ការចូលទៅសួរសុខទុក សាឡុត ញឹប នៅខែវិច្ឆិកា ឆ្នាំ២០០៩
ស្ថិតនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅនារដូវប្រាំង ខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងមួយដែល សាឡុត ស ត្រូវបានគេស្គាល់ឈ្មោះជាទូទៅថា ប៉ុល ពត បានចាប់កំណើតឡើង ។ គោលបំណងក្នុងការធ្វើដំណើរនេះ គឺដើម្បីជួបជាមួយនឹងក្មួយស្រីម្នាក់របស់ សាឡុត ស បន្ទាប់ពីឮដំណឹងថា ប្អូនប្រុសរបស់ សាឡុត ស ឈ្មោះ សាឡុត ញឹប បានទទួលមរណភាពកាលពីថ្មីៗកន្លងទៅនេះ ។ ទីកន្លែងដែលខ្ញុំបានទៅដល់គឺជាកន្លែងដែលគ្រួសាររបស់ សាឡុត បានរស់នៅហើយ ប៉ុល ពត និងបងប្អូនផ្សេងៗទៀតរបស់គាត់បានចាប់កំណើត និងចម្រើនវ័យ ។ ផ្ទះនេះបែរមុខទៅរកស្ទឹងសែនប្រហែលជា៥គីឡូម៉ែត្រភាគខាងលិចទីរួមខេត្ដកំពង់ធំ ។ យោងទៅតាមក្មួយស្រីរបស់ សាឡុត ស និងជាកូនស្រី របស់ ញឹប ឈ្មោះ ញឹប ថុល បានរៀបរាប់ថា ប៉ុល ពត មិនដែលមកលេងស្រុកកំណើតរបស់គាត់សោះ ។ បច្ចុប្បន្ន ញឹប ថុល មានអាយុ៤៧ឆ្នាំ បាននិយាយថា គាត់មិនដែលជួបជាមួយនឹងអ៊ំរបស់គាត់ដែលមានឈ្មោះ ប៉ុល ពត ឡើយ ។
នៅពេលដែលខ្ញុំមកដល់ផ្ទះនេះ មានតែ ថុល ម្នាក់ប៉ុណ្ណោះនៅក្នុងផ្ទះជាមួយនឹងកូនៗពីរបីនាក់ដែលកំពុងតែលេងនៅក្បែរនោះ ។ ពេលនោះ ថុល កំពុងចិតបន្លែសម្រាប់ចម្អិនអាហារថ្ងៃត្រង់ ហើយបន្ទាប់ពីឃើញខ្ញុំ គាត់បានឈប់ធ្វើមកស្វាគមន៍ខ្ញុំ ។ ក្នុងសម្លៀកបំពាក់សារុង និងអាវរលុងៗ ថុល បានសួរខ្ញុំដោយសម្ដីគួរសមថា «តើក្មួយមកទីនេះ មានការអ្វី ?» ក្នុងនាមជាភ្ញៀវម្នាក់ ខ្ញុំបានណែនាំខ្លួនឯងឱ្យគាត់ស្គាល់ ។
ផ្ទះរបស់ សាឡុត ញឹប
ផ្ទះនេះជាកម្មសិទ្ធិប្អូនប្រុសពៅរបស់ ប៉ុល ពត ឈ្មោះ សាឡុត ញឹប រហូតដល់គាត់បានទទួលមរណភាពនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១០ នៅអាយុ៨៤ឆ្នាំ ។ ថុល គឺជាកូនស្រីម្នាក់របស់ សាឡុត ញឹប ដែលរស់នៅក្នុងផ្ទះនេះ ។ ចំណែកកូនៗដទៃទៀតរស់នៅទីកន្លែងផ្សេងទៀត ។
នៅពេលដែល ប៉ុល ពត ជាសិស្សម្នាក់រៀននៅទីរួមខេត្ដកំពង់ចាម ហើយបន្ទាប់មកបានទៅបន្ដការសិក្សានៅប្រទេសបារាំង ញឹប គឺជាអ្នកមានទ្រព្យសម្បត្ដិម្នាក់ក្នុងភូមិ ។ ថុល បាននិយាយថា «កាលនោះឪពុករបស់ខ្ញុំមានក្របីច្រើនគួរសម ហើយនិងដីស្រែជាច្រើនហិកតា ។ យើងមានស្បៀងគ្រប់គ្រាន់សម្រាប់ហូប» ។ ប៉ុន្ដែ នៅអំឡុងពេលដែល ប៉ុល ពត ក្លាយជាថ្នាក់ដឹកនាំម្នាក់នៅក្នុងប្រទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ញឹប គឺជាបុរសសាមញ្ញម្នាក់ដែលធ្វើការងារធ្ងន់ៗដូចជាប្រជាជនដទៃទៀតនៅពេលនោះដែរ ។ ថុល បាននិយាយថា «ខ្ញុំអាណិតឪពុករបស់ខ្ញុំណាស់ គាត់ធ្វើការយ៉ាងហត់នឿយ ហើយមានម្ដងនោះនៅក្នុងឆ្នាំ១៩៧៦ គាត់ស្គមនៅសល់តែស្បែកដណ្ដប់ឆ្អឹង ហើយស្ទើរតែនឹងស្លាប់បាត់បង់ជីវិតទៀតផង» ។
ញឹប និងបងប្អូនដទៃទៀតមិនបានដឹងទេថា បងប្រុសរបស់គាត់ឈ្មោះ ប៉ុល ពត ជានាយករដ្ឋមន្ដ្រីនោះទេ រហូតដល់ពេលដែលគាត់បានឃើញរូបរបស់ ប៉ុល ពត បិទនៅលើជញ្ជាំងរោងបាយសហករណ៍នៅឆ្នាំ១៩៧៨ ។ សាឡុត ស បានបាត់ខ្លួនពីគ្រួសារអស់រយៈពេលជិត១០ឆ្នាំ រហូតដល់ ញឹប បានឃើញមុខបងប្រុសរបស់គាត់ម្ដងទៀតតាមរយៈរូបថតនេះ ។
នៅពេលសួរថាតើអ្នកភូមិនិងប្រធានសហករណ៍ដឹងថា ញឹប គឺជាប្អូនប្រុសរបស់ ប៉ុល ពត ទេ ? ថុល បាននិយាយថា «គ្មាននរណាម្នាក់នៅក្នុងភូមិបានដឹងពីរឿងនេះឡើយ ។ បងប្អូនជីដូនមួយរបស់ខ្ញុំម្នាក់ដែលធ្លាប់ធ្វើជាទាហាន លន់ នល់ ក៏ត្រូវខ្មែរក្រហមយកទៅសម្លាប់ដែរ ។ អ៊ំប្រុសរបស់ខ្ញុំម្នាក់ដែលត្រូវជាបងប្រុសរបស់ ប៉ុល ពត បានស្លាប់នៅខែមេសា ឆ្នាំ១៩៧៥ នៅព្រែកអញ្ចាញ» ។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ ប៉ុល ពត មិនវិលមកជួបជុំជាមួយនឹង ញឹប ឬក៏បងប្អូនផ្សេងៗទៀតឡើយ ។ ប៉ុល ពត មិនដែលមកលេងស្រុកកំណើតរបស់គាត់ទាល់តែសោះ ហើយ ញឹប ក៏មិនដែលមានឱកាសបានទៅលេងនៅអន្លង់វែងដែរ រហូតដល់សង្គ្រាមស៊ីវិលបានបញ្ចប់នៅចុងទសវត្សរ៍៩០ ។ ថុល បាននិយាយថា ញឹប មិនបានចងចាំថា គាត់បាននិយាយលាគ្នាចុងក្រោយទៅកាន់ សាឡុត ស និងក្រុមគ្រួសារនៅពេលណានោះទេ ។ ញឹប គ្រាន់តែអាចរៀបរាប់ពីឈ្មោះ សាឡុត ស ដែលបានចេញពីការចងចាំរបស់គាត់កាលពីនៅកុមារភាពប៉ុណ្ណោះ ។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងអ្នកស្រាវជ្រាវមួយក្រុមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ញឹប បាននិយាយថា ប៉ុល ពត គឺជាមនុស្សឆ្លាត ហើយចេះស្ដាប់បង្គាប់ចាស់ទុំ ។ ញឹប បាននិយាយថា «គាត់គឺជាក្មេងប្រុសម្នាក់ចិត្ដល្អ ហើយមិនដែលវាយជាមួយនឹងក្មេងដទៃដែលមានវ័យប្រហាក់ប្រហែលនឹងគាត់ឡើយ» ។ ញឹប បានជួបជាមួយនឹងបងប្រុសរបស់គាត់បន្ទាប់ពីគាត់ត្រឡប់មកពីសិក្សានៅប្រទេសបារាំងហើយ ញឹប យល់ថា ចរិតរបស់ សាឡុត ស នៅតែដដែល ។ ញឹប បានរៀបរាប់ថា «ចរិតរបស់គាត់គ្មានផ្លាស់ប្ដូរទេ ទោះបីជាគំនិតរបស់គាត់មិននៅក្នុងខ្លួនរបស់ខ្ញុំក៏ដោយ» ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ញឹប មិនបានត្រឡប់មកកាន់ភូមិកំណើតរបស់គាត់ទេ រហូតដល់ឆ្នាំ១៩៨២ ។ ពេលមកដល់ភូមិកំណើតវិញទោះបីជាអ្នកភូមិបានដឹងថា គាត់គឺជាប្អូនប្រុសម្នាក់របស់ពេជ្ឈឃាតម្នាក់ក៏ដោយ ប៉ុន្ដែគាត់នៅទទួលបានការស្រឡាញ់រាប់អានពីអ្នកភូមិដដែល ដោយសារតែបុណ្យកុសលដែលគាត់បានសាងពីមុនពីព្រោះប្រជាជនបានដឹងថា គាត់ក៏រងគ្រោះដូចប្រជាជនផ្សេងៗទៀតដែរនៅអំឡុងរបបខ្មែរក្រហម ។ ថុល បាននិយាយថា ក្រុមគ្រួសាររបស់ សាឡុត ទាំងអស់មិនមានទំនាក់ទំនងជាមួយនឹងសាឡុត ស ទេ ។ ថុល តែងតែគិតថា ឪពុករបស់គាត់គឺជាមនុស្សល្អម្នាក់ ហើយនិយាយថា គាត់មិនពាក់ព័ន្ធជាមួយនឹងការស្លាប់ប្រជាជនកម្ពុជារាប់លាននាក់នោះឡើយ ។
ខ្ញុំបានបន្ដសួរទៅ ថុល ទៀតថា ដោយវិធីណា និង ពេលណាទើបដឹងថា ប៉ុល ពត បានទទួលមរណភាព ? គាត់បាននិយាយថា គាត់បានដឹងតិចតួចប៉ុណ្ណោះអំពីមរណភាពរបស់ ប៉ុល ពត ហើយគាត់បានដឹងដំណឹងពី ប៉ុល ពត តាមតែអ្នកកាសែតដែលបានមកនៅផ្ទះរបស់គាត់ប៉ុណ្ណោះ ។ ថុល បាន និយាយថា «ប៉ុល ពត មានមុខមាត់ស្រដៀងគ្នាជាមួយនឹងឪពុករបស់ខ្ញុំដែរ» ។ គាត់បានឃើញរូបថតរបស់ ប៉ុល ពត ជាលើកដំបូងនៅចុងទសវត្សរ៍៩០ ។ រឿងមួយទៀតដែល ថុល បានដឹងពី ប៉ុល ពត គឺការកាត់ទោសចំពោះ ប៉ុល ពត ដោយ តាម៉ុក នៅក្នុងឆ្នាំ១៩៩៧ ។
បន្ទាប់ពីខ្ញុំបានរៀបរាប់ប្រាប់ ថុល ដោយសង្ខេបអំពីដំណើរការកាត់ទោស និងការឃុំខ្លួន ប៉ុល ពត ឱ្យនៅក្នុងផ្ទះរបស់គាត់នៅអន្លង់វែង ហើយនិងការស្លាប់របស់គាត់នៅរយៈពេលមួយឆ្នាំក្រោយមក ថុល បានសួរថាតើគាត់ស្លាប់ដោយជំងឺអ្វី ? មុនពេលខ្ញុំឆ្លើយនឹងសំណួររបស់គាត់ ថុល បានបន្ដថា «គាត់ប្រហែលជាមានជំងឺដូចជាឪពុករបស់ខ្ញុំអ៊ីចឹង ។ ខ្ញុំឮថា គាត់មានជំងឺលើសឈាម» ។
សាឡុត ញឹប គឺជាប្អូនប្រុសពៅរបស់ ប៉ុល ពត ។ ញឹប បានទទួលមរណភាពនៅថ្ងៃទី៤ ខែកុម្ភៈ នៅតាមផ្លូវពីទីក្រុងភ្នំពេញទៅកាន់ស្រុកកំណើតរបស់គាត់នៅក្នុងខេត្ដកំពង់ធំ បន្ទាប់ពីត្រូវបានដឹកចេញមកពីមន្ទីរពេទ្យមួយនៅទីក្រុងភ្នំពេញ ។ ថុល បាននិយាយប្រាប់ខ្ញុំអំពីសុខភាពរឹងមាំរបស់ឪពុកគាត់នៅមុនពេលដែលឪពុករបស់គាត់បានទទួលមរណភាព ។ ថុល បាននិយាយថា «បីបួនថ្ងៃមុននេះ គាត់បាននិយាយថា គាត់មានអារម្មណ៍មិនស្រួលខ្លួន ហើយខ្ញុំគិតថា វាជារឿងធម្មតាសម្រាប់មនុស្សចាស់ម្នាក់ដែលមានអាយុជាង៨០ឆ្នាំទៅហើយ ។ អ្នកភូមិឃើញគាត់ជិះកង់ទៅមើលផ្លូវដែលកំពុងតែធ្វើនៅក្បែរផ្ទះគាត់ពីរបីថ្ងៃមុនគាត់ធ្លាក់ខ្លួនឈឺ ។ គាត់មិនបាននិយាយពាក្យលាមកកាន់ខ្ញុំទេ ។ គាត់បានទទួលមរណភាពដោយស្ងៀមស្ងាត់ ។»
ពេលនិយាយមកដល់ចំណុចនេះ ថុល បានឱ្យកូនប្រុសរបស់គាត់ឡើងទៅលើផ្ទះដើម្បីយកស៊ុមរូបថតបុណ្យសពរបស់ ញឹប និងរូបថតរបស់គាត់មួយសន្លឹកទៀត ដែលថតដោយចៅប្រុសម្នាក់នៅពេលដែលគាត់អង្គុយក្បែរទ្វារមុខកាំជណ្ដើរកាលពីពីរខែកន្លងទៅ ។ តាមរយៈរូបថត ខ្ញុំអាចសន្និដ្ឋានបានថា មនុស្សជាច្រើនបានមកចូលរួមបុណ្យសពរបស់ ញឹប ។ ថុល បាននិយាយថា «គ្មាននរណាម្នាក់ស្អប់ឪពុករបស់ខ្ញុំទេ ហេតុនេះហើយបានជាមានអ្នកភូមិជាច្រើនមកចូលរួមបុណ្យសពរបស់គាត់» ។
សពរបស់ សាឡុត ញឹប ត្រូវបានបូជានៅមុខផ្ទះរបស់គាត់ដែលស្ថិតនៅចន្លោះដើមឫស្សីពីរគុម្ពធំដែលដុះនៅក្បែរមាត់ស្ទឹងសែន ។ សាឡុត ញឹប គឺជាកូនប្រុសពៅរបស់ ភឹម សាឡុត និង សុក ណែម ។ សាឡុត និង ណែម មានកូនប្រាំពីរនាក់ ។ មរណភាពរបស់ ញឹប បានបង្ហាញអំពីថ្ងៃអវសានរបស់គ្រួសារសាឡុត ។ ប្រពន្ធរបស់ ញឹប បានទទួលមរណភាព ដោយសារជំងឺលើសឈាមនៅក្នុងឆ្នាំ២០០១ ៕
No comments:
Post a Comment