Tuesday, November 1, 2011

ពណ៌​ទឹកនោម​បញ្ជាក់​ប្រាប់​ពី​សុខភាព

ដើម្បី​ទប់ទល់ ឬ​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់​ពេល​វេលា យើង​គប្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ។ ក្នុង​ចំណោម​ការ​ថែទាំ​សុខភាព​នេះ យើង​គួរ​ត្រួត​ពិនិត្យ​ពណ៌​ទឹកនោម​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ព្រោះ​ទឹក​នោម​អាច​បញ្ជាក់​ប្រាប់​ពី​រោគ​សញ្ញា​មួយ​ចំនួន​កំពុង​បៀតបៀន​យាយី​ដូចជា ៖

ទឹកនោម​បញ្ចេញ​មក​លាយ​មាន​ពណ៌​ក្រហម

បើសិន​ជា​ទឹកនោម​បញ្ចេញ​មក​លាយ​ពណ៌​ក្រហម យើង​ត្រូវ​នឹក​មើល​ខ្លួន​ឯង​ជាមុន​សិន​ថា​បាន​ទទួល​ទាន​អាហារ​អ្វី​ដែល​មាន​ពណ៌​លក្ខណៈ​បែប​នេះ​ដែរ​ឬ​ទេ ដូចជា ស្ពៃក្ដោប​ពណ៌​ស្វាយ ទឹកក្រូច​ពណ៌​ក្រហម ឬ​ផ្លែ​ស្រកា​នាគ​ពណ៌​ក្រហម​ជាដើម ។ បើ​ក្នុង​ករណី​មិន​មាន​បរិភោគ​អ្វី​ដែល​នាំ​ឲ្យ​ទឹកនោម​បញ្ចេញ​ពណ៌​ទេ​នោះ បញ្ជាក់​ថា​អាច​មាន​រោគ​អាក្រក់​ចូល​ជ្រៀត​ជ្រែក​ហើយ ព្រោះ​ថា​ពណ៌​ក្រហម​នោះ​អាច​ជា​ឈាម​ដែល​បញ្ចេញ​មក​ពី​ក្រលៀន ឬ​តម្រង​នោម​រលាក ឬ​មិន​ដូច្នេះ​អាច​មាន​អ្វី​ក្នុង​រាង​កាយ​ដាច់​រហែក​យ៉ាង​ពិត​ប្រាកដ ហេតុ​នេះ​គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់ ។

ទឹកនោម​ពណ៌​ត្នោត

យើង​អាច​សង្កេត​មើល​២​ចំណុច គឺ​អាច​កើត​មក​ពី​ការ​បរិភោគ​សណ្ដែក​ក្នុង​ចំនួន​ច្រើន​ពេក ឬ​អាច​កើត​មក​ពី​រោគ​អាក្រក់​ដោយសារ​ឈាម​កក​ខាង​ក្នុង​ហូរ​មក​លាយឡំ​ជាមួយ ហើយ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដូច​គ្នា ។

ទឹកនោម​ពណ៌​លឿង

បើ​ទឹកនោម​បញ្ចេញ​មក​ពណ៌​លឿង​ខ្ចី អាច​កើត​មក​ពី​ថា​ថ្ងៃ​នេះ​បាន​ទទួល​វីតាមីន​បេ​២​ច្រើន​ពេក រហូត​ត្រូវ​បញ្ចេញ​មក​វិញ ។ ប៉ុន្តែ​បើ​ជា​ពណ៌​លឿង​ចាស់​ក៏​បញ្ជាក់​ថា អ្នក​ផឹក​ទឹក​តិច​ពេក ហើយ​តែ​បើ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា​បាន​ផឹក​ទឹក​ច្រើន​ នៅ​តែ​ទឹកនោម​បញ្ចេញ​មក​បែប​នេះ​ទៀត ចាំ​បាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​អាច​កើត​រោគ​ក្រលៀន​បង្កប់​ផ្នែក​ខាង​ក្នុង ។

ទឹកនោម​ពណ៌​ល្អក់

ក្នុង​ករណី​ដែល​ទឹកនោម​ពណ៌​ល្អក់ ឲ្យ​សាក​ល្បង​ផឹក​ទឹក​ក្រូច​មើល​ថា​បាត់ ឬ​ក៏​អត់ បើ​មិន​បាត់​អាច​ដោយសារ​មក​ពី​ការ​ឆ្លង​មេរោគ​ប្រភេទ​ខ្លះ និង​អាការៈ​បែប​នេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផង​ដែរ ។

ទឹកនោម​ពណ៌​ទឹកក្រូច

អាច​កើត​មក​ពី​ការ​ប្រើ​ថ្នាំ «ភូរីឌៀម» ដែល​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​រោគ​ក្រពះ ។

ទឹកនោម​ពណ៌​ទឹកប៊ិក

បើ​ថ្ងៃ​ណា​មួយ​ទឹក​នោម​បញ្ចេញ​មក​មាន​ពណ៌​បែប​នេះ មិន​ចាំ​បាច់​ប្លែក​ចិត្ត​ទេ ពិសេស​បើ​បរិភោគ​ថ្នាំ​បំបាត់​អាការៈ​ទប់​ទឹកនោម​មិន​ជាប់ ព្រោះ​ថា​ថ្នាំ​ប្រភេទ​នេះ​មាន​លាយ​សារធាតុ «មេធីលីន» ទឹកនោម​ទើប​បញ្ចេញ​មក​មាន​ពណ៌​ទឹកប៊ិក ឬ​ពណ៌​ផ្ទែមេឃ​ចាស់ ៕

(ពាក្យ​ពេចន៍​ក្នុង​អត្ថបទ​នេះ​មាន​លក្ខណៈ​ជា​សម្ដី​ធម្មតា​របស់​អ្នកស្រុក មាន​ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០)


No comments:

Post a Comment