ប្រពៃណីខ្មែរ – ការគោរពសំពះ
ខ្មែរជាជនជាតិចំណាស់មួយនៅក្នុងអាស៊ី ដែលមានវប្បធម៌ អរិយធម៌ របស់ខ្លួនយ៉ាងច្បាស់លាស់ និង ខ្ពង់ខ្ពស់។ ការសំពះ ជាផ្នែកមួយដ៏សំខាន់ក្នុងការគោរព និង ការធ្វើគាវរកិច្ចរបស់ជនជាតិខ្មែរ។ ការសំពះចែកជាជា ៥ យ៉ាងខុសៗគ្នា ទៅតាមអ្នកដែលយើងត្រូវសំពះដូចជា៖
ការសំពះអ្នកមានឋានៈប្រហាក់ប្រហែល វ័យប្រហាក់ប្រហែល ឬ មិត្តភក្តិ៖ ត្រូវ ដាក់ដៃទាំងពីរផ្គុំចូលគ្នារូចដាក់ចុងម្រាមដៃត្រឹមដើមទ្រូង ។ ការសំពះបែបនេះអាចធ្វើទៅបានផងដែរនៅពេលអ្នកមានវ័យចាស់ ជាង ឬ ឋានៈខ្ពស់ជាងសំពះតបទៅកាន់អ្នកដែលមានវ័យក្មេងជាង ឬ ឋានៈទាបជាងខ្លួន។
ការសំពះអ្នកមានឋានៈខ្ពស់ជាង វ័យចាស់ជាង ថៅកែ ឬ ចៅហ្វាយនាយ៖ ត្រូវដាក់ដៃទាំងពីរផ្គុំចូលគ្នារួចដាក់ចុងម្រាមដៃនៅត្រឹមមាត់ ហើយបន្ទន់កាយឱនទៅមុខបន្តិច។
ការសំពះឳពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬ អ្នកមានគុណ៖ ត្រូវយកដៃទាំងពីរផ្គុំចូលគ្នាជារាងផ្កាឈូក ចុងម្រាមដៃត្រូវដាក់នៅត្រង់ចុងច្រមុះ ហើយបន្ទន់ខ្លួនឱនទៅមុខបន្តិច។
ការសំពះព្រះមហាក្សត្រ ឬ វត្ថុសាកសិទ្ធ ជាទីសក្ការៈ៖ ត្រូវដាក់ដៃទាំងពីរផ្គុំចូលគ្នារួចដាក់ចុងម្រាមដៃនៅត្រឹមប្រជុំចិញ្ចើម ហើយបន្ទន់កាយឱនទៅមុខបន្តិច។
ការសំពះ ព្រះរតនត្រ័យ ឬ ការបួងសួងផ្សេងៗ៖ ត្រូវយកដៃទាំងពីរផ្គុំចូលគ្នា ចុងម្រាមដៃត្រូវដាក់នៅត្រង់ចុងច្រមុះ ហើយបន្ទន់ខ្លួនឱនទៅមុខបន្តិច។
កិរិយាគោរពក្នុងត្រកូលក្សត្រដែលគេហៅថា “ក្រាបថ្វាយបង្គំ ឬ ក្រាបបង្គំគាល់ព្រះមហាក្សត្រ”៖ បុរសត្រូវចូលទៅគាល់ចំពីមុខព្រះមហាក្សត្រដោយអង្គុយលត់ជង្គង់ កែងដៃទាំងពីរផ្គុំនៅត្រង់ដើមទ្រូងបន្ទន់ខ្លួនឱនទៅមុខក្នុង កិរិយាសំពះ ។ ចុងម្រាមដៃត្រូវដាក់ត្រង់ប្រជុំចិញ្ចើមរូចក្រាបចុះដល់កន្ទេល បន្ទាប់ងើបឡើងអង្គុយដោយបត់ជើងស្តាំ ឱនកាយទៅមុខ កែងដៃនៅលើគល់ភ្លៅ ទុកចុងម្រាមនៅត្រង់ប្រជុំចិញ្ចើមដដែល ។
ចំណែកស្ត្រីត្រូវធ្វើកិរិយាដូចជាបុរសដោយគ្រាន់តែដំបូងត្រូវ អង្គុយបត់ជើងយ៉ាងសុភាពរមទម្យសិន ហើយបន្ទាប់មកត្រូវអនុវត្តកាយវិការដូចគ្នា។
កិរិយាគោរពក្នុងព្រះពុទ្ធសាសនាដែលគេហៅថា “ការថ្វាយបង្គំ ឬ ក្រាបបង្គំ”
បើសិន គោរពអង្គុយច្រហោង លោកអ្នកត្រូវយកកែងដៃទាំងពីរដាក់លើក្បាលជង្គង់ ម្រាមដៃ និង បាតដៃដាក់ផ្គុំចូលគ្នា ហើយចុងម្រាមដៃដាក់នៅលើខ្ពស់ចិញ្ចើម ។ ពេលថ្វាយបង្គំត្រូវលត់ជង្គង់ទាំងពីរឱនសំពះបីដង ហើយលើកទីបីត្រូវក្រាបចុះដោយស្ថិតនៅក្នុងឥរិយាបថក្បាលជង្គង់ កែងដៃ និង ក្បាលក្រាបដល់កន្ទេល។
No comments:
Post a Comment