Monday, March 11, 2013

ប្រយោជន៍​របស់​ទឹកឃ្មុំ​ និង ​វិធីសាស្ត្រ​ចិញ្ចឹម​ឃ្មុំ​


ឃ្មុំ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ​ហើយអាច​ឲ្យ​មនុស្ស​យើង​បរិភោគបាន ។ គេ​បាន​ដឹងថា​ឃ្មុំ​បាន​ផលិត​ទឹកឃ្មុំ​តាំងតែ​ពី មួយរយ​សាមសិប​លាន​ឆ្នាំមុន​មកម្ល៉េះ និង​រហូត​មកដល់ពេលនេះ ។ បច្ចុប្បន្ន​នេះ​ទឹកឃ្មុំ​ត្រូវបាន​គេ​ប្រមូល​ដោយ​វិធី ២​យ៉ាង​គឺ :
​ ​+ ប្រមូល​យក​ពី​ក្នុងព្រៃ​
​ ​+ ប្រមូល​យក​ពី​កន្លែង​ដែល​គេ​ចិញ្ចឹម​
- ជាទូទៅ​គេ​តែង​មាន​ជំនឿ​ថា ទឹកឃ្មុំ​ដែល​ប្រមូល​បាន​មក​ពី​ក្នុងព្រៃ​តែងតែ​មាន​គុណភាព​ល្អ​ជា​ង ទឹកឃ្មុំ​ដែល​គេ​ប្រមូល​បាន​មក​ពី​កន្លែង​ដែល​គេ​ចិញ្ចឹម ។ ត្រង់​បញ្ហា​នេះ​នៅ​មិនទាន់​មាន​ការអះអាង​ណាមួយ​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​ប្រភេទ​ទឹកឃ្មុំ​ទាំង​ពីរ​ប្រភេទ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​បានដឹង​នោះ​គឺ ប្រយោជន៍​ដ៏​សំខាន់​របស់​ទឹកឃ្មុំ និង​មុខរបរ​ចិញ្ចឹម​ឃ្មុំ ដែល​គេ​អាច​ប្រមូលប្រាក់​យ៉ាងច្រើន​ពី​ពលកម្ម​របស់​សត្វ​ឃ្មុំ ។​
​ ​តើ​ទឹកឃ្មុំ​មាន​ប្រយោជន៍​អ្វីខ្លះ ?
ទឹកឃ្មុំ​គឺជា​ស្ករ​ដែល​មាន​លក្ខណៈ​ជា​ធម្មជាតិ មាន​រសជាតិ​ឆ្ងាញ់​ពិសា សម្បូរណ៍​ទៅ​ដោយ​កាបូ​ហាយ​ដ្រេ​ត (Cabohydrates) ជា​សារធាតុ​ម្យ៉ាង​ផ្តល់​នូវ​កម្លាំង និង​ថាមពល​ដល់​រាងកាយ​របស់​មនុស្ស​យើង ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ថា​ទឹកឃ្មុំមាន​ប្រសិទ្ធភាព​យ៉ាងខ្ពស់​បំផុត​ក្នុង​ការផ្តល់​កម្លាំង​ភ្លាមៗ​ដល់​រាងកាយ កាត់បន្ថយ​នូវ​ការ​នឿយហត់​របស់​សាច់ដុំ ជាពិសេស​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ដោយ​ប្រើ​កម្លាំង​ដូចជា អ្នកកីឡា​ជាដើម ។ ទឹកឃ្មុំ​នៅ​បាន​ចាត់ទុកថា​ជា​អ្នក​ជួយ​ការពារ​កុំឲ្យ​ហត់នឿយ​ខ្លាំង​សំរាប់​អ្នកកីឡា អ្នក​ហាត់ប្រាណ ដោយ​វា​បឺត​ស្រូប​យក​សារធាតុ​ម្យ៉ាង​ហៅថា គ្លូ​កូស (Glucose) អាច​ឲ្យ​ខ្លួនប្រាណ​យើង​បឺត​ស្រូប​យក​បាន​យ៉ាង​ឆាប់រហ័ស បន្ទាប់​មក​វា​ជួយ​បង្កើន​កម្លាំង​ឲ្យ​យើង​បាន​ភ្លាមៗ ឯ​ចំណែក​សារធាតុ​ម្យ៉ាងទៀត​ហៅ​ថា​ហ្វ្រា​ក់​តូស (Fractose) ធ្វើការ​យឺតៗ​ប៉ុន្តែ​បន្ត​ផ្តល់​ឲ្យ​យើង​នូវ​កំលាំង​ពលំ​ជាប់​ជា​បន្ត ។ ក្រៅពីនេះ​គេ​បាន​រកឃើញ​ទៀតថា​ទឹកឃ្មុំ មាន​ចំណែក​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាងកាយ​យើង​បាន​ល្អប្រសើរ​ជាង​សារធាតុ​ផ្សេងៗ​ទៀត ។​
* សូម​សាកល្បង​ធ្វើ​ដូច​ខាងក្រោនេះ :
​ ​១. មុនពេល​ចេញ​ទៅ​ហាត់ប្រាណ​សូម​ពិសារ​ទឹកឃ្មុំ​ចំនួន​១ ស្លាបព្រា​បាយ​សិន ឬ​អាច​មុនពេល​ចេញ​ទៅ​ធ្វើការ​ក៏បាន ។​
​ ​២. ក្នុង​ករណី​ខ្លះ ពេល​យើង​ភ្ញាក់ឡើង​ពី​ដំណេក​នៅ​ពេល​ព្រឹក​យើង​មាន​អារម្មណ៍​ហត់​នឿយ អស់កម្លាំង សូម​យក​ទឹកឃ្មុំ​មក​លាប​លើ​ចំណិត​នំប៉័ង​ជំនួស​ស្ករ ឬ​លាយ​ទឹកឃ្មុំ​នៅក្នុង​តែ​រួច​ពិសារ វា​នឹង​ជួយ​សំរួល​ឲ្យ​យើង​មាន​កម្លាំង​ល្អប្រសើរ​មកវិញ​ភ្លាមៗ ។​
​ ​៣. បើសិន​ជា​កូនចៅ​របស់​យើង​ពេល​ត្រឡប់មក​ពី​សាលា​វិញ​មាន​អាការៈ​ហត់នឿយ ល្ហិតល្ហៃ សូម​យក​ទឹកឃ្មុំ​ឲ្យ​កូនក្មេង​ទទួលទាន​ជាមួយ​នំ ឬ​នំប៉័ង នោះ​វា​នឹង​មាន​កំលាំង​ល្អប្រសើរ​ឡើងវិញ​ជាមិនខាន ។​
​ក្រៅ​ពី​ជួយ​រក្សា​និង​បង្កើត​កំលាំង​ឲ្យ​យើង ទឹកឃ្មុំ​គឺជា​អ្នក​ជួយ​រួមចំណែក​ការពារ​ប្រព័ន្ធ​ប្រឆាំង​របស់​រាងកាយ​យើង​ទប់ទល់​ជាមួយ​ជំងឺ​និង​មេរោគ​ផ្សេងៗ​បាន​យ៉ាង​ល្អ ជួយ​ដល់​ការរំលាយ​អាហារ​របស់​ក្រពះ ជួយ​ផ្សះ​ដំបៅ និង​កែកុន​បញ្ហា​ផ្សេងៗ​ទៀត​របស់​រាងកាយ​យើង ។​
​ ​នៅ​រៀងរាល់​ព្រឹក​សូម​លាយ​ទឹកឃ្មុំ​មួយចំណែក ទឹក​ក្រូចឆ្មា​មួយចំណែក​ស្មើគ្នា ក្នុង​ទឹក​ក្តៅ​មួយពែង ដើម្បី​សម្រួល​ឲ្យដល់​រាងកាយ​របស់​យើង និង​ជួយ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា​ព្រម​គ្នា ។​
​ ​ទឹកឃ្មុំ​នៅ​អាច​យក​មក​លាប​ព្យាបាល​ការ​ប្រេះ​បបូរមាត់ ដំបៅ​ហើម អ្នកចំរៀង​ភាគច្រើន​បាន​ពិសារ​ទឹកឃ្មុំ ឬ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅពិ​សារ មុនពេល​ឡើង​ច្រៀង​ដើម្បី​សម្រួល​ដល់​បំពង់​ក​ឲ្យមាន​ភាព​សើម​មិន​ស្ងួត​ក​ពេល​ច្រៀង ។​​ ​ទឹកឃ្មុំ​ត្រូវបាន​គេ​យក​ទៅ​ផ្សំ​ជាមួយ​រូបមន្ត​ផ្សេង ដោយ​គិត​ទាំង​គ្រឿង​មុខ​ម្ហូប គ្រឿងសំអាង សាប៊ូ​ដុះ​ខ្លួន នំ ៘​​
វិធីសាស្ត្រ​នៃ​ការចិញ្ចឹម​ឃ្មុំ​
​ ​ឃ្មុំ​គឺជា​សត្វល្អិត​ម្យ៉ាង​ដែល​ផលិត​ទឹកឃ្មុំ ក្រៅពី​ឃ្មុំ​គឺ​នៅ​មាន​សត្វល្អិត​ម្យ៉ាង​ទៀត​ដែល​ផលិត​ទឹកឃ្មុំ​ដែរ ហើយ​ខ្មែរ​យើង​និយម​ហៅថា �​ពង្រួ​ត​� វា​មាន​រូបរាង​តូច​ជាង​ឃ្មុំ​ច្រើន ហើយ​វា​ច្រើន​យក​រន្ធ​ឈើ​ប្រហោង​ធំៗ​ធ្វើ​ជា​សំបុក​របស់​វា ខុស​ពី​សត្វ​ឃ្មុំ​ដែល​កកើត​សំបុក​តាម​មែកឈើ ឬ​តាម​អាគារ​លំនៅដ្ឋាន ។​
​នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន​គេ​បាន​ចិញ្ចឹម​ឃ្មុំ​ជា​របៀប​មួយ​ប្លែក​ពី​ធម្មតា គឺ​ធ្វើ​នៅ​ប្រអប់​ឡាំង ក្រដាស ឬ​ឈើ​សម្រាប់​ឲ្យ​ឃ្មុំក​កើត​ជា​សំបុករប​ស់​វា ។ ក្រៅពីនេះ នៅ​តាម​ចំការ​មួយចំនួន​ម្ចាស់​ចំការ​បាន​ចិញ្ចឹម​ឃ្មុំ​នៅក្នុង​ចំការ​របស់​ខ្លួន​ដើម្បី​ទាញយក​ផលប្រយោជន៍ ២ យ៉ាង​គឺ :
​ ​- ទីមួយ : ឲ្យ​ឃ្មុំ​ជួយ​បង្កាត់​លំអង​ញី​ឈ្មោល​របស់​ដំណាំ​ដើម្បី​ឲ្យ​វា​មាន​ផ្លែផ្កា​ច្រើន
​ ​- ទី​ពីរ : គេ​បាន​ទទួល​ទឹកឃ្មុំ​ពី​ឃ្មុំ​ដែល​គេ​បាន​ចិញ្ចឹម​នោះ​
​ ​ក្រៅ​ពី​ប្រយោជន៍​ទាំងពីរ​ខាងលើ​នេះ ឃ្មុំ​អាច​នៅ​ជួយ​កាត់បន្ថយ​បាន​នូវ​ការយាយី​ពី​សំណាក់​សត្វល្អិត​ផ្សេងៗ​ទៀត​ពេល​ដំណាំ​ចេញ​ផ្កា ប៉ុន្តែ​ប្រការ​នេះ​មិនទាន់​មាន​ការអះអាង​ណាមួយ​ឲ្យបាន​ជាក់លាក់​នៅឡើយ​ទេ ។​
​ ​ដោយហេតុ​ថា​តម្លៃ​ទឹកឃ្មុំ​នៅលើ​ទីផ្សារ​មានតម្លៃ​ថ្លៃ ដូចនេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន​មាន​បំណង​ស្វែងយល់​ពី​វិធី​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​នៅ​ពុំទាន់​មាន​ឯកសារ ឬ​សៀវភៅ​ណាមួយ​និយាយ​ពី​វិធី​ចិញ្ចឹម​ឃ្មុំ​នេះ​នៅឡើយ​ទេ ហេតុនេះ​អត្ថបទ​មេរៀន​ស្តីពី​ការចិញ្ចឹម​ឃ្មុំ​នេះ អាច​ជា​ជំនួយស្មារតី​មួយ​សំរាប់​អ្នក​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​ឃ្មុំ ។​
១- ទីតាំង
​ ​ដើម្បី​ឲ្យ​ការចិញ្ចឹម​ឃ្មុំ អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​យើង​ត្រូវ​មាន​ទីតាំង​មួយ​សមស្រប ឆ្ងាយ​ពី​ភូមិឋាន អាច​ជា​ដីចំការ ដី​ទំនេរ​ទុក​ចោល​ដែល​មិន​មាន​ការរំខាន​ពី​មនុស្សម្នា​ផ្សេងៗ ។ នៅលើ​ទីតាំង​ដី​នេះ បើសិនជា​យើង​អាច​ដាំ​បន្ថែម​នូវ​ដើមឈើ​មួយ​ចំនួន​ដែល​សម្បូរណ៍​ផ្កា ដូចជា លឿង​រាជ្យ អង្កា​ញ់ អូយ​ម៉ូយ ឬ​ដើមឈើ​ណា​ដែល​មាន​ផ្កា​ច្រើន ពីព្រោះ​ផ្កាឈើ​ទាំងនោះ​គឺជា​ការទាក់ទាញ​មួយ ហើយក៏​ជា​អ្វី​ដែល​ឃ្មុំ​ត្រូវការ​ផង​ដែរ ។​
​ ​ទីតាំង​ដី​សំរាប់​ចិញ្ចឹម​ឃ្មុំ​នោះ ពុំ​ចាំបាច់​មាន​ទំហំ​ធំ​ពេក​ទេ ប៉ុន្តែ​បើសិនជា​មាន​ទំហំ​ធំ​ក៏​ជា​ការ​ប្រសើរ​ដែរ ។ ទំហំ​ដី​ដែល​យើង​ត្រូវការ​គឺអាច​អាស្រ័យ​ទៅ​លើ​ចំនួន​សំបុក​ឃ្មុំ ដែល​ត្រូវ​ចិញ្ចឹម​និង​ការ​ដែល​យើង​អាច​គ្រប់គ្រង​វា​បាន ។ ក្នុង​ករណី​ខ្លះ ការជ្រើសរើស​ទីតាំង​បាន​ល្អ​ដូចជា នៅក្បែរ​ព្រៃ និង​ក្បែរ​ចំការ​ធំៗ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ដល់​ការចិញ្ចឹម​ឃ្មុំ ឲ្យ​ដំណើរការ​ទៅ​បាន​ល្អ​ប្រើ​សើ​រដែរ ។​
២- ពូជ​ឃ្មុំ​សម្រាប់​យក​មក​ចិញ្ចឹម​
​ ​ឃ្មុំ​មាន​ច្រើន​ពូជ គឺ​ឃ្មុំ​ធំ​ជា​ប្រភេទ​ឃ្មុំ​ដែល​ស្ថិតនៅ​ក្នុង​ព្រៃធំៗ ឃ្មុំ​មួយ​ពួក​ទៀត​ដែល​មាន​មាឌតូច​ជាង​បន្តិចក្រៅពីនេះ​គេ​ឃើញ​មាន​ឃ្មុំ​មួយ​ប្រភេទ​ទៀត​ដែល​យើង​និយម​ហៅ​ថា​ឃ្មុំ​អាចម៍​ឆ្កែ វា​ច្រើន​មាន​ទំហំ​តូចៗ គេ​ច្រើន​ឃើញ​ឃ្មុំ​ប្រភេទ​នេះ​នៅតាម​ព្រៃរបោះ គុម្ព​ត្រែង ឬ​តាម​ទី​វាលទំនាប​លិច​ទឹក​នានា ។​
​ ​ប្រភេទ​ឃ្មុំ​ដែល​យើង​អាច​យក​មក​ចិញ្ចឹម គឺជា​ពពួក​ឃ្មុំ​ដែល​មាន​សំបុក​ខ្នាត​មធ្យម ដែល​ឧស្សាហ៍​បាន​ឃើញ​នៅ​តាម​ដើមឈើ ឬ​ចំការ​ពីព្រោះ​ឃ្មុំ​ប្រភេទ​នេះ​វា​មិនសូវ​បង្ក​គ្រោះថ្នាក់​ដល់​យើង​, មាន​ការងាយស្រួល​ក្នុង​ការគ្រប់គ្រង ម្យ៉ាង​ទៀត​យើង​ងាយស្រួល​រក​ពូជ​ផង ។
៣- ប្រភេទ​ប្រអប់​សម្រាប់​ចិញ្ចឹម​
​ ​ប្រអប់​សំរាប់​ធ្វើជា​សំបុក​ឲ្យ​ឃ្មុំ​ស្នាក់នៅ​គេ​ច្រើន​ធ្វើ​ពី​ឈើ ឬ​ដែក​បន្ទះ​សង្ក័សី​ជា​សំបក​ខាងក្រៅ ប៉ុន្តែ​សម្រាប់​ប្រទេស​យើង​, យើង​មិន​អាច​ធ្វើ​ពី​សង្ក័សី​បានទេ ពីព្រោះ​ប្រទេស​យើង​ក្តៅ ។
៤- ចំណី​របស់​ឃ្មុំ​
​ យើង​ពុំ​ចាំបាច់​ត្រូវ​ដាក់​ចំណី​ឲ្យ​វា​ស៊ី​ដូចជា​ការចិញ្ចឹម​ជ្រូក មាន់ ទា​នោះ​ឡើយ អ្វី​ដែល​យើង​ត្រូវ​ការចាំបាច់​នោះ​គឺ កូន​អាងទឹក​មួយ​មាន​ទឹក​ស្អាត សម្រាប់​ឲ្យ​ឃ្មុំ​ផឹក និង​ចាន​ទឹក​ស្ករ មួយចំនួន​សំរាប់​ទាក់ទាញ​កុំឲ្យ​ឃ្មុំ​នោះ បោះបង់​សំបុក​ចោល​ទៅ​រក​កន្លែង​ថ្មី​ទៀត ។​
៥- ការថែរក្សា​ឃ្មុំ និង​ការត្រួតពិនិត្យ​
​ ​សំបុក​ឃ្មុំ​ទាំងអស់​ត្រូវ​មាន​ការត្រួត​ពិនិត្យ​ជាប់​ជាប្រចាំ យ៉ាងហោច​ណាស់​ឲ្យបាន​ចំនួន ៣ ដង ក្នុង​មួយ​សប្តាហ៍​ដែរ ដើម្បី​ឲ្យដឹង​ពី​ស្ថានភាព​រប​ស់​ឃ្មុំ​នោះ​វា​មាន​សកម្មភាព​យ៉ាង​ណា ។​
៦- សម្ភារៈ​ត្រូវការ​ចាំបាច់​សម្រាប់​ការចិញ្ចឹម​ឃ្មុំ​
​ ​ក្នុងករណី​ដែល​យើង​ត្រូវធ្វើ​វា​ជា​របៀប​អាជីវកម្ម យើង​ប្រហែលជា​ត្រូវ​ទាមទារ​ឲ្យមាន​សំលៀក​បំពាក់​សំរាប់​ការពារ​ខ្លួន​កុំឲ្យ​ឃ្មុំ​ទិច ស្រោមដៃ​ក្រាស និង​ស្បែកជើង ។ ក្រៅពីនេះ​គឺ​មានតែ​ឧបករណ៍​សម្រាប់​កៀប​យក​ទឹកឃ្មុំ ពី​ព្រោះ​ការ​ច្របាច់​ដោយ​ដៃ​ពុំ​អាច​យក​ទឹកឃ្មុំ​ចេញ​អស់​បានទេ ។​
​ ​* ជាបឋម : (​មុន​ចាប់ផ្តើម​ចិញ្ចឹម​) ​មុនពេល​ចាប់ផ្តើម​ចិញ្ចឹម​សូម​ធ្វើ​ប្រអប់​សំបុក​ឃ្មុំ​ឲ្យបាន​តាម​ចំនួន​ដែល​យើង​ត្រូវការ​សិន ចំនួន​សំបុក​ច្រើន​ប៉ុន្មាន​នោះ​គឺ​អាស្រ័យ​ទៅលើ​ធនធាន និង​បំណងប្រាថ្នា ។​ ​ ​ប្រអប់​នីមួយៗ​ត្រូវមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​គំនូរ​ដែល​បាន​ភ្ជាប់​មក​ជាមួយ ។ ឈើ​ក្តារ​ដែល​យើង​យកមកប្រើ​អាច​ជា​ក្តារ​កុំ​ផ្លាកេ​ក៏បាន ជា​បន្ទះក្តារ​ធម្មតា​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត ។​
​ ​* ក្រៅពី​នេះ​យើង​នៅ​ត្រូវការ ក្រមួនឃ្មុំ​មួយចំនួន​សំរាប់​យកមក​ធ្វើ​ជា​ពុម្ព​រន្ធ​សំបុក​ឃ្មុំ ពុម្ព​នេះ​នៅ​ប្រទេស​គេ​មាន​លក់​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ ប៉ុន្តែ​យើង​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​ការ​គូរ ឬ​ធ្វើ​ជា​ពុម្ព​ចាក់ ។​
៧- សំបុក​ឃ្មុំ​
​ ​យើង​នឹង​មាន​ការលំបាក​ក្នុង​ការស្វែងរក​សំបុក​ឃ្មុំ ដើម្បី​យក​ពូជ​មក​ផ្សាំ​បង្កើតជា សំបុក​សិប្ប​និមិត្ត​របស់​យើង ។​ ​ក្រៅពី​ដើររក​ដោយ​ខ្លួនឯង​យើង​អាច​សាកសួរ​អ្នក​ដែល​មាន​ជំនាញ​ខាង​រក​ឃ្មុំ​ឲ្យគេ​រក​មក​ឲ្យ​យើង ឬ​យើង​អាច​ទៅ​ជាមួយ​គេ​ក៏​បាន ។​
៨- វិធី​នៃ​ការនាំយក​ឃ្មុំ​មក​ផ្សាំ​ចិញ្ចឹម​
​ ​- ត្រូវ​មាន​ធុង​ស្អាត​មួយ (​ធុង​ស្ពេ​ត្រូ​)
​ ​- ទឹក​ស្ករ​ចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយ​ទឹក ១ លីត្រ​
​ ​- ប្រដាប់​សម្រាប់​បាញ់​ទឹក​ស្ករ (​សូម​ប្រើ​ធុង​បាញ់ថ្នាំ​) ​ប៉ុន្តែ​ទឹក​ស្ករ​ត្រូវមាន​ចំនួន​ច្រើន​បន្តិច​បើ​ប្រើ​ធុង​បាញ់ថ្នាំ ។​
​ ​- សំណាញ់​ក្រឡា​ញឹក​សំរាប់​គ្របមាត់​ធុង​
​ ​- កៅស៊ូរឹត​សំរាប់​រឹត​សំណាញ់​ភ្ជាប់​មាត់​ធុង​
​ ​- សំលៀក​បំពាក់​ការពារ​ខ្លួន​កុំឲ្យ​ឃ្មុំ​ទិច​
​ ​- ហាម​ប្រើ​ផ្សែងភ្លើង​ជាដាច់ខាត​
​ ​ខណ​:​រកឃើញ​សំបុក​ឃ្មុំ​ហើយ យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​អាច​ព្យួរ​ធុង​ស្ពេ​ត្រូ​ពី​ខាង​ក្រោម​សំបុកឃ្មុំ ដើម្បី​ត្រង​យក​ទឹកឃ្មុំ​បាន ប្រការ​នេះ​ត្រូវ​ធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ក្នុងករណី​ដែល​វា​ស្ថិតនៅ​ក្នុង​ទី​មួយ​ខ្ពស់ ។​
​ ​រក​វិធី​ចង​ធុង​ពីក្រោម​សំបុក​ឲ្យ​ជាប់​ល្អ បន្ទាប់​មក​ចាប់ផ្តើម​បាញ់​ទឹក​ស្ករលើ​សំបុក​ឃ្មុំ​ស្រាលៗ រហូត​សព្វ​ជុំវិញ​សំបុក ។ សត្វ​ឃ្មុំ​ពេល​ត្រូវ​ទឹក​ស្ករ​ស្អិត​វា​ពុំ​អាច​ហើរ​បានឡើយ សត្វ​ឃ្មុំ​នឹង​ធ្លាក់​ចូល​មក​ក្នុង​ធុង ដែល​ដាក់​ត្រង​នៅ​ខាងក្រោម ។ ព្យាយាម​បាញ់​សាចទឹក​ស្ករ​លើ​ឃ្មុំ​រហូត​ឃ្មុំ​លែង​អាច​ហើរ​កើត យើង​អាច​អារកាត់​យក​ទាំង​បង្គងឃ្មុំ ឬ​យក​តែ​ឃ្មុំ​ក៏​បាន ។​
​ ​ឃ្មុំ​ដែល​យើង​យក​បាន​មក​ហើយ ត្រូវ​ប្រញាប់​រួសរាន់​លាយ​ទឹក​ស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែក​ដាក់​ក្នុង​ចាន​រួច​លាប​តាម​បន្ទះ​សំបុក​សិប្ប​និមិត្ត ក្រៅពី​នេះ​ដាក់​ចាន​ល្បាយ​ទឹកឃ្មុំ​នៅត្រង់​មាត់​រន្ធ (​កុំ​ឲ្យ​បិទ​ផ្លូវ​ចេញចូល​របស់រន្ធ​ឲ្យសោះ​) ។​
​ ​ចំពោះ​ឃ្មុំ​ដែល​ប្រមូល​បាន​មក​នោះ​ត្រូវ​ដាក់​ចូល​ទៅក្នុង​សំបុក​សិប្ប​និមិត្ត រួច​បន្សល់​ខ្លះ​ទៀត​ឲ្យ​វា​ចូល​តាម​រន្ធ​ពី​ខាងក្រោម​ប្រអប់​សំបុក បើសិន​ជា​សំណាងល្អ ឃ្មុំ​នឹង​បង្កើត​មេ​មួយ​ថ្មី (​ស្តេច​ញី​) តែបើ​សំណាង​គ្មាន​នោះ​ឃ្មុំ​នឹង​ហើរ​ចេញ​អស់ ឬ​មិន​បង្កើត​មេ​ថ្មី​ឡើយ ។​
​ហេតុ​នេះ​យើង​ត្រូវ​តាមដាន​មើល​រាល់​ថ្ងៃ​ពី​សកម្មភាព​របស់​វា​សូម​កុំ​បារម្ភ​ពី​ទឹក​ស្ករ​ដែល​ស្អិត​ជាប់​លើ​ខ្លួន​វា​មិនយូរប៉ុន្មាន គ្នា​វា​និង​បឺត​ស្រូប​យក​ទឹក​ស្ករ​នោះ​អស់​គ្មាន​សល់​ទេ ។​​ ​ក្នុងករណី​ដែល​ឃ្មុំ​បាន​បញ្ចេញ​មេ​ថ្មី នោះ​មានន័យ​ថា​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ជោគជ័យ​ហើយ ។​
​ខាងលើ​នេះ​គឺ​គ្រាន់តែ​ជា​ការ​សង្ខេប​ចំពោះ​ការចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គ្រា​ដំបូង​ប៉ុណ្ណោះ ។

​ ​ ​ ជីវិត​របស់​សត្វ​ឃ្មុំ​
​ ​អ្វី​ដែល​យើង​គួរ​ដឹង​ជា​បឋម​មុន​ពេល​ចាប់ផ្តើម​ចិញ្ចឹម​ឃ្មុំ​គឺ ជីវិត​រស់នៅ​របស់​សត្វ​ឃ្មុំ ។ សកម្មភាព​របស់​សត្វ​ឃ្មុំ​ដែល​ប្រព្រឹត្តទៅ​ជា​ប្រចាំ​ថ្ងៃ​ទាំងអស់នេះ​គឺជា​ភាព​ចាំបាច់​ណាស់​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​ឃ្មុំ បើ​យើង​មិន​បានដឹង​ពី​សត្វ​នេះ​និង​ជីវិត​ប្រចាំថ្ងៃ​របស់​វា​ទេ នោះ​ការចិញ្ចឹម​ឃ្មុំ​របស់​យើង​ក៏​ពុំ​សូវ​ទទួលបាន​ផល​ដែរ ។​
​ ​ឃ្មុំ​គឺជា​សត្វ​ដែល​រស់នៅ​ជា​ហ្វូង អាច​មាន​ដល់​បី​ម៉ឺន​ទៅ​មួយ​លាន​ក្បាល​ឬ​អាច​ច្រើន​ជាង​នេះ សម្រាប់​ហ្វូង​ឃ្មុំ​ដែល​ធំ ។​ ​ ​ទោះបីជា​យើង​មិន​អាច​យល់​បាន​ទាំងស្រុង​នៃ​សកម្មភាព​របស់​វា​ក៏ពិតមែន ប៉ុន្តែ​យើង​អាច​យល់​បាន​ថា​វា​បាន​ធ្វើ​អ្វីខ្លះ​ហើយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​
១- ពួក​ឃ្មុំ​សកម្ម : (​ពួក​អ្នក​ធ្វើការ​)
​ ​ភាគច្រើន​នៃ​ឃ្មុំ​ក្នុង​សំបុក​គឺ​ពួក​អ្នក​សកម្ម (​អ្នកធ្វើការ​) ពួក​អ្នក​ធ្វើការ​ទាំង​នេះ អាច​មាន​ចំនួន​ជាច្រើន​សែន​ក្បាល ពួក​វា​ធ្វើការ​ដោយ​ពុំ​គិត​ពី​តម្លៃ​របស់​ខ្លួន​វា​ឡើយ គឺ​អ្វីៗ​ដែល​ពួក​វា​ធ្វើ​គឺ​ដើម្បី​តែ​ក្រុម​ហ្វូង​នៃ​សង្គម​របស់​វា​តែប៉ុណ្ណោះ ។ គ្រប់​ឃ្មុំ​នៅក្នុង​សំបុក​ធ្វើ​អ្វីៗ​ដើម្បី​គ្នា​ទៅវិញទៅមក អាចនិយាយបាន​ថា ពួក​វា​គឺជា​ម៉ាស៊ីន​មានជីវិត​ក៏​ថា​បាន ពីព្រោះ​ឃ្មុំ​និមួយៗ​មាន​កិច្ចការ​ត្រូវធ្វើ​រហូត​ដល់​វា​ងាប់ ។​
​ ​ពួក​ឃ្មុំ​ធ្វើការ​ទាំង​នេះ មាន​កិច្ច​ការ​ធ្វើ​ទៅ​តាម​អាយុ​របស់​ពួក​វា ។ ពពួក​ដែល​ទើប​ញាស់​ថ្មី (​ទើប​ពេញ​រូបរាង​) ត្រូវ​ធ្វើការ​នៅ​ក្នុង​សំបុក​ដូចជា ផ្តល់​ចំណី​និង​ថែរក្សា​កូន​ឃ្មុំ​តូចៗ មើលថែរក្សា​ពង ទទួលយក​លំអងផ្កា និង​ទឹកដម​ផ្កា​មក​ថែរក្សា​ទុក ពី​ពួក​ឃ្មុំ​ដែល​ចេញ​ស្វែងរក​ចំណី​នៅក្រៅ​សំបុក ។ ក្រៅ​ពី​កិច្ចការ​ទាំងនេះ ពួក​វា​នៅ​មាន​កិច្ចការ​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​គឺ សំអាត​សំបុក​និង​មើល​ការ​ខុស​ត្រូវ​ជា​ទូទៅ​នៃ​សំបុក ។
​សូមបញ្ជាក់ : ពួក​វា​ធ្វើ​កិច្ចការ​ទាំងនេះ​ក្នុង​ទី​ងងឹតសូន្យ​, ក្នុង​ពេល​យប់​ឬ​ថ្ងៃ ប៉ុន្តែ​គ្មាន​ពន្លឺ​ចូល​ដល់​ខាង​ក្នុងនៃ​សំបុក​ឡើយ ។​
​ ​នៅ​ពេល​ពួក​ឃ្មុំ​ជំទង់ៗ​ទាំង​នេះ​កាន់តែ​មាន​អាយុ​ច្រើន ពួកគេ​នឹង​លែង​ធ្វើការ​នៅ​ផ្នែក​ខាងក្នុង​សំបុក​ហើយ គឺ​ពួកគេ​នឹង​ចេញ​មក​ធ្វើការ​នៅ​ផ្នែក​មាត់​ច្រកចូល​សំបុក​វិញ ។ ពពួក​ឃ្មុំ​ធ្វើការ​ទាំង​នេះ​នៅតែ​បំពេញការងារ​ដូចពេលមុន​ដដែល​គឺ ទទួលយក​ទឹកដម​និង​លំអងផ្កា​ពី​ពពួក​ឃ្មុំ​ដែល​បាន​ចេញ​ស្វែងរក​ពី​ខាងក្រៅ ។ ក្រៅពី​នេះ​ពួកវា​ត្រូវ​យាម​ការពារ​សំបុក និង​លៃ​ធ្វើយ៉ាងណា​ឲ្យមាន​ខ្យល់​ចេញ​ចូល​ក្នុង​សំបុក​បាន ។ នៅពេល​អាយុ​របស់​វា​ចូល​ដល់​សប្តាហ៍​ទី ៣ ពួកវា​នឹង​ចាប់ផ្តើម​រៀន​ហើរ​ក្រឡឹង​ជុំវិញ​សំបុក ដើម្បី​ពង្រឹង​ស្លាប​របស់​វា រួម​ទាំង​រៀន​សំគាល់​ពី​ទីតាំង​របស់​សំបុក​ដែល​ពួក​វា​រស់នៅ ។ បន្ទាប់​ពី​ស្គាល់​ទីតាំង​របស់​សំបុក​ច្បាស់លាស់​ហើយ ពួកវា​នឹង​ហើរ​ចេញ​ក្រៅ​សំបុក​ដើម្បី​ទៅ​ក្រេប​ទឹកដម​ផ្កា​និង​លំអងផ្កា​នៅ​ទី​ឆ្ងាយៗ​រហូត​ដល់​រាប់គីឡូម៉ែត្រ​ពី​សំបុក​ដែល​ពួក​វា​រស់នៅ វា​ហើរ​ស្វែងរក​ផ្កាឈើ​គ្រប់យ៉ាង​ទោះ​នៅទីណា​ក៏​ដោយ​ឲ្យតែ​ពួក​វា​អាច​រកបាន ។​ពួក​វា​ធ្វើ​បែប​នេះ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយ​ថ្ងៃៗ​ពួក​វា​ហើរ​ចុះ​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​រហូតដល់​រាប់ពាន់​ផ្កា​ក្នុង​ថ្ងៃ​តែមួយ ។ គឺ​ពពួក​ឃ្មុំ​នេះហើយ​ដែល​បាន​ជួយ​ធ្វើឲ្យ​ដំណាំ​គ្រប់​យ៉ាង​មាន​ផ្លែផ្កា​សម្រាប់​ចិញ្ចឹម​ដល់​មនុស្ស​យើង ។​
​ ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៃ​ជីវិតចុងក្រោយ​របស់​វា វា​បាន​ហើរ​ស្វែងរក​លំអងផ្កា​និង​ទឹកដម​ផ្កា​រហូតដល់ 6400 គីឡូម៉ែត្រ បន្ទាប់​ពី​ការ​ហើរ​អស់​រយៈពេល​ប៉ុណ្ណឹង ស្លាប​របស់​វា​នឹង​សឹក​រិច​រិល​លែង​អាច​ហើរ​ឆ្ងាយ​បាន​ទៀត ។ វា​នឹង​ហើរ​ចេញពី​សំបុក​នេះ​ក៏​ព្រោះតែ​វា​លែង​មាន​តម្លៃ​សម្រាប់​ហ្វូង​របស់​វា​នឹង​សំបុក​របស់​វា​ទៀត បន្តិច​ក្រោយមក​វា​ក៏​ស្លាប់ទៅ នេះ​គឺជា​ជីវិត​របស់​សត្វ​ឃ្មុំ ។​
២- មេ​ឃ្មុំ​ញី : (​គេ​ហៅ​ឃ្មុំ​ញី​ថា​ជា​ស្តេច​ឃ្មុំ​ញី​)​ ​
​ ​ឃ្មុំ​ញី​មាន​រូបរាង​ខុសពី​ឃ្មុំ​ទាំងពួង​នៅក្នុង​សំបុក វា​មាន​មាឌ​ធំជាងគេ ខ្លួន​វែង​ជាងគេ និង​គ្មាន​សម្បុ​រណ៍​ខ្មៅ​នៅ​ខាងចុង​គូថ​របស់​វា​ឡើយ ។​ ​ ​ឃ្មុំ​ញី​គឺជា​ម៉ាស៊ីន​បង្កើតកូន​យ៉ាង​អស្ចារ្យ ។ ឃ្មុំ​ញី​ត្រូវបាន​ជ្រើសរើស​តាំង​តែ​ពី​ទើប​នៅ​ជា​ពង ឬ​នៅ​ជា​កូន​ដង្កូវ​តូច​នៅឡើយ ។
​ពពួក​ឃ្មុំ​ដែល​រក្សា​សំបុក​បាន​ធ្វើ​ការសង្កេត​ទៅលើ​ពង​និង​ទៅលើ​កូន​ឃ្មុំ​មួយចំនួន ដើម្បី​ជ្រើសរើស​ថា​តើ​ពង​ឬ​កូន​ឃ្មុំ​មួយ​ណា​ដែល​នឹង​ត្រូវ​បំប៉ន​អាហារ​ពិសេស​ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ឃ្មុំ​ញី​សំរាប់​បន្ត​ពូជ​បន្ត ។ ការជ្រើសរើស​រក​ឃ្មុំ​ញី​ថ្មី គឺ​ដោយសា​កត្តា​មួយចំនួន​ដូចជា ឃ្មុំ​ញី​បច្ចុប្បន្ន​ងាប់​ដោយ​ប្រការ​ណាមួយ មិន​មាន​សមត្ថភាព​ផលិត​ពង​បាន​ច្រើន ឬ​ហ្វូង​ឃ្មុំ​ទាំងនេះ​នឹង​បំបែក​ខ្លួន​ទៅ​បង្កើត​សំបុ​កមួយ​ថ្មី​ទៀត អាច​ថា​បណ្តាលមកពី​កត្តា​ផ្សេងៗ​ទៀត​ក៏សឹងមាន ។​
​ ​យើង​អាច​សំគាល់ថា​ជា​ឃ្មុំ​ញី​បាន​ដោយ​រូបរាង​របស់​វា រូបរាង​របស់​ឃ្មុំ​ញី​គឺ មាន​ពណ៌​សម្បុរ​ភ្លាវ​ជាង​ឃ្មុំ​ធម្មតា ពណ៌​បង្កង់​ឆ្នូត​នៅលើ​ពោះ​របស់​វា​មើល​ពុំ​សូវ​ឃើញច្បាស់ កន្លែង​សម្គាល់​មួយទៀត​នោះ​គឺ នៅ​លើ​ផ្នែក​ក្បាល​របស់​វា​មាន​ទី​ទំពែក​មួយ​ត្រង់​ពីក្រោយ​ក្បាល ។​
​ ​ត្រង់​ទី​ឆក​ទំពែក​នេះ​គឺជា​កន្លែង​តែ​មួយ​ដែល​ជើង​ទាំង​ប្រាំមួយ និង​ស្លាប​បួន​របស់​វា​ដុះ​ចេញមក ។ អ្នក​ចិញ្ចឹម​ឃ្មុំ​ភាគច្រើន (​ស្ទើរតែ​ទាំងអស់​) បាន​ចុច​ដៅ​ពណ៌​សំគាល់​ឃ្មុំ​ញី​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​ចំណាំ គេ​អាច​ប្រើ​ទឹក​ថ្នាំលាបក្រចក​ចុច​សំគាល់​ត្រង់​កន្លែង​ឆក​ទំពែក​នោះ ធ្វើ​ដូច្នេះ​គេ​អាច​ដឹងថា​តើ​ឃ្មុំ​ញី​នេះ​មាន​សកម្មភាព​បែប​ណា​, វា​ស្លាប់​ត្រូវ​ជំនួស​ដោយ​មេ​ញី​ថ្មី ឬ​វា​អាច​រស់នៅ​រហូត​ដល់​ទី​បំផុត ។ ការ​គូស​ចុច​ពណ៌​សំគាល់​នេះ​ក៏​ជា​ទង្វើ​មួយ​សំរាប់​អ្នក​ចិញ្ចឹម​ឃ្មុំ​ដែរ ពីព្រោះ​គេ​អាច​ដឹងថា​រយៈពេល​យូរ​ប៉ុន្មាន​ទៅ​ដែល​ឃ្មុំ​ញី​នេះ​អាច​រស់នៅ​បាន ។ គេ​តែង​កត់ត្រា​ទុក​ពណ៌​របស់​វា ថ្ងៃ​វា​ចាប់ផ្តើម​សកម្មភាព ដោយ​គណនា​តាម​លេខ​កូដ​ពី​សំបុ​កមួយ​ទៅ​សំបុក​មួយទៀត បានន័យថា​ឃ្មុំ​ញី​នីមួយៗ​មាន​លេខ​សំគាល់​របស់​វា​ទៅ​តាម​ពណ៌ ដោយ​មាន​សរសេរ​ចុះ​ថ្ងៃ ខែ យ៉ាង​ច្បាស់លាស់ ។​
​ ​ឃ្មុំ​ញី​ជាធម្មតា​ត្រូវបាន​គេ​ផ្តល់​ឲ្យ​វា​នូវ​អាហារ​ពិសេស​ម្យ៉ាង​ហៅថា ហ្គេ្ល​ន​ដូល្លារ ឬ រ៉ូយ៉ាល់​ចែ​ល្លី (Glandular or Royal Jelly) តាំងតែ​ពី​នៅ​ជា​ពង​ឬ​កូន​ឃ្មុំ (​រូប​ជា​ដង្កូវ​) រន្ធ​របស់​ឃ្មុំ​ញី​ត្រូវបាន​បិទ​ការពារ​ដោយ​ពពួក​ឃ្មុំ​ធ្វើការ និង​ត្រូវបាន​ការពារ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​រហូតដល់ ១៦ ថ្ងៃ​ក្រោយមក​ទើប​ឃ្មុំ​ញី​នេះ​ទម្លុះ​មាត់​រន្ធ​ចេញមក​ខាងក្រៅ ហើយ​ក្លាយទៅជា​ស្តេច​ឃ្មុំ​ញី​ដោយ​ស្វ័យប្រវត្តិ ។ បន្ទាប់ពី​បាន​ចេញ​ពី​រន្ធ​មក​រួចហើយ ឃ្មុំ​ញី​នេះ​ពេញ​រូបរាង​អាច​មាន​សមត្ថភាព​ដោយ​គ្នា (​បង្កាត់​ពូជ​) បាន​ក្នុង​រវាង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ ។​
​បី​ថ្ងៃ​បន្ទាប់ពី​ចេញពី​រន្ធ​មក​ឃ្មុំ​ញី​នេះ​នឹង​ហើរ​ចេញពី​សំបុក​ដោយមាន​ណាត់គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ចំនួន​ប្រហែល​ពី ១០ ទៅ ១២ ក្បាល (​ឃ្មុំ​ឈ្មោល​នេះ​ភាសា​អង់គ្លេស​ហៅថា ដ្រូ​ន (DRONE)) វា​បង្កាត់​គ្នា​ជាមួយ​ឃ្មុំ​ឈ្មោល​ទាំង​ចំនួន ១០ ឬ ១២ ក្បាល​នេះ​រួចរាល់​នៅ​ក្នុង​ផ្ទៃ​លំហរ​រួច​ទើប​ហើរ​ចូល​សំបុក​វិញ (​សូមបញ្ជាក់​ថា​វា​បង្កាត់​គ្នា​គឺ​ក្នុងពេល​កំពុង​តែ​ហើរ​នេះ​តែម្តង​) ។​
​ ​តែ​គួរ​អនិច្ចា​ចំពោះ​ឃ្មុំ​ឈ្មោល​ទាំងនោះ បន្ទាប់ពី​បាន​បង្កាត់​រួច​នោះ​ប្រដាប់​បន្ត​ពូជ​របស់​វា​នឹង​ត្រូវ​បណ្តាច់​ចេញពី​ខ្លួន​របស់​វា បន្ទាប់​មក​វា​ក៏​ស្លាប់​ភ្លាម​ដែរ ។ ប្រដាប់បន្តពូជ​នោះ​មាន​ផ្ទុក​ទៅ​ដោយ​មេ​ជីវិត​របស់​ឃ្មុំ​ឈ្មោល​សំរាប់​ការ​បន្ត​ពូជ ។ ឃ្មុំ​ឈ្មោល​ដែល​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​នេះ​ជា​បន្ត​នឹង​ជួយ​រុញ​ប្រដាប់​ពូជ​របស់​ឃ្មុំ​ឈ្មោល​មុន​ឲ្យចូល​ជ្រៅ​ទៅក្នុង​ថែម​ទៀត ហើយ​ការ​នេះ​ចេះ​បន្ត​រហូត​គ្រប់​ចំនួន​ឃ្មុំ​ឈ្មោល​ទាំងអស់​ដែល​ឃ្មុំ​ញី​បាន​ណាត់​ចេញ​ឲ្យទៅ​បង្កាត់​ពូជ ។​
​ឃ្មុំ​ញី​មាន​កន្សោម​បន្ត​ពូជ​យ៉ាង​ពិសេស​ម្យ៉ាង​អាច​រក្សា​មេ​ជីវិត​របស់​ឃ្មុំ​ឈ្មោល​បាន​ជាច្រើន​ឆ្នាំ​ទៅ​មុខ​រហូត​ដល់​ប្រាំ​ឆ្នាំ ឃ្មុំ​ញី​នេះ​ទៀតសោត​អាចបង្កើត​ពង​បាន​ចំនួន​ពី ១៥០០ ទៅ ២៥០០ ពង​ក្នុង​១ ថ្ងៃ រហូត​ដល់​រយៈពេល ៥ ឆ្នាំ​ដែរ ។​
​រាល់ពេល​ដែល​ឃ្មុំ​ញី​រំកិល​ខ្លួន​ពី​ទី​មួយ​ទៅ​ទីមួយ​តែងតែ​មាន​ពពួក​ឃ្មុំ​មួយក្រុម​ហៅថា​អង្គរក្ស (​អាមាត្យ​) នៅ​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ឃ្មុំ​ញី​នេះ​ជា​និច្ច​ដើម្បី​ការពារ​ផ្តល់​ចំណី​និង​ជួយ​រាល់​កិច្ចការ​របស់​ឃ្មុំ​ញី​នោះ មិន​តែ​ប៉ុណ្ណោះ​គឺ​ក្រុម​ឃ្មុំ​អាមាត្យ (​ជំនួយការ​ពិសេស​) ទាំងនេះ​មាន​ភារៈ​មួយទៀត​គឺ​ជួយ​បង្ហើរ​ក្លិន​របស់​ឃ្មុំ​ញី​ទៅកាន់​គ្រប់​ទីកន្លែង​នៃ​សំបុក​ទាំងមូល ដើម្បី​ឲ្យ​ឃ្មុំឯ​ទៀត​បាន​ស្គាល់​និង​បើកផ្លូវ​ឲ្យ​ឃ្មុំ​ញី​នេះ​ផ្លាស់ប្តូ​ទីកន្លែង​បាន​ស្រួល ។ ពួក​ឃ្មុំ​ជំនួយការ​ពិសេស​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​នូវ​កិច្ចការ​របស់​ឃ្មុំ​ញី​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​នៅ​បាន​បបោសអង្អែល​ថ្នាក់ថ្នម​ឃ្មុំ​ញី​នេះ ។ មាន​ពពួក​ឃ្មុំ​ធ្វើការ​មួយចំនួន​តែង​មាន​ប្រាថ្នា​បាន​ប៉ះពាល់​ឃ្មុំ​ញី​នេះ និង​ជួយ​ឃ្មុំ​ញី​ជា​បន្ថែម​ថែមទៀត ដើម្បី​ឲ្យ​ការផលិត​ពង​របស់​ឃ្មុំ​ញី​អាច​ប្រព្រឹត្តទៅ​បាន​ដោយ​គ្មាន​បញ្ហា ។​
៣- ឃ្មុំ​ឈ្មោល​
​ ​ក្នុង​សំបុក​ឃ្មុំ​មួយ​មាន​ឃ្មុំ​ឈ្មោល​ត្រឹមតែ​ប៉ុន្មាន​រយ​ប៉ុណ្ណោះ ។ ពពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំមាន​ប្រយោជន៍​អ្វី​សំខាន់​ចំពោះ​ហ្វូង​ឃ្មុំ​ឡើយ ពួក​វា​គ្មាន​ធ្វើ​អ្វី​ទាំងអស់ ក្រៅតែពី​រង់ចាំ​បង្កាត់​ពូជ​ជាមួយ​ឃ្មុំ​ញី​ក្នុងករណី​ដែល​ឃ្មុំ​ញី​ថ្មី​ត្រូវបាន​បង្កើតឡើង​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ ។ ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​ពុំ​មាន​ទ្រនិច​សំរាប់​ទិច​ទេ ហើយ​រូប​កាយ​របស់​ពួកវា​ក៏​ពុំ​ស្អាត​គ្មាន​អនាម័យ​ល្អ ដោយ​ពួក​វា​ដើរ​ចុះ​ឡើង​ក្នុង​សំបុក​ជាមួយ​លាមក​ជាប់​ខ្លួន ពពួក​ឃ្មុំ​ធ្វើការ​រក្សា​សំបុក​តែងតែ​ជួយ​សំអាត​តាម​ក្រោយ​ពួក​ឃ្មុំ​ឈ្មោល​ទាំងនោះ និង​ធានា​ឲ្យបាន​ថា​សំបុក​ឃ្មុំ​ទាំងមូល​គ្មាន​មេរោគ​ឬអ្វី​អាក្រក់​កើតឡើង​បានឡើយ ។​
​ពួក​ឃ្មុំ​ឈ្មោល​ទាំងនេះ​មាន​រូបរាង​ធំ​ជាង​ពួក​ឃ្មុំ​ដែលជា​អ្នក​ធ្វើការ​រហូត​ពីរ​ដង​មាន​រូប​កាយ​ធាត់​ទ្រលុក មាន​ដុះ​រោម​តាម​ខ្លួន ។ មាន​រឿង​ចម្លែក​មួយ​ដែល​តែងតែ​កើតឡើង​នា​រដូវ​ស្លឹកឈើ​ជ្រុះ​គឺ​ពួក​ឃ្មុំ​ធ្វើកា​រតែង​សម្លឹង​រកមើល​ឃ្មុំ​ឈ្មោល​ណាមួយ​ដែល​ធាត់​ធំ​ជាង​គេ​រួច​នាំគ្នា​ខាំ​ពាំ​ឃ្មុំ​ឈ្មោល​នោះ​ទំលាក់ចោល​ទៅ​ដី ទោះបី​ឃ្មុំ​ឈ្មោល​នោះ​ព្យាយាម​ហើរ​ត្រឡប់មក​ចូល​ក្នុង​សំបុក​វិញ​យ៉ាងណាក៏ដោយ ក៏​ពុំ​អាច​ចូល​វិញ​បាន​ដែរ វា​នឹង​ត្រូវ​រារាំង​ដោយ​ពពួក​ឃ្មុំ​ការពារ​សំបុក​ទប់ស្កាត់​មិន​ឲ្យ​វា​ចូល​មក​វិញ​បាន​ឡើយ ។ បន្ទាប់​ពី​ព្យាយាម​ចូលមក​ក្នុង​សំបុក​វិញ​មិន​បាន​ឃ្មុំ​ឈ្មោល​នេះ​នឹង​ហើរ​ចេញទៅ​រក​សំបុក​ណា​ផ្សេង​រួច​រក​ណាត់​ជួប​ជាមួយ​ឃ្មុំ​ញី​ដើម្បី​បង្កាត់​ពូជ ។​
​ ​ឃ្មុំ​ឈ្មោល​អាច​រស់នៅ​មានជីវិត​បាន​ចំនួន​មួយ​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ពពួក​ឃ្មុំ​ធ្វើការ​មាន​អាយុ​ត្រឹម ៥ សប្តាហ៍ បន្ទាប់​មក​វា​នឹង​ត្រូវ​ស្លាប់ ។​
​ ​ឥឡូវនេះ​យើង​បានដឹង​ពី​សង្គម​ជីវិត​របស់​ហ្វូង​សត្វ​ឃ្មុំ​ហើយ បញ្ហា​សំខាន់​ជាងគេ​បំផុត​សម្រាប់ឲ្យ​ការចិញ្ចឹ​មបាន​ទទួលជោគជ័យ​ល្អ​គឺ​ការសង្កត​តាមដានស​កម្ម​ភាព​រប​ស់ព​ពួក​ឃ្មុំ​ញី ទាំង​សកម្មភាព​នៅក្នុង​និង​ក្រៅ​សំបុក​របស់​វា (​សំបុក​យើង​ធ្វើ​មិន​មែន​សំបុក​ឃ្មុំ​វា​ធ្វើ​ទេ​) ប្រការ​ដែល​យើង​បានដឹង​ពី​សកម្មភាព​របស់​វា​អាច​ជួយ​យើង​ឲ្យ​កាន់តែ​យល់ច្បាស់​ពី​សង្គម​របស់​វា​និង​វិធី​រក្សា​វា សម្រាប់​បន្ត​ពូជ​ទៅមុខទៀត ។​
​ ​គេ​បាន​រកឃើញ​ទឹកឃ្មុំ​ដែល​ដក់​នៅក្នុង​គុជ​ទឹក ហើយ​ត្រូវបាន​គេ​សន្មត់​ថា​វា​មាន​អាយុកាល​ប្រមាណ​ជា ៤៥ លាន​ឆ្នាំ​មកហើយ តាម​ការរកឃើញ​នេះ គេ​អាច​ស្មាន​ដឹងថា ឃ្មុំ​អាច​កើត​មាន​តាំងតែ​ពី ២០០ លាន​ឆ្នាំមុន​ម្ល៉េះ ដូចនេះ​ហ្វូង​ឃ្មុំ​បាន​ជួយ​ឲ្យ​រុក្ខជាតិ​ទាំងឡាយនា​គ្រានោះ​មាន​ផ្លែផ្លា​ហើយ​បន្ត​ធ្វើ​ការងារ​នេះ​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​ទៀត ពួក​វា​គឺជា​អ្នក​ជួយ​ឲ្យ​យើងទាំងអស់គ្នា​រស់រាន​មាន​ជី​វិបាន នោះ​ក៏​ព្រោះតែ​ចំការ​ច្បារ​ដំណាំ ស្រូវ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត​ឲ្យ​ផល​ដល់​យើង​ដែល​កើតឡើង​ពី​សកម្មភាព​របស់​ឃ្មុំ​នេះឯង ។​
​ដូចនេះ​ការជួយ​ចិញ្ចឹម​ឃ្មុំ​គឺជា​វិធី​មួយ​ជួយ​រួមចំណែក​យ៉ាង​សំខាន់​ដល់​វិស័យ​កសិកម្ម ជួយ​បង្កើន​ទិន្នផល ជួយ​បង្កើន​ចំណូល​ដល់​កសិករ និង​ជួយ​រួមចំណែក​ឲ្យ​មនុស្ស​យើង​រស់​បាន​រហូត​មក​ដល់ពេលនេះ បើសិនជា​គ្មាន​ពួក​វា​ទេ​ម្ល៉េះ​សម​យើង​ក៏​នឹង​ពុំ​មាន​ជីវិត​បាន​ដែរ ពីព្រោះ​តែ​ដំណាំ​មិន​អាច​បញ្ចេញ​ផ្លែផ្កា​បាន​គ្រប់គ្រាន់​តាម​សេចក្តីត្រូវការ ។​
​ ​សូម​ឲ្យ​គ្រប់​គ្នា​ចាត់ទុក​ឃ្មុំ​ថា​ជា​អាហារ​របស់​យើង​, ចំនួន​ឃ្មុំ​ច្រើន​កាលណា​ភោគផល​របស់​យើង​ដូច​ជា​ដំណាំ​និង​ឲ្យ​ផល​ច្រើនឡើង​ថែម​ទៀត​ដែរ ហេតុ​នេះ​សូម​នាំគ្នា​ជួយ​ចិញ្ចឹម​ឃ្មុំ​ឲ្យបាន​ច្រើនឡើង ដើម្បី​ជា​ប្រយោជន៍​នៃ​យើងទាំងអស់គ្នា ៕CEN

No comments:

Post a Comment