របាំ ព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកថែរក្សានាដកម្មបុរាណរបស់ខ្មែរ។ របាំក្បាច់ខ្មែរបុរាណ (របាំព្រះរាជទ្រព្យ) នៃព្រះរាជាណាចក្រកម្ពុជា ល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរជាចំណែកមួយយ៉ាងជិត ស្និទ្ធ នៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាងមួយពាន់ឆ្នាំកន្លងមក ហើយ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) តួនិមួយៗមានលក្ខណៈនិងមានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និងកាយវិការផ្ទាល់ខ្លួនផងដែរ។ កាយវិការ និងក្បាច់រាំទាំងនេះនាដករត្រូវហាត់រៀនយ៉ាងសកម្ម និងមមាញឹក អស់រយៈពេលជាច្រើនឆ្នាំ ទើបចេះចាំ មានអត្ថន័យដូចជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬការខឹងសម្បាជាដើម។
ការសម្ដែងប្រព្រឹត្តទៅតាមចង្វាក់ភ្លេងនៃក្រុមតន្ត្រីសក្ការ ដោយពួកនាដករកាច់ក្បាច់រាំតម្រូវតាមសំឡេងបកស្រាយសាច់រឿង និងមនោសញ្ចេតនាដោយនារីអ្នកច្រៀងមួយក្រុមតូច។ របាំព្រះរាជទ្រព្យស្ទើរតែបាត់បង់អស់នៅក្រោមរបបខ្មែរក្រហម ដែលបានគាស់រំលើងចោលស្ទើរតែទាំងស្រុង នូវគ្រូនាដកម្មនិងគ្រូដូរ្យតន្ត្រី។ តាំងពីការដួលរលំនៃរបបប៉ុល ពត នៅឆ្នាំ១៩៧៩ មក ក្រុមរបាំព្រះរាជទ្រព្យត្រូវបានគេបណ្ដុះបណ្ដាលឡើងវិញ និងបានដំឡើងកម្រងនាដកម្មពីដើមៗឡើងវិញ។ របាំបុរាណដែលជាផ្លូវការ ត្រូវបានផ្សារភ្ជាប់ជាថ្មីជាមួយមហាក្សត្រ និងសាសនា ចាប់ពីពេលនោះមកបានក្លាយទៅជាធាតុស្នូលមួយសម្រាប់កសាងប្រទេស និងកសាងអត្តសញ្ញាណខ្មែរជាថ្មី។ សព្វថ្ងៃនេះ របាំព្រះរាជទ្រព្យបានរកឃើញឡើងវិញហើយ នូវរស្មីត្រចះត្រចង់របស់ខ្លួន ប៉ុន្តែមាននៅជួបឧបសគ្គជាច្រើន ដូចជា កង្វះខាតថវិកា និងរោងសម្ដែង ការប្រកួតប្រជែងពីសំណាក់ប្រព័ន្ធឃោសនាព័ត៌មាន ឬហានិភ័យនៃប្រជាប្រិយនីយកម្មសិល្បៈទាក់ទងនឹងវិស័យទេសចរណ៍។ នៅមានត្រឹមតែគ្រូនាដកម្មបីបួននាក់ប៉ុណ្ណោះ ជាអ្នកដែលបានរួចខ្លួននិងរស់រានមានជីវិត ហើយចេះដឹងពិតប្រាកដអំពីក្បាច់សិល្បៈទាំងអស់ រហូតធ្វើឱ្យរបាំនេះមានលក្ខណៈដ៏សំបូរបែបទៀតផង។
រាត្រីអង្គរ គឺជាសកម្មភាពវប្បធម៌បារាំង ខ្មែរមួយ បង្ហាញនូវទស្សនីយភាពសិល្បៈ ពីរជាសហព័ន្ធមួយ គឺជាវប្បធម៌បស្ចិមប្រទេស និងមួយទៀតជាវប្បធម៌បូព៌ាប្រទេស ដែលសហការរួមគ្នាធ្វើឱ្យចេញបានជាផ្លែផ្កា នូវវណ្ណកម្មមួយចំនួនរវាងក្រុមសិល្បករខ្មែរ និងបារាំង។ ទស្សនាទាន (កញ្ចក់នៅចន្លោះវប្បធម៌បារាំង និងវប្បធម៌ខ្មែរ) គឺជាសរសៃខ្សែក្រហមនៃការផលិតកម្មវិធីនេះ។ សកម្មភាពវប្បធម៌នេះមានកំណើតនៅឆ្នាំ២០០០ តាមការផ្ដួចផ្ដើមរួមគ្នារវាងឯកអគ្គរដ្ឋទូតបារាំង លោកអង់ដ្រេ ហ្សង់លីប៊ូរែល និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ គឺសម្ដេចព្រះរាម នរោត្ដមបុប្ផា ទេវី។ តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះបានក្លាយទៅជាសកម្មភាពសិល្បៈដ៏ធំជាងគេបង្អស់ និងជាបន្លាស់ប្ដូរវប្បធម៌ដ៏ចម្បងដែលត្រូវបានរៀបចំ និងសម្របសម្រួលដោយមជ្ឈមណ្ឌលវប្បធម៌បារាំង។ តាំងពីឆ្នាំ២០០៣មក ចំនួនសាធារណៈជនដែលអញ្ជើញមកទស្សនាមានការកើនឡើងជាប្រចាំ រហូតជិតដល់៤.០០០នាក់ នៅឆ្នាំ២០០៥។ មានកម្លាំងដោយសារទទួលជោគជ័យនាពេលកន្លងមក រាត្រីអង្គរ២០០៨ ក៏ត្រូវបានប្រកាសថា នឹងប្រារព្ធធ្វើពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី២ កុម្ភៈ ខាងមុខនេះ នៅរមណីយដ្ឋានប្រាង្គប្រាសាទអង្គរវត្ត។ ទន្ទឹមគ្នានឹងការធ្វើឱ្យសម្បូរបែបនូវក្នុងការផលិតនៃកម្មវិធី សកម្មភាពវប្បធម៌នេះ ក៏មានកិត្តិសព្ទល្អឡើងៗជារៀងរាល់ឆ្នាំ។ បរិមាណទស្សនិកជនប្រចាំឆ្នាំកើនឡើងឈានទៅដល់ជិត៤.០០០នាក់ នៅឆ្នាំ២០០៥ និងលើសពី៤.៧០០នាក់ នៅឆ្នាំ២០០៦។ សកម្មភាពវប្បធម៌នេះត្រូវបានប្រព័ន្ធឃោសនាព័ត៌មានជាច្រើន ចុះមកយកព័ត៌មាន ហើយការចុះផ្សាយនៅឆ្នាំ២០០៦ មានច្រើន និងសុទ្ធសឹងជាមតិសរសើរ។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខែ្មរមាន ចំនួន ៨២ របាំ និងរបាំរឿងមានចំនួន ៣៥ រឿង :
* របាំដែលរស់ឡើងវិញមានចំនួន ៥៤របាំ និង នៅបាត់បង់ចំនួន ២៨របាំ
* របាំរឿងដែលរស់ឡើងវិញមានចំនួន២១ រឿងនិងនៅបាត់បង់ ចំនួន ១៤ រឿង
ប្រវត្តិសង្ខេប
របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងអាចសាកល្បង សន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។
ការសម្ដែង
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិន ប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
ឧបករណ៍វង់ភេ្លងពិណពាទ្យ
1. រនាតឯក
2. រនាតធុង
3. រនាតដែក (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
4. រនាតថោង (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
5. គងធំ (គងវង់ធំ)
6. គងតូច (គងវង់ធំ)
7. សំភោរ
8. ស្គរធំមួយគូ
9. ស្គរជ្វាមួយគូ (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
10. ស្រៃឡមួយគូ
11. ឈឹង
12. ក្រាប
ប្រភពព័ត៌មាន៖ កាសែតកោះសន្តិភាព ឆ្នាំទី៖ ៤១ លេខ៖ ៦២៤៨
No comments:
Post a Comment