Friday, June 29, 2012

អំពី​សិទ្ធិ និង​នីតិវិធី​ នៃ​ការ​ធ្វើ​កូដកម្ម​ របស់​ កម្មករ​និយោជិត


ព្រហស្បតិ៍ 28 មិថុនា 2012
សិទ្ធិរបស់កម្មករនិយោជិត ក្នុងការធ្វើកូដកម្ម គឺជាសិទ្ធិដែលទទួលបាននូវការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ផងដែរថា សិទ្ធិនេះត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌច្បាប់។ លក្ខខណ្ឌនៃការអនុវត្តសិទ្ធិធ្វើកូដកម្ម មានចែងនៅក្នុង ច្បាប់ការងារ ឆ្នាំ១៩៩៧។
តើច្បាប់កំណត់អំពីនីតិវិធីអ្វីខ្លះ ដែលកម្មករ និយោជិតត្រូវបំពេញ មុននឹងចាប់ផ្តើមធ្វើកូដកម្ម?
នីតិវិធីនៃការធ្វើកូដកម្ម គឺមានចែងនៅក្នុងច្បាប់ការងារ មាត្រា ៣២៣ ដល់ មាត្រា ៣២៩។
ទីមួយ ដើម្បីធ្វើកូដកម្ម គឺត្រូវមានការសម្រេចពីកម្មករ និយោជិត។ របៀបរបបនៃការប្រជុំសម្រេចធ្វើកូដកម្មនេះ អាចរៀបចំធ្វើទៅតាមលក្ខន្តិកៈ របស់សហជីព នៅតាមសហគ្រាសនីមួយៗ ក៏ប៉ុន្តែ ច្បាប់ការងារបានកំណត់ថា ការសម្រេចធ្វើកូដកម្ម ឬមិនធ្វើ ត្រូវធ្វើតាមរយៈការបោះឆ្នោតជាសម្ងាត់។
បើសិនជាកម្មករ និយោជិត បោះឆ្នោតសម្រេចថាធ្វើកូដកម្ម នីតិវិធីបន្ទាប់ គឺត្រូវធ្វើការប្រកាសជូនដំណឹងទៅសហគ្រាស និយោជក អំពីការធ្វើកូដកម្ម។ ការជូនដំណឹងនេះត្រូវធ្វើឡើងយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃធ្វើកូដកម្ម (៧ថ្ងៃ គិតតែថ្ងៃធ្វើការ ដោយមិនរាប់ថ្ងៃឈប់សម្រាក) ហើយក្នុងការជូនដំណឹងនេះ ត្រូវមានបញ្ជាក់ច្បាស់លាស់ អំពីការទាមទាររបស់កម្មករ និយោជិត ដែលជាមូលហេតុនៃការធ្វើកូដកម្ម។ ច្បាប់តម្រូវឲ្យផ្ញើការជូនដំណឹងនេះ ទៅឲ្យក្រសួងការងារផងដែរ។
នៅក្នុងចន្លោះពេល ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃធ្វើកូដកម្ម ភាគីវិវាទមានកាតព្វកិច្ចចូលរួមប្រជុំផ្សះផ្សា ទៅតាមការកោះអញ្ជើញ របស់ រដ្ឋមន្រ្តីក្រសួងការងារ ដែលច្បាប់តម្រូវឲ្យទទួលបន្ទុករិះរកមធ្យោបាយផ្សះផ្សា ដើម្បីបញ្ចៀសកូដកម្ម។ បើសិនជាការចរចាអាចផ្សះផ្សាបាន កូដកម្មត្រូវលុបចោលវិញ។ បើសិនជាដល់ថ្ងៃកំណត់ធ្វើកូដកម្ម នៅតែមិនអាចចរចាត្រូវរ៉ូវគ្នាទៀត កម្មករ និយោជិត អាចចាប់ផ្តើមធ្វើកូដកម្មបាន។
សហគ្រាស និយោជក អាចកាត់ប្រាក់ខែកម្មករ និយោជិត ដែលចូលរួមធ្វើកូដកម្មបានដែរឬទេ?
ច្បាប់ការងារចែងថា កិច្ចសន្យាការងាររបស់កម្មករ និយោជិត ដែលសម្រេចចូលរួមធ្វើកូដកម្ម ត្រូវព្យួរជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលធ្វើកូដកម្ម (មាត្រា ៣៣២) មានន័យថា កម្មករ និយោជិតមិនជាប់កាតព្វកិច្ចបំពេញការងារ ហើយក៏មិនមានសិទ្ធិទទួលបានប្រាក់ឈ្នួលដែរ។ ដូច្នេះ សហគ្រាស និយោជក អាចកាត់ប្រាក់ខែកម្មករ និយោជិតណា ដែលចូលរួមធ្វើកូដកម្ម ប៉ុន្តែ កាត់ទៅតាមតែចំនួនថ្ងៃ ដែលធ្វើកូដកម្មប៉ុណ្ណោះ។
ក្រៅពីកាត់ប្រាក់ខែនេះ ច្បាប់ហាមឃាត់ដាច់ខាតមិនឲ្យសហគ្រាស និយោជក ដាក់ទណ្ឌកម្មអ្វីផ្សេងទៀត ទៅលើកម្មករ និយោជិត ដោយសារតែការចូលរួមធ្វើកូដកម្មនេះទេ។ ការបញ្ឈប់ការងារកម្មករ ដោយសារតែការចូលរួមធ្វើកូដកម្មនេះ ក៏កាន់តែមិនអាចធ្វើបានទៅទៀត។
ចុះបើគ្រាន់តែជ្រើសរើសកម្មករនិយោជិតផ្សេង ឲ្យមកធ្វើការជាបណ្តោះអាសន្ន ក្នុងពេលមានកូដកម្ម ដើម្បីធ្វើការជំនួសនិយោជិត ដែលកំពុងធ្វើកូដកម្ម តើសហគ្រាស និយោជកអាចធ្វើបានដែរឬទេ?
មាត្រា ៣៣៤ នៃច្បាប់ការងារ ចែងថា “នៅក្នុងអំឡុងពេលធ្វើកូដកម្ម ត្រូវហាមឃាត់មិនឲ្យនិយោជក ជ្រើសរើសកម្មករនិយោជិតផ្សេង មកជំនួសកូដករទាំងអស់ លើកលែងតែការជ្រើសរើសនេះធ្វើឡើង ដើម្បីធានាសេវាអប្បបរមា”។
ក្នុងពេលមានកូដកម្ម ច្បាប់ការងារចែងអនុញ្ញាតឲ្យសហគ្រាស និយោជក កេណ្ឌកម្មករនិយោជិត ឲ្យបំពេញការងាររ៉ាប់រងសេវាអប្បបរមា ដើម្បីធានាដល់ការពារទ្រព្យ ទំនិញ ឬគ្រឿងបរិក្ខារបស់សហគ្រាស (មាត្រា ៣២៦)។ បើសិនជានៅថ្ងៃធ្វើកូដកម្ម កម្មករនិយោជិត ដែលត្រូវកេណ្ឌឲ្យមករ៉ាប់រងសេវាអប្បបរមា មិនមកធ្វើការ ហើយបែរជាទៅចូលរួមធ្វើកូដកម្មដែរ ក្នុងករណីនេះ សហគ្រាស និយោជក អាចជ្រើសរើសកម្មករនិយោជិតផ្សេងមកធ្វើការជំនួសបាន។ ចំណែកកម្មករនិយោជិត ដែលជាប់កាតព្វកិច្ចរ៉ាប់រងសេវាអប្បបរមា ហើយបែរជាមកមកធ្វើការបែបនេះ ត្រូវចាត់ទុកថាមានកំហុសធ្ងន់ ដែលអាចត្រូវទទួលទណ្ឌកម្ម។
ចុះបើសិនជាសហគ្រាស និយោជក ជ្រើសរើសនិយោជិតផ្សេងមកជំនួសកូដករ ក្រៅពីករណីសេវាអប្បបរមានេះ តើច្បាប់មានចែងអំពីទណ្ឌកម្មអ្វីដែរ?
 
ក្នុងករណីដែលសហគ្រាស និយោជក ជ្រើសរើសកម្មករនិយោជិតផ្សេងមកជំនួសកូដករ ក្រៅពីករណីសេវាអប្បបរមា និយោជក មានកាតព្វកិច្ច បើកប្រាក់បៀវត្សឲ្យកម្មករ និយោជិតជាកូដករទាំងអស់ ក្នុងអំឡុងពេលធ្វើកូដកម្ម (តាមធម្មតា កម្មករនិយោជិតដែលចូលរួមធ្វើកូដកម្ម គឺមិនត្រូវ ទទួលប្រាក់ឈ្នួលទេ សម្រាប់ថ្ងៃធ្វើកូដកម្ម)។
ដូច្នេះ មានន័យថា ក្នុងករណីមានការជ្រើសរើសកម្មករនិយោជិតផ្សេងមកជំនួសកូដករ ក្រៅពីករណីសេវាអប្បបរមា និយោជកត្រូវអស់លុយពីរជាន់៖ អស់លុយបង់ប្រាក់ឈ្នួលទៅឲ្យកម្មករនិយោជិតដែលរើសយកមកជំនួសកូដករនោះផង ហើយត្រូវអស់លុយបង់ប្រាក់ឈ្នួល ទៅឲ្យកូដករនោះមួយជាន់ទៀត។
ចុះបើសិនជាក្នុងករណីដែលកម្មករនិយោជិតធ្វើកូដកម្មដោយខុសច្បាប់វិញ តើអាចត្រូវទទួលទណ្ឌកម្មអ្វីខ្លះ?
 
ទីមួយ ត្រូវបញ្ជាក់ថា ការកំណត់ថា កូដកម្មណាមួយជាកូដកម្មខុសច្បាប់ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការការងារ ឬតុលាការខេត្តក្រុងបើសិនជាគ្មានតុលាការការងារ (មាត្រា ៣៣៧)។ បើសិនជាសហគ្រាស និយោជក យល់ថា ការធ្វើកូដកម្មណាមួយ ត្រូវបានរៀបចំធ្វើដោយខុសច្បាប់ (មិនគោរពទៅតាមនីតិវិធី ដែលកំណត់ដោយច្បាប់ ឬធ្វើឡើងដោយមានអំពើហិង្សា) សហគ្រាស និយោជកនោះត្រូវដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីស្នើសុំឲ្យតុលាការចេញដីកាសម្រេចរក្សាការពារ (នីតិវិធីបន្ទាន់)។
បើសិនជាតុលាការសម្រេចថា កូដកម្មនេះជាកូដកម្មខុសច្បាប់ កូដករត្រូវចូលធ្វើការវិញ ក្នុងរយៈពេល ៤៨ម៉ោង ចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ។ ផុតពេលកំណត់ ៤៨ម៉ោងនេះ បើសិនជាកម្មករនិយោជិតណាមិនចូលទៅធ្វើការវិញទេ គឺត្រូវចាត់ទុកថាមានកំហុសធ្ងន់ ដែលអាចត្រូវទទួលទណ្ឌកម្ម៕

No comments:

Post a Comment