តាមការស្រាវជ្រាវតៗគ្នានោះគេសង្កេតឃើញថា ក្បាច់គុនរបស់ខ្មែរយើងមានមេគុនចំនួន ១២ ផ្ដុំបញ្ចូលគ្នា ហើយមេគុនមួយ គឺជាស្នៀត ដែលស្នៀតទាំងនោះសុទ្ធតែមាន លក្ខណៈពិសេសនិងដោយឡែករបស់វា។ ពេលនេះយើង សូមលើកយកមេគុនមួយៗ មកបង្ហាញ។
១. មេសម អាចហៅថា មេស្រប៖
នេះជាមេទីមួយក្នុងចំណោមមេទាំង ១២។ ការកំណត់ឈ្មោះថាមេសម ឬ មេស្រប នេះ គឺដោយហេតុថា ជំហ៊រប្រយុទ្ទដៃ និង ជើងស្ថិតក្នុងជំហ៊រស្របគ្នា។ ទម្រង់ចេញដំបូង គេឈរជើង ២ទន្ទីមគ្នា ដាក់ដៃស្របនិងខ្លួន បន្ទាប់មកដៃស្ដាំ និងជើងស្ដាំបោះទៅមុខស្របគ្នាដងខ្លួនរាងអោនបន្ដិច ដោយដៃឆ្វេងដាក់ក្រោមទ្រូង។ទម្រង់ដដែលនេះ គេអាចអនុវត្តន៍ខាងឆ្វេងក៍បាន ទៅមុខ ឬ ទៅក្រោយក៍បាន។ បើឈានទៅមុខទោះឆ្វេងក្ដីស្ដាំក្ដីទម្ងន់នៃដងខ្លួនត្រូវសង្កត់លើ ជើងមុខ ៦០ ភាគរយ តែបើឈានថយក្រោយទម្ងន់នៃដងខ្លួនត្រូវសង្កត់លើជើងក្រោយ ៦០ ភាគរយវិញ។ក្នុងទម្រង់មេសមនេះ មិនមានប្រើជើងទេ ចលនាពិសេស គឺកណ្ដាប់ដៃហើយទម្រង់ប្រយុទ្ធ និងជំហ៊រប្រយុទ្ធអាចផ្លាស់ប្ដូរទៅតាមស្ថានភាពនៃគូប្រកួត។ ការផ្លាស់ប្ដូរជំហ៊រនេះ មិនរាប់ថា ជាមេសមទេ ព្រោះវាមានលក្ខណៈជាទម្រង់ផ្សេងមួយវិញដែលខុសពីទម្រង់ដើម។
២. មេខ្វែង៖
មេខ្វែងគឺជាមេគុនទី ២។ មេគុននេះមានចលនាដៃ និងជើងខ្វែងគ្នា បើជើងស្ដាំទាត់ទៅមុខ ដៃឆ្វេងត្រូវបោះទៅមុខ ផ្ទុយទៅវិញ បើជើងឆ្វេងទាត់ទៅមុខដៃដែលត្រូវបោះទៅមុខ គឺដៃស្ដាំ។ ជាធម្មតា ក្នុងចលនាមេខ្វែងនេះ ដៃត្រូវបោះទៅមុនជើងជានិច្ច ឯជើងលើកទាត់តាមក្រោយ។ ក្នុងមេនេះយើងសង្កេតឃើញថា ចលនាមានលក្ខណៈទាញចេញពីមេសម គឺដៃ និង ជើងស្របគ្នា លុះត្រាតែលើកជើងទាត់ ទើបគេកំណត់ហៅថា មេខ្វែង។ ប៉ុន្ដែក្នុងករណីដែលជើងឈានទៅមុខធម្មតា ដោយមិនបានលើកទាត់ទេនោះ លុះត្រាតែជើងដល់ចំណុចគោលដៅសិន ទើបដៃបោះទៅតាមក្រោយ។ ចំណែកឯចលនាឈានថយក្រោយវិញ គឺខុសពីចលនាទៅមុខ។ ជើងទាំង២ប្រើសម្រាប់តែឈានថយក្រោយ ដោយមិនបានលើកទាត់ដូចចលនាទៅមុខទេ ឯដៃទាំង២ ប្រើសម្រាប់តែរង គឺដៃស្ដាំវាទៅចុះក្រោមរងជើងស្ដាំ ឯដៃឆ្វេងវាត់ឡើងលើរងដៃឆ្វេង។ ចលនានេះគេហៅថា ចលនាទំនាក់ទំនងគ្នារវាងមេខ្វែង និង មេខ្វែង។
៣. មេឆៀងកណ្ដៀត៖
ជាមេគុនទី ៣ បន្ទាប់ពីមេសម និង មេខ្វែង។ មេនេះមានចលនាដើរទាបបែបដំណើរក្ដាមដាំយកចំហៀងខ្លួនទៅមុន។ ទម្រង់ចេញដំបូងគេដាក់ដៃទាំង ២ ផ្គុំចូលគ្នាដោយ ដងខ្លួនជំរុល និង សង្កត់ធ្ងន់ទៅលើជើងមុខ រួចគេឈានជើងស្ដាំមួយជំហានមកមុខ ហើយបន្ទន់កាយវិការដូចអង្គុយចោងហោងទៅលើកែងជើងឆ្វេង ឯដៃស្ដាំដាក់លើជង្គង់ស្ដាំ កែងដៃច្រត់ពីលើជារបៀបរងបន្ទាប់គេបោះជើងឆ្វេងទៅមុខដោយវាត់ដៃស្ដាំទៅជាមួយ។ ចលនានេះរាងខ្ពស់ជាងមុនបន្ដិច ឈរជារបៀបច្រកកៀវដោយទម្ងន់ខ្លួនសង្កត់ធ្ងន់លើជើងទាំង ២ ដៃស្ដាំត្រូវដាក់នៅត្រឹមចង្កេះ ដៃឆ្វេងត្រូវដាល់ទៅមុខ ដោយឲ្យកណ្ដាប់ដៃមានកំពស់ស្មើនិងក្បាល។ គេធ្វើរបៀបនេះដោយប្ដូរពីឆ្វេងមកស្ដាំ ពីស្ដាំទៅឆ្វេង ឬ ពីមុខមកក្រោយដូចគ្នា។ ចលនាបែបនេះ ទើបគេសន្មត់ហៅថា មេឆាំងកណ្ដៀត។ មេនេះគេប្រើសំរាប់រងទម្ងន់ជើងដែលទាត់មកលើខ្លួនទាំងឆ្វេង ស្ដាំ។
៤. មេរះផ្កាស្វាយ៖
ជាមេគុនទី ៤ បន្ទាប់ពីមេឆៀងកណ្ដៀត។ មេនេះមានចលនាដើរទាបដូចមេឆៀងកណ្ដៀតដែរ ប៉ុន្ដែមិនមែនដំណើរក្ដាមបែបចំហៀងទេ គឺជាដំណើរទៅមុខ ឬ ទៅក្រោយតាមរបៀបអង្កុញជង្គង់។ ទម្រង់ដំបូងចេញជារបៀបក្ដាប់ដៃរួចបន្ទន់ជង្គង់ទាំង ២ ជើងឆ្វេងឈានទៅមុខជើងស្ដាំ ឯដៃស្ដាំលើកជារបៀបរង ដៃឆ្វេងដាក់ត្រឹមចង្កេះរាងជ្រុលទៅមុខបន្ដិច។ ទម្រង់បន្ទាប់ គឺជើងស្ដាំប្ដូរទៅមុខជើងឆ្វេង ឯបាតដៃស្ដាំត្រូវលារួចលើកទះទៅផ្នែកខាងមុខ បាតដៃឆ្វេងទះទៅមុខដែរ ប៉ុន្ដែផ្នែកខាង ក្រោម។ ក្នុងការប្ដូរជំហានជើងទៅមុខដៃឆ្វេងត្រូវទះខាងលើ ឯដៃស្ដាំត្រូវទះខាងក្រោមវិញ។ ចលនានេះគេអនុវត្តន៍ទៅមុខទៅក្រោយដូចៗគ្នា។ ដៃគេដូរពីការទះមកបង្វិលជារបៀបកន្លះរង្វង់ទៅមុខដោយលាបាតដៃហើយ រះពីក្រោមឡើងទៅលើវិញ។
៥. មេបីកង់ ឬ មេបីជាន់៖
ជាមេគុនទី ៥ បន្ទាប់មេរះផ្កាស្វាយ។ មេនេះតាមពិតគេបំបែកចេញពីមេសម គេអាចហៅថា ចលនាមេសមរហ័សក៍បានដែរ។ បានជាហៅដូច្នេះដោយហេតុថា ចលនាដៃដាល់ទៅមុខគឺ ពីរដងផ្ទួនៗគ្នា សំដៅទៅមុខមួយនិងដើមទ្រូងមួយ ឯជើងត្រូវលើកទាត់ឡើងទៅលើ។ ត្រង់នេះមានន័យថា ក្នុងរយៈពេលតែមួយគេអាចវាយបាន ៣ ចំណុច គឺជើងទាត់មួយចំណុច និងដៃដាល់ទៅមុខផ្ទួនគ្នាពីរចំណុចទៀត។ ចំពោះចលនាផ្សេងៗទៀតសូមមើលទម្រង់មេសម។
៦. មេមុខឈ្នាង៖
ជាមេគុនទី ៦ បន្ទាប់ពីមេ បី ជាន់។ ការកំណត់ឈ្មោះហៅថា មុខឈ្នាង គឺមកពីមេនេះគេមិនយកកណ្ដាប់ដៃដាល់ទៅមុខដូចមេដទៃទេ គឺយកស្មង និង ទ្រនង់ដៃកាប់ ឬ រងគូសត្រូវ។ មេនេះមានទម្រង់ឈានទៅមុខទៅក្រោយ ដោយប្ដូរពីឆ្វេងទៅស្ដាំដូចមេសមដែរ ប៉ុន្ដែខុសត្រង់ជំហរ និង ដងខ្លួនរាងទ្រេតទៅមុខបន្ដិច ដោយចលនាជម្រុលហើយសង្កត់ធ្ងន់ទៅលើជើងមុខ។ ក្នុងចលនានេះស្មាទាំង ២ ត្រូវដាក់ឲ្យស្រប និងដងខ្លួន ឯដើមទ្រូងត្រូវពើងទៅមុខជានិច្ចដែរ។ មេនេះគេប្រើសម្រាប់កាប់ ឬ រងស្មងជើងរបស់គូសត្រូវដែលទាត់មកចំពីមុខខ្លួន។
៧. មេឆ្មាក្រាប៖
ឆ្មាក្រាប គឺជាឈ្មោះមេគុនទី ៧ ក្នុងចំណោមទាំង ១២ មេ។ ទម្រង់នៃមេឆ្មាក្រាបនេះ យើងសង្កេតឃើញមានលក្ខណៈទាបជាងចលនាមេគុនដទៃទៀតដោយកាយវិការទាំងមូល ពឹងផ្អែកទៅលើជង្គង់ ដើម្បីធ្វើការផ្លាស់ប្ដូរទីកន្លែង ឯដងខ្លួនអោនទ្រេតទៅមុខស្ទើរដល់ដី។ របៀបចេញជាដំបូងគេលុតជង្គង់ផ្ទាល់ និងដីរាងបញ្ឆិតទៅស្ដាំបន្តិច ហើយដងខ្លួនអង្គុយទៅលើជើងទាំង ២ ដោយដៃស្ដាំដាក់លើភ្លៅស្ដាំឯដៃឆ្វេងដាក់លើជង្គង់ឆ្វេង។ ទ្រង់ទ្រាយរបៀបនេះគេហៅថា ទម្រង់ចេញមេឆ្មាក្រាប។ លុះបន្ទាប់មកទៀតដងខ្លួនត្រូវអោនទៅមុខក្បាលត្រូវងើយបន្តិចជង្គង់ ឆ្វេងដកថយក្រោយ ដៃស្ដាំវាត់ឡើងលើក្បាលជារបៀបរង ឯដៃឆ្វេងត្រូវដាក់នៅខាងក្រោមទ្រូង។ លុះដល់ចលនាឆ្វេងដងខ្លួនអោន មកមុខក្បាលងើយបន្តិចដដែល ជង្គង់ស្ដាំដកថយក្រោយជំនួសជង្គង់ឆ្វេង ឯដៃឆ្វេងវាត់ឡើងលើក្បាលជារបៀបរងហើយដៃស្ដាំត្រូវដាក់នៅខាងក្រោម ទ្រូងវិញ។ ក្នុងទម្រង់មេឆ្មាក្រាបនេះ ចលនានីមួយៗប្រព្រឹត្តិទៅស្របគ្នាក្នុងពេលតែមួយទាំងឆ្វេងទាំងស្ដាំ ឬ ទៅមុខ ទៅក្រោយគឺដូចគ្នាទាំងអស់។ ប៉ុន្តែក្នុងទម្រង់មេនេះដដែលយើងសង្កេតឃើញចលនាមានលក្ខណៈខុសប្លែក ពីមេគុនដទៃទៀត ត្រង់ដែលថា គេធ្វើចលនាថយក្រោយមុនចលនាទៅមុខ។
៨. មេក្រពើហារ៖
ក្រពើហារ ជាឈ្មោះក្បាច់គុនទី ៨ ក្នុងចំណោមទម្រង់មេគុនទាំង ១២។ មេនេះមានលក្ខណៈស្រដៀងគ្នា និង មេបីជាន់ដែរ ប៉ុន្តែខុសត្រង់គេប្ដូរពីចលនាលើកជើងទាត់មកជារបៀបលើកអុកដោយ ជង្គង់វិញ ចំណែកឯដៃក៍យ៉ាងដូច្នោះដែរ ពោល គឺ កែងដៃអុកចុះក្រោមហើយជង្គង់អុកឡើងលើ។ បើសិនជាគេចេញកាយវិការរបៀបដូចពោលខាងលើនេះ យើងពិនិត្យមើលចាប់ពីចំណុចកែងដៃដល់កណ្ដាប់ដៃ និង ពីជង្គង់ដល់ចុង់ជើងនោះនិងឃើញលក្ខណៈទាំង ២ នេះដែលគេសន្មតហៅថា ក្រពើហារ។ ការសន្មតយ៉ាងដូច្នេះដោយហេតុថា កែងដៃ និងជង្គង់បត់ចូលរកគ្នាបណ្ដាលឲ្យចុងដៃ និងចុងជើងងាយចេញមើលទៅទំនងដូចក្រពើហារមែន។ ចំពោះចលនាឆ្វេង ស្ដាំ ឬ ទៅមុខ ទៅក្រោយសូមមើលទម្រង់មេសម។
៩. មេល្បុក្កតោ៖
ជាមេគុនទី ៩ បន្ទាប់ពីមេក្រពើហារ។ មេនេះតាមពិតមិនមែនជាក្បាច់ដៃទេ គឺបច្ចេកទេសមួយបែបដែលគេប្រើជាមួយនិងដំបងមួយគូហៅថា ល្បុក្កតោ។ មេល្បុក្កតោនេះ ក្នុងចលនាឆ្វេងស្ដាំ ឬ ទៅមុខទៅក្រោយ គឺជំហរដងខ្លួន និង ទម្ងន់ជើងនៅតែរក្សាជារបៀបជម្រុលទៅមុខដដែល។
១០. មេស្រងែពេន៖
ស្រងែពេន គឺជាទម្រង់ក្បាច់គុនទី ១០ ក្នុងចំណោមមេគុនទាំង ១២។ មេនេះគឺជា ចលនានៃការបត់បែនដងខ្លួនដៃ និង ជើងឲ្យមានកាយវិការទន់ភ្លន់ និង រស់រវើកទៅតាមចង្វាក់នៃមេគុន។ ចលនាទាំងមូលពឹងផ្អែកទៅលៃជង្គង់ ដើម្បីធ្វើការផ្លាស់ប្ដូរគោលដៅដូចមេឆ្មាក្រាបដែរ ប៉ុន្ដែដងខ្លួនមិនត្រង់ទេ គឺរាងទ្រេតទៅមុខ ដោយចង្កេះអ៊ែនបន្តិច ហើយដើមទ្រូងពើងឡើង ឯក្បាលងើយទៅមុខ។ ម្រាមដៃដែលរះឡើងទៅលើទំនងដូចចលនាទី ៣ ក្នុងទម្រង់ក្បាច់គុនមេរះផ្កាស្វាយ ប៉ុន្តែខុសត្រង់បាតដៃដែលលានោះ គឺផ្ងារទៅមុខ ឯម្រាមបិទជិតហើយពត់ងើយឡើងទៅលើ។ ទម្រង់ចេញជាដំបូងក្នុងមេស្រងែពេននេះគេទម្លាក់ជង្គង់ទាំង ២ ផ្ទាល់ដី របៀបដូចទម្រង់ចេញមេឆ្មាក្រាប បន្ទាប់មកជង្គង់ស្ដាំបោះទៅមុខជង្គង់ឆ្វេងកន្ធែកចេញខាងរាងទាញមក ក្រោយ ឯបាតដៃស្ដាំលាហើយរះទៅមុខ (កែងដៃបង់បន្តិច) ដោយឲ្យម្រាមដៃមានកំពស់ស្មើ និងក្បាល ឯបាតដៃឆ្វេងត្រូវលាចុះក្រោមហើយដាក់ត្រឹមចង្កេះ។ ចលនានេះទៅមុខទៅក្រោយ ឬ ឆ្វេង ស្ដាំ គឺមានលក្ខណៈស្មើៗគ្នា។ ក្នុងការចេញមេស្រងែពេននេះ គេប្រយ័ត្នបន្តិច គឺកាលណាខុសនិងរបៀបខាងលើ អាចច្រឡំគ្នា និង មេឆ្មាក្រាបបានដែរ ព្រោះកាយវិការក្នុងការផ្លាស់ប្ដូរទីកន្លែងពឹងផ្អែកទៅលើជង្គង់ ដូចគ្នា ឯដៃបោះឡើងទៅលើ និងដងខ្លួនអោនទៅមុខដូចគ្នាដែរ។ នៅក្នុងចលនាមេស្រងែពេនដដែលនេះ ទម្ងន់ដងខ្លួន ៧០ ភាគរយ ត្រូវសង្កត់លើកែងជើង នៃជង្គង់ខាងមុខជានិច្ច។
១១. ចោលកូនតឹង៖
ចោលកូនតឹង ជាឈ្មោះមេគុនទី ១១ បន្ទាប់ពីមេស្រងែពេន។ មេនោះគេប្រើជាមួយឧបករណ៍ម្យ៉ាងធ្វើពីដែក ឬ សំណមួយគូ ហៅថា កូនតឹង វាមានទំហំធំជាងមេជើងបន្តិច ដែលល្មមនឹងអាចក្ដាប់បានក្នុងបាតដៃ។ គេចងកូនតឹងភ្ជាប់ទៅចុងខ្សែម្ខាង ប្រវែងប្រមាណ ពី ៤ ទៅ ៥ ដេស៊ីម៉ែត្រ ឯចុងម្ខាងទៀតកាន់នៅនិងដៃសម្រាប់លើកគ្រវីចុះឡើង។ បើយើងប្រៀបធៀប មេចោលកូនតឹង ទៅនិងក្បាលដំបងសម័យឥឡូវនេះ គឺស្រដៀងគ្នានិងគុនដំបងពីរកំណាត់ដែរ ប៉ុន្តែខុសត្រង់ថា ដំបងមួយគូជាប់គ្នាដោយចុងខ្សែតែមួយ ឯកូនតឹងមួយគូវិញមានខ្សែដាច់គ្នាស្រឡះ គឺមួយសំរាប់គ្រវីខាងស្ដាំ ហើយមួយទៀតសំរាប់គ្រវីខាងឆ្វេង។ ក្នុងការចោល ឬ គ្រវីនេះចុងខ្សែនៃកូនតឹង ត្រូវចងឲ្យជាប់ទៅនិងកងដៃ ឬ បាតដៃដើម្បីការពារកុំឲ្យរបូតចេញ ឯ កូនតឹងត្រូវក្ដាប់ក្នុងបាតដៃ ហើយពេលមានសត្រូវគេចោលទៅមុខសំដៅសត្រូវ ឬ គ្រវីចុះឡើងដើម្បីការពារខ្លួន។
ចំពោះបច្ចេកទេសនៃការគ្រវីនេះ វាអាស្រ័យទៅលើភាពប៉ិនប្រសប់របស់អ្នកប្រើប្រាស់ កូនតឹងនេះតែម្ដង។ ចំណែក ឯទម្រង់ចេញបើសិនជាគេប្រើដៃស្ដាំនោះជង្គង់ស្ដាំត្រូវលុតផ្ទាល់ ដី ឯជង្គង់ឆ្វេងបញ្ឈរទៅមុខ ដងខ្លួនរាង អោនហើយពើងទ្រូងងើយមុខឡើង។ ដៃដែលបោះទៅមុខ គឺត្រូវចោលកូនតឹងរួចកញ្ឆក់មកវិញ ឬ ក៍គ្រវីចុះឡើងទៅតាមភាពប៉ិនប្រសប់របស់ខ្លួន និងទៅតាមគោលដៅដែលខ្លួនចង់វាយប្រហារ។ កូនតឹងនេះ ជួនកាលគេអាចប្រើដៃទាំង ២ ព្រមគ្នា ដើម្បីគ្រវីពីក្រោយទៅមុខ ពីឆ្វេង ទៅ ស្ដាំ ឬ ពីស្ដាំទៅឆ្វេងវិញក៍បានដែរ។
១២. មេចោលកូនកាំបិត៖
នេះជាមេទី ១២ និងជាមេចុងក្រោយគេបង្អស់។ បច្ចេកទេសក្នុងការចោលកូនកាំបិតនេះ គេបំបែកចេញជា ៣ របៀប។
របៀបទី ១ ចោលកូនកាំបិតទៅក្រោយតាមចន្លោះ ក និង ស្មា គេហៅថា ផ្នែកខ្ពស់។ ទម្រង់នេះមានជំហរជម្រុលទៅមុខសង្កត់លើជើងឆ្វេង ឯជើងស្ដាំឈានមកក្រោយដោយជម្ទើតកែងជើងឡើង ឯដៃឆ្វេងដាក់ស្របនិងដងខ្លួន ដៃស្ដាំកាន់ចុងកូនកាំបិតរួចលើកចោលទៅក្រោយតាមចន្លោះ ក លើស្មាឆ្វេង។
របៀបទី ២ គេចោលកូនកាំបិតទៅក្រោយតាមចន្លោះឃ្លៀក ហៅថា ផ្នែកកណ្ដាល។ ផ្នែកនេះកាយវិការជើងដូចចលនាទី ១ ដែរ ប៉ុន្ដែខុសត្រង់កាយវិការដៃ គឺដៃឆ្វេងត្រូវលើកបត់ហើយក្ដាប់មកមុខរបៀបចំហរឃ្លៀក ឯដៃស្ដាំកាន់ចុងកាំបិតរួចចោលទៅក្រោយតាមចន្លោះនេះ។
របៀបទី ៣ ហៅថា ផ្នែកទាប គេលុតជង្គង់ស្ដាំផ្ទាល់ដីបញ្ឈរជង្គង់ឆ្វេងទៅមុខ ដៃឆ្វេងដាក់លើជង្គង់ឆ្វេង ឯដៃស្ដាំកាន់ចុងកាំបិតរួចចោលពីក្រោមជង្គង់ទៅក្រោម ៕
ប្រភព៖ CEN
No comments:
Post a Comment