ដកស្រង់ចេញពី៖Chouk Khmer
អៀង សារី កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩២៥ នៅភូមិលឿងវ៉ា ឃុំលឿងវ៉ា ខេត្ដត្រាវិញ ប្រទេសវៀតណាម ។ អៀង សារី បានរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញ ហើយបន្ទាប់មកបានបន្ដការសិក្សានៅប្រទេសបារាំង ។ អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយក្លាយទៅជាគ្រូបង្រៀនប្រវត្ដិវិទ្យានៅឆ្នាំ១៩៥៧ ។ អៀង សារី ទំនងជាបានចូលរួមជាមួយខ្មែរក្រហមនៅឆ្នាំ១៩៦៣ ។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី គឺសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងជួររដ្ឋាភិបាល ហើយបានកាន់មុខតំណែងជាឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីការបរទេស ។ អៀង សារី ត្រូវបានជឿជាក់ថាបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូនសមាជិកមួយចំនួនដែលបម្រើការនៅក្នុងក្រសួងការបរទេសយកទៅដាក់ឃុំឃាំងនៅមន្ទីរស-២១ (ទួលស្លែង) ដែលនៅទីនោះ ជនដែលត្រូវបានបញ្ជូនទៅទាំងអម្បាលមានបានទទួលរងនូវការសួរចម្លើយ និងការសម្លាប់ផ្ដាច់ជីវិត ។
ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដួលរលំនៅឆ្នាំ១៩៧៩ អៀង សារី ត្រូវបានកាត់ឱ្យជាប់ទោសដោយកំបាំងមុខពីបទ «ប្រល័យពូជសាសន៍» ហើយសម្រេចឱ្យប្រហារជីវិតដោយតុលាការប្រជាជនបដិវត្ដន៍កម្ពុជា ។ នៅឆ្នាំ១៩៩៦ អៀង សារី បានចាកចេញពីខ្មែរក្រហមរួម និងអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួនរាប់ពាន់នាក់ដើម្បីជាថ្នូរនឹងការប្រទានការអត់ឱនទោសពីសំណាក់ព្រះមហាក្សត្រលើការសម្រេចទោសប្រហារជីវិត និងការសន្យាថា ខ្លួននឹងមិនត្រូវបានផ្ដន្ទាទោសក្រោមច្បាប់ឆ្នាំ១៩៩៤ ដែលបានចែងថា រចនាសម្ព័ន្ធអង្គការរបស់ខ្មែរក្រហមគឺមានលក្ខណៈមិនស្របច្បាប់ ។ នៅពេលនោះ អៀង សារី បានផ្លាស់មកនៅទីក្រុងភ្នំពេញជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ អៀង ធីរិទ្ធ ដែលនឹងត្រូវធ្វើការកាត់ទោសនៅក្នុងសំណុំរឿងលេខ ០០២ ។
បទឧក្រិដ្ឋដែលចោទប្រកាន់
នៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អៀង សារី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋអន្ដរជាតិធ្ងន់ធ្ងរដែលក្នុងនោះរួមមាន «អំពើប្រល័យពូជសាសន៍» «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» (មនុស្សឃាត ការដាក់ឃុំឃាំង ការធ្វើទុក្ខបុកម្នេញ ការសម្លាប់បំផុតពូជ និងអំពើមនុស្សធម៌ដទៃទៀត) ព្រមទាំងឧក្រិដ្ឋកម្មសង្គ្រាម (មនុស្សឃាតដោយចេតនា ការបង្កព្យសនកម្មធ្ងន់ធ្ងរ ឬការធ្វើឱ្យឈឺចាប់ខ្លាំង ដោយចេតនាដល់រាងកាយ និងសុខភាព ការដកហូតដោយចេតនាពីអ្នកទោសសង្គ្រាម និងជនស៊ីវិលនូវសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្ដិធម៌ ការនិរទេស ឬជម្លៀស ឬការបង្ខាំងជនស៊ីវិលដោយខុសច្បាប់) ។ អៀង សារី ក៏ត្រូវបានចោទប្រកាន់ថែមទៀតអំពីបទមនុស្សឃាតដោយចេតនា ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញលើសាសនាក្រោមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចាប់ខ្លួន អៀង សារី នៅឆ្នាំ២០០៧ ហើយដាក់ឃុំខ្លួនបណ្ដោះអាសន្នចាប់តាំងពីពេលនោះមក ។ អៀង សារី កំពុងត្រូវបានការពារដោយមេធាវីកម្ពុជាម្នាក់ឈ្មោះ អាង ឧត្ដម ដែលមានបទពិសោធន៍ក្នុងការការពារជនកម្ពុជាដែលត្រូវបានចោទពីបទឧក្រិដ្ឋផ្សេងៗ ព្រមជាមួយមេធាវីអាមេរិកាំងម្នាក់ឈ្មោះ ម៉ាយខើល ខាណឺវាស ដែលមានបទពិសោធន៍ការពារក្ដីឱ្យជនដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋអន្ដរជាតិ ៕
សម្រាប់ព័ត៌មានបន្ថែមទាក់ទិននឹង អៀង សារី សូមមើលលើចំណុចព័ត៌មានទាក់ទងនឹងសំណុំរឿង www.eccc.gov.kh/khmer/case_iengsary.aspx
No comments:
Post a Comment