Saturday, October 29, 2011

ប្រវត្ដិរូប​សង្ខេប​របស់ ខៀវ សំផន


ដកស្រងពី៖choukhmer

ខៀវ សំផន (ទស្សនាវដ្ដី​ស្វែងរកការពិត)

ខៀវ សំផន កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ នៅ​ខេត្ដ​ស្វាយរៀង ។ ខៀវ សំផន បាន​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៥ ។ នៅ​ឆ្នាំ​១៩៦២ ខៀវ សំផន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​នៅ​ក្នុង​រាជការ​របស់​សម្ដេច​ព្រះ​នរោត្ដម សីហនុ ។ ដោយ​មាន​ការ​គំរាម​រក​ចាប់ខ្លួន​ ខៀវ សំផន បាន​រត់​ទៅ​លាក់ខ្លួន​ក្នុង​ឆ្នាំ​១៩៦៧ ហើយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ខៀវ សំផន បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម ។

ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំផន បាន​កាន់​មុខ​តំណែង​ជា​ប្រមុខរដ្ឋ (ប្រធាន​គណៈ​ប្រធាន​រដ្ឋ) ។ បន្ទាប់​ពី ប៉ុល ពត បាន​ចូល​និវត្ដន៍​ពី​តំណែង​ប្រធាន​ក្រុម​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៨៧ ខៀវ សំផន បាន​ក្លាយជា​ប្រធាន​ក្រុម​ខ្មែរក្រហម និង​តំណាង​ឱ្យ​អង្គការ​ចាត់​តាំង​នៅ​ឯ​សន្និសីទ​សន្ដិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៨៩ ។ ក្រោយ​ពី​មរណៈភាព​របស់ ប៉ុល ពត ក្នុង​ឆ្នាំ​១៩៩៨ ខៀវ សំផន បាន​ចាក​ចេញ​ពី​ខ្មែរក្រហម ។

បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់

នៅ​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ​ធ្ងន់ធ្ងរ​ដែល​ក្នុង​នោះ​រួម​មាន «អំពើ​ប្រល័យពូជសាសន៍» «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ» (អំពើ​មនុស្សឃាត ការ​ដាក់​ឃុំឃាំង ការ​ធ្វើទុក្ខ​បុកម្នេញ ការ​សម្លាប់​បំផុត​ពូជ និង​អំពើ​មនុស្សធម៌​ដទៃ​ទៀត) ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម (អំពើ​មនុស្សឃាត​ដោយ​ចេតនា ការ​បង្ក​ព្យសនកម្ម​ធ្ងន់ធ្ងរ ឬ​ការ​ធ្វើ​ឱ្យ​ឈឺចាប់​ខ្លាំង​ដោយ​ចេតនា​ដល់​រាង​កាយ និង​សុខភាព ការ​ដកហូត​ដោយ​ចេតនា​ពី​អ្នកទោស​សង្គ្រាម និង​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះក្ដី​ដោយ​យុត្ដិធម៌ ការ​និរទេស ឬ​ជម្លៀស ឬ​ការ​បង្ខាំង​ជន​ស៊ីវិល​ដោយ​ខុសច្បាប់) ។ ខៀវ សំផន ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថែម​ទៀត​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សាសនា ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ។ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចាប់ខ្លួន ខៀវ សំផន នៅ​ឆ្នាំ​២០០៧ ហើយ​ដាក់​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ចាប់​តាំងពី​ពេល​នោះ​មក ។

ខៀវ សំផន កំពុង​ត្រូវ​បាន​ការពារ​ដោយ​មេធាវី​កម្ពុជា​ម្នាក់​ឈ្មោះ ស សូវាន ដែល​ពី​មុន​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ច្បាប់​ឱ្យ​រដ្ឋសភា​ជាតិ​កម្ពុជា និង​ជា​អ្នកជំនាញ​នៅ​ក្នុង​ក្រសួង​យុត្ដិធម៌ ព្រម​ជាមួយនឹង​មេធាវី​បារាំង​ឈ្មោះ ហ្សាក វែហ្សែស ដែល​ធ្លាប់​ការពារ​ឱ្យ​កូនក្ដី​ជា​ច្រើន​ដែល​ទទួល​បទ​ចោទ​ពី​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង ខៀវ សំផន សូម​មើល​លើ​ចំណុច​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង www.eccc.gov.kh/khmer/case_khieusamphan.aspx

កំណត់​សម្គាល់ៈ នៅ​ក្នុង​សវនាការ​របស់​អង្គ​បុរេ​ជំនុំជម្រះ ខៀវ សំផន បាន​ប្រាប់​តុលាការ​ថា ខ្លួន​កើត​នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្ដ​ស្វាយរៀង ។ ផ្ទុយ​ទៅ​វិញ បើ​យោង​តាម​អ្នកស្រុក​រស់នៅ​ស្រុក​រំដួល គឺ​គ្មាន​ឃុំ​ណា​ដែល​ដាក់​ឈ្មោះ​ថា រំចេក ឡើយ ក៏​ប៉ុន្ដែ​មាន​ឃុំ​ចំនួន​២ ដែល​មាន​ឈ្មោះ ចេក និង​ ស្វាយចេក




No comments:

Post a Comment