Saturday, September 17, 2011

សត្វ​អណ្តើក​ក្នុង​វប្បធម៌​ខ្មែរ

សត្វ​អណ្តើក​ក្នុង​វប្បធម៌​ខ្មែរ


​សម្រាប់​ប្រជាជន​នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ ជាទូទៅ​និង​ដោយឡែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា សត្វ​អណ្តើក​ដែលមាន​អាយុ​វែង​ជាងគេ ក្នុង​បណ្តា​សត្វ​ទាំងឡាយ គឺ​តំណាង​ឲ្យ​ភាព​យឺនយូរ​នៃ​ជីវិត ឬ​ភាព​អមតៈ ។ ហេតុ​ដូច្នេះហើយ ឋានៈ​របស់​សត្វ​អណ្តើក ក្នុង​ប្រព័ន្ធ​ជំនឿ​សាសនា​បែប​ជី​វច​ល​និយម ត្រូវបាន​គេ​ចាត់ទុកថា ជា​សត្វ​ដែលមាន​បុណ្យ​បារមី គួរ​ឲ្យ​ទុក​ជាទីគោរព​សក្ការៈ ។ លើសពីនេះ​ឋានៈ​នៃ​សត្វ​នេះ ក៏ត្រូវ​លើកតម្កើង​ស្មើនឹង​ព្រះអាទិទេព ។​
​ ​ម្យ៉ាងវិញទៀត ដោយសារតែ​សត្វ​នេះ​មាន​ជើង​បួន អាច​រស់នៅក្នុង​ទឹក​ក៏ដូចជា​នៅលើ​ក​គោក អណ្តើក​តំណាង​ឲ្យ​ផែនដី ឬ​ស្ថេរភាព​នៃ​ដែនដី ។ ខាងលើនេះ​គឺជា​ទស្សនៈ​សកល​ជុំវិញ​សត្វ​អណ្តើក ។​
​ ​ពិត​ដូច​ទើប​ពោល​ខាងលើ​មែន សម្រាប់​អ្នកស្រុក​ភូមិ​ខ្មែរ​មានជំនឿថា ការដែល​លែង​អណ្តើក​ក្នុង​ស្រះ បឹងបួរ ឬក៏​ទន្លេ មិន​គ្រាន់តែ​នាំមក​នូវ​បុណ្យ​កុសល ដោយ​ប្រែកាយ​ចិត្ត​ឲ្យ​បាន​ស្អាត​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ អាច​បន្ត​អាយុ​វែង​មួយកម្រិត​ទៀត ។ ចូរ​យើង​មើល​លក្ខណៈ​មួយទៀត នៃ​សត្វ​អណ្តើក តាមរយៈ​ឧទាហរណ៍​ជាក់ស្តែង​មួយចំនួន ។​

យ័នខ្មែរ ខេត្តបុរីរមយ សម្រាប់ធានានិរន្តភាពនៃផ្ទះសំបែង (ថត ២០០៣)
​ ​ភស្តុតាង​ខាង​បុរាណវិទ្យា នៅ​ទីក្រុង​អង្គរធំ សម័យ​វប្បធម៌​បាយ័ន ក៏បាន​បង្ហាញ​ឲ្យ​ដឹងថា មានការ​កប់​សត្វ​អណ្តើក ធ្វើ​អំពី​សំណ​នៅ​ទិស​ទាំង​បួន​ក្នុង​អតីតកាល ។ សត្វ​អណ្តើក​ដែល​គេ​កប់​ទាំង​បួន​ទិស​នោះ គឺជា​និមិត្តរូប​នៃ​ជ័យ​ចេស្តា ឬ​មហិទ្ធិឫទ្ធិ​របស់​សត្វ​អណ្តើក ក្នុងការ​ថែរក្សា​មូលនិធិ​សាសនា ឲ្យ​ស្ថិតស្ថេរ​ជា​និរន្ត ។ នេះ​ជា​ហេតុផល​ដែល​បាន​នាំ​ឲ្យ​ខ្មែរ​នា​សម័យបុរាណ យក​សត្វ​អណ្តើក​ទៅ​កប់​នៅ​គ្រប់​ទិស​ទាំង​បួន ។
​ ​មួយ​ផ្សេងទៀត នៅក្នុង​ការ​កូរ​សមុទ្រ​ទឹកដោះ សូម​ជម្រាប​ផងដែរ​ថា ការរកឃើញ​សត្វ​អណ្តើក​ទាំងនោះ នៅ​ទីក្រុង​អង្គរ គឺជា​ព្រឹត្តិការណ៍​មួយ​យ៉ាងសំខាន់ មានន័យថា ទឹកដី​ដែលមាន​វត្តមាន​របស់​សត្វ​អណ្តើក គឺ​ត្រូវ​ស្ថិតក្នុង​អំណាច​របស់​សត្វ​អច្ឆរិយៈ​ខាងលើនេះ ហើយនឹង​ត្រូវ​បានការ​ពារ​ជា​រៀងរហូត ។​
​ ​យោងតាម​របកគំហើញ​ខាង​បុរាណវិទ្យា​បាន​ឲ្យ​ដឹងថា អណ្តើក​ជាច្រើន​ធ្វើ​អំពី​ដី​ដុត ត្រូវបាន​គេ​ជួបប្រទះ​នៅ​ខេត្តសៀមរាប​និង​បុរីរម្យ ។ ចំពោះ​យើង ចំពោះ​សត្វ​អណ្តើក​សម័យអង្គរ​ទាំង​នោះ យើង​ត្រូវ​សម្លឹងមើល​ខាង​សម្ភារៈ​សង្គម ជាង​ខាង​សាសនា ។ ព្រោះថា មនុស្ស​បុរាណ​ខ្មែរ​ប្រើ​ភាជន៍ មាន​រាង​ជា​អណ្តើក​ទាំងនោះ សម្រាប់​ផ្ទុក​កំបោរ ឬ​ជា​តុក្កតា​សម្រាប់​ក្មេង​លែង​តែប៉ុណ្ណោះ ។ ជាងនេះទៅទៀត គេ​បាន​រកឃើញ​សន្លឹក​មាស​ស្តើងៗ ជាច្រើន​នៅ​ម្តុំ​អូរ​កែវ និង​នៅ​ទីក្រុង​អង្គរបុរី ដែល​គេ​បានដាក់​ក្នុង​បាត​ប្រាសាទ ក្នុងពេលដែល​គេ​ធ្វើ​ពិធី​បញ្ចុះ​បឋម​សីមា ។​
​ ​ដូចនេះ យើង​បាន​ស្គាល់​ន័យ ឬ​និមិត្តរូប​នៃ​សត្វ​អណ្តើក​តាមរយៈ​ពិធី​កម្ម​ខាងលើនេះ​យ៉ាង​ប្រាកដ ។ អ្វីដែល​ទើប​ពោល​កាន់​តែមាន​ច្បាស់លាស់​ថែមទៀត កាលបើ​យើង​ដឹងថា តាម​ស្រុកភូមិ​ខ្លះ​មាន​ជំនឿ​លើ​អ្នកតា​អណ្តើក ។​
​ ​នៅ​ទីបញ្ចប់​សូម​ជម្រាប​ផងដែរ​ថា ការនិយម​យ័ន្ត​អណ្តើក ដោយ​សហគមន៍​ខ្មែរ​នៅតាម​លំនៅដ្ឋាន គឺជា​សក្ខីកម្ម​បង្ហាញ​ឲ្យ​ដឹងថា ផ្នត់គំនិត​មិនបាន​ផ្លាស់ប្តូរ​ឡើយ ស្របតាម​ទស្សនៈ​ដែល​ធ្លាប់មាន ប្រមាណ​ជា​ពីរពាន់​ឆ្នាំ​មកហើយ ។
​ ​សរុបសេចក្តី​មក​គ្មាន​សត្វ​ណា​ដែលមាន​អាយុ​វែង និង​អាចបំពេញ​តួនាទី​ជា​ទម្រ​ផែនដី ជាង​សត្វ​អណ្តើក​នោះទេ ហើយ​រហូតដល់​សព្វថ្ងៃ​នេះ អ្វី​ដែលជា​បំណង​របស់​មនុស្សលោក ក៏​ពុំទាន់​មាន​អ្វី​មក​ផ្លាស់ប្តូរ​ទស្សនៈ​នេះ​នៅឡើយ ៕ (​ម​.​ត្រា​ណេ​)​

No comments:

Post a Comment