Thursday, June 28, 2012

ប្រពៃណី​អ្នក​ស្រុក​ចេនឡា – កំណត់ហេតុរបស់ ជីវ តាក្វាន់


លោក ជីវ តាក្វាន់ មាន កំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង ។ លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។
កំណត់ហេតុដែលត្រូវបានបកប្រែជាភាសាខ្មែរដោយ លោក លី ធាមតេង បោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ ៦១ ទំព័រជាខ្លឹមសារនៃកំណត់ហេតុសុទ្ធ និង ២០ ទំព័រជាការពន្យល់ដើមហេតុនៃការបកប្រែ និងសេចក្ដីពន្យល់ពាក្យខ្មែរដែលលោក ជីវ តាក្វាន់ កត់ត្រាតាមសំនៀងចិន ។ កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក ដែលជំពូកខ្លះមានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះមានច្រើនទំព័រ ជារួមជំពូកទាំងនេះពិពណ៌នាអំពី សាសនា ការកាត់ក្ដី ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក និងទាសាទាសី ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរ នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់ ត្រូវបានកែប្រែនៅសតវត្សទី១៩ ។

ប្រពៃណីអ្នកស្រុកចេនឡា
សេចក្ដីផ្ដើម

រឿងរ៉ាវទាំងនេះ លោក ជីវ តាក្វាន់ បាននិពន្ធឡើងក្នុងសម័យរាជសន្តតិវង្ស ងន់ (ក្នុងរាជ្យព្រះបាទ ងន់ ចេង) គឺនៅស្រុកវ៉េងតា ហើយក្រោយមកលោក ហ្កូវ គង់ បានកែសម្រួលក្នុងរវាងរាជសន្តតិវង្ស ម៉េង (សតវត្សទី១៣‑១៤) ក្នុងស្រុកសេងអាន (ខេត្តហូណាន់) ។ សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ ៖
ចេនឡា ឬចាមឡា អ្នកប្រទេសនេះហៅខ្លួនឯងថា “កាន់ផៃចី” តាម កំណត់ខ្លះរបស់ពួកបស្ចិមប្រទេស បានហៅថា កាំពូចី ដែលមានសម្លេងស្រដៀងនឹង “កាំពួចេ” ដែរ ។
ខ្ញុំចាប់ធ្វើដំណើរចេញ ពីស្រុកអ៊ូជីវ (ខេត្តជាក់កាង) តាមផ្លូវទឹក តាមទន្លេស្រុកម៉ាំងគូយ និងគង់តុង កាត់សមុទ្រ “ឈិតជីវ” ទៅដល់សមុទ្រ “កាវជីវ” ក៏បានទៅដល់ទីក្រុង “ចាម” បន្តដំណើរបណ្ដោយខ្យល់ចេញពីក្រុងចាមទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេងផូវ (ជម្ពូ?) ដែលជាព្រំដែននៃប្រទេសនេះ ។ លុះចេញពី ចេង ផូវ ទៅ ទៀតឆ្លងសមុទ្រឃុនលុន ក៏ទៅដល់មាត់ពាម គឺបែកចេញពីមាត់សមុទ្រទៅជាដៃទន្លេច្រើនច្រកណាស់ ។ ក្នុងបណ្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹងថា មានទឹករាក់ណាស់នាវាធំៗមិនអាចធ្វើដំណើរបានឡើយ ។ ត្រង់ពាមជាមាត់ច្រកនោះ ឃើញមានព្រៃស៊ុបទ្រុប ហើយក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបូស និងអំពៅព្រៃ ដុះបែកផ្កាសសំព្រូស ម៉្លោះហើយអ្នកដំណើរពិបាកចំណាំផ្លូវរកច្រកចូលទៅណាស់ ។
ចូលផុតពីមាត់ពាម ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅទិសខាងជើងអស់រយៈដំណើរប្រមាណកន្លះ ខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេណាំ (ឆ្នាំង?) ដែលជាខេត្តមួយនៃប្រទេសនេះ ។ លុះធ្វើដំណើរពី ឆេណាំ បណ្ដោយតាមទឹកហូរទៅជើងអស់រយៈ១០ថ្ងៃទៀត កាត់ភូមិពូឡូវឈឹង (ប្រែថាភូមិកណ្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ) ឆ្លងកាត់សមុទ្រទឹកសាប (ទន្លេសាប) ទៅទៀត ទើបបានដល់ទីក្រុងកាងពាងឈូ (កំពែងជួរ?) ។ ក្រុងនេះមានទំហំ ៥០ លី (១ លីប្រវែង ១.៨០០ ហត្ថ) បើតាមសៀវភៅពួកបស្ចិមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី ៧.០០០ លី និងមានព្រំប្រទល់ខាងជើងទល់នឹងក្រុងចម៉្បា គឺត្រូវធ្វើដំណើរអស់ពេលកន្លះខែ ខាងនិរតីនៅឃ្លាតពីស្រុកសៀមចម្ងាយផ្លូវកន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង “ហួងអ៊ូ” ចម្ងាយ ផ្លូវ១០ថ្ងៃ ឯខាងកើតប្រទេសគឺមហាសមុទ្រ ហើយដែលជាប្រទេសមួយធ្លាប់ទាក់ទង ខាងសេដ្ឋកិច្ចជាមួយស្រុកយើងតាំងពីដើមរៀងមកផង ។
នៅគ្រាដែលប្រទេសចិន (ក្នុងរាជ្យសន្តតិវង្សម៉ុងហ្គោល) បានត្រួតត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោកចមពល (មេទ័ពធំ) ឈ្មោះ ជុន តូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាម បានចាត់មន្ត្រី២នាក់ គឺលោក ហ៊ូ ប៉េកហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ ឲ្យទៅកាន់ប្រទេសចេនឡា តែត្រូវប្រទេសនេះចាប់ឃុំទុកមិនឲ្យមកវិញ ។ លុះមកដល់រជ្ជកាលស្ដេច ងន់ ចេង (គ.ស ១២៩២) ខែទី៦ ព្រះរាជាអង្គនេះ ទ្រង់ចាត់បេសកកម្មទូតមួយមកប្រទេសចេនឡា ហើយពេលនោះខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ ។ គឺនៅក្នុងខែទី២ នៃឆ្នាំបន្ទាប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ នោះមកទៀត ។ លុះថ្ងៃ១៥ ខែទី៣ ទើបមកដល់ទីក្រុងចាម ។ នៅកណ្ដាលផ្លូវ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំឲ្យមានការរអាក់រអួលក្នុងដំណើរ ។ ដល់មកខែ៧ដែលជាសរទរដូវទើបបានមកដល់ប្រទេសនេះ ព្រមចំណុះចុះចូលទៅ (ព្រមទទួលរាក់ទាក់បេសកជន) ។
លុះដល់មករជ្ជកាលស្ដេច តាយ តេក (គ.ស ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រឡប់មកវិញ ហើយដល់ថ្ងៃ១២ ខែ៨ ទើបនាវាចូលចតដល់កំពង់ផែស្រុកស៊ីម៉េង ។
ចំពោះរឿងប្រពៃណី និងកិច្ចការនៃប្រទេសចេនឡានេះ ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំបានដឹងដោយត្រួសៗ អាចនឹងជម្រាបជូនបានដែរ ។

១. បរិវេណនៃទីក្រុង

បរិវេណនៃទីក្រុងនេះ មានទំហំ ២០ លី មានទ្វារ៥ ។ ទ្វារទាំងនោះសុទ្ធតែសាងកម្រាស់ជា២ជាន់ក្នុងក្រៅ គឺនៅទិសខាងកើតមានទ្វារ២ ។ ក្រៅពីនេះ ក្នុងមួយទិសមានទ្វារតែមួយទេ ។ នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រឡាយទឹកធំៗ ពីក្រៅប្រឡាយនោះ មានផ្លូវដើរទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននីមួយៗ មានទេវរូបថ្ម៥៤ ដូចជារូបមេទ័ពថ្មដ៏ធំៗដូច្នេះដែរ ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំង៥ ។ បង្កាន់ដៃស្ពានទាំងនេះ គេធ្វើអំពីថ្មហើយមានឆ្លាក់ជារូបពស់ដ៏ធំ (នាគ) ដែលមានក្បាល៩ ឯរូបថ្មទាំង៥៤នោះ សុទ្ធតែយកដៃចាប់ទាញពស់នេះឯងហាក់ដូចជាមិនចង់ឲ្យស្ទុះទៅ រួច ។ នៅខាងលើខ្លោងទ្វារមានពុទ្ធរូបថ្ម៥អង្គ បែរភ័ក្ត្រទៅទិសខាងលិច ហើយមួយអង្គដែលស្ថិតនៅចំកន្ដាលគេ មានទឹកមាសល្អស្រស់ផង ។ នៅសងខាងទ្វារមានឆ្លាក់រូបដំរីថ្មទៀត ។
កំពែងទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថ តម្រៀបថ្មយ៉ាងជិតហើយមាំណាស់ ។ នៅពីលើគ្មានស្មៅដុះឡើយ តែនៅចន្លោះមួយដុំៗមានដាំដើមជ្រៃ ។ ឯផ្ទៃក្នុងនៃកំពែង ដែលមានចន្លោះពីគ្នាដល់ទៅជាង ១០០ ហត្ថនោះ ស្ថិតនៅជាដីជម្រាលបីដូចជម្រាលនៃភ្នំ រលីងស្អាតណាស់ ។ លើកំពែងដែលមានផ្ទៃជាដីជម្រាលនោះ មានទ្វារធំៗដែលបិទជិតនៅពេលយប់ ហើយបើកចំហនៅពេលថ្ងៃតាំងពីព្រលឹម និងមានអ្នកយាមប្រចាំការជានិច្ច ។ សត្វឆ្កែ គេមិនឲ្យចូលក្នុងទ្វារនេះទេ ។ ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនឲ្យចូលដែរ ។ កំពែងព័ទ្ធជុំវិញនោះ មានជ្រុងជ្រោយល្អណាស់ ហើយនៅត្រង់ជ្រុងនីមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់ ជ្រុង ។
នៅកណ្ដាលទី ក្រុងនេះ មានប្រាសាទមាសមួយ (ប្រាសាទបាយ័ន្ត) និងនៅជិតខាងនេះមានប្រាង្គប្រសាទជាង២០ទៀត ព្រមទាំងមានបន្ទប់ថ្មចំនួនច្រើនរយបន្ទប់ផង ។ នៅប៉ែកខាងកើតមានស្ពានមាសមួយ មានរូបតោមាស២ស្ថិតនៅអមខាងឆ្វេង និងខាងស្ដាំស្ពានមាស ។ មានព្រះពុទ្ធរូបមាស៨អង្គ តម្កល់នៅតម្រៀបគ្នាចំពីក្រោមប្រាង្គសិលា ។ នៅខាងជើងប្រាសាទមាសចម្ងាយប្រមាណជាងមួយលី មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទមាស គួរឲ្យគយគន់ណាស់ ។ ចំពីក្រោមប្រាសាទស្ពាន់នេះ ឃើញមានបន្ទប់ថ្មប្រហែលជា១០ដែរ ។ ចេញពីនេះទៅខាងជើងថែមមួយលីទៀត គឺជាព្រះរាជដំណាក់ដែលស្ដេចគង់នៅ ។ នៅក្នុងល្វែងដែលជាព្រះដំណាក់នោះ មានប្រាង្គមាសមួយទៀត ។ ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំណាលថា ប្រទេសចេនឡា ថ្កុំថ្កើងរុងរឿងណាស់ ។
ចេញពីកំពែងតាមទ្វារខាងត្បូងទៅចម្ងាយប្រមាណជា ជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាមានចេតិយ លូប៊ូន (ប្រាសាទអង្គរវត្ត) សង់តែមួយយប់ ។ ផ្នូរសព ឬចេតិយ លូប៊ូន ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណព័ទ្ធជុំវិញប្រមាណជាង១០លី និងមានបន្ទប់ថ្មជាច្រើនរយទៀតផង ។ នៅស្រះខាងកើតកំពែងនគរប្រមាណចម្ងាយ១០លី មានប្រាសាទថ្មីមួយទៀត (ប្រាសាទមេបុណ្យខាងលិច ដែលគេច្រឡំថាជាទិសខាងកើត)ដ៏មានបរិវេណព័ទ្ធជុំវិញប្រវែង១០០ លី ។ នៅក្នុងប្រាសាទនេះ មានព្រះពុទ្ធរូបមួយអង្គទ្រង់ផ្ទុំពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីត្រង់ផ្ចិត ហូរធ្លាក់ទៅក្នុងស្រះធំមួយនៅពីខាងជើងប្រាសាទនេះ ។ នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ៥លី មានប្រាសាទមាសរាង៤ជ្រុង (ទំនងជាប្រាសាទនាគព័ន្ធ) និងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះ គេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ រូបសេះ និងវត្ថុដទៃទៀតធ្វើពីស្ពាន់ ច្រើនឥតគណនា ។

២. ដំណាក់‑លំនៅឋាន

ព្រះដំណាក់ ផ្ទះនាម៉ឺនមន្ត្រី និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត ។ ព្រះរាជដំណាក់ស្ថិតនៅខាងជើងប្រាសាទមាស និងស្ពានមាស ហើយនៅជិតមាត់ទ្វារដ៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥ ឬ ៦ លី ។ ក្បឿងប្រក់តួប្រាសាទកណ្ដាលធ្វើពីសំណរ ឯអគារផ្សេងទៀតសឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង ។ សសរ និងស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬគូររចនារូបផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ ។ ដំបូលទាំងនោះល្អមើលណាស់ ។ របៀងប្រាសាទ និងថែវយ៉ាងវែង អាចដើរបានជាផ្លូវខ្វាត់ខ្វែង ហើយដំបូលនោះក៏ខ្ពស់ៗសម្បើមណាស់ ។ ទីនេះជាកន្លែងព្រះរាជវាំងដែលស្ដេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយនៅខាងស្ដាំ និងខាងឆ្វេងនៃកន្លែងស្ដេចគង់ប្រថាប់ មានសសរបួនជ្រុងតម្កល់កញ្ចក់តម្រៀបគ្នាប្រមាណជាសែសិប ឬហាសិបបន្ទះ ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំណល់ទ្រមានរូបរាងជាដំរី (ត្រង់នេះគឺបុស្បុកមួយ ដែលមានសសរបួន និងក្បាច់លម្អដោយកញ្ចក់ជើងទ្រធ្វើជារូបដំរី តែលោក ជីវ តាក្វាន់ សរសេរថាជាស៊ុមមួយ ព្រោះឃើញមានគែមក្របជុំវិញ) ។
ខ្ញុំឮគេនិយាយថា ទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់ ប៉ុន្តែបម្រាមតឹងតែងពេក មិនអាចអនុញ្ញាតឲ្យចូលមើលបាន ។ ក្នុងបណ្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា នៅកណ្ដាលប្រាសាទ មានប្រាង្គមាសមួយ ហើយថារាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ ។ អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រាង្គមាសនោះឯងមានបិសាចមួយ មានរូបជាពស់ ក្បាលប្រាំបួន (ពស់ក្បាលប្រាំបួននេះ គឺជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់ ឯនាគចិនមានជើង ក្បាលតូច ឥតពពារទេ) ។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់ បិសាចតែងតំណែងខ្លួនជាមនុស្សស្ត្រី ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី ឬស្នំស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ ។ លុះដល់មជ្ឈិមយាម ទើបស្ដេចចេញមកពីនាងពស់នោះ មករួមរ័ក្សនឹងមហេសី ឬស្ត្រីស្នំដទៃទៀតបាន ។ បើបាត់ពស់នោះមិននិម្មិតមកទេ នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេច ហើយរឿងរ៉ាវអាក្រក់នឹងកើតឡើង ។ បើស្ដេចមិនបានយាងចូលទៅទីនេះមួយយប់ណាហើយ ពេលនោះអពមង្គលនឹងពិតជាកើតឡើងភ្លាមមិនខានដែរ ។
បន្ទាប់មក ដំណាក់ព្រះញាតិវង្ស ឬលំនៅនាម៉ឺន‑មន្ត្រីធំៗ សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ ។ ផ្ទះទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ និងវិហារទេដែលប្រក់ក្បឿង ។ ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅតាមលំដាប់យសសក្តិនៃម្ចាស់ផ្ទះ ផង ។
ចំណែកផ្ទះប្រជារាស្ត្រ វិញ សុទ្ធតែប្រក់ស្លឹក (ឬស្បូវ) គេមិនហ៊ានប្រក់ក្បឿងទេ ឯទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់ឲ្យដូចលំនាំអ្នកធំឡើយ ។

៣. សម្លៀកបំពាក់ និង គ្រឿងអលង្ការ

អ្នកស្រុកទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ ទាំងស្រីទាំងប្រុសសុទ្ធតែបួងសក់ទាំងអស់ ហើយគេលែងខ្លួនទទេស្អាត មានតែសំពត់មួយផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចងពុង ហើយបើត្រូវការចេញទៅណាមកណា គេយកកំណាត់មួយផ្ទាំងទៀតធំជាងមុន មករុំស្រោបថែមពីលើ ។ ការស្លៀកពាក់នេះ មានលក្ខខណ្ឌទៅតាមឋានៈទៀត ។ ព្រះពស្ត្ររបស់ស្ដេច មានតម្លៃជាមាសបី ឬបួនតម្លឹង គឺល្អដាច់ពីសម្លៀកបំពាក់អ្នកផងទាំងពួង ។ អ្នកស្រុកនេះ ចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីស្រុកសៀម និងចាមផងដែរ ។ សំពត់ពិសេសមកពីបស្ចិមប្រទេសដែលមានសាច់ម៉ដ្ធល្អ មានតែស្ដេចទេដែលមានប្រើ គឺជាសំពត់ផ្កាសរសៃសូត្រឆ្មារ ។ ស្ដេចពាក់មកុដមាស បើជួនកាលមិនពាក់មកុដទេ គឺពាក់កម្រងផ្កាដូចជាផ្កាម្លិះជាដើម ព័ទ្ធជុំវិញព្រះសិរ ។ នៅលើកំពូលព្រះកេស មានស្នៀតសក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង ។ គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ និងព្រះហស្ត មានទម្ងន់ដល់ទៅជាងបីនាឡិ ។ នៅគ្រប់តែម្រាមមានពាក់ចិញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្មា ។ បាតព្រះហស្ត និងបាតព្រះបាទមានលាបពណ៌ក្រហម ហើយនៅពេលដែលទ្រង់យាងចេញមកម្ដងៗតែងកាន់ព្រះខ័នមាសមួយ ជានិច្ច ។
ចំណែកប្រជារាស្ត្រ វិញ មានតែស្ត្រីភេទទេដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន ឯប្រុសៗមិនហ៊ានលាបទេ ។ ព្រះញាតិវង្ស និងមន្ត្រីធំអាចប្រើកំណាត់ផ្ការង្វើលៗបាន ឯមន្ត្រីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយប៉ុណ្ណោះ ចំណែករាស្ត្រសាមញ្ញ បើស្រីៗអាចប្រើសំពត់ផ្កាបានខ្លះដែរ ។
ជនជាតិចិនដែលទើបនឹងមកដល់ប្រទេស នេះថ្មីៗ ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង ក៏គេមិនថាអីដែរ ព្រោះគេសន្មតថាជាពួកមិនទាន់ដឹងទំនៀម អ្នកស្រុកហៅថា ពួកង៉ានទីង ប៉ា ឆា (មិនដឹងភាសា?) ។

៤. អំពីមន្ត្រី

ប្រទេសនេះមាន រដ្ឋមន្ត្រី មេទ័ព និងហោរា ហើយមន្ត្រីក្រោមពីនោះ មានច្រើនឋានៈទៀត ដូចជានៅប្រទេសចិនដែរ ប្លែកគ្នាតែឈ្មោះហៅ ។ មន្ត្រីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច បើមានអ្នកក្រៅចូលធ្វើជាមន្ត្រីផងទាល់តែអ្នកនោះយកកូនទៅថ្វាយ ឲ្យធ្វើជាស្នំស្ដេច ។ ការធ្វើដំណើរនៃមន្ត្រីទាំងនោះ គេសម្គាល់តាមគ្រឿងហែហមតាមឋានៈ ។ អ្នកធំជាងគេអង្គុយលើគ្រែស្នែងមាស មានបាំងក្លស់ដងមាសបួន ។ អ្នកបន្ទាប់មកទៀត គ្រែស្នែងមាសក្លស់ដងមាសពីរ ចុះមកទៀតមានគ្រែស្នែងមាសដែរ តែក្លស់ដងមាសមួយ ។ អ្នកតូចមកទៀតគ្រែស្នែងប្រាក់ មានក្លស់ដងមាសមួយ ។ អ្នកតូចបន្តមកចេះតែថយមកក្លស់ដងមាសតែមួយ រួចក្លស់ដងប្រាក់មួយ ឥតមានគ្រែស្នែង ។
ចំពោះមន្ត្រីដែលត្រូវជិះគ្រែស្នែងប្រាក់ និងក្លស់ដងមាសមួយឡើងទៅ សុទ្ធតែហៅថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នកដែលមានតែក្លស់ដងប្រាក់ ហៅថា “សីឡាត់ទី” (ស្រិស្ធិន?) ។ ក្លស់នោះ គេយកសំពត់ជាតីសូត្រដែលធ្វើមកពីប្រទេសចិនពាស ហើយទម្លាក់ចុងរំភាយចុះសឹងដល់ដី ។ ឯឆ័ត្រតាំងយូរ គេយកសំពត់សូត្រពណ៌ខៀវមកពាស ហើយទម្លាក់រំភាយខ្លីបន្តិចដែរ រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង ។

៥. អំពីលទ្ធិសាសនាបីបែប

អ្នក ចេះដឹង (ពួកព្រាហ្មណ៍?) គេហៅថា ប៉ានឃាប (ទំនងមកពីពាក្យ “បណ្ឌិត”) លោកសង្ឃគេហៅថា ជូគូ (ប្រហែល មកពីពាក្យ “ចៅគូ”) ពួកតាបសគេហៅ ប៉ាស៊ីវ៉ី (ប្រហែលមកពីពាក្យ “បស្វៈ” ឬ “បស្វិ”) ។
ដែលហៅថា ប៉ានឃាប នេះមិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា ឬទីកន្លែងរៀនសោះ ខ្ញុំឃើញតែរូបពួកនេះឯងដែលស្លៀកពាក់ដូចតែជនធម្មតាដែរ ប៉ុន្តែមានប្លែកត្រង់ពាក់អំបោះសវេញមួយខ្សែនៅក ហើយអំបោះនេះ ពាក់ជាប់នឹងកអស់មួយជីវិត ។ គេតែងរើសយកពួក ប៉ានឃាប នេះ ឯង ធ្វើជាមន្ត្រី ព្រោះគេទុកជាអ្នកចេះដឹងជាន់ខ្ពស់ហើយ ។
ចំណែកលោកសង្ឃវិញ កោរព្រះកេស គ្រងចីវរពណ៌លឿងបញ្ចេញស្មារខាងស្ដាំ ហើយនិមន្តដោយជើងទទេ ឥតពាក់ស្បែកជើងឡើយ ។ ព្រះវិហារមួយ គេអនុញ្ញាតឲ្យប្រក់ក្បឿងបាន ហើយនៅកណ្ដាលព្រះវិហារនោះមានតម្កល់ព្រះពុទ្ធរូបមួយអង្គ ដែលមានភិនភាគដូចជាព្រះសក្យមុនីដែរ (តាម មហាយាន គេជឿថា មានព្រះពុទ្ធ២អង្គ គឺព្រះពុទ្ធដើមនៅឋានសួគ៌នាម “អាមិតាតៈ” និងព្រះពុទ្ធដែលត្រាស់ដឹងនៅស្ថានមនុស្សនាម “សក្យមុនី”) គេហៅថា “ពុតឡៃ” លាបលនពណ៌ក្រហម ដោយគេយកដីសមកសូនធ្វើ ហើយលាបពណ៌ផ្សេងៗ គ្មានភិនភាគអ្វីក្រៅពីនេះទេ ។ មានព្រះពុទ្ធរូបតូចៗច្រើនអង្គទៀត មានព្រះភក្ត្រមិនដូចគ្នាទេ ច្រើនតែកសាងអំពីស្ពាន់ ហើយគ្មានជួង ស្គរ រគាំង ទង់អ្វីទាំងអស់ ។ ព្រះសង្ឃឆាន់ត្រីសាច់បាន តែមិនឆាន់ស្រាទេ ហើយគេអាចរៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង ។ ក្នុងមួយថ្ងៃលោកនិមន្តទៅបិណ្ឌបាតពីផ្ទះបាសកតែមួយដងទេ ហើយគ្មានរៀបដណ្ដាំស្លនៅក្នុងវត្តឡើយ ។ លោកឆាន់មួយដងក្នុងមួយថ្ងៃ ។
ធម៌ដែលលោកសូត្រមានច្រើនណាស់ គេចងក្រងនៅនឹងស្លឹកតាលព្រឹក្ស ដិតស្នាមអក្សរពណ៌ខ្មៅ តែមិនមែនសរសេរដោយជក់ ឬខ្មៅដុសឡើយ ។ ខ្ញុំមិនដឹងគេសរសេរដោយអ្វីទេ (ការពិតគេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងមកលុប ទើបបានជាស្នាមខ្មៅនេះ) ។ គេមានយកគ្រែស្នែង និងក្លស់ដងមាស ឬដងប្រាក់ មកសែងមកបាំងលោកសង្ឃដែរ ព្រោះស្ដេចតែងពិគ្រោះនឹងព្រះសង្ឃ ចំពោះបញ្ហាណាដែលធំៗរបស់ស្រុកទេស ។ ប៉ុន្តែពុំឃើញមានដូនជីនៅក្នុងវត្តទាំងនោះទេ ។
រីឯពួកតាបសដែលហៅ ប៉ាស៊ីវ៉ី នេះ ស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ តែមានជួតក្បាលកំណាត់ពណ៌ស ឬពណ៌ក្រហម របៀបដូចពួកស្រីតារតានៃជាតិ ម៉ុងហ្គោលដែរ តែទាបជាងបន្តិច ។ ពួកនេះមានវត្តដូចព្រះសង្ឃពុទ្ធសាសនាដែរ តែមានទំហំតូចជាង ។ លទ្ធិពួកតាបសនេះ គ្មានឥទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ ។ ពួកគេគោរពចំពោះតែថ្មមួយដុំធំ (លិង្គ) ដូចថ្មរូបអ្នកតាព្រះស្រុកដូច្នោះដែរ ។ ប្រភពក្ដី របៀបប្រតិបត្តិនៃពួកនេះក្ដី ខ្ញុំពុំបានដឹងទេ ។ ពួកនេះមានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតឲ្យប្រក់ក្បឿងបានដែរ ។ ពួក ប៉ាស៊ីវ៉ី មិនបរិភោគរបស់អ្នកដទៃទេ ហើយមិនបរិភោគនៅចំពោះទីសាធារណៈផង ហើយមិនសេពសុរាជាដាច់ខាត ។ ខ្ញុំមិនដែលឃើញតាបសសូត្រធម៌ ឬក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្ដងណាឡើយ ។
ចំណែកក្មេងកូនអ្នកស្រុកវិញ ដែលត្រូវការរៀនសូត្រ គេតែងយកទៅទុកដាក់រៀនជាមួយព្រះសង្ឃ ហើយបួសជាសង្ឃផង លុះដល់អាយុច្រើនក៏វិលត្រឡប់មកកាន់ជីវភាពជាជនធម្មតាវិញ ។ ឯការល្អិតល្អន់ជាងនេះទៅទៀត ខ្ញុំមិនបានដឹងឲ្យច្បាស់លាស់ឡើយ ។

៦. អំពីអ្នកស្រុក

តាមទម្លាប់របស់ពួកមនុស្សដែលមិនទាន់ ស៊ីវិល័យ ច្រើនតែមានរូបឆោមខ្មៅគម្រីងគម្រាំង មិននិយមទៅនៅលើកោះដែលសម្បូណ៌ដោយទឹកទេ ចូលចិត្តតែនៅក្នុងភូមិឆ្ងាយដាច់ស្រយាលពីគេ ។ ទម្លាប់បែបនេះជាការពិតណាស់ ។
ចំណែកស្ត្រីក្នុងវាំង ឬស្ត្រីក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន ព្រោះតែគេមិនងាយប្រទះនឹងកម្ដៅថ្ងៃឡើយ ។ តាមធម្មតាទាំងស្រី ទាំងប្រុស គ្មានស្លៀកដណ្ដប់អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹង ចង្កេះនោះទេ ។ គេលែងខ្លួនទុកដើមទ្រូងនៅកណ្ដាលវាល ឯសក់បួង ជើងទទេ គ្មានស្បែកជើងឡើយ ទោះជាស្ត្រីមហេសីស្ដេចក៏ដោយ ។
ព្រះមហាក្សត្រមានមហេសីប្រាំអង្គ គឺអគ្គមហេសីមួយ និងមហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ ។ ចុះពីនោះមក ខ្ញុំឮថាមានស្ត្រីស្នំ បួនពាន់ ឬប្រាំពាន់នាក់ ហើយមានចែកជាជាន់ថ្នាក់ និងមិនឲ្យចេញដើរទៅណាមកណាផ្ដេសផ្ដាស់ឡើយ ។ ខ្ញុំចូលទៅក្នុងវាំងពេលណា ក៏ឃើញស្ដេចខ្មែរចេញមកជាមួយអគ្គមហេសី ហើយគង់ប្រថាប់នៅក្នុង ស៊ុមមាស (បុស្បុកដែលជាទីប្រថាប់ក្នុងក្រឡាព្រះ គំនាល់) នាល្វែងកណ្ដាលធំទូលាយ ។ ចំណែកមន្ត្រី អ្នកក្នុងវាំងវិញ នាំគ្នាទៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្តិ រៀងខ្លួន ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះមក ។ ខ្ញុំបានចូលទៅឃើញម្ដង គឺឲ្យតែនរណាមានកូនក្រមុំល្អ ច្បាស់ជាត្រូវគេហៅឲ្យនាំចូលទៅក្នុងវាំង ។ ពួកស្រីនៅខាងក្រោយនេះ ដែលដើរច្រវាត់ចេញចូលបម្រើគេហៅថា “តាំងកេឡាង” (ស្រឹង្គារ?) ។ ពួកនេះមានចំនួនមិនតិចជាងមួយពាន់ ឬពីរពាន់នាក់ទេ តែអាចយកប្ដីរស់នៅជាមួយអ្នកធម្មតាបាន ។ ស្ត្រីទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាស់បន្តិច ហាក់ដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង ហើយគេលាបជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសង ខាង ។ នេះហើយជាសញ្ញាសម្គាល់ពួក តាំងកេឡាង ឬ ជេនគាឡាង គឺមានតែពួកនេះហើយដែលអាចចូលក្នុងវាំងបាន ឯអ្នកថយថោកពីនេះទៀត ចូលទៅកាន់ផ្លូវខ្វែងខ្វាត់ខាងក្រោមប្រាសាទនោះមិនបានទេ ។
ស្ត្រីអ្នកភូមិធម្មតា ក៏បួងសក់ដែរ ប៉ុន្តែគ្មានសៀតស្នៀតសក់ និងតុបតែងលម្អលើសក់ក្បាល ឬលម្អមុខឡើយ ។ នៅកដៃមានពាក់កងមាសនៅនឹងម្រាមដៃ មានពាក់ចិញ្ចៀនមាស ។ ម្យ៉ាងទៀត ពួកជេនគាឡាង និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រី សុទ្ធតែលាបប្រេងក្រអូបដែលផ្សំធ្វើឡើងពីជាតិឈើក្រអូប និងក្រលៀនប្រើស ។
គ្រប់ គ្រួសារទាំងអស់សុទ្ធតែគោរពប្រណិបតន៍ព្រះពុទ្ធ ។
ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗ រាល់ថ្ងៃតែងដើរជាក្រុមដប់នាក់ ឬលើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយណាស់មានបំណងទាក់ទងពួកចិនៗ ដូរយករបស់មានតម្លៃ ដែលជាទម្លាប់មួយមិនល្អ មិនថ្លៃថ្នូរសោះ ។

៧. អំពីស្ត្រីសម្រាលកូន

ស្រីអ្នកស្រុកនេះ ក្រោយដែលសម្រាលកូនរួចទៅ គេយកបាយក្ដៅប្រឡាក់លាយអំបិល ហើយញាត់ចូលទៅក្នុងទ្វារមាស លុះដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ ។ ការធ្វើដូច្នេះ ជាហេតុនាំឲ្យមិនសូវមានជម្ងឺ និងឲ្យបានរួមទ្វារមាសតូចដូចជាស្រីក្រមុំទៀតផង ។ កាលខ្ញុំទើបនឹងដឹងរឿងនេះដំបូង ឆ្ងល់ថា ក្រែងមិនពិតដូច្នោះទេដឹង ? ព្រោះថា បើបានជាមានប្ដី និងមានកូនទៅហើយ ចុះម៉េចខ្លាចគេដឹងរឿងនេះទៀត ? ប៉ុន្តែនៅនឹងផ្ទះដែលខ្ញុំសំណាក់នៅមានស្រីម្នាក់សម្រាលកូន ដែលជាហេតុនាំឲ្យខ្ញុំដឹងរឿងនេះច្បាស់លាស់ៈ នៅក្រោយពេលសម្រាលកូនហើយ មួយថ្ងៃទៀត ស្រីនោះពរកូនខ្ចីទៅមុជទឹកទន្លេ ដែលជាការចម្លែកមិនដែលជួបប្រទះទេ ។
នៅពេលដែលខ្ញុំទៅជួបនឹងគេម្ដងណា គេតែងពោលថា ស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់ ។ ក្រោយពេលដែលសម្រាលកូនហើយមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ គេក៏រួមដំណេកជាមួយប្ដីទៀតហើយ ។ បើប្ដីនោះបំពេញចំណង់ខ្លួនមិនបានទេ នឹងត្រូវគេបោះបង់ចោលដូចពួកបូយឆេង (ពួក ដែលគេទិញដាច់មិនឲ្យទៅនៅមានប្រពន្ធកូនឡើយ) មិនខាន ។ ប្រសិនប្ដីនោះមានធុរៈទៅស្រុកឆ្ងាយអស់ពេលច្រើនយប់ ចាប់ពីដប់យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដីឲ្យថា “ខ្ញុំមិនមែនស្រីខ្មោចទេ តើឲ្យខ្ញុំដេកម្នាក់ឯងម្ដេចនឹងបាន ?” ។ ខ្ញុំឮថាមានស្ត្រីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន ។ ស្រីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់មានប្ដី ឆាប់មានកូនពេក ។ មនុស្សដែលមានអាយុ ២០ ឬ ៣០ គឺប្រហែលគ្នានឹងជនជាតិចិនដែលមានអាយុ ៤០ ឬ ៥០ ឆ្នាំដូច្នោះដែរ ។

៨. អំពីស្ត្រីក្រមុំ

ពួកឪពុក ម្ដាយដែលមានកូនស្រី តែងឲ្យពរកូនថា “សូមឲ្យឯងទៅអនាគតបានជាស្រីដែលមានប្ដីរាប់រយពាន់ (ឲ្យមាន គេស្រឡាញ់ច្រើន)” ។
កូនស្រី ក្នុងគ្រួសារអ្នកមាន ចាប់ពីអាយុ ៧ ទៅ ៩ ឆ្នាំ គ្រួសារអ្នកក្រខ្សត់រហូតដល់អាយុ ១១ ឆ្នាំ គេនិមន្តលោក ឬតាបសមកបើកមុខកូនស្រីហៅថា ឆឺនថាន ។
ពិធីនេះ រាជការដាក់កម្រិតឲ្យធ្វើមួយឆ្នាំម្ដង នៅក្នុងខែដែលត្រូវនឹងខែទី៤របស់ចិន ដោយរើសយកថ្ងៃណាមួយធ្វើតែម្ដង ។ អ្នកមានកូនស្រីដែលត្រូវធ្វើពិធីនេះ តោងជម្រាបរាជការជាមុន ហើយអ្នករាជការ គេក៏ឲ្យទៀនធំមួយដើមមកទុកមុន និងមានគូសគំនូសមួយជាកំណត់សញ្ញាផងថាដល់ពេលយប់ធ្វើពិធីនេះ បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយត្រូវចាប់ពិធី ឆឺនថាន ឡើង ។
នៅមុនពេលដែលធ្វើពិធី នេះមួយខែ ឬកន្លះខែ ឬដប់ថ្ងៃ ឪពុកម្ដាយត្រូវជ្រើសរើស លោក ឬតាបសណាមួយ ប្រកាន់ទុកជាមុន ទោះបីនៅវត្តណាក៏ដោយ ក៏តែងតែមានគេទៅនិមន្តដែរ ។
លោក គ្រូអង្គណាដែលសំខាន់ៗជាងគេ តែងតែត្រូវពួកមន្ត្រី ឬអ្នកមានគេនិមន្តទុកអស់ហើយ ឯអ្នកក្រពុំអាចជ្រើសរើសរកលោកបានតាមចំណង់ឡើយ ។ មន្ត្រី ឬអ្នកមាន គេបូជាលោកនូវសុរា អង្ករ កំណាត់សំពត់ ស្លាម្លូ និងគ្រឿងប្រាក់យ៉ាងច្រើនរហូតដល់ទៅ ១០០ អម្រែកផង ហើយមានតម្លៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០ ឬ ៣០០ តម្លឹងឡើយ ។ អ្នកមានរបស់របរតិច ក៏គង់ ៣០‑៤០ ឬ ១០‑២០ អម្រែកដែរ ។ ដូច្នេះ គ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១ ឆ្នាំទើបចាប់ធ្វើពិធីនេះ មកពីពិបាករករបស់របរទាំងនេះឯង ។
មានអ្នកខ្លះ គេជួយលុយដល់កូនអ្នកក្រឲ្យធ្វើពិធីនេះដែលគេទុកជាការសាងកុសល មួយដែរ ។ ក្នុងមួយឆ្នាំ លោក ឬតាបសមួយអង្គអាចទទួលនិមន្តធ្វើពិធីនេះឲ្យក្មេងស្រីបានតែមួយ នាក់ទេ បើលោកយល់ព្រមនឹងអ្នកណាមួយហើយមិនអាចទទួលអ្នកដទៃទៀតបានទេ ។
នៅពេលយប់ដែលធ្វើពិធីនេះ គេមានរៀបចំគ្រឿងស៊ីផឹក និងភ្លេងភ្លាត់ទ្រហឹងអឹងកង ។ ក្រៅពីការជួបជុំញាតិមិត្តជិតឆ្ងាយ គេមានសង់ធ្វើជារោងមួយ តម្កល់រូបមនុស្ស រូបសត្វដែលសូនធ្វើអំពីដី ។ អ្នកមានយសសក្ដិ ធ្វើរូបនេះដល់ទៅជាងដប់ ឯអ្នកហោចមក ក៏មានបី ឬបួនដែរ ។
ចំពោះអ្នកដែលទាល់ក្រខ្លាំងវិញ គ្មានធ្វើរូបនេះទេ គិតតែរៀបពិធីតែម្ដងទៅ លុះដល់គ្រប់ពេលប្រាំពីរថ្ងៃ ទើបគេរុះរោងនោះចេញ ។ នៅយប់ដែលធ្វើពិធីនោះទៀត គេយកគ្រែស្នែងទៅនិមន្តលោក ហើយបាំងក្លស់ និងលេងភ្លេងដង្ហែនាំយកមក ។ គេមានកូនតូបពីរដូចគ្រែស្នែងដែរដែលបិទបាំងលម្អដោយព្រែពណ៌ ភ្លឺព្រាល ។ តូបមួយសម្រាប់ឲ្យកូនស្រីនោះអង្គុយ ឯតូបមួយទៀត សម្រាប់លោក ឬតាបសគង់សូត្រធម៌ តែខ្ញុំមិនដឹងជាលោកសូត្រអ្វីឡើយ ។ ពេលនោះភ្លេងក៏ប្រគុំឮគឹកកងរំពងដែរ ។ ខ្ញុំឮថាយប់នេះគ្មានត្រណមអ្វីទេ គ្រាន់តែដឹងថា ដល់ពេលវេលាភ្លាម លោក ឬតាបសនោះក៏ចូលទៅក្នុងបន្ទប់ជាមួយកូនស្រី ហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រីដាក់ទៅក្នុងស្រា ។ ខ្លះថាឪពុកម្ដាយ និងញាតិមិត្ត យកទៅផ្ដិតនឹងថ្ងាស់ ឬមុខរៀងខ្លួន ។ ខ្លះទៀតថា យកមកភ្លក្សគ្រប់គ្នា ហើយខ្លះថា លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ តែខ្លះថា ឥតមានទេ ។ រឿងនេះ គេមិនឲ្យពួកចិនបានឃើញផ្ទាល់ទេ ហេតុនេះ ទើបខ្ញុំមិនអាចបានដឹងនូវការពិតឡើយ ។
លុះដល់ពេលទៀបភ្លឺ ទើបគេដង្ហែលោកដោយគ្រែស្នែងមានភ្លេង និងបាំងក្លស់នាំយកទៅវិញ ហើយគេយករបស់ល្អៗ មានព្រែពណ៌ជាដើម ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ ។ បើពុំធ្វើដូច្នេះទេ កូនស្រីនេះមិនអាចយកទៅឲ្យមានប្ដីដទៃទៀតបានឡើយ ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ ។
ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃទី៦ ខែទី៤ នៃឆ្នាំ តេងអ៊ីវ ក្នុងរជ្ជកាលស្ដេច តាយតេក (គ.ស ១២៩៧) ។
នៅ ពេលដែលមុនធ្វើពិធីនេះ កូនស្រីត្រូវនៅដេកក្នុងបន្ទប់ជាមួយឪពុកម្ដាយ លុះដល់ធ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅដេកបន្ទប់ដទៃ ហើយនាងចង់ទៅដេកកន្លែងណាក៏បាន តាមចិត្តចង់ឥតមាននរណាតាមមើលគយឃ្លាំឡើយ ។
ចំពោះរឿងរៀបអាពាហ៍ពិពាហ៍វិញ ពិតមែនតែមានតម្រូវឲ្យជូនលុយកាក់ជាច្រើន ប៉ុន្តែគេមានអនុគ្រោះច្រើនដែរ ។ មានខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជាមុនទៅហើយ ទើបរៀបការជាក្រោយក៏បាន ។ តាមប្រពៃណីគេមិនមានចាត់ទុកការណ៍នេះជាការគួរខ្មាសអៀន ឬជាចម្លែកឡើយ ។
នៅយប់ដែលធ្វើ ពិធី “ឆឺនថាន” នោះ ជួនកាលនៅតែតាមផ្លូវមួយមានដល់ទៅដប់ផ្ទះឯនោះ រៀបធ្វើពិធីនេះ ។ នៅតាមទីក្រុង អ្នកណាហ៊ានដើរកាត់ហ្វូងពិធី ពីមុខលោក ឬតាបសទាំងនេះ ច្បាស់ជាវង្វេងវង្វាន់ផ្លូវហើយ ណាមួយឮគឹកកងស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណាទេ ។

៩. អំពីទាសាទាសី

គេសុទ្ធតែទិញមនុស្សព្រៃយកមកបង្ខំឲ្យធ្វើជា ទាសាទាសី ។ អ្នកដែលមានច្រើន គឺទាសាដល់ទៅជាងមួយរយនាក់ ឯអ្នកដែលមានតិច ក៏ត្រឹមដប់ ម្ភៃនាក់ដែរ លើកលែងតែអ្នកក្របំផុតទើបគ្មានសោះ ។
ចំណែកមនុស្សព្រៃទាំងនោះ គឺជាអ្នករស់នៅក្នុងព្រៃភ្នំមានជាវង្សត្រកូលមួយហៅថាអាចោរ “ថុង” (ជង?) ។ ពួកនេះបើមកនៅកន្លែងណាហើយ មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ ។ ពួកអ្នកស្រុកក្រុង គេឈ្លោះគ្នា គេជេរគ្នាថា “អាថុងៗ” ដូច្នេះ គេខឹងខ្លាំងណាស់ ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់ ។ ក្មេងៗមានកម្លាំងពេញ គេលក់បានតម្លៃមួយរយ “ប៉ូវ” (កំណាត់សំពត់) បើចាស់ៗ ខ្សោយកម្លាំងបានតែសាមសិប ឬសែសិបទេ ។
ពួកនេះ គេឲ្យនៅតែក្រោមផ្ទះ លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតឲ្យឡើងលើផ្ទះ ហើយត្រូវឲ្យលុតជង្គង់លើកដៃសំពះគេសិន ទើបអាចដើរចូលក្នុងផ្ទះបាន ។ គេហៅម្ចាស់គេថា ប៉ាថូ (ទំនងមកពីពាក្យ ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយហៅឪពុក) ហៅម្ចាស់ស្រីថា មី (មេ ម្ដាយ) ។ ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ ពួកនេះសុខចិត្តជ្រប់មុខបណ្ដោយឲ្យគេវាយតាមចិត្ត មិនហ៊ានរើបម្រះឡើយ ។ ពួកនេះស្រី‑ប្រុស គេយកតែគ្នាគេជាប្ដី‑ប្រពន្ធ គ្មានសិទ្ធិយកអ្នកដទៃឡើយ ។ បើមានពួកចិនទៅនៅស្រុកនោះយូរ លួចរួមរ័កជាមួយស្ត្រីពួកនោះ ដោយការស្រេកឃ្លានកាមតណ្ហា ហើយម្ចាស់គេទាន់ នោះអ្នកផងគេលែងឲ្យចិននេះអង្គុយជាមួយគេហើយ ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ ។ បើពួកទាសៈទាំងនេះ ទាក់ទងលួចលាក់ជាមួយអ្នកក្រៅ រហូតដល់មានផ្ទៃពោះ កើតបានជាកូនទៅ ក៏ចៅហ្វាយនាយឥតសួររកហេតុផលឡើយ ។ បានជាគេមិនសួរមកពីគេយល់ថា បើទាសៈនោះ កាលណាបានកូនមក នឹងបានផលដល់គេ ព្រោះថ្ងៃក្រោយគេនឹងចម្រើនទាសៈឡើងទៀត ។
បើទាសៈណាលួចរត់ ហើយគេតាមចាប់បានមកវិញ គេត្រូវយកមកសាក់មុខ ចំកណ្ដាលថ្ងាស់ពណ៌ខៀវ ជាគ្រឿងចំណាំ ហើយគេដាក់ឃ្នាងជាប់នឹងក ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង ។

១០. អំពីភាសា

ភាសាចិន មានសម្លេងប្រហាក់ប្រហែលនឹងភាសាអ្នកស្រុកនេះដែរ តែនិយាយប្រាស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះមានភាសាមួយពិសេស ទោះបីជាភាសាអ្នកជិតខាងខ្លួនដូចជា ចាម ឬសៀម ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ ។ ១ គេថាបួយ ២ ថាព័ក ៣ ថាបេក ៤ ថាពួន ៥ ថាពុណាំ ៦ ថាពុណាំបួយ ៧ ថាពុណាំព័ក ៨ ថាពុណាំបេក ៩ ថាពុណាំពួន ១០ ថាតាប់ ។ គេហៅឪពុកថា “ប៉ាថូ” ឪពុកធំ ឪពុកមាក៏ហៅ ប៉ាថូ ដែរ ។ ម្ដាយ គេហៅ “មី” ឯម្ដាយមីង និងស្ត្រីអ្នកជិតខាងក៏គេហៅមីដែរ ។ បងស្រី ប្រុស ហៅថា “ប៉ង” ប្អូនប្រុសស្រី ហៅថា “ផូវអ៊ូង” ។ មាខាងម្ដាយហៅថា “ងាកឡៃ” ឯប្ដីរបស់ម្ដាយមីងខាងឪពុក ហៅថា “ពូឡៃ” ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាស់គ្នា ។ ឧបមាដូចពាក្យ “នេះ មនុស្សទាសាំ ជាប្អូន គេថាៈ ផូងអ៊ូង‑ទាសាំ” ពាក្យថា “នេះ មនុស្ស លីស៊ឺមាខាងឪពុក” គេថា “ងានឡៃលីស៊ឺ” ឧបមាមួយទៀត ដូចពាក្យគេហៅចិនថា “ពីស៊ី” ហៅមន្ត្រីថា “ប៉ាតេង” ហៅអ្នកប្រាជ្ញថា “ប៉ានឃាប” លុះដល់គេចង់ថា មន្ត្រីចិន ឬ អ្នកប្រាជ្ញចិន គេមិនថា ពីស៊ី ប៉ាតេង ឬ ពីស៊ីប៉ានឃាប ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី ឬ ប៉ានឃាប ពីស៊ី ទៅវិញ ។
ទាំង នេះ គ្រាន់តែលើកយកជាឧទាហរណ៍គោលៗទេ ។ មួយយ៉ាងទៀត គឺមន្ត្រីគេនិយាយតាមបែបមន្ត្រី អ្នកប្រាជ្ញនិយាយគ្នាតាមភាសាអ្នកប្រាជ្ញ លោកសង្ឃ ឬតាបសក៏មានពាក្យសម្ដីប្រើរបៀបខ្លួនជាសង្ឃ ជាតាបស ឯអ្នកស្រែចម្ការក៏និយាយប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិនទេ ។

១១. អំពីមនុស្សព្រៃ

មនុស្សព្រៃមាន ២ បែប ។ មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង ។ មួយពួកទៀត គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការចម្រើន ។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ តែងនាំគ្នាទាំងគ្រួៗដើររស់នៅតាមភ្នំ ។ ក្បាលគេមានពាក់អ្វីម្យ៉ាងធ្វើពីដីរាងដូចឆ្នាំង ។ បើដើរទៅជួបនឹងសត្វព្រៃ គេបាញ់នឹងព្រួញ ឬពួយនឹងលំពែង បានសត្វនោះមក ក៏គូសដុំថ្មយកភ្លើងចម្អិនសត្វ រួចអង្គុយដំកង់ចែកគ្នាស៊ី ។ រួចហើយដើរទៅទៀត ។ ពួកនេះកាចសាហាវណាស់ តែងសម្លាប់គ្នានៅក្រុមជាមួយ ហើយចេះផ្សំថ្នាំពិសពូកែសក្ដិសិទ្ធណាស់ ។ នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសណ្ដែកគួ ដើមក្រវាញ និងដាំកប្បាសត្បាញសំពត់ជាវិជ្ជាជីវៈ ។ សំពត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង ។

១២. អំពីអក្សរសាស្ត្រ

លិខិតធម្មតា និងអត្ថបទទាំងអស់ ដូចជាឯកសារផ្លូវការជាដើម សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង ឬ ស្បែកដទៃទៀត ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ ។ គេកាត់ស្បែកនោះឲ្យមានទំហំធំ ឬតូច ទៅតាមសេចក្ដីត្រូវការ និងយកម្សៅម៉្យាងមកប្រើ មានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់ឲ្យវែង ចិតចុងស្រួច គេហៅថា សោ ហើយគេសរសេរដោយដៃបានជាប់ដិតល្អណាស់មិនងាយនឹងរលុបឡើយ ។ កាលណាគេសរសេរហើយ គេយកដីសនោះមកសៀតនឹងត្រចៀក នាំឲ្យគេចំណាំបានថាអ្នកនេះ ហើយជាអ្នកសរសេរ ។ បើសរសេរហើយ ត្រូវការលុបវិញតោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅ វិញ ។ អក្សរនេះ មានសណ្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍) ដូច្នោះដែរ ។ ការសរសេរជាលិខិតអ្វីក៏ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនមែនសរសេរពីលើចុះក្រោមទេ ។ ខ្ញុំឮអ៊ាសាយហាយ៉ា និយាយថា ស្រៈនៃអក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ ។ កាលនោះ គ្មានអត្ថបទបោះពុម្ពទេ ប៉ុន្តែមានអ្នកនិពន្ធ និងអ្នកតែងពាក្យពេចន៍ដែរ ។

១៣. អំពីពេលចូលឆ្នាំ

គេយកខែទី១០ របស់ចិនធ្វើជាខែទី១ ហើយខែនោះមានឈ្មោះថា កាតិ (កក្ដិក?) ។ នៅពីមុខវាំង គេមានសង់វេទិកាមួយយ៉ាងធំ ដែលអាចដាក់បានមនុស្សជាងមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា និងផ្កាភ្ញីជាដើម លម្អនៅលើថ្នាក់នោះ ។ នៅពីមុខ ដែលឃ្លាតពីទីនេះប្រមាណជា ២០០ ហត្ថ មានទីលានមួយទៀត គេបន្តឈើធ្វើជារោងរន្ទា ដែលមានកំពស់ដល់ទៅជាង ២០០ ហត្ថ ។ ក្នុងយប់នោះ គេមានអុជកាំជ្រួច រន្ទា ឬ ផាវ បី‑បួន ឬ ប្រាំកន្លែង ។ នៅក្នុងរោងនោះ មានសុទ្ធតែមន្ត្រីធំ‑តូច គ្រប់ជាន់ថ្នាក់ ។ វេលានោះ ស្ដេចក៏យាងចេញមកទត កាំជ្រួច រន្ទា និង ផាវ ដែលគេអុជនៅខាងក្រៅចម្ងាយ ១០០ លី តែគេអាចមើលឃើញ និងស្ដាប់ឮសូរយ៉ាងច្បាស់ ឮខ្លាំងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង ។
មន្ត្រី និងញាតិវង្សទាំងអស់ចែកគ្នាកាន់ទៀន និងម្លូស្លាដែលជាហេតុនាំឲ្យចំណាយអស់ប្រាក់យ៉ាងច្រើន ។ នៅក្នុងពិធីនេះ ស្ដេចបានអញ្ជើញពួកទូតបរទេសទៅចូលរួបរួមផងដែរ ។ គេធ្វើដូចនេះ អស់រយៈកន្លះខែបានចប់ ។
នៅក្នុងខែនិមួយៗសុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់ ពិធីនេះ គេហៅប្រជុំមនុស្សមកចូលក្នុងទីក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង ។ ខែទី៥ គេទទួលយកទឹកមន្តព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយពេញទាំងអាណាចក្រ យកមកស្រោចស្រង់ថ្វាយព្រះរាជាជម្រះកាយ ហើយអុំនាវានៅលើគោក (អុំទូកគោក) ឯស្ដេចយាងឡើងលើកើយប្រាសាទ ទតមកពិធីនេះ ។ ខែទី៧ ធ្វើពិធីដុតភ្នំស្រូវ ។ ពេលនោះ ស្រូវទើបនឹងទុំថ្មី គេទទួលយកមកតាមទ្វារខាងត្បូង ហើយគេគរដុត ថាជាការបូជាចំពោះព្រះពុទ្ធ ។ មានស្រីៗជាច្រើនណាស់ជិះរទេះ ឬជិះដំរី នាំគ្នាមកមើលពិធីនេះ ឯព្រះរាជាមិនចេញមកក្រសាលទតពិធីនេះទេ ទ្រង់គង់នៅឯព្រះដំណាក់ ។ ខែទី៨ ធ្វើពិធី អៃឡាំ ពិធីនេះគឺគេរាំរែក ។ គេចាត់អ្នករាំ និងអ្នកភ្លេងពូកែៗឲ្យចូលទៅរាំអៃឡាំ ឯក្នុងវាំងរាល់ៗថ្ងៃ ។ ក្រៅពីនេះមានប្រជល់ជ្រូក និងប្រជល់ដំរីទៀត ។ ពិធីនេះ ស្ដេចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ ។ គេធ្វើដូច្នេះ រហូតដល់គ្រប់ដប់ថ្ងៃ ។ ឯខែដទៃទៀត ខ្ញុំមិនបានកត់ត្រាឲ្យច្បាស់លាស់ទេ ។ អ្នកស្រុកនេះ ក៏មានអ្នកចេះវិជ្ជាតារាសាស្ត្រដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច ឬសូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃ‑ខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ ។ បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែដែរ ។ ខែដែលត្រូវលើកនោះ គឺខែទី៩ ប៉ុន្តែខ្ញុំមិនបានដឹងការនេះសព្វគ្រប់ទេ ។ ក្នុងមួយយប់ គេចែកចេញជាប្រាំយាម ។ ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគ្នានៅស្រុកចិន ហៅថា កាយ‑ពី‑ភៀន‑ជូ ។
អ្នកស្រុកនេះ គ្មានប្រើនាមត្រកូល (សែ) គ្មានឈ្មោះ ហើយមិនចេះកត់ថ្ងៃខែកំណើតផង ភាគច្រើន គេយកឈ្មោះថ្ងៃដែលកើត ហៅជាឈ្មោះមនុស្ស ។ តាមក្បួនយាមថា ក្នុងមួយសប្ដាហ៍ មានពីរថ្ងៃល្អបំផុត បីថ្ងៃល្អមធ្យម ពីរថ្ងៃអាក្រក់ ហើយថ្ងៃណាត្រូវចេញដំណើរបែរមុខទៅទិសបូព៌ ឬត្រូវឆ្ពោះទៅទិសបស្ចិម ។ ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ ។
ឆ្នាំទាំង ១២ មានយកសត្វជាដំណាងដូចឆ្នាំរបស់ចិនដែរ តែគេហៅឈ្មោះខុសគ្នា ឧបមាដូចគេហៅឆ្នាំសេះថា “ប៉ុកសាយ” ឆ្នាំមាន់ហៅថា “ឡាក់” ឆ្នាំជ្រូក ហៅថា “ចេកលូ” និងឆ្នាំគោ ហៅ “គូ” ជាដើម ។

១៤. អំពីការកាត់ក្ដី

រឿងប្រជារាស្ត្រក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាចប៉ុន្តែជាការមួយគួរឲ្យចង់ដឹងចង់ឮដែរ ។
រឿងក្ដីក្ដាំរបស់រាស្ត្រ សុទ្ធតែឡើងគាល់រហូតដល់ស្ដេចឲ្យជម្រះក្ដី ។ ដើមឡើយ ស្ដេចឥតមានវាយតប់ដោយរំពាត់ធំឬតូចឡើយ មានតែពិន័យជាមាសប៉ុណ្ណោះ ។ បើអ្នកនោះមានៈមិនព្រមធ្វើតាម ឬមានទោសធ្ងន់នោះ គេមិនចាប់ចងយកទៅប្រហារជីវិតដែរ គ្រាន់តែនាំចេញទៅទ្វារខាងលិច ហើយឲ្យជីករណ្ដៅកប់អ្នកទោសនោះ និងយកដីឬថ្មកប់គ្របពីលើប៉ុណ្ណោះ ។
ទោសស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ ។ រឿងសហាយស្មន្ធ និងលេងល្បែង ឥតមានហាមឃាត់ទេ ។ បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរ ទៅចងគាបជើងរបស់ប្រុសសហាយនោះឲ្យឈឺស្ទើរនឹងស្លាប់ ។ បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន ។ ឯអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ ។ បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង គេយកខ្សែចងអូសទៅទីវាលក្រៅទីក្រុង ហើយសម័យនោះ គ្មានការពិនិត្យសាកសពអ្វីទេ ។ បើគេចាប់បានចោរ ក៏អាចនាំទៅឃុំឃាំងសួរចម្លើយដែរ តែមានការគួរឲ្យអស់សំណើច គឺថាបើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព គេនឹងយកខ្ទះមកដាំខ្លាញ់ឲ្យក្ដៅមែនទែន ហើយគេឲ្យជននោះ លូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះឯង ។ បើជននោះជាចោរមែនក៏ត្រូវរលាករលួយដៃ បើមិនមែនជាចោរទេ ឥតមានរលាកឡើយ ។ គេប្រាប់ខ្ញុំថា អ្នកស្រុកនេះចេះមន្តអាគមពូកែណាស់ ។ ម៉្យាងទៀត បើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីថា នរណាត្រង់វៀចមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំងមានប្រាសាទថ្មតូចៗ ១២ ខ្នង ហើយបញ្ជាកូនក្ដីឲ្យចូលទៅអង្គុយក្នុងប្រាសាទនោះមួយម្នាក់ ។ គេឲ្យអង្គុយតាំងពីមួយថ្ងៃ ពីរ បី ឬបួនថ្ងៃទៅ បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ ក៏ក្អកក្ដៅផ្ដាសាយដែរ ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ ។ ការវិនិច្ឆ័យដូច្នេះ គេហៅថា គុកសួគ៌ ។ រឿងធ្វើដូច្នេះបាន មកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្តិសិទ្ធិណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត ។

១៥. អំពីជម្ងឺស្រែង

អ្នកស្រុកមានកើតជម្ងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលចិត្តមុជត្រាំក្នុងទឹក ហើយឧស្សាហ៍កក់លាងសក់ក្បាល តែងមានកើតជម្ងឺស្រែងច្រើនណាស់ ។ នៅតាមផ្លូវធ្លា ពួកនេះមិនសូវអៀនខ្មាសទេ ។
ខ្ញុំ ឮគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជម្ងឺមួល បណ្ដាលឲ្យស្លាប់អស់ ៨‑៩ នាក់ដែរ ក្នុងបណ្ដាមួយពាន់នាក់ ។ នៅទីផ្សារ មានលក់ថ្នាំសម្រាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្តអាគមដើរព្យាបាលរោគឲ្យគេជាការគួរអស់សំណើច ណាស់ ។

១៦. អំពីមរណភាព

មនុស្សស្លាប់ គេឥតមានដាក់ក្ដារមឈូូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំណាត់សំពត់គ្របពីលើ ហើយគេយកទៅព្រៃហើយ ។ កាលពីដើម គេក៏ប្រើទង់ព្រលឹង និងភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីមុខ បាចតាមផ្លូវនាំមុខខ្មោច លុះសែងទៅដល់ក្រៅក្រុងដល់កន្លែងណាស្ងាត់ គេដ៏ដាក់ចោលខ្មោចនោះហើយត្រឡប់មកវិញ ។ បើមានសត្វខ្លែង ឬតិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថា ឪពុកម្ដាយនោះ មានភ័ព្វបានសុខសប្បាយល្អណាស់ តែបើគ្មានសត្វស៊ីសោះ ឬមានស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា ឪពុកម្ដាយនេះ មានពៀរមានទោសទើបបានជាដូច្នេះ ។
លុះ មកដល់គ្រាឥឡូវនេះ មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ ។ ពួកអ្នកដែលមានជាប់ពូជជាកូនចៅចិន ឪពុកម្ដាយស្លាប់ទៅ គេឥតស្លៀកពាក់សកាន់ទុក្ខទេ ។ ប្រុសគ្រាន់តែកោរសក់ ស្រីគេគ្រាន់តែកាត់សក់ខាងមុខធ្លាក់មកលើថ្ងាស់ប៉ុនមួយទះ ក៏ចាត់ជាការកាន់ទុក្ខហើយ ។
ចំណែក ស្ដេចវិញ មានប្រាសាទសម្រាប់កប់ ប៉ុន្តែមិនដឹងជាកប់ខ្លួនទាំងមូល ឬកប់តែឆ្អឹងទេ ។

១៧. អំពីការភ្ជួរដាំ

ប្រហែលជា ក្នុងមួយឆ្នាំ គេអាចសាបព្រោះ និងច្រូតស្រូវបានបី ឬបួនលើក ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួលល្អ ដូចជានៅខែទី៥ ទី៦ ដែរ ។ ម៉្យាងទៀត ស្រុកនេះ គេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល ឬទឹកកកឡើយ ។ ស្រុកគេ កន្លះឆ្នាំមានភ្លៀង កន្លះឆ្នាំឥតមានភ្លៀងសោះ ។ ចាប់តាំងពីខែ៤ ដល់ខែទី៩ តែដល់ពេលរសៀល មានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅក្នុងសមុទ្ទទឹកសាប (ទន្លេសាប) ជោរឡើងមានកម្ពស់ ៧០ ឬ ៨០ ហត្ថ ។ ដើមឈើធំៗលិចនៅសល់តែចុង ឯពួកអ្នកស្រុករស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រក ខាងក្រោយភ្នំវិញ ។
ចាប់ពីខែទី ១០ ដល់ខែទី៣ នៃឆ្នាំថ្មី គ្មានភ្លៀងមួយតំណក់ទេ នៅក្នុងសមុទ្ទទឹកសាបនោះ ធ្វើដំណើរបានតែដោយកូននាវាតូចៗទេ ។ ត្រង់កន្លែងទឹកជ្រៅ មានជម្រៅតែត្រឹម ៣ ឬ ៥ ហត្ថប៉ុណ្ណោះ ។ ពេលនោះអ្នកស្រុករើទីលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរដាំវិញ ។ ចំពោះស្រូវដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម ។ គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សារៀងខ្លួន ។ គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ ។ ចប និងកណ្ដៀវរបស់គេ ពិតមែនតែមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងរបស់ចិនដែរ តែមិនដូចគ្នាឡើយ ។
មានស្រែព្រៃ មួយបែបទៀត គេមិនព្រោះដូចស្រូវធម្មតាទេ ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក បើទឹកឡើងដល់កម្ពស់ ១០ ហត្ថ ក៏ស្រូវលូតលាស់កម្ពស់នោះដែរ ។ នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ ។ ស្រែអំពក និងថ្នាលបន្លែ គេមិនប្រើគ្រឿងស្មោគគ្រោកដែលជាហេតុនាំឲ្យមិនស្អាតនោះទេ ។ ពួកចិនដែលទៅដល់ស្រុកនោះ ក៏គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនឲ្យពួកនោះដឹងដែរ ព្រោះខ្លាចគេមើលងាយ ។ នៅក្នុងផ្ទះពីរបីខ្នង គេជីករណ្ដៅបង្គន់អាចម៍មួយហើយគេប្រក់ស្បូវ ។ ដល់កាលណាពេញទៅនោះ គេលប់ចោលវិញ ហើយទៅជីករណ្ដៅមួយទៀត ។ នៅរាល់ពេលដែលបន្ទោរបង់រួច គេតែងតែចុះទៅលាងឯក្នុងស្រះឲ្យបានស្អាតជានិច្ច តែគេយកតែដៃឆ្វេងទៅលាងទេ ឯដៃស្ដាំ គេទុកបរិភោគបាយ ។ ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយ យកក្រដាសកិតគេសើច ថែមទាំងមិនចង់ឲ្យឡើងលើផ្ទះគេទៀតផង ។ ស្រីៗស្រុកនេះ បត់ជើងតូចក៏ឈរដូចប្រុសដែរ ជាការគួរឲ្យអស់សំណើចណាស់ ។

១៨. អំពីទឹកដី

ចាប់តាំងពីចូលក្នុងស្រុក “ចេងផូវ” មក ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង មានដើមឈើធំចាស់បុរាណ និងគុម្ពផ្ដៅស៊ុបទ្រុបចម្ងាយរាប់រយលី ហើយមានសម្លេងបក្សាបក្សីស្រែកទ្រហឹងអឺងកង នៅទីនោះផង ។ លុះទៅដល់ពាក់កណ្ដាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ ។
មានសត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ ។ មានឫស្សីដុះជាប់គ្នាជាដងព្រៃ មានចម្ងាយរាប់រយលី ហើយឫស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង ។ ទំពាំងឫស្សីមានរសជាតិហាងខ្លាំងណាស់ ហើយនិងមានភ្នំនៅគ្រប់ទិសទាំងបួនទៀតផង ។

១៩. អំពីផលានុផល

ស្រុកនេះមានភ្នំច្រើន និងមានដើមឈើប្លែកៗ ។ កន្លែងណាដែលគ្មានដើមឈើទេ គឺជាកន្លែងដែលសត្វរមាស និងដំរីរស់នៅ ។ ពពួកសត្វស្លាបដ៏មានតម្លៃ និងសត្វម្រឹគដ៏ប្លែកៗ មានច្រើនឥតគណនា ។ មានសត្វចចាតពណ៌ និងរោមល្អិត ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក (ជីកេង) ប្រេងសំរោង (តៃហួងជឺ)… ។
ចចាតជា សត្វព្រៃមួយបែប គេកម្រចាប់វាបានណាស់ ។ នៅក្នុងព្រៃមានស្រះ ឬត្រពាំង ហើយនៅក្នុងទឹកនោះ មានត្រីជាច្រើន ។ សត្វចចាត វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ ។ ពួកអ្នកព្រៃ គេយកស្លឹកឈើបិទបាំងខ្លួន ហើយទៅអង្គុយនៅក្បែរមាត់ទឹក ។ គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល គឺនៅនឹងដៃគេមានកាន់កូនលប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលនោះមកជិត គេក៏គ្របលប់នោះយកវា ។ គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច ជួនកាលចាប់ឥតបានសោះក៏មានដែរ ។ ភ្លុកដំរី មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន ។ ដំរីមួយស្រុតស្លាប់ទៅនៅសល់តែភ្លុកមួយគូប៉ុណ្ណោះ ។ ដូច្នេះពាក្យដែលគេធ្លាប់និយាយថា សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដងនោះ មិនពិតទេ ។ ភ្លុកណាដែលចាក់នឹងច្បូក ឬលំពែងបានមក គេទុកជាភ្លុកល្អលេខមួយ បើភ្លុកដែលគេបានដោយឃើញថាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជា ភ្លុកល្អលេខពីរ បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ គេចាត់ជាធុនអន់ជាងគេ ។
ក្រមួន ឃ្មុំគេរកបានពីដើមឈើចាស់ៗ នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ ដូចសត្វអង្ក្រង វាធ្វើសម្បុក ។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗ គេអាចដាក់បានពីរបីពាន់ផ្លិត ។ ផ្លិតណាដែលធំជាងគេមានទម្ងន់ដល់ទៅ ៣០‑៤០ នាឡិ ឯផ្លិតណាដែលតូចក៏មិនតិចជាង ១៨ ឬ ១៩ នាឡិដែរ ។
កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញ គេទុកជាកុយអន់មិនសូវល្អ ។
ឈើចន្ទន៍ក្រស្នា ដុះតែនៅក្នុងព្រៃស្បាត ព្រៃស្ដុក ។ អ្នកស្រុកទៅកាប់យកមកបានដោយពិបាកណាស់ ព្រោះជាឈើដែលមានខ្លឹម ។ ឈើនេះមានសាច់ស្រាយកម្រាស់ ៨ ឬ ៩ តឹក ។ ទោះបីដើមតូចក៏មានសាច់ស្រាយ ៤ ឬ ៥ តឹកដែរ ។
ក្រវាញ គឺជាពួកអ្នកព្រៃ គេដាំនៅលើភ្នំ ។
ជ័រចុង គឺជាជ័រឈើមួយយ៉ាងដែលអ្នកស្រុកនេះ គេយកកាំបិតទៅចោះឈើសម្រក់ជ័រមុនមួយឆ្នាំ ដល់ឆ្នាំបន្ទាប់មកទើបគេទៅយកជ័រនោះមក ។ បញ្ញើក្អែកជីកេង (អ័រគីដេ?) ដុះនៅលើមែកឈើមួយប្រភេទ ដូចគ្នានឹងដើមមនដែលដុះផ្ញើសាំនឹងគេដូច្នេះដែរ ហើយគេកម្រនឹងរកបានណាស់ ។
ប្រេង សំរោង គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសណ្ឋានដូចផ្លែដូងល្អិត មូលៗ ។ នៅក្នុងផ្លែនោះមានគ្រាប់ជាច្រើនទៅទៀត ។ ឯម្រេច ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូចផ្លែស្មៅ បើនៅខ្ចីពណ៌ក៏ខ្ចី និងរិតតែហិរណាស់ផង ។

២០. អំពីរបរជំនួញ

អ្នកស្រុកនេះ ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះ ពួកចិនៗគេត្រូវរកប្រពន្ធមួយជាមុនសិន ហើយនឹងបានចំណេញច្រើនដោយគេប៉ិនប្រសប់រកស៊ី ។ រាល់ថ្ងៃ គេទៅលក់តាំងពីភ្លឺព្រាងៗដល់ពេលថ្ងៃត្រង់ទើបឈប់ ហើយពួកនេះគ្មានគ្រែ ឬផ្ទះសម្រាប់ដាក់លក់ឥវ៉ាន់ទេ គេច្រើនតែក្រាលវត្ថុ ហាក់ដូចជាកន្ទេលផ្ទាល់ទៅនឹងដីតម្រៀបគ្នា ។ ខ្ញុំឮគេថា មានបង់ឈ្នួលដីជាលុយឲ្យពួកមន្ត្រីទៀតផង ។
ជំនួញតូចតាច គឺគេជួញស្រូវអង្ករ និងរបស់ដែលធ្វើមកពីស្រុកចិន ។ បន្ទាប់មក មានលក់ដូរកំណាត់សំពត់ផ្សេងៗ ។ ជំនួញធំ គឺគេជួញមាសប្រាក់ ។ តាមធម្មតា ពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់ គេគោរពចិនសម្បើមណាស់ ទុកដូចបានជួបនឹងព្រះ ហើយក្រាបក្បាលគោរពទៀតផង ។ លុះមកដល់ពេលថ្មីៗនេះ ទើបមានការបោកប្រាស់ និងមើលងាយចិន ដោយហេតុមកពីមានមនុស្សទៅច្រើនពេក ។

២១. ទំនិញចិនដែលគេត្រូវការ

អ្នក ស្រុកនេះ គ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន គឺមាសប្រាក់ជាផលលេខ១ កំណាត់មានពណ៌ទាំងប្រាំជាលេខ២ ។ បន្ទាប់មក គេត្រូវការសំណមកពីស្រុកកេងជីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ ថូផ្កាពណ៌មកពីស្រុកជួរជីវ និងទឹកប្រាក់ ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប ឫសប៉េកជី ក្រលៀនប្រើស សំពត់សរសៃឆ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាស់ស្ពាន់ គជ់ ម្រ័ក្សណ៍ ក្រាសឈើ ម្ជុល ជាដើម ។ ក្រៅពីនេះ របស់ដែលធំៗដូចជាកន្ទេលស្រុកម៉េងជីវ ដែលគេពេញ ចិត្តបំផុត គឺមានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ ។

២២. អំពីស្មៅ និង ដើមឈើ

មានដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេមម៉ា ចេក ដូចនៅស្រុកចិនដែរ ។ គូលែន និងក្រូចឃ្វិច ក៏មានរាងរៅដូចតែជូរ ។ ក្រៅពីនេះ មានឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ ហើយប្លែកៗទៀតផង ។ មានផ្កាជាច្រើន ដែលល្អៗ ហើយមានក្លិនក្រអូបណាស់ ។ ផ្កាដែលដុះនៅក្នុងទឹកក៏មានជាច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថា ជាឈ្មោះផ្កាអ្វីទេ ។ ចំណែកដើមថោ លីហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលូយ ឈើប្រភេទអស់នេះ គ្មានទេ ។ នៅស្រុកនោះខែទី១ ក៏មានផ្កាឈូកដែរ ។

២៣. អំពីសត្វស្លាប

បណ្ដាសត្វ ស្លាប ឃើញមានក្ងោក ចចាត លលក ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក និងចាបពូកជាដើមសុទ្ធតែមានទាំងអស់ ។ សត្វស្លាបដែលស្រុកនេះគ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង (ក្ងានព្រៃ) អ៊ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ) … ។

២៤. អំពីសត្វជើងបួន

សត្វចតុបាទ មានរមាស ដំរី គោព្រៃ ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និងកញ្ជ្រោងជាដើម សុទ្ធតែមានច្រើនណាស់ ។ សត្វដែលស្រុកនេះគ្មាន គឺ តោស៊ីងស៊ីង (ស្វាគីងកុង) និងឱដ្ឋ ។ មាន់ ទា គោ សេះ ជ្រូក និង ពពែ មានច្រើនក្រៃលែង ។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗ ក៏មានច្រើនណាស់ដែរ ។ សត្វគោនៅរស់ គេហ៊ានជិះតែដល់វាស្លាប់ទៅ គេមិនហ៊ានស៊ី និងមិនហ៊ានវះយកស្បែកវាទេ គេទុកឲ្យវារលួយទៅតាមចិត្តចុះ ពីព្រោះវាធ្លាប់ជួយដល់កម្លាំងមនុស្សលោក ។ វាធ្លាប់តែអូសរទេះ ។ ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្តែឥឡូវនេះមានហើយ ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ ។ កណ្ដុរស្រុកនេះធំៗដូចសត្វឆ្មា ហើយមានកណ្ដុរមួយមុខទៀត មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ ។

២៥. អំពីបន្លែបង្ការ

បន្លែមានត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ ។ បន្លែដែលគ្មានសោះ គឺឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង ជាដើម ។ បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រឡាចជាដើម តែដល់ខែទី១ មានហើយ ។ ដើមត្រប់មានដុះរាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន ។ ដើមគរខ្ពស់ៗ ជាងផ្ទះទៅទៀត អាយុជាង ១០ ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ ។ មានបន្លែច្រើនមុខទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ ឯបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ ។

២៦. អំពីត្រី និង សត្វលូន

ពួកត្រី និងអណ្ដើកមានៈ ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រីឆ្ពិន និងត្រីល្អិតៗ ឯទៀតរិតតែច្រើនណាស់ទៅទៀត មានត្រីថូវពូ ដែលធំនោះ មានទម្ងន់ដល់ជាងពីរនាឡិ ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ ដែលជាត្រីមកពីសមុទ្ទទឹកសាប (ទន្លេសាប) ។ ចំណែកត្រីទឹកប្រៃវិញ ក៏មានច្រើនមុខ រាងដូចអន្ទង់ និងត្រីខ្ជឹងបឹងដែរ ។ ពួកអ្នកស្រុកនេះ មិនស៊ីកង្កែបទេ ម៉្លោះហើយដល់ពេលយប់ គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ ។ អណ្ដើក‑កន្ធាយធំៗប៉ុនចង្អេរអុំ ។ ទោះជាអណ្ដើកនោះមានអាយុដល់ទៅ ៦ឆ្នាំ ក៏គេនៅតែស៊ីវាដែរ ។ បង្កងនៅស្រុកឆាណាំ (កំពង់ឆ្នាំង) មួយ មានទម្ងន់ដល់ជាងមួយនាឡិ ។ ជើងអណ្ដើកនៅស្រុកចេនភូ មានប្រវែងជាង ៨‑៩ តឹក ។ ក្រពើធំប៉ុនៗទូក ។ មាននាគជើងបួនមួយប្រភេទយ៉ាងចម្លែកឥតមានស្នែងទេ ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅក្នុងសមុទ្ទទឹកសាបនោះ គ្រាន់តែលូកដៃទៅក៏យកបានភ្លាមហើយ តែខ្ញុំមិនឃើញមានក្ដាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ តែគេមិនស៊ីទេមើលទៅ ។

២៧. អំពីការបិទស្រា

ស្រាស្រុកគេនេះមានបួនយ៉ាង ស្រាលេខមួយ ចិនហៅ ស្រាទឹកឃ្មុំ ដែលគេយកជាតិថ្នាំ និងទឹកឃ្មុំលាយជាមួយទឹក ហើយផ្សំធ្វើឡើង ។ បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែល គេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះ ផេងកេស៊ី (ភ្ងាស) នេះឯង ជាឈើមួយប្រភេទ ។ បន្ទាប់មកទៀត គេយកអង្ករ ឬបាយដែលសេសសល់ទៅបិទស្រាហៅ ប៉ាវឡេងកាក ព្រោះពាក្យថា ប៉ាវឡេងកាក បានន័យថា អង្ករ ។ ក្រោមពីនោះមកទៀត មានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទឲ្យកើតទៅជាស្រា ។ បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅមាត់ព្រែក ហើយស្លឹកវាមានរសជាតិស្ករ ដែលគេអាចយកមកធ្វើជាស្រាបាន ។

២៨. អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី

នៅ ប្រទេសនេះ ការធ្វើរបស់ទាំងនេះ ឥតមានហាមឃាត់ទេ ។ តាមឆ្នេរសមុទ្ទចាប់ពីចេនភូ (ចន្ទបូរ) និងប៉ាកាង (បាកាន) គេធ្វើអំបិលដោយទឹកសមុទ្ទ ។ នៅក្នុងភ្នំមានរ៉ែ ដែលគេបានជាតិថ្មធ្វើជាអំបិលប្រសើរជាងអំបិលសមុទ្ទទៀត និងយកថ្មធ្វើជាវត្ថុដទៃៗទៀត ។ ពួកអ្នកស្រុកនេះ មិនចេះធ្វើទឹកខ្មេះតែគេចូលចិត្តប្រើជាតិជូរនៅក្នុងម្ហូបណាស់ គេត្រាំទឹកកាំផេង (អម្ពិល) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់ គេយកស្លឹក ឬទងខ្ចី កាលណាមានផ្លែ គេយកផ្លែវិញ ។
គេមិនចេះធ្វើមីទេ ព្រោះតែគ្មានស្រូវសាឡី និងសណ្ដែក ។
ពួកនេះ មិនចេះធ្វើដំបែគ្រាប់ទេ ។ កាលណាគេបិទស្រា គេលាយទឹកឃ្មុំ និងទឹកត្រាំស្លឹកឈើ ឲ្យបានជាក្បាលស្រា ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើងដែរ ។

២៩. អំពីដង្កូវនាង និង ដើមមន

អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ ។ ស្រីៗមិនចេះប៉ាក់ជុល និងដេរប៉ះឡើយ ។ គេចេះត្បាញសំពត់តែគេមិនចេះរវៃអំបោះទេ គេយកដៃត្រគួញសរសៃកប្បាសឲ្យកើតបានជាអំបោះ ហើយគេយកមកត្បាញមិនបាច់មានកីទេ ។ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញពីចុងម្ខាងទៀត ដោយមានត្រល់ជាបំពង់ឫស្សី ។ ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ គេក៏ដាំមន ចិញ្ចឹមនាងធ្វើសូត្រ ដោយយកពូជមកពីស្រុកសៀម ។ នៅស្រុកនេះ គ្មានដើមឆ្មៃទេ មានតែដើមក្រចៅ ។ ជនជាតិសៀមចេះដេរប៉ាក់ចំណាប់ បើសំពត់អ្នកស្រុកនេះរហែក គេយកមកពឹងស្រីសៀមឲ្យដេរប៉ះឲ្យ ។

៣០. អំពីប្រដាប់ប្រើប្រាស់

អ្នកស្រុកធម្មតាមានផ្ទះនៅហើយ តែគ្មានតុកៅអី ចានដែក ឬថាំងជាដើម ប្រើទេ គេប្រើឆ្នាំងដីសម្រាប់ដណ្ដាំបាយ ហើយឆ្នាំងមួយទៀតសម្រាប់ស្ល ។ គេយកថ្មបីដុំតម្កល់ធ្វើជាជើងក្រាន និងយកត្រឡោកដូងធ្វើជាវែក ។ គេប្រើចានទាបមកពីស្រុកចិនសម្រាប់ដាក់បាយ ឯសម្ល គេដាក់នឹងកន្ទោងស្លឹកឈើដែលកេវខ្ទាស់មិនលិចទឹកទេ ។ គេយកស្លឹក ក្រចាប់ធ្វើជាស្លាបព្រាដួសសម្លបញ្ចូលមាត់ កាលណាប្រើរួច គេបោះចោលទៅ ។ ម្ហូបថ្វាយព្រះ ឬថ្វាយទេពតាក៏គេដាក់នឹងស្លឹកដូច្នោះដែរ ។ គេយកគ្រឿងដែលធ្វើពីស្ពាន់សដែលដាក់ទឹកនៅក្បែរខ្លួន សម្រាប់ជ្រលក់ដៃកុំឲ្យជាប់បាយនឹងដៃ ព្រោះគេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃមិនបានឡើយ ។ គេប្រើផ្តិលសំរឹទ្ធិសម្រាប់ចាក់ស្រាផឹក ចំណែកអ្នកក្រប្រើផ្តិលដែលធ្វើអំពីដី រីឯពួកមន្ត្រី គេប្រើផ្តិលធ្វើពីប្រាក់ ឬមាសផងក៏មាន ។ បើក្នុងឱកាសបុណ្យធំៗ ដូចជាបុណ្យជាតិវិញ គេប្រើប្រដាប់ទាំងនេះ សុទ្ធតែពីមាសទាំងអស់ ហើយមានរបៀបផ្សេងពិសេសទៀតផង ។ នៅនឹងដីគេក្រាលកន្ទេលមកពីស្រុកម៉េងជីវ (ស្រុកចិន) ឬមួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង… ពុំនោះទេ គេប្រើកន្ទេលផ្ដៅ ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ មានកំពស់ប្រហែលមួយហត្ថ ។ សម្រាប់កន្លែងគេដេក គេប្រើកន្ទេលឫស្សី តែឥឡូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន ។ ម្ហូបចំណី គេគ្របដោយសំពត់ ឯនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន ឬខ្សែសយ ដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ ។ ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ ។

៣១. អំពីរទេះ និង អង្រឹងស្នែង

ការធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកណ្ដាលអ៊ែនចុះក្រោម ចុងសងខាងឡើងលើ ហើយនៅចុងនោះគេឆ្លាក់ជាក្បាច់ផ្កាភ្ញី និងមានស្រោបមាស ឬប្រាក់ពីក្រៅឈើនោះផង គេហៅថាអង្រឹងដងមាស ដងប្រាក់ សម្រាប់តាមលំដាប់ថ្នាក់ ។ ចម្ងាយពីចុងដងប្រមាណមួយហត្ថ គេវាយដែកធ្វើជាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំងយ៉ាងធំ ហើយក្រាស់ មកបត់ធ្វើជាត្រចៀកសម្រាប់ស៊កខ្សែភ្ជាប់ទៅនឹងស្រយូវដែកនោះ ។ អ្នកជិះអង្គុយលើសំពត់នោះ ដៃកាន់ជាយសំពត់ផង ហើយឲ្យមនុស្សពីរនាក់ជាអ្នកសែង ។ នៅក្បែរអង្រឹងស្នែងតែងតែមានប្រដាប់មួយទៀតមានសណ្ឋានដូចដំបូលទូក តែធំជាងដ៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយមានមនុស្សបួននាក់សែង និងមានមនុស្សដើរតាមហែរពីក្រោយផង ។ បើធ្វើដំណើរទៅឆ្ងាយ គេអាចជិះដំរី និងសេះ ព្រមទាំងប្រើរទេះដែរ ។ រទេះនៅស្រុកនេះ ក៏មានលក្ខណៈ ដូចរទេះស្រុកឯទៀតដែរ តែគេជិះសេះ ឥតមានកែបទេ ឯដំរីក៏គ្មានប្រដាប់សម្រាប់អង្គុយដែរ ។

៣២. អំពីទូ‑ច្រវា

អំពីទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្ដារសិន រួចទើបវាយផ្ដុំឡើងជាទូក ។ មេជាងឥតមានប្រើរណារទេ គេប្រើតែដឹង ហើយនិងដែកខួង ដែលជាហេតុនាំឲ្យខាតឈើ និងកម្លាំងច្រើនណាស់ ។ នៅគ្រប់ពេលដែលគេចង់កាត់ឈើជាកំណាត់ គេតែងយកដែកខួងមកខួងទម្លុះផ្ដាច់តែម្ដង ទោះជាធ្វើផ្ទះ ក៏ធ្វើរបៀបដូចគ្នានេះដែរ ។ គេមានប្រើដែកគោលវាយធ្វើទូកដែរ ។ គេយកស្លឹកឡេង (ក្រចាប់) មកប្រក់ធ្វើដំបូល ដោយយកដើមស្លាមកពុះជាបន្ទះគាបសង្កត់ស្លឹកនោះផង ។ ទូករបៀបនេះ គេហៅថា “ស៊ីនណា” ។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ ។ ចំណែកទូកតូចៗវិញ គេលុងធ្វើពីឈើមួយដើមធំ ។ គេយកភ្លើងដុតឆេះរោលឲ្យទន់សាច់ឈើ ទើបទល់បំប៉ោងពង្រីកពោះទូកឲ្យធំ ក្បាលកន្សៃស្រួចឥតមានប្រើដំបូលទេ តែដាក់បានមនុស្សច្រើននាក់ដែរ ។ ទូករបៀបនេះហៅថា “កុយឡាំង” ។

៣៣. អំពីខេត្ត

ខេត្តមានទាំងអស់ជាង ៩០ គឺខេត្ត ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម ។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ ។ ខេត្តនិមួយៗសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់ ហើយមានធ្វើបន្ទាយឈើជារបាំងផង ។

៣៤. អំពីស្រុកភូមិ

នៅក្នុងភូមិ និមួយៗជួនមានវត្ត ជួនមានប្រាសាទ ហើយមានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់ ។ មន្ត្រីនោះគេហៅថា បួយស៊ី ។ នៅតាមផ្លូវធំៗ តែងមានសាលាមួយសម្រាប់ឈប់សម្រាក គេហៅថា ស៊ិមប៉ាក់ ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានកើតចម្បាំងជាមួយនឹងប្រទេសសៀម ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ ។

៣៥. អំពីប្រមាត់ប្រមង់

កាលពីមុននេះ តែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់ ពីព្រោះស្ដេចក្រុងចាមក្នុងមួយឆ្នាំគេសុំយកប្រមាត់មនុស្សមួយថូ ដែលមានចំនួនរាប់ពាន់ ។ នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់ (ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុងទីក្រុង និងក្នុងភូមិ ។ បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ គេចាប់យកខ្សែចងក្បាលឲ្យជាប់ ហើយយកកូនកាំបិតចាក់ក្រោមឃ្លៀកខាងស្ដាំខ្វេះយកប្រមាត់ដាក់ ក្នុងថូ លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម ។ ប៉ុន្តែគេមិនយកប្រមាត់នៃជនជាតិចិនទេ ។ ពីព្រោះមានកាលមួយឆ្នាំនោះ គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ ក៏បណ្ដាលឲ្យស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់ ពេលក្រោយមក គេលែងមានការដើរចាប់យកប្រមាត់ទៀតហើយ ហើយគេចាត់មន្ត្រីដោយឡែកសម្រាប់មុខងារខាងយកប្រមាត់ពីពួកក្រោម អំណាចខ្លួន ដែលតាំងឲ្យនៅជាយក្រុងក្បែរទ្វារខាងជើង ។

៣៦. អំពីរឿងចម្លែកមួយ

នៅក្នុងកំពែងនាទិសខាងកើត មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីឯងបង្កើត ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះមិនចេញ រហូតដល់គ្រប់បីថ្ងៃ ឥតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជិវិតទៅ ។ អ្នកស្រុកខ្ញុំម្នាក់សែ “ស៊ិ” គេបានមករស់នៅស្រុកនេះរវាងសាមសិបប្រាំឆ្នាំហើយ គេថា គេបានឃើញរឿងនេះច្បាស់នឹងភ្នែកពីរលើក ហើយគេថា បានជាសក្តិសិទ្ធិដូច្នេះ ព្រោះបារមីព្រះរបស់ស្រុកនេះខ្លាំងពូកែណាស់ ។

៣៧. អំពីការងូតទឹក

ប្រទេសនេះក្ដៅខ្លាំងណាស់ ក្នុងមួយថ្ងៃៗបើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ ទោះបីនៅពេលយប់ក៏ជៀសមិនរួចពីការងូតទឹកម្ដង ឬពីរដងដែរ ។ គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោតទេ ។ ក្នុងផ្ទះមួយតោងមានស្រះមួយ បើពុំនោះទេ គេព្រួតគ្នា ២­‑៣ ផ្ទះទៅងូតទឹកស្រះមួយដោយលែងខ្លួនចោល ឥតគិតអៀនខ្មាសគ្នាស្រីប្រុសទេ ។ ប៉ុន្តែបើឪពុកម្ដាយចាស់ គាត់ទៅដល់ស្រះមុន ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះនោះមុនវិញ ក៏ចាស់ទុំនោះ នាំគ្នាគេចចេញដែរ ។ មនុស្សមានវ័យស្របាលគ្នា ឥតគិតអៀនខ្មាសគ្នាឡើយ ។ គេយកតែដៃឆ្វេងបិទបាំងកេរ្តិ៍ខ្មាសរបស់ខ្លួន ហើយដើរចុះក្នុងទឹកទៅ ។ ជួនកាលក្នុងរយៈ ៣‑៥ ថ្ងៃ ឬ ៥‑៦ ថ្ងៃម្ដង ពួកស្រីៗក្នុងទីក្រុងមួយក្រុមមានគ្នា ៣‑៤ នាក់ នាំគ្នាចេញទៅមុជទឹកទន្លេឯខាងក្រៅកំពែងក្រុង ។ នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំពត់ដែលវ័ណ្ឌខ្លួនចេញ ដើរចុះទៅក្នុងទឹកហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់ នាក់ ។ សូម្បីតែពួកស្រីៗដែលមានត្រកូលខ្ពង់ខ្ពស់ក៏ដូច្នោះដែរ ។ គេឥតមានការអៀនខ្មាសអ្វីទេ ចាប់តាំងពីក្បាលដល់ចុងជើងមើលគ្នាឃើញទាំងអស់ ។
នៅមាត់ទន្លេក្រៅទីក្រុងនោះ រាល់ថ្ងៃតែងតែមានជនជាតិចិននៅទំនេរ ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិលខូច ហើយឮថាគេលួចឆ្លៀតពេលនៅក្នុងទឹកនោះផង ។ ទឹកនោះនៅក្ដៅឧណ្ហៗជានិច្ច លុះត្រាដល់ពេលយប់យាមបួនទើបត្រជាក់ លុះដល់ព្រឹក ថ្ងៃរះឡើងក៏ក្ដៅឧណ្ហៗឡើងវិញទៀត ។

៣៨. ការចូលជ្រកនៅ (អន្តោប្រវេសន៍)

ពួកជនជាតិចិន ដែលជាអ្នកស៊ីឈ្នួលដើរសំពៅ កាលមកដល់ស្រុកនេះ ក៏ពេញចិត្តគេខ្លាំងណាស់ ព្រោះស្រុកនេះមិនបាច់ប្រើសម្លៀកបំពាក់ច្រើន ហើយអង្ករគេក៏ស្រួលរក ប្រពន្ធក៏ស្រួលរកបាន ឯផ្ទះសម្បែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក ការលក់ដូរក៏ធូរងាយ ម៉្លោះហើយបានជាមានអ្នកចូលពីស្រុកក្រៅមករស់នៅស្រុកនេះច្រើន ណាស់ ។

៣៩. អំពីកងទ័ព

កងទ័ពក៏ធ្វើដំណើរដោយលែងខ្លួនឥតអាវ ។ ដៃស្ដាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូ និងព្រួញទេ កាំភ្លើងធំ ឬ អាវក្រោះក៏គ្មានដែរ ។ តាមឮគេថា កាលកើតចម្បាំងនឹងជាតិសៀមគេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយ កម្លាំងតែម្ដង ពុំមានប្រើល្បិចកលឧបាយអ្វីឡើយ (តាមឯកសារជា ច្រើនថា ខ្មែរចេះរៀបចំទ័ពត្រឹមត្រូវមានសាស្ត្រាវុធ និងក្បួនយុទ្ធសាស្ត្រផង រឿងនេះប្រហែលមកពី ជីវ តាក្វាន់ មិនបានឃើញ និងមិនបានស៊ើបព័ត៌មាន) ។

៤០. ការយាងចេញនៃមហាក្សត្រ

ខ្ញុំ បានឮគេនិយាយថា ស្ដេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ ព្រោះខ្លាចមានរឿងហេតុ ។ ស្ដេចអង្គថ្មីនេះ ត្រូវជាសុណិសាស្ដេចមុន ។ កាលពីដើម លោកមានឋានៈជាមេទ័ព ។ បិតាក្មេកនោះសព្វព្រះទ័យនឹងបុត្រីព្រះអង្គណាស់បានជាកូនស្រី នេះ លួចយកព្រះខ័នមាសបាន ហើយយកទៅឲ្យប្ដីរបស់ព្រះនាង ។ បុត្រាបង្កើតក៏មិនបានទទួលរាជ្យស្នងបិតា ក៏លើកទៅវាយដណ្ដើមរាជ្យ តែត្រូវស្ដេចថ្មីជ្រាបការទាន់ ចាប់បាននាំយកមកកាត់ម្រាមជើង ហើយយកទៅដាក់គុកងងឹត ។ ស្ដេចថ្មីនេះមានពាក់អាវក្រោះដែក ទោះបីគេប្រើកាំបិត ឬព្រួញក៏មិនអាចមុតបានដែរ ។ ដូច្នេះហើយ ទើបព្រះអង្គហ៊ានយាងចេញក្រៅ ។ ខ្ញុំបានទៅនៅទីនោះជាងមួយឆ្នាំ បានឃើញព្រះអង្គយាងចេញមកបួន­‑ប្រាំដង ។ ការយាងចេញមកម្ដងណា តែងមានទ័ពនៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ និងមានតន្ត្រីនៅខាងក្រោយ ។ ស្រីស្នំបួន ឬប្រាំនាក់ស្លៀកសំពត់ផ្កាសៀតផ្កានៅសក់ក្បាល ដៃកាន់ទៀនធំដើរជាមួយក្រុមៗ ។ ទោះបីនៅពេលថ្ងៃភ្លឺក្រឡែតក្ដី ក៏គេអុជទានដែរ ។ នៅក្នុងចំណោមស្រីស្នំទាំងនោះ មានខ្លះកាន់គ្រឿងមានដូចជា ភាជន៍មាស និងគ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា មិនដឹងជាគេយកទៅប្រើការអ្វីខ្លះឡើយ ។ នៅមានស្រីស្នំខ្លះទៀតកាន់ស្នរ លំពែង ខែល ជាទ័ព នៅខាងក្នុងមួយក្រុមទៀតផង មានរទេះទឹមពពែ និងរទេះទឹមសេះ ដែលមានតាក់តែងដោយគ្រឿងមាសបរដង្ហែដែរ ។
ពួកនាម៉ឺនសព្វមុខមន្ត្រី និងពួកញាតិវង្ស សុទ្ធតែជិះដំរីនៅខាងមុខ បើមើលពីចម្ងាយទៅ ឃើញសុទ្ធតែក្លស់ពណ៌ក្រហមឥតគណនា ។ បន្ទាប់មក ទើបដល់ព្រះមហេសីធំ‑តូចតាមលំដាប់ថ្នាក់ ជិះអង្រឹងស្នែង ជិះរទេះសេះ ឬជិះដំរីដ៏មានក្លស់បើកបាំងមិនតិចជាងមួយរយទេ ។ បន្ទាប់មកទៀត ទើបដល់ព្រះរាជាទ្រង់ឈរនៅលើខ្នងដំរី ព្រះហត្ថកាន់ព្រះខ័នទិព្វ ។ ភ្លុកដំរី ព្រះទីនាំងសឹងមានពាក់ចង្កំមាស ។ មានក្លស់ស (ស្វេច្ឆត្រ) ចំនួន ២០ ដ៏មានស៊ែមមាសបើកបាំងជុំព្រះអង្គ ដែលសុទ្ធតែជាក្លស់ដងមាស នៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ ។ បើប្រសិនជាស្ដេចយាងទៅណាជិតៗទេ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ) ហើយអ្នកសែងសុទ្ធតែស្រីៗស្នំ ។ សឹងតែរាល់ដង កាលណាស្ដេចយាងចេញដំណើរតែងមានរូបស្តូបតូចមួយ ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា ។ បណ្ដាជនដែលនៅតាមដងផ្លូវ ត្រូវសំពះលុតជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា “សាំប៉ា” (សំពះ?) បើពុំដូច្នោះទេ នឹងត្រូវគេចោទថា មើលងាយព្រះចេស្ដា ហើយនឹងត្រូវគេចាប់យកទៅឃុំចោល ឥតដោះលែងឡើយ ។
ក្នុងមួយថ្ងៃ ព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្ត្រី និងរាស្ត្រ ប៉ុន្តែគ្មានបញ្ជីកត់កំណត់ចំនួនមនុស្ស និងកិច្ចការនោះទេ ។ បើមន្ត្រី ឬរាស្ត្រណាចង់ចូលគាល់ ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរងចាំជាមុន ។ មួយសន្ទុះក្រោយមក ទើបគេឮសូរសម្លេងតន្ត្រីរងំពីខាងក្នុង ។ អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ ។ ខ្ញុំឮគេថា គេប្រើតែទីនាំងគ្រែស្នែងមាស (ព្រះវរមាស) ទេ បើគ្រាន់តែយាងជិតៗ ។ បន្តិចមក គេឃើញស្រីស្នំពីរនាក់រូតវាំងននព្រះវរនោះឡើង ក៏លេចឃើញស្ដេចគង់ឈរកាន់ព្រះខ័ន នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់ ។ ពេលនោះ ទាំងមន្ត្រី ទាំងរាស្ត្រសុទ្ធតែឱនក្បាលលើកដៃសំពះ លុះត្រាតែផុតសម្លេងស័ង្ខដែលជាសញ្ញាឲ្យងើបមុខឡើង ទើបហ៊ានងើបព្រមគ្នា ។ ស្ដេចក៏គង់ប្រថាប់ដែរ ។ ព្រះទែននោះ ក្រាលដោយស្បែកសត្វសិង្ហ ដែលជាកេរ្តិ៍ដំណមកច្រើនស្ដេចហើយ ។ លុះទ្រង់ប្រាស្រ័យការចប់ហើយ ស្ដេចយាងចូលវិញដោយមានស្រីស្នំពីរនាក់រូតរនាំងបិទដូចដើម អ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ ។
ពិតមែនតែស្រុកនេះមិនសូវស៊ីវិល័យ តែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ ៕
ប្រភពឯកសារដកស្រង់៖មនោរម្យ

No comments:

Post a Comment