Monday, October 10, 2011

សត្វ​អច្ឆរិយៈ​ក្នុង​ទេវ​កថា​វិទ្យា បែប​ព្រហ្ម​ណ៍​សាសនា នា​សម័យ​នគរ​ភ្នំ



២- សត្វ​គ្រុឌ​
​ ​ក្នុង​ជំនឿ​ខ្មែរ​បុរាណ ដែល​បានទទួល​នូវ​មរតក​វប្បធម៌​ឥណ្ឌា​សត្វ​គ្រុឌ គឺជា​ស្តេច​បក្សី​ប្រកបដោយ​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា​អស្ចារ្យ ។ ព្រោះថា សត្វ​នេះ​តំណាង​នូវ​អវកាស ឬ​ភាព​លំហ ឬ​ធាតុភ្លើង ផ្ទុយ​ពី​គូ​រប​ដិ​បក្ស​របស់ខ្លួន គឺ​សត្វ​នាគ​ដែល​តំណាង​ឲ្យ​ធាតុដី ឬ​ទឹក ប្រភព​នៃ​ភាព​ផូ​ផង់​ភាពត្រជាក់ត្រជុំ ។​
​ ​ការគោរព​បូជា​សត្វ​គ្រុឌ​ត្រូវបាន​ផ្តើមឡើង​តាំងតែ​សម័យ​នគរ​ភ្នំ​ម្ល៉េះ ដូច​វត្តមាន​របស់​ច​ម្លា​ក់​នៃ​ស្តេច​បក្សី​នេះ​នៅលើ​សន្លឹក​មាស​មួយចំនួន​ ដែល​គេ​បាន ជួបប្រទះ​នៅ​គោក​ប្រាសាទ (​ហ្គោ​ថាប​) នៅក្នុង​ខេត្ត​ដុង​ថាប ទឹកដី​កម្ពុជា​ក្រោម​ជា​ភស្តុតាង​ស្រាប់ ។

ចម្លាក់​លើ​ស្លឹក​មាស ដែនដី​កម្ពុជា​ក្រោម (​ឯកសារ ឡេ ធី​លៀង​) កាក់ និង ក្រឡ​មាន​ចម្លាក់​គ្រុឌ​ពីលើ អង្គរបុរី (​សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក​), ម​.​ត ១៩៩៧

​ ​ការ​លេចធ្លោ​ជា​ក្បាច់​លើ​សន្លឹក​មាស​បែបនេះ​បង្ហាញថា ចាប់​ចាប់តាំងពី​សតវត្ស​ទី​២ ដល់ទី​៥ គ្រុឌ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ជំនឿ​សាសនា ។ មនុស្ស​ខ្មែរ ចាប់តាំងពី​ពេលនោះ​មក បាន​បន្ត​ស្ថានភាព​នេះ​រហូតដល់​សព្វថ្ងៃ ដោយបាន​យក​សត្វ​គ្រុឌ​នេះ ដើម្បី​ធ្វើជា​គ្រឿង​លំអ​តុបតែង​សំណង់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ ក៏ដូចជា​វត្ត​អារាម​ដែរ ។
​ ​បើ​និយាយ​ម្យ៉ាងទៀត ការដែល​គេ​ជឿថា សត្វ​គ្រុឌ គឺជា​សត្វ​ដែលមាន​ឫទ្ធានុភាព​អំណាច​ខ្លាំងក្លា ជំនឿ​នេះ​បាន​ក្លាយជា​ទំនៀម​ទំលាប់​មួយ​ដែល​ប្រជាជន​ខ្មែរ​បាន​ប្រកាន់​យ៉ាង ​ខ្ជាប់ខ្ជួន​រហូតដល់​សព្វថ្ងៃ ។ ឧទាហរណ៍​ជាក់ស្តែង នៅលើ​កាក់​សំណ​មួយ​នៅទីនេះ គេ​ឃើញ​សត្វ​គ្រុឌ​ស្ថិតក្នុង​ឥរិយាបទ​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​វា​ហាក់់បីដូចជា​កំពុង​សម្តែង​ឫទ្ធី ។ (​ម្ខាង​តំណាង​សត្វ​គ្រុឌ ម្ខាង​ទៀត​សត្វ​ពស់​) ដែល​នៅក្រៅ​អំពី​ជំនឿ​បែប​ព្រហ្ម​ណ៍​និយម​ខាងលើ សត្វ​គ្រុឌ​នៅតែ​បំពេញ​តួនាទី​តុបតែង​លំអ​សំណង់​ស្ថាបត្យកម្ម​ខ្មែ​រហូតដល់​ សតវត្ស​ទី​២១​នេះ ។​

គំនូរ​គ្រុឌ នៅ​វិហារ​វត្ត​ខ្មែរ នា​ស​.​វ​ទី ២០​

​ ​ឆ្លងកាត់​ការសិក្សា​វិភាគ​លើ​វិស័យ​បដិមា​កម្ម នៅ​អង្គរបុរី យើង​ក៏បាន​ជួបប្រទះ​ចម្លាក់​សត្វ​គ្រុឌ​មួយចំនួន​ដែល​ឆ្លាក់​លើក​លា​ល​ភាជន៍ ព្រមទាំង​ជា​ចម្លាក់​លោត​ផងដែរ ។ យ៉ាងណាក៏ដោយ ចម្លាក់​ទាំងនោះ​មាន​អាយុ​តិចជាង​បុរាណវត្ថុ​ដែល​គេ​បាន​ជួប​នៅក្នុង​ដែនដី​ សណ្ត ឬ​នៅ​ជ្រលង​នៃ​ដង​ទន្លេ​ចៅ​ប្រាៈ​យ៉ា ជាពិសេស​នៅ​ទីក្រុង​សុផាន់​បុរី​ដែរ ដែលជា​ទីក្រុង​ចាស់​របស់​បុព្វបុរស​ខ្មែរ​នា​សម័យ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ ។​
​ ​សូម​រំលឹកថា ពាក្យ​គ្រុឌ​ក៏ដូចជា​ភាគ នាគ គឺជា​ពាក្យ​សំស្ក្រឹត ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​ពាក្យ​ខ្មែរ​ទៅហើយ ។ គឺ​គ្រុឌ​ខ្មែរ​នា​សម័យ​វប្បធម៌​បុ​រេ​អង្គរ​នៃ​ចក្រភព​ភ្នំ​នេះហើយ ដែល​បាន​ឲ្យ​កំណើត​គ្រុឌ​ថៃ នា​សម័យ​វប្បធម៌​សុខោទ័យ អយុធ្យា និង រតនៈ​គូ​សិ​ន្ទ្រ​៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment