ដោយ: Phnom Penh Post.
ស៊ូបារូ (Subaru) ប្រហែលជាពុំសូវមានប្រជាជនកម្ពុជាស្គាល់ច្រើនប៉ុន្មានទេប៉ុន្ដែជាក់ស្ដែងរថយន្ដនេះបានទទួលពានរង្វាន់ជាច្រើនលើលក្ខខណ្ឌផ្នែកសុវត្ថិភាព ជាមួយនឹងរចនាម៉ូដខាងក្នុងសាមញ្ញ និងផ្នែកខាងក្រៅបែបស៊ីមេទ្រី។
Forester ស៊េរីឆ្នាំ២០១០ ដែលនាំចូលដោយក្រុមហ៊ុន Motor Image Cambodia នូវរថយន្ដ SUV ទ្វារ៤ ចំណុះម៉ាស៊ីន ២.៥លីត្រ ដែលមានវត្ដមាននៅអគារពិព័រណ៍តាំងពីឆ្នាំមុន ត្រូវបានរចនាម៉ូដជាមួយនឹងបច្ចេកវិទ្យាម៉ាស៊ីន boxer engine និងប្រព័ន្ធរង្វិលកង់ទាំង៤ (AWD) ដែលអាចជួយទប់លំនឹងខាងក្រោមលើស្ថានភាពផ្លូវគ្រប់ប្រភេទ។ កំពុងតែចង្អុលបង្ហាញពីគំរូសម្ព័ន្ធម៉ាស៊ីនតូចៗរបស់ម៉ាករថយន្តផ្សេងៗ លោកម៉ៅ វិចិត្រ ដែលមានបទពិសោធជាអ្នកផ្ដល់ប្រឹក្សាផ្នែកសេវាកម្ម បានពន្យល់ប្រាប់ថា៖ «Boxer Engine បានជួយធ្វើឲ្យមានតុល្យភាពខណៈពេលកំពុងបើកបរលើផ្លូវកោងបត់ បែន ហើយប្រព័ន្ធរង្វិលកង់ទាំង៤ (AWD) និងប្រព័ន្ធគ្រប់គ្រងថាមពលរថយន្ដ (VDC) បានផ្ដល់ថាមពលដល់កង់ទាំង ៤យ៉ាងមានប្រសិទ្ធភាព»។
បុគ្គលិកមានជំនាញបទពិសោធផ្នែកសេវាកម្មរថយន្ដជាង ១៥ ឆ្នាំ រូបនេះបានថ្លែងថា រថយន្ដ Forester ក៏មានមុខងារសុវត្ថិភាពជាច្រើនទៀត។ ក្នុងករណីបុកទង្គិចចំពីមុខ ម៉ាស៊ីនផ្នែកខាងក្រោមនឹងរំកិលទៅក្រោយដោយមិនរុញបុកចង្កូត ឬក៏ធ្វើឲ្យអ្នកបើកបរគ្រោះថ្នាក់ទេ។ ក្រៅពីមានពោងសុវត្ថិភាពដល់ទី៨ របារដែកដ៏រឹងមាំត្រូវបានបំពាក់នៅទ្វារក្រោយទាំង២ ដើម្បីការពាររាល់ការប៉ះទង្គិចផ្នែកទាំងសងខាងផងដែរ។
ខណៈពេលដែលលោកបានណែនាំអតិថិជនឲ្យសាកល្បងបើកបររថយន្ដ Forester ស៊េរី២០១០នេះ លោក វិចិត្រ បានថ្លែងទាំងជំនឿចិត្ដមុតមាំថា៖ «ក្រុមហ៊ុនស៊ូបារូ គឺផ្ដោតគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីសុវត្ថិភាព»។
ជាមួយនឹងបទពិសោធប្រើប្រាស់រថយន្ត Forester រយៈពេល៣ខែ លោក អៀម វីណា ដែលជានិពន្ធនាយកទស្សនាវដ្ដីរថយន្ដក្នុងស្រុកមួយ បានថ្លែងថា រថយន្ដនេះមានមុខងារសំខាន់ច្រើនយ៉ាងជាងរថយន្ដដទៃ។
ដោយរៀបរាប់បទពិសោធបើកបរលើផ្លូវរលាក់រដិបរដុប និងផ្លូវរអិលទៅកាន់ខេត្ដព្រះវិហារ លោកបាននិយាយថា៖ «វាមានកម្លាំងខ្លាំងក្នុងការបើកឡើងផ្លូវចោតរអិល។ ជាក់ស្ដែងខ្ញុំបានបើកវាទៅប្រាសាទព្រះវិហារពីរលើក ដោយក្នុងចម្ងាយផ្លូវជាង ៥៣០ គីឡូម៉ែត្រ វាស៊ីប្រេងអស់ប្រមាណជា ៥០ លីត្រ»។ លោក វីណា បានអធិប្បាយប្រាប់ទៀតថា៖ «ស្ថានភាពផ្លូវកន្លែងខ្លះមានថ្ម និងកន្លែងខ្លះមានក្រាលកៅស៊ូ និងចំណោតខ្លាំង រថយន្តនេះនៅតែផ្ដល់ភាពងាយស្រួលក្នុងការបើកបរមិនឃ្លីងឃ្លោង ហើយផ្ដល់សុវត្ថិភាពគួរឲ្យទុកចិត្តបំផុត»។
យោងតាមសម្ដីរបស់លោក ឲ្យដឹងថា Subaru ក៏ទទួលពានរង្វាន់មួយចំនួនទៀតសម្រាប់ជាប្រភេទរថយន្ដល្អបំផុត ក្នុងការបើកបរលើផ្លូវលំបាក ហើយលោកសូមឲ្យអតិថិជនសាកល្បងដោយបើកបរលើសណ្ឋានដីខ្សាច់ រដិបរដុបនៅតំបន់ការដ្ឋានលើកោះពេជ្រ។ បើទោះជាបិទសំឡេងតន្ដ្រី និងម៉ាស៊ីនត្រជាក់ក្ដី ក៏រថយន្តនោះបោះពួយទៅមុខ លើផ្លូវពំនូកខ្សាច់នៅកោះពេជ្រយ៉ាងរលូនដោយមិនបញ្ចេញសំឡេងរ៉ូខ្លាំងនៃម៉ាស៊ីន។ អ្នកណែនាំផ្នែកសេវាកម្មរូបនេះ បានបន្ដថា៖ «បើទោះជាកង់មួយស្ថិតលើផ្លូវខ្សាច់ខណៈពេលដែលកង់ផ្សេងទៀតលើផ្លូវរលោងក៏ដោយ ក៏ Forester នឹងអាចបែងចែកថាមពលលើកង់ទាំង៤បានយ៉ាងល្អ។ ជួនកាលលោកអ្នក មិនទាំងដឹងខ្លួនថាកំពុងបើកបរលើសណ្ឋានផ្លូវបែបណាផង»។
Forester មានតម្លៃ៤៥ ០០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនចំណុះ២,០ លីត្រ និងតម្លៃ៥៣.០០០ដុល្លារសម្រាប់ប្រភេទម៉ាស៊ីនចំណុះ ២,៥លីត្រ។ ប៉ុន្ដែលោក វីណា មិនបានយល់ឃើញថាស៊ូបារូមានតម្លៃថ្លៃជាងរថយន្ដផ្សេងនោះទេ ដោយបានថ្លែងថា «តើថ្លៃជាងត្រង់ណា?» ខ្ញុំគិតថាប្រព័ន្ធសុវត្ថិភាព និងគុណភាពរបស់ស៊ូបារូ គឺវាស័ក្តិសមនឹងតម្លៃ។ ជាក់ស្តែងថា ចំពោះរថយន្ដ Forester ២,៥XT របស់ខ្ញុំ វាមានកម្លាំងម៉ាស៊ីន ២៣០Cហើយបើសិនជាលោកអ្នកប្រៀបធៀបតម្លៃរបស់រថយន្ដនេះទៅនឹងរថយន្ដផ្សេងៗទៀត ជាការពិតវាមានតម្លៃថោកជាង។
ចំពោះអ្នកដែលចូលចិត្ដរថយន្តប្រើដោយប្រព័ន្ធ symmatricy All-wheel drive ជាមួយនឹងបំពង់សឺម៉ាំងពីរព្រមទាំងមានវិទ្យុ Ipod និងទូរទស្សន៍DVD ឧបករណ៍បំពងសំឡេងចំនួន ៤ លម្អដោយភ្លើងជុំវិញ។
ចំពោះមូលហេតុនេះ លោកវីណា បានសម្រេចចិត្ដទិញស៊ូបារូបើទោះជាវាជាប្រភេទរថយន្ដស៊េរីសម្រាប់កម្ពុជាក៏ដោយ។ លោកក៏បានណែនាំដល់អតិថិជនផ្សេងទៀតថា៖ «យើងគួរតែជ្រើសរើសប្រភេទឡានដែលបំពាក់ដោយប្រព័ន្ធ All-wheel Drive ដូច ប្រភេទឡាន Subaru ដែលមានមុនគេនៅក្នុងទីផ្សារប្រទេសកម្ពុជា»។
ធ្វើជាកម្មសិទ្ធិរថយន្ដស៊េរីថ្មីនេះជាមួយនឹងការធានារ៉ាប់រងលើការបើកបររយៈពេល ៣ ឆ្នាំ ឬស្មើនឹងចម្ងាយផ្លូវ ៦០០០០ គីឡូម៉ែត្រ ហើយអតិថិជនអាចទទួលផលិតផលដ៏ល្អជាមួយនឹងស្ដង់ដារ Motor Image Academy ត្រូវបានផ្ដល់ជូនដោយឧស្សាហកម្មធុនធ្ងន់ហ៊្វូជី (FHI គឺជារោងចក្រផលិតរថយន្ដស៊ូបារូដែលមានមូលដ្ឋាននៅប្រទេសជប៉ុន) ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស៊ូបារុជាផ្លូវការសម្រាប់តំបន់ ដែលរួមទាំងនៅប្រទេសថៃ ឥណ្ឌូនេស៊ី ហុងកុង ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងចិន។ មជ្ឈមណ្ឌលស៊ូបារូ នៅក្នុងសង្កាត់ Toa Payoh គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដែលបច្ចុប្បន្នស្គាល់ជា Motor Image Subaru Academy Training Center និងមានបុគ្គលិកផ្នែកបច្ចេកទេសសេវាកម្មនិងទីផ្សាររបស់ស៊ូបារូ ទទួលបានការបណ្ដុះបណ្ដាលដែលស្របតាម «ស្ដង់ដារបណ្ដុះបណ្ដាលស៊ូបារូ» រៀបចំឡើងដោយ FHI៕HR
No comments:
Post a Comment