Wednesday, November 2, 2011

រឿង​រ៉ាវ​ទាក់ទង​នឹង​ខ្ទឹម​បារាំង

នៅ​ពេល​អាន​សៀវភៅ​ស្ដីពី​ចំណេះ​ដឹង​ប្លែកៗ​ត្រង់​វិធី​ចិត​ខ្ទឹមបារាំង​មិន​ឲ្យ​ហូរ​ទឹក​ភ្នែក ខ្ញុំ​គិត​មមៃ​ក្នុង​ចិត្ត​ថា ចិត្ត​ខ្ទឹម​យ៉ាង​ម៉េច មិន​ប្រយ័ត្ន​ទេ​អី​បាន​ជា​បណ្ដាល​ឲ្យ​ហូរ​ទឹក​ភ្នែក ?

ស្រាប់​តែ​កាល​ពី​ម្សិលម្ង៉ៃ​នេះ ប្រហែល​ដោយ​សម្រាក​មិន​បាន​គ្រប់គ្រាន់​ផង ទឹក​ភ្នែក​របស់​ខ្ញុំ​ស្រាប់​តែ​ហូរ​ច្រោកៗ​តែ​ម្ដង នៅ​ពេល​ចិត្ត​ខ្ទឹម​បារាំង​តែ​ពីរ​មើម​ប៉ុណ្ណោះ​ដើម្បី​ដាក់​ផ្ទាប់​ជាមួយ​ត្រីខ​កំប៉ុង ។ ពេល​នោះ​ទើប​នឹក​ឃើញ​ថា វិធី​ចិត្ត​ខ្ទឹម​បារាំង​មិន​ឲ្យ​ចេញ​ទឹក​ភ្នែក​ពិត​ជា​មាន​ប្រយោជន៍​ផស់​គេ​មែន !

វិធី​មិន​ឲ្យ​ហៀរ​ទឹកភ្នែក​នៅ​ពេល ​ចិត​ខ្ទឹម​បារាំង និង​ខ្ទឹម​ក្រហម

វិធី​មិន​ឲ្យ​ហៀរ​ទឹកភ្នែក​នៅ​ពេល​ចិត​ខ្ទឹម​បារាំង និង​ខ្ទឹម​ក្រហម

មុន​ពេល​ហាន់ ឬ​ដំ​ខ្ទឹម​ក្រហម ឬ​ខ្ទឹមបារាំង ចូរ​យក​ឈើ​គូស​ដែល​ពុំ​ទាន់​បាន​គូស​អុជ​នៅ​ឡើយ​មក​ខាំ​បៀម​នៅ​នឹង​មាត់​ឲ្យ​ក្បាល​ឈើ​គូស​ចេញ​មក​ក្រៅ ហើយ​ចាំ​ចាប់​ផ្ដើម​ចាត់ការ​ជាមួយ​ខ្ទឹម​ក្រហម ឬ​ខ្ទឹម​បារាំង​របស់​អ្នក​ចុះ ។ ការណ៍​នេះ​ពីព្រោះ​ក្បាល​ឈើ​គូស​មាន​សារធាតុ​ជួយ​បឺត​ស្រូប​ក្លិន​ឆួល​របស់​ខ្ទឹម​ក្រហម ឬ​ខ្ទឹម​បារាំង​មិន​ឲ្យ​មក​រំខាន​ក្រពេញ​ទឹកភ្នែក​របស់​យើង​ទេ ។ ឲ្យ​តែ​បាន​បៀម​ឈើ​គូស​បែប​នេះ ទោះ​ជា​អ្នក​ធ្វើការ​នៅ​ជាមួយ​នឹង​ខ្ទឹម​បារាំង ខ្ទឹម​ក្រហម​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ​ក៏​ទឹក​ភ្នែក​មិន​ព្រម​ហូរ​ស្រក់​ដែរ តែ​បើ​ទឹក​ភ្នែក​ហូរ​ស្រក់​ព្រោះ​បេះដូង ឈើ​គូស​មិន​អាច​ជួយ​បាន​ទេ

ខ្ទឹមបារាំង

បន្ធូរ​ការ​ឈឺ​ត្រចៀក​ដោយ​មើម​ខ្ទឹម​បារាំង

ពេល​អ្នក​មាន​អារម្មណ៍ ឬ​ក៏​ដឹង​ថា​ឈឺ​ត្រចៀក គឺ​អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​ខ្លះ​ដោយ​មើម​ខ្ទឹម​បារាំង ព្រោះ​មើម​ខ្ទឹម​បារាំង​នេះ​មាន​សារធាតុ​ប្រេង​ឆួលៗ​ជួយ​បន្ធូរ​បន្ថយ​អាការ​ឈឺ​ត្រចៀក និង​ការ​រលាក​ត្រចៀក​បាន​យ៉ាង​ល្អ ។

វិធីៈ យក​មើម​ខ្ទឹម​បារាង​មក​ហាន់​ជា​ចំណិត​សរសៃ​តូចៗ​ប្រហែល​មួយ​មើម ហើយ​យក​ទៅ​ដាក់​ក្នុង​កំណាត់​ស​ស្ដើង​តូច​មួយ​ខ្ចប់​ឲ្យ​ណែន រួច​យក​ទៅ​ដាក់​ស្អំ​នឹង​បំពង់​ទឹក​ចាក់​ពី​កំសៀវ​ដែល​ដាំ​ពុះ​ហុយៗ​មួយ​សន្ទុះ ទើប​លើក​យក​អ្នក​ផ្ទប់​ត្រចៀក​ស្អំ​ឲ្យ​យូរ​រហូត​ទាល់​តែ​អន់​ក្ដៅ ។ ការ​ធ្វើ​តាម​លក្ខណៈ​បែប​នេះ​ពីរ​បី​ដង (ក្នុង​រយៈ​ជា​បន្ត​បន្ទាប់​គ្នា) វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​ការ​ឈឺ​ត្រចៀក និង​ហ៊ឹង​ត្រចៀក​ជាដើម ។

ដក​ស្រង់​ពី​សៀវភៅ​ចំណេះ​ដឹង​ប្លែកៗ​ និពន្ធ​ដោយ ស៊ឹង ណាំហុង


No comments:

Post a Comment