តាមប្រវត្ដិដ៏ស្មុគស្មាញថ្លែងប្រាប់ផ្ទាល់ដោយបណ្ឌិត កេង វ៉ាន់សាក់ ជាមួយវិទ្យុអាស៊ីសេរីនៅមុនមរណភាពរបស់លោក ក៏ដូចជាប្រភពនានាទៀតនោះ បណ្ឌិតអក្សរសាស្ដ្រដែលមិនខ្វះសត្រូវក្នុងជីវិតរបស់លោកជាជីវិតនយោបាយក្ដី និងក្នុងជម្លោះផ្នែកអក្សរសាស្ដ្រក្ដី មិនថាតែគូរទំនាស់ជាជនជាតិខ្មែរ ឬជាជនបរទេសនោះ លោកគឺជាកូនទី៣របស់អ្នកម្នាងមួយរូបនៃសែស៊ីសុវត្ថិ ។
បណ្ឌិតកេង វ៉ាន់សាក់ ដែលទើបបានអនិច្ចកម្មកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០០៨ មុនក្នុងជន្មាយុ៨៤ឆ្នាំ គឺជាកូនប្រុសទី៣របស់លោកស្រី ហម ដែលមានដើមកំណើតនៅខេត្ដពោធិ៍សាត់ហើយក៏ជាញាតិនៃសែក្សត្រីយ៍ ម៉ូនីកា ជាមហេសីរបស់ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ ដែលជាព្រះរាជបុត្ររបស់ព្រះបាទនរោត្ដម ។ បណ្ឌិត កេង វ៉ាន់សាក់ មានឪពុកឈ្មោះ កេង ស៊ីផាន់ រស់នៅកំពង់ចាម ថ្វីបើបណ្ឌិត កេង វ៉ាន់សាក់ ផ្ទាល់ ក៏ដូចជាប្រភពនានាបានបញ្ជាក់ថា លោក កេង ស៊ីផាន់ គ្រាន់តែជាឪពុកចម្លង និងមិនមែនជាឪពុកដែលបង្កើតខ្លួនលោកក៏ដោយនោះ ។
បណ្ឌិត កេង វ៉ាន់សាក់ក៏ដូចជាឪពុកចិញ្ចឹមរបស់គាត់ កេង ស៊ីផាន់ ធ្លាប់បានប្រាប់គេឯងថា គាត់បានជួបទុក្ខលំបាកក្នុងជីវិត ។ បណ្ឌិតកេង វ៉ាន់សាក់ បានប្រាប់ថា លោក កេង ស៊ីផាន់ គ្រាន់តែជាមនុស្សដែលគេឧបកិច្ចថាជាឪពុក ជាកិច្ចចម្លងប៉ុណ្ណោះ ហើយដែលឪពុកចម្លងរូបនេះតែងតែតាមធ្វើទុក្ខបុកម្នេញលោកតាំងពីកុមារភាពរហូតរៀងមក ។
ដោយបានចាប់កំណើតនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្តស័ក ព.ស២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ នោះ បណ្ឌិត កេង វ៉ាន់សាក់ បានធំចម្រើនវ័យនៅឃុំកំពង់បឹង ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ។ ហើយក្នុងជីវិតរបស់លោក លោកបានឆ្លងកាត់ប្រវត្ដិសាស្ដ្រនានានៃកម្ពុជាក៏ដូចជាការប្រែប្រួលរបស់ប្រទេសនេះ ទាំងចលនានយោបាយ ទាំងចលនាទាមទារឯករាជ្យ ក៏ដូចជាការតតាំងគ្នាផ្នែកអក្សរសាស្ដ្រជាមួយអ្នកប្រាជ្ញធំៗ រួមមានសម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ ។
លោកក៏ត្រូវបានគេនិយាយថា បានចូលរួមក្នុងចលនានយោបាយចម្រើន ដែលជាការសម្ដៅដល់ក្រុមឆ្វេងនិយមខ្មែរនៃបក្ខពួក ប៉ុល ពត, អៀង សារី ដែលជាមេដឹកនាំនៃរបបវាលពិឃាតសម្លាប់មនុស្សប្រមាណជាង១លាន៧សែននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យផង ។ បណ្ឌិត កេង វ៉ាន់សាក់ ក៏បានមានចំណែកនៅក្នុងទំនាក់ទំនងជាមួយក្រុមឆ្វេងនិយមជ្រុលនេះ ហើយបើតាមសៀវភៅរៀបរៀងឡើងដោយលោកស្រីឡូរ៉ាសាម័រ សម្រាប់ជាឯកសារសិក្សានៅសកលវិទ្យាល័យឃុននែល នៃសហរដ្ឋអាមេរិក ភ្ជាប់នឹងស្នាដៃរបស់លោក ខៀវ សំផន បកប្រែជាភាសាអង់គ្លេសនោះ បណ្ឌិត កេង វ៉ាន់សាក់ ជាមនុស្សម្នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីនៃការតាមរកសម្លាប់របស់ក្រុមលោក លន់ នល់ កាលជំនាន់មុនឆ្នាំ១៩៧០ ។
អំពីទំនាក់ទំនងរបស់បណ្ឌិត កេង វ៉ាន់សាក់ ជាមួយនឹងពួកមេដឹកនាំខ្មែរក្រហមនោះ លោក នួន ជា អតីតប្រធានសភាកម្ពុជាប្រជាធិបតេយ្យ និងជាបងធំទី២នៃរបបនោះបាននិយាយថា កេង វ៉ាន់សាក់ មិនមែនជាមេខ្មែរក្រហមទេ ។
លោក នួន ជា បាននិយាយនៅក្នុងបទសម្ភាសន៍កាលមុនគេចាប់ខ្លួនថា «ទស្សនៈរបស់ កេង វ៉ាន់សាក់ និងទស្សនៈរបស់ សាឡុត ស ឱ្យជ្រៅទៅមិនដូចគ្នាទេ ពីព្រោះ កេង វ៉ាន់សាក់ជាបញ្ញា ជនជាន់ខ្ពស់ ខុសពីសាឡុត ស, សាឡុត សជាបញ្ញាវ័នមែនតែខាងបច្ចេកទេស» ។
លោក នួន ជា បាននិយាយទៀតអំពីភាពខុសគ្នាថា «និយាយរួមទៅ ដល់ទីចុងបំផុត កេង វ៉ាន់សាក់ គាត់គេចរត់ចេញពីស្រុកទៅ ។ ឯ សាឡុត ស អត់ចេញពីស្រុកទេ ។ គាត់នៅស្រុកខ្មែរបន្ដការដឹកនាំតទៅទៀត ។ នេះជាគោលជំហរមួយធំណាស់» ។
លោក នួន ជាបានអធិប្បាយទៀតថា កេង វ៉ាន់សាក់ មិនមែនជាមេដឹកនាំនៃចលនាចម្រើននិយមនៃក្រុម ប៉ុល ពត, អៀង សារី ទេ ។ តាមសម្ដី លោក នួន ជា «អត់ទេជារូបភាព គាត់ កេង វ៉ាន់សាក់ចេញ ។ ប៉ុន្ដែស៊ីជម្រៅក្នុងបក្សគេមិនដែលយកអ្នកចំហអញ្ចឹងទៅដឹកនាំទេ បក្សណាក៏ដោយ» ។
ភាពស្មុគស្មាញនៃដំណើរជីវិតរបស់បណ្ឌិត កេង វ៉ាន់សាក់ ដែលមានទំនាស់នឹងគេស្ទើរតែគ្រប់គ្នាក្នុងជួរអ្នកចេះដឹងជាន់ខ្ពស់ និងអ្នកមានអំណាច ក៏ដូចជាពួកមន្ដ្រីអាណានិគមនិយមបារាំងនោះ ក៏បានធ្វើឱ្យក្រុមគ្រួសាររបស់គាត់ជាប់ទុក្ខកង្វល់ច្រើនលើកច្រើនសារ ។ កាលពីអាយុបាន៣០ឆ្នាំ បណ្ឌិត កេង វ៉ាន់សាក់ បានជាប់គុកច្រើនខែនៅឆ្នាំ១៩៥៥ ជាឆ្នាំដែលគណបក្សប្រជាធិបតេយ្យដែលមានរូបគាត់ជាអគ្គលេខាធិការរងនោះបានចាញ់ក្នុងការបោះឆ្នោតទល់នឹងគណបក្សសង្គមរាស្ត្រនិយមដឹកនាំដោយព្រះ នរោត្ដម សីហនុ ។
បណ្ឌិត កេង វ៉ាន់សាក់ បានរងការចោទប្រកាន់ថាបានដាក់ផែនការប៉ុនប៉ងបាញ់សម្លាប់មេដឹកនាំ និងឥស្សរជននៃគណបក្សសង្គមរាស្ដ្រនិយមតាមការឆ្លើយដាក់របស់បុគ្គលិកម្នាក់នៅក្នុងក្រសួងចារកម្មឈ្មោះ ជ័យ សុផល ។
ក្នុងវ័យ៣៧ឆ្នាំ បណ្ឌិតកេង វ៉ាន់សាក់ ក៏ត្រូវបានគេចាប់ដាក់គុកម្ដងទៀតនៅឆ្នាំ១៩៦៨ ពីបទសង្ស័យថា បង្កើតភាពច្របូកច្របល់រំជើបរំជួលក្នុងការចាត់ចែងអក្សរសាស្ដ្រជាតិកាលគាត់ធ្វើជាសាស្ដ្រាចារ្យនៅពុទ្ធិកសកលវិទ្យាល័យសីហនុរាជ្យ ។
គឺជាដំណាក់កាលនៃសង្គ្រាមអក្សរសាស្ដ្រដែលក្រុមបណ្ឌិត កេង វ៉ាន់សាក់ មានកម្លាំងតិចជាង និងអ្នកគាំទ្រតិចជាង បានប្រឈមតទល់ ថ្វីបើមិនចំហ និងចំពោះមុខផ្ទាល់ ជាមួយសម្ដេចព្រះសង្ឃរាជជួន ណាត ។
កាលនោះយោងតាមមន្ដ្រីបុគ្គលិកសិក្សាប្រទេសកម្ពុជាថា បណ្ឌិត កេង វ៉ាន់សាក់ គឺជាបុគ្គលិកសិក្សាដើមខ្សែថ្នាក់ទី១ ហើយដែលគេស្គាល់ថា ជាអ្នកដែលពុំមានយោបល់ស្របនឹងបញ្ញាជន និងអ្នកដឹកនាំដទៃណាទៀតឡើយ ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈដឹកនាំប្រទេសខ្មែរឱ្យរួចចាកផុតពីការលេបត្របាក់យករបស់បរទេសជិតខាង ជាពិសេស បារាំង និងវៀតណាមនោះទេ ។
អំពីរឿងនេះបណ្ឌិត កេង វ៉ាន់សាក់ បាននិយាយប្រាប់ថា «កើតមកខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរប៉ុណ្ណឹងទេ ។ ហើយដឹងថា ខ្មែរហ្នឹងគង់តែភ្លាត់ដោយសារបារាំងដោយសារចិន ដោយសារយួន និងដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្ដ្រយើងល្ងង់ខ្លៅ ខ្មែរទាំងអស់ឱនក្បាលក្រាបតាមតែគេ ។ ដឹងអាហ្នឹងវាទៅជាឈឺចាប់រហូតរៀងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំអីហ្នឹងវាពិបាកថែមទៀត មានចិត្ដក្នុងខ្លួនថាធ្វើម៉េចខំរៀនឱ្យបានចេះដឹង» ។
លោកបាននិយាយរៀបរាប់អ្វីដែលជាកង្វល់ធំជាងគេគឺដើម្បីឱ្យប្រទេសកម្ពុជាបានឯករាជ្យនោះទាល់តែខ្មែរមានពុម្ពអក្សរប្រើ ព្រោះមិនអាចពឹងពាក់លើការសរសេរអក្សរនឹងដៃក្នុងកិច្ចការរដ្ឋនោះទេ ហេតុដូច្នេះហើយជាលទ្ធផលនោះ បណ្ឌិត កេង វ៉ាន់សាក់ គឺជាអ្នកដែលបានបង្កើតអង្គុលីលេខប្រើភាសាខ្មែរមុនគេ ។ លោកបាននិយាយថា «ខ្ញុំខំធ្វើម៉េចឱ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើផងដើម្បីឱ្យយើងអាចឯករាជ្យបាន ។ នេះជាបញ្ហាធំជំនាន់ហ្នឹង ព្រោះថាឯករាជ្យម៉េចកើតបើយើងអត់មានពុម្ពសរសេរ ។ សរសេរដៃកិច្ចការរដ្ឋទៅមិនទាន់ទេ ។ជំនាន់នោះមិនទាន់មានម៉ាស៊ីនសរសេរ» ។
ប៉ុន្ដែនៅពេលដែលមានការលើកឡើងជាសំណួរថា បើទាស់ជាមួយបរទេស ជាពិសេសជាមួយអាណានិគមបារាំងប្រហែលជាពុំមានបញ្ហាអ្វីធំដំទេ ប៉ុន្ដែតាមប្រសាសន៍លោកខាងដើមនោះលោកទាស់តាំងតែជាមួយព្រះករុណា ទាស់ជាមួយសម្ដេចព្រះសង្ឃរាជ ទាស់ជាមួយលោកសេនាប្រមុខ លន់ ណុល ទាស់ជាមួយគ្រប់គ្នាទាំងអស់ ។ នោះបណ្ឌិត កេង វ៉ាន់សាក់ បានផ្ដល់ការពន្យល់ ។
បណ្ឌិតរូបនេះបាននិយាយថា នោះក៏មកពីគេទៅសាកសួររូបគាត់ ហើយគាត់ក៏ធ្វើការវិនិច្ឆ័យយល់ឃើញថា ពួកមនុស្សអស់ទាំងនោះសុទ្ធតែជាមនុស្សអន់ គ្មានឧត្ដមគតិជាតិអ្វីទេ គិតតែពីការប្រព្រឹត្ដអំពើពុករលួយ និងអ្វីៗ ។ លោកមិនបាននិយាយអ្វីវែងឆ្ងាយក្រៅតែពីថា នៅក្នុងចិត្ដគាត់គិតឃើញថា ពួកអស់ហ្នឹងអត់បានការអ្វីទាំងអស់ ហើយបង្ខូចស្រុកឱ្យធ្លាក់ដល់ប៉ុណ្ណឹងថែមទៀត ។
នេះក៏ជាហេតុផលមួយដែលគាត់បានលើកពន្យល់ថានាំឱ្យគាត់ងាកទៅរកទាក់ទងជាមួយក្មេងៗជំនាន់ក្រោយដែលសម្ដៅដល់ ប៉ុល ពត, អៀង សារី ។ យ៉ាងណាក៏ដោយគាត់បានអធិប្បាយថា គឺពួក ប៉ុល ពត អៀង សារី នោះទេដែលតាមទៅរកគាត់ និងគាត់មិនដើរតាមពួកអស់នោះឡើយដែលកាលនោះគាត់មើលឃើញថា របបក្បួនល្ងង់គិតតែអំពើពុករលួយឃោរឃៅ ហើយគាត់យល់ថាពួកក្មេងជំនាន់ក្រោយសម្ដៅដល់ ប៉ុល ពត, នួន ជា, អៀង សារី, ខៀវ សំផន ជាមនុស្សដែលគាត់យល់ថា ត្រឹមត្រូវអាចគិតគូររឿងស្រុកទេសបាន ។
អំពីប្រវត្ដិរបស់បណ្ឌិត កេង វ៉ាន់សាក់ នេះ សមាជិករាជវង្សខ្មែរម្នាក់បានរៀបរាប់ថា បណ្ឌិត កេង វ៉ាន់សាក់ ជាបុត្រាពៅបន្ទាប់ពីបុត្រីយ៍ច្បងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងលក្ខិណា ជាព្រះអនុជបង្កើតរបស់ព្រះករុណាព្រះមហាក្សត្រ ស៊ីសុវត្ថិ មុន្នីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ។
ហើយតាមប្រភពសមាជិករាជវង្សដដែលថា នៅថ្ងៃទារក វ៉ាន់សាក់ នេះប្រសូត្រ ក៏មានកើតហេតុដ៏ប្លែកមួយ ដោយមានភាពងងឹតពេញផ្ទៃព្រះបរមរាជវាំងអស់ពេញមួយថ្ងៃ ។
យ៉ាងណាព្រឹត្ដិការណ៍នេះក៏បានធ្វើឱ្យមានភាពចលាចល ហើយមានការកាប់សម្លាប់គ្នានៃក្រុមរាជវង្ស ។ ហើយនេះក៏បណ្ដាលឱ្យមានការហៅរកហោរានៃព្រះបរមរាជវាំងមកទស្សទាយឃើញថាមានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិត ឬបំបរបង់ចោល ។ ត្រង់នេះក៏ពុំមានឯកសារណាមួយជាផ្លូវការបញ្ជាក់បដិសេធ ឬក៏ទទួលស្គាល់នោះឡើយ ។
រឿងរ៉ាវទាំងនេះបើទោះបីជាមិនទាន់មានការអធិប្បាយផ្សាយជាសាធារណៈទូលំទូលាយក៏ដោយ ក៏បណ្ឌិត កេង វ៉ាន់សាក់ ខ្លួនឯងបានសារភាពអំពីការដែលម្ដាយរបស់លោក អ្នកម្នាង ហម បានជ្រើសរើសយកការចាកចេញពីព្រះបរមរាជវាំងដើម្បីបន្ដរស់នៅថែទាំកូនរហូតដល់ពេញរូបពេញរាងធំ និងបន្ដការសិក្សា ។ ហើយជាញឹកញាប់បណ្ឌិត កេង វ៉ាន់សាក់ បានប្រាប់គេឯងអំពីការដែលគាត់នៅតែដឹងគុណគ្មានថ្ងៃភ្លេចបាននូវមហាករុណាទិគុណដ៏ធំធេងនៃមាតារបស់លោកដែលលោកនៅតែនឹកឃើញជាមួយពាក្យថ្លែងថា ពេលខ្លះលោកបានទាំងយំខ្សឹបខ្សួលអស់ពេញមួយថ្ងៃពេលរំលឹកដល់សម្ដីរបស់មាតាលោកដែលប្រកបដោយទឹកចិត្ដមេត្ដានោះ ។
ប្រវត្ដិរឿងរ៉ាវរបស់បណ្ឌិត កេង វ៉ាន់សាក់ នៅមានវែងឆ្ងាយទៅទៀត ប៉ុន្ដែអ្វីដែលគាត់បានប្រកាសប្រាប់គេឯងដូចដែលគេដឹងនោះ គឺគាត់តាំងចិត្ដថាជាអ្នកប្រឆាំងដាច់ខាតនឹងរបបរាជានិយម ទំនងជាដោយសារការដែលគាត់បានឃ្លាតឆ្ងាយពីទីកំណើតដោយសារការព្យាករណ៍របស់ហោរា ធ្វើឱ្យវាសនាគាត់ច្របូកច្របល់ដូចសំពៅឆ្លងកាត់មហាសមុទ្រនោះ ៕
No comments:
Post a Comment