សេចក្តីផ្តើម ច្បាប់រាជ ‹ពង្សាវតារខ្មែរសង្ខេប›នេះ របស់លោកអាចារ្យចាបច័ន្ទ នៅវត្តក្តីក្រៅ ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺជាឯកសាររបស់ក្រុមទំនៀមទំលាប់ខ្មែរ លេខ៩៤០០៧ ចុះថ្ងៃ១៥ ខែមិថុនា ឆ្នាំ១៩៥០ ។ ដោយភ្លើងសង្គ្រាម ច្បាប់ដើមនៃពង្សារវតារនេះ ត្រូវបានបាត់បង់ទៅហើយ ទើបថ្ងៃនេះយើងសូមយកច្បាប់ចម្លងបោះពុម្ពឡើងវិញ ទុកជាឯកសារស្រាវជ្រាវ ។
ដោយហេតុថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ យើងមានការលំបាកលំបិនខ្លាំងណាស់នឹងរកឯកសារពាក់ព័ន្ធទៅនឹង ការគ្រប់គ្រងសង្គមជាតិខ្មែរយើងនាចុងសតវត្ស១៩ ដោយឡែកក្នុងរជ្ជកាលរបស់ព្រះបាទអង្គឌួង ឬព្រះហរិរាក្សរាមាឥស្សរា ហើយអត្ថប្រយោជន៍នៃឯកសារនេះ គឺរៀបរាប់អំពីច្បាប់នានាសម្រាប់ប្រើក្នុងព្រះនគរ ឬក្រុងខ្មែរដោយមានចែកជាក្រុម និងជាពួក ដូច្នេះយើងអាចចាត់ទុកវាជាភ័ស្តុតាងប្រវត្តិសាស្ត្រ ។
យោងលើស្មារតីនៃអត្ថបទនេះ យើងអាចកត់សម្គាល់ថាសង្គមខ្មែរនាសតវត្សទី១៩ គឺជាសង្គមមួយមានច្បាប់ទាំងនោះជាមូលដ្ឋាន ដែលប្រកបដោយភាពសុច្ចរិត យុត្តិធម៌ ហើយស្ថិតក្រោមឥទ្ធិពល និងលទ្ធិព្រះពុទ្ធសាសនាថេរវាទ ។ ជាការពិតណាស់ ច្បាប់ខ្លះដែលជាក្រិត្យក្រមរបស់ជាតិយើងនាជំនាន់នោះ បានប្រសូត្រចេញពីក្បួនធម្មសាស្ត្រ ក៏ប៉ុន្តែបានកែប្រែច្រើនអន្លើតាមការវិវត្តរបស់សង្គម ឬលក្ខណៈសង្គម ក្នុងសម័យកាលនីមួយៗមុននឹងឈានទៅរកសម័យទំនើប ។
ជារួម ទោះបីអត្ថបទនេះមានលក្ខណៈជាសង្ខេបក្តី ប៉ុន្តែជាឯកសារមួយដ៏កម្រ ព្រោះខ្លឹមសារសំដែងចេញនូវអត្តសញ្ញាណខ្មែរ ហើយវាក៏ជាការបង្ហាញឲ្យដឹងយ៉ាងប្រាកដថា មុនអាណាព្យាបាលបារាំង (១៨៦៣)ប្រទេសខ្មែរគឺជានីតិរដ្ឋរួចទៅហើយយ៉ាងប្រាកដ នេះជាកត្តាសំខាន់បំផុតក្នុងជីវិតសង្គមជាតិ ដែលខកខានពុំបាន ៕
(មីសែល.ត្រាណេ)ពង្សាវតាស្រុកខ្មែរសង្ខេប
បទពាក្យប្រាំពីរ
៨កើតខែចែត្រថ្ងៃអាទិត្យ | ២៦ធ្នូរឹទ្ធខែមិនា |
ឆ្នាំឆ្លូវឆក្សចែត្រឯកសភារ | ក្នុងមហាសង្ក្រាន្តពុំកន្លង ។ |
ឃើញលោកមេឃុំកាន់កាសែត | ផ្សំហេតុស្រោមក្រុមលេខាផង |
ចូលមកបង្គំគ្រប់បីដង | លើកផ្សងប្រគេនឡាយលេខា។ |
ព្រះពុទ្ធសិរីរំពែឈៀង | លើកហត្ថពីរផ្ទៀងរងអក្ខរា |
ចាប់គង់សូមទតជួសចក្ខា | គ្រប់ហើយឃើញថាសូមថ្វាយងារ ។ |
ព្រះខ្ញុំត្រេកអរដោយចិត្តស្ម័គ្រ | គារវតាមច្បាប់ត្រូវតាមងារ |
បារីទឹកតែដែលជាៗ | មេឃុំលាក់លាទៅផ្ទះហោង ។ |
ចាបច័ន្ទព្រួយចិត្តគិតតាមការ | ដៃឆ្វេងប្រវាសៀវភៅផ្គង |
ស្តាំចាប់ប៉ាក់កាបន្ទាត់ផង | លើកសងល្បិចល្បងតាមប្រាជ្ញា ។ |
អហំនាមរីនាមខ្ញុំ | ពុទ្ធសិរីច័ន្ទសមរូបថ្លៃថ្លា |
បួសវត្តក្តីក្រៅនោះឯងណា | ព្រះវស្សាបានដល់ប្រាំពីរនៃ ។ |
លើកដៃផ្គងដាក់លើសិរសា | ហត្ថទាំងពីរព្រមសិរសី |
បង្គំចំពោះដល់ព្រះត្រៃ | ទាំង៣ រូបហើយទើបពានា ។ |
ខ្ញុំសូមនមស្ការនូវគុណព្រះរតនត្រៃទាំងបីប្រការគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលជាទីពឹងរបស់សត្វលោក ជាព្រះគុណដ៏អាចញ៉ាំងសត្វលោកឲ្យឆ្លងផុតសង្សារវដ្តបាន លំដាប់នេះពុទ្ធសិរីចាបច័ន្ទ ខ្ញុំសូមរៀបរៀងជាពាក្យទំនៀមទំលាប់ស្តេចស្រុកខ្មែរ កាលណោះ ខ្ញុំព្រះករុណាអាត្មាភាពបានចូលទៅសុំរៀននៅសាលារចនាខ្មែរកាលពី អាយុ ១៧ឆ្នាំ ក្នុងឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៥១ព្រះវស្សា មហាសករាជ១៩៣១ ចុល្លសករាជ ១២៧១ ខំប្រឹងសិក្សារៀនសូត្រតម្រិះវិជ្ជាបន្ទុកក្នុងសាលាលុះគំរប់ សង្ក្រានចូលឆ្នាំខាល រាជការបារាំងខ្មែរ ត្រូវគេវ៉ាកងឈប់សំរាកលំហែខ្លួន១ខែ ខ្ញុំព្រះករុណាអង្គុយដេកដើរឈរជញ្ជឹងត្រិះរិះគិតឃើញថា គួរណាស់ហើយតែទៅស្រុកប្រសើរជាង កុំឲ្យលំបាកដល់អ្នកស្រី និងបងបង្កើតរបស់ខ្លួន ប្រយោជន៍ព្យាបាលថែរក្សាឪពុកដែលគាត់មានវ័យចាស់ហើយ និងបងប្អូនដែលធ្វើការនឿយហត់ផង លុះគិតដូច្នោះហើយ ក៏ចុះទៅសំពះលាលោកបងនិងអ្នកស្រីវិលមកស្រុកដើមវិញ ។ លោកបង និងអ្នកស្រីសុខចិត្តព្រមព្រៀងរៀបចំវត្ថុផ្សេងៗយកមកជូនឪពុក ។
កាលដែលខ្ញុំចុះកប៉ាល់មកដល់ស្រុកជួនជាថ្ងៃនោះលោកឪពុកគាត់មិន នៅដោយរវល់ការរាជការ បង្គាប់ឲ្យទៅទារពន្ធថ្លៃខ្លួន និងពន្ធឯទៀតផ្សេងៗ ឯឃុំផ្ទះកណ្តាលចុងបឹង ខ្ញុំព្រះករុណាអាត្មាភាពចូលទៅក្នុងផ្ទះក្រាបសំពះសួរសុខទុក្ខដល់ បងប្អូន ក្រុមញាតិទាំងអស់ រួចហើយខ្ញុំក៏នៅរក្សាផ្ទះទៅហោង ។ ដល់ពេលព្រឹកខ្ញុំអាត្មាភាពលុបមុខរួចហើយចុះទៅដី តែបោសក្រវាសសំអាតផ្ទះរាល់ព្រឹកថ្ងៃល្ងាច និងមើលការខុសត្រូវបងប្អូនក្នុងផ្ទះចំនួន៧-៨ថ្ងៃ ក្នុងពេលព្រឹកនោះ ខ្ញុំព្រះករុណាអាត្មាភាពកំពុងបបរឲ្យប្អូនទាំងពីរគឺ ចាប សរ និងទូចជុន លុះឆ្អិនបបរហើយខ្ញុំដួសឲ្យប្អូនទាំងពីរញ៉ាំ ងាកទៅដួសបបរថែមទៀត ប្អូនតូចគឺ ទូច ជុន មកវិញឃើញកំពុងដណ្តើមអាហារបរិភោគ ហើយកើតជាជម្លោះវាយតប់គ្នាយំ ខ្ញុំកំពុងលួងលោមប្អូនទាំងពីរកុំឲ្យយំដោយពាក្យទន់ថា ’ប្អូនអើយ ចូរប្អូនកុំទាស់ទែងគ្នា ចូរចែកអាហារឲ្យប្អូនញ៉ាំផង ត្បិតប្អូនតូចណាស់ ឳប្អូនអើយ ខ្លួនយើងជាអ្នកកំព្រា ប្អូនយំរកអ្នកណា ឪពុកយើងគាត់ទៅយកប្រពន្ធមួយទៀតហើយ គាត់ទៅនៅផ្ទះប្រពន្ធគាត់ហើយ ខ្លួនយើងជាអ្នកកំព្រា បងៗឯទៀតគាត់មានប្តី ប្រពន្ធទៅនៅដោយខ្លួនៗពីយើង អស់បើដូច្នេះប្អូនកុំយំញ៉ាំបាយទៅ ឪពុកយើងគាត់មិននៅទេប្អូន ! គាត់ទៅទារពន្ធឯផ្ទះកណ្តាលចុងបឹងក្រៅ-ក្នុង ណ្ហើយប្អូនបរិភោគទៅ បើអស់អាហារបងសូមធានាឲ្យប្អូនញ៉ាំទៀត បងកំពុងចំអិន លុះប្អូនទាំងពីរកំពុងបរិភោគអាហារ បងទូច អំ និងទូចឆុំ ឃើញមកឈរយំខាងក្រោយខ្នងមើលទៅមុខ ជោគជាំដោយទឹកភ្នែក ឮនិយាយថា“ឳ ! ប្អូនអើយ គួរឲ្យអាណិតប្អូនខ្លាំងណាស់ ចេះបបួលបងប្អូនមកបរិភោគអាហារអង្គុយរងោកដូចកូនមាន់ឥតមេ ណ្ហើយប្អូនអើយបើញ៉ាំបាយមុជទឹករួចហើយ មកប្អូនចេញទៅខាងក្រៅ ដើម្បីមើលផ្លូវឪពុកយើងឯណេះ ។ កំពុងតែនិយាយមិនទាន់ផុតពីមាត់ ស្រាប់តែឮសូរសមេ្លងជើងសេះស្រែកបោលមក អ្នកស្រុក និងលោកជំទប់លេខ១ រៀបចំខ្លួនស្ទុះចូលទៅសំពះគំនាប់ហើយស្រែកថា: លោកមេឃុំអញ្ជើញមកហើយៗវើយមកទទួលលោកមេឃុំយើង អ្នកស្រុកក៏ទៅពាសពេញជួបជុំនៅមុខផ្ទះ ។ លុះគាត់អញ្ជើញមកដល់មុខផ្ទះ ក្រឡេកមើលទៅខាងក្រោមផ្ទះ ឃើញបោសស្អាតទាំងខាងមុខខាងក្រោយគាត់មានប្រសាសន៍ថា : យី ! អាវ៉ាមកពីភ្នំពេញយូរហើយឬ ? វាមកពីថ្ងៃណា ? បាទសូមជំរាបប្រសាសន៍ដល់លោក វាមក ៧ថ្ងៃហើយ និងថ្ងៃនេះ ។ លោកឪពុកសម្រាកកម្លាំងបន្តិច ខ្ញុំយកសាប៊ូសំពត់ និងផ្តិលទៅជូនគាត់មុជទឹក រួចហើយរៀបអាហារជូនពិសារ រួចស្រេចគាត់មានប្រសាសន៍ថា : ឯងមកផ្ទះមានការអី កាលពីថ្ងៃអកអំបុកមកម្តង-ចូលវស្សា-ចេញវស្សា-ភ្ជុំបិណ្ឌ-ភាណ យក្សមកម្តង ឥឡូវនេះចូលឆ្នាំមកទៀត អើអាវ៉ាកូនឯងដឹងទេទំនៀមទំលាប់ស្តេចស្រុកខ្មែរយើងនេះ ? ។
ខ្ញុំឆ្លើយថា បាទទេលោកឪពុកខ្ញុំបាទមិនបានដឹងទេ រឿងរ៉ាវនេះថែមទាំងមិនបានសួរអស់លោកអ្នកចេះដឹងផង ទាំងអ្នកក្រុងភ្នំពេញខ្ញុំមិនបានសួរ ។ អើកូនបើដូច្នេះចូរកូនចាំស្តាប់ចុះ ឪពុកមានទាំងពង្សាវតា និងសៀវភៅច្បាប់ទំនៀមទំលាប់មួយផង ។ បាទលោកឪពុក ខ្ញុំបាទចង់ស្តាប់រឿងនេះណាស់ប្រយោជន៍បានចេះដឹងផង ។ ឯច្បាប់នេះអញបានចេះចាំបានចងទុកជាច្បាប់មកផងកាលឪពុកបានងារ ស្រីថ្នាត្បេះឪពុកសូមនិយាយប្រាប់ :
ខ្ញុំឈ្មោះ វ៉ិក ចាប នៅឃុំទ្រាសរបានដឹងថា កាលអំពីចុល្លសករាជ៩៨៣ ឆ្នាំរកា ត្រីស័ក សម្តេចព្រះផែចេស្តារាមាធិរាជឥស្សារធិបតី បរមបពិត្រជាម្ចាស់ជីវិតលើត្បូងនៅព្រះបរមរាជវាំងស្រះកែវ ស្រុកសំរោងទង បានទ្រង់ចាត់ចែងសំដែងច្បាប់សម្រាប់ផែនដីនេះម្តង ចប់សព្វគ្រប់ទាំងអស់ ១២ក្រម មានក្រមព្រះនគរបាលជាដើម តែយូរអង្វែងរាជអង្វែងឆ្នាំមកហើយ គ្មានអ្នកណានឹងរក្សាព្យាបាលព្រះរាជកំណត់បទព្រះអយ្យកានោះក៏ ខ្ចាត់ខ្ចាយរាត់រាយ ទៅនៅដោយផ្ទះសម្បែងមុខមន្ត្រីខ្លះ អាណាប្រជានុរាស្ត្រខ្លះ ឯស្រុកក្រៅលំនៅបច្ចន្តគ្រាមខ្លះ ដែលមាននៅនោះសោត ឃ្លៀងឃ្លាតដោយអ្នកពាលា ពុំបានហាត់រៀនឲ្យស្ទាត់ក្នុងបទព្រះធម្មអក្ខរាចារយកសរសេរចម្លង តទុកមក ដោយមនុស្សទុច្ចរិតពុំគិតខ្មាសបាប ខ្លាចបាបលោភលាភសម្ភារៈ កត់ចម្លងតែងតាមអំពើចិត្ត ព្រោះហេតុទាំងពីរជំពូកនេះបានជាព្រះរាជកំណត់បទព្រះអយ្យកាដែល បុរាណរាជ្យ ក្រស័ត្យបញ្ញាពុំយុត្តិធម៌ឃ្លាតឃ្លៀងល្អៀងទៅជាច្រើន ។
ចូលសករាជ ១៧១៥ ឆ្នាំ ឆ្លូវ នភ្សក្របញ្ចស័ក ព្រះបាទសម្តេចព្រះហរិរាក្សរាមាឥស្សរាធិបតីបរមបពិត្រជាអង្គម្ចាស់ ជីវីលើត្បូង ហើយទ្រង់បានឲ្យប្រមូលព្រះច្បាប់នោះមកជំរះ បានលក្ខណឥណ្ណ ភរិយា ពីក្រមបំណុលមួយច្បាប់ ឯព្រះច្បាប់ក្រមឯទៀតនោះទុកនៅឧកញ្ញាមហាវិនិច្ឆ័យធិបតី កាលជាឧកញ្ញាមមន្ត្រី គុត្តរាជរក្សាពុំមានបានជំរះក៏ប្រឈួនព្រះរោគសុគតទៅ លុះមកដល់ឆ្នាំមមែត្រីស័ក លោកពិភ័ក្តិវិនិច្ឆ័យធិបតីអនិច្ចកម្មទៅទៀត នៅថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំវក នោះឯងវេលាសាយណ្ហសម័យស្តេចគង់នៅព្រះទីន័ងទេវាវិនិច្ឆ័យ ជួបជុំព្រះរាជវង្សានុវង្សសេនាបតី អាមាត្យមុខមន្ត្រីព្រះវិជាតិរាជបុរោហិត ហោរាចារ្យជាខ្ញុំល្អងធូលីគាល់ហៅ ជាប្រក្រតី ទើបមានព្រះរាជឳង្ការនូវព្រះបន្ទូលបរមនាទថា ខាងរាជអាណាចក្រនេះ ក្សត្រីយ៍សោយរាជ្យសម្បត្តិដំរ៉ងផែនដីនោះ អាស្រ័យនូវបុរាណរាជនីតិកំណត់បទព្រះអយ្យកា ដែលព្រះមហាក្សត្រត្រីយ៍ពីដើមបញ្ញាត្តិទុកជាបន្ទាត់ ទើបពិភាក្សាត្រាអស់សេចក្តីដោះទុក្ខអាណាចក្រប្រជានុរាស្ត្របានដោយ យុត្តិធម៌ ឥឡូវនេះឧកញ្ញា ពិភក្តិវិនិច្ឆ័យ ក៏អនិច្ចកម្មទៅ ច្បាប់ដែលសម្តេចវររាជបិតាប្រមូលមកទុកពុំទាន់ជំរះនោះ ក៏នឹងខ្ចាត់ខ្ចាយតទៅទៀត ហើយត្រាស់បង្គាប់លើឧកញ្ញាមហាមន្ត្រី ឧកញ្ញាមហាទេពឲ្យប្រមូលយកច្បាប់ចាស់ដែលមាននៅដោយផ្ទះសព្វ មុខមន្ត្រី និងផ្ទះរាស្ត្រមក ហើយចាត់ខ្ញុំល្អងធូលីព្រះបាទ ដែលមានសតិបញ្ញាឲ្យជំរះព្រះរាជកំណត់បទព្រះអយ្យកា ។
+ ក្រុមព្រះអល័ក្ខណ ៦ រូបគឺ :
- ឧកញ្ញប្រាជ្ញាធិបតី ១
- ឧកញ្ញាពិនិត្យវិនិច្ឆ័យ ១
- ព្រះសន្ទរាជណា ១
- ព្រះជំនិត្យអក្សរ ១
+ ឧកញ្ញាធិរាជសាតរតន៍ ១
- អល័ក្សសុភ ១
+ សាលាលុកឃុន ៣ រូបគឺ
- ឧកញ្ញាមន្ត្រីភុត្តរាជ ១
- ឧកញ្ញាសុភាមន្ត្រី ១
- ឧកញ្ញានារាធិរាជ ១
+ ព្រះរាជបណ្ឌិត ៩រូបគឺ
- ឧកញ្ញាវិជៀនចៅក្រម ១
- ព្រះធម្មបណ្ឌិតចៅក្រម ១
- ព្រះវរៈវោហារបាឡាត់ក្រុម១
- ព្រះពីកូបណ្ឌិតបាឡាត់ក្រុម ១
- ព្រះធម្មបវិជ្ជា ១
- លួងទេពភវីភូឈួយ ១
- លួងស្រីធម្គលង្កាភូឈួយ ១
- នាយស្រី១
- នាយតុង១
សិរីទាំងអស់ ១៨នាក់ ហើយនិមន្តព្រះរាជគុណទាំងពួង មានសម្តេចព្រះមហាសង្ឃរាជាភណាធិបតី និងសម្តេចព្រះសុគន្ធាធិបតី ជាប្រធានបានអញ្ជើញគម្ពីរធម្មសាត្រមកតាំងជាមូលធម្ម ហើយផ្ទៀងជំរះជាថ្មី ទ្រង់ឲ្យបោះពុម្ព៦៥ច្បាប់ ខាងដើមគ្រប់ច្បាប់ នោះប្រថាប់ព្រះវល័ញ្ចករសំរាប់ផែនដីបីដួង.ដួងធំ រូបព្រះនារាយណ៍សំដែងឫទ្ធិបែងកាត់រហ័ស៤ គង់លើរថកុជេន្ទ្របវរព្ធរ៉ាវណ្ណ ដួង១រូបព្រះមកុដ រូបព្រះខ័នដំកល់លើព្រះពានពីរជាន់មានអក្សរបារាំងជុំវិញថា ព្រះបាទសម្តេចព្រះនរោត្តម អក្សរចិននៅក្រោមជាអម្ចាស់ផែនដី ដួង១រូបព្រះខ័នដំកល់លើព្រះពានពីរជាន់តាំងក្រោមព្រះ ស្វេតច្ឆ័ត្រ ខាងចុងបោះត្រាសំរាប់រោងពុម្ព ដួង១រូបសេះម្ខាងរូបដំរី រូបមួក ខាងលើមានអក្សរបារាំងថា ក្រុមព្រះអាល័ក្ខណ៍អ្នករាជការ ឲ្យសំគាល់ប្រាកដថា អក្សរបោះពុម្ពនេះត្រូវទីឃ រស្សៈ ហើយទុកនៅព្រះក្រឡាកំណល់ក្នុងមួយច្បាប់ នៅក្រៅទុកនៅរោងពុម្ពមួយច្បាប់ ទុកនៅសាលាលុកឃុនមួយច្បាប់ ឲ្យឧកញ្ញាមន្ត្រីភុត្តរាជមើលរក្សា ទុកនៅសាលាលុកឃុនសម្រាប់សម្តេចព្រះមហាអយ្យកោរាជ មួយច្បាប់ឧកញ្ញានារាធិរាជរក្សាទុកនៅសាលាលុកឃុន សម្រាប់សម្តេចព្រះមហាឧបរាមួយច្បាប់ ឧកញ្ញាធិរាជសុភារក្សាទុកនៅសាលាលុកឃុនសម្រាប់សម្តេច វររាជជនី មួយច្បាប់ ឧកញ្ញាសភាសិត្តរាជ រក្សាទុកចែកទៅចៅហ្វាយស្រុកគ្រប់ៗខេត្ត ១ ទៅពញ្ញាសភាខេត្តរក្សាត្រូវឲ្យអ្នករក្សាច្បាប់ទាំងនោះអញ្ជើញព្រះ ម្ចាស់ចេញមកបង្ហាត់សេចក្តីទាំងពួងដោយសក្យ៍ជាបន្ទាត់រត្នចារិក តាមគន្លងរាជបវេណី អំពីបុរាណឲ្យបានចេរវិត្ថារទៅខាងអនាគតកាល បើសភាតុលាការសាលានៅក្រៅឯណា អញ្ជើញព្រះច្បាប់ចេញមកនឹងបង្កាត់ក្តីទាំងពួងឲ្យកូនក្តីមើល បើគ្មានព្រះវលញ្ចករទាំង៣ដួង នៅខាងដើមជាសំគាល់នោះកុំឲ្យគូរក្តីជឿស្តាប់ឡើយ ។
ច្បាប់សម្រាប់ប្រើក្នុងនគរ ឬក្រុង
១- ក្រុមឥន្ទកាលនិយាយទូន្មានចៅក្រមឲ្យជុំនំជំរះឲ្យត្រឹមត្រូវកុំឲ្យលុះដោយនៅអគតិទាំង៤ ។
២- ក្រុមព្រះធម្មសាស្ត្រពានា មូលដ្ឋានឥស្សរៈក្តីជាដើម ។
៣- ក្រុមព្រះរាជខ័ន្ធនិយាយអំពីបំពេញលើច្បាប់ទាំងពួងដែលខ្វះ ។
៤- ក្រុមពហុលទេព បញ្ញតិ្តពីភូមិស្រែចំការច្បារដំណាំទំនេរ និងគោក្របី ដំរីសេះ ស៊ីដំណាំ ។
៥- ក្រុមអាជ្ញាលួង បន្សាត់ពីអាជ្ញា ឬបំរើធ្វើដោយអំណាចចិត្តលើសពីរាជការ ។
៦- ក្រុមមន្ទីរបាល បញ្ញតិ្តធ្វើល្មើសព្រះរាជអាជ្ញា ឬធ្វើខុសក្នុងបរមរាជវាំង ។
៧- ក្រុមព្រះរាជភ្រិតសង្ឃ វ័យបញ្ញតិ្តពីសល់វ៉ល់ជើងវត្តយកប្រពន្ធ ។ ទោសលួចទ្រព្យសង្ឃរំលាយព្រះ ។
៨- ក្រុមសាក្សីពិសោធន៍ បញ្ញតិ្តពីរឿងស្បថយកសាក្សីដែលគប្បីយក ។
៩- ក្រុមបៀ បញ្ញតិ្តពីអ្នកធ្វើមេបៀ និងកូនដែលលេង ។
១០- ក្រុមបំណុល បញ្ញតិ្តពីខ្ចីបុលជឿបណ្តាក់ចងការគ្នាទៅវិញទៅមក ។
១១- ក្រុមតុលាការ បញ្ញតិ្តពីប្រដៅចៅក្រមពីព្រោះចាប់ ។
១២- ក្រុមអញ្ញាមញ្ញ បញ្ញត្តិប្តឹងកែរជួសតាងគ្នា ។
១៣- ក្រុមព្រហ្មទណ្ឌ បញ្ញត្តិកាត់ថ្លៃ សត្វ-របស់ ។
១៤- ក្រុមទំរងសក្តិ និយាយពីរឿងធ្វើសំបុត្រទៅមករកគ្នានឹងអ្នកសក្តិធំសក្តិតូច ។
១៥- ក្រុមវិវាទ បញ្ញតិ្តទាស់ទែងគ្នាដោយផ្សេងៗ
១៦- ក្រុមក្បត់សឹក ពីមនុស្សក្បត់នឹងផែនដី ។
១៧- ក្រុមទាសកម្មករ បញ្ញត្តិពីអ្នកបំរើការប្រាក់ ។
១៨- ក្រុមឧទរណ៍ និយាយអំពីរើសេចក្តីបាន ឬមិនបានពីសាលាដំបូង ។
១៩- ក្រុមទស្សកិរិយា បញ្ញតិ្តពីលួចប្រពន្ធគេកូនគេ ។
២០- ក្រុមទទួលបណ្តឹងកាត់បណ្តឹង បញ្ញត្តិពីគួរ ឬមិនគួរទទួលបណ្តឹង ។
២១- ក្រុមកាត់ចំនួនសាក្សី បញ្ញត្តិពីអ្នកឲ្យសំណូកសាក្សីបញ្ចេះសាក្សី ។
២២- ក្រុមចោរកម្ម និយាយពីចោរប្លន់ លួចចាក់សម្លាប់គ្នា ។
២៣- ក្រុមមត៌ក និយាយពីចែកទ្រព្យសម្បត្តិពីមាតាបិតា គឺមត៌ក ។
២៤- ក្រុមធម្មនុញ្ញ បញ្ញត្តិប្រថាប់ត្រាបួនកែវចែកមុខក្រសួង ។
ឯច្បាប់ ២៤ក្រុមនេះបើចែកជាពួកមាន ៤ពួកដូចមានខាងក្រោមនេះគឺ :
១- ក្រុមឥន្ទកាល
២- ក្រុមព្រះធម្មសាត្រ
៣- ក្រុមតុលាការ
៤- ក្រុមព្រះរាជខ័ន្ធ
ទាំង៤ក្រុមនេះជាក្រុមតុលាការ ។
១- ក្រុមអាជ្ញាហ្លួង
២- ក្រុមចោរកម្ម
៣- ក្រុមក្បត់សឹក
៤- ក្រុមមន្ទីរបាល
៥- ក្រុមព្រះរាជក្រិត្យសង្ឃរីយ
ទាំង៥ក្រុមនេះជាក្រុមនគរបាល ។
១- ក្រុមវិវាទ
២- ក្រុមទាសកម្មករ
៣- ក្រុមបំណុល
៤- ក្រុមពហុលទេព
៥- ក្រុមបៀរ
៦- ក្រុមមត៌ក
៧- ក្រុមទស្សកិរិយា
ទាំង៧ក្រុមនេះជាក្រុមវិវាទ ។
១- ក្រុមព្រះធម្មនុញ្ញ
២- ក្រុមទំរងសក្តិ
៣- ក្រុមទទួលបណ្តឹងកាត់បណ្តឹង
៤- ក្រុមសាក្សីពិសោធន៍
៥- ក្រុមកាត់ចំនួនសាក្សី
៦- ក្រុមព្រហ្មទណ្ឌ
៧- ក្រុមឧទ្ធរណ៍
៨- ក្រុមអញ្ញមញ្ញ
ទាំង៨ក្រុមនេះជាក្រុមពិភាក្សា ។
សម្តេចព្រះសង្ឃនាយកទាំងពីរគណៈ គឺសម្តេចព្រះសុគន្ធាធិបតី និងសម្តេចព្រះមហាសង្ឃរាជាធិបតីព្រមទាំងក្រុមជុំនំជំរះព្រះសង្ឃ ទាំងអស់ មានសម្តេចទាំងពីរគណៈប្រាជ្ញាធិបតីជាដើម ក៏បានប្រដៅទូន្មានព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ’ព្រះអង្គឌួង” ដោយសុចរិតធម៌ ។
ឯព្រះបាទសម្តេចព្រះមហាសម្មត្តិរាជបរមបពិត្រស្តេចសោយរាជ្យ សម្តេចកំចាត់ភ័យនៃប្រជាជន ជាសុគ្ខោសេភិនី ស្តេចតាំងនៅក្នុងទសពិតរាជធម៌ទាំង ១០ប្រការ ទ្រង់ស្ថិតនៅក្នុងបញ្ចង្គិកសិល នៅបកតិសិលអដ្ឋង្គិកសមនាកតា ជាឧបោសថសីល ទ្រង់ព្រះករុណានុភាពដល់សត្វលោកផងមិនរើសមុខ ហើយទ្រង់ព្រះឧស្សាហ៍នមស្ការនូវគម្ពីរព្រះធម៌សាត្រជានិតិនៅក្នុង ព្រះអង្គទ្រង់ប្រព្រឹត្តនៅក្នុងធម៌ ៤ប្រការ គឺពិចារណាជ្រាបសេចក្តីខុសត្រូវនៃអ្នកឲ្យធ្វើឲ្យជាប្រយោជន៍ និងមិនជាប្រយោជន៍ផង ព្រះអង្គ១ គឺទំនុកបំរុងផ្ចុងផ្តើមកុលបុត្រដែលរក្សាសិលសត្យ១ គឺប្រមូលព្រះរាជទ្រព្យ ក្នុងព្រះរាជធានី ត្រូវដោយគន្លងធម៌១ ខ័បខ័ន្ធសីមាមហានគរ និងអាណាប្រជានុរាស្ត្រឲ្យសុខក្សេមក្សាន្ត និងដោយយុត្តិធម៌១ គ្រប់ជា៤ប្រការ ។ ហើយទ្រង់តាំងប្រព្រឹត្តក្នុងកិច្ចបវេណីស្តេចពុំដែលដាច់គឺវេលា ចូលសន្ធិយាជាបឋមយាមទ្រង់ព្រះសណ្តាប់សង្កិកះភ្លេងតូរ្យតន្ត្រី ត្រេកទ្រង់ព្រះសណ្តាប់នូវទំនឹមទំនៀមនិយាយអំពីបុរាណ តាមរាជបវេណីលុះដល់មជ្ឈឹមយាមទ្រង់សណ្តាប់យុត្តិធម៌តាមព្រះបវេណី ជាទីដាស់តឿនសតិបញ្ញា លុះដល់បច្ឆឹមយាមស្តេចចូលទីក្រឡាព្រះបន្ទំបរមសយ្យាសនាដោយគួរដល់ វេលាជាកិច្ច លុះដល់បច្ចុសសម័យ ស្តេចតើនចាកទីព្រះបន្ទំ ចេញទៅជំរះព្រះទន្តឆ្ពោះព្រះភក្ត្រាវីទៅទិសបូព៌ាពុំត្រាស់ អំពីការអ្វី ឯឈើស្ទុនខាត់ព្រះទន្តនោះប្រវែង ១២អង្គុលី ធ្វើនឹងឈើដែលល្អមានពណ៌មានជាបន្លា លុះជម្រះរួចហើយឲ្យដំកល់ព្រះស្ទុននោះទុកក្នុងទីបរិសុទ្ធ លុះស្របព្រះភក្ត្ររួចហើយ ស្តេចចូលទៅកាន់នមស្ការព្រះរតនត្រ័យ និងទេវតាដ៏វិសេស និងព្រះមាតាបិតាជានិច្ចលុះស្រេចហើយ ស្តេចទ្រង់គ្រឿង ព្រះរាជបិសន្ធនាអលង្កាវិសុទ្ធវិក្ខសិតា ព្រះភក្ត្រប៉ប្រឹមញញឹមត្រាស់បរិហា សម្រាន្តព្រះរាជហឫទ័យ ហើយស្តេចទៅស្ថិតលើទីព្រះរាជសយនាដ៏ប្រដាប់ប្រសើរ ឆ្ពោះព្រះភក្ត្រសង្កេតទត កុលបុត្រទាំង៤ ជំពូកដោយពេធ្យាហោរារាជសូរិវង្ស អ្នកប្រាជ្ញារាជបណ្ឌិតពិនិត្យប្រស្រ័យ និងត្រកូលទាំង៤ ដោយសមគួរហើយស្តេចចេញទៅកាន់សាលាជាទីវិនិច្ឆ័យសេចក្តីព្រមមូលមាត់ ជាមួយ និងអាមាត្យមុខមន្ត្រី ក្របីជាតិរាជ បរោហិតហោរាព្រឹទ្ធាចារ្យតាំងចិត្តស្ថិតនៅក្នុងសីល សច្ចំខន្តី ដម្រង់ព្រះរាជហឫទ័យ ទ្រង់ព្រះសណ្ដាប់ដំណើរសេចក្តីនែសុភាតុលាការចៅក្រមជំនុំពិគ្រោះ ពិភាក្សាសេចក្តីដោយយុត្តិធម៌ ជាប្រទីបកែវ ហើយយកគម្ពីរព្រះធម៌សាត្រតាំងជាដួងព្រះនេត្រ ឆ្លុះទស្សនាខេត្ត ខន្ធដោយសត្យលើកព្រះហស្ថស្តាំ គឺព្រះបវរសតិសម្បជញ្ញៈ ទ្រង់ព្រះខន្ធកែវគឺព្រះពិចារណាប្រាជ្ញាវិនិច្ឆ័យកាត់សេចក្តីអស់ អាណាប្រជានុរាស្ត្រទាំងពួងក្សេមក្សាន្តដោយយុត្តិធម៌ ។
សម្តេចព្រះសង្ឃនាយកទាំងពីរគណៈ គឺសម្តេចព្រះមហាសង្ឃរាជាធិបតីព្រមទាំងក្រុមជំនុំព្រះសង្ឃទាំងអស់ មានសម្តេចទាំងពីរគណៈ ប្រាជ្ញាធិបតីជាដើម ក៏បានប្រដៅទូន្មានព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ’ព្រះអង្គឌួង” ដោយសុចរិតធម៌ព្រមទាំងឲ្យប្រព្រឹត្តកាន់យកនូវទំនៀមទំលាប់ស្រុក ក្រុងជាដើមតទៅគ្រប់រវាងខែ ។
សម្តេចព្រះសង្ឃនាយកទាំងពីរគណៈ គឺសម្តេចព្រះសុគន្ធាធិបតីព្រមទាំងក្រុមជំនុំព្រះសង្ឃទាំងក្រុម តំណែងទាំងអស់មានសង្ឃទាំងពីរគណៈជាប្រធានាធិបតីជាដើម ក៏បានព្រះពុទ្ធតម្រាស់ប្រដៅទូន្មានព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សរាធិបតី ’ព្រះអង្គឌួង” ដោយសុចរិតធម៌ព្រមទាំងឲ្យប្រព្រឹត្តកាន់យកនូវទំនៀមទំលាប់ស្រុក ក្រុងជាដើមតទៅគ្រប់រវាងខែជាសណ្តាប់ ព្រះវេណីរៀងតមកជាច្បាប់សម្រាប់ព្រះរាជា និងព្រះរាជវង្សានុវង្សដល់បណ្តាលរាស្ត្រជាព្រះវេណីតមកជាកេរ្តិ៍ ។
បពិត្រព្រះរាជា ការងារទាំងឡាយឯទៀតត្រូវតាមធម៌ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយប្រព្រឹត្តជាច្បាប់អាចចិញ្ចឹមកាយក្នុងការដ៏ ចំរើនបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង កិច្ចច្បាប់នោះសម្រាប់ផែនដីនេះជាច្បាប់ប្រសើរវិសេសក្នុងលោកនេះ និងលោកខាងមុខពុំខាន ។
គ្រានោះព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ’ព្រះអង្គឌួង” និងព្រះរាជវង្សានុវង្ស និងនាម៉ឺនធំតូចក្នុងទីនោះត្រេកអរអនុមោទនានូវភាសិត និងឱវាទរបស់ព្រះរាជាទាំងពីគណៈ និងព្រះភិក្ខុសង្ឃដ៏មានព្រះជន្មាយុល្អទ្រង់នូវព្រះឆោមត្រចះដូច ថ្ងៃរះ ព្រះពុទ្ធដីការព្រះអង្គប្រសើរភ្លឺច្បាស់លាស់ សូមព្រះអង្គចាំទុកនៅខ្ញុំព្រះករុណាជាបុគ្គលជឿថា ឧបាសកដល់នូវបុណ្យ និងគុណព្រះរតនត្រ័យទាំង៣ តរៀងទៅ ។ ហេតុនេះហើយបានជាមានច្បាប់ព្រហ្មទណ្ឌ និងទំនៀមទំលាប់រៀងរហូតមកដល់សព្វថ្ងៃនេះ ។
ម្នាលកូនប្រុសកូនស្រី ឪពុកទាំងឡាយចូរកូនទាំងអស់គ្នាចូលចាំ កុំភ្លេចពាក្យបណ្តាំរបស់ បិតាមាតា ពាក្យនេះជាពាក្យព្រះវេណីស្តេចខ្មែរក្នុងក្រុងកម្ពុជា គឺជាច្បាប់ពង្សាវតារតទៅកូនស្រីទាំងឡាយរមែងរឭកដល់ហើយប្រតិបត្តិ តាមចាំជាស្ថិតស្ថេរតទៅយកទុកធ្វើជាច្បាប់ចាស់បុរាណអំពីមុនជា ពាក្យប្រេងដរាបដល់អស់ជីវិតគ្រប់ៗគ្នា ។
បាទលោកឪពុក ខ្ញុំស្តាប់បានហើយខ្ញុំថាដាក់ហើយ យី! ពិរោះណាស់ ឳយី! ភ្លឺចាស់ណាស់បិតា យី!យ៉ាងហ្នឹងបានជាមានមកដល់សព្វថ្ងៃនេះ! អើកូនមែនហើយចូរកូនយកច្បាប់មួយនេះទៅមើលចុះទុកជាកេរ្តិ៍ ។
អើកូនច្បាប់បូរាណាចារ្យពោលយ៉ាងនេះ ៖
បើចេះត្រង់ណាឲ្យមាំមួនឲ្យចាំច្បាប់ក្បួនតម្រាលោកឲ្យចំជា ប្រាជ្ញាលោកិយ៍កោត មួយសោតឲ្យចំជាប្រាជប្រាយ បើមួយថ្ងៃ និងចេះឲ្យគេកោត បើមួយថ្ងៃ និងឆោតឲ្យគេអាណិត បើមួយថ្ងៃ និងហ៊ានឲ្យមានចិត្ត បើមួយថ្ងៃ និងគិតឲ្យផុតថា មួយថ្ងៃ និងប្រាជ្ញឲ្យពេញវង្ស មួយថ្ងៃ និងល្ងង់ឲ្យផុតថា មួយថ្ងៃ និងហ៊ានឲ្យកើតការ មួយថ្ងៃ និងថាឲ្យបានខ្នាត ៘
យី ! លោកឪពុកពិរោះណាស់ទៅទៀតខ្ញុំយកហើយច្បាប់នេះទុកជាកេរ្តិ៍ ។ ’ចប់បណ្តាំប្រើជាច្បារច្បេយ៍” ។
(រាជពង្សាវតារបស់អាចារ្យ ចាប ច័ន្ទ វត្តក្តីក្រៅ ឃុំខ្នារស ស្រុកស្រីសន្ធ ខេត្តកំពង់ចាម៖ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លេខ៩៤ ០០៣ ថ្ងៃ ១៥ ខែ ៦ ឆ្នាំ ១៩៥០)
No comments:
Post a Comment