ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហា
សុមេធាធិបតី ជួន ណាត
ព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
សុមេធាធិបតី ជួន ណាត
ព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
រៀបរៀងដោយព្រះមុនីកោសល សូរ ហាយ តាមឯកសារខ្លះរបស់ព្រះឃោសធម្ម ប៉ុណ្យ សុម្ភោជ និងលោកទ្រិញ វ៉ាញ ១៩៧០ (ចម្លងចេញពីទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) លេខពិសេស ខែធ្នូ ឆ្នាំ១៩៩៨ និងលេខពិសេស ខែមករា កុម្ភៈ មីនា ឆ្នាំ១៩៩៩។
ខ្ញុំព្រះករុណាអាត្មាភាព ជាសមាជិកនៃ គណៈកម្មការឃោសនា ដោយមានលោកទ្រិញ វ៉ាញ ជាប្រធាននៃគណៈកម្មការ អស់លោកជាសមាជិកគណៈកម្មការទាំងអស់មានលោក លាង ហាប់អាន ជាដើម បានផ្ទុកផ្ដាក់នូវការស្រាវជ្រាវរៀបរៀងព្រះរាជជីវប្រវត្តិ នៃសម្ដេចព្រះសង្ឃរាជមកលើខ្ញុំព្រះករុណាអាត្មាភាព ដូចមានលិខិតលេខ ៨៤៤ ព.ប ចុះថ្ងៃ ទី៧ ខែតុលា ឆ្នាំ១៩៦៩ ជាលិខិតលោក លាង ហាប់អាន នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលតម្រូវមកលើខ្លួនខ្ញុំព្រះករុណាអត្មាភាពឲ្យស្រាវជ្រាវ រៀបរៀងព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់។
ខ្ញុំព្រះករុណាអត្មាភាព សូមទទួលការនេះដោយគោរព តាមសមានឆន្ទៈនៃគណៈកម្មការ។ ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជនេះ ខ្ញុំព្រះករុណាអត្មាភាពសូមចែកជាបរិច្ឆេទ១២ ដើម្បីឲ្យងាយមើលចំណាំក្នុងបរិច្ឆេទមួយៗ តាមរយៈកាលនៃព្រះជីវភាព ព្រះវីរយភាព និងព្រះករណីយកិច្ចនៃ សម្ដេចព្រះសង្ឃរាជ ព្រមទាំងឲ្យងាយស្រួលក្នុងការរៀបរៀងវែកញែកសេចក្ដី ដូចតទៅនេះ៖
បរិច្ឆេទ១២យ៉ាង
១. ជាតិបរិច្ឆេទ៖ កំណត់អំពីជាតិ
២. កុមារបរិច្ឆេទ៖ កំណត់អំពីភាពនៅជាកុមារ
៣. បព្វជ្ជាបរិច្ឆេទ៖ កំណត់អំពីបព្វជ្ជា
៤. ឧបសម្បទានបរិច្ឆេទ៖ កំណត់អំពីឧបសម្បទា
៥. បរិយត្តិបរិច្ឆេទ៖ កំណត់អំពីការសិក្សា
៦. បេសកកម្មបរិច្ឆេទ៖ កំណត់អំពីការទទួលបម្រើកិច្ចការ
៧. ឋានន្តរបរិច្ឆេទ៖ កំណត់អំពីឋានន្តរ
៨. សមណសក្តិបរិច្ឆេទ៖ កំណត់អំពីសមណសក្តិ
៩. ឥស្សរិយបរិច្ឆេទ៖ កំណត់អំពីឥស្សរិយយស
១០. ពុទ្ធវុឌ្ឍិបរិច្ឆេទ៖ កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា
១១. ចរិតលក្ខណៈបរិច្ឆេទ៖ កំណត់អំពីលក្ខណៈនៃ ជីវិតប្រក្រតី
១២. ជីវិតាវសានបរិច្ឆេទ៖ កំណត់អំពីទីបំផុតនៃ ព្រះជន្មាយុ
២. កុមារបរិច្ឆេទ៖ កំណត់អំពីភាពនៅជាកុមារ
៣. បព្វជ្ជាបរិច្ឆេទ៖ កំណត់អំពីបព្វជ្ជា
៤. ឧបសម្បទានបរិច្ឆេទ៖ កំណត់អំពីឧបសម្បទា
៥. បរិយត្តិបរិច្ឆេទ៖ កំណត់អំពីការសិក្សា
៦. បេសកកម្មបរិច្ឆេទ៖ កំណត់អំពីការទទួលបម្រើកិច្ចការ
៧. ឋានន្តរបរិច្ឆេទ៖ កំណត់អំពីឋានន្តរ
៨. សមណសក្តិបរិច្ឆេទ៖ កំណត់អំពីសមណសក្តិ
៩. ឥស្សរិយបរិច្ឆេទ៖ កំណត់អំពីឥស្សរិយយស
១០. ពុទ្ធវុឌ្ឍិបរិច្ឆេទ៖ កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា
១១. ចរិតលក្ខណៈបរិច្ឆេទ៖ កំណត់អំពីលក្ខណៈនៃ ជីវិតប្រក្រតី
១២. ជីវិតាវសានបរិច្ឆេទ៖ កំណត់អំពីទីបំផុតនៃ ព្រះជន្មាយុ
អធិប្បាយចំពោះបរិច្ឆេទមួយៗ
១. ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
២. កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ)
សម្ដេចកាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្ររបស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
៣. បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា)
លុះសម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។
៤. ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា)
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូមឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ម មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។
៥. បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា)
សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។
សម្ដេចព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។
សម្ដេចទ្រង់ទទួលការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែណទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។
សម្ដេចទ្រង់ចេះដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផលជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។ ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។
ក្នុងសម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស.១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលីបានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។
នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។
ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។
ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។
៦. បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ)
ព.ស.២៤៦៣ គ.ស.១៩១៩ សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការ កាន់កិច្ចការផ្ទាល់ លុះត្រាបានចប់ចុងចប់ដើម។
ព.ស.២៤៦៩ គ.ស.១៩២៥ សម្ដេចបានធ្វើជាសមាជិក នៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានា ដែលសាលាបាលីជាន់ខ្ពស់ បោះពុម្ពផ្សាយ។
ព.ស.២៤៧០ គ.ស.១៩២៦ តមកជាច្រើនឆ្នាំ សម្ដេចបានទទួលការតែងតាំងជាមេប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់ បារាំង-ខ្មែរ នៅក្រុងភ្នំពេញ។
ព.ស.២៤៧១ គ.ស.១៩២៧ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិក នៃក្រុមជំនុំផ្ទៀងសម្រេចខាងវចនានុក្រមខ្មែរ ហើយសម្ដេចទ្រង់បានទទួលភារៈធ្វើវចនានុក្រម តែមួយព្រះអង្គឯង ដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ១ភាគ២ បាន៥គ្រាហើយ។
ក្នុងឆ្នាំដដែលនេះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំ សម្រាប់បណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ព.ស.២៤៧៤ គ.ស.១៩៣០ សម្ដេចទ្រង់បានទទួលការតែងតាំង ក្នុងមុខងារជាចាងហ្វាងរង នៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ។
ក្នុងឆ្នាំដដែលនោះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកជំនួយនៃ ក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
ព.ស.២៤៧៦ គ.ស.១៩៣២ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃ នៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះ ទៅក្នុងវចនានុក្រមខ្មែរ។
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានទទួល ការតែងតាំងជាសមាជិក នៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ។
ព.ស.២៤៧៨ គ.ស.១៩៣៤ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ។
ព.ស.២៤៧៩ គ.ស.១៩៣៥ សម្ដេចទ្រង់បានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។
៧. ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
- ព.ស.២៤៨៦ គ.ស.១៩៤២ សម្ដេចទ្រង់បានទទួលឋានន្តរ ជាចាងហ្វាងនៃ សាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ដែលសព្វថ្ងៃកែប្រែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
- ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចទ្រង់បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម។
- ព.ស.២៤៨៩ គ.ស.១៩៤៥ សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ។
- ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ ក នៃ គណៈកម្មការជាតិខាងការសិក្សា។
- ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ។
- គ.ស.១៩៦១ រហូតមក សម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរធ្វើជាព្រះប្រធាននៃ ការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រ។
- គ.ស.១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។
- គ.ស.១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
- នៅព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភួនៃមន្ត្រីសង្ឃ ទៅកាន់ក្រុងវៀងច័ន្ទន៍ និងក្រុងហ្លួងព្រះបាង ប្រទេសលាវ ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យប្រទេសលាវផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសលាវផង។
- ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានដឹកនាំ គណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន កម្ពុជាក្រោម។
- នៅព.ស.២៤៨៣ គ.ស.១៩៣៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសលាវម្ដងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការ នៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវឲ្យមានការសិក្សាព្រះបរិយត្តធម៌ និងការប្រតិបត្តិព្រះពុទ្ធសាសនា ឲ្យស្របគ្នាតាមរបៀបការសិក្សា និងការប្រតិបត្តិព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា ទាំងប្រជាជាតិនៅក្នុងទីប្រជុំជន និងក្នុងខេត្តនានា នៃព្រះរាជាណាចក្រលាវ ខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឲ្យបានត្រឹមត្រង់គន្លងព្រះពុទ្ធសាសនាផង។
- ព.ស.២៤៨៧ គ.ស.១៩៤៣ សម្ដេចទ្រង់បានទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហើយនៅព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបមក។
- ព.ស.២៤៩៤ គ.ស.១៩៥០ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនៅប្រជុំសន្និសីទដើម្បីបង្កើតពុទ្ធិកសមាគមពិភពលោកនៅក្រុងកោលម្បូ ប្រទេសស្រីលង្កាទ្វីប។
- នៅព.ស.២៤៩៧ គ.ស.១៩៥៣ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងឆដ្ឋសង្គាយនា នៅក្រុងរង្គូន សហភាពភូមា។
- ក្នុងឆ្នាំជាបន្ទាប់នៅព.ស.២៤៩៨ គ.ស.១៩៥៤ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនិមន្តនៅកាន់ក្រុងរង្គូន ប្រទេសភូមាម្ដងទៀត ដើម្បីរួបរួមក្នុងការប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង។
- កន្លងមួយឆ្នាំក្រោយមក ព.ស.២៤៩៩ គ.ស.១៩៥៥ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីឆដ្ឋសង្គាយ នៅក្រុងរង្គូន ប្រទេសភូមា ជាលើកទីបីដើម្បីប្រជុំ ហើយបិទសម័យប្រជុំប្រចាំឆ្នាំ។
- នៅព.ស.២៥០៣ គ.ស.១៩៥៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងជកត៌ា និងក្រុងសឹម៉ារ៉ាំង កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា។
- ព.ស.២៥០៣ ចូលរួមពិធីបញ្ចុះខណ្ឌសីមា និងពិធីសន្មតរោងឧបោសថ ព្រមទាំងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រ អ្នកប្រទេសនោះចំនួនបីរូបផង។
៨. សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
ដោយព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖
- ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។
- ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម និល ទៀង)។
- ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។
- ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។
- ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។
- ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
- ព.ស.២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជាសម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។
- លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមាបានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។
- ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។
- ខែកុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង។
- ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។
- ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
៩. ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
- - មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
- - មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
- - មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
- - មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
- - មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
- - មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
- - មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
- - មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
- - មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
- មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥១៣ គ.ស.១៩៦៩។
១០. ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា)
កិច្ចការឯទៀតរបស់សម្ដេច ក្រៅពីមុខការខាងសិក្សាដែលសុទ្ធតែជាការមានប្រយោជន៍ជាសាធារណៈក្នុងព្រះពុទ្ធសាសនា និងប្រទេសជាតិនោះ នៅមានច្រើនទៅទៀត និយាយដោយសង្ខេបគឺចាប់តាំងពីឆ្នាំឆ្លូវសប្តស័ក ព.ស.២៤៧០ គ.ស.១៩២៤ រៀងមក សម្ដេចបានធ្វើការឧបត្ថម្ភវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) ក្នុងសង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាទីជាតិភូមិរបស់សម្ដេច ដូចមានសេនាសនភ័ណ្ឌតទៅនេះ៖
១. សម្ដេចបានជាវដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តឲ្យធំទូលាយច្រើនជាងពីដើម។២. បានជួយឧបត្ថម្ភលើកថ្នល់ ភ្ជាប់ពីថ្នល់ជាតិចូលមកវត្តសុរភី និងពោធិព្រឹក្ស រួមចម្ងាយ៣គឺឡូម៉ែត្រ។៣. បានស្ថាបនាវិហារបេតុងអារម៉េ សាលាបាលីរង (ពុទ្ធិកបឋមសិក្សា) រៀបចំទីវត្តពោធិព្រឹក្សទាំងមូល ឲ្យមានទេសភាពសមរម្យតាមសម័យនិយម។៤. បានស្ថាបនាស្ពានធំមួយ និងស្ពានតូចមួយសុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូចរាំងព្រំប្រទល់ សង្កាត់រលាំងកែន និងសង្កាត់រកាកោះ។៥. បានឧបត្ថម្ភក្នុងការស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា សុរភីពោធិព្រឹក្ស៣ខ្នង តាំងពីគ.ស.១៩៤៨ រៀងរហូតដល់សាលានេះឡើងដល់ថ្នាក់ឧត្ដមដ្ឋាន សម្រាប់កូនចៅអ្នកស្រុកជើងវត្តសុរភី និងវត្តពោធិព្រឹក្ស។៦. បានឧបត្ថម្ភឲ្យគេធ្វើថ្នល់លំមួយ ចាក់ក្រួសបាយក្រៀម ប្រើការបានដោយស្រួល។៧. បានជាវទីដី៣ហិកតាកន្លះទុកដាក់ជាសាសនសម្បត្តិរៀងទៅ។៨. បានស្ថាបនាខ្លោងទ្វាររបងអារម៉េមួយ។៩. បានស្ថាបនា អាវសថសាលា (សាលាសំណាក់) ១ខ្នង។១០. បានចាត់ការឲ្យជីកស្រះមួយទំហំ១០០ម៉ែត្របួនជ្រុង នៅត្រង់ទីថ្នល់បែកចេញពីថ្នល់ជាតិក្នុងសង្កាត់រកាកោះ។១១. បានជួយឧបត្ដម្ភជីកអណ្ដូងបុកប្រើស្នប់៣កន្លែង។១២. បានស្ថាបនាគិលានដ្ឋានមួយខ្នង ប្រសូតិគ្រឹះ (មន្ទីរសម្ភព) មួយខ្នង ដោយបេតុងអារម៉េ។១៣. បានធ្វើកំពែងបេតុងអារម៉េ បណ្ដោយ១០០ម៉ែត្រ ទទឹង៥២ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរពេទ្យទាំងពីរខ្នងនេះ។១៤. បានស្ថាបនាអគារគព្ភិនីសំណាក់ក្នុងកំពែងនោះដែរ។១៥. បានស្ថាបនាអគារបេតុងអារម៉េ២ខ្នង ក្រៅកំពែងនោះសម្រាប់គិលានសមណៈ។១៦. បានចាត់ការឲ្យលើកទំនប់ទឹក១កន្លែងបណ្ដោយ៩០០ម៉ែត្រ ទទឹង៨០០ម៉ែត្រ(ដោយសម្ដេចព្រះនរោត្ដម សីហនុ ឧបយុវរាជព្រះប្រមុខរដ្ឋ ទ្រង់សព្វព្រះទ័យបានប្រោសប្រទានព្រះរាជានុញ្ញាតឲ្យលើកទំនប់ទឹកនោះ)។១៧. បានឧបត្ថម្ភឲ្យវេយ្យាវច្ចករដាំដំណាំលើទីដីខាងលើនេះ ជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតិគ្រឹះរបស់សម្ដេចទៅក្នុងអនាគតកាល (ស្ថាបនកម្មទាំងនេះនៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ)។១៨. បានលះបង់ទីដីមួយកន្លែង ដែលសម្ដេចបានជាវហើយនោះជូនព្រះរាជរដ្ឋាភិបាលឲ្យស្ថាបនាអគារមណ្ឌលនីតិកម្ម (ប៉ុស្តិប៉ូលីស) និងមន្ទីររាជសហករណ៍។ល។១៩. បានផ្ដើមគំនិតធ្វើសមាគមកសាងមន្ទីរពេទ្យព្រះសង្ឃ ក្រុងភ្នំពេញ។២០. បានកសាងវិហារវត្តឧណ្ណាលោម ដែលជាវិហារធំបំផុតជាងវិហារទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានបីជាន់ ក្នុងព.ស.២៤៩៩ គ.ស.១៩៥៦។២១. បានផ្ដើមកសាងព្រះសក្យមុនីចេតិយនៅខាងកើតស្ថានីយ៍រាជាយស្ម័យយាន។២២. បានទំនុកបម្រុង ព្រមទាំងចាត់ចែងសមណនិស្សិតបញ្ជូនឲ្យទៅរៀនឯបរទេស មានប្រទេសឥណ្ឌា ភូមាជាដើម។២៣. បានបង្កើតការសិក្សាធម្មវិន័យ ដើម្បីសិក្ខាកាមកុលបុត្រទូទៅពេញប្រទេសកម្ពុជា។២៤. បានបង្កើតការអប់រំយុវជនដោយសីលធម៌ដែលនៅក្នុងវត្តឧណ្ណាលោម ឬវត្តឯទៀតៗ ដែលមានយុវជននៅវត្តជាច្រើននាក់។២៥. បានផ្ដើមកសាងឈាបនដ្ឋាន (ទីបូជាសព) ក្នុងវត្តឧណ្ណាលោម ដែលមានលោកអ្នកឧកញ៉ាតេជះ តាន់ ម៉ៅ ជាអ្នកចេញប្រាក់កសាងឲ្យកើតមានក្នុងប្រទេសកម្ពុជាមុនដំបូងបង្អស់ គ.ស.១៩៥៣។២៦. បានផ្ដើមសង់ឧបដ្ឋានសាលាសម្រាប់មន្ត្រីសង្ឃ ដែលនិមន្តមកក្នុងឱកាសអនុសំវច្ឆរមហាសន្និបាត ដើម្បីប្រជុំទទួលភត្តាហារ និងសម្រាប់ភ្ជុំបិណ្ឌដែលគហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញប្រាក់កសាង។២៧. បានបង្កើតឲ្យមានការហាត់រៀនប្រឡងសូត្របាតិមោក្ខបាលី។២៨. បានរៀបចំតាំងគណៈកម្មការសង្ឃ និងគណៈកម្មការគ្រហស្ថតាមផ្លូវការគ្រប់វត្តទាំងអស់ ដើម្បីរៀបចំទីវត្តឲ្យស្អាត ទាំងមានរបៀបរៀបរយ តាំងពីឆ្នាំ១៩៥៥ដរាបមក។
ស្នាព្រះហស្តខាងអក្សរសាស្ត្រនៃសម្ដេច
ព្រះសង្ឃរាជបានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់គឺ៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង(ពុទ្ធសាសនបណ្ឌិត្យ)។៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។៩. បព្វជ្ជាខន្ធកៈពិស្ដារ។១០. ចីវរក្ខន្ធៈពិស្ដារ។១១. អត្ថបទផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។១២. បានពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែកមធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។
ព្រះគុណសម្បត្តិនៃសម្ដេចព្រះសង្ឃរាជ
ព្រះគុណសម្បត្តិនៃសម្ដេចជាអម្ចាស់មានច្រើនយ៉ាងណាស់ ប៉ុន្តែយើងខ្ញុំបានពិចារណាដោយហ្មត់ចត់ ហើយសរសេររួបរួមប្រមូលយកចំពោះតែគោលធំៗ ដោយសង្ខេបមានប្រាំយ៉ាង ដូចសេចក្ដីរៀបរៀងវែកញែកតទៅនេះ៖
១. វីរិយភាពក្នុងការសិក្សា
២. បដិភាណប្បញ្ញា “ ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “ បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “ សកម្មភាពដ៏ប្រសើរ”
២. បដិភាណប្បញ្ញា “ ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “ បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “ សកម្មភាពដ៏ប្រសើរ”
អធិប្បាយពង្រីកសេចក្ដីចំពោះគុណសម្បត្តិនីមួយៗ
១. វីរិយភាព នៃសម្ដេចជាអម្ចាស់ ដែលមនុស្សចាស់ទុំធ្លាប់បានសង្កេតតាំងពីសម្ដេចមានព្រះជន្មនៅក្មេង គឺតាំងពីនៅជាសាមណេរដរាបមករហូតដល់សម្ដេចមានព្រះជន្មជ្រុលចូលមកបច្ឆិមវ័យហើយ ក៏នៅតែព្យាយាមឥតមានបន្ធូរបន្ថយបញ្ឈប់សេចក្ដីព្យាយាមនោះឡើយ សូម្បីព្រះអង្គមានសមណៈស័ក្តិដ៏ខ្ពស់បំផុតទីជាសម្ដេចព្រះសង្ឃរាជហើយក៏ដោយ។ វីរិយភាព នេះប្រែថា សេចក្ដីព្យាយាម ឬថាប្រឹងប្រែង រាប់ថាជាបារមីមួយរបស់ព្រះពោធិសត្វដែលយើងធ្លាប់ចេះដឹងមកហើយ ហៅថា វីរយៈបារមី។
បណ្ដាកិច្ចការគ្រប់យ៉ាង រមែងប្រកបដោយឧបសគ្គ គឺធម៌ជាគរឿងរារាំងបើមិនច្រើនក៏តិច តែថាបើសេចក្ដីព្យាយាម មានកម្លាំងក្លៀវក្លា ក៏អាចពុះពារចំពោះឧបសគ្គនោះបានដោយពិតសម្ដេចព្រះសង្ឃរាជទ្រង់មានវីរយៈធម៌ដ៏រឹងប៉ឹងជាទីបំផុត បានជាព្រះអង្គចេះតែមានជ័យជម្នះសង្កត់ទៅលើឧបសគ្គគ្រប់យ៉ាងបានជាដរាប ទោះបីព្រះអង្គហត់នឿយណាស់ ប៉ុន្តែព្រះអង្គមិនសូវចេះត្អូញត្អែរឡើយ។ ករណីកិច្ចណាមួយដែលគេត្រូវធ្វើដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្តក្ដី អាចសម្រេចទៅបានដោយកម្លាំង នៃសេចក្ដីព្យាយាមទាំងអស់។ ឥរិយាបទទាំង៤ គឺការដើរ ឈរ អង្គុយ ដេក ដែលនាំឲ្យសម្រេចប្រយោជន៍ទៅបាន ដ៏ដោយគុណានុភាពនៃសេចក្ដីព្យាយាមដែរ។
សម្ដេចព្រះសង្ឃរាជ ព្រះអង្គមានវីរិយបារមីដ៏បរិបូណ៌ណាស់ សូម្បីសម្ដេចដែលមានព្រះជន្ម៨៦ឆ្នាំហើយ ក៏នៅបំពេញកិច្ចការរបស់ព្រះអង្គឥតមានបន្ធូរបន្ថយព្រះកាយពលឡើយ។ ដូចយ៉ាងព្រះអង្គចាប់ធ្វើវចនានុក្រមខ្មែរ ទ្រង់ឥតមានសំចៃកម្លាំង និងពេលវេលាទេ។ សម្ដេចយកពេលយប់ធ្វើជាថ្ងៃ យកពេលថ្ងៃធ្វើជាយប់ ខំប្រឹងសរសេររៀបរៀង តាំងពីព្រលប់រហូតដល់ភ្លឺក៏មាន លុះទ្រង់សោយយាគូរួច ចាប់សរសេរតទៅទៀត ទាល់តែដល់ពេលម៉ោង១១ក៏មាន។ ក្នុងរយៈវេលាយប់មួយ សម្ដេចទ្រង់បានផ្ទុំក្នុងរវាង៤ ឬ៥ម៉ោងប៉ុណ្ណោះ។ ការប្រព្រឹត្តដោយសេចក្ដីព្យាយាម នៃសម្ដេចព្រះសង្ឃរាជនេះជាការកម្រមនុស្សធ្វើបានណាស់។
២. បដិភាណប្បញ្ញា “ បញ្ញាវាងវៃ” ប្រាជ្ញាសំដៅយកការចេះដឹងយល់ទូទៅ ឬការយល់ច្បាស់លាស់ចំពោះហេតុការណ៍ផ្សេងៗតាមធម្មតា។ ដែលលោកហៅថា “ បដិភាណប្បញ្ញា” នោះ សំដៅយកប្រាជ្ញាដែលកើតឡើងភ្លាមៗ ហើយអាចឆ្លើយតបវិញបានភ្លាម មិនបាច់គិតគូរអស់វេលាយូរទេ។ ប្រាជ្ញារបស់សម្ដេចកើតឡើងរហ័សក្នុងពេលដែលគេចោទសួរ ឬនិយាយឲ្យឮភ្លាមក៏អាចដឹងទាន់ចាប់ភ្លឹកនឹកឃើញ ឆ្លើយវិញបានភ្លាម ហាក់ដូចជាបានគូសដៅទុកយូរហើយ។ ប្រាជ្ញាស្មារតីរហ័សវាងវៃ ប្រកបដោយសមត្ថភាព ឆាប់យល់ហេតុការណ៍គ្រប់យ៉ាង ដែលអាចដឹងទាន់ភ្លាមៗ ដូចអធិប្បាយដោយសង្ខេបមកនេះ ហៅថា “ បដិភាណប្បញ្ញា” ។
សម្ដេចព្រះសង្ឃរាជ មានបដិភាណប្បញ្ញានេះបរិបូណ៌ណាស់ ដូចយ៉ាង សម្ដេចដែលបានទ្រង់យាងទៅកាន់ទីប្រជុំណាមួយ ដែលមានសមាជិកជាន់ខ្ពស់ ហើយគេត្រូវសាកសួរនិយាយពិភាក្សាការណ៍ជាចាំបាច់ ដែលទាក់ទងមកលើសម្ដេចភ្លាម ទ្រង់ក៏អាចឆ្លើយដោះស្រាយទាន់បានភ្លាមវិញដែរ។
៣. វេសារជ្ជប្បញ្ញា “ បញ្ញាអង់អាច ក្លៀវក្លា” ភាពនៃប្រាជ្ញាអង់អាចក្លៀវក្លានេះ ជាគុណសម្បត្តិមួយដ៏ប្រសើររបស់មនុស្ស។ ប្រាជ្ញារបស់សម្ដេចព្រះសង្ឃរាជជាអម្ចាស់របស់យើង រាប់ថាជាប្រាជ្ញាមួយដ៏ខ្ពង់ខ្ពស់ អាចពោលបានថា សម្ដេចមានវេសារជ្ជប្បញ្ញាគ្រប់គ្រាន់ ព្រោះព្រះអង្គបានទទួលព្រះកិត្តិនាមដ៏ខ្ចរខ្ចាយទៅក្នុងប្រទេស និងក្រៅប្រទេស។ ដូចយ៉ាងសម្ដេចទ្រង់យ៉ាងទៅកាន់ទីប្រជុំធំៗក្នុងប្រទេសដទៃព្រះអង្គតែងបន្លឺសីហនាទ ប្រកបដោយប្រាជ្ញាដ៏ក្លៀវក្លា អង់អាចឥតញាប់ញ័រតក់ស្លុតចំពោះទីប្រជុំនោះឡើយ។
ប្រាជ្ញាដែលក្លៀវក្លាអង់អាច ដូចអធិប្បាយដោយសង្ខេបមកនេះហៅថា “ វេសារជ្ជប្បញ្ញា” ។
៤. ធម្មទេសនាកោសល្យ “ ក្លារឈ្លាសវៃក្នុងធម្មទេសនា”
ភាពនៃការឈ្លាសវៃមានច្រើនយ៉ាង គឺឈ្លាសវៃក្នុងអំពើបាបក៏មាន ក្នុងអំពើបុណ្យក៏មានឈ្លាសវៃក្នុងអំពើឥតប្រយោជន៍ក៏មាន ក្នុងអំពើមានប្រយោជន៍ក៏មាន។ ការឈ្លាសវៃក្នុងទីនេះសំដៅយកហេតុការណ៍ដែលមានប្រយោជន៍ចំពោះមនុស្សក្នុងបច្ចុប្បន្ន និងក្នុងអនាគត។ ដែលហៅថា “ ធម្មទេសនាកោសល្យ” សំដៅយកការឈ្លាសវៃក្នុងធម្មទេសនា។ សម្ដេចព្រះសង្ឃរាជទ្រង់មានភាពឈ្លាសវៃក្នុងធម្មទេសនាដោយគ្រប់គ្រាន់។
ធម្មទេសនានៃសម្ដេចប្រកបដោយប្រយោជន៍ទាំងផ្លូវលោក ទាំងផ្លូវធម៌ អាចបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ផ្លូវខុស ផ្លូវត្រូវ ឲ្យជឿជាក់ចំពោះជាតិ សាសនា និងព្រះរាជបល្ល័ង្ក។ ព្រះធម្មទេសនា នៃសម្ដេចព្រះសង្ឃរាជចាត់ទុកថាជាមូលដ្ឋានមួយដ៏ស្ដុកស្ដម្ភអាចបំភ្លឺប្រជាពលរដ្ឋឲ្យមានការព្យាយាម មានជំហររឹងប៉ឹង ឲ្យប្រឹងប្រែងប្រកបការងារកុំឲ្យខ្ជិលច្រអូស ឲ្យមានធម៌សាមគ្គី មូលមិត្តជាឯកភាពក្នុងរវាងជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង ដើម្បីឲ្យខ្ពង់ខ្ពស់ថ្កើងរុងរឿងតទៅអនាគត។ ធម្មទេសនានៃសម្ដេច ឈ្មោះថាជាធម្មទេសនាទ្រោលបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ប្រយោជន៍គ្រប់យ៉ាង បំភ្លឺទាំងខាងគុណសម្បត្តិ ទាំងគុណវិបត្តិ ជាធម្មទេសនាប្រកបដោយមធ្យោបាយដ៏ប្រសើរវិសេស អាចដឹកនាំចង្អុលបង្ហាញប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍អនាគត ហៅថាជាព្រះធម្មួទេសនាដាស់ពុទ្ធបរិស័ទឲ្យភ្ញាក់ខ្លួនក្រោកឡើង ប្រកបការងារដើម្បីឲ្យមានជីវភាពខ្ពង់ខ្ពស់ឲ្យសមគួរដល់កិត្តិយសរបស់យើងរាល់គ្នា ជាប្រជាពលរដ្ឋរបស់ប្រទេសឯករាជ្យ ឲ្យចេះឈឺឆ្អាលស្រឡាញ់ជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង។
សម្ដេចព្រះសង្ឃរាជ មានធម្មទេសនាកោសល្យដ៏បរិបូណ៌។ ធម្មទេសនារបស់សម្ដេចគួររាប់ថាជាធម្មទេសនាយឺតយោង ស្រោចស្រង់ប្រជាពលរដ្ឋឲ្យមានសតិសម្បជញ្ញៈរឹងប៉ឹង បរិបូណ៌ឡើងទាំងផ្លូវពុទ្ធចក្រ និងផ្លូវអាណាចក្រ ដើម្បីឲ្យចក្រទាំងពីរវិលលឿនទៅស្មើគ្នា។ ធម្មទេសនារបស់សម្ដេចគួរលើកថា ជាធម្មទេសនាបើកលោក គឺប្រទេសកម្ពុជាទាំងមូលឲ្យមានប្រាជ្ញាស្មារតីភ្លឺស្វាង រុងរឿងឡើងដោយពិត ដែលអាចផ្ដល់មធ្យោបាយដ៏ប្រសើរ ឲ្យប្រជាពលរដ្ឋភ្ញាក់ខ្លួនប្រាណចេះជួយខ្លួនដោយខ្លួនឯង។
សម្ដេចព្រះសង្ឃរាជ ជាព្រះធម្មកថិកមួយព្រះអង្គយ៉ាងឯក ពុំមានព្រះធម្មកថិកណាមួយប្រៀបស្មើបាយឡើយ។ ធម្មទេសនាដែលពីរោះក្បោះក្បាយប្រកបដោយពាក្យពេចន៍ ប្រយោគមានប្រធានមានរបៀបរៀបរយ មានកម្រងនៃពាក្យសម្ដីដ៏ត្រឹមត្រូវឥតឃ្លៀងឃ្លាត ភ្លាំងភ្លាត់ទាំងប្រកបដោយឧត្ដមគតិ ដៅចំពោះប្រយោជន៍ក្នុងបច្ចុប្បន្ន និងអនាគតដូចសេចក្ដីអធិប្បាយមកនេះហៅថា “ ធម្មទេសនាកោសល្យ” ។
៥. បណីតសកម្មភាព “ សកម្មភាពដ៏ប្រសើរ”
ការងាររបស់សម្ដេចព្រអសង្ឃរាជ សុទ្ធតែជាការងារមានប្រយោជន៍ដ៏ឧត្ដុងឧត្ដម ចំពោះពុទ្ធបរិស័ទ ពុំមានការងារណាមួយ ដែលឥតប្រយោជន៍នោះទេ។
សម្ដេចបានធ្វើបុណ្យផ្សេងៗជាច្រើនដងណាស់ មានកឋិនទានជាដើម ក្នុងឆ្នាំនីមួយៗបានធ្វើកឋិន២ ឬ៣វត្ត រៀងរាល់ឆ្នាំ ឥតដែលខានឡើយ។
កិច្ចការរបស់សម្ដេចសុទ្ធតែមានគោលដៅឆ្ពោះទៅរកសេចក្ដីសុខ សេចក្ដីចម្រើន ទាំងលោកនេះ ទាំងលោកខាងមុខដោយពិតប្រាកដ សឹងមានភ័ស្តុតាងយ៉ាងជាក់លាក់ក្នុងព្រះរាជជីវប្រវត្តិនេះ។ ចូរមើលបរិច្ឆេទនៃព្រះរាជជីវប្រវត្តិត្រង់បរិច្ឆេទទី៥ ទី៦ និងទី១០។
សម្ដេចមានព្រហ្មវិហារដ៏ទូលាយ សង្គ្រោះដល់សាធារណជនមិនត្បិតត្បៀតពេកឡើយ កិច្ចការដែលចេះតែមាន ចេះតែដើរទៅស្រួល មិនចេះឈប់ មិនចេះគាំង នៅថែមទាំងមានប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ហៅថា “ បណីតសកម្មភាព” ។
សកម្មភាពរបស់សម្ដេចព្រះសង្ឃរាជ ប្រកបដោយហេតុផលល្អណាស់ អាចបង្ហាញជាឧទាហរណ៍មួយ ដើម្បីបញ្ជាក់វរជន បញ្ញវន្តទាំងសម័យចាស់ សម័យថ្មីដែលគួរជាទិដ្ឋានុគតិ (ការយកតម្រាប់តាម) បានដោយពិត ដោយហេតុដែលឃើញរូបរាង កិច្ចការជាភ័ស្តុតាងផង ទ្រឹស្ដីការងារដ៏ប្រសើរយ៉ាងនេះផងទើបហៅថា “ បណីតសកម្មភាព” ។
១១. ចរិតលក្ខណៈបរិច្ឆេទ (កំណត់អំពីលក្ខណៈនៃចរិតប្រក្រតី)
ការប្រព្រឹត្តជាប់ដោយកាយ វាចា ចិត្តគ្រប់ពេលវេលាយូរៗទៅ អាចជាប់ទៅជាទម្លាប់ ហៅថា “ ចរិតប្រក្រតី” ។ ដូចយ៉ាងសម្ដីគ្រោតគ្រាត ដែលធ្លាប់និយាយជាប់ជាទំនៀម ហៅថា ចរិតគ្រោតគ្រាត។ ការនិយាយកុហកលេងចំពោះមិត្តសំឡាញ់ យូរៗទៅក៏អាចធ្លាប់មាត់ជាទំនៀម នេះហៅថា ចរិតកុហក។
ការជក់បារី ដើមដំបូងឃើញគេជក់ ក៏ជក់លេងតាមគេ យូរៗទៅក៏អាចជាប់ជាទំនៀមជក់បារី។
ការដេកថ្ងៃ ដើមដំបូងឃើញគេដេកថ្ងៃ ក៏ដេកតាមគេ លុះដេកថ្ងៃយូរៗទៅក៏អាចក្លាយជាទំនៀម នេះហៅថា ចរិតដេកថ្ងៃ។
ការប្រព្រឹត្តិទាល់តែជាប់ប្រយោគ ដែលអាចលះចេញបានដោយកម្រ ដូច្នេះហៅថា “ ចរិតប្រក្រតី” សម្ដេចព្រះសង្ឃរាជ ព្រះអង្គក៏មានចរិតប្រក្រតីដែរ ប៉ុន្តែចរិតរបស់សម្ដេចជាចរិតធូរស្រាល ពុំមែននាំឲ្យខូចខាតពេលវេលា ខូចខាតប្រយោជន៍នោះឡើយ។
មនុស្សខ្លះមានចរិតប្រក្រតីជាប់ជោកធ្ងន់ណាស់ ដូចយ៉ាងចរិតប្រក្រតីផឹកស្រាទាល់តែកឹកជាប់ ដែលអាចលះបង់ចេញមិនបាន។ ចរិតប្រក្រតីបែបនេះ ឈ្មោះថាជាចរិតនាំឲ្យខូចខាតទាំងជីវិតខ្លួនឯង ទាំងទ្រព្យសម្បត្តិរបស់ខ្លួន។
ការជក់អាភៀន ក៏អាចនាំឲ្យជាប់ញៀន លះចេញបានដោយកម្រណាស់។ ការញៀនអាភៀននេះ ហៅថា ចរិតប្រក្រតីជក់អាភៀន។ មនុស្សអ្នកមានចរិតបែបនេះ នាំឲ្យខូចខាតទាំងជីវិត ទាំងទ្រព្យសម្បត្តិ ជាងចរិតអ្នកផឹកសុរាច្រើនណាស់ទៅទៀត។
ចរិតប្រក្រតីនៃសម្ដេចព្រះសង្ឃរាជ
១. ព្រះអង្គសោយស្លាម្លូ ជាញឹកញយណាស់ក្នុងថ្ងៃនីមួយៗ មិនសោយបារី។ ប៉ុន្តែលោកអ្នកធ្លាប់ដឹងឃើញនិយាយថា សម្ដេចព្រះសង្ឃរាជ កាលពីព្រះជន្មរវាង២០ឆ្នាំ រហូតដល់ព្រះជន្មជាង៣០ឆ្នាំ ឃើញសម្ដេចសោយបារីដែរ ប៉ុន្តែសោយរង្វើលៗមិនញឹកញាប់ទេ លុះដល់មកព្រះជន្មរវាង៤០ឆ្នាំ ទើបសម្ដេចសោយស្លាម្លូកាន់តែញឹកញាយឡើងដរាបមក។
២. សម្ដេច កាលបើមានរោគផ្ដាសាយ ដែលនាំឲ្យតឹងច្រមុះ និងក្អកដោយរោគផ្ដាសាយនោះ ច្រើនតែឃើញសម្ដេចសោយថ្នាំចិនញាត់ខ្សៀ ហើយសម្ដេចមានបន្ទូលថា រោគផ្ដាសាយនេះបានតែជក់ថ្នាំចិន ទើបឆាប់ជាសះស្បើយ ថ្នាំចិននេះនាំឲ្យជាឫសដូងច្រមុះថែមទៀត។
៣. សម្ដេចមានចរិតប្រក្រតី ក្នុងការសោយក្រយាហារ ច្រើនតែសព្វព្រះទ័យនឹងសម្លស្រឡក់ ប្រហើរ និងកកូរ ពុំសូវសោយសាច់ឈាមទេ។ ម្ហូប៣មុខខាងលើនេះ ច្រើនតែឲ្យគេស្លនឹងត្រីឆ្អើរ បើពុំមានម្ហូបនេះទេ ច្រើនសព្វព្រះទ័យម្ហូបក្រៀមក្រោះ មានបុកត្រីឆ្អើរ ម្ជូរក្រសាំង ឬផ្លែម្កាក់ជាដើម។ សម្ដេច ពុំសូវសោយបង្អែមច្រើនទេ សោយតែបន្ដិចបន្តួច មិនសូវសោយកាហ្វេ ទឹកក្រូច ទឹកម៉ាណាត់ញឹកញាយទេ សោយតែទឹកតែ និងស្ករស។
៤. សម្ដេចសព្វព្រះរាជហ្ឬទ័យនឹងកូនឈើផ្សេងៗ ដែលមានមែកច្រើន ដូចយ៉ាងដើមច្រកែង ទួយ រទាំងជាដើម យកមកដាំដាក់ក្នុងផើងជាច្រើន ចំនួនជាង១០០ផើង។
៥. ដើមឈើឯទៀតៗ ជាឈើដំណាំស្រុកក្ដី ឈើក្នុងព្រៃក្ដី សម្ដេចសព្វព្រះរាជហ្ឬទ័យដាំច្រើនណាស់ ដូចឈើក្នុងរបងឈាបនដ្ឋានវត្តឧណ្ណាលោម និងឈើវត្តពោធិព្រឹក្ស។
កម្មវិធីប្រចាំថ្ងៃរបស់សម្ដេច
កម្មវិធីរបស់សម្ដេចទៀងទាត់ចំពោះត្រង់តែសោយក្រយាហារពេលថ្ងៃត្រង់ ហើយនឹងពេលដែលធ្វើការ ដូចយ៉ាងសម្ដេចសរសេរដកស្រង់ធម៌អាថ៌រៀបចំធ្វើសៀវភៅផ្សេងៗ មានវចនានុក្រមខ្មែរជាដើមនេះ ទៀងទាត់រៀងរាល់យប់ទាល់ៗភ្លឺ រវាងម៉ោង៦កន្លះ ឬម៉ោង៧ ទើបសោយយាគូ ជួនកាលពេលព្រឹក មិនទាំងសោយយាគូថែមទៀត ឃើញថាពេលយាគូពុំសូវទៀងទាត់ទេ។
ពេលដែលសម្ដេចកំពុងជាប់ព្រះហស្ថសរសេរ ហើយមានភ្ញៀវចូលមកថ្វាយបង្គំគាល់ សម្ដេចក៏ចូលមកគាល់ធ្វើបដិសណ្ឋារៈភ្លាមៗ ហើយមិនឲ្យនៅយូរទេ ព្រោះមានកិច្ចការច្រើនណាស់ បើថ្ងៃណាមួយដែលសម្ដេចទំនេរមិនមានកិច្ចការ ហើយមានភ្ញៀវ បព្វជិត ឬគ្រហស្ថចូលមកថ្វាយបង្គំគាល់នោះ សម្ដេចសព្វព្រះរាជហ្ឬទ័យប្រាស្រ័យទាក់ទង ដោយព្រះរាជឱង្ការសាកសួរពីនេះ ពីនោះ ហើយទ្រង់ដឹកនាំបំភ្លឺអំពីផ្លូវលោក ផ្លូវសាសនាយ៉ាងពិស្ដារ វែងឆ្ងាយណាស់អស់៤-៥ម៉ោងក៏មាន ទាល់តែភ្លឺក៏មាន មិនចេះត្អូញថាងងុយសឹង ថាចុករួយស្រពន់ទេ ឲ្យតែភ្ញៀវនោះទ្រាំអង្គុយចូលចិត្តស្ដាប់ចុះ។ ការណ៍នេះ ចំពោះតែពេលណាមួយដែលសម្ដេចមានព្រះសុខភាពរាងកាយស្រួលល្អ។
ក្នុងថ្ងៃយប់នីមួយៗ សម្ដេចព្រះសង្ឃរាជ ចេះតែមានកម្មវិធីជានិច្ចកាល ដូចយ៉ាងកាលសម្ដេចនៅក្នុងរវាងព្រះជន្ម៣០ឆ្នាំ រហូតដល់មកព្រះជន្មជាង៦០ឆ្នាំ ក៏នៅតែខំប្រឹងបង្រៀនភិក្ខុ សាមណេរចំនួន២០ ឬ៣០អង្គក្នុងពេលយប់ៗ ចំពោះភិក្ខុ សាមណេរ នៅក្នុងកុដិរបស់ព្រះអង្គខ្លះ មកពីកុដិដទៃខ្លះ។ សម្ដេចមានកម្មវិធីចំពោះពេលបង្រៀននោះទៀងទាត់ណាស់ កម្មវិធីដែលត្រូវបង្រៀនក្នុងសាលាបាលីជាន់ខ្ពស់ ដែលឥឡូវនេះហៅថាពុទ្ធិកវិទ្យាល័យសុរាម្រឹតផង កម្មវិធីបង្រៀនក្នុងពេលយប់ឯកុដិនោះផង។
អព្ភូតហេតុមុនពេលដែលព្រះសង្ឃរាជព្រះអាពាធ
នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៩ សម្ដេចព្រះសង្ឃរាជមានព្រះឱង្ការថា “ ខ្ញុំពីយប់មិញសុបិននិមិត្តមួយចំឡែកណាស់ គឺឃើញចេតិយពីរលើអាកាស មកអំពីទិសឦសានតម្រង់មករកខ្ញុំដែលកំពុងអង្គុយនៅយ៉កុដិខាងមុនចេតិយនោះ មានពណ៌ដូចមាស លុះអណ្ដែតចូលមកជិត ឃើញចេតិយនោះកាន់តែតូច ហើយបាត់មួយ នៅតែមួយអណ្ដែតមកជិតអាត្មា អាត្មាក៏លូកដៃទៅទ្រចេតិយនោះ រួចក៏ភ្ញាក់ខ្លួនព្រឺតឡើង ក្នុងពេលជិតភ្លឺរវាងម៉ោង៤។ ព្រះឱង្ការ សម្ដេចព្រះសង្ឃរាជនេះ ក្នុងពេលប្រជុំសង្ឃ ដើម្បីតាំងគណៈកម្មការធម្មវិន័យ ក្នុងថ្ងៃ២កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញាឆ្នាំ១៩៦៩។ បន្ទាប់មកទៀតសម្ដេចមានព្រះឱង្ការថា អង្គការធម្មវិន័យរបស់យើងនៅខ្វះសៀវភៅធម៌ជាច្រើនមុខ ព្រោះហេតុនោះយើងត្រូវតាំងគណៈកម្មការជាថ្មីទៀត ដើម្បីប្រជុំគ្នារៀបចំធ្វើសៀវភៅធម៌ ត្រូវដកស្រង់ធម៌វិន័យ អំពីបាលី និងអដ្ឋកថា មករៀបរៀងអត្ថាធិប្បាយ តម្រូវតាមថ្នាក់ត្រី ទោ ឯក។
“ត្រង់ដែលអាត្មាយល់សប្ដិឃើញចេតិយនោះ ប្រហែលជានិម្មិត្តមួយប្រផ្នូលឲ្យយើងដឹងថាគណៈកម្មការធម្មវិន័យរបស់យើង នឹងបានសម្រេចដោយល្អ” ។ ព្រះសុបិននិមិត្ត នៃសម្ដេចដែលឃើញចេតិយមួយគូនេះ ទុកជាអព្ភូតហេតុមួយដ៏អស្ចារ្យចម្លែកណាស់។
អព្ភូតហេតុមួយទៀត នៅថ្ងៃ១៣កើត និង១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ១៩៦៩ នៅវេលាយប់ពីម៉ោង២០ទៅម៉ោង២២ ឃើញព្រះច័ន្ទមានរស្មីលឿង ខៀវ ក្រហម មានរង្វង់មូលព័ទ្ធជុំវិញព្រះច័ន្ទ ដែលយើងធ្លាប់ហៅថាព្រះច័ន្ទបាំងឆ័ត្រ។
១២. ជីវិតាវសានបរិច្ឆេទ (កំណត់អំពីទីបំផុតនៃព្រះជីវិត)
រាប់តាំងពីថ្ងៃ១៣រោច ខែស្រាពណ៍ ជាថ្ងៃដែលទ្រង់ឃើញសុបិននិម្មិត្ត រហូតមកដល់ថ្ងៃ១២កើត ខែភទ្របទ គឺត្រូវនឹងថ្ងៃទី១០ ខែកញ្ញា មកដល់ថ្ងៃទី២៣ កញ្ញា ត្រូវជា១៤ថ្ងៃ គឺសម្ដេចចាប់មានអាពាធ ក្នុងថ្ងៃ១២កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៣ កញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង១៥ និង៤៥នាទី។
ព្រះសង្ឃដែលធ្លាប់ចូលគាល់បម្រើព្រះអង្គ នាំគ្នាអង្គុយនៅក្រៅបន្ទប់ក្រឡាព្រះបន្ទំ ស្រាប់តែឮសូរកណ្ដឹងរោទ៍ប្លែកពីធម្មតា ក៏នាំគ្នាស្ទុះចូលទៅក្នុងក្រឡាព្រះបន្ទំភ្លាម។ គ្រានោះសម្ដេចមានព្រះឱង្ការថា “ អាត្មាចុកទ្រូងណាស់!”។ ក្នុងពេលនោះ ព្រះសង្ឃដែលនៅកំដរនោះ ក៏ជំនុំពិគ្រោះគ្នាឲ្យព្រះសិរិវិសុទ្ធ ម៉ី យ៉ាំ និយាយទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅក្រសួងធម្មការ។ គ្រូពេទ្យជាច្រើននាក់ គឺលោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និងលោកវេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិបារាំង ក៏បានមកជាបន្ទាប់គ្នា ពិនិត្យឃើញថាអាការរោគនៃសម្ដេចមិនទាន់ធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលក៏បានចាត់លោកគ្រូពេទ្យ យូ គឹមយាន និងលី គឹមសាន ឲ្យមកនៅរក្សាព្រះរោគប្រចាំការ ប្រកបឱសថថ្វាយជាដរាបរហូតដល់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃ២៥ កញ្ញា ១៩៦៩ វេលាម៉ោង២០និង២០នាទី ស្រាប់តែព្រះអស្សាសៈ បស្សាសៈ នៃព្រះអង្គរលត់ស្ងប់ឈឹង អំពីព្រះកាយទ្រង់សោយទិវង្គត ក្នុងគម្រប់ព្រះជន្ម៨៦ព្រះវស្សា នៅលើព្រះទែនសយនា ដោយស្ងប់ស្ងៀមនាល្វែងធំ នៅក្នុងព្រះរាជដំណាក់ព្រះអង្គ កណ្ដាលពួកថេរានុត្ថេរៈ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម នាវត្តឧណ្ណាលោម។ ក្នុងពេលដែលសម្ដេចព្រះសង្ឃរាជសោយទិវង្គតភ្លាមនោះ ព្រះសង្ឃច្រើនអង្គ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម ព្រមទាំងលោក ម៉ា អុក គិលានុបដ្ឋាក ក៏នៅកំដរជាមួយដែរ មានចិត្តរំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរភាន់ភាំងស្មារតី បានចាត់ការផ្សាយដំណឹងទិវង្គត ដល់ព្រះសង្ឃក្នុងវត្តភ្លាម អង្គខ្លះក៏រត់ទៅប្រគេនដំណឹងនេះដល់ សម្ដេចព្រះពោធិវ័ង្ស។ ព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ ក៏ទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅព្រះរាជដំណាក់ចម្ការមន ទៅក្រសួងធម្មការ ទៅសាលាក្រុង ទៅស្នងការដ្ឋានប៉ូលីសភ្លាម លោកអង្គខ្លះក៏យកដំណឹងទៅវត្តឯទៀតៗក្នុងក្រុងភ្នំពេញ។
បន្ទាប់ពីបានដំណឹងនៃការសោយព្រះទិវង្គតនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់ភ្លាម ក្នុងរាត្រីនោះ សម្ដេចព្រះប្រមុខរដ្ឋទ្រង់បានស្ដេចយាងរលះរលាំងមកកាន់មហាកុដិវត្តឧណ្ណាលោមភ្លាម ដើម្បីក្រាបថ្វាយបង្គំព្រះបរមសព។ សម្ដេចព្រះពោធិវ័ង្ស ក៏និមន្តមកគង់នៅជិតព្រះបរមសព តាំងពីពេលមុនសម្ដែងព្រះសមានទុក្ខសោកស្ដាយយ៉ាងខ្លាំងចំពោះបរមសព។
ដំណាលគ្នានេះ សម្ដេចព្រះមហាក្សត្រីយានី ជាអម្ចាស់ជីវិត ក៏ទ្រង់ចាត់អ្នកអង្គម្ចាស់នាយកក្រសួងនានា ក្នុងព្រះបរមរាជវាំង ជាព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសពដែរ ហើយពេលជាមួយគ្នានោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក លន់ ណុល នាយករដ្ឋមន្ត្រី, អង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ឧបនាយករដ្ឋមន្ត្រីទី១ ព្រមទាំងសមាជិករដ្ឋមន្ត្រី ឧកញ៉ាមហាមន្ត្រី កែ មាស ចាងហ្វាងពិធីការព្រះបរមរាជវាំង និងមន្ត្រីនានាក្នុងព្រះបរមរាជវាំង ឧត្ដមសេនីយ៍ឯក ង៉ោ ហ៊ូ ទីប្រឹក្សាសម្ដេចព្រះប្រមុខរដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការក្រសួងធម្មការ លោកអ៊ី ទុយ អភិបាល ក្រុងភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូរាជរដ្ឋាភិបាលប្រចាំខេត្តកណ្ដាល ព្រមទាំងនាយទាហានជាន់ខ្ពស់ទាំងឡាយ សហជីវិន លាង ហ័បអាន នាយកវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ ក្រុមអភិបាលពុទ្ធិកសមាគមទាំងបី មានលោក ទា ប៊ុនឡុង ជាដើម។
អស់លោកអ្នកឥស្សរជនធំតូច ដែលអញ្ជើញមកកាន់វត្តឧណ្ណាលោម ក្នុងវេលារាត្រី១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញានោះ សុទ្ធតែមានមុខស្រពោន ក្រៀមក្រំគ្រប់ៗគ្នា ដោយសេចក្ដីសោកស្ដាយចំពោះសម្ដេចដ៏ក្រៃលែង បានចូលមកសម្ដែងមរណទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួលចំពោះព្រះបរមសព ដោយគ្រប់គ្នាទាំងអស់។
បន្ទាប់ពីពេលនោះមក ព្រះសង្ឃជាច្រើនអង្គមានព្រះពុទ្ធឃោសាចារ្យ រាជ កឹង មេគណក្រុងភ្នំពេញ និងព្រះមុនីកោសល្យ សូរ ហាយ ចៅអធិការវត្តនិរោធរង្សី ជាដើម ព្រមទាំងព្រះរាជាគណៈ និងឋានានុក្រម ជាច្រើនរយអង្គនិមន្តមកព្រោងព្រាត សុទ្ធតែមានមុខក្រៀមក្រំ ស្រងូតស្រងាត់គ្រប់ៗអង្គ ដោយសេចក្ដីស្ដាយស្រណោះអាឡោះអាល័យ ចំពោះសម្ដេចជាអង្គម្ចាស់។
លំដាប់តមកទៀត ក្នុងពេលរាត្រីនោះរវាងម៉ោង២២-២៣ ចេះតែមានពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ និមន្តអញ្ជើញមកកាន់វត្តឧណ្ណាលោមរជយៗ នាំគ្នាឈរត្រៀបត្រា ពាសពេញដីបរិវេណព្រះរាជដំណាក់ ទាំងអស់លោកអ្នករាជការក្នុងក្រុងភ្នំពេញ មានលោកអ្នកក្រសួងធម្មការជាដើម បាននាំគ្នាមកជាលំដាប់លំដោយ ចូលក្រាបថ្វាយបង្គំគាល់ព្រះបរមសព សុទ្ធតែមានទឹកមុខជ្រប់ស្រពោនស្ទើរតែគ្រប់ៗគ្នា ខ្លះមានជលនេត្រស្រក់សស្រាក់រកហានិយាយស្ដីពុំកើត ពេលជាលំដាប់មកទៀត ចេះតែមានពុទ្ធបរិស័ទ ទាំងគ្រហស្ថ បព្វជិត ធ្វើដំណើរមកកាន់វត្តឧណ្ណាលោម យ៉ាងណែនណាន់តាន់តាប់រហូតទាល់តែភ្លឺ។ លោកអ្នកខ្លះមានទឹកភ្នែកហូររហាម ហើយបន្លឺវាចារថ្ងូរថា ឱ! សម្ដេចព្រះសង្ឃរាជ ចូលទិវង្គតហើយតើ! សូម្បីព្រះអង្គ មានព្រះជន្ម៨៦ពិតមែន ប៉ុន្តែយើងខ្ញុំព្រះអង្គនៅតែស្ដាយស្រណោះ ចង់ឲ្យសម្ដេចគង់នៅជាងរយព្រះវស្សាដោយយើងខ្ញុំព្រះអង្គធ្លាប់ស្ដាប់ព្រះរាជឱវាទ ធ្លាប់ឃើញធ្លាប់គោរពសម្ដេចជាអង្គម្ចាស់ ឥឡូវនេះស្រាប់តែសម្ដេចជាអង្គម្ចាស់ចូលទិវង្គត ទៅកាន់បរលោកនាយចោលយើងខ្ញុំទៅហើយ។ ការចូលទិវង្គតនៃសម្ដេចព្រះសង្ឃរាជនេះ នាំឲ្យទូលព្រះបង្គំគ្រប់រូបរហេងរហាង ត្រមង់ត្រមោចក្នុងចិត្តអស់សេចក្ដីសង្ឃឹមកក់ក្ដៅចំពោះសម្ដេចទៅហើយ។
សម្ដេចព្រះសង្ឃរាជ ដែលព្រះអង្គបានយាងមកសោយ ព្រះជាតិក្នុងប្រទេសកម្ពុជាយើងនេះ ព្រះអង្គបានធ្វើប្រយោជន៍ ទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោក ទុកឲ្យពុទ្ធបរិស័ទជាច្រើនណាស់ ឈ្មោះថាព្រះអង្គបានលើកព្រះពុទ្ធសាសនា លើកប្រទេសជាតិឲ្យបានថ្កុំថ្កើនរុងរឿង រួមជាមួយនឹងសម្ដេចព្រះឧបយុវរាជព្រះប្រមុខរដ្ឋដែលយឹតយោងប្រជាពលរដ្ឋ ដោយព្រះមធ្យោបាយដ៏ខ្ពង់ខ្ពស់បំផុត ឲ្យប្រទេសជាតិមានឯកភាព សាមគ្គីភាព សន្តិភាព បានឯករាជ្យដ៏បរិបូរណ៍ ដូចសេចក្ដីប្រាថ្នា ហើយយ៉ាងណាសម្ដេចព្រះសង្ឃរាជ មានព្រះរាជជីវប្រវត្តិល្អណាស់ មានព្រះបំណងសម្រេចក៏យ៉ាងនោះដែរ។
ព្រឹកឡើង ថ្ងៃ១៥កើត ខែភទ្របទ (២៦ កញ្ញា) អស់លោកឥស្សរជន បានប្រជុំតាំងគណៈកម្មការមួយបណ្ដោះអាសន្នសម្រាប់ចាត់ការបុណ្យព្រះបរមសពតទៅ។
រយៈកាលមុនអំពីកាលដែលសម្ដេចទ្រង់សោយព្រះទិវង្គត
សម្ដេចព្រះសង្ឃរាជ មានព្រះអាពាធជាដំបូងក្នុងថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ត្រូវនឹងថ្ងៃ២៣ ខែកញ្ញា ឆ្នាំ១៩៦៩។ ដំណឹងព្រះអាពាធនៃសម្ដេចព្រះសង្ឃរាជនេះ បានថ្វាយចំពោះសម្ដេចព្រះប្រមុខរដ្ឋរួចហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាមព្រះរាជបញ្ជានៃសម្ដេចព្រះប្រមុខរដ្ឋ បានចាត់ឲ្យអស់លោកវេជ្ជបណ្ឌិតខ្មែរ បារាំងដ៏ជំនាញៗទាំងឡាយ មកជួយខ្វល់ខ្វាយព្យាបាលរោគព្រះអង្គយ៉ាងពេញសមត្ថភាព ប៉ុន្តែធ្វើម្ដេចឡើយនឹងអាចយកជ័យជម្នះលើមច្ចុសង្គ្រាមបាន។
សម្ដេចព្រះសង្ឃរាជជាអម្ចាស់ទ្រង់បានជ្រាបព្រះអង្គជាមុន ចាប់តាំងពីថ្ងៃប្រឈួន ទ្រង់មានព្រះឱង្ការប្រាប់ព្រះសង្ឃ និងអស់លោកដែលមកថ្វាយបង្គំសាកសួរព្រះសុខភាពថា “ អាត្មាមានជំងឺម្ដងនេះ ដូចជាគ្មានសង្ឃឹមទេ” ព្រះរាជឱង្ការនេះ ធ្វើឲ្យយើងរាល់គ្នាមានការព្រួយបារម្ភណាស់ ប៉ុន្តែយើងរាល់គ្នាជឿទុកថា ព្រះអង្គមុខជានឹងគង់ព្រះជន្មាយុតទៅទៀតបាន ពីព្រោះសង្កេតទៅព្រះសរីរាង្គកាយព្រះអង្គ ពុំឃើញមានប្រែប្រួលប្លែកប៉ុន្មានទេ ម្យ៉ាងទៀត ទ្រង់នៅចាំព្រះស្មារតីល្អណាស់ អាចមានព្រះឱង្ការមាំមួន សំណេះសំណាលនឹងអស់លោក ទាំងព្រះសង្ឃ គ្រហស្ថ ដែលមកក្រាបបង្គំគាល់នោះ បានស្រួលនៅឡើយ ជាពិសេសកាលពីព្រឹកនៃថ្ងៃសោយព្រះទិវង្គតនេះឯកឧត្ដមនាយករដ្ឋមន្ត្រី នឹងអ្នកអង្គម្ចាស់ឧបនាយករដ្ឋមន្ត្រីទី១ បានចូលបង្គំគាល់ព្រះអង្គដើម្បីសាកសួរព្រះរោគព្រះអង្គផង ដើម្បីក្រាបបង្គំលាព្រះអង្គទៅកាន់បរទេសតាមការអញ្ជើញនៃសាធារណរដ្ឋចិនប្រជាមានិត និងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ផង។
គ្រានោះព្រះអង្គបានទទួលរាក់ទាក់ ហើយបានប្រសិទ្ធពរជូនចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី និងថ្វាយចំពោះអ្នកអង្គម្ចាស់ ឧបនាយករដ្ឋមន្ត្រីទី១ សូមទៅបំពេញបេសកកម្មនៅប្រទេសក្រៅបានជោគជ័យ។ ក្រោយមកទៀតសម្ដេចក៏ព្រះរាជទានសន្ទនាជាមួយលោក ឌី ទូច រដ្ឋលេខាធិការក្រសួងធម្មការ និងលោក ទ្រិញ វ៉ាញ ប្រធានសមាគមអ្នកនិពន្ធខ្មែរអំពីការធ្វើចេតិយ។ ព្រះអង្គទ្រង់មានព្រះរាជបន្ទូលហូរហែ ហើយទ្រង់និទានអំពីចេតិយឈ្មោះ សិង្គុត្តរៈ នៅសហភាពភូមាថែមទៀតផង។ រួចព្រះអង្គត្រាស់រំលឹកអំពីការបោះពុម្ពវចនានុក្រមខ្មែរដែលទ្រង់បានខិតខំកែសម្រួលបន្ថែមពាក្យជាច្រើនទៀត ទោះបីជរានិងព្យាធិចេះតែបៀតបៀនព្រះអង្គក៏ដោយ។ សភាពទាំងនេះសឲ្យឃើញថា ព្រះអង្គនៅរឹងប៉ឹងណាស់ មិនគួរឡើយនឹងប្រែប្រួលដោយឆាប់រហ័សដូច្នេះសោះ នាំឲ្យយើងក្រៀមក្រំស្រងាកចិត្តដូចជាយើងធ្លាក់បេះដូង។ នេះហើយសមដូចព្រះថេរដីការបស់ព្រះអង្គ ដែលទ្រង់ត្រាស់ជារឿយៗថា៖ ជួនកាលពេលព្រឹកមនុស្សសត្វជួបគ្នារញង់ លុះពេលល្ងាចក៏ស្រាប់តែបែកគ្នាភ្លាមៗ។ សភាពនេះត្រូវដូចព្រះតម្រាស់នោះណាស់ ព្រះអង្គយាងទៅចោលពុទ្ធបរិស័ទរាល់គ្នា ឥតមានប្រទានដំណឹងជាមុនឲ្យច្បាស់ដល់យើង ដើម្បីនឹងព្យាបាលព្រះអាការរោគឲ្យបានយូរថ្ងៃសោះ គួរឲ្យយើងខ្ញុំស្ដាយក្រៃពេកណាស់នឹងរកពាក្យណាមួយថ្លែងរៀបរាប់ពុំបានឡើយ។ ព្រះអង្គសោយទិវង្គតនេះ ធ្វើឲ្យរញ្ជួយសកលកម្ពុជា ព្រោះព្រះអង្គមានព្រះគុណធម៌ច្រើនណាស់លើពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ។ សម្ដេចទ្រង់សោយព្រះទិវង្គត បាត់ព្រះរូបពិតមែន ប៉ុន្តែព្រះកិត្តិនាមឋិតនៅដដែល។
អស់លោកអ្នកពុទ្ធបរិស័ទទាំងឡាយ! ព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជនេះ ជាព្រះសពត្រូវតម្កល់ទុកតាមផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើទក្ខិណានុប្បទានរៀងរាល់ថ្ងៃតទៅ ទម្រាំគណៈកម្មការបុណ្យជំនុំគ្នាដោះស្រាយ រៀបចំព្រះរាជពិធីបុណ្យព្រះបរមសពកំណត់យកថ្ងៃណា ខែណា តទៅជាក្រោយ។ ឥឡូវនេះ គណៈកម្មការបុណ្យបណ្ដោះអសន្ន បានព្រមព្រៀងយកថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៩ ជាកិច្ចធ្វើទក្ខិណានុប្បទាន មានទេសនា និងវេរភត្ត រៀងរាល់យប់ថ្ងៃតរៀងទៅ ចំនួន៦ខែ គិតពីខែនេះទៅ ក្រោមព្រះរាជធិបតីភាពនៃសម្ដេចព្រះមហាក្សត្រីយានី និងសម្ដេចព្រះប្រមុខរដ្ឋ៕
សូមឧទ្ទិសទំព័រនេះជូន សម្តេច ជួនណាត ជាវីរះបុរសរបស់ជាតិខ្មែរ។
ReplyDelete