គ្រួសារ សាឡុត
ជីតារបស់ ប៉ុល ពត ឈ្មោះ ភឹម ។ ខ្ញុំមិនបានស្គាល់ឈ្មោះឪពុក និងជីតារបស់ ភឹម ទេ ហើយមជ្ឈមណ្ឌលឯកសារកម្ពុជាក៏គ្មានព័ត៌មានរបស់អ្នកទាំងពីរដែរ ។ ភឹម មានកូនប្រុសម្នាក់ឈ្មោះ សាឡុត ដែលត្រូវបានយកមកដាក់ធ្វើជានាមត្រកូលរបស់ ប៉ុល ពត គឺឈ្មោះ សាឡុត ស ។
ភឹម គឺជាមេបញ្ជាការយោធាខ្មែរសេរីម្នាក់នៅក្នុងអំឡុងរាជ្យព្រះបាទ ស៊ីសុវត្ថិ (១៩០៤-១៩២៧) ។ នៅពេលនោះគាត់បានចូលរួមនៅក្នុងចលនាតស៊ូមួយ ហើយបានបាត់បង់ជីវិតនៅទីនោះ ។ គាត់ជាមិត្ដរបស់តេជោ ថោង និង តេជោ អ៊ី ដែលជាអតីតចៅហ្វាយខេត្ដកំពង់ធំ ។ នៅក្នុងបទសម្ភាសន៍កាលពី១៩៩៧ ជាមួយ សាឡុត រឿង ដែលជាបងស្រីរបស់ ប៉ុល ពត ខ្ញុំមិនបានសួរថា ហេតុអ្វីបានជាខ្មែរសេរីម្នាក់ចងមិត្ដជាមួយនឹងចៅហ្វាយខេត្ដនោះទេ ។ ប្រហែលជាអ្នកទាំងនោះគឺជាមិត្ដភក្ដិនឹងគ្នាតាំងពីកុមារភាពមកក៏មិនដឹង ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រួសាររបស់ ប៉ុល ពត បានទទួលការលើកសរសើរនៅក្នុងខេត្ដដោយសារមានជីតាធ្លាប់ធ្វើជាអ្នកចម្បាំងកាលពីអតីតកាលដែរ ។ ការស្រាវជ្រាវបន្ថែមទៀត គឺដើម្បីបញ្ជាក់ពីតួនាទីរបស់ ភឹម ថាតើគាត់ធ្វើជាមេបញ្ជាការយោធាម្នាក់ ឬក៏ធ្វើជាខ្មែរសេរីម្នាក់ ឬក៏ទាំងពីរ ។
ចំណែកឪពុករបស់ ប៉ុល ពត ឈ្មោះ ភឹម សាឡុត ហើយម្ដាយឈ្មោះ សុក ណែម ។ អ្នកទាំងពីរគឺជាកសិករសុទ្ធសាធហើយគ្មានមុខរបរផ្សេងក្រៅពីនេះទៀតទេ ។ អ្នកទាំងពីរស្លាប់នៅកន្លែងដែលពួកគេចាប់កំណើតនៅក្នុងភូមិព្រែកស្បូវ ។ នៅអំឡុងរបបសាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ភូមិរបស់អ្នកទាំងពីរត្រូវបានប្រើប្រាស់ជាមូលដ្ឋានកាំភ្លើងធំដ៏សំខាន់ធំមួយរបស់ទាហាន លន់ នល់ ។ មេបញ្ជាការយោធានោះឈ្មោះ ទេព បែន ។ អ្នកភូមិជាច្រើនបាននិយាយថា ទ័ពព្រៃខ្មែរក្រហមមិនធ្លាប់ធ្វើការវាយប្រហារចូលមកក្នុងភូមិនេះទេនៅមុនឆ្នាំ១៩៧៥ ដែលជាឆ្នាំដែលកងទ័ពប្រដាប់អាវុធសាធារណរដ្ឋខ្មែរទទួលបរាជ័យ ។ តំណាងរាស្ដ្រកាលពីជំនាន់នោះមានឈ្មោះ ជា ឆេង ហើយនិងប្រធានឃុំឈ្មោះ សេង នី ដែលបច្ចុប្បន្នគាត់បានស្លាប់បាត់បង់ជីវិតអស់ទៅហើយ នៅក្នុងភូមិមានវត្ដមួយឈ្មោះ ពៅពិសី ។
នៅអំឡុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ អ្នកភូមិទាំងអស់ត្រូវបានជម្លៀសចេញ ។ អ្នកស្រុកទាំងនោះដែលនៅខាងជើងស្ទឹងសែនត្រូវបានជម្លៀសឱ្យទៅនៅភាគខាងជើងហើយអ្នកដែលមានទីលំនៅនៅខាងត្បូងស្ទឹងត្រូវបានជម្លៀសឱ្យទៅទិសខាងត្បូង ។ ភូមិនេះត្រូវបានកាន់កាប់ដោយកងទ័ព ប៉ុល ពត ព្រមទាំងជនជាតិភាគតិចកួយ និងចាមដែលនៅជិតស្និទ្ធជាមួយនឹងខ្មែរក្រហម ។
នៅអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩-១៩៨៩) និងអំឡុងសម័យរដ្ឋកម្ពុជាឆ្នាំ (១៩៨៩-១៩៩២) ជនជាតិចាម និងជនជាតិកួយដែលរស់នៅភូមិព្រែកស្បូវបានត្រឡប់ទៅកាន់ស្រុកកំណើតរបស់គេនៅក្នុងឃុំប្រាសាទ ស្រុកបារាយណ៍ ខេត្ដកំពង់ធំវិញ ។
អ្នកភូមិព្រែកស្បូវបាននិយាយថា ភូមិនេះមិនមែនជាគោលដៅវាយប្រហារពីសំណាក់ខ្មែរក្រហមទេកាលពីជំនាន់ លន់ នល់ ហើយភូមិព្រែកស្បូវក៏មិនដែលទទួលការគំរាមកំហែងដោយអាវុធអ្វីដែរ ។ លោក យន់ ប៉ោក ដែលជាប្រធានរដ្ឋបាលនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកំពង់ធំបានប្រាប់យើងថា នៅឆ្នាំ១៩៩៣ អ៊ំប្រុសរបស់ ប៉ុល ពត (យើងមិនបានសួរឈ្មោះរបស់គាត់) បានត្រឡប់មកពីជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ ដើម្បីសង់ផ្ទះមួយដែលមានពីរបន្ទប់ ។ អ៊ំប្រុសនេះធ្លាប់ធ្វើដំណើរពីខេត្ដកំពង់ធំ និងក្រុងប៉ៃលិន ជាកន្លែងដែលគាត់បានទទួលលុយពី ប៉ុល ពត តាមរយៈលោក អ៊ី ឈាន ។ គាត់ក៏ធ្លាប់បានទទួលលុយនៅស្រុកស្ទោងពីទាហានរបស់ ប៉ុល ពត នៅភ្នំដងរែកដែរ ។
ជួបជាមួយ សាឡុត រឿង ដែលជាបងស្រីរបស់ ប៉ុល ពត
សាឡុត រឿង
មេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំងពេលដែលយើងបានមកដល់ផ្ទះដូនចាស់ម្នាក់ឈ្មោះ សាឡុត រឿង ដែលជាបងស្រីរបស់ ប៉ុល ពត និងជាអតីតនារីស្រស់ស្អាតម្នាក់នៅក្នុងខេត្ដកំពង់ធំ ។ ពេលនោះ វាលស្រែមានពណ៌បៃតងខ្ចី ហើយផ្លូវក៏មានការលំបាកដោយសារមានភក់ច្រើន និងរអិលផង ។ ផ្លូវនេះតូចខ្លាំងណាស់សម្រាប់រថយន្ដធំរបស់យើង ដូច្នេះខ្ញុំត្រូវធ្វើដំណើរដោយថ្មើរជើងទៅកាន់ផ្ទះរបស់គាត់ ។ គាត់កំពុងសម្រាកនៅលើគ្រែនៅពេលដែលយើងទៅដល់ ។ កូនប្រសាស្រីរបស់គាត់ និងចៅៗរបស់គាត់បានចេញមកស្វាគមន៍យើង ។ ក្រោយមក កូនរបស់គាត់ក៏បានមកចូលរួមជាមួយយើងដែរ ។ យាយ រឿង ចាប់ផ្ដើមនិយាយពីផ្ទះរបស់ ឃុន មាឃ នៅក្នុងព្រះបរមរាជវាំង ។ ឈ្មោះនេះបានធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍ ហើយសួរគាត់ថា តើ ឃុន មាឃ នោះជានរណា ? គាត់បានឆ្លើយថា «ព្រះបាទមុនីវង្ស» ។
យាយរឿង បានរៀបរាប់ថា «ដំណាក់របស់ ឃុន មាឃ គឺជាលំនៅស្ថានមួយដែលធ្វើឡើងពីឥដ្ឋ ហើយលាបពណ៌ត្នោត ។ គ្មានសួនច្បារទេនៅឯដំណាក់ ឃុន មាឃ ។ រាជវាំងនេះមានសួនច្បារមួយស្អាតខ្លាំងណាស់ដែលមានផ្កាចម្រុះពណ៌ជាច្រើន ។ អ្នករបាំបានឡើងហាត់សមរបាំរបស់គេនៅក្នុងដំណាក់រាជបល្ល័ង្ក ។ កម្រាលព្រំនៅក្នុងដំណាក់រាជបល្ល័ង្កស្អាតខ្លាំងណាស់ ។ ខ្ញុំចូលចិត្ដវាជាខ្លាំង ។ ហើយដំណាក់រាជបល្ល័ង្កនេះក៏មានក្លិនក្រអូបដែរ ។ នៅរៀងរាល់យប់យើងមានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់ ។ យើងមិនដែលប្រើទៀននៅក្នុងដំណាក់រាជបល្ល័ង្កឡើយ» ។
យាយ រឿង បន្ថែមទៀតថា «ព្រះបាទមុនីវង្ស ចិត្ដល្អនឹងខ្ញុំខ្លាំងណាស់ ។ ខ្ញុំនៅក្បែរព្រះអង្គនៅថ្ងៃដែលទ្រង់សោយទិវង្គត ។ ព្រះអង្គមិនស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ (ក្រោយមក យាយរឿង បាននិយាយថា ព្រះអង្គគ្រងអាវស និងសារុង)» ។ យាយ រឿង ពោលទៀតថា «ខ្ញុំពាក់អាវមានផ្កាចម្រុះពណ៌ និងសំពត់ខ្មៅ ។ សក់របស់ខ្ញុំខ្លី និងមិនបានតុបតែងអ្វីទេ» ។
ខ្ញុំសួរថាតើព្រះអង្គចូលចិត្ដម៉ូតសក់របស់យាយទេ ? ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាត យាយរឿង បានប្រាប់ខ្ញុំថា «វាជារឿងសម្ងាត់» ។ នៅពេលសួរថា តើគាត់ធ្លាប់ផ្ទុំជាមួយព្រះអង្គទេមុនពេលដែលព្រះអង្គសោយទិវង្គត គាត់មិនបានឆ្លើយអ្វីទេ ប៉ុន្ដែគាត់ញញឹម ។ គាត់បាននិយាយថា ព្រះអង្គមិនចូលចិត្ដសក់វែង ហើយមានតុបតែងអ្វីទេ ។ ព្រះអង្គចូលចិត្ដសក់ខ្លីធម្មតា ។ នៅពេលដែលព្រះអង្គឃើញនារីមានសក់វែង ឬមានការតុបតែងម្ដងៗព្រះអង្គតែងតែថាឱ្យអ្នកទាំងនោះជានិច្ច ។ យាយរឿង បានបន្ថែមថា «នៅពេលដែលព្រះអង្គសោយទិវង្គតនៅលើភ្នំបូកគោ ខ្ញុំយំខ្លាំងណាស់ ។ ខ្ញុំនឹកព្រះអង្គ ។ ទោះបីជាពេលឥឡូវនេះ ក៏ខ្ញុំនៅតែនឹកព្រះអង្គដែរ» ។
ខ្ញុំសួរថាហេតុអ្វីបានជាអ៊ំនឹកព្រះអង្គខ្លាំងម្ល៉េះ ? តើព្រះអង្គបានធ្វើអ្វីខ្លះចំពោះអ៊ំ ? គាត់ញញឹមម្ដងទៀត រួចនិយាយជាមួយនឹងស្នាមញញឹមដ៏គួរឱ្យស្រឡាញ់ថា «ព្រះអង្គបានផ្ដល់ឱ្យខ្ញុំនូវអ្វីៗគ្រប់យ៉ាងទាំងអស់» ។
«នៅពេលដែលខ្ញុំទើបតែមកដល់ក្នុងព្រះរាជវាំងដំបូង ព្រះអង្គបានឱ្យក្រវិលពេជ្រខ្ញុំមួយគូរ ។ បីខែក្រោយមក ព្រះអង្គបានសង់ផ្ទះមួយខ្នងសម្រាប់ខ្ញុំ ។ ព្រះអង្គបានទិញឡានមួយឱ្យខ្ញុំ គ្រឿងសង្ហារិមមួយឈុត គ្រែនិងពូក គ្រឿងផាត់មុខ ហើយនិងអ្វីៗជាច្រើនទៀត ។ ព្រះអង្គថែមទាំងរៀបចំគ្រឿងសង្ហារិមសម្រាប់ខ្ញុំទៀតផង ។ ព្រះអង្គក៏បានប្រទានងារឱ្យខ្ញុំជាអ្នកម្នាងដែលមានឋានៈស្មើនឹងអ្នកម្នាង ម៉ូនិក នៅមុនពេលដែលអ្នកម្នាងបានក្លាយទៅជាម្ចាស់ក្សត្រីរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៣ដែរ»។ យាយ រឿង បានសើចហើយនិយាយថា គាត់គ្មានទ្រព្យសម្បត្ដិអ្វីទេ គឺមានតែខ្លួនទទេនៅពេលដែលគាត់ចូលមករស់នៅក្នុងរាជដំណាក់ ។
យាយ រឿង បាននិយាយថា នៅរៀងរាល់រដូវក្ដៅ ព្រះអង្គតែងតែយកគាត់ទៅលេងភ្នំបូកគោជានិច្ច ។ នៅរដូវវស្សាព្រះអង្គចូលចិត្ដយកគាត់ទៅលេងនៅត្រពាំងជង ខេត្ដពោធិ៍សាត់ណាស់ ។ យាយ រឿង បាននិយាយថា «ព្រះអង្គតែងតែយកខ្ញុំទៅជាមួយជានិច្ច ។ ព្រះអង្គស្រឡាញ់ខ្ញុំណាស់» ។ ខ្ញុំបានសួរ យាយរឿងថា «អ៊ីចឹង តើពេលនោះអ៊ំស្អាតណាស់មែនទេ ?» យាយរឿងមិនបានផ្ដល់ចម្លើយអ្វីទាំងអស់ ។ គាត់បានសើច ហើយនិយាយថា «ព្រះអង្គសោយអាហារមុន ហើយបន្ទាប់មកខ្ញុំហូបតាមក្រោយ ។ ក្នុងរាជវាំងមានមនុស្សបីនាក់ទទួលបន្ទុកចម្អិនអាហារសម្រាប់ព្រះអង្គ (ជនជាតិបារាំងម្នាក់ និងជនជាតិខ្មែរពីរនាក់) ។ មនុស្សជាច្រើនបម្រើព្រះអង្គនៅអំឡុងពេលសោយអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ។ ខ្ញុំធ្លាប់ហូបអាហារតែពីរនាក់ជាមួយព្រះអង្គ» ។
ខ្ញុំសួរថា «នៅកន្លែងណា ?» យាយ រឿង បានឆ្លើយថា «បូកគោ» ។ យាយ រឿង បាននិយាយទៀតថា «ព្រះអង្គបានទិញគ្រឿងអលង្ការជាច្រើនឱ្យខ្ញុំ» ។
ខ្ញុំបានសួរគាត់ថា តើព្រះអង្គបានឱ្យផ្កាទៅអ៊ំដែរឬទេ ? គាត់ញញឹមហើយនិយាយថា «យើងមិនចាំបាច់ឱ្យផ្កាគ្នាទៅវិញទៅមកទេ ពីព្រោះយើងបានយល់ចិត្ដគ្នាទៅវិញទៅមកហើយ ។ ព្រះអង្គចង់ឱ្យខ្ញុំធ្វើជាអ្នករាំរបាំ ប៉ុន្ដែខ្ញុំបដិសេធនឹងបញ្ជារបស់ទ្រង់» ។ ខ្ញុំក៏សួរដោយឆ្ងល់ថា «តើអ៊ំហ៊ានបដិសេធនឹងបញ្ជារបស់ព្រះអង្គដែរឬ ?» យាយ រឿង និយាយដោយញញឹមថា «ព្រះអង្គមិនអាចយកឈ្នះលើការអង្វរករបស់ខ្ញុំបានទេ» ។ យាយ រឿង បន្ថែមទៀតថា «ខ្ញុំមានភាពអៀនខ្មាសក្នុងការធ្វើជាអ្នករាំរបាំ ។ ក្រោយមក ព្រះអង្គយល់ស្រប ដោយមិនឱ្យខ្ញុំធ្វើជាអ្នករាំរបាំទេ» ។
ខ្ញុំគិតថាគាត់នៅតែស្រឡាញ់ព្រះអង្គយ៉ាងជ្រាលជ្រៅ ។ គាត់ដឹងពីអ្វីដែលគាត់ត្រូវនិយាយ ។ គាត់មិនបានសារភាពថាគាត់ធ្លាប់ផ្ទុំជាមួយព្រះអង្គទេមុនពេលព្រះអង្គសោយទិវង្គត ។ ប៉ុន្ដែគាត់មានភាពរីករាយនៅពេលដែលគាត់បាននិយាយប្រាប់ខ្ញុំថា គាត់បាននៅជាមួយព្រះអង្គនៅថ្ងៃដែលព្រះអង្គសោយទិវង្គត ។ គាត់ញញឹម និងសើចនៅពេលដែលនិយាយអំពីព្រះអង្គ ។
ខ្ញុំសួរគាត់ថា តើព្រះអង្គមានធ្លាប់ប្រគល់កន្សែងដៃដល់គាត់ដែរឬទេ ? បន្ទាប់មក គាត់ញញឹម ។ ខ្ញុំក៏សួរថា តើព្រះអង្គធ្លាប់នាំទៅប្រមាញ់សត្វដែរឬទេ ? គាត់ញញឹមម្ដងទៀត ។ គាត់ប្រាប់ខ្ញុំថាសំណួររបស់ខ្ញុំទាក់ទងនឹងរឿងផ្ទាល់ខ្លួនជាច្រើន ។ គាត់បាននិយាយថា «វាគឺជារឿងសម្ងាត់របស់ខ្ញុំ» ។ ខ្ញុំបានសួរគាត់អំពីការរាំរបាំនៅក្នុងព្រះបរមរាជវាំង ។ គាត់បានឱ្យខ្ញុំទៅនិយាយជាមួយមនុស្សម្នាក់ឈ្មោះ ស្មី ។ គាត់និយាយថា «ប៉ុន្ដែបច្ចុប្បន្ន ស្មី បានស្លាប់ហើយ» ។ ខ្ញុំបានបកស្រាយប្រាប់គាត់ពីសារសំខាន់ក្នុងការរក្សាប្រវត្ដិសាស្ដ្រ ។ គាត់ហាក់ដូចជាយល់ស្របជាមួយនឹងខ្ញុំ ហើយអញ្ជើញខ្ញុំមកសួរសុខទុក្ខគាត់ម្ដងទៀត ។
នៅជាមួយ សាឡុត រឿង ខ្ញុំយល់ថា ខ្ញុំកំពុងតែនិយាយជាមួយនារីឆ្លាត និងស្អាតម្នាក់ដែលទើបតែមានអាយុ២០ឆ្នាំ ។ គាត់នៅតែស្រឡាញ់ព្រះអង្គ ។ ខ្ញុំជឿជាក់ថា ព្រះអង្គបានផ្ទុំជាមួយគាត់ ហើយក្រោយមកព្រះអង្គបានសុគតនៅលើគ្រែនៅឯភ្នំបូកគោ ។ គាត់គឺជាមនុស្សតែម្នាក់ដែលនៅជាមួយព្រះអង្គនៅពេលព្រះអង្គសោយទិវង្គត ។
ប៉ុល ពត
បន្ទាប់មក គាត់ចាប់ផ្ដើមនិយាយអំពី ប៉ុល ពត ប្រាប់ខ្ញុំ ។ ប៉ុល ពត បានចាកចេញពីគ្រួសារនៅពេលដែលគាត់មានអាយុ៦ឆ្នាំ ។ នៅពេលដែល ប៉ុល ពត មានអាយុ៧ឆ្នាំ គាត់បានមកលេងភូមិម្ដង ។ គាត់ពាក់អាវស ខោស និងស្បែកជើងឈើ ។ គាត់ចូលចិត្ដនិយាយលេងអំពីអ្វីដែលសំខាន់ៗ ។ គាត់ដឹងពីអ្វីដែលខ្លួនគាត់និយាយ ប៉ុន្ដែគាត់ចូលចិត្ដនិយាយលេងសើចច្រើន ។ ប៉ុល ពត កើតនៅឆ្នាំឆ្លូវ (១៩២៥)។ បច្ចុប្បន្នគាត់គួរតែមានអាយុ៨៥ឆ្នាំ ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថា ប៉ុល ពត កើតនៅឆ្នាំឆ្លូវ ពីព្រោះខ្ញុំក៏កើតនៅឆ្នាំនេះដែរ ប៉ុន្ដែខ្ញុំកើត នៅក្រោយគាត់បីទសវត្សរ៍ ។
សាឡុត សេង
សាឡុត សេង បងប្រុសធំបង្អស់របស់ ប៉ុល ពត គឺជាកសិករ ។ គាត់បាននិយាយប្រាប់ខ្ញុំថា ខ្មែរក្រហមបានសម្លាប់កូនប្រុសរបស់គាត់ដែលមានអាយុ២១ឆ្នាំ ។ កូនរបស់គាត់ជាទាហាន លន់ នល់ ។ គាត់នឹងមិនអាចអភ័យទោសដល់ ប៉ុល ពត បានទេ ។
សាឡុត ញឹប
សាឡុត ញឹប ប្អូនប្រុសពៅរបស់ ប៉ុល ពត បាននិយាយថា ប៉ុល ពត គឺជាបងប្រុសដ៏គួរឱ្យស្រឡាញ់ ។ «ខ្ញុំនឹងនាំគាត់មកវិញប្រសិនបើគាត់គ្មានទោស» ។ គាត់បានបន្ថែមទៀតថា នៅពេលដែលគ្រួសាររបស់គាត់ រួមទាំង ប៉ុល ពត និងប្រពន្ធទីមួយរបស់គាត់ ខៀវ ប៉ុណ្ណារី បានមកភូមិរបស់គាត់ដើម្បីធ្វើបុណ្យសពឱ្យគាត់ យាយ រឿង មើលទៅប្រៀបបីដូចជាជនសក្ដិភូមិម្នាក់ ។ ចៅរបស់ ប៉ុល ពត ដែលរស់នៅជាមួយយាយ រឿង ហៅ ប៉ុល ពត ថា «វា» មានន័យថា «សត្វ» ។ យាយរឿង ហាក់ដូចជាកំពុងប្រាប់ខ្ញុំថា ប៉ុល ពត បានបំផ្លាញសុភមង្គលរបស់គាត់ ៕
No comments:
Post a Comment