ប្រភពនៃឧបករណ៍គែនខ្មែរ
ឆ្លងកាត់តាមការស្រាវជ្រាវខាងបុរាណវិទ្យានិងជាតិពន្ធុវិទ្យា យើងអាចយល់យ៉ាងត្រឹមត្រូវពីប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរ និងអ្វីដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌អារ្យធម៌ខ្មែរ ។
ប្រជាជនខ្មែរគឺជាជាតិសាសន៍មួយធំ ហើយចាស់ស្ថិតក្នុងអម្បូរមនុស្ស ដែលអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យា និងភាសាសាស្ត្រ បានតាំងឈ្មោះថាមន-ខ្មែរ ឬ ខ្មែរ-មន ។ នៅក្នុងអម្បូរនេះ យើងឃើញមានសហគមន៍មនុស្ស ប្រមាណជា ១០០ ក្រុមដែលចែកជាពីរប្រភេទ ។ ប្រភេទទី១គឺខ្មែរ និង មន បានបង្កើតរដ្ឋនៅដើមស.វ ទី១ នៃ គ.ស តាមរយៈព្រឹត្តការណ៍ឥណ្ឌានីយកម្ម, ក្នុងប្រភេទទី២ មានសហគមន៍មនុស្ស ដែលសង្គមមានលក្ខណៈជាកុលសម្ព័ន្ធនៅឡើយកំពុងរស់នៅតាមតំបន់ព្រៃភ្នំ ឬ ខ្ពង់រាបក្នុងឧបទ្វីបឥណ្ឌូចិន ។ ពួកគេគឺជាជនជាតិដើមភាគតិចរួមឈាមជ័រភាសាទំនៀមទម្លាប់ជាមួយខ្មែរ និង មន ។
ចម្លាក់អ្នកលេងគែន លើស្គរមហោរធឹក សំរិទ្ធ នៅសម័យបុរេប្រវត្តិសាស្ត្រ នៅស្ថានីយ៍ដុនស៊ឺង
នៅត្រង់ចំណុចនេះហើយ ដែលអាចនិយាយបានថាក្នុងអម្បូរ មន-ខ្មែរ មានតែជនជាតិខ្មែរ និង មនទេ ដែលអាចភ័ព្វសំណាងជាងគេ ដោយបានបង្កើតបានរដ្ឋអាចខ្លួនឯងផ្ទាល់ គឺរដ្ឋក្សេត្រហ្វូ ណន (នគរភ្នំ) ។ តែជាអកុសលមានតែប្រជាជនខ្មែរ (នៅភូមា) ដែលរក្សាបាននូវបូរាណភាពទឹកដី និង អធិប្បតេយ្យភាពបានផ្ទុយពីបងប្អូន មន ដែលរដ្ឋរបស់ខ្លួនរលត់រលាយ បាត់ស្រមោលទៅហើយ ។ អាស្រ័យ ហេតុនេះហើយទើបគេ ប្រើពាក្យខ្មែរ-មន ទៅវិញ ដើម្បីសំដៅអប្បូរមនុស្សខាងលើនេះ ដែលជាជនជាតិដើម ហើយជារដ្ឋវាសី ពោលគឺមិនមែនជាអន្តោប្រវេសន្ត ឬមនុស្សចំនូលថ្មី ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ដែនដីគោកយើងនេះឡើយ ។
ស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា បុព្វការីជនខ្មែរ ប្រកបដោយទេពកោសល្យខ្ពស់ បានកសាងឡើងនូវវប្បធម៌សំយោគមួយ ដ៏មហារុងរឿង ថ្កើងថ្កានអស្ចារ្យ ដែលប្រជាជនខ្មែរបច្ចុប្បន្ន បន្តកេរ្តិ៍ដំណែលនេះពីបុរាណកាល តាមរយៈវិស័យសិល្បៈស្ថាបត្យកម្ម ជាពិសេសផ្នែកតូរ្យតន្ត្រីសម្បូរបែប ដែលជាមរតកវប្បធម៌ អរិយធម៌ដ៏ថ្លៃថ្លាកាត់ថ្លៃពុំបាន ។
និយាយពីប្រភពនៃវប្បធម៌ អរិយធម៌ខ្មែរជារួម និងវិស័យតូរ្យតន្ត្រីខ្មែរនិយាយដោយឡែក ត្រូវចងចាំថា មុនឥណ្ឌានីយកម្ម ខ្មែរ មានវប្បធម៌របស់ខ្លួនរួចមកហើយ ។ ខ្មែរមានភាសា ទំនៀមទម្លាប់ ប្រពៃណី សិប្បកម្ម និង វិចិត្រសិល្បៈ យ៉ាងជាក់ច្បាស់ប្រចាំជាតិផ្ទាល់ ។ ម្យ៉ាងវិញទៀត គេក៏ពុំអាចផ្តាច់រឿងវប្បធម៌ខ្មែរបច្ចុប្បន្ន ដែលទោះជាមានលក្ខណៈសំយោគរវាងខ្មែរ និងឥណ្ឌាក្តី ចេញពីខឿនវប្បធម៌ ដ៏បរមបុរាណរបស់បងប្អូនជនជាតិភាគតិច អម្បូរមន-ខ្មែរបានឡើយ ដែលរស់នៅពាសពេញដេរដាស ទូទាំងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។
ចំពោះខឿនវប្បធម៌រួមទាំងនេះ យើងអាចដឹងតាមរយៈស្លាកស្នាម នៃសំណង់វប្បធម៌បុរាណគ្រប់ប្រភេទ ដែលដូនតារាជវង្ស ខ្មែរ បានបន្សល់ទុកជាតំណែល ពាសពេញឧបទ្វីបឥណ្ឌូចិន ដែលត្រូវបានផ្លាស់ប្តូរទម្រង់ ក្រោយភូមិសាស្ត្របុរេអង្គរ ដែលជាសម័យឱនភាព ។ គឺក្នុងបរិបទនេះហើយ ការរកឃើញនូវស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើន នៅម្តុំដែនដីសណ្តរកម្ពុជាក្រោម នៅប្រទេស ឡាវ (លាវ) និងសៀម ព្រមទាំងនៅកម្ពុជាបច្ចុប្បន្ន បញ្ជាក់ឱ្យឃើញថា ខ្មែរជាជនជាតិមួយ ដែលមានវ័យចំណាស់ ដែលបានរស់នៅលើជ្រោយសុវណ្ណភូមិនេះ តាំងពីយូរលង់ណាស់មកហើយ ហើយពុំមែនជាអ្នកស្រុកចំណូលថ្មីឡើយ ។
ឧទាហរណ៍ជាក់ស្តែង រាល់ស្លាកស្នាមខាងបុរាណវិទ្យា នាសម័យបុរេប្រវត្តិសាស្ត្រទាំងនោះ ជារួមទិន្នន័យពាក់ព័ន្ធទៅនឹងវិស័យតន្ត្រី និងដោយឡែកការនិយមឧបករណ៍គែន គឺជាភស្តុតាងបញ្ជាក់ឲ្យឃើញថា ខឿនវប្បធម៌ខ្មែរពិតជាមានចំណាស់ ដ៏យូរលង់មុនការទទួលឥទ្ធិពលវប្បធម៌ មកពីខាងក្រៅ ។ មិនតែប៉ុណ្ណោះសោត ឧបករណ៍ភ្លេងខាងលើនេះ ដែលខ្មែរនៅប្រើនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា ថៃ និង ឡាវ សព្វថ្ងៃនេះ គឺជាមរតកវប្បធម៌ខ្មែរកំពុងពេញនិយម បានប្រសូត្រឡើង តាំងពីសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ ហើយស្ថិតក្នុងខឿនវប្បធម៌ មន-ខ្មែរ យ៉ាងប្រាកដ ។
ដូចនេះ ឧបករណ៍ គែន ដែលជនជាតិខ្មែរ និង សហគមន៍ មន-ខ្មែរ ប្រើក្នុងសម័យបច្ចុប្បន្ននេះ មានអាយុយ៉ាងហោចណាស់ក៏ ២៥០០ ឆ្នាំមកហើយដែរ ដោយមានប្រភពចេញពីចុងសម័យសំរិទ្ធិ ដូចវត្តមានរបស់ចម្លាក់ គែន នៅលើស្គរមហាធឹក ជាសក្ខីស្រាប់ ។ ម្យ៉ាងវិញទៀត សូមរំលឹកផងដែរថា គឺឧបករណ៍ គែន នេះហើយ ដែលបានឲ្យកំណើតទៅឲ្យអារម៉ូនីកានៅប្រទេសអ៊ឺរ៉ុប នៅស.វ ទី ១៨ នេះបើយោងតាមការពិពណ៌នា របស់ព្រះភិក្ខុសង្ឃបារាំងម្នាក់ឈ្មោះ អាមីញ៉ូ ។
ដូចពោលខាងលើ ឧបករណ៍គែនជាសម្បត្តិវប្បធម៌របស់ខ្មែរ យ៉ាងជាក់ច្បាស់ ។ បញ្ហានៅទីនេះ គឺថា តើឧបករណ៍ភ្លេងដ៏បុរមបុរាណនេះ មានលក្ខណៈយ៉ាងដូចម្តេចដែរ ។
ជាឧបករណ៍សម្រាប់ផ្លុំ ហើយមានប្រវែងជាមធ្បមរវាង ០,៨០ម. ដល់ ១,៣០ម. គែនធ្វើដោយបំពង់ឬស្សីតូចធំ មិនស្មើគ្នាទេ ដែលត្រូវបានតម្រាបជាពីរជួរ ដោយមួយជួរមានឬស្សីយ៉ាងតិចក៏ ៩ ដើម ដែរ ។ ការស្រាវជ្រាវរបស់អ្នកគ្រូ កែវ ណារុំ បានឲ្យដឹងថា តួគែន មានរូបមូល មានចោះរន្ធតាមបណ្តោយសម្រាប់ផ្លុំ ដោយរន្ធដែលចោះនោះ គឺចោះ ពីលើចុះមកខាងក្រោម សម្រាប់ ស៊កបំពង់ឬស្សី ។ ដើម្បីផ្លុំ គេយកម្រាមដៃទាំងពីរ បិទបើកលើរន្ធ ឡើងចុះ ដោយមានសូរត្រួតពីរ។ ឬស្សីដែលគេស៊កតាមបណ្តោយហើយនោះ ប្រខាំជាប់គ្នា ដោយបិទជុំវិញនឹងជ័រម្រោម ។
សរុបសេចក្តីមក យើងអាចនិយាយថា គែន គឺជាឧបករណ៍ភ្លេងមួយប្រភេទ ដែលជនជាតិទាំងអស់នៅតំបន់ខ្ពង់រាប និងវាលទំនាប នៅតែពេញនិយម ហើយពិតជាកើតចេញ ពីខឿនវប្បធម៌នាសម័យបុរេប្រវត្តិ ។ ដូច្នេះហើយ ក្រៅពីខ្មែរប្រទេសជិតខាង ដូចជាប្រទេសថៃ លាវ និងវៀតណាម ក៏ប្រើឧបករណ៍សិល្បៈប្រភេទនេះដូចគ្នាដែរ ហើយនេះជាហេតុផល ដែលនាំឲ្យគេអាចយល់ច្រឡំថា គែនជាឧបករណ៍សិល្បៈកុលសម្ព័ន្ធ មន-ខ្មែរ របស់ជាតិសាសន៍របស់គេទៅវិញ ។
តាមការស្រាវជ្រាវ អំពើប្រភពវប្បធម៌ គេពុំអាចផ្តាច់ទំនៀមទម្លាប់របស់ខ្មែរ ដែលរស់នៅតាមវាលទំនាប ចេញពីខឿនវប្បធម៌រួម នៃកុលសម្ព័ន្ធខ្មែរលើបានឡើយ រួមទាំងកុលសម្ព័ន្ធខ្ពង់រាប នៅប្រទេសលាវ និងវៀតណាមផង ។ ព្រោះខ្មែរវាលទំនាប និងកុលសម្ព័ន្ធខ្មែរ-មនទាំងនេះ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធពុំអាចផ្តាច់ចេញបាន ទាំងវប្បធម៌ពូជសាសន៍ និងប្រពៃណីរួមថែមទៀតផង ។
ខុសពីកុលសម្ព័ន្ធ ផ្សេងទៀត ដែលរស់នៅតាមព្រៃភ្នំ ដូចជាពួកស្អូច សម្រែរ ព្រៅ កួយ ព័រ និង ជងសម្ព័ន្ធ ដែលយើងនិយមហៅថា ខ្មែរដើម គឺពួកគេបានរក្សានូវខឿនវប្បធម៌ដើមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ទាំងជនជាតិខ្មែរដែលមានរដ្ឋ ទាំងកុលសម្ព័ន្ធមន-ខ្មែរ ពុំទាន់មានរដ្ឋ ដែលរស់នៅតាមរបៀបបុរាណនោះ ដែលជួនកាលត្រូវគេឲ្យឈ្មោះថាព្នង (ភ្នំ) គឺជាជនជាតិអម្បូរមន-ខ្មែរតែមួយ ដែលបានតពូជពង្ស រហូតមកជាមួយនឹងការថែរក្សា សិល្បៈវប្បធម៌គែននេះផងដែរ ។
គែនជាឧបករណ៍សិល្បៈរបស់កុលសម្ព័ន្ធ ដែលពួកគេមានដើមកំណើតចេញពីវប្បធម៌ និងអារ្យធម៌ មន-ខ្មែរ ឬ ខ្មែរ-មន តាំងពីមុនការហូរចូល នៃឥទ្ធិពលឥណ្ឌា និងចិនម្ល៉េះ ។
វត្ថុសិល្បៈគែននេះ ពុំត្រឹមតែមានការពេញនិយម នៅសម័យសង្គមបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែការរកឃើញឧបករណ៍នេះ នៅក្នុងស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ស្នាយ នៅខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញឲ្យដឹងយ៉ាងច្បាស់ថា ឧបករណ៍គែន គឺជាសម្បត្តិវប្បធម៌របស់ជនជាតិខ្មែរ យ៉ាងពិតប្រាកដ ។
ជនជាតិប្រទេសជិតខាងកម្ពុជា ដូចជាជនជាតិភាគតិចនៅវៀតណាមកណ្តាល ភាគខាងត្បូង ជនជាតិថៃ រហូតដល់ជនជាតិលាវទៀតផង ដែលជាមនុស្សចំណូលថ្មី ក៏បានប្រើឧបករណ៍គែន ជាឧបករណ៍តន្ត្រី ហើយថែមទាំងចាត់ទុកថា ជាសម្បតិ្តរបស់គេផងដែរ ។ យើងគ្រាន់តែយល់ថា ខ្មែរយើងពុំបានខ្ចីឧបករណ៍គែនមកប្រើ ដូចការយល់ច្រឡំនៃមនុស្សមួយចំនួននោះឡើយ ។ ថ្វីត្បិតតែសព្វថ្ងៃនេះ ឧបករណ៍ភ្លេងនេះ បានឃ្លាតឆ្ងាយបន្តិចពីប្រពៃណីខ្មែរក្តី ក៏ប៉ុន្តែ គែនបានប្រសូត្រចេញពីមូលដ្ឋានគ្រឹះ វប្បធម៌គ្រឹះ របស់អម្បូរ មន-ខ្មែរ យ៉ាងប្រាកដ ដូចករណីគែន នៅខេត្តចម្ប៉ាសាក់ (ម្តុំអាត់តាពើ) រតនៈគិរី និងស្ទឹងត្រែង ជាភស្តុតាងជាក់ស្តែងស្រាប់ ៕ (ម.ត្រាណេ)
No comments:
Post a Comment