Tuesday, August 14, 2012

លី ក្វាន់យូ


លី ក្វាន់យូ
លោកអ្នក​ប្រហែល​ជាធ្លាប់​លឺ​យ៉ាងហោច​ណាស់​ម្ដង នូវ​ឈ្មោះរបស់​លី ក្វាន់យូ (ដែលយ៉ាង​ហោចណាស់​ក៏​ប្រហែល​ជាមាន​សរសេរ​នៅក្នុង​សៀវ​ភៅសិក្សា​របស់​ក្រសួង​អប់រំ​ដែរ) និងច្បាប់ហាមប្រាម​ការទំពៀរ​ស្ករកៅស៊ូ​នៅសិង្ហបុរី​ដែលលោក លី ក្វាន់យូបានបង្កើត។ លោក​ជានាយករដ្ឋមន្ត្រីទី១​របស់ កូននាគនៅអាស៊ី សិង្ហបុរី។ បើយើង​ប្រៀបធៀប​សិង្ហបុរី​មុន​និងក្រោយ​ការកាន់អំនាច​របស់លី ក្វាន់យូ យើងពិតជា​មិនស្ញើច​សរសើរ​មិនបាន ចំពោះនយោបាយ​ដឹកនាំ​របស់លោក ដែលបានប្រែមុខ​មាត់​សិង្ហបុរី ជាប្រទេស​រីកចំរើន​ជាងគេ​មួយនៅអាស៊ី ទោះជាប្រទេស​នេះ​មានផ្ទៃដី​ដ៏តូច និងគ្មានធនធាន​ធម្មជាតិ​សោះ ដែលសូម្បី​តែទឹកសំរាប់​ផឹក ក៏ត្រូវ​ទិញពី​ប្រទេស​ជិតខាងដែរ។ លោកលីក្វាន់យូ ពិតជាបីតា​សិង្ហបុរី​បច្ចុប្បន្ន ដែល​ប្រជាជន​សិង្ហបុរីគោរពបំផុត។ គំរូ​ដឹកនាំ​របស់លីក្វាន់យូ លើទឹកដី​ចំរុះ​ជាតិសាសន៍នេះ អាចធ្វើជា​គំរូ​សំរាប់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​រៀនសូត្រ​តាម។ អត្ថបទខាងក្រោមនេះ​នឹង​រៀបរាប់​ពី​ដំនើរជីវិត​របស់លី ក្វាន់យូ និងការកសាង​សិង្ហបុរីទំនើប​របស់លោក។
លោក លី ក្វាន់យូ (ជាភាសាអង់គ្លេស Lee Kuan Yew និងជាភាសាចិន 李光耀) កើតនៅថ្ងៃទី ១៦ កញ្ញា ១៩២៣។ លោក​ជា​នាយករដ្ឋមន្ត្រី​ដំបូង​បំផុត​របស់​​សាធារណរដ្ឋ​សិង្ហបុរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ បន្ទាប់ពីលោកចុះពីតំនែងក៏ដោយ លោក​នៅតែ​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ឋិពល​ម្នាក់​នៅ​សិង្ហបុរី​។

អំពីគ្រួសារ

លោក លី ក្វាន់យូ ជាកូនចៅជំនាន់ទី៤​នៃ​គ្រួសារ​ចិន​សិង្ហបុរី​មួយ​។ លោកតាទួត​របស់លោក​បានធ្វើ​អន្តោប្រវេសន៍​មកពី​ខេត្តគ័ងដុង​ប្រទេសចិន​នៅឆ្នាំ ១៨៦២។ លោកជា​កូនប្រុសច្បង​របស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo) ។ កាលពី​កុមារភាព លោក​ទទួល​ឥទ្ឋិពល​​ពី​​វប្បធម៌​អង់គ្លេស​ច្រើន ដោយសារ​ជីតា​និង​ឪពុក​របស់លោក​ដែលបាន​រៀនសូត្រ​ភាសាអង់គ្លេស​បានជ្រៅជ្រះ​។ ជីតា​របស់លោក​ដាក់ឈ្មោះ​ជា ភាសាអង់គ្លេស មួយដល់​លោកថា ហារី បន្ថែម​ពីលើ​ឈ្មោះជា​ភាសាចិន​របស់លោក​ដែល​ឪពុកលោក​ដាក់អោយ​។ ហេតុនេះ​លោកតែង​ត្រូវបាន​គេហៅថា ហារី ក្នុងចំនោម​​មិត្តភក្ដិ​ស្និទ្ឋស្នាល និង​គ្រួសារ​របស់​លោក​។
លោករៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី ក្វា ហ្គ័កចូ (Kwa Geok Choo) ​នៅថ្ងៃទី៣០ កញ្ញា ១៩៥០។ ពួកលោកមាន​កូនប្រុស​២នាក់​និង​កូនស្រី​ម្នាក់។ សមាជិក​​គ្រួសារ​ត្រកូល លី ជាច្រើន​កាន់តំនែង​សំខាន់ៗ​ក្នុងសង្គម​សិង្ហបុរី។ កូនប្រុស​និង​កូនស្រី​របស់​លោក​កាន់តំនែង​យ៉ាងខ្ពស់​ក្នុងជូរ​រដ្ឋាភិបាល។ កូនប្រុសច្បង​របស់លោក គឺលោក លី សៀនលូង ដែល​ជា​អតីត​ឧត្តមសេនីយ៍​ម្នាក់ បានក្លាយ​ជា​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​តាំងពី​ឆ្នាំ២០០៤​។ លោក​ក៏ជា​ប្រធាន ក្រុមហ៊ុន​វិនិយោគទុន​របស់រដ្ឋាភិបាល​សិង្ហបុរី (Government of Singapore Investment Company) ហើយ​កូនប្រុស​របស់​លោក​ជាអនុប្រធាន។ កូនប្រុសពៅ​របស់លោកឈ្មោះ លី សៀនយ៉ាង ដែលជា​អតីតឧត្តម​សេនីយ៍​ផងនោះ ជា​នាយក​និង​​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន SingTel (ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំមួយ​នៅសិង្ហបុរី)​។ កូនស្រី​របស់​លោក​ឈ្មោះ លី វ៉ីលីង គ្រប់គ្រងវិទ្យាស្ថាន​វិទ្យាសាស្ត្រ​សសៃប្រសាទជាតិ (the National Neuroscience Institute)។

ជីវិតកាលពីកុមារភាពនិងប្រវត្តិសិក្សា

លោក លី ក្វាន់យូ​បានចូល​សិក្សា​នៅ សាលាបឋមសិក្សា​តេឡុកគូរ៉ៅ (Telok Kurau Primary School),ស្ថាប័នរ៉ាហ្វល(Raffles Institution) និង​មហាវិទ្យាល័យរ៉ាហ្វល (Raffles College)។ ការសិក្សា​នៅ​មហាវិទ្យាល័យ​របស់​លោក​ត្រូវបាន​ពន្យាពេល​ដោយសារ សង្គ្រាមលោកលើកទី២ និង​ការចូលមក​​កាន់កាប់​របស់ជប៉ុន​ពីឆ្នាំ ១៩៤២ដល់១៩៤៥​។ ក្នុងរយៈពេលនេះ លោក​បានរក​ស៊ី​លក់​កាវវិទ្យាសាស្ត្រ​ឈ្មោះ Stikfas យ៉ាង​ជោគជ័យ​ក្នុងផ្សារ​ងងឹត​។ ដោយសារ​លោក​បានរៀន​ជាភាសាចិន​និង​ជប៉ុន​តាំងពីឆ្នាំ១៩៤២ លោក​មាន​សមត្ថភាព​ក្នុងការ​បកប្រែ​សារទូរលេខ​របស់​ពួកសម្ព័ន្ឋមិត្ត​អោយ​ពួកជប៉ុន​។ លោកក៏បាន​ធ្វើជា​អ្នកនិពន្ឋ​ផ្នែកភាសាអង់គ្លេស​អោយ​មន្ទីរពត៌មាន​ជប៉ុនហូដូប៊ុ (報道部) ផងដែរពីឆ្នាំ ១៩៤៣ដល់១៩៤៤។
បន្ទាប់ពី​សង្គ្រាម លោកបានចូលសិក្សា​ផ្នែកច្បាប់​នៅមហាវិទ្យាល័យហ្វីតវីលៀម,ខេមប៊្រីដ (Fitzwilliam College, Cambridge) នៅរាជាណាចក្ររួម។ លោកបាន​បញ្ចប់​ការសិក្សា​ដោយបាន​ទទួល សញ្ញាប័ត្រកិត្តិយស​ថ្នាក់ទី១​ផ្កាយ២(Double Starred First Class honours)។ បន្ទាប់​មក​លោក​ចូលរៀន​ច្បាប់នៅ​សាលាសេដ្ឋកិច្ចឡិនដិន ផងដែរ។ លោកវិល​ត្រលប់​មក​សិង្ហបុរី​វិញនៅឆ្នាំ ១៩៤៩ ដោយចាប់​យក​អាជីព​ជាមេធាវី​។

ជីវិតនយោបាយពីឆ្នាំ ១៩៥១ដល់១៩៥៩

មុនការបង្កើតគណបក្សសកម្មភាពប្រជាជន (People’s Action Party ហៅកាត់ថា PAP)

បទពិសោធន៍​នយោបាយ​ដំបូង​បំផុត​របស់លោក​ចាប់ផ្ដើម​នៅពេល​លោក​ធ្វើជា​ភ្នាក់ងារ​បោះឆ្នោត​អោយ​ចៅហ្វាយ​របស់លោក​គឺលោក ចន ឡេយខក់ (John Laycock) ក្រោមផ្លាក​គណបក្សឆ្ពោះទៅមុខ (Progressive Party) (និន្នាការអង់គ្លេស) នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ (Legislative Council Elections)​ នៅឆ្នាំ ១៩៥១។ ប៉ុន្តែ​លោក​បានសំលឹង​ឃើញថា​អនាគត​របស់​គណបក្ស​នេះ​មាន​ភាពស្រពិចស្រពិល​ដោយគ្មាន​ អ្នកគាំទ្រ​ទ្រង់ទ្រាយ​ធំ ជាពិសេស​​ពី​​សំនាក់​វណ្ណៈកម្មករ​និយាយ​ភាសាចិន​។ ការបំបែក​ខ្លួន​របស់លោក​ធ្វើឡើង​នៅពេល​លោក​ធ្វើជា​ទីប្រឹក្សា​ច្បាប់​អោយសហព័ន្ឋនិស្សិត​និង​​ពាណិជ្ជកម្ម ដែលការណ៍​នេះ​បាន​ផ្ដល់ឱកាស​ដល់លោក​ក្នុងការ​ធ្វើទំនាក់ទំនង​ជាមួយ​វណ្ណៈ​កម្មករ​ជនជាតិចិន។

ការបង្កើត PAP

នៅថ្ងៃទី២១ វិច្ឆិកា ១៩៥៤ លោក​ជាមួយ​មិត្តភក្តិ​វណ្ណៈ​កណ្ដាល​ដែលមាន​ការសិក្សា​ផ្នែក​ភាសា​អង់គ្លេស​មួយក្រុម បានរួមគ្នា​បង្កើត​គណបក្ស​សង្គមនិយម​​មួយ​ឈ្មោះ គណបក្សសកម្មភាពប្រជាជន (People’s Action Party ហៅកាត់ថា PAP) និងមាន​សំព័ន្ឋភាព​ជាមួយ​សហព័ន្ឋ​ពាណិជ្ជកម្ម​ដែលគាំទ្រ​របបកុំម្មុយនីស។ ពួកគេ​មានគោលដៅ​រួមក្នុង​ការជំរុញ​អោយមាន​រដ្ឋាភិបាល​ផ្ទាល់ខ្លួន​និងបញ្ចប់​ការគ្រប់គ្រង​ពី ​អាណានិគម​អង់គ្លេស។ លោក​ត្រូវបាន​គេជ្រើសរើស​អោយ​ធ្វើជា​​អគ្គលេខាធិការ​សំព័ន្ឋភាព​។

ជីវិតជានាយករដ្ឋមន្ត្រី មុនឯករាជ្យ (១៩៥៩ដល់១៩៦៥)

លី ក្វាន់យូ ពេលជាប់ជានាយករដ្ឋមន្ត្រី
នៅក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ១៩៥៩ PAP​ដណ្ដើមបាន​៤៣កៅអី​ក្នុងចំនោម​៥១កៅអី​ក្នុងសភា។ សិង្ហបុរី​បាន​ទទួល​ស្វ័យភាព​គ្រប់គ្រង​លើគ្រប់​ផ្នែក លើកលែង​​តែ​វិស័យ​ការពារជាតិ​និង​ទំនាក់ទំនង​ការបរទេស។ លោក លី ក្វាន់យូ បានក្លាយ​ជា​នាយករដ្ឋមន្ត្រីទី១​នៃរដ្ឋសិង្ហបុរី​នៅថ្ងៃទី៣ មិថុនា ១៩៥៩។ បន្ទាប់ពី​​ទទួល​​បាន​ស្វ័យភាព​ពីអង់គ្លេស លោក​បានជួប​បញ្ហា​ជាច្រើន​ដូចជា វិស័យអប់រំ ការផ្ដល់ជំរក និងភាពអត់ការងារធ្វើ។ ដើម្បី​ឆ្លើយតប​នឹង​កង្វះទីជំរក លោកបាន​បង្កើត​អោយ​មាន​គណៈកម្មាធិការ​ផ្ដល់ជំរក​និង​អភិវឌ្ឍន៍ (Housing and Development Board)។ គណៈកម្មាធិការ​នេះជា​ភ្នាក់ងារ​អនុវត្ត​កម្មវិធី​សាងសង់​ជំរក​សាធារណៈ​​ទ្រង់ទ្រាយធំ ដើម្បី​កាត់បន្ថយ​កង្វះខាត​ផ្ទះសំបែង។

ការរួមបញ្ចូលក្នុងសហព័ន្ឋម៉ាឡាយ៉ា និងការបំបែកខ្លួនវិញ (១៩៦៣ដល់១៩៦៥)

បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ម៉ាឡាយ៉ា លោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman) ស្នើអោយ​មាន​ការបង្កើត​ជា​សហព័ន្ឋ​មួយដែល​រួមមាន ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់ នៅឆ្នាំ ១៩៦១, លោក លី ក្វាន់យូ​បានចាប់ផ្ដើម​យុទ្ឋនាការ​ក្នុងការ​ច្របាច់បញ្ចូល​ជាមួយ​ម៉ាឡេស៊ី​នេះ ដើម្បីបញ្ចប់​ជាស្ថាពរ​​របប​​អាណានិគម​អង់គ្លេស​។ ដើម្បី​បញ្ជាក់ថា​ប្រជាជន​គាំទ្រលោក លោកបាន​ប្រើលទ្ឋផល​នៃ​ការបោះឆ្នោត​ក្នុងសមាជ​ឆ្នាំ១៩៦២ ដែលពេលនោះ​លោកទទួលបាន​​សំលេង​គាំទ្រ ៧០%។ តែលោក​បានជួប​បញ្ហា​ជាមួយ​ពួកកុំម្មុយនីស​ដែលជំទាស់​យ៉ាងដាច់អហំការ​ចំពោះ​សំនើនេះ​។
សិង្ហបុរី​បានចូល​ជាផ្នែកមួយ​នៃសហព័ន្ឋម៉ាឡេស៊ី នៅថ្ងៃទី១៩ កញ្ញា ១៩៦៣។ ប៉ុន្តែ​ចាប់ពី​ពេលនោះមក មាន​ភាពរកាំរកូត​ជាប់ជានិច្ច​ស្ដីអំពី​តួនាទី​ជនជាតិចិន​​ក្នុងវិស័យ​នយោបាយ រហូតដល់​មាន​កុបកម្ម​និង​ការប្រយុទ្ឋគ្នា​នៅឆ្នាំ១៩៦៤ រវាងជនជាតិចិន​និងម៉ាឡេ។ កុបកម្ម​កើតឡើង​ជា​បន្តបន្ទាប់ ហើយទំនិញ​ចេះតែ​​ឡើង​ថ្លៃ។ ដោយមិនអាច​ដោះស្រាយ​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​នេះបាន លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​គឺលោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ បាន​សំរេចចិត្ត​ដក​សិង្ហបុរី​ពី​សហព័ន្ឋ។ លោក លី ក្វាន់យូ​បានចុះហត្ថលេខា​បំបែកខ្លួន​នៅថ្ងៃទី ៧ សីហា ១៩៦៥ និង​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​សិង្ហបុរី-ម៉ាឡេស៊ី នៅក្រោយ​ការបំបែកខ្លួន និងធានា​នូវ​កិច្ចសហ​ប្រតិបត្តិការ​ក្នុងវិស័យ​ពាណិជ្ជកម្ម​និង​ការពារជាតិ។
ការបរាជ័យ​នៃ​ការច្របាច់​បញ្ចូលគ្នា​ធ្វើអោយ​លោក លី ក្វាន់យូ​មាន​ការខកចិត្ត​ជាខ្លាំង ព្រោះ​លោក​ជឿតាំង​ពីដើម​មកថា​ការបំបែកខ្លួន​នេះជា​បញ្ហា​​អាយុជីវិត​របស់​​សិង្ហបុរី​។ នៅក្នុង​សន្និសិទ​សារពត៌មាន​មួយដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាមកញ្ចក់​ទូរទស្សន៍ លោក​បានសំដែង​នូវអារម្មណ៍​នៃ​ការខកចិត្ត​យ៉ាងធ្ងន់ធ្ងរ​​ក្នុងពេល​លោក​ ប្រកាសទៅ​ប្រជាជនសិង្ហបុរី​អំពី​ការបំបែក​ខ្លួននោះ។ ខាងក្រោមនេះ​ជាសំដី​របស់លោក​ក្នុងសន្និសិទ​នោះ៖
«សំរាប់ខ្ញុំ នេះជាវេលា​ដ៏ឈឺចាប់​ទាំងផ្លួវកាយ​និងផ្លូវចិត្ត។ ក្នុងមួយ​ឆាកជីវិត​របស់ខ្ញុំ ខ្ញុំតែងប៉ង​អោយមាន​ការរួបរួម​រវាង​ដែនដី​ទាំង២​…ឥលូវ ខ្ញុំ,លី ក្វាន់យូ នាយក​រដ្ឋមន្ត្រី​នៃ​សិង្ហបុរី សូមប្រកាស​ជាផ្លូវការ​ជួសមុខអោយ​ប្រជាជន​និង​រដ្ឋាភិបាល​សិង្ហបុរី​ថា ចាប់ពី​ថ្ងៃនេះ​គឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ទៅ សិង្ហបុរី​នឹងក្លាយជា​​ប្រជាជាតិ​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​ជារៀងរហូត។ ប្រជាជាតិ​នេះនឹង​ឈរលើ​គោលការណ៍​សេរីភាព​និង​យុត្តិធម៌ សំដៅ​ស្វែងរក​នូវ​សុខុមាលភាព​​និង​​សុភមង្គល​ ជូនសង្គមមួយ​ដែល​ប្រជាជន​គ្រប់រូប​មានសិទ្ឋិ​ស្មើ​គ្នា​យ៉ាងពិត​ប្រាកដ។»
នៅថ្ងៃដដែល រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏បាន​អនុម័ត​សំរេច​កាត់ផ្ដាច់​សិង្ហបុរី​ចេញពី​ម៉ាឡេស៊ី ហើយ​សាធារណ​រដ្ឋ​សិង្ហបុរី​ក៏ចាប់​បដិសន្ធិ​ឡើង​។ បញ្ហា​កង្វះ​ធនធាន​ធម្មជាតិ​​របស់​សិង្ហបុរី តំរូវអោយ​សិង្ហបុរី​ពឹងផ្អែក​លើម៉ាឡេស៊ី​ស្ទើរ​ទាំងស្រុង ធ្វើអោយ​សមត្ថភាព​ការពារជាតិ​របស់​សិង្ហបុរី​មានកំរិត។ នេះជា​ឧបសគ្គ​ដ៏ចំបង​ដែល លោក លី ក្វាន់យូ និង រដ្ឋាភិបាលសិង្ហបុរី ត្រូវប្រឈមមុខ។

ជីវិតជានាយករដ្ឋមន្ត្រី ក្រោយឯករាជ្យ (១៩៦៥ដល់១៩៩០)

នៅក្នុង​ជីវប្រវត្តិ​របស់លោក លី ក្វាន់យូ​បានពោលថា​គាត់​មិនដែល​បានគេង​លក់ស្រួល និង​បាន​ធ្លាក់ខ្លួន​ឈឺជាច្រើន​ថ្ងៃក្រោយ​ពីសិង្ហបុរី​បានឯករាជ្យ។ លោកចាប់​ផ្ដើម​ ស្វែងរក​ការទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហបុរី​ពី​មជ្ឍដ្ឋាន​ពិភពលោក។ សិង្ហបុរី​បានចូលជា​សមាជិកអង្គការសហប្រជាជាតិ​នៅថ្ងៃទី ២១ កញ្ញា ១៩៦៥ និង​​បាន​ចូលរួម​ជាមួយ​ប្រទេស​៤ទៀត​ក្នុងការបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅថ្ងៃទី ៨ សីហា ១៩៦៧។ លោកបាន​ធ្វើទស្សនកិច្ច​​ជាលើកដំបូង​​ទៅ​ប្រទេស​​ឥណ្ឌូនេស៊ី​នៅឆ្នាំ១៩៧៣ ធ្វើអោយ​ទំនាក់ទំនង​សិង្ហបុរី​និង​ឥណ្ឌូនេស៊ី​កាន់តែ​ប្រសើរឡើង។
សិង្ហបុរី​គ្មានវប្បធម៌​ជាធំដុំ ហើយក៏​គ្មានភាសា​រួមដែរ។ តែក្រោម​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល លោកលី ក្វាន់យូ បាន​ព្យាយាម​កសាង​នូវ​អត្តសញ្ញាណ​រួមគ្នា​​មួយ​សំរាប់​​ប្រជាជន​​សិង្ហបុរី។ លោក​និងរ​ដ្ឋាភិបាលលោក បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ក្នុងការ​ប្រកាន់​គោលការណ៍​នៃ​ការអនុគ្រោះគ្នា​រវាង​សាសនា និង​​ការចុះសំរុង​គ្នា​រវាង​ជាតិសាសន៍​នានា។ រដ្ឋាភិបាល​បានត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ប្រើប្រាស់​ច្បាប់ប្រឆាំង​នឹង​អំពើទាំង​ឡាយណា ដែលញុះញុង​​អោយមាន​​អំពើហិង្សា​រវាងសាសនា​និង​ជាតិសាសន៍។

គោលនយោបាយ និង សេចក្ដីសំរេចចិត្ត

រដ្ឋបាល​ក្រោយឯករាជ្យ​របស់លោក លី ក្វាន់យូ​មានកង្វល់សំខាន់ៗ៣គឺ សន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ច និង បញ្ហាសង្គម
  • សន្តិសុខជាតិ
សិង្ហបុរី​​ស្ថិត​នៅក្រោម​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​សំនាក់​ចលនា​កុំម្មុយនីស​នៅឥណ្ឌូនេស៊ី និង​ចលនា​នៅ​ម៉ាឡេស៊ី​ក្នុងការ​ទាមទារ​យក​សិង្ហបុរី​មកវិញ​។ ក្រោយពី សិង្ហបុរី​ចូលជា​សមាជិក​អង្គការសហប្រជាជាតិ លោក​បាន​ស្វែងរក​ការទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហបុរី​ពី​សំនាក់​អន្តរជាតិ។ លោក​បានប្រកាស​នូវ​គោល​នយោបាយ​អព្យាក្រឹត​និង​មិន​ចូល​បក្សសម្ព័ន្ឋ តាមគំរូប្រទេសស្វីស។ នៅពេល​ជាមួយគ្នា​នោះ លោកបាន​បញ្ជាអោយ​លោក ហ្គោស កេងស្វី (Goh Keng Swee) បង្កើតកងកំលាំង​ប្រដាប់អាវុធ​សិង្ហបុរី (Singapore Armed Forces) និងបាន​សុំជំនួយ​ពីបរទេស​ផ្នែកប្រឹក្សា ហ្វឹកហ្វឺន និងសំភារៈបរិក្ខារ​ផ្សេងៗ។
ពេលដែល​ដឹងថា​អង់គ្លេស​មានគោលបំនង​កាត់បន្ថយ​ទ័ព​ពីសិង្ហបុរី​និង​ម៉ាឡេស៊ី លោក លី និង ហ្គោស បានដាក់​អោយមាន​ច្បាប់កាតព្វកិច្ច​យោធា។ រដ្ឋាភិបាល​​បានចាប់ផ្ដើម​ទិញគ្រឿង​សព្វាវុធ​ដូចជា​រថក្រោះ​និង​យន្ដហោះចំបាំង និង​ហ្វឹកហាត់​អ្នកបើកបរ​យន្ដហោះ​ផ្ទាល់ខ្លួន។ ក្រោយមក​សិង្ហបុរី​មាន​លទ្ឋភាព​កសាង​​ទំនាក់ទំនង​ផ្នែកយោធា​ជាមួយ​បណ្ដា​ប្រទេសអាស៊ាន ផ្សេងទៀត​។ សិង្ហបុរី​មាន​ភាពរឹងមាំ​ក្នុងការ​ការពារជាតិ​ក្រោយពី​អង់គ្លេស​បានដកទ័ព​ចេញនៅថ្ងៃទី ៣១ តុលា ១៩៧១។
  • បញ្ហាសេដ្ឋកិច្ច
លោក លី ក្វាន់យូ​បាននាំ​សិង្ហបុរី​ឆ្ពោះទៅរក​ឧស្សាហនីយកម្ម។ នៅឆ្នាំ ១៩៦១ គណៈកម្មាធិការ​អភិវឌ្ឍ​សេដ្ឋកិច្ច (the Economic Development Board) ត្រូវបាន​បង្កើត​ក្នុងនាទី​ទាក់ទាញ​វិនិយោគទុន​បរទេស ដែលអាច​ផ្ដល់ចំនូល​ពន្ឋជូនរដ្ឋ ក៏ដូចជា​ផ្ដល់ការងារ​ដល់​កំលាំង​ពលកម្ម​មានជំនាញ​ខ្ពស់ មានវិន័យ​ តែយក​​ប្រាក់ខែទាប។ រដ្ឋាភិបាល​បានកសាង​ហេដ្ឋារចនាសម្ព័ន្ឋ​ទំនើបៗ​ដូចជា​អាកាសយាន្តដ្ឋាន កំពង់ផែ ផ្លូវថ្នល់ និងបណ្ដាញ​ទូរគមនាគមន៍​ជាដើម។ គណៈកម្មាធិការ​ជំរុញ​វិស័យទេសចរណ៍​សិង្ហបុរី (the Singapore Tourists Promotion Board) ត្រូវបាន​បង្កើត​ក្នុងនាទី​ជំរុញ​វិស័យ​ទេសចរណ៍ ដែល​ក្រោយមក​​​បាន​បង្កើត​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ និង​ចំនូល​ថវិការជាតិ​យ៉ាងសំបើម។ រដ្ឋាភិបាល​សំរេច​បាន​ការកាត់​បន្ថយ​អត្រា​នៃ​អ្នកអត់​ការងារធ្វើ​ពី ១៤%​ក្នុងឆ្នាំ១៩៦៥ មកត្រឹម៤.៥%​ក្នុងឆ្នាំ១៩៧៣។ ទោះជាយ៉ាងណា​ក៏ដោយ នៅមាន​បញ្ហា​មួយចំនួន​ទៀត​ដូចជា​មូលធន​ភាគច្រើន​ស្ថិតក្នុង​កណ្ដាប់ដៃ​ជន​បរទេស។
  • ការបង្កើតភាសាផ្លូវការ
លោកលី បន្តអោយ​ប្រើ​ភាសាអង់គ្លេស​រួមគ្នា​នៅកន្លែង​ធ្វើការ និង​ទំនាក់ទំនង​រវាង​ជាតិសាសន៍​ផ្សេងគ្នា។ ជាមួយគ្នានោះ លោកក៏​ទទួលស្គាល់​ភាសាម៉ាឡេ ភាសាចិន និង ភាសាតាមិល ថាជា​ភាសាផ្លូវការ​ទាំង៣​ផ្សេងទៀត។ សាលា​សាធារណៈ​ទាំងអស់​ប្រើប្រាស់​ភាសាអង់គ្លេស​ជា​ភាសាយាន​ក្នុងការអប់រំ។ តែក៏មាន​មេរៀន​ជា​ភាសាកំនើត​របស់​ពួកគេ​ដែរ។
លោកលី ក្វាន់យូ​មិនគាំទ្រ​ការប្រើប្រាស់​ភាសាចិន​មិនមែន​កុកងឺទេ​ (ដូចជាភាសាចិនហុកគាន ចិនទាជីវ និង ចិនកន្តាំង) និង​ជំរុញអោយ​មានការ​ប្រើតែ​​ភាសាចិនកុកងឺ​ជា​ភាសាកំនើត​សំរាប់​ជនជាតិចិន ដើម្បី​អោយមាន​ឯកភាព​ភាសា​ក្នុងទំនាក់ទំនង​ក្នុង​សហគមន៍ចិន។ លោកបាន​ចាប់ផ្ដើម​យុទ្ឋនាការ​និយាយ​ភាសាចិន​កុកងឺ (Speak Mandarin Campaign) ជាផ្លូវការ។ លោកបាន​បំបិទ​កម្មវិធី​ផ្សព្វផ្សាយ​តាមទូរទស្សន៍​ដែលមិន​ប្រើភាសាចិនកុកងឺ លើកលែង​​តែពត៌មាន​និង​រឿងភាគ ដើម្បី​តំរូវចិត្ត​ទូរទស្សនិកជន​ចំនាស់ៗ។ តែទោះជា​យ៉ាងណា​យុទ្ឋនាការ​នេះពិតជា​មានប្រសិទ្ឋភាព។ ចាប់តាំងពី​ពេលនោះ​ មក​យុវជន​ជនជាតិចិន​សិង្ហបុរី​មិនអាច​និយាយ​ភាសាចិន​កំនើត​​របស់ខ្លួន​ដែលមិនមែន​កុកងឺ​បានល្អទេ។ បន្តិចម្ដងៗ ពួកគេ​មានការ​ពិបាក​ក្នុងការ​ទំនាក់ទំនង​ជាមួយ​ជីដូនជីតា​របស់​ពួកគេ​។
នៅទសវត្សរ៍ឆ្នាំ៧០ និស្សិត​ដែល​បញ្ចប់​ការសិក្សានៅ សាកលវិទ្យាល័យណានយ៉ាង (Nanyang University)​ដែល​នៅពេលនោះ​ប្រើប្រាស់​ភាសាចិន​នៅឡើយ ជួបនឹង​បញ្ហាពិបាក​រកការងារ​ធ្វើព្រោះ​ពួកគេខ្សោយ​ភាសាអង់គ្លេស។ សា្ថប័ន​សាធារណៈ​នានា​ត្រូវការ​តែ​កំលាំង​ពលកម្ម​ដែលអាច​ប្រើប្រាស់​​ភាសាអង់គ្លេស​ ប៉ុណ្ណោះ។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហានេះ លោកលី ក្វាន់យូ​បានច្របាច់​បញ្ចូលសាកលវិទ្យាល័យ​ណានយ៉ាង​ចូលក្នុង​សាកលវិទ្យាល័យ​សិង្ហបុរី និងដាក់ឈ្មោះ​ថ្មី​អោយស្ថាប័ន​ទាំង២នេះថា សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។ ចលនានេះ​ផ្ដល់ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សាស្ត្រាចារ្យនិង​គ្រូដែល​និយាយ​ភាសាចិន ដោយ​ពួកគេ​ត្រូវប្ដូរ​មកបង្រៀន​ជាភាសា​អង់គ្លេសវិញ។
  • គោលនយោបាយរដ្ឋាភិបាល
ដូចបណ្ដា​ប្រទេស​មួយចំនួន​ដែរ សិង្ហបុរី​បានជៀសផុត​ពី​ជំងឺ​ពុករលួយ។ លោក លី ក្វាន់យូ​បានដឹង​យ៉ាងច្បាស់​ថាអំពើ​ពុករលួយ​ពិតជា​ធ្វើអោយ​​ប្រទេសជាតិ​​អន្តរាយ តួយ៉ាង​ដូចជារ​ដ្ឋាភិបាល​អ្នកជាតិ​និយម​នៅប្រទេសចិន​ជាដើម។ លោកបាន​បង្កើត​ច្បាប់ដែល​ផ្ដល់អំនាច​ដ៏ខ្លាំង​ដល់ ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុករលួយ (Corrupt Practices Investigation Bureau) ក្នុងការ​ឃាត់ខ្លួន ស្វែងរក ហៅសាក្សី និងស៊ើបអង្កេត​គណនី​ធនាគារ​ និងពន្ឋ​ពីចំនូល​របស់បុគ្គល​និង​គ្រួសារ​ដែលគេ​សង្ស័យថា​បាន​ ប្រព្រឹត្ត​អំពើ​ពុករលួយ។ ដោយមាន​ការគាំទ្រ​ពីលោក លី ក្វាន់យូ ការិយាល័យ​នេះមាន​អំនាច​​ស៊ើបអង្កេត​លើមន្ត្រី​និង​រដ្ឋមន្ត្រី​ទាំងអស់។ គេបាន​រកឃើញ​រដ្ឋមន្ត្រី​ជាច្រើន​ដែលបាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ លោកជឿថារ​ដ្ឋមន្ត្រី​ទាំងអស់​គួរតែមាន​​ប្រាក់ខែ​​សមរម្យ ដើម្បី​អោយ​ពួកគេ​ស្អាតស្អំ​និង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល។ នៅឆ្នាំ១៩៩៤ លោកបា​នស្នើ​តំលើង​ប្រាក់ខែ​ដល់​រដ្ឋមន្ត្រី ចៅក្រម និង​មន្ត្រីរាជការ​កំពូលៗ អោយមាន​ប្រាក់ខែ​ស្មើនឹង​អ្នកអាជីព (professionals) កំពូលៗ​ក្នុង​វិស័យ​ឯកជន​ដែរ។ លោក​អះអាង​ថា​ការធ្វើ​បែបនេះ​នឹង​ទាក់ទាញ​​អ្នកមាន​ទេពកោសល្យ​​ពិតប្រាកដ​ អោយចូល​បំរើ​ការងារ​រដ្ឋបាន។
នៅក្នុង​ទសវត្សរ៍៦០ ដោយ​ភ័យខ្លាច​ថា​កំនើន​ប្រជាជន​អាចជា​ឧបសគ្គ​ដល់​ការរីកចំរើន​សេដ្ឋកិច្ច, លោកលី ក្វាន់យូ​បានបើក​យុទ្ឋនាការ​ផែនការ​គ្រួសារ​​ដែល​តំរូវ​​អោយមាន​កូនត្រឹម​តែ២នាក់។ គូស្វាមី​ភរិយា​នានា​ត្រូវបាន​គេលើក​ទឹកចិត្ត​អោយ​ពន្យាកំនើត​បន្ទាប់ពី​មាន​កូន​លើក​ទី២។ កូនទី៣​និង​ទី៤ត្រូវបាន​គេផ្ដល់​អាទិភាព​​ទាបជាង​ក្នុង​វិស័យអប់រំ ហើយ​គ្រួសារ​បែបនោះ​ទទួលបាន​ប្រាក់សំនងពន្ឋ (tax rebates) តិចជាង​គ្រួសារ​ធម្មតា។
នៅឆ្នាំ ១៩៨៣ លោកលី ក្វាន់យូ​បានបង្កើត​កិច្ចពិភាក្សា​ទ្រង់ទ្រាយធំ​អំពី​ការរៀបការ (the Great Marriage Debate) ដែល​នៅពេល​នោះ លោកបាន​​ជំរុញ​អោយ​​បុរសៗ​​យកភរិយា​ដែលមាន​ការសិក្សា​ខ្ពស់។ លោក​មាន​ការបារម្ភ​អំពី​កំនើន​ស្ត្រី​ដែល​រៀនសូត្រ​ជ្រៅជ្រះ​តែមិន​រៀបការ។ ទស្សនៈនេះ​បានធ្វើអោយ​​មជ្ឍដ្ឋាន​​ស្ត្រី​ចប់​ឧត្តមសិក្សា​មាន​ការខកចិត្ត។ ទោះជាយ៉ាងណា​ក៏ដោយ អង្គភាព​អភិវឌ្ឍសង្គម (Social Development Unit) ត្រូវបាន​បង្កើត​ដើម្បី​ធ្វើ​មេអណ្ដើក​ដល់​​បុរស​និង​ ស្ត្រីដែល​បញ្ចប់​ការសិក្សា​ថ្នាក់ឧត្តម។ លោក​ក៏បាន​ផ្ដល់​ការលើកទឹកចិត្ត​ដូចជាសំនងពន្ឋ (tax rebates) អាទិភាពសិក្សា និង ផ្ទះសំបែង​ដល់ស្ត្រី​ជា​ម្ដាយ​ ដែល​បញ្ចប់​ការសិក្សា​ថ្នាក់ឧត្តម​និងមាន​កូនលើស​ពី២នាក់។ មកទល់​ចុងទសវត្សរ៍​៩០ អត្រាកំនើត​បានធ្លាក់​ចុះទាប​រហូត​ធ្វើអោយ​រដ្ឋាភិបាលលោក ហ្គោស ចុកតុង (នាយករដ្ឋមន្ត្រី​បន្តពីលោក លី ក្វាន់យូ) មាន​លទ្ឋភាព​ពង្រីក​ការលើក​ទឹកចិត្ត​នេះដល់​ស្ត្រីដែល​រៀបការ​ទាំងអស់ និងបាន​បន្ថែម​អោយមាន ប្រាក់​លើកទឹកចិត្ត​បន្ថែម​ពេលមាន​កូន (Baby bonus)។

តំនែងជាទេសរដ្ឋមន្ត្រី (Senior Minister) (១៩៩០ដល់២០០៤)

បន្ទាប់ពីនាំ PAP អោយ​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​៧ដង​រួចមក លោក លី ក្វាន់យូ​បានចុះចេញ​ពីតំនែងនៅថ្ងៃទី ២៨ វិច្ឆិកា ១៩៩០ និង​ប្រគល់​តំនែង​​នាយករដ្ឋមន្ត្រី​បន្ត​អោយលោកហ្គោស ចុកតុង។ លោក លី ក្វាន់យូ​បានក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំនែង​យូរជាងគេ​នៅ​លើពិភពលោក។ ការផ្ទេរតំនែង​នេះ​បញ្ជាក់ពី​ការផ្ទេរអំនាច​ដល់​អ្នកដឹកនាំ​ជំនាន់ក្រោយ ហើយ​អ្នកដឹកនាំ​មុនៗ​ក៏ចូល​និវត្តន៍។ លោក លី ក្វាន់យូ​ចុះចេញ​ពីតំនែង​​ដោយមាន​សុខភាព​​នៅតែរឹងមាំ​និងមាន​សតិបញ្ញា​រហ័សរហួន។ លោកបាន​ដកខ្លួន​ឆ្ងាយពី​មេដឹកនាំ​អាស៊ីដទៃ​ទៀត​ដូចជា ម៉ៅ សេទុងស៊ូហារតូហ្វើឌីណាន់ ម៉ារកូស និង នេ វីន ជាដើម។
ពេលលោក ហ្គោស ចុកតុង​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ក៏ដោយ លោក លី ក្វាន់យូ​នៅតែ​មានតំនែង​ក្នុងគណរដ្ឋមន្ត្រី ក្នុងឋានៈ​ជា​ទេសរដ្ឋមន្ត្រី មាននាទី​ជាទីប្រឹក្សា​រដ្ឋាភិបាល។ នៅចំពោះ​មុខ​សាធារណជន​លោក លី ក្វាន់យូ ហៅលោកហ្គោ ចុងតុង ថា«នាយករដ្ឋមន្ត្រីរបស់ខ្ញុំ» ជា​ការគោរព​ដល់​អាជ្ញាធម៌​លោកហ្គោស ចុកតុង។ យោបល់​របស់លោក លី ក្វាន់យូ នៅតែ​មាន​ឥទ្ឋិពល​ចំពោះ​សាធារណជន​និង​គណរដ្ឋមន្ត្រី។ លោក​ត្រៀមខ្លួន​ជានិច្ច​នៅពេល​ដែល​ប្រទេសជាតិ​ត្រូវការ​លោក ដូចកាល​លោកមាន​ប្រសាសន៍​នៅថ្ងៃបុណ្យឯករាជ្យជាតិ (National Day) ឆ្នាំ ១៩៨៨ថា៖ «ទោះបីជាខ្ញុំ​ធ្លាក់ខ្លួនឈឺ និងរៀបចូល​មជ្ឈូស​ក៏ដោយ ខ្ញុំនឹង​ងើប​ឡើងវិញ​បើខ្ញុំ​មានអារម្មណ៍​ថា​ប្រទេសជាតិ​ខ្ញុំជួប​បញ្ហា»
លោកបាន​ចុះចេញ​ពីតំនែង​ជា​អគ្គលេខាធិការ​របស់ PAP និង​បន្ត​តំនែងនេះ​អោយលោក ហ្គោស ចុកតុង នៅខែវិច្ឆិកា ឆ្នាំ១៩៩២។ លោក​បាន​ដកខ្លួន​ថយ​​ឈប់ប្រលូក​ទំនាក់ទំនង​ផ្លូវរដ្ឋ​ជាមួយ​រដ្ឋាភិបាល​នានានៅ អាស៊ាន ដើម្បី​កុំអោយ​មាន​ការខ្វែងគ្នា​ជាមួយ​អ្នកបន្ត​តំនែង​ពីលោក គឺលោក ហ្គោស ចុកតុង។

តំនែងជារដ្ឋមន្ត្រីគំរូ (Minister Mentor) (ពីឆ្នាំ២០០៤ដល់បច្ចុប្បន្ន)

នៅថ្ងៃទី១២ សីហា ២០០៤ លោក ហ្គោស ចុកតុង​បានផ្ទេរតំនែង​ដល់​កូនប្រុសច្បង​របស់លោក លី ក្វាន់យូ គឺលោក លី សៀនលូង។ លោក ហ្គោស ចុកតុង​បានក្លាយជាទេសរដ្ឋមន្ត្រី ហើយលោកលី ក្វាន់យូ​បានទទួល​តំនែងថ្មី​ជា​រដ្ឋមន្ត្រីគំរូ​ដែលមាន​នាទី​ផ្ទេរបទ​ពិសោធន៍​ដល់​អ្នកដឹកនាំ​វ័យក្មេង។
ទាក់ទិន​នឹង​បញ្ហា​ច្បាប់ស្ដី​អំពីល្បែង​ស៊ីសង លោក លី ក្វាន់យូ​ពោលថា ខ្លួនលោកផ្ទាល់​ជំទាស់​ទាំងស្រុង​នឹង​ល្បែងស៊ីសង។ ប៉ុន្តែ​លោក​មិនបាន​ជំទាស់​នឹងសំនើ​ របស់​កូនប្រុសលោក​ក្នុងការ​អនុញ្ញាត​អោយមាន​បនល្បែង (Casino) នៅក្នុង​ប្រទេស​ទេ ដោយ​បាន​ពោលថា «ការអោយមានឬគ្មានបនល្បែងជាអ្វីដែល​អ្នកដឹកនាំថ្មីត្រូវសំរេចចិត្ត»
ថ្មីៗនេះ​លោកបាន​បង្ហាញ​ពី​ការបារម្ភ​ពីការធ្លាក់ចុះ​សមត្ថភាព​ប្រើ​ភាសាចិន​របស់​ក្មេង​សិង្ហបុរី​ជំនាន់​ក្រោយ។ នៅក្នុង​សន្ទរកថា​មួយក្នុងសភា លោកបាន​ថ្លែងថា «ជនជាតិ​សិង្ហបុរី​ត្រូវតែ​រៀនប្រើ​ទាំង​ភាសាអង់គ្លេស​និង​ភាសាចិន​កុកងឺ​អោយបាន​ច្បាស់លាស់»។ លោកបាន​បង្កើតអោយ​មាន​​កម្មវិធីទូរទស្សន៍​​មួយនៅ​​ឆ្នាំ២០០៥ ដើម្បី​ទាក់ទាញ​ទស្សនិកជន​ក្មេងៗ​អោយរៀន​ភាសាចិន​កុកងឺ។
នៅខែ​មិថុនា២០០៥ លោកបាន​បោះពុម្ព​សៀវភៅ​មួយក្បាល​ឈ្មោះ Keeping My Mandarin Alive (រក្សាភាសា​ចិនកុកងឺ​របស់ខ្ញុំ​អោយមាន​ជីវិតតទៅ​ទៀត) ដែល​បរិយាយ​អំពី​ការព្យាយាម​ជាច្រើន​ទសវត្សរ៍​របស់លោក​ក្នុងការ​រៀន​ភាសាចិន​កុកងឺ​អោយបាន​ច្បាស់លាស់។ លោកបាន​ពោលថា «…ដោយសារ​ខ្ញុំមិនបាន​ប្រើវា​ច្រើន ភាសា​នេះបាន​រលុប​ពីខួរក្បាល​ខ្ញុំជា​បណ្ដើរៗ។ ហេតុនេះ​ខ្ញុំត្រូវតែ​ស្រោចស្រង់​វាឡើងវិញ។ នេះជា​បញ្ហា​ដ៏លំបាក​ព្រោះ​ការរៀន​វាពេល​ដែល​អ្នកធំ​ហើយ​ វាខុស​ពីកាល​ពីក្មេង។»
នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CCTVនៅថ្ងៃទី១២ កក្កដា ២០០៥ លោកបាន​សង្កត់ធ្ងន់​អំពី​ការអោយ​មាន​អ្នកមាន​ទេពកោសល្យ​​បន្ត​ក្នុងការ​ដឹកនាំ​ប្រទេស ដោយមាន​ប្រសាសន៍ថា៖
«យើង​ត្រូវចេះ​រកការងារ​និង​សកម្មភាព​ដែល​ត្រូវនឹង​ខ្លួនយើង​នៅក្នុង​ពិភព​មួយ​ផ្សេងទៀត។ នៅគ្រប់​ជ្រុង​នៃ​ពិភពលោក មិនខ្វល់ថា​ខ្លួនយើង​តូចក៏ដោយ យើង​ត្រូវតែ​អាចធ្វើ​ការងារ​មួយ​ដែលមាន​ប្រយោជន៍​ដល់​ពិភពលោក។ ដើម្បី​សំរេច​ការងារ​នេះបាន យើង​ត្រូវការ​ជា​ចំបាច់​នូវ​អ្នកដឹកនាំ​​សំរាប់​​សំរេចចិត្ត​និង​មានទ​ស្សនវិស័យ​ល្អ មាន​ប្រាជ្ញា និង​មាន​ការបើកចំហរ​ចំពោះ​គំនិតថ្មីៗ និង​ជា​បុគ្គល​ដែលអាច​ផ្ដល់ឱកាស​អោយ​ពួកយើង​អាចធ្វើ​វាបាន។ ការងារ​របស់ខ្ញុំ​គឺស្វែងរក​អ្នកបន្ត​តំនែង​ពីខ្ញុំ។ ខ្ញុំ​រកពួកគេ​ឃើញហើយ​។ ពួកគេ​នៅទីនោះ។ ពួក​គេក៏​ត្រូវ​រកអ្នកបន្ត​តំនែង​របស់ពួក​គេដែរ។ ហេតុនេះ​នឹងមាន​ការបន្ត​អំនាច​ទៅអោយ​បុគ្គល​មាន​ទេព្យកោសល្យ មាន​ការប្ដេជ្ញាចិត្ត ស្មោះត្រង់ និងមាន​សមត្ថភាព​ធ្វើអ្វីៗ​មិនមែន​បំរើអោយ​ផលប្រយោជន៍​ផ្ទាល់ខ្លួន តែអោយ​ផលប្រយោជន៍​ប្រជាជន​និង​ប្រទេសជាតិ។ បើយើង​អាចធ្វើ​ការងារ​នេះបាន យើងនឹង​អាច​បន្តវា​ទៅ​ជំនាន់​​ក្រោយៗ​ទៀត។ ពេលវេលា​នៃ​ការបែកបាក់​គ្នា វាបាន​បញ្ចប់​ទៅហើយ»។

មរតកនិងការចងចាំ

ក្នុងរយៈពេល៣​ទសវត្សរ៍​ក្រោម​ការដឹកនាំ​របស់​លោកលី ក្វាន់យូ សិង្ហបុរី​បានប្រែ​ក្លាយខ្លួន​ពីប្រទេស​កំពុង​អភិវឌ្ឍ​មកជា​ប្រទេស​អភិវឌ្ឍ​ឈានមុខ​គេមួយ​នៅអាស៊ី ទោះជា​ប្រទេសនេះ​មាន​ប្រជាជន​តិច ផ្ទៃដី​តូច​និងកង្វះ​ខាត​ធនធាន​ធម្មជាតិ​ក៏ដោយ។ លោក លី ក្វាន់យូ​តែង​ពោល​ជារឿយ​ៗថា ធនធាន​ធម្មជាតិ​តែមួយគត់​ របស់​សិង្ហបុរី​គឺ​ប្រជាជន​សិង្ហបុរី និង​សីលធម៌​ការងារ​រឹងមាំ​របស់វា។ លោកត្រូវ​បាន​ប្រជាជន​សិង្ហបុរី​ជាពិសេស​​មនុស្ស​ជំនាន់មុនភាគច្រើន​គោរព និង​ចងចាំ​នូវការ​ ដឹកនាំ​ដ៏ត្រឹមត្រូវ​របស់លោក​ក្នុងសម័យ​ទទួលបាន​ឯករាជ្យ​និងពេល​ផ្ដាច់ខ្លួន​ ពីម៉ាឡេស៊ី។ លោកត្រូវ​បានគេ​អោយ​តំលៃ​ជា​ស្ថាបនិក​នៃ​វិបុលភាព​សិង្ហបុរី​បច្ចុប្បន្ន ទោះជា​វាជា​ស្នាដៃរួម​ជាមួយ​អនុ​នាយករដ្ឋមន្ត្រី លោក ហ្គោស កេងស្វី ដែល​ទទួលបន្ទុក​ផ្នែកសេដ្ឋកិច្ច​ក៏ដោយ។
លោក លី ក្វាន់យូបានសរសេរសៀវភៅ២ក្បាលអំពីបទពិសោធន៍របស់លោក៖
  • The Singapore Story (ISBN 0-13-020803-5) (រឿងរ៉ាវរបស់សិង្ហបុរី)៖ រៀបរាប់​អំពី​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក​ អំពី​ប្រវត្តិសាស្ត្រ​សិង្ហបុរី​មុនពេល​ផ្ដាច់ខ្លួន​ពីម៉ាឡេស៊ី ​នៅឆ្នាំ ១៩៦៥
  • From Third Wolrd to First: The Singapore Story (ISBN 0060197765) (ពី​ប្រទេស​តតីយលោក​មកជា​ប្រទេស​រីកចំរើន៖ រឿងរ៉ាយ​របស់​សិង្ហបុរី) ៖ និយាយ​អំពី​ការរួមចំនែក​របស់លោក​ក្នុងការ​ប្រែក្លាយ​ប្រទេសសិង្ហបុរី​ជា​ប្រទេសអភិវឌ្ឍ។
ចងក្រងនិងប្រែសំរួលដោយ គីមស៊្រុន
ដកស្រង់ពី វីគីភីឌាភាសាខ្មែ

No comments:

Post a Comment