Saturday, October 29, 2011

ប្រវត្ដិរូប​សង្ខេប​របស់ នួន ជា

ដកស្រង់ចេញពី៖​Chouk Khmer

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

នួន ជា កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ភូមិ​វត្ដគរ ឃុំ​វត្ដគរ ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ។ នួន ជា បាន​ចូល​រៀន​ថ្នាក់​វិទ្យាល័យ និង​ចូល​រៀន​ច្បាប់​នៅ​ទីក្រុង​បាងកក ដែល​នៅ​ទីនោះ នួន ជា បាន​ចូលរួម​ក្នុង​បក្ស​កុម្មុយនិស្ដ​ថៃ ។ នៅ​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥០ នួន ជា បាន​ចូលរួម​ក្នុង​បក្ស​កុម្មុយនិស្ដ​ក្នុង​ស្រុក ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៦០ នួន ជា បាន​ក្លាយ​ទៅជា​សមាជិក​ជាន់​ខ្ពស់​មួយ​រូប ។

នួន ជា គឺជា​មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បាន​កាន់​តំណែង​ដ៏​សំខាន់​រួម​មាន​ តំណែង​ជា​ប្រធាន​សភា​ប្រជាជន និង​នាយក​រដ្ឋមន្ដ្រី​ស្ដីទី នួន ជា គឺជា​សមាជិក​ទី​២ ដែល​មាន​អំណាច​បំផុត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បន្ទាប់​ពី ប៉ុល ពត ។ មាន​ការ​ជឿជាក់​ថា នួន ជា ធ្លាប់​ទទួល​បន្ទុក​គ្រប់គ្រង​លើ​មន្ទីរ​សន្ដិសុខ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​រាប់​ទាំង​មន្ទីរ​ស-២១ (ទួលស្លែង) ។ ក្រោយ​មរណៈភាព​របស់ ប៉ុល ពត នៅ​ឆ្នាំ​១៩៩៨នួន ជា បាន​ចាប់​ផ្ដើម​ការ​ពិភាក្សា​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​ជា​អ្នក​បញ្ចុះ​បញ្ចូល​ឱ្យ នួន ជា ចាក​ចេញពី​ខ្មែរក្រហម ។

បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់

នៅ​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នួន ជា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​អន្ដរជាតិ​ធ្ងន់ធ្ងរ​ដែល​ក្នុង​នោះ​រួម​មាន «អំពើ​ប្រល័យ​ពូជសាសន៍» «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ» (មនុស្សឃាត ការ​ធ្វើ​ទារុណកម្ម ការ​ដាក់​ឃុំឃាំង ការ​ធ្វើទុក្ខ​បុកម្នេញ ការ​សម្លាប់​បំផុត​ពូជ ការ​និរទេស ការ​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ ការ​ដាក់​ជា​ទាសករ និង​អំពើ​មនុស្សធម៌​ដទៃ​ទៀត) ព្រមទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម (ការ​សម្លាប់​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម ការ​ប្រព្រឹត្ដ​អមនុស្សធម៌​ ការ​បង្ក​ព្យសនកម្ម​ធ្ងន់ធ្ងរ ឬ​ការ​ធ្វើ​ឱ្យ​ឈឺចាប់​ខ្លាំង​ដោយ​ចេតនា​ដល់​រាង​កាយ និង​សុខភាព ការ​ដកហូត​ដោយ​ចេតនា​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះក្ដី​ដោយ​យុត្ដិធម៌ ការ​និរទេស ឬ​ជម្លៀស​ដោយ​បង្ខំ ឬ​ការ​បង្ខាំង​ជន​ស៊ីវិល​ដោយ​ខុសច្បាប់) ។ នួន ជា ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថែម​ទៀត​អំពី​បទ​មនុស្សឃាត​ដោយ​ចេតនា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សាសនា​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ។ នួន ជា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ចាប់តាំង​ពី​ពេល​នោះ​មក ។

នួន ជា កំពុង​ត្រូវ​បាន​ការពារ​ដោយ​មេធាវី​កម្ពុជា​ម្នាក់​ឈ្មោះ សុន អរុណ ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ការពារ​ជន​កម្ពុជា​ដែល​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ព្រម​ជាមួយ​មេធាវី​អន្ដរជាតិ​២​នាក់​ផ្សេង​ទៀត​ដែល​ម្នាក់​មក​ពី​ប្រទេស​ហុឡង់ដ៍​ឈ្មោះ ម៉ាយខើល ផែសមែន និង​ម្នាក់​ទៀត​ឈ្មោះ វិកទ័រ កូបពេ

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង នួន ជា សូម​មើល​លើ​ចំណុច​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង www.eccc.gov.kh/khmer/case002.aspx



No comments:

Post a Comment