សាកល្បង ឆ្លើយ ៖ កំណាព្យគឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួនពិរោះរណ្តំណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គជាកំណត់…. ចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នកផងរំភើបជាមួយ។
ឧទាហរណ៍ ៖
កាច់ធ្មុងច្រកស្មុក | ||
ដើរចូលក្នុងស្រុក | ធ្វើឫកអាចារ្យ | ភូតភរប្រជា |
បានច្រើនកាលណា | ពាក់ធ្មុងសង្ហារ | សាហាវលើសដើម។ |
ខ្មែរអឺយរឿងពិត | ||
ខ្មែរតោងពិនិត្យ | គិតគ្រប់ដង្ហើម | ខ្មែរបីលានប្លាយ |
ស្លាប់ឈាមសើមៗ | កុំភ្លេចរឿងដើម | ស្នាដៃប៉ុលពត។ |
កំណាព្យកាព្យឃ្លោង?
ពាក្យ កំណាព្យកាព្យឃ្លោងនេះ ដូនតាយើងប្រើសំគាល់ ឬចង្អុលបង្ហាញពីលក្ខណៈដ៏ល្អរបស់កំណាព្យខ្មែរ ដែលចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់កវី គឺថាកំណាព្យនោះទាំងរូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និងសោភ័ណ រណ្តំបត់បែន ឃ្លោងបញ្ឆិតបញ្ឆៀង មិនត្រង់ស្តូក ប៉ុន្តែមានន័យគ្រប់គ្រាន់។
ឧទាហរណ៍
- សូរិយាល្ងាចថ្ងៃ សូរិយាល្ងាចថ្ងៃ ទន្សោងគោព្រៃ រកស៊ីជើងភ្នំ។
- ស៊ីតូចដោយតូច ស៊ីធំដោយធំ រកស៊ីជើងភ្នំ ផឹកទឹកដងអូរ។
- ស៊ីផឹករួចហើយ ប្រជល់គ្នាវរ សុទ្ធតែឡើងក អួតអាងកម្លាំង។
តួ យ៉ាងដូចអត្ថបទកំណាព្យជាឧទាហរណ៍ខាងលើនេះមានន័យពីរ៖
១ – ន័យត្រង់ ៖ និយាយពីសកម្មភាពប្រចាំថ្ងៃរបស់ទន្សោងគោព្រៃ
២ - ន័យបញ្ឆិតបញ្ឆៀង ៖ រៀបរាប់ពីការប្រកាប់ប្រចាក់គ្នា របស់ពួកពុករលួយពាលាអាវ៉ាសែ ស៊ីសំណូក សូកប៉ាន់ ក្នុងគ្រប់ជំនាន់។
ហេតុហ្នឹងហើយ ទើបដូនតាយើងនិយមប្រើពាក្យថា កំណាព្យ កាព្យឃ្លោងយ៉ាងដូចនេះ។
តើកំណាព្យ និងកម្រងកែវ ខុសគ្នាយ៉ាងណា?
សាកល្បងឆ្លើយ ៖ កម្រងកែវគឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួន ទាក់ទងពិរោះរណ្តំណែងណងដែរ ប៉ុន្តែមិនមានកម្រិតឃ្លា ឬល្បះ ឬក៏ចំនួនព្យាង្គជាកំណត់ទេ។
ឧទាហរណ៍
មេឃ ប្រែស្រឡះ ពពកដេរដាសប្រែជាស ស្លឹកឈើប្រែពណ៌ខៀវស្រស់ល្អ ត្រូវជំនោរកំដរបក់រវិចៗ ចាំងរំលេចពន្លឺសុរិយាភ្លឺភ្លេកៗដូចសុវណ្ណ បក្សីទាំងគូៗស្រែកច្រៀងឆ្លើយឆ្លងយ៉ាងរញៀវខ្ញៀវខ្ញា ហោះហើរឆ្វាត់ឆ្លែងប្រឡែងលើវេហា លើព្រឹក្សា ហាក់អបអរជូនពរខ្ញុំនិងនាងកំពុងធ្វើ ដំណើរតាមផ្លូវយ៉ាងសុខមនោរម្យ។ (ដកស្រង់ពីរឿង “មិនទាន់អស់ចង់”)
ធាតុរបស់កំណាព្យ
នៅក្នុងកំណាព្យមានធាតុសំខាន់ៗ ដូចតទៅនេះ ៖
- ព្យាង្គ ៖ សំឡេងមួយម៉ាត់ៗ នៅក្នុងកំណាព្យ។
- ឃ្លា ៖ ព្យាង្គច្រើនរួមគ្មាន បានជាឃ្លា។
- ល្បះ ឬល្បះខ័ណ្ឌ ៖ ឃ្លាច្រើនរួមគ្នាមក ដោយមានខ័ណ្ឌ។
ព្យាង្គ និងពាក្យ
ព្យាង្គ ៖ គឺសំឡេងចេញមកម្តង ទោះបានន័យក្តី មិនបានន័យក្តី។ ឧ. ក-គ-តិ-កិ-បង-សុំ-ទៅ-ឆាន់-ឮ
ពាក្យ ៖ គឺសំឡេងចេញមកម្តងក្តី ឬច្រើនដងក្តី មានន័យគ្រប់គ្រាន់។ ឧ. (ពាក្យ១ព្យាង្គ) ក- ខ-ឈប់-គិត-ពេញ, (ពាក្យ២ព្យាង្គ) សំដី-សម្រស់-ប្រសាសន៍-សម្បតិ្ត, (ពាក្យ៣ព្យាង្គ) អន្តរធាន- វិនិច្ឆ័យ-កេងប្រវ័ញ្ច, (ពាក្យ៤ព្យាង្គ) មមើមមាយ- អណ្តែតអណ្តូង-ឆពណ្ណរង្សី
ពាក្យពេចន៍ និងពាក្យសម្ផស្ស
១. ពាក្យពេចន៍ ៖ សម្រាប់រំលេចន័យខ្លឹមសាររបស់អត្ថបទកំណាព្យឲ្យលេចធ្លោឡើង ឲ្យអត្ថបទនោះមានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបារម្មណ៍ និងបំផុសឲ្យដឹងច្បាស់ពីគំនិតរបស់អត្ថបទ ចង់និយាយយ៉ាងណាៗនោះ។
២. ពាក្យសម្ផស្ស ៖ គឺជាពាក្យគន្លឹះចួន ឬហៅចំណាប់ចុងចួន ដែលធ្វើឲ្យរូបភាព ឬទម្រង់នៃអត្ថបទកំណាព្យមានសម្រស់ល្អឡើង ប្រកបដោយលក្ខណៈចួនផ្ទួនរណ្តំ។
គេចែកពាក្យសម្ផស្សជាពីរគឺ ៖
ក. ពាក្យសម្ផស្សក្នុង ៖ គឺសំគាល់លើចំណាប់ចួនផ្ទួនរណ្តំ ដែលស្ថិតក្នុងឃ្លាជាមួយគ្នា។ ឧ. ស្រីប្តីពីរបីពុំគាប់រាប់
ខ. ពាក្យសម្ផស្សក្រៅ ៖ គឺសំគាល់ចំណាប់ចួន ផ្ទួន រណ្តំ ដែលឆ្លងគ្នាពីឃ្លាមួយទៅឃ្លាមួយទៀត ឬពីល្បះមួយទៅល្បះមួយទៀត។ ឧទាហរណ៍ៈ
- សូរិយាកើតឃ្លង់ | ក្នុងមុងចំបែង | លោកខែកើតស្រែង |
ផ្កាយដុះកន្ទុយ។ | ||
- មូសពាំដំរី | ពីព្រៃធ្វើនុយ | ខ្លាចាស់ពោះស្អុយ |
ស៊ីនុយផឹនមូស។ | ||
- រុយជាប់ពីងពាង | ទៅឈឺមាត់ឈ្លូស | បានដៃសត្វមូស |
បឺតឈាមសព្វសត្វ។ |
(កំណាព្យនេះសរសេរក្នុងសម័យ លន់ នុល បកអាក្រាតពីរបបជិះជាន់ពុករលួយដល់ខួរឆ្អឹង ចៃអាមេរិកកាំង។)
សូរស័ព្ទ ឬសូរសៀង ឬសំនៀង
សូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅក្នុងកំណាព្យមានសារសំខាន់ណាស់ ព្រោះកំណាព្យដែលល្អ គឺកំណាព្យដែលមានចំណាប់ចួន និងផ្ទួនមានសូរសំឡេងដូចគ្នា។ ពោលបើសំនៀងនោះ ចេញមកពីព្យញ្ជនៈឃោសៈ ខ្យល់គ្រលរសំឡេង “អ៊” ត្រូវតែឲ្យចួនឃោសៈដែរ។ ឧទារហណ៍ ៖ គិត – មិត្ត – ពិត – រឹត។ គុំ – ជុំ – នំ – ធំ ។ល។ និង ។ល។
បើ សំនៀងចេញមកពីព្យញ្ជនៈ អឃោសៈ សំឡេងតូចស្រួយខ្យល់ “អ” ត្រូវតែឲ្យចួនអឃោសៈដែរ។ ឧទាហរណ៍ ៖ កង – បង – ឡង – សង – ដង ។ សត្វ – បាត់ – កាត់ – ម៉ាត់ ។ល។ និង ។ល។
មិន ត្រូវយកឃោសៈ ទៅចួននឹងអឃោសៈ ក៏ប៉ុន្តែតាមការសង្កេត បើព្យាង្គ ឬពាក្យទាំងឡាយណាដែលប្រើស្រៈ “ ួ ” ស្រៈ “ ឿ ” និងស្រៈ “ ៀ ” នោះព្យញ្ជនៈឃោសៈ និងអឃោសៈ អាចចួនគ្នាបាន ព្រោះមានសូរសំឡេងដូចគ្នា។ ឧទាហរណ៍ ៖
“ ួ ” គួ – តួ, គួន – ចួន, ពួន - ខ្លួន
“ ឿ “ លឿង – សឿង, គ្រឿង – ក្បឿង
“ ៀ “ ទិតៀន - បៀតបៀន, ទៀត - ស្នៀត
ឬអាចឆ្លងគ្នាបែបនេះក៏បាន គឺឃោសនៈស្រៈ “ ា “ ចួននឹងអឃោសៈស្រៈ “ ៀ “ ។ ឧទាហរណ៍ ៖ ឃ្លាន - ចៀន, នាង – សៀង, វាត – បៀត។
អាចនៅមានក្រៅពីនេះខ្លះទៀត ប៉ុន្តែជាសំខាន់ចំណាំតែសូរសំឡេងដូចគ្នា។
រង្វាស់ពាក្យ ឬមាត្រាពាក្យ
រង្វាស់ ពាក្យ ឬមាត្រាពាក្យ គឺចំនួនព្យាង្គជាកំណត់ក្នុងឃ្លានីមួយៗ និងចំនួនឃ្លាជាកំណត់ក្នុងល្បះនីមួយៗ។ គឺអាស្រ័យចំណាប់ចួនខុសគ្នា… កំណត់ព្យាង្គ និងឃ្លា ក្នុងល្បះខុសៗគ្នានេះហើយ ដែលនាំឲ្យរូបភាព “ទម្រង់” កំណាព្យទាំងឡាយខុសគ្នា និងមានឈ្មោះក៏ប្លែកៗគ្នាដែរ។
ឧទាហរណ៍ ៖ បទមេបួន មួយល្បះមាន៤ឃ្លា ក្នុងមួយឃ្លាមាន៤ព្យាង្គ។ បទកាកគតិ មួយល្បះមាន៧ឃ្លា ក្នុងមួយឃ្លាមាន៤ព្យាង្គស្មើគ្នា។
ចង្វាក់
ពាក្យ ចង្វាក់នៅក្នុងកំណាព្យគឺ សំគាល់ការលើក ឬដាក់សំឡេងដែលមានលក្ខណៈខុសៗគ្នា ទៅតាមបទកំណាព្យនីមួយៗ។ វាជាជំនួយជួយសម្រួលដល់ការនិពន្ធ ការពោល ឬការសូត្រកំណាព្យ និងជួយជម្រុញឲ្យកំណាព្យមានលក្ខណៈពិរោះរណ្តំជាតន្ត្រី។
ឧទាហរណ៍ ៖ បទពាក្យ ៧ ត្រូវសង្កត់សំឡេងលើព្យាង្គ ២ និង ៤ – ស្តាយសាច់ ស្រអែម កែមសំដី…។ បទពាក្យ ៨ ត្រូវសង្កត់សំឡេងលើព្យាង្គ ៣ និង ៥ – អនិច្ចា តោថ្ម លោកកសាង….។
សង្កេត
១ - បទពាក្យ ៦ ពាក្យ៧ ពាក្យ៨ ពាក្យ៩ ពាក្យ១០ និងពាក្យ១១ ជាឈ្មោះកំណាព្យ ដែលចាស់បុរាណយើងបាននិយមប្រើ ប៉ុន្តែតាមការពិត “ពាក្យ” នេះមិនមែនសំគាល់ចំនួនពាក្យនៅក្នុងឃ្លាទេ ផ្ទុយទៅវិញគឺសំគាល់ចំនួនព្យាង្គនៅក្នុងឃ្លានីមួយៗ ពោលគឺៈ បទពាក្យ៦ មាន៦ព្យាង្គក្នុងមួយឃ្លា, បទពាក្យ៧ មាន៧ព្យាង្គក្នុងមួយឃ្លា, បទពាក្យ៨ មាន៨ព្យាង្គក្នុងមួយឃ្លា, បទពាក្យ៩ មាន៩ព្យាង្គក្នុងមួយឃ្លា, បទពាក្យ១០ មាន១០ព្យាង្គក្នុងមួយឃ្លា និងបទពាក្យ១១ មាន១១ព្យាង្គក្នុងមួយឃ្លា។
២ – តាមធម្មតា បើគេនិពន្ធអត្ថបទកំណាព្យមួយដែលមានច្រើនល្បះ គេត្រូវរក្សាចំណាប់ចួន តាមពីល្បះទី១ រហូតដល់ល្បះបញ្ចប់… មិនត្រូវឲ្យភ្លាត់ ឬក៏ដាច់ចួននៅដំណាក់ណាមួយឡើយ។
៣ – ក្រោយពីការសិក្សារបៀបសូត្រកំណាព្យខ្មែរ យើងអាចសង្កេតឃើញថាៈ បទកំណាព្យនីមួយៗមិនមែនសម្រាប់បម្រើតែមនោសញ្ចេតនាមួយប៉ុណ្ណោះទេ ផ្ទុយទៅវិញបទទាំងនោះ អាចបម្រើបានស្ទើរតែគ្រប់មនោសញ្ចេតនារបស់មនុស្ស ដូចជារំភើប សប្បាយ កំសត់ ពិពណ៌នា និរាសព្រាត់ប្រាស កំហឹង ទូន្មានប្រៀនប្រដៅ សង្វេគ អវិជ្ជា ។ល។ និង ។ល។ ជាក់ស្តែងគ្រាន់តែបទកាកគតិមួយ យើងអាចសូត្របានច្រើនបែបគឺ ៖ សូត្រ បែបកូនក្មេង, សូត្របែបចាស់, សូត្របែបក្អែកលោត, សូត្របែបក្អែកបូល, សូត្របែបពិពណ៌នា, សូត្របែបទំនួញ, សូត្របែបពិលាប, សូត្របែបកាកកាត់ត្រើយ, សូត្របែបត្រៃលក្ខណ៌ជាដើម, ដែលអាស្រ័យដោយខ្លឹមសារ និងមនោសញ្ចេតនានៃអត្ថបទនោះកំណត់។
——————————————————————————-
អត្ថបទដកស្រង់ចេញពីសៀវភៅ “សិល្បៈតែងកំណាព្យ” និពន្ធដោយ ពេជ្រ ទុំក្រវ៉ិល, ភ្នំពេញ ២០០២។
No comments:
Post a Comment