Wednesday, March 6, 2013

ព្រះនាម និង​ប​ច្ឆា​មរណនាម របស់​ព្រះមហាក្សត្រ​ខ្មែរ​សម័យអង្គរ​

ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា​ដែលមាន​ដើមកំណើត នៅ​ប្រទេស​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​ចូលមកដល់​ប្រទេស​កម្ពុជា​ដំបូង​គេ ពេលកម្ពុជាមាន​ឈ្មោះថា ក្រុង​ភ្នំ ឬ​នគរ​ភ្នំ ​នា​ដើមសតវត្សរ៍​ទី​១​នៃ​គ្រិស្តសករាជ​។ សាសនា​ធំ​ទាំងពីរ​ខាងលើនេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​បំផុតមកលើ​សង្គម និង​ផ្នត់គំនិត​ខ្មែរ​ក្នុងឋានៈ​ជា សាសនា​របស់​រដ្ឋ​។ ដូច្នេះហើយ ទើប​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ (​មុន​អង្គរ​) និង​អង្គរ​ដែល​គ្រប់គ្រង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ចាប់​តាំងពីដើម​សន្តតិវង្ស​មក បាន​ប្រើ​ព្រះនាម និង​ប​ច្ឆា​មរណនាម​ខុសពី​គ្នា​ ហើយស្ថានភាព​នៅ​ស្ថិតស្ថេរ​រហូតដល់​សព្វ ថ្ងៃនេះ​។ 
​    ​វា​មិនមែនជា​រឿង​អាថ៌កំបាំង​អ្វី​ទេ ដែល​គេ​បានដឹងថា ចាប់​តាំងពីដើម សម័យ​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា ​ព្រះមហាក្សត្រ​ខ្មែរ​បាន​ប្រើ​ព្រះនាម​ចំនួន​បីយ៉ាង​តិច មុនពេល​ឡើង​សោយរាជ​សម្បត្តិ ពេល​សោយរាជ្យ និង​ក្រោយពេល​សោយរាជ​សម្បត្តិ​។​
​    ​ដោយ​យក​សិលាចារឹក​ជា​គោល​សំអាង ពេលដែល​ព្រះមហាក្សត្រ​ខ្មែរនៅ​សោយរាជ​សម្បត្តិ​នៅឡើយ គេ​ច្រើន​មិន​ដាក់​ព្រះនាម​ស្តេច​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​ក្រោយពី​ទ្រង់​ចូល​ទីវ​ង្គ​តទៅគេ​ច្រើន​ដាក់​មរណនាម​ទៅវិញ​។​
ព្រះបាទ​សូ​រិ​យ​វរ្ម័នទី ២ ដែលមាន​ប​ច្ឆា​មរណនាម​ថា ព្រះ​បរម​វិស្ណុ​លោក ។ចម្លាក់នៅប្រាសាទអង្គរវត្ត
​    ​ដូច​សម័យ​បុ​រេ​អង្គរ ដែរព្រះមហាក្សត្រ​ខ្មែរ​នា​សម័យអង្គរ​ពី​ដើម​សតវត្សរ៍​ទី​៩​រហូត​ដល់ទី​១៤ នៃ​គ្រិស្តសករាជ​បាន​បន្សល់​ទុកជា​កេរ នូវ​ផ្ទាំង​សិលាចារឹក​ជាច្រើន​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​យើង ។ តាម​សិលាចារឹក​ខ្មែរ​ទាំងនោះ ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត បាលី និង​ភាសា​ខ្មែរ ​គួបផ្សំ​នឹង​កំណត់ហេតុ​របស់​ចិន ឬ​អ្នកដំណើរ​អារ៉ាប់ និង អី​រ៉ុ​ប គេ​អាច​ដឹង​អំពី​ភូមិសាស្ត្រ​បុរាណ ស្ថានភាព​នយោបាយ និង​កម្រិតវប្បធម៌ របស់​ដូនតា​យើង​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយទៀត​។​
         ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ព្រះនាម និង​ប​ច្ឆា​មរណនាម​នៃ​ព្រះមហាក្សត្រ នា​សម័យអង្គរ ដែលមាន​រយៈពេល​ដ៏​យូរ​ប្រមាណ​៦០០​ឆ្នាំ បើ​យោងតាម​ការស្រាវជ្រាវរ​បស់​លោក​វង់ សុធា​រ៉ា យើង​អាច​ដឹងថា នា​សម័យបុរាណ​នោះ​ស្តេច​ខ្មែរ​រមែង​តែងមាន​ព្រះនាម និង​ប​ច្ឆា​មរណនាម​ខុសៗ​ពីគ្នា ហើយ​ទង្វើ​នេះ​រមែងតែង​ពាក់ព័ន្ធ​ទៅនឹង​និន្នាការ​លម្អៀង​ទៅខាង​ជំនឿ​សាសនា​។ ដោយសារ ខ្វះ​ព័ត៌មាន​ពី​សិលាចារឹក យើងគ្រាន់តែ​ដឹង​នូវ​កាលបរិច្ឆេទ​ជា​គោលៗ​តែប៉ុណ្ណោះ ដោយ​ផ្ទៀងផ្ទាត់​នឹង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មីថ្មោង​។ ប៉ុន្តែ​សង្ឃឹមថា ការស្រាវជ្រាវ ទៅ​ថ្ងៃ​អនាគត​អាច​នឹង​បំពេញ ឬ​កែតម្រូវ​រាល់​កង្វះខាតដែលមានជាក់ជា​មិន​ខាន​។ ទោះជាយ៉ាងណា ព័ត៌មាន​នេះ​ជា​ពន្លឺ​មួយ​ដែល​អាច​ផ្តល់ឱ្យ​យើង​នូវ​ទិន្នន័យ​ទាក់ទិន ទៅនឹង​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ និង ប្ញ​ស​កែវ​នៃ​វប្បធម៌​អារ្យធម៌​ខ្មែរ ព្រមទាំង​លក្ខណៈ​ជំនឿ​សាសនា​មួយចំនួន​នា​សម័យកាល​មួយ​ដែល​មាតុភូមិ​កម្ពុជា មាន​កិត្តិ​ស័ព្ទ​ដ៏​ល្បីល្បាញ​ជាងគេ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន​។​
​    ​មួយ​-​ព្រះមហាក្សត្រ ទី​១ គឺ ព្រះបាទ​ជ័យ​វ​ម៌​ទី​២ (​វរ្ម័ន​) (៨០២-៨៥០ គ្រិស្តសករាជ ឬ​ហៅ​ថាគ​.​ស​)​។ ពេលដែល​ព្រះអង្គ​កំពុង​សោយរាជ្យ ព្រះអង្គ​មាន​ព្រះនាម​ថា ធូលី​ព្រះបាទ ធូលី​ជើង ព្រះ​កម្រ​តេង​អញ ស្រី​ជ័យ​វ​ម៌​ទេវៈ​។ រីឯ​ប​ច្ឆា​មរណនាម​វិញ​គឺ ព្រះបាទ​បរមេស្វរៈ តំណាងឱ្យ​ព្រះ​ឥសូរ ឬ​ឥ​ស្វរៈ គឺ​ស្តេច​អង្គ​នេះហើយ​ដែល​បាន លើក​សករាជ​សម័យអង្គរ​ ដោយ​ព្រះអង្គបាន​បង្កើត​នូវ​លទ្ធិទេវរាជ ​ដើម្បី​លើកឋានៈ​របស់​ព្រះមហាក្សត្រ​ស្មើនឹង​ឋានៈ​របស់​ព្រះអាទិទេព​។​
​    ​ពីរ​-​ព្រះបាទ​ជ័យ​វ​ម៌​ទី​៣ (៨៥០-៨៧៧​គ្រិស្តសករាជ​) មុនពេល​សោយរាជ​សម្បត្តិ ព្រះអង្គ មាន​ព្រះនាម​ថា ជ័យ​វិធ​ន ហើយ​នៅពេល​សោយរាជ​សម្បត្តិ​មាន​ព្រះនាម​ថា ធូលីព្រះបាទ ​ធូលីជើងព្រះ​កម្រ​តេង​ស្រី​ជ័យ វ​ម៌​ទេវៈ​។ រីឯ​នាម​ព្រះបាទ​វិស្ណុ​លោក គឺជា​ប​ច្ឆា​មរណនាម​របស់​ព្រះអង្គ ឈ្មោះ​នេះ​បង្ហាញថា ស្តេច​នេះ​គោរព​ព្រះ​វិស្ណុ​។ ព្រះបរមរាជវាំង​រប​ស់​ទ្រង់ គឺ​ស្ថិតនៅត្រង់​កន្លែង​ប្រាសាទព្រៃមន្ទីរ សព្វថ្ងៃ​នៅ​ខេត្តសៀមរាប​។​
​    ​បី​-​ព្រះបាទ​ឥន្ទ្រ​វ​ម៌​ទី​១ (៨៧៧-៨៨៩​គ្រិស្តសករាជ​) មានប​ច្ឆា​មរណនាម​ថា ព្រះបាទ​ឦសាន​ស្វរ​លោក​។ ព្រះនាម​នៅពេល​ព្រះអង្គ​សោយរាជ​សម្បត្តិ គឺ​ធូលី​ព្រះបាទ ធូលី ជើងព្រះ​កម្រ​តេង អញ​ស្រិ​ន្ទ្រ​វ​ម៌​ទេវៈ​។ ព្រះប​ច្ឆា​មរណនាម​ចង្អុល​បង្ហាញថា ស្តេច​អង្គ​នេះ​គោរពបូជា​ព្រះ​ឥសូ​រៈ ឬ​ព្រះ​ឥ​ស្វរៈ ប្រកបដោយ​ព្រះ​នេត្រ​ភ្លឺ​ថ្លា​ដូច​ផ្កាឈូក និង​ត្រចះត្រចង់​ដូច​ព្រះឥន្ទ្រ​។​
​    ​បួន​-​ព្រះបាទ​យ​សោ​វ​ម៌​ទី​១ (៨៨៩-៩១០​គ្រិស្តសករាជ​) មានប​ច្ឆា​មរណនាម​ថា ព្រះបាទ​បរម​សិវ​លោក​។ ព្រះនាម​នៅពេលដែល​សោយរាជ​សម្បត្តិ គឺ​ធូលី​ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​យ​សោ​វ​ម៌​ទេវៈ​។ ដូចខាងលើ​គេ​ដឹងថា ព្រះបរមនាម​របស់​ព្រះអង្គ គឺ​ព្រះបាទ​បរម​សិវ​លោក ដែល​បញ្ជាក់ អំពី​និន្នាការ​ជំនឿ​សាសនា​របស់​ព្រះអង្គ​លើ​ព្រះ​សិវៈ​។​
​    ​ប្រាំ​-​ព្រះបាទ​ហ​ស៌​វ​ម៌​ទី​១ (៩១០-៩២២​គ្រិស្តសករាជ​) ដែលមាន ព្រះនាម​នៅពេល​សោយរាជ​សម្បត្តិ​ថា ធូលី​ព្រះបាទ ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​ហ​ស៌​វ​ម៌​ទេវៈ​។ រីឯ​ប​ច្ឆា​មរណនាម របស់​ទ្រង់​គឺ​ព្រះបាទ​រុ​ទ្រ​លោក ។​ព្រះ​ប​ច្ឆា​មរណនាម​នេះ​បង្ហាញ​ឱ្យដឹងថា ព្រះអង្គបូជា​ព្រះ​រុ​ទ្រ ​ដែលជា​ឈ្មោះ​មួយ​របស់​ព្រះ​សិវៈ ។​
​    ​ប្រាំមួយ​-​ឦសាន​វ​ម៌​ទី​២ (៩២៥-៩២៨​គ្រិស្តសករាជ​) មានប​ច្ឆា​មរណនាម​របស់​ទ្រង់ គឺ​ព្រះបាទ​បរម​រុ​ទ្រ​លោក ដែល​បញ្ជាក់​ឱ្យឃើញថា ព្រះអង្គ​កាន់​ព្រហ្មញ្ញសាសនា​និកាយ​ឥសូរ ឬ ព្រះ​រុ​ទ្រ​។​
​    ​ប្រាំពីរ​-​ព្រះបាទ​ជ័យ​វ​ម៌​ទី​បួន (៩២១-៩៤១​គ្រិស្តសករាជ​) មានប​ច្ឆា​មរណនាម​ថា ព្រះបាទ​បរម​សិវបទ​។ ព្រះមហាក្សត្រ​នេះ មាន​ព្រះនាម​ថា ធូលី​ព្រះបាទ ធូលី​ជើងព្រះ​កម្រ តេង​អញ​ជ័យ​វ​ម៌​ទេវៈ នៅពេល​ព្រះអង្គ​សោយរាជ​សម្បត្តិ​លើ​រាជបល្ល័ង្ក​។ មុន​សោយរាជ​សម្បត្តិ ព្រះរាជា​អង្គ​នេះ គឺជា​ព្រះអង្គម្ចាស់ ឬ​ឧបយុវរាជ នៅ កោះ​កេរ​នៅឡើយ​។ ក្នុងឱកាស​ដ៏​មហា​នក្ខត្ត​ប្ញ​ក្ស នៃ​ការតាំង​ទីក្រុង​ថ្មី ក្នុង​ព្រះ នាម​ជា​ស្តេចត្រាញ់​នៅឡើយ ព្រះអង្គ​បាន​សាងសង់​ប្រាសាទធំ​កោះ​កេរ ដោយយក​នរសិង្ហ​ជា​និមិត្តរូប​នៃ​ឥទ្ធិពល​ក្នុង​ការបើក​រាជ្យ​របស់​ទ្រង់​។ នរសិង្ហ​ទាំងនោះ នៅលើ​កំពូល​ប្រាសាទ​ថ្ម មាន​ប្រាំពីរ​ថ្នាក់​កម្ពស់​ជិត​៤០​ម៉ែត្រ រាង​ជា​សាជី​ជ្រុង ស្ថិតក្នុង​ឥរិយាបថ​ឈរ សម្តែង​ប្ញ​ទ្ធិ​អំណាច​របស់ខ្លួន ដៃ​លើក​ទ្រ​ព្រះ​សិវលិង្គ​ត្រី​ភូ​វ​នេ​ស្វរៈ ។​
​    ​ប្រាំបី​-​ព្រះបាទ​ស្រី​សិង្ហ​វ​ម៌ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ព្រះបាទ​ជយ​វ​ម៌​ទី​បួន ត្រូវជា​ព្រះបាទ​ស្រី​ជ័យ​សិង្ហ​វ​ម៌ ឬទេ​? ក៏ប៉ុន្តែ​គេ​ត្រូវ​បញ្ចូល​ព្រះនាម ព្រះមហាក្សត្រ​នេះ ក្នុង​បញ្ជី​ឈ្មោះ​នៃ​ព្រះរាជា​ខ្មែរ​បុរាណ ដែល​បាន​សោយរាជ្យ​សម្បត្តិ​នៅក្នុង​ចក្រភព​កម្ពុជទេស ។​
​    ​តាម​សិលាចារឹក​ថ្មី​មួយ កា​អា លេខ​១៧៨(​Ka​១៧៨) នៅ​តំបន់​ស្រែ អម្ពិល​ដែល​បាន​រកឃើញ​ដោយ​លោក​សាស្ត្រាចារ្យ យាង វីរ​បុត្រ នៅ​ឆ្នាំ​២០០៥ គេ​ឃើញ​មាន​ព្រះនាម​ព្រះមហាក្សត្រ​ស្រី​ជ័យ​សិង្ហ​វ​ម៌ ដែល​ព្រះ អង្គ​មិនទាន់​ក្លាយជា​ព្រះមហាក្សត្រ ក្នុងនាម​ព្រះ​អង្គជា​មហាមន្ត្រី​មួយរូប ឯ​ឋា​នន្ត​រនាម​របស់​ទ្រង់​គឺ​ក​ម្តែ​ង​អញ​។​
​    ​ព្រះនាម​ព្រះមហាក្សត្រ​អង្គ​នេះ ក៏ត្រូវ​បាន​គេ​រកឃើញ​ដែរ នៅលើ សិលាចារឹក​ចំនួន​ពីរ​ទៀត សរសេរ​ជា​ភាសាសំស្ក្រឹត និង​ភាសា​ខ្មែរ​បុរាណ នៅក្នុង​ប្រទេស​សៀម​សព្វថ្ងៃ គឺ​កា​លេខ ៤០៤ និង​កា​អា​លេខ ១៧៧ (​K ៤០៤ និង Ka គា ១៧៧ )​។​
​    ​សូមបញ្ជាក់​ផងដែរ​ថា ផ្ទាំង​សិលាចារឹក កា​លេខ ១៧៨ ត្រូវបាន ចារ​ឡើង​នៅ​ឆ្នាំ​៨៧៥​សករាជ ត្រូវ​នឹង ឆ្នាំ​៩៥៣ នៃ​គ្រិស្តសករាជ​។ ស្ថិតនៅ រវាង​រជ្ជកាល​របស់​ព្រះបាទ​ជ័យ​វ​ម៌​ទី បួន និង​រជ្ជកាល​របស់​ព្រះបាទ​រាជេន្ទ្រ​វ​ម៌​។ នេះ​ជា​វិភាគទាន​ព័ត៌មាន​មួយ​ថ្មី ក្នុងការ​កែតម្រូវ ផ្នែក​ដែលមាន​ការ ខ្វះខាត​ពីមុន​កន្លងមក​ក្នុងការ​សន្និដ្ឋាន​។​
​    ​តាម​ខ្លឹមសារ​នៃ​ចំណែក​សិលាចារឹក កា​លេខ ១៧៧ ព្រះអង្គ​បាន​ចែក អំណោយ​ដល់​ប្រជារាស្ត្រ​នៅ​ទីក្រុង​សុ​រៈ​បុរី ហើយ​បាន​ត្រាស់​បញ្ជា​ឱ្យ​ពល ទាហាន​ជីក​ស្រះ​ទឹក​មួយ​យ៉ាង​ធំ​នៅក្បែរ​អាសនៈ មួយ​ដែល​គេ​គោរព​សក្ការៈ​ព្រះ​សិវលិង្គ ដើម្បី​សុភមង្គល និង​សេចក្តីសុខ​ស្ងប់ស្ងាត់​របស់​ប្រជារាស្ត្រ មិន​ថា​អ្នកមាន ឬ​អ្នកក្រ​នោះ ឡើយ​។​
​    ​ប្រាំបួន​-​ព្រះបាទ ហ​ស៌​វ​ម៌​ទី​ពីរ (៩៤១-៩៤៤ គ​.​ស​) ដែលមាន​ប​ច្ឆា​មរណនាម​ថា ព្រះ​ព្រហ្មលោក និង​ធូលី​ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​ហ​ស៌​វ​ម៌​ទេវៈ​។ ប​ច្ឆា​មរណនាម​នេះ​ស​ឱ្យឃើញថា ព្រះអង្គ​គោរព​សក្ការ បូជា​ព្រះព្រហ្ម​។​
​    ​ដប់​-​ព្រះបាទ​រាជេន្ទ្រ​វ​ម៌ (៩៤៤-៩៦៨ គ្រិស្តសករាជ​) ដែលមាន​ព្រះនាម​ថា ព្រះបាទ​គរ​ភ៌េ​ស្វរៈ មុនពេល​ឡើង​សោយរាជ​សម្បត្តិ ស្តេច​អង្គ​នេះ ដូច​ស្តេច​មុនៗ​ដែរ មានប​ច្ឆា​មរណនាម​ថា ព្រះបាទ​សិវ​លោក ដែល​ប្រាប់​ឱ្យដឹងថា ព្រះអង្គ​គោរពបូជា​ព្រះ សិវៈ​។ នៅពេលដែល​ព្រះអង្គ​សោយរាជ​សម្បត្តិ ព្រះអង្គ​មាន​ព្រះនាម​ថា ធូលី​ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​រាជេន្ទ្រ​វ​ម៌​ទេវៈ​។​
​    ​ដប់​មួយ​-​ព្រះបាទ​ជ័យ​វ​ម៌​ទី​ប្រាំ (៩៦៨-១០០១​គ្រិស្តសករាជ​) នៅ  ពេល​សោយរាជ្យ​មាន​ព្រះនាម​ថា ធូលី ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ​ស្រី ជ័យ​វ​ម៌​ទេវៈ​។ ប​ច្ឆា​មរណនាម​របស់ ទ្រង់​គឺ​ព្រះបាទ​បរម​វិ​រលោក នេះ​បញ្ជាក់​ឱ្យដឹងថា ព្រះបាទ​ជយ​វ​ម៌​ទី​ប្រាំ ទ្រង់​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​    ​ដប់​ពីរ​-​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វ​ម៌​ទីមួយ ឬ​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វ​ម៌​ទេវៈ (១០០១-១០០២ គ្រិស្តសករាជ​) មាន​ព្រះនាម​ថា ធូលី​ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​ឧទ​យា​ទិ​ត្យ​វ​ម៌​ទេវៈ នៅពេល​ព្រះអង្គ​សោយរាជ​សម្បត្តិ​។​
​    ​ដប់​បី​-​ព្រះបាទ​ជ័យ​វិ​រ​វ​ម៌ (១០០២-១០១០ គ្រិស្តសករាជ​) ព្រះនាម នៅពេល​សោយរាជ​សម្បត្តិ​របស់​ទ្រង់ គឺ​ធូលី​ព្រះបាទ ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​ជ័យ​វ​ម៌​ទេវៈ ឬ​វិ​រ​វ​ម៌​ទេវៈ​។ ព្រះនាម​ស្តេច​នេះ គ្មាន​ក្នុង​បញ្ជី​ស្តេច​ខ្មែរ​របស់លោក ហ្ស​ក សឺ​ដេ​ស ទេ​។​
​    ​ដប់​បួន​-​ព្រះបាទ​សុ​រ្យ​វ​ម៌​ទីមួយ (១០០២-១០៥០ គ្រិស្តសករាជ​) មាន ព្រះនាម​ពេល​ឡើង​សោយរាជ​សម្បត្តិ​ថា ធូលី​ព្រះបាទ ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​សុ​រ្យ​វ​ម៌​ទេវៈ​។ ប​ច្ឆា​មរណនាម​របស់​ព្រះមហាក្សត្រ​អង្គ​នេះ គឺ​ព្រះបាទ​បរម​និ​វាណ​បទ ឬ​ព្រះបាទ​បរម និព្វាន​បទ​។ ព្រះមហាក្សត្រ​អង្គ​នេះ គោរព​លទ្ធិ​ព្រហ្មញ្ញសាសនា ដោយ ហេតុថា ពាក្យ​និព្វាន​នៅទីនេះ​ពុំមែន​មានន័យ​តែ​ចំពោះ​លទ្ធិពុទ្ធ​សាសនា​ទេ ក៏ប៉ុន្តែ​ក្នុង​លទ្ធិព្រាហ្មណ៍​ក៏មានដែរ ដែលមាន​អត្ថន័យ​ដូចគ្នា​។ ព្រះអង្គ​កាន់​និកាយ​ព្រះ​សិវៈ នៅក្នុង​រជ្ជកាល​របស់​ទ្រង់ បាន​សាង​ប្រាសាទបន្ទាយទ័ព​នៅ​ស្រុក ថ្មពួក​ខេត្តបន្ទាយមានជ័យ នេះ​បើតាម​សិលាចារឹក កា​អា​លេខ ៦៧ នៅ​ឆ្នាំ ១០៤៧ គ្រិស្តសករាជ​។​
​    ​ដប់​ប្រាំ​-​ព្រះបាទ​ហ​ស៌​វ​ម៌​ទី​បី ឬ ព្រះបាទ​សទា​សិវ​បទ (១០៦៦-១០៨០ គ្រិស្តសករាជ​) នៅពេល​គ្រងរាជ្យ ព្រះអង្គ​មាន​ព្រះនាម​ថា ធូលី​ព្រះបាទ​ធូលី ជើងព្រះ​កម្រ​តេ​អញ ស្រី​ហ​ស៌​វ​ម៌​ទេវៈ​។​
​    ​ដប់​ប្រាំមួយ​-​ព្រះបាទ​ន​ប្ញ​ប​តិ​ន្ទ្រ​វ​ម៌ ឬ ព្រះ​ស្រី​ន​ប្ញ​ប​តិ​ន្ទ្រ​វ​ម៌ (១០៨០-១១១៣ គ្រិស្តសករាជ​) ស្តេច​អង្គ​នេះ​ពេល​ឡើង​សោយរាជ​សម្បត្តិ បាន​យក​ព្រះនាម​ថា ព្រះបាទ​កម្រ​តេង​អញ ស្រី​ន​ប្ញ​ប​តិ​ន្ទ្រ​វ​ម៌​។ តាម លោក វង់ សុធា​រ៉ា បាន​អះអាងថា ស្តេច​អង្គ​នេះ​ពុំ​បានទទួល​រាជាភិសេក​សោយរាជ​សម្បត្តិ​ជា​ផ្លូវការ​ទេ ដោយសារ​ព្រះ​អង្គជា​អតីត​រាជបុរោហិត​រប​ស់ ព្រះបាទ​ហ​ស៌​វ​ម៌​ទី​បី និង បានក្លាយ​ទៅជា​បុរោហិត​របស់​ព្រះបាទ​ជ័យ​វ​ម៌​ទី​ប្រាំមួយ​។​
​    ​ដប់​ប្រាំពីរ​-​ព្រះបាទ​ជ័យ​វ​ម៌​ទី​ប្រាំមួយ (១០៨០-១១០៧ គ្រិស្តសករាជ​) ដែល មាន​ព្រះនាម​នៅពេល​សោយរាជ្យ​ថា ធូលី​ព្រះបាទ ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​ជ័យ​វ​ម៌​ទេវៈ​។ ប​ច្ឆា​មរណនាម​របស់​ទ្រង់ គឺ​ព្រះបាទ​បរម​កៃ​វ​ល្យ​បទ ដែល​បង្ហាញថា ស្តេច​អង្គ​នេះ​កាន់សាសនា​ព្រាហ្មណ៍​។​
​    ​សូមបញ្ជាក់​ផងដែរ​ថា បើ​គេ​សំអាង​ទៅលើ​សិលាចារឹក​នៃ​ប្រាសាទភ្នំ​វ៉ាន់​ឬទេវាស្រ​ម​សម​យុគ​នៅ​ជិត​ទីក្រុង​ពិ​មា​យ ខេត្ត​នគររាជ​សីមា យើង​ឃើញថា ព្រះអង្គ​ពិតជា​បាន​សោយរាជ​សម្បត្តិ​មុន​ឆ្នាំ​១០៨២ នៃ​គ្រិស្តសករាជ​។​
​    ​ដប់​ប្រាំបី​-​ព្រះបាទ​ធរ​ណិ​ន្ទ្រ​វ​ម៌​ទីមួយ (១១០៧-១១១៣​គ្រិស្តសករាជ​) បាន យក​ព្រះនាម នៅពេល​សោយរាជ​សម្បត្តិ​ថា ធូលី​ព្រះបាទ​ធូលី​ជើងព្រះ កម្រ​តេង​អញ​ស្រី​ធរ​ណិ​ន្ទ្រ​វ​ម៌​ទេវៈ​។ ប​ច្ឆា​មរណនាម​របស់​ទ្រង់ គឺ​ព្រះបាទ បរម​និ​ស្កល​បទ​។​
​    ​ដប់​ប្រាំបួន​-​ព្រះបាទ​សុ​រ្យ​វ​ម៌​ទី​ពីរ (១១១៣-១១៥០​គ្រិស្តសករាជ​) បាន យក​ព្រះនាម​ថា ធូលី​ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ​ស្រី​សុ​រ្យ​វ​ម៌​ទេវៈ​។ ប​ច្ឆា​មរណនាម​របស់​ព្រះមហាក្សត្រ​អង្គ​នេះ គឺ​បរម​វិស្ណុ​លោក ដែលជា​ព្រះ នាម​មហាក្សត្រ​ស្ថាបនិក​ប្រាសាទអង្គរវត្ត (​អង្គរតូច​) និង​ប្រាសាទភ្នំព្រះវិហារ​ជាដើម​។ នេះ​បង្ហាញ​ឱ្យដឹងថា ព្រះអង្គ​គោរព​និកាយ​ព្រះ​វិស្ណុ​។​
​    ​ម្ភៃ​-​ព្រះបាទ​ធរ​ណិ​ន្ទ្រ​វ​ម៌​ទី​ពីរ (១១៥០-១១៦៥​គ្រិស្តសករាជ​) មាន ប​ច្ឆា​មរណនាម​ថា ព្រះបាទ​មហា​បរម​និ​វ៌្វា​នប​ទ​។ គេ​ពុំទាន់​រកឃើញ​ព្រះនាម របស់​ទ្រង់​ជា​ភាសា​ខ្មែរ​នៅឡើយ​ទេ ថ្វីត្បិតតែ​មាន​សិលាចារឹក​បាន​ពិពណ៌នា អំពី​ប្រវត្តិ​របស់​ទ្រង់​ក៏ដោយ​។​
​    ​ម្ភៃ​ពីរ​-​ព្រះបាទ​ស្រី​យ​សោ​វ​ម៌​ទី​ពីរ ឬ ព្រះបាទ​ស្រី​យ​សោ​វ​ម៌​ទេវៈ (១១?-១១៦៥ គ្រិស្តសករាជ​)​។​
​    ​ម្ភៃ​ពីរ​-​ព្រះបាទ​ត្រី​ភូ​វនា​ទិ​ត្យ​វ​ម៌ (១១៦៥-១១៧៧​គ្រិស្តសករាជ​) ព្រះបាទ​ត្រី​ភូ​វនា​ទិ​ត្យ​វ​ម៌​ទេវៈ មាន​ព្រះនាម​នៅពេល​សោយរាជ​សម្បត្តិ​ថា ធូលី ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ​ស្រី​ត្រី​ភូ​វនា​ទិ​ត្យ​វ​ម៌​ទេវៈ​។​
​    ​ម្ភៃ​បី​-​ព្រះបាទ​ជ័យ​វ​ម៌​ទី​ប្រាំពីរ (១១៨១-១២១៨​គ្រិស្តសករាជ​) ព្រះអង្គ​មានប​ច្ឆា​មរណនាម​ថា ព្រះបាទ​មហា​បរម​សោគ​ត​។ ព្រះមហា​វ​រក្សត្រ អង្គ​នេះ​ដែល​កាន់​លទ្ធិ​ព្រះពុទ្ធសាសនា មហាយាន​បាន​រំដោះប្រទេស​កម្ពុជា​ពី នឹម​ឈ្លានពាន​ចម្ប៉ា ហើយ​បាន​សាងសង់​សមិទ្ធផល​ជាច្រើន​នៅក្នុង​ចក្រភព​អង្គរ​។​
​    ​ម្ភៃ​បួន​-​ព្រះបាទ​ឥន្ទ្រ​វ​ម៌​ទី​ពីរ (១២២០-១២៤៣​គ្រិស្តសករាជ​) ឬ  ព្រះបាទ​ស្រី​ន្ទ្រ​វ​ម៌​ទេវៈ ព្រះ​អង្គជា​ព្រះរាជបុត្រ​មួយ​ព្រះអង្គ ក្នុងចំណោម ព្រះរាជបុត្រ​ជាច្រើន​របស់​ព្រះបាទ​ជ័យ​វ​ម៌​ទី​ប្រាំពីរ ព្រះអង្គ​បានធ្វើ​ជា​ទេសាភិបាល លើ​ប្រទេស​ចម្ប៉ា (​ចាម​)​។​
​    ​ម្ភៃ​ប្រាំ​-​ព្រះបាទ​ជ័យ​វ​ម៌​ទី​ប្រាំបី (១២៤៣-១២៩៥​គ្រិស្តសករាជ​) មាន ព្រះនាម​នៅពេល​សោយរាជ​សម្បត្តិ​ថា ធូលី​ព្រះបាទ​ធូលី​ជើងព្រះ​កម្រ​តេង​អញ ស្រី​ជ័យ​វ​ម៌​ទេវៈ ហើយ​ប​ច្ឆា​មរណនាម​របស់​ទ្រង់ គឺ​ព្រះបាទ​មរ​មេ​ស្វរ​បទ​។ ស្តេច​អង្គ​នេះ​បាន​មានប្រតិកម្ម​ប្រឆាំង នឹង​លទ្ធិ​ព្រះពុទ្ធសាសនា​ដោយបាន បំផ្លិចបំផ្លាញ​នូវ​ព្រះ​បដិមា​ជាច្រើន​អង្គ ដូចជា​ការរកឃើញ​បំណែក​រូបតំណាង ពុទ្ធអង្គ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ប្រាសាទបន្ទាយក្តី និង​ប្រាសាទព្រះខ័ន​ជា​សក្ខីភាព​ស្រាប់​។​
​    ​ម្ភៃ​ប្រាំមួយ​-​ព្រះបាទ​ស្រិ​ន្ទ្រ​វ​ម៌ (១២៩៥-១៣០៧​គ្រិស្តសករាជ​) ឬ​ព្រះបាទ​ស្រី​ស្រិ​ន្ទ្រ​វ​ម៌​ទេវៈ មាន​ព្រះនាម​នៅពេល​សោយរាជ​សម្បត្តិ​ថា ព្រះបាទ​កម្រ​តេង​ស្រី​វ​ម៌​ទេវៈ​។ ស្តេច​អង្គ​នេះ កាន់​ព្រះពុទ្ធសាសនា​លទ្ធិ​ហីនយាន ប្រើភាសាបាលី​ជាយា​ន ដែល​ត្រូវបាន​ចារ​ឡើង​នៅ​ប្រាសាទគោក​ស្វាយ​ចក​នៅ​ឆ្នាំ ១៣០៨​គ្រិស្តសករាជ (កាលេខ ៧៥​)។​    ​    ​    ​    ​
​    ​ម្ភៃ​ប្រាំពីរ​-​ព្រះបាទ​ស្រិ​ន្ទ្រ​ជ័យ​វ​ម៌ (១៣០៧-១៣២៧​គ្រិស្តសករាជ​) ឬ ព្រះបាទ​ស្រី​ជ័យ​វ​ម៌​ទេវៈ​។ ព្រះបាទ​ជ័យ​វ​ម៌​ទី​ប្រាំបួន (១៣២៧-១៣៥៣ គ្រិស្តសករាជ​) ដែលជា​ស្តេច​ចុងក្រោយបង្អស់​នៃ​វង្ស​វរ្ម័ន ឬ វ​ម៌ នា​សម័យអង្គរ ដ៏​មហា​រុងរឿង​ថ្កើងថ្កាន​មានប​ច្ឆា​មរណនាម​ថា ព្រះបាទ​ជ័យ​វ​ម៌​បរមេស្វរៈ​។​
​    ​គប្បី​រំលឹក​ឡើងវិញ​ដែរ​ថា ពាក្យ វរ្ម័ន ឬ វ​ម៌ ខាងលើនេះ ដែល​ត្រូវបាន ព្រះមហាក្សត្រ​ខ្មែរ​ប្រើប្រាស់​សម្រាប់​តាំង​វង្ស​ត្រកូល​របស់​ទ្រង់ តាំងពី សម័យ​នគរ​ភ្នំ​មកម្ល៉េះ (​ ព្រះបាទ ជ័យ​វ​ម៌​) ត្រូវបាន​បន្ត​រហូតដល់​សម័យ​ក្រោយ​អង្គរ​។ ឧទាហរណ៍​ដ៏​ជាក់ស្តែង​មួយ គឺ​ពាក្យ វ​ម៌ ឬ ព​ម៌ ដែល​គេ​សរសេរ​ច្រឡំ​ថា ពណ៌​ទៅវិញ ត្រូវបាន​ព្រះរាជា​ខ្មែរ​នា​សម័យ​លង្វែក ប្រើប្រាស់​នៅឡើយ ដូចជា​ព្រះនាម​របស់ ព្រះបាទ​សុរិយោ​ពណ៌ (​សុរិយា​វ​ម៌​) ជា សក្ខីភាព​ស្រាប់​។​
​ជាទី​បញ្ចប់ សូមបញ្ជាក់ថា តាម​ការស្រាវជ្រាវ​ខាងលើនេះ ទោះបីជា​បញ្ជី​ព្រះនាម និង ប​ច្ឆា​មរណនាម​នៃ​ព្រះមហាក្សត្រ​ខ្មែរ នា​សម័យអង្គរ ត្រូវបាន​ចងក្រង​សឹងតែ​គ្រប់​ចំនួន​ក៏ដោយ ប៉ុន្តែ​គប្បី​យើង​ត្រូវធ្វើ​ការស្រាវជ្រាវ​ជា​បន្តទៅទៀត​។ ដោយហេតុថា នៅមាន​ព្រះនាម​របស់​ស្តេច​ខ្មែរ​មួយចំនួន ដែល​គេ​ពុំទាន់​ឃើញ​មានប​ច្ឆា​មរណនាម​ចារ​លើ​សិលាចារឹក ឬក៏​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ខាងលើនេះ​នៅឡើយ​៕F
 (​ម​.​ត្រា​ណេ​)))
CEN

No comments:

Post a Comment