Tuesday, September 20, 2011

ទីផ្សារ​ក្នុង​តំបន់​ទើប​ជា​និរន្តរភាព​នៃ​ការ​នាំ​ចេញ

ដោយ: Phnom Penh Post.
ភ្នំពេញៈ តួ​លេខ​នាំ​ចេញ​៧​ខែ របស់​​កម្ពុជា កើន​ឡើង​ជាង​៤៦​​ភាគ​រយ​ដល់ ២,៦​៧៧​​ពាន់​លាន​​ដុល្លារ​។ កំណើន​នេះ​ធ្វើ​ឲ្យ​មន្ត្រី​​កម្ពុជា​អះអាង​ថា ​​វិបត្តិ​ហិរញ្ញ​​វត្ថុ​នៅ​អឺរ៉ុប និង​អាមេរិក មិន​ប៉ះ​ពាល់​​ដល់​ការ​នាំ​ចេញ​​របស់​កម្ពុជា​ទេ។

ទោះ​បី​យ៉ាង​នេះ​ក្តី​កម្ពុជា​ត្រូវ​សម្លឹង​ទីផ្សារ​ក្នុង​តំបន់​ឲ្យ​ខ្លាំង ទោះ​បី​បច្ចុប្បន្ន​ទី​ផ្សារ​ទាំង​ពីរ​​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់ ​កម្ពុជា​មាន​​កំណើន​​ក្តី។ ការ​ពង្រឹង​សមត្ថភាព​ទីផ្សារ​ក្នុង​តំបន់​ជា​ជម្រើស​​ដ៏​ល្អ​សម្រាប់​និរន្ត​រភាព​កំណើន​នាំ​ចេញ​របស់​ខ្លួន។

មេរៀន​ ដែល​កម្ពុជា​ធ្លាប់​ទទួល​​បាន​ម្តង​ហើយ​នោះ​គឺ​វិបត្តិ​សេដ្ឋ​កិច្ច​​ឆ្នាំ ​២០០៨ ។ ពេល​នោះ​ការ​នាំ​​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​​ទៅ​អាមេរិក​​បាន​ ធ្លាក់​ចុះ​ដោយ​​សារ​តែ​ទី​នោះ​ជា​ទីផ្សារ​ធំ​របស់​​កម្ពុជា​​។ ការ​បញ្ជា​ទិញ​មួយ​ចំនួន​ធំ​ត្រូវ​ផ្អាក ជា​លទ្ធ​ផល​រោង​ចក្រ​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ​។

គម្រោង​ដែល​អឺរ៉ុប​ផ្តល់​ឲ្យ​កម្ពុជា «អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​​តែ​អាវុធ» បាន​ផ្តល់​ឲ្យ​កម្ពុជា​​នូវ​ការ​លើក​លែង​ពន្ធ​រាល់​​ទំនិញ​ ដែល​​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប ហើយ​ដោយ​សារ​តែ​គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​​ទៅ​ អឺរ៉ុប​មាន​សន្ទុះ​។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​គម្រោង​នេះ​ត្រូវ​​ដក​ចេញ​ កម្ពុជា​ប្រឈម​ការ​ប្រកួត​ប្រជែង​ទាំង​បរិមាណ និង​គុណភាព​។

របាយការណ៍​ពាណិជ្ជ​កម្ម​នាំ​ចេញ​​របស់​កម្ពុជា ​ចេញ​ផ្សាយ​ជា​បន្ត​​បន្ទាប់​នៅ​ឆ្នាំ​នេះ​បង្ហាញ​ពី​​សញ្ញា​វិជ្ជ​មាន​ច្រើន ​ បន្ទាប់​ពី​ពិភព​លោក​បាន​ស្ទុះ​ងើប​ពី​វិបត្តិ​សេដ្ឋកិច្ច​​សកល​។

ការ​នាំ​ចេញ​អង្ករ​ សម្លៀក​បំពាក់​ និង​ទំនិញ​កសិកម្ម ​កើន​ឡើង​ពីមួយ​ត្រី​មាស​ទៅ​មួយ​ត្រី​មាស​។ ​ទីផ្សារ​ធ្វើឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​កំណើន​គឺ ​អឺរ៉ុប និង​អាមេរិក។

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​អឺរ៉ុប និង​អាមេរិក​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះ បាន​កើន​ឡើង​៣២​ភាគ​រយ បើ​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​​ពី​ឆ្នាំ​ទៅ​។ ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​អាមេរិក​ ​កើន​​ឡើង​១៧​ភាគ​រយ ​សរុប​ជា​ទឹក​ប្រាក់​គឺ ​៩៦០​លាន​​ដុល្លារ​ បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​កាល​ឆ្នាំ​មុន​។ ​ចំណែក​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប​កើន​ឡើង​៥៤​ភាគ​រយ ដល់​៥៣២​លាន​​ដុល្លារ​ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចេញ​​ទៅ​​កាន់​ទី​ផ្សារ​ផ្សេង​ៗ​ទៀត ​ដូច​ជា ​កាណាដា ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​កើន​ឡើង​៤៩​ភាគ​រយ ​​ដល់ ​៣៦៦​​លាន​ដុល្លារ​។

ទាំង​នេះ​បង្ហាញ​ថា​អាមេរិក និង​អឺរ៉ុប នៅ​តែ​ជា​ទីផ្សារ​ធំ​សម្រាប់​ទំនិញ​នាំ​មុខ​របស់​កម្ពុជា​។ ប៉ុន្តែ​និន្នាការ​នេះ​​នឹង​នៅ​​យូរ​អង្វែង​​សម្រាប់​កំណើន​នាំ​ចេញ​របស់​ កម្ពុជា​ដែរ​ទេ ខណៈ​ព្យុះ​ហិរញ្ញ​​វត្ថុ​​ចេះ​​តែ​បន្ត​កើត​ឡើង ម្តង​ហើយ​ម្តង​ទៀត​លើ​ប្រទេស​សមាជិក​អឺរ៉ុប និង​អាមេរិក​នោះ​។

វិបត្តិ​ហិរញ្ញវត្ថុ ដែល​កំពុង​រុក​កួន​សមាជិក​អឺរ៉ុប និង​អាមេរិក លើក​នេះ​ទំនង​ជា​បង្ក​ឲ្យ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ធ្ងន់​ធ្ងរ​ជាង​​ កាល​ពី​ឆ្នាំ​២០០៨។

ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​វិបត្តិ​នៅ​​អឺរ៉ុប និង​អាមេរិក នៅ​បន្ត​យូរ​ឆ្នាំ​ទៀត ចង់​មិន​ចង់​ប្រទេស​ទាំង​នោះ​នឹង​ត្បិត​ត្បៀត​ការ​ចំណាយ ហើយ​អាច​នឹង​ធ្វើ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទី​នោះ​ត្រូវ​បាន​កាត់​ បន្ថយ។

សមាជិក​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប លោក Coene Tells L’Echo ​ព្រមាន​ថា អឺរ៉ុប​ទំនង​ជា​ប្រឈម​ភាព​មិន​​ប្រាកដ​ប្រជា​នឹង​សេដ្ឋ​កចិ្ច​របស់​ខ្លួន​ រយៈ​ពេល​យូរ​។ លោក​អះ​អាង​ថា​ភាព​មិន​ប្រាកដ​ប្រជា​នេះ នឹង​ចាប់​ផ្តើម​រយៈ​ពេល​វែង ដោយ​កើត​ឡើង​បន្ត​កន្ទុយ​គ្នា។

ដើម្បី​ចៀសវាង​វិបត្តិ​ដោយ​សារ​តែ​ការ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​​អឺរ៉ុប និង​អាមេរិក កម្ពុជា​កំពុង​តែ​បង្កើន​​កម្លាំង​នៅ​ទី​ផ្សារ​ក្នុង​តំបន់ ព្រោះ​វិបត្តិ​កាល​ពី​ឆ្នាំ ២០០​៨ ​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​មិន​រង្គោះ​រង្គើ​ ឬ​ប៉ះពាល់​ខ្លាំង​ឡើយ តួ​យ៉ាង​ដូច​ជា​ចិន និង​ឥណ្ឌា​ជាដើម ប៉ុន្តែ​សេដ្ឋ​កិច្ច​របស់​​ប្រទេស​ចិន​បែរ​ជា​ងើប​ឡើង​យ៉ាង​លឿន​ទៅ​វិញ​​​។

ម្យ៉ាង​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​នៅ​អាស៊ី ក៏​លឿន​ជាង​នៅ​អាមេរិក និង​អឺរ៉ុប ផង​ដែរ៕


No comments:

Post a Comment