Saturday, October 29, 2011

ជីវប្រវត្តិរបស់ នួន ជា ឬ ឡូ បិនគុណ ឬ ឡៅ បេនគន ឬ រុងឡឺត ឡៅឌី ឬ រុងលឹត ឡៅឌី

ដកស្រង់ចេញពី៖​Chouk Khmear

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

នួន ជា ​នៅ​ទីក្រុង​បាងកក (១៩៤២-១៩៥០) និង​បក្ស​កុម្មុយនីស្ដ​ថៃ

ជីវិត​របស់​បុរស​នេះ​នៅ​ទីក្រុង​បាងកក​ដែល​បាន​ក្លាយជា “បងធំ​ទី​២” នៅ​ក្នុង​របប​ខ្មែរក្រហម

ដោយ អ៊ីជី ម៉ូរ៉ាស្ស៊ីម៉ា

ផ្អែក​លើ​បទ​សម្ភាសន៍​ជាមួយ នួន ជា​ និង​អតីត​សម​មិត្ដ​របស់​គាត់​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ និង​ផ្អែក​លើ​កំណត់​ត្រា​សិក្សា​នៅ​ក្នុង​ទីក្រុង​បាងកក​ ការ​សិក្សា​នេះ​បង្ហាញ​ជូន​ពី​ភាព​លម្អិត​ស្ដី​អំពី​ជីវិត​របស់​គាត់​នៅ​ក្នុង​ទីក្រុង​បាងកក​ និង​កែតម្រូវ​ព័ត៌មាន​ដែល​ភ័ន្ដ​ច្រឡំ​បាន​សរសេរ​អំពី​គាត់ ។ គាត់​កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ខេត្ដ​បាត់ដំបង និង​បាន​ទៅ​ទីក្រុង​បាងកក នៅ​ឆ្នាំ​១៩៤២ ដើម្បី​សិក្សា​ថ្នាក់ឧត្ដម​ដោយ​មាន​ឈ្មោះ​ថា រុងឡឺត ឡៅឌី ឬ រុងលឹត ឡៅឌី ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​រៀន​វគ្គ​ត្រៀម​២​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ បន្ទាប់​មក​បាន​ចូល​រៀន​ខាង​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ ។ គាត់​បាន​ចូល​ក្នុង​អង្គការ​យុវជន​ថៃ​ឆ្វេងនិយម​នៅ​ឆ្នាំ​១៩៤៧​ និង​បាន​ចាប់​ផ្ដើម​បម្រើ​ការ​ជា​ស្មៀន​នៅ​ក្រសួង​ហិរញ្ញវត្ថុ ។ ក្នុង​ចំណោម​មិត្ដភក្ដិ​ជិត​ស្និទ្ធ​របស់​គាត់ គាត់​បាន​ស្គាល់​អង្គការ​យុវជន​ថៃ ហើយ​អ្នក​នៅ​កន្លែង​ធ្វើការ​របស់​គាត់​គឺជា​អ្នក​ដែល​បាន​ក្លាយជា​សមាជិក​របស់​បក្ស​កុម្មុយនីស្ដ​ថៃ​ ប៉ុន្ដែ​គាត់​ស្ថិត​ក្រៅ​មណ្ឌល​របស់​បក្ស​អស់​រយៈពេល​៤​ឆ្នាំ​ដោយ​មិន​ចូលរួម​រហូត​ដល់​ឆ្នាំ​១៩៥០ ។

ត្រឹម​ខែ​មករា​ ឆ្នាំ​១៩៥០ គាត់​ស្ទើរតែ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ ។ នៅ​ឆ្នាំ​នោះ​គាត់​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ថៃ និង​ចាប់ផ្ដើម​ធ្វើការ​នៅ​ក្នុង​ក្រសួងការបរទេស ។ ប៉ុន្ដែ​គាត់​បាន​បោះបង់​ចោល​ការ​សិក្សា និង​ការងារ​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មាន​ព័ត៌មាន​តិចតួច​ ឬ​គ្មាន​សោះ​ស្ដី​អំពី​ពេលវេលា​របស់​ នួន ជា នៅ​ក្នុង​ប្រទេស​ថៃ​ពន្យល់​អំពី​ជម្រើស​នយោបាយ​កែប្រែ​សង្គម​ទាំងស្រុង និង​កាប់សម្លាប់​នៅ​ពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច ។ ជម្រើស​ទាំងនេះ​ប្រាកដជា​មាន​ឫសគល់​ផ្សេង​ទៀត​ ដូចជា ​បទ​ពិសោធន៍​របស់ នួន ជា នៅ​ក្នុង​ប្រទេស​វៀតណាម​ ឬ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​គាត់​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៥៥ ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

សេចក្ដី​ផ្ដើម

ក្នុង​នាម​ជា​លេខា​ទី​ពីរ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា ជា​តំណែង​ដែល​គាត់​បាន​កាន់​តាំងពី​ឆ្នាំ​ទសវត្សរ៍​ឆ្នាំ​១៩៦០ នួន ជា ត្រូវ​បាន​ស្គាល់​ថា​ជា «បងធំ​ទី​២» ដែល​ឈរ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​មេដឹកនាំ​បក្ស ប៉ុល ពត ឈ្មោះ​ហៅ​ក្រៅ សាឡុត ស (១៩២៥-១៩៩៨) ។ បន្ទាប់​ពី​កាន់កាប់​ទីក្រុង​ភ្នំពេញ​ដោយ​កម្លាំង​កុម្មុយនីស្ដ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឈ្មោះ​របស់​ប្រទេស​ត្រូវ​បាន​ប្រែ​ទៅ​ជា​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ នួន ជា បាន​ក្លាយជា​ប្រធាន​សភា​តំណាង​ប្រជាជន​របស់​ប្រទេស ។ នៅ​ក្នុង​តំណែង​ជា​ច្រើន​គាត់​បាន​ក្លាយជា​កម្លាំង​ជំរុញ​បែប​មនោគមន៍វិជ្ជា​នៅ​ពីក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ទទួល​ខុសត្រូវ​ចំពោះ​គោលនយោបាយ​ផ្លាស់​ប្ដូរ​ប្រទេស​ទាំងស្រុង​របស់​ខ្លួន ។​

បន្ទាប់​ពី​ការ​លុកលុយ​របស់​វៀតណាម​មក​លើ​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨ គាត់​បាន​ស្នាក់​នៅ​ជាមួយ ប៉ុល ពត ដោយ​ដកថយ​មក​ជាមួយ​មេដឹកនាំ​បក្ស​មក​កាន់​ជនបទ ។ ប៉ុល ពត ស្លាប់​នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​ដដែល នួន ជា ជាមួយ ខៀវ សំផន ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​ថា​យល់​ព្រម​ចុះ​ចូល និង​និយាយ​ថា​ពួក​គេ​មាន​បំណង​រស់​នៅ​ក្នុង​ប្រទេស​ជា​ពលរដ្ឋ​សាមញ្ញ ។ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​ស្នើ​ឡើង​នេះ ។ បន្ទាប់​ពី​នោះ នួន ជា បាន​ផ្លាស់​ទៅ​ក្រុង​ប៉ៃលិន​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ហើយ​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់ ។ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧​ គាត់​ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​នៃ​អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ គាត់​ត្រូវ​បាន​នាំ​ខ្លួន​មក​ទីក្រុង​ភ្នំពេញ​ ហើយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​សវនាការ​នៅ​ចំពោះ​មុខ​សាលាក្ដី​ពិសេស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ទំនុក​បម្រុង​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទៅ​លើ​អំពើ​ប្រល័យ​ពូជសាសន៍ ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

ចំណេះដឹង​រួម​មួយ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ស្ដីពី​ប្រវត្ដិសាស្ដ្រ​កម្ពុជា​សម័យ​ទំនើប​គឺ នួន ជា បាន​ទទួល​ការ​អប់រំ​ថ្នាក់​មធ្យម និង​ថ្នាក់ឧត្ដម​នៅ​ទីក្រុង​បាងកក​ដែល​គាត់​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ធ្វើការ​ជា​មន្ដ្រី​មួយ​រូប​នៅ​ក្នុង​រដ្ឋាភិបាល​ថៃ​ ហើយ​នៅ​ក្នុង​ទីក្រុង​បាងកក​គាត់​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មិន​មាន​ការ​សិក្សា​ណាមួយ​ដែល​ផ្ដល់​ឱ្យ​នូវ​រូបភាព​ត្រឹមត្រូវ និង​លម្អិត​របស់​បុរស​ម្នាក់​នៅ​ក្នុង​អំឡុង​ឆ្នាំ​ដែល​គាត់​បាន​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាងកក​ទេ ។ នៅ​ក្នុង​ស្នាដៃ​របស់​គាត់​ស្ដីពី ប៉ុល ពត ដេវីដ ឆេនល័រ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ល្បីល្បាញ​ម្នាក់​ទៅ​លើ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​សម័យ​ទំនើប​គ្រាន់តែ​បង្ហាញ​ជួន​ដោយ​សង្ខេប​អំពី នួន ជា ដោយ​និយាយ​យ៉ាង​ងាយ​ថាៈ នួន ជា គឺជា​ខ្មែរ​កាត់​ចិន​មក​ពី​ខេត្ដ​បាត់ដំបង​ ហើយ​កើត​ក្នុង​គ្រួសារ​ធូរធា​នៅ​ឆ្នាំ​១៩២៧ ។ ឈ្មោះ​របស់​គាត់​ពី​កំណើត​គឺ ឡូ បិនគុណ (ឡៅ បេនគន ?) ។ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ​នៅ​ពេល​ដែល​ខេត្ដបាត់ដំបង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ថៃ​ គាត់​បាន​ទៅ​ទីក្រុង​បាងកក​ដែល​គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​នៅ​ក្រោម​ឈ្មោះ ឡុង រួត ។ នៅ​ឆ្នាំ​១៩៤៥ គាត់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជា​និស្សិត​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ក្នុង​ទីក្រុង​បាងកក ដែល​គាត់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា ។ ភ្លាម​នោះ​គាត់​បាន​ក្លាយជា​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ ។ គាត់​ប្រហែល​ត្រូវ​បាន​ជំរុញ​ឱ្យ​ធ្វើ​ដូច្នោះ​ដោយ​ជីដូនមួយ​របស់​ឈ្មោះ ស៊ីវ ហេង ដែល​បាន​ចំណាយ​ពេល​មួយ​ផ្នែក​ក្នុង​សង្គ្រាម​នៅ​ទីក្រុង​បាងកក ហើយ​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន​នៅ​ខេត្ដ​បាត់ដំបង​នៅ​ឆ្នាំ​១៩៤៥ ។

ឧទាហរណ៍​មួយទៀត​គឺជា​ការ​អត្ថាធិប្បាយ​សង្ខេប​របស់ ប៊ែន ឃៀរនិន អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ដែល​មាន​ចំណេះ​ដឹង​លម្អិត​អំពី​បក្ស​កុម្មុយនីស្ដ​កម្ពុជា ។ គាត់​សរសេរ​នៅ​ក្នុង​ស្នាដៃ​របស់​គាត់​ស្ដីពី​ប្រធានបទ​នេះ​ថាៈ «នៅ​ឆ្នាំ​ដូច​គ្នា (ឆ្នាំ​១៩៤៥) ឡុង រ៉េត និស្សិត​ច្បាប់​ជនជាតិ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ទីក្រុង​បាងកក​ដែល​បម្រើ​ការងារ​ពាក់កណ្ដាល​ម៉ោង​ជា​ស្មៀន​នៅ​ក្នុង​ក្រសួង​ការបរទេស​ត្រូវ​បាន​ជ្រើសរើស​ដោយ មួន​ និង​ក្រោយមក​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ថៃ ។ គាត់​បាន​ផ្លាស់​ទៅ​ខេត្ដ​បាត់ដំបង​ហើយ​ភ្លាម​នោះ​បាន​ផ្ទេរ​ទៅ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន (នៅ​ឆ្នាំ​១៩៦០ ក្រោម​ឈ្មោះ នួន ជា គាត់​បាន​ក្លាយជា​លេខា​ទី​ពីរ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា) ។»

មាន​និក្ខេបបទ​ថ្នាក់បណ្ឌិត​ដែល​រៀបចំ​ឡើង​ដោយ ស៊ុមសាក់ ជីមទើរ៉ាសាគល់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ថៃ​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ស្ដីពី​ប្រវត្ដិសាស្ត្រ​បក្ស​កុម្មុយនីស្ដ​ថៃ ។ ទាក់ទិន​នឹង នួន ជា ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ក្នុង​បក្ស ស៊ុមសាក់ ភ្ជាប់​សេចក្ដី​សង្ខេប​ជាមួយ​ពាក្យ​មិន​ត្រឹមត្រូវ​មួយ​ចំនួន​របស់​ឧត្ដម ស៊ីសុវ៉ាន ដោយ​សរសេរ​ថាៈ «នៅ​ឆ្នាំ​១៩៤៧ ឧត្ដម​ ចង​ចាំ​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ចូលរួម​ប្រជុំ​បី​បួន​កន្លែង​របស់​កង​យុវជន​ដើម្បី​និយាយ​អំពី​ស្ថានភាព​ក្នុង​ប្រទេស និង​អន្ដរជាតិ ។ ក្នុង​នាម​ជា​កម្មាភិបាល​ម្នាក់​នៅ​ក្នុង​ការងារ​ឃោសនា​បើក​ចំហ​ជា​ធម្មតា​គាត់​មិន​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​អង្គការ​ចាត់តាំង​សម្ងាត់​បែប​នេះ​ឡើយ ។ ក្នុង​នេះ​មាន​សមាជិក​៦​ ឬ​៧​នាក់​ក្រោម​ការ​ដឹកនាំ​របស់​ រួម និង​ រឹង ​ដែល​ក្នុង​ចំណោម​នោះ​មាន​សមាជិក​ខ្មែរ​វ័យក្មេង​ម្នាក់ ។ គាត់​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ ឧត្ដម ​ដោយ​ប្រើ​ឈ្មោះ​ “រ័ត្ន” ​ហើយ​ត្រូវ​បាន​គេ​និយាយ​ថា​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ក្រសួង​ការបរទេស​ថៃ ។ គាត់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ដដែល ។ ក្រោយមក ឧត្ដម​ បានដឹង​ថា រ័ត្ន ការ​ពិត​គឺជា នួន ជា ដែល​បន្ទាប់​ពី​ឆ្នាំ​១៩៧៥​បាន​ក្លាយជា​ប្រធាន​សភា​តំណាង​ប្រជាជន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។»

រួម​ជាមួយ​សេចក្ដី​សង្ខេប​ច្បាស់លាស់ អត្ថបទ​នីមួយៗ​ស្ដីពី នួន ជា ផ្ទុក​នូវ​ភាព​មិន​ត្រឹមត្រូវ​អំពី​ឆ្នាំ​កំណើត​របស់​គាត់​ជា​ឆ្នាំ​ដែល​គាត់​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ និង​វគ្គ​សិក្សា​ដែល​គាត់​បាន​ចូលរួម​ ឈ្មោះ​ដែល​គាត់​បាន​ប្រើ​នៅ​ប្រទេស​ថៃ​អំពី​ការងារ​របស់​គាត់​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ពេល​ណា និង​របៀប​ណា​ដែល​គាត់​បាន​ចូលរួម​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ​ និង​នៅ​ពេល​ណា និង​របៀប​ណា​ទើប​គាត់​បាន​ចូលរួម​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន និង​ការ​តស៊ូ​ប្រឆាំង​នឹង​បារាំង ។

នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០០១​ សាជីវកម្ម​ផ្សព្វផ្សាយ​អូស្ដ្រាលី​បាន​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា​ “អ្នកស៊ើប​អង្កេត​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ស្នើ​សុំ​ឯកសារ​ដែល​ថៃ​មាន” ​ដែល​បាន​អត្ថាធិប្បាយ​ថាៈ «អ្នក​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​កំពុង​ស្នើ​សុំ​សាកលវិទ្យាល័យ​ថៃ​ដែល​ប្រកបដោយ​កិត្យានុភាព​ខ្ពស់​ឱ្យ​ប្រគល់​ឯកសារ​របស់​អ្នកដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​ធ្លាប់់​បាន​សិក្សា​នៅ​ទីនោះ​ដោយ​និយាយ​ថា ឯកសារ​ទាំងនោះ​អាច​ផ្ទុក​នូវ​ភ័ស្ដុតាង​សំខាន់​សម្រាប់​សាលាក្ដី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ សរសេរ​លិខិត​មួយ​ច្បាប់​ដោយ​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ធម្មសាត្រ​ប្រគល់​ឯកសារ​ស្ដីពី នួន ជា ជា​ “បងធំ​ទី​ពីរ” ដែល​មាន​តែ​ស្រមោល​តំណាង​ឱ្យ​ជន​ផ្ដាច់​ការ ប៉ុល ពត ។»

មន្ដ្រី​អង្គការ​សហប្រជាជាតិ​និយាយ​ថា បណ្ណសារដ្ឋាន​របស់​សាកលវិទ្យាល័យ​នឹង​ក្លាយជា​ប្រភព​ឯកសារ​ភ័ស្ដុតាង​សំខាន់​សម្រាប់​សាលាក្ដី ។ អ្នកស៊ើប​អង្កេត​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ នួន ជា ដែល​ជា​លេខា​ទី​ពីរ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ដ្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ នួន ជា បាន​ចូល​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ​ធម្មសាត្រ​ដោយ​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០ ហើយ​ក្រោយមក​ធ្វើការ​នៅ​ក្រសួង​ការបរទេស​ថៃ ឥឡូវ​គាត់​រស់នៅ​ក្រុងប៉ៃលិន​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ដែល​គាត់​ធ្លាប់​រស់នៅ​តាំងពី​ការ​តស៊ូ​របស់​ខ្មែរក្រហម​បាន​បញ្ចប់ ។​

របាយការណ៍​ព័ត៌មាន​មិន​បាន​ចង្អុល​បង្ហាញ​ថា​ តើ​សាកលវិទ្យាល័យ​ធម្មសាត្រ​បាន​ឆ្លើយ​តប​ ឬ​ក៏​អត់​ទេ​ ប៉ុន្ដែ​ទោះបី​សាកលវិទ្យាល័យ​ចង់​ឆ្លើយ​តប​ក៏​ដោយ កាល​ដែល​មិន​ស្គាល់​ឈ្មោះ​ដែល នួន ជា បាន​ប្រើ​ក្នុង​អំឡុង​ពេល​របស់​គាត់​នៅ​ទីក្រុង​បាងកក​ទំនងជា​មិន​អាច​ទៅ​រួច​ទេ​ដើម្បី​កំណត់​អត្ដសញ្ញាណ​របស់​គាត់​ចេញពី​ក្នុង​ចំណោម​និស្សិត​រាប់​ពាន់​នាក់​ដែល​បាន​ចុះ​ឈ្មោះ​នៅ​សាកលវិទ្យាល័យ​ក្នុង​អំឡុងពេល​ដែល​គាត់​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ ។ លើស​ពី​នេះ​ទៀត​ដូចដែល​បាន​ចង្អុល​បង្ហាញ​ខាងក្រោម​រហូត​ដល់​ឆ្នាំ​២០០១​ សូម្បី​តែ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ដែល​សកម្ម​ជាមួយ នួន ជា ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ទីក្រុង​បាងកក​ក៏​មិន​បាន​ដឹង​ថា​សម​មិត្ដ​បក្ស​ចាស់​របស់​គាត់​ដែល​មក​ពី​ប្រទេស​កម្ពុជា​ដែល​ការ​ពិត​គឺ នួន ជា ជា​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​ឡើយ ។ ចាប់ផ្ដើម​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៣ អ្នកនិពន្ធ​រូប​នេះ​បាន​ជួប​ជាមួយ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ជា​មនុស្ស​ដែល​អ្នកនិពន្ធ​បាន​ឮ​ពី នួន ជា ផ្ទាល់​គឺជា​សម​មិត្ដ​របស់​គាត់ ។ សមាជិក​ទាំងនេះ​ជា​អ្នក​ដែល​បាន​ដឹង​ច្រើន​ ប៉ុន្ដែ​ត្រឹមតែ​ថា សម​មិត្ដ​របស់​ខ្លួន​ដែល​បាន​ផ្ទេរ​ពី​បក្ស​កុម្មុយនីស្ដ​ថៃ​ទៅ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន​ ហើយ​បន្ទាប់​មក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​គឺជា​អ្នកក​ដែល​មាន​ឈ្មោះ នួន ជា ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​ព័ត៌មាន​ទូលំទូលាយ​ជា​សាធារណៈ​ស្ដី​អំពី នួន ជា ក្នុង​អំឡុងពេល​របស់​គាត់​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ដែល​អាច​យល់​ពី​ការ​ពិត​ដែល​ថា នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០០៨ ការ​ស្រាវជ្រាវ​តាម​វេបសាយ​របស់​អ្នកនិពន្ធ​ទៅ​លើ​ឈ្មោះ​ថៃ​របស់ នួន ជា គឺ រុងលឺត ឡៅឌី ដោយ​ប្រើ​អក្ខរាវិរុទ្ធ​ថៃ​ចេញ​លទ្ធផល​ច្រើន​ជាង​មួយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ស្រាវជ្រាវ​ដោយ​ប្រើ​ការ​ប្រកប​ជា​អក្សរ​រ៉ូម៉ាំង រុងលឺ ឡៅឌី ដោយ​វាយ​នៅ​ក្នុង​អត្ថបទ​កាសែត​បាងកក​ប៉ុស្ដិ៍​ដោយ​អ្នកកាសែត​ថៃ នូ សារ៉ា ដែល​ធ្លាប់​ប្រមូល​ព័ត៌មាន​សន្ធឹកសន្ធាប់​ទៅ​លើ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ផ្អែក​លើ​បទ​សម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​ជាមួយ នួន ជា អត្ថបទ​នេះ​បាន​លេច​ឡើង​នៅ​ក្នុង​កាសែត​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០០៦ ។ អ្នក​យក​ព័ត៌មាន​ដដែល​គូស​បញ្ជាក់​អំពី​ជីវិត​របស់ នួន ជា នៅ​ក្នុង​ឯកសារ​ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៦​ហើយ​ដែល​អាច​រកបាន​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។

អ្វី​ដែល នូ សារ៉ា​បាន​ឮ​ពី នួន ជា​ និង​អ្វី​ដែល​អ្នកនិពន្ធ​នេះ​បានឮ​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​គាត់​ជាមួយ នួន ជា គឺ​ដូច​គ្នា ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ឈ្មោះ នួន ជា ត្រូវ​បាន​ប្រើ​នៅ​ខណៈ​ពេល​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ដែល​គាត់​មិន​បាន​បកស្រាយ​ការ​សម្ងាត់​ឱ្យ​អ្នកនិពន្ធ​ដឹង​ ប៉ុន្ដែ​គាត់​បាន​ប្រាប់ នូ សារ៉ា ។ នៅ​ក្នុង​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គាត់ (នូ សារ៉ា) សរសេរ​ថា នួន ជា បាន​ចូល​សាកលវិទ្យាល័យ​ធម្មសាត្រ​ការ​ពិត​វគ្គ​ត្រៀម​របស់​សាកលវិទ្យាល័យ​ឱ្យ​កំណត់​ត្រា​របស់​អ្នកនិពន្ធ​នៅ​ក្នុង​ឆ្នាំ​១៩៤៤ ដោយ​ប្រើ​ឈ្មោះ​ថៃ រុងលឺត ឡៅឌី ។ បើ​គ្រាន់តែ​មើល​មួយ​ភ្លែត​ស្នាដៃ​របស់ នូ សារ៉ា លេច​ឡើង​ហួស​ពី​អ្វី​ដែល​មាន​ពី​មុន​មក​ស្ដី​អំពី នួន ជា ប៉ុន្ដែ​បើ​អាន​អត្ថបទ​របស់​គាត់​ឱ្យ​ដិត​ដល់​ជាង​នេះ​អត្ថបទ​នេះ​បង្ហាញ​ថា​គាត់​គ្រាន់តែ​រាយការណ៍​តែ​អ្វី​ដែល នួន ជា បាន​ប្រាប់​គាត់​តែ​ប៉ុណ្ណោះ ។ គាត់​មិន​បាន​ពិនិត្យ​មើល​ទ្រឹស្ដី​ ឬ​ឯកសារ​ដើម​ផ្សេងៗ​ទៀត​ឡើយ ហើយ​ក៏​មិន​បាន​ស្រាវជ្រាវ​រក​អ្នក​ដែល​សកម្ម​ជាមួយ នួន ជា ក្នុង​អំឡុងពេល​ដែល​គាត់​ស្នាក់​នៅ​ទីក្រុង​បាងកក​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​អ្វី​ដែល នួន ជា ប្រាប់​គាត់​ឡើយ ។ ជាង​នេះ​ទៅ​ទៀត នូ សារ៉ា​មិន​បានដឹង​ច្បាប់​អំពី​ប្រវត្ដិសាស្ដ្រ​នយោបាយ​ថៃ​នា​ពេល​នោះ​ទេ ហើយ​ក៏​មិនដឹង​ច្បាស់​អំពី​ច្បាប់​និយ័តកម្ម​ចំពោះ​ការ​ជ្រើសរើស​ឱ្យ​ចូល​ជា​មន្ដ្រី​រដ្ឋាភិបាល​ដែល​បណ្ដាល​ឱ្យ​គាត់​មាន​កំហុស​ជាក់ស្ដែង និង​ធ្វើ​ឱ្យ​មាន​ការ​បកស្រាយ​ដែល​ប្រកបដោយ​ភាព​សង្ស័យ ។ ជា​លទ្ធផល​អ្វី​ដែល​គាត់​បាន​សរសេរ​អំពី​ជីវិត​របស់ នួន ជា នៅ​ក្នុង​ទីក្រុង​បាងកក​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង​ជាក់ស្ដែង ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

អ្នកនិពន្ធ​នេះ​បាន​ទៅ​សួរ​សុខទុក្ខ នួន ជា នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ប៉ៃលិន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០០៣ ដែល​នៅ​ពេល​នោះ​គាត់​នៅ​ជា​មនុស្ស​មាន​សេរីភាព​នៅឡើយ​ ហើយ​បាន​សម្ភាស​គាត់ (នួន ជា) អស់​រយៈពេល​៣​ម៉ោង និង​២០​នាទី ។​ នៅ​ក្នុង​បទ​សម្ភាសន៍​ដែល​ធ្វើ​ឡើង​ជា​ភាសា​ថៃ នួន ជា បាន​បដិសេធ​មិន​បកស្រាយ​ឈ្មោះ​ដែល​គាត់​បាន​ប្រើ​ក្នុង​អំឡុងពេល​នៅ​ទីក្រុង​បាងកក​ ប៉ុន្ដែ​គាត់​បញ្ជាក់​ច្បាស់​ដោយ​និយាយ​ថា​សាលា​មធ្យមសិក្សា​ដែល​គាត់​បាន​បញ្ចប់​គឺជា​សាលា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​បិនចាម៉ាបូភីត​ ឥឡូវ​គឺជា​សាលា​ម៉ាថាយម (បិនចាម៉ាបូភីត) ហើយ​ដែល​គាត់​បាន​បញ្ចប់​វគ្គ​ត្រៀម​ចូល​សាកលវិទ្យាល័យ​ធម្មសាត្រ​ជំនាន់​ទី​៧ ។ គាត់​ក៏​បាន​លើក​ឡើង​នូវ​ឈ្មោះ​មនុស្ស​៥​នាក់​ទៀត​ដែល​ជា​សមាជិក​របស់​បក្ស​កុម្មុយនីស្ត​ថៃ​រួម​មាន​សមាជិក​ម្នាក់​មក​ពី​កង​របស់​បក្ស​ដូច​គ្នា ។

ផ្អែក​លើ​ព័ត៌មាន​នេះ​អ្នកនិពន្ធ​បាន​ធ្វើការ​ស្វែងរក និង​បាន​រក​ឃើញ​ថា ឈ្មោះ​របស់ នួន ជា នៅ​ទីក្រុង​បាងកក​គឺ រុងលឺត ឡៅឌី ។ គាត់​អាច​រក​ឃើញ​ឯកសារ​របស់​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​នោះ​នៅ​ម៉ាថាយម បិនចាម៉ាបូភីត​ និង​សាកលវិទ្យាល័យ​ធម្មសាត្រ​ដែល នួន ជា បាន​សិក្សា​កាល​នៅ​ពី​ក្មេង​ ហើយ​នៅ​ឯ​ក្រសួង​កិច្ចការបរទេស​ថៃ​ជា​កន្លែង​ដែល​គាត់​ធ្លាប់​បាន​ធ្វើការ ។ ក្នុង​ខណៈ​ពេល​ធ្វើការ​ស្រាវជ្រាវ​នេះ​ អ្នកនិពន្ធ​ក៏​បាន​សម្ភាស​ជាមួយ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​មួយ​ចំនួន​ដែល នួន ជា បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​គាត់ ។

យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​មក​ពី​ការ​ស្រាវជ្រាវ​ខាងលើ​ គោលបំណង​នៃ​ការ​សិក្សា​នេះ គឺ​ដើម្បី​តាមដាន​ឱ្យ​បាន​លម្អិត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​ជីវិត និង​សកម្មភាព​នយោបាយ​របស់ នួន ជា កាលពី​នៅ​ក្មេង​ដែល​បាន​រស់នៅ​ទីក្រុង​បាងកក​ពី​ឆ្នាំ​១៩៤២​ ដល់​ឆ្នាំ​១៩៥០ ។ ជាមួយនឹង​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​ចំណុច​ដែល​មិន​ច្បាស់លាស់​អំពី​ជីវប្រវត្ដិ​របស់​គាត់ ។ ការ​សិក្សា​នេះ​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចលនា​កុម្មុយនីស្ដ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ អំឡុង​ពេល​ដែល​ចលនា​កុម្មុយនីស្ដ​ពង្រីក​ខ្លួន​លើស​ពី​សមាជិកភាព​សំខាន់​របស់​ចិន និង​វៀតណាម​ ហើយ​បាន​ចាប់ផ្ដើម​ជ្រើសរើស​សមាជិក​ក្នុង​ចំណោម​បញ្ញាវ័ន្ដ​ថៃ និង​និស្សិត​សាកលវិទ្យាល័យ ។ នួន ជា គឺជា​និស្សិត​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ដែល​ទទួល​ឥទ្ធិពល​ពី​កុម្មុយនីស្ដ​ហើយ​នៅ​ទី​បញ្ចប់​បាន​ចូលរួម​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ ។ មានការ​ស្រាវជ្រាវ​តិចតួច​ស្ដីពី​បក្ស​កុម្មុយនីស្ដ​ថៃ​ក្នុង​អំឡុងពេល​នេះ ។ ជាមួយនឹង​ការ​បកស្រាយ​ឱ្យ​កាន់តែ​លម្អិត​អំពី​បុគ្គល នួន ជា ការ​សិក្សា​នេះ​ក៏​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចលនា​បក្ស​កុម្មុយនីស្ដ​ថៃ​ក្នុង​អំឡុងពេល​ក្រោយ​សង្គ្រាម​បន្ដិច​ព្រមទាំង​ពិនិត្យ​មើល​ការ​ចូលរួម​របស់​ជនជាតិ​ដែល​មាន​ការ​អប់រំ​ខ្ពស់​នៅ​ក្នុង​បក្ស​នេះ ។


No comments:

Post a Comment