ភ្នំពេញៈ នោះជាការខាតបង់សម្រាប់ប្រទេសនាំចូលច្រើនជាងនាំចេញ ដូចជាកម្ពុជា។ ការនាំចេញសំខាន់ជាងគេរបស់កម្ពុជានៅពេលនេះ គឺសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដូចជាអង្ករជាដើម។ តែទំនិញ ឬផលិតផលផ្សេងទៀត កម្ពុជាស្ទើរតែនាំចូលទាំងស្រុងសម្រាប់ផ្គត់ផ្គង់។
ឧទាហរណ៍តូចមួយ គ្រាន់តែការនាំចូលភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគនៅឆមាសទីមួយនេះកើនឡើង២៨ភាគរយ។
និយាយត្រឹមតែទីផ្សារក្នុងតំបន់ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ ដែលជាដៃគូពាណិជ្ជកម្មធំធ្លាក់ចុះនៅឆមាសទីមួយ ខណៈការនាំចូលពីថៃនៅតែបន្តកើនឡើង។ ការនាំចេញរបស់កម្ពុជាទៅវៀតណាម ក្នុងរយៈពេល៥ខែ បានកើនតែ៣ភាគរយប៉ុណ្ណោះ ស្របពេលការនាំចូលពីវៀតណាម កើន១៣៩ភាគរយ។
កម្ពុជាជាទូទៅនាំចេញទំនិញមិនទាន់កែច្នៃ ហើយនាំចូលមកវិញនូវផលិតផលសម្រេច។ នេះបញ្ជាក់ថា កម្ពុជាត្រូវខាតបង់ថ្លៃដើមរួចជាស្រេចទៅហើយ ពិសេសថ្លៃពលកម្ម។
ទាំងនេះបង្ហាញពីកម្សោយនៃផលិតកម្មទាំងសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
សព្វថ្ងៃនេះកម្ពុជាទទួលបានផលចំណេញច្រើនពីទីផ្សារអឺរ៉ុប ក្រោមគម្រោង «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ដែលភាគច្រើននាំចេញសម្លៀកបំពាក់ ប៉ុន្តែអ្នកជំនាញជាច្រើនបានលើកឡើងថាកម្ពុជាត្រូវតែធ្វើ ឲ្យឧស្សាហកម្មនាំចេញរបស់ខ្លួនមានភាពចម្រុះបែប ដើម្បីទីផ្សារប្រកួតប្រជែង ពេលអនាគត ព្រោះវិស័យកាត់ដេរមួយមុខ មិនអាចជួយកំណើនសេដ្ឋកិច្ចយូរអង្វែងទេ ជាក់ស្តែងវិស័យនេះកំពុងអ៊ុតមើលសេដ្ឋកិច្ចអាមេរិក ដែលជាទីផ្សារធំ។
កំណើននៃការនាំចូលទំនិញបង្ហាញពីការកើនឡើងនៃសេដ្ឋកិច្ចរបស់ ប្រទេស ប៉ុន្តែការនាំចូលរបស់ប្រទេសមួយ មិនគួរមានគម្លាតឆ្ងាយពីការនាំចេញរបស់ខ្លួនពេកទេ បើមិនដូច្នេះឱនភាពពាណិជ្ជកម្មមានកាន់តែធំ ពោលគឺយើងត្រូវចំណាយច្រើនជាងចំណូល រីឯឱកាសនៃការប្រកួតប្រជែងមានកាន់តែទាប។
ការលើកឡើងនេះ មិនទាន់និយាយដល់កិច្ចព្រមព្រៀងដោះដូរទំនិញក្នុងសមាគមអាស៊ាន និងចាប់ផ្តើមនៅឆ្នាំ២០១៥ ទេ។
កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យមានការដោះដូរទំនិញដោយសេរី ក្នុងចំណោមសមាជិក ដោយមិនគិតពន្ធ។ កម្ពុជាត្រូវប្រឈមនឹងការខាតបង់ ប្រសិនបើប្រទេសនេះនៅតែមិនអាចផលិតសម្រាប់នាំចេញឲ្យបាន ច្រើននោះ។
កម្ពុជានឹងទទួលបន្ទុកក្នុងការប្រកួតប្រជែងទាំង គុណភាព និងបរិមាណ ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនជាបន្ទុកមួយទៀត កម្ពុជាត្រូវទប់ទល់ទំនិញពីចិន ដែលជាការប្រកួតមួយដ៏ធំ៕
No comments:
Post a Comment