ជាទូទៅយើងប្រើទឹកខ្មេះសម្រាប់ត្រឹមតែការដាំស្លប៉ុណ្ណោះ ឯការប្រើប្រាស់ផ្សេងទៀតក្រៅពីការដាំស្ល ដូចជាពុំសូវមានឡើយ ។
តាមការពិតទៅទឹកខ្មេះអាចយកទៅប្រើការបានច្រើនយ៉ាងណាស់ ប៉ុន្តែទឹកខ្មេះដែលល្អបំផុតនោះគឺជាទឹកខ្មេះដែលផលិតដោយការកចេញមកពីមេមិនមែនជាទឹកខ្មេះផ្សំដោយរូបមន្ត គីមីណាមួយឡើយ ។ ហេតុនេះរាល់ពេលយើងជាវទឹកខ្មេះមកប្រើប្រាស់សូមជ្រើសរើសឲ្យបានហ្មត់ចត់ផង កុំចេះតែទិញមកប្រើពីព្រោះទឹកខ្មេះប្រភេទខ្លះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងបានបើសិនជាមិនបានប្រយ័ត្នទេនោះ ។
ខាងក្រោមនេះគឺជាប្រយោជន៍មួយចំនួនរបស់ទឹកខ្មេះដែលយើងគួរបានដឹងពីប្រយោជន៍របស់វា ក៏ដូចជាវិធីនៃការប្រើប្រាស់វាទៅតាមសេចក្ដីត្រូវការ :
1- យើងអាចលាយទឹកខ្មេះ ១ ផ្នែក ប្រេងឆា ៤ ផ្នែក សំរាប់ការស្រូបលើបន្លែសាលាដ (បន្លែចម្រុះគ្នា) រួមនិងការបន្ថែមគ្រឿងផ្សេងៗតាមរសជាតិដែលយើងចូលចិត្ត ។2- យើងអាចធ្វើក្រេម (Cream) ជូ ដោយលាយទឹកខ្មេះ ១ ផ្នែក ជាមួយប្រេងឆា ៣ ផ្នែក រួមជាមួយក្រេមមួយចំនួនវឹកវាឲ្យសព្វ នោះយើងនឹងបានក្រេមជូ ។
3- យើងអាចធ្វើឲ្យសាច់ផុយបានដោយគ្រាន់តែបន្ថែមទឹកខ្មេះមួយចំនួនតូច ចូលទៅក្នុងសាច់ណាស្វិតៗ រួចរំងាស់ដោយប្រើភ្លើងតិចៗ វាអាចជួយធ្វើឲ្យសាច់ផុយបាននិងមានរសជាតិល្អផង ។
4- នៅពេលយើងគោះពងទាចេញ ហើយមានបំណងឲ្យផ្នែកសស្ថិតនៅផ្ដុំគ្នា សូមបន្ថែមទឹកខ្មេះបន្តិចទៅក្នុងទឹកសិនមុនគោះពងទាដាក់ ។
5- ពេលរំងាស់ឆ្អឹងជំនីរ ឬរំងាស់ស៊ុប សូមបន្ថែមទឹកខ្មេះបន្តិចដើម្បីជួយឲ្យវាផុយទន់ឆ្ងាញ់ ។
6- យើងអាចលាយទឹកខ្មេះធ្វើពីអង្ករជាមួយទឹករួចប្រោះវាលើផ្លែឈើដើម្បីប្តូររសជាតិវាបន្តិច អាស្រ័យទៅតាមការចូលចិត្តរបស់យើង ។
7- បន្លែដែលស្លោកស្វិតរូបមិនសូវស្រស់ ឆាប់ទុំស្លឹក យើងអាចដោះស្រាយបញ្ហានេះបានដោយយកទឹកខ្មេះចំនួនមួយស្លាបព្រាបាយទៅលាយជាមួយទឹកត្រជាក់ចំនួន ៥ លីត្រ យកបន្លែដែលមានបញ្ហា ឬបន្លែដែលយើងចង់រក្សាទុកឲ្យបានយូរបន្តិចនោះមកជ្រលក់លើកៗឲ្យបានច្រើនដង នោះវានឹងអាចជួយដោះស្រាយបញ្ហានេះបាន ។
8- យើងអាចរក្សាពណ៌របស់បន្លែយើងឲ្យនៅពណ៌ស្រស់ស្អាតបានដោយគ្រាន់តែ យើងធ្វើការស្រុះឬចំហុយបន្លែដោយបន្ថែមទឹកខ្មេះចំនួនពីរស្លាបព្រា បាយចូលទៅក្នុងឆ្នាំងចំហុយ ឬឆ្នាំងស្ងោជាការស្រេច ។
9- នៅពេលយើងធ្វើ Pasta វាតែងតែស្អិតពិបាកក្នុងការធ្វើ សូមយកទឹកខ្មេះបន្តិចដាក់ទៅក្នុងទឹកដើម្បីបន្ថយការស្អិតជាប់គ្នារបស់វា ។
10- ទឹកជ្រលក់ណាមួយក៏ដោយបើសិនបានបន្ថែមទឹកខ្មេះចូលបន្តិចវានឹងជួយបង្កើនរសជាតិទឹកជ្រលក់នោះជាមិនខាន។
11- ជនជាតិអង់គ្លេសចូលចិត្តបរិភោគដំឡូងចៀនជ្រលក់ជាមួយទឹកខ្មេះជាការជំនួសឲ្យការជ្រលក់ជាមួយទឹកប៉េងប៉ោះ គេនិយាយថាវាមានរសជាតិឆ្ងាញ់ម្យ៉ាងម្នាក់ ។
12- នៅក្នុងចង្ក្រានបាយរបស់យើងមានពេលខ្លះវាមានក្លិនមិនល្អ ដូចជាក្លិនពីការដាំស្ល គ្រឿងទេសស្ល និងក្លិននៃការប្រើរបស់របរផ្សេងៗ ទាំងអស់នោះបូកផ្សំគ្នាអាចបង្កើតទៅជាក្លិនមួយមិនគួរឲ្យចូលចិត្តបាន ។ យើងអាចដោះស្រាយបញ្ហានេះដោយគ្រាន់តែដាក់ទឹកដាំក្នុងឆ្នាំមួយរួចចាក់ទឹកខ្មេះចំនួន 1/4 នៃពែង ឬកន្លះពែងចូលទៅក្នុងទឹកដាំដើម្បីកាត់បន្ថយក្លិននៅក្នុងទីចង្ក្រានបាយទាំងមូល ។
13- យើងអាចបំបាត់ក្លិនខ្ទឹមបារាំងនៅជាប់ដៃយើងឲ្យបាត់ភ្លាមៗបានដោយគ្រាន់តែជូតដៃជាមួយទឹកខ្មេះប៉ុណ្ណោះ ។
14- នៅក្នុងបន្ទប់ទឹករបស់យើងមានក្បាលរ៉ូប៊ីណេសំរាប់បើកបិទទឹកខ្លះធ្វើឡើងពីដែកអ៊ីណុក ឬ គ្រឿងអ្វីមួយដែលគេបានក្រូមេឲ្យភ្លឺរលោង ពពួករបស់ទាំងនេះ ទោះបីមិនមានច្រេះស៊ីក៏ពិតមែន ប៉ុន្តែវាមានកើតឡើងនូវស្នាមប្រឡាក់ស្នឹមឬក្រម៉ៗ យើងអាចដោះស្រាយបញ្ហនេះបានដោយគ្រាន់តែលាយអំបិលចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកខ្មេះសចំនួន ១ស្លាបព្រាកាហ្វេ ច្របល់ចូលគ្នាឲ្យសព្វរួចយកទៅជូតដុសខាត់ត្រង់ទីដែលមានបញ្ហានោះគឺជាការស្រេច ។
15- យើងធ្វើទឹកល្បាយម្យ៉ាងសម្រាប់ប្រើដុសលាងស្នាមប្រឡាក់ផ្សេងៗដោយយកម្សៅសូដា (មានលក់នៅផ្សារឡាក់គី) ចំនួន 1/4 ពែងលាយជាមួយសាប៊ូទឹកចំនួន 1 ស្លាបព្រាបាយ រួចលាយទឹកខ្មេះល្មមត្រឹមធ្វើល្បាយនេះផុកៗ អាចឲ្យយើងយកទៅប្រើការសំរាប់ដុសសំអាតបាន ។
16- នៅពេលបំពង់បង្ហូរទឹកចេញរបស់កន្លែងលាងចានយើងមានធំក្លិនអាក្រក់យើងចាក់ម្សៅសូដា (Baking Soda) ចំនួន ១ពែងចូលទៅក្នុងប្រហោងបង្ហូរទឹក បន្ទាប់មកចាក់ទឹកខ្មេះដែលបានកំដៅឲ្យក្តៅចំនួន ១ពែងដែរចូលទៅក្នុងនោះដែរ ទុកវាចោលរយៈពេលចំនួនប្រហែល ៥នាទី នោះក្លិនមិនល្អទាំងនោះនឹងលែងមានតទៅទៀត ។
17- នៅពេលមានភ្លៀង កំដៅក្នុងរថយន្តច្រើនមានសីតុណ្ហភាពខ្ពស់ជាងខាងក្រៅ ទាំងនេះគឺបណ្តាលមកពីដង្ហើមរបស់យើងគួបផ្សំជាមួយកំដៅភាយចេញពីក្នុងឡាន បានធ្វើឲ្យឡើងអ័ព្ទនៅលើកញ្ចក់ឡាន ប៉ុន្តែបើពេលកំពុងបើកបរវិញយើងត្រូវបើកម៉ាស៊ីនត្រជាក់ ដើម្បីកំចាត់របាំងអ័ព្ទនេះចោលចេញ ។ បើយើងមិនចង់ឲ្យមានអ័ព្ទនេះទេ យើងគួរមានដបបាញ់ទឹកមួយ ចាក់ទឹកខ្មេះបញ្ចូលតាមចិត្តចង់រួចបាញ់វាស្រាលៗទៅលើកញ្ចក់ខាងក្នុង នោះយើងនឹងមិនឃើញអ័ព្ទនោះទៀតឡើយ បើមានសំឡីប្រើសំរាប់ជូតក៏បានដែរ ។
18- គ្រឿងខ្ចៅខ្ចងដែលមានច្រេះពិបាកមួលបញ្ចូល ឬមួលចេញយើងអាចយកវាមកជ្រលក់ក្នុងទឹកខ្មេះ ឬយកទឹកខ្មេះបាញ់ដាក់កន្លែងដែលច្រេះ នឹងធ្វើឲ្យវាងាយស្រួលមួលដូចធម្មតាវិញបាន ។
19- គ្រឿងប្រើប្រាស់ខ្លះធ្វើពីស្បែកដូចជាស្បែកជើង កាតាប កាបូប និងកៅអីពូកឡាន ជាដើម ឬសូម្បីសាឡុងធ្វើពីស្បែក យើងអាចយកទឹកខ្មេះមួយចំនួនទៅកំដៅឲ្យក្តៅល្មមរួចយកមកជូតលើគ្រឿងស្បែកទាំងនេះ បន្ទាប់មកយកទឹកសាប៊ូមកជូតសំអាតជាក្រោយជាការស្រេច ។
20- នៅពេលលាងឡាន ឬម៉ូតូកុំភ្លេចបន្ថែមទឹកខ្មេះមួយស្លាបព្រាបាយចូលក្នុងទឹកលាងឡាននោះផងព្រោះវានឹងជួយធ្វើឲ្យម៉ូតូ, ឡានភ្លឺរលោងជាងការដែលមិនបានដាក់សោះ ។
21- នៅពេលយើងដាក់ត្រាំខោអាវចោល មិនទាន់បានបោក យកទឹកខ្មេះមួយពែងចាក់ចូលក្នុងទឹកក្នុងចានដែក ដាក់សាប៊ូលាយចូលបន្តិច ច្របល់ឲ្យសព្វទើបដាក់ខោអាវចូលត្រាំ ធ្វើរបៀបនេះជួយកុំឲ្យធំក្លិនអាក្រក់ និងធ្វើឲ្យក្អែលចេញពីខោអាវ មិនតែប៉ុណ្ណោះជួយឲ្យជ្រះបានប្រសើរជាងបោកតែសាប៊ូទទេ លាយទឹកម្សៅសាប៊ូជាមួយទឹកខ្មេះពេលបោកសំលៀកបំពាក់ ឬរបស់ប្រើផ្សេងៗទៀត ។
22- រាល់មួយសប្តាហ៍ម្តងគួរយកទឹកខ្មេះ ១ស្លាបព្រាបាយលាយទឹកសាប៊ូកក់សក់ ២ស្លាបព្រាបាយច្របល់ឲ្យសព្វយកមកកក់សក់ឲ្យកូនក្មេង ឬមនុស្សធំ ដើម្បីសម្លាប់ចៃ និងពងចៃទាំងអស់ចេញពីក្បាល បន្ទាប់ពីកក់ហើយយកកន្សែង ឬថង់រុំសក់ក្បាល ហ៊ុំក្បាលឲ្យជិតទុក ១៥នាទីសិន មុនលាងវាចេញ អាចប្រើបានដូចគ្នាសំរាប់ចៃឆ្កែលើឆ្កែ ។
No comments:
Post a Comment