា​ជា​ច្រើន​តែង​តែត្រូវ​ការ​ការ​លួង​លោម​ពីអ្នក​ដទៃ​ជា​ជំនួយ។ វិធី​សាស្ដ្រ​លួង​លោម​ចិត្ដ ជួយ​ឱ្យ​មាន​កម្លាំង​ចិត្ដ និង​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។ វិធី​សាស្ដ្រ​នៃការ​លួង​លោម​ចិត្ដ​មាន​ច្រើន ដែល​ប្រើ ទៅ​តាម​បញ្ហា​របស់​បុគ្គល​នីមួយៗ។
  • សូម​កុំគិត​ពី​រឿង​ដែល​ធ្វើឱ្យ​ខ្លួន​មិន​មាន​សេចក្ដី​សុខ មិន​មាន​ការ​សប្បាយ​ចិត្ដ ត្រូវ​ចាត់​ទុក​ថា​ជាការ​យល់​សប្ដិ​អាក្រក់ ប្រសិន​បើ​មាន​រឿង​អាក្រក់​កើត​ឡើង មិន​អាច​ទទួល​យក​បាន។
  • ត្រូវ​រឹង​ប៉ឹង ធ្វើ​ចិត្ដ​ឱ្យ​ស្ងប់ បើ​សិន​បាត់​បង់​អ្នក​ជាទី​ស្រឡាញ់ ជា​ទី​គោរព
  • ធ្វើ​ការ​កោត​សរសើរ លើក​ទឹក​ចិត្ដ ដើម្បី​ឱ្យ​អ្នក​នោះ​កាន់​តែមាន​កម្លាំង​ចិត្ដ ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ប្រសិន​បើ​បុគ្គល នោះ​បាន​ធ្វើ​កិច្ចការ​ត្រឹម​ត្រូវ ហើយ​ទទួល​លទ្ធផល​ជោគ​ជ័យ។
  • ត្រូវតែ​មាន​សេចក្ដី​តស៊ូ​ដូច​ពាក្យ​ចាស់​ពោល​ថា​ព្យាយាម​គង់តែ​បាន​សម្រេច។ ត្រូវធ្វើ​ឱ្យ​មាន​ក្ដី​សង្ឃឹម ជឿ​ជាក់​ប្រសិន​បើ ចង់​រៀន​សូត្រ​ឱ្យបាន​ពូកែ និង​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​មាន​តួនាទី​នៅ​ក្នុង​សង្គម។
  • ត្រូវ​មាន​ឆន្ទៈ​សម្រេច​ការងារ​ឱ្យ​បាន ប្រសិន​បើ​ការងារ​មាន​ឧបសគ្គ​ច្រើន
  • នរណាៗ​ក៏ធ្លាប់​មាន​កំហុស​ខុស​ឆ្គង​ដែរ ដូច​នេះ​បើ​ដឹងពី​កំហុស​ខ្លួន​ឯង​គឺជា​ការ​ប្រសើរ។ ជា​មនុស្ស​ត្រូវតែ​ក្លាហាន ហ៊ាន ទទួល​ខុស​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិត ប្រសិន​បើ​បុគ្គល​នោះ​មាន​ទំនាស់​ទាស់​គ្នា​ហើយ​គិត​ថាខ្លួន​ឯងជា​អ្នកខុស​ដែល​នាំឱ្យ​មាន វិប្បដិ​សារី។
ផល​ប៉ះ​ពាល់​នៃ​ការ​លួង​លោម
រាល់​ពេល​មាន​បញ្ហា​កើត​ឡើង ធ្វើឱ្យ​មនុស្ស​មាន​ការ​ពិបាក​ចិត្ដ តប់​ប្រមល់ និង​ស្មុគ​ស្មាញ នៅ​បញ្ហា​ជុំវិញ​ខ្លួន​ជា​ហេតុ​ធ្វើ​ឱ្យ ខ្លួន​ឯង​ត្រូវ​ការ​ការ​លួង​លោម​ពីអ្នក​ដទៃ។ ការ​ចង់​បាន​នូវ​ភាព​លួង​លោម​ពីអ្នក​ដទៃ​មិន​ប្រាកដ​ថា​ជាការ​លួង​លោម​ក្នុង​គោល​បំណង ល្អ​ទេ អាច​ធ្វើឱ្យ​គេ​មាន​ការ​ឆ្លៀត​ឱកាស​ធ្វើ​បាប​មក​លើ​ខ្លួន​វិញ។ ឧទាហរណ៍ ទំនាក់​ទំនង​រវាង​ប្ដី​និង​ភរិយា​មាន​សម្ព័ន្ធ​ភាព​នឹង គ្នាល្អ​ណាស់ មាន​ថ្ងៃ​មួយ​មាន​ការ​ទាស់​ទែង​គ្នា ហើយ​ឈាន​ទៅ​ដល់​ចែក​ផ្លូវ​គ្នាដើរ​ដោយ​សារ​ការ​លួង​លោម​ពីជន​ទីបី​ឆ្លៀត​ឱកាស​ធ្វើ បាប។ ក្នុង​គ្រួសារ​ដែល​មាន​តែ​អំពើ​ហិង្សា​ជា​ប្រចាំ ធ្វើ​ឱ្យ​កូន​មិន​មាន​សេចក្ដី​សុខ​ហើយ​ចង់​ចាក​ចេញ​ទៅឱ្យ​ឆ្ងាយ​ផុត​ពីអំពើ​ហិង្សា នេះ។ ទី​បំផុត​កូន​ត្រូវ​បាន​ក្លាយ​ជាក្មេង​គ្មាន​អនា​គត​រស់​នៅ​ក្រៅ​សង្គម​ដោយ​សារ​តែអ្នក​ដទៃ​មក​ប្រើ​វិធី​សាស្ដ្រ​លួង​លោម បោក​យក ទៅ​ធ្វើបាប។ ចំពោះ​អ្នក​ខ្លះ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​សោះ​តែ​បែរ​ជាត្រូវ​ចាញ់​បោក​ការ​លួង​លោម​របស់​អ្នក​ដទៃ​ទៅ​វិញ។ ឧទា​ហរណ៍ កុមារ​ម្នាក់​ជា​ក្មេង​ល្អ រៀន​សូត្រ​ពូកែ​មាន​ថ្ងៃ​មួយ​មិត្ដ​រួម​ថ្នាក់​មក​លួង​លោម​រហូត​ធ្វើឱ្យ​កុមារ​ម្នាក់​នេះ​ត្រូវ​ភ្លើត​ភ្លើន ប្រព្រឹត្ដ​អំពើ​សង្គម​មិន​ឱ្យ​តម្លៃ។ ដូច​នេះ​ការ​ចាញ់​បោក​ដោយ​សារ​ការ​លួង​លោម​អ្នក​ដទៃ​មាន​ច្រើន​ណាស់ ដោយ​សារ​ការ​ប៉ិន​ប្រសព្វ ប្រើ​វិធី​សាស្ដ្រ​ល្បិច​កល​លួង​លោម​ធ្វើ​បាប​មិន​ចាំ​បាច់​រាល់​ពេល​ដែល​លោក​អ្នក​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង​ឡើយ។
ប្រការ​គួរ​ប្រតិ​បត្ដិ​ទប់​ស្កាត់​អំពើ​លួង​លោម
ការ​ពិចារ​ណាជា​ចំណុច​សំខាន់​សម្រាប់​លោក​អ្នក រាល់​ពាក្យ​សម្ដី​លួង​លោម​ពីបង​ប្អូន មិត្ដ​ភក្ដិ ឬអ្នក​ជាទី​ស្រឡាញ់​នៅ​ពេល​ដែល​លោក​អ្នក​អស់​សង្ឃឹម គ្មាន​កម្លាំង​ចិត្ដ និង​បញ្ហា​អ្វី​មួយ។ ពាក្យ​សម្ដី​លួង​លោម​ពីអ្នក​ដទៃ​ជា​ជំនួយ​មិន​មែន​ជា​ឱសថ​ទិព្វ ទាំង​អស់​ទេ។ ជួន​កាល​អាច​ជា​ឱសថ​សម្លាប់​លោក​អ្នក​ទៅ​វិញ។ ដូច​នេះ​លោក​អ្នក​ត្រូវ​ត្រិះរិះ​ពិចារ​ណា​ជាមុន​សិន​មុន​អនុវត្ដ​តាម ពាក្យ​សម្ដី​លួង​លោម​របស់​អ្នក​ដទៃ ដើម្បី​កុំឱ្យ​មាន​ការ​ឈឺ​ចាប់។
ដំបូ​ន្មាន​អ្នក​ឯក​ទេស
ការ​លួង​លោម​ពីអ្នក​ដទៃ មិន​មែន​ជាការ​លួង​លោម​ក្នុង​គោល​បំណង​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​លួង​លោម​ដោយ​បំណង​ល្អ​ស្មោះ ត្រង់ អ្នក​ខ្លះ​ទៀត​លួង​លោម​ឆ្លៀត​ឱកាស​ធ្វើ​បាប។ អ្វី​ដែល​សំខាន់ លោក​អ្នក​គិត​ពាក្យ​សម្ដី​ដែល​គេ​លួង​លោម​សិន​ថា​ពាក្យ​សម្ដី​នោះ ត្រឹម​ត្រូវ​ដែរ​ឬទេ ដែល​មក​ប្រាប់​ខ្លួន​ថា ឱ្យ​ខ្លួន​ត្រូវ​ប្រតិ​បត្ដិ​បែប​នេះ ឬ​បែប​នោះ​នៅ​ពេល​លោក​អ្នក​ប្រឈម​មុខនឹង​បញ្ហា​អ្វី​មួយ។ ថ្វី​ត្បិត​តែ​អ្នក​ដទៃ​មក​លួង​លោម​ធ្វើឱ្យ​លោក​អ្នក​មាន​កម្លាំង​ចិត្ដ មាន​សេចក្ដី​សង្ឃឹម​ក៏ពិត​មែន​ប៉ុន្ដែ​ការ​អនុវត្ដន៍​តាម​ពាក្យ​សម្ដី​លួង លោម​របស់​អ្នក​ដទៃ​មិន​ប្រាកដ​ថា​ត្រឹម​ត្រូវ​ទាំង​អស់​ទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

No comments:

Post a Comment