Friday, October 28, 2011

លក្ខណ៍​របស់​បុរស​ស្ត្រី​ខ្មែរ

តាម​តម្រា​បុរាណ​បានសរសេរថា បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​២៦​ប្រការ ហៅ​ថា​បុរស​គ្រប់លក្ខណ៍​គឺ​៖

១-​ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការងារ រៀនសូត្រ​មិន​ប្រកាន់​ខ្លួន​
២-​មិន​ចេះ​លួច​ប្លន់​កេងកិប​ឆរ​បោក​
៣-​មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ​
៤-​មិន​រំភើប​ញាប់​ញ័រ​ភ័យ​ផ្តេសផ្តាស​
៥-​មិន​និយាយ​កុហក​ភូតភរ​ឱ្យ​លើស​ពី​ការពិត​
៦-​មិន​និយាយ​ត្រាប់​ឱ្យគេ​អៀនខ្មាស​
៧-​បាន​ឮ​ដំណឹង​អ្វី​ហើយ វិនិច្ឆ័យ​សិន​ទើប​ជឿ​ជា​ក្រោយ​
៨-​ធ្វើ​ការងារ​មិន​រួសរាន់​ពេក​
៩-​មិន​ចេះ​និយាយ​បំផ្លើស​សើច​លេង​
១០-​ចេះ​ទទួល​ភ្ញៀវពន្លឺ​មិន​រើសមុខ​
១១-​មាន​ថ្នាំកែរោគ​បម្រុង​មិន​ខ្វះ​ក្នុងពេល​ត្រូវការ​
១២-​មិន​ប្រាប់​ការណ៍​សម្ងាត់​ដល់​អ្នកដទៃ​
១៣-​មិន​ផ្ញើ​របស់​ទុក​នឹង​បុគ្គល​មិនគួរ​ផ្ញើ​
១៤-​មានចិត្ត​អត់ធន់​តស៊ូ​មិន​រួញរា​ចំពោះ​កិច្ចការ​
១៥-​មាន​ស្វាមីភក្តិ​ចំពោះ​ចៅហ្វាយ​
១៦-​មិនចេះ​ឡិកឡក់​ចំពោះ​ស្រី​ក្រមុំ​
១៧-​ស្គាល់​ចំណេញ​ស្គាល់​ខាត​
១៨-​រក​ប្រដាប់​តុបតែង​ខ្លួន​ឱ្យ​ភរិយា​បុត្រធិ​តា​និង​ខ្លួនឯង​
១៩-​មិន​ទិញជឿ​នូវ​របស់​ប្រើប្រាស់​គ្រប់យ៉ាង​
២០-​ដឹងគុណ​តបគុណ សរសើរគុណ​នៃ​អ្នកមានគុណ​
២១-​គោរព​តាម​ឱវាទ​មាតា បិតា ញាតិមិត្ត និង​អ្នកប្រាជ្ញ​
២២-​ចេះ​អត់ទ្រាំ​ស្តាប់​នូវ​ពាក្យ​ដែល​ស្តីបន្ទោស​ប្រដៅ​
២៣-​មាន​កាយវាចា​សមរម្យ​មិន​ឆ្គង​
២៤-​ឱ្យដំណឹង​មនុស្ស​ក្នុងផ្ទះ​ហើយ​សឹម​ចេញទៅ​
២៥-​ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច​
២៦-​ខឹង​ឆាប់​បាត់ មិន​ចងកំហឹង​ទុក

​ស្ត្រី​ដែល​ប្រកប​លក្ខណៈ​៣១​ប្រការ ហៅ​ថា​ស្ត្រី​គ្រប់លក្ខណ៍​គឺ​៖

១-​មិនចេះ​អេចអូច​និយាយដើម​គេ​
២-​ចេះ​គួរសម​ទទួល​មាតា បិតា និង​ស្វាមី​
៣-​ដឹងគុណ តប​គុណមាតា បិតា ញាតិសណ្តាន​ទាំងពីរ​ខាង​
៤-​មិនចេះ​ដេក​ថ្ងៃ
៥-​មិន​វង្វេង​ភ្លេចមុខភ្លេចក្រោយ​
៦-​ចេះ​ថែទាំ​របស់ទ្រព្យ​
៧-​មិន​ផិតក្បត់​ស្វាមី​
៨-​មិនចេះ​ប្រច័ណ្ឌ​ស្វាមី​
៩-​គ្មាន​កល​មាយា​
១០-​មិន​រំសាយសក់​ឱ្យ​គេ​ឃើញ​
១១-​មានចិត្ត​អត់ធន់​ធ្ងន់ធ្ងរ​
១២-​មាន​ជើង​ស្រាល​មិន​ទន្ទ្រាំ​ក្ឌុងក្ឌាំង​
១៣-​មិន​ឈរ ឬ​អង្គុយ​សម្ញែង​កាយ​ឱ្យគេ​ឃើញ​
១៤-​មិន​ដើរ​ញ៉ឹក​ញ៉ក់​កាច់រាង​
១៥-​ចេះ​សង្រួម​ភ្នែក មិន​ក្រឡេករ​លឹម​រលាម​
១៦-​មានដំណើរ​ល្អ មិន​គ្រលែង​កាយ ជំ​ទយគូទ​
១៧-​មិន​បង់បោយ​ញាក់ស្មា គ្រលែង​ដើមដៃ​
១៨-​មាន​សំឡេង​តិច​ច្បាស់លាស់​
១៩-​មិនចេះ​ឡេះឡោះ​លេងសើច​
២០-​មិន​និយាយ​ផ្តោះផ្តង​ចំពោះ​បុរស​
២១-​មិន​ទម្រន់​ធ្វើការ​ណា ធ្វើ​ទាល់តែ​ហើយ​ការ​នោះ​
២២-​ទៅណា​ឆាប់​ត្រឡប់មកវិញ​
២៣-​ចេះ​ទុកដាក់​អីវ៉ាន់​ក្នុងពេល​គួរ​ទុក​
២៤-​ចេះ​រៀបចំ​ផ្ទះសម្បែង​
២៥-​ចេះ​តុបតែង​គ្រឿងឧបភោគ​-​បរិភោគ​
២៦-​ខ្លាចចិត្ត​ស្វាមី មាតា បិតា ហើយ​គោរព​តាម​ឱវាទ​
២៧-​បរិភោគ​ចំណីអាហារ​ក្រោយ​មាតា បិតា និង​ស្វាមី​
២៨-​ឈប់​បរិភោគ​មុន​មាតា បិតា និង​ស្វាមី​
២៩-​ដេក​លក់​ក្រោយ​ស្វាមី​
៣០-​ភ្ញាក់​មុន​ស្វាមី​
៣១-​មាន​មេត្តាករុណា​ចេះ​ធ្វើ​បុណ្យទាន​

​លក្ខណៈ​បុរស​-​ស្ត្រី​គ្រប់លក្ខណ៍​តាម​តម្រា​បុរាណ​ដូច​បាន​ជម្រាបជូន​ ខាងលើ​នេះ បើ​តាម​សម័យ​បច្ចុប្បន្ន​ឃើញថា មាន​លក្ខណៈ​ខ្លះ​ហួស​សម័យ​ទៅហើយ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏ដោយ បើ​បុរស​-​ស្ត្រី​ណា​ប្រកប​ដោយ​លក្ខណៈ​ដូច បាន​បរិយាយ​ជា​គោលៗ​មកនេះ បុរស​-​ស្ត្រី​នោះ គួរ​រាប់​ថា​ជា​មនុស្ស​គ្រប់លក្ខណ៍​ដោយ​បរិបូណ៌​៕

No comments:

Post a Comment