Saturday, October 29, 2011

ប្រវត្ដិរូប​សង្ខេប​របស់ អៀង ធីរិទ្ធ​

ដកស្រង់ចេញពីChouk Khmer

អៀង ធីរិទ្ធ (ទស្សនាវដ្ដី​ស្វែងរកការពិត)

អៀង ធីរិទ្ធ កើត​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​១៩៣២ នៅ​សង្កាត់​លេខ​៥ ក្រុង​ភ្នំពេញ ។ អៀង ធីរិទ្ធ បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក​ទទួល​បាន​សញ្ញាបត្រ​អក្សរសាស្ដ្រ​អង់គ្លេស​នៅ​ប្រទេស​បារាំង ។ អៀង ធីរិទ្ធ បាន​រៀប​ការ​ជាមួយ អៀង សារី នៅ​ឆ្នាំ​១៩៥១ ។ បងស្រី​របស់​ខ្លួន​ឈ្មោះ ខៀវ ប៉ុណ្ណារី បាន​រៀប​ការ​ជាមួយ ប៉ុល ពតអៀង ធីរិទ្ធ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៧ ហើយ​ធ្វើការ​ជា​គ្រូ​ង្រៀន​ភាសា​អង់គ្លេស ។

ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង ធីរិទ្ធ គឺ​ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​បាន​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ដ្រី​សង្គមកិច្ច និង​សុខាភិបាលអៀង ធីរិទ្ធ ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ស៊ើប​អង្កេត និង​រាយការណ៍​ពី​បញ្ហា​សុខាភិបាល​មួយ​ចំនួន​នៅ​ភូមិភាគ​ឧត្ដរ ហើយ​ទំនងជា​បានដឹង​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​កំពុង​អត់ឃ្លាន​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ អៀង ធីរិទ្ធ ក៏​ត្រូវ​បាន​ចោទ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់ខ្លួន និង​សម្លាប់​សមាជិក​មក​ពី​ក្រសួង​សង្គមកិច្ច​ និង​សុខាភិបាល ។ នៅ​ឆ្នាំ​១៩៩៦ អៀង ធីរិទ្ធ និង អៀង សារី បាន​ចាក​ចេញ​ពី​ខ្មែរក្រហម ។

បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់

នៅ​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អៀង ធីរិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ ដែល​ក្នុង​នោះ​រួម​មាន «អំពើ​ប្រល័យពូជសាសន៍» «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ» (មនុស្សឃាត ការ​ដាក់​ឃុំឃាំង ការ​ធ្វើទុក្ខ​បុកម្នេញ ការ​សម្លាប់​បំផុត​ពូជ និង​អំពើ​មនុស្សធម៌​ដទៃ​ទៀត) ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម អៀង ធីរិទ្ធ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថែម​ទៀត​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សាសនា​ក្រោម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចាប់ខ្លួន អៀង ធីរិទ្ធ នៅ​ឆ្នាំ​២០០៧ ហើយ​ដាក់​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ចាប់តាំងពី​ពេល​នោះ​មក ។​ អៀង ធីរិទ្ធ កំពុង​ត្រូវ​បាន​ការពារ​ដោយ​មេធាវី​កម្ពុជា​ម្នាក់​ឈ្មោះ ផាត់ ពៅស៊ាង ដែល​គឺជា​សាស្ដ្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង​សេដ្ឋកិច្ច ព្រម​ជាមួយនឹង​មេធាវី​អង់គ្លេស​ម្នាក់​ឈ្មោះ ដាយអាណា អែលលីស ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជាច្រើន ៕

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង អៀង ធីរិទ្ធ សូម​មើល​លើ​ចំណុច​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង www.eccc.gov.kh/khmer/case_iengthirith.aspx


No comments:

Post a Comment