ការសន្និដ្ឋានបែបនេះ ជាការខុសឆ្គងមួយដោយមូលហេតុមួយចំនួន ដែលយើងនឹងរៀបរាប់ដូចខាងក្រោមនេះ ។ ព្រោះវាបាននាំឲ្យមានផលប៉ះពាល់ដល់ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ។
បើពិនិត្យលើស្ថានភាពជាក់ស្តែង គេអាចទទួលស្គាល់ថា ៖ បុព្វបុរសខ្មែរដែលបានរស់នៅក្នុងតំបន់នេះ បានមើលឃើញថា តំបន់នេះ គឺជាតំបន់យុទ្ធសាស្ត្រប្រកបដោយកិត្យានុពល និងវិបុលភាពដ៏ សំខាន់បំផុត ។ ដោយហេតុថា តាំងតែដើមសម័យប្រវត្តិសាស្ត្រ ជាពិសេស សម័យនគរភ្នំ តំបន់នេះជាតំបន់ឆ្លងកាត់ដែលផ្សារភ្ជាប់ទៅនឹង ទីក្រុងនានាមួយចំនួនទៀត និងចក្រភពអង្គរ ដូចវត្តមានរបស់បុរាណវត្ថុ ជាសក្ខី កម្មស្រាប់ ។ មួយវិញទៀត បុរាណវត្ថុដែលគេបានជួបប្រទះ ក្នុងតំបន់នេះ ពុំមានលក្ខណៈជាវត្ថុសិល្បៈថៃឡើយ ហើយលើសពីនេះទៅទៀត មានអាយុកាល ច្រើនជាងសិល្បៈថៃ ។
វត្តមហាយានហ៊ុំព័ទ្ធ ប្រាសាទខ្មែរ ខ្មែរធ្វើអំពីថ្មភក់និងបាយក្រៀម (ថត ១៩៨៤)
ឧទាហរណ៍ជាក់ស្តែង ការរកឃើញនូវព្រះពុម្ពខ្មែរធ្វើអំពីដីដុត បែបមហាយានក្នុងរាជរបស់ស្តេចព្រះបាទជ័យវរ្ម័នទី ៧ នៃគ.ស រវាងឆ្នាំ ១៩៧០ និង១៩៨១ និងសំណល់ស្ថាបត្យកម្មខ្មែរ ដែលជាសិល្បៈខ្មែរ ស្ថិតក្នុងរចនាប័ថ្មបាយ័ន ពីចុងសតវត្សរ៍ទី ១២ ដើមសតវត្សរ៍ទី ១៣ បង្ហាញបញ្ជាក់ថា នៅទីនេះបានចាប់ពន្លកក្រោយពីទទួលជ័យជំនះលើខ្មែរដោយកម្លាំងអាវុធ ។ ពោលគឺក្រោយពីជនជាតិថៃបានដណ្តើម បានព្រះរាជធានីនេះពីខ្មែរ ។ ដូចនេះចំពោះយើង ឆ្នាំ ១៣៥០ ពុំមែនជាឆ្នាំដែលជនជាតិថៃបានស្ថាបនាទីក្រុងអយុធ្យានោះទេ ក៏ប៉ុន្តែជាឆ្នាំដែល ខេត្តនេះបានប្រែក្លាយទៅជាទឹកដី របស់ថៃដូចមូលហេតុដែលទើបតែអធិប្បាយនេះ ។ នេះគឺមានន័យថាជនជាតិថៃបានច្បាំងឈ្នះខ្មែរ ហើយក៏ បានកាន់កាប់ខេត្តនេះទៅ ដែលធ្លាប់ជាមណ្ឌលសេដ្ឋកិច្ច និង វប្បធម៌ដ៏សំខាន់ ។
ចម្លាក់ព្រះពុទ្ធរូប, ទ្វារបាល (សារមន្ទីរជាតិអយធ្យា, ថត ១៩៩៥)
តាមពិត ខេត្តអយុធ្យាគឺជាខេត្តមួយរបស់ចក្រភពខ្មែរដែលត្រូវបានប្រសូតឡើងតាំងតែសម័យមុនអង្គរម្ល៉េះ ហើយខេត្តនេះត្រូវបាន អភិវឌ្ឍន៍រហូតដល់សម័យអង្គរ ដែលជាសម័យកាលមួយដ៏រុងរឿងថ្កុំថ្កើងក្នុងប្រវត្តិសាស្ត្រខ្មែរ ។ សូមជម្រាបផងដែរថា ក្នុងបរិបទនេះហើយ ដែលខេត្តនេះត្រូវបានទទួលការយកចិត្តទុក ដាក់ពីអាជ្ញាធរខ្មែរ ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ ។ តួយ៉ាង ស្តេចអង្គនេះ បានពង្រីកពង្រឹងអំណាចរបស់ទ្រង់ដោយមាន ការសាងសង់អរោគ្យសាលា ឬមន្ទីរពេទ្យដ៏ធំមួយ ជាភស្ថុតាងស្រាប់ ដែលក្រោយមកបាន ក្លាយទៅជាវត្តមហាថ៉ាត របស់ថៃ ។
មួយវិញទៀត គប្បីត្រូវជ្រាបថា លក្ខណៈនៃព្រះពុទ្ធសាសនានៅក្នុងតំបន់អយុធ្យានាសម័យនោះ បើយោងតាមការសិក្សាវិភាគ ប្រហែលជាមានប្រភពមកពីប្រទេសទីបេ ។ សូមជម្រាបថា កត្តាជាសត្យានុម័ត ដែលបានផ្តល់លទ្ធភាពនៃការលេចធ្លោនៃអយុធ្យា គឺភូមិ សាស្ត្រតំបន់ដែលប្រកបដោយអំណោយផលធម្មជាតិ រួមផ្សំនឹងធនធានគ្រប់ប្រភេទ ខាងសម្ភារៈ និងបញ្ញាញាណ ។
បំណែកសសរពេជ្រពុំទាន់ឆ្លាក់រួច និង សន្លឹកសីមាតុបតែងកំពូលប្រាសាទ នៅសារមន្ទីរជាតិនៅអយុធ្យា (ថត ១៩៧៥)
មិនគួរឲ្យសង្ស័យឡើយ នៅលើទឹកដីខ្មែរនេះ ក៏ដូចជានៅលើទីតាំងផ្សេងៗនៃចក្រភពកម្ពុទេស ហេតុដែលសិល្បៈខ្មែរនាសម័យនេះ មានលក្ខណៈជាមហាយាន គឺបណ្តាលមកពីស្តេចជ័យវរ្ម័នទី៧ ទ្រង់បានឈ្វេងយល់ថា លទ្ធិសាសនានេះ ដែលមានការប្រើមន្តអាគមគាថា ពុំធ្លាប់មានពីមុនមក អាចជាមធ្យោបាយមួយដ៏ស័ក្តិសិទ្ធិជាទីបំផុត ដើម្បីផ្សះផ្សារជាតិ និងធ្វើឲ្យជនជាតិខ្មែរមានជំនឿលើវាសនាខ្លួនឡើងវិញ ។ គឺក្នុងបរិបទនេះហើយបានជាស្តេចអង្គនេះ បានស្ថាបនាមន្ទីរពេទ្យមួយនៅទីនោះ ដែលក្រោយមកក៏បានក្លាយទៅ ជាចេតិយ៍វត្តមហាធាតុ ថៃបច្ចុប្បន្ន ។ ក៏ប៉ុន្តែជាអកុសល ទីក្រុងអយុធ្យាក៏ដូចព្រះចេតីយនេះត្រូវបានកងទ័ពភូមាដុតបំផ្លាញ នៅចុងស.ត ទី ១៨ ហើយបន្ទាប់មក ព្រះរាជធានីថៃក៏បានផ្លាស់ទីតាំងទៅតំបន់បាងកកសព្វថ្ងៃនេះ ដែលមានចម្ងាយប្រមាណជា ៥៣ គីឡូពីព្រះរាជធានីចាស់ ។ (ម.ត្រាណេ))) CEN
No comments:
Post a Comment