Tuesday, September 20, 2011

ទីផ្សារ​ក្នុង​តំបន់​ទើប​ជា​និរន្តរភាព​នៃ​ការ​នាំ​ចេញ

ដោយ: Phnom Penh Post.
ភ្នំពេញៈ តួ​លេខ​នាំ​ចេញ​៧​ខែ របស់​​កម្ពុជា កើន​ឡើង​ជាង​៤៦​​ភាគ​រយ​ដល់ ២,៦​៧៧​​ពាន់​លាន​​ដុល្លារ​។ កំណើន​នេះ​ធ្វើ​ឲ្យ​មន្ត្រី​​កម្ពុជា​អះអាង​ថា ​​វិបត្តិ​ហិរញ្ញ​​វត្ថុ​នៅ​អឺរ៉ុប និង​អាមេរិក មិន​ប៉ះ​ពាល់​​ដល់​ការ​នាំ​ចេញ​​របស់​កម្ពុជា​ទេ។

ទោះ​បី​យ៉ាង​នេះ​ក្តី​កម្ពុជា​ត្រូវ​សម្លឹង​ទីផ្សារ​ក្នុង​តំបន់​ឲ្យ​ខ្លាំង ទោះ​បី​បច្ចុប្បន្ន​ទី​ផ្សារ​ទាំង​ពីរ​​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់ ​កម្ពុជា​មាន​​កំណើន​​ក្តី។ ការ​ពង្រឹង​សមត្ថភាព​ទីផ្សារ​ក្នុង​តំបន់​ជា​ជម្រើស​​ដ៏​ល្អ​សម្រាប់​និរន្ត​រភាព​កំណើន​នាំ​ចេញ​របស់​ខ្លួន។

មេរៀន​ ដែល​កម្ពុជា​ធ្លាប់​ទទួល​​បាន​ម្តង​ហើយ​នោះ​គឺ​វិបត្តិ​សេដ្ឋ​កិច្ច​​ឆ្នាំ ​២០០៨ ។ ពេល​នោះ​ការ​នាំ​​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​​ទៅ​អាមេរិក​​បាន​ ធ្លាក់​ចុះ​ដោយ​​សារ​តែ​ទី​នោះ​ជា​ទីផ្សារ​ធំ​របស់​​កម្ពុជា​​។ ការ​បញ្ជា​ទិញ​មួយ​ចំនួន​ធំ​ត្រូវ​ផ្អាក ជា​លទ្ធ​ផល​រោង​ចក្រ​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ​។

គម្រោង​ដែល​អឺរ៉ុប​ផ្តល់​ឲ្យ​កម្ពុជា «អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​​តែ​អាវុធ» បាន​ផ្តល់​ឲ្យ​កម្ពុជា​​នូវ​ការ​លើក​លែង​ពន្ធ​រាល់​​ទំនិញ​ ដែល​​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប ហើយ​ដោយ​សារ​តែ​គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​​ទៅ​ អឺរ៉ុប​មាន​សន្ទុះ​។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​គម្រោង​នេះ​ត្រូវ​​ដក​ចេញ​ កម្ពុជា​ប្រឈម​ការ​ប្រកួត​ប្រជែង​ទាំង​បរិមាណ និង​គុណភាព​។

របាយការណ៍​ពាណិជ្ជ​កម្ម​នាំ​ចេញ​​របស់​កម្ពុជា ​ចេញ​ផ្សាយ​ជា​បន្ត​​បន្ទាប់​នៅ​ឆ្នាំ​នេះ​បង្ហាញ​ពី​​សញ្ញា​វិជ្ជ​មាន​ច្រើន ​ បន្ទាប់​ពី​ពិភព​លោក​បាន​ស្ទុះ​ងើប​ពី​វិបត្តិ​សេដ្ឋកិច្ច​​សកល​។

ការ​នាំ​ចេញ​អង្ករ​ សម្លៀក​បំពាក់​ និង​ទំនិញ​កសិកម្ម ​កើន​ឡើង​ពីមួយ​ត្រី​មាស​ទៅ​មួយ​ត្រី​មាស​។ ​ទីផ្សារ​ធ្វើឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​កំណើន​គឺ ​អឺរ៉ុប និង​អាមេរិក។

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​អឺរ៉ុប និង​អាមេរិក​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះ បាន​កើន​ឡើង​៣២​ភាគ​រយ បើ​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​​ពី​ឆ្នាំ​ទៅ​។ ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​អាមេរិក​ ​កើន​​ឡើង​១៧​ភាគ​រយ ​សរុប​ជា​ទឹក​ប្រាក់​គឺ ​៩៦០​លាន​​ដុល្លារ​ បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​កាល​ឆ្នាំ​មុន​។ ​ចំណែក​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប​កើន​ឡើង​៥៤​ភាគ​រយ ដល់​៥៣២​លាន​​ដុល្លារ​ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចេញ​​ទៅ​​កាន់​ទី​ផ្សារ​ផ្សេង​ៗ​ទៀត ​ដូច​ជា ​កាណាដា ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​កើន​ឡើង​៤៩​ភាគ​រយ ​​ដល់ ​៣៦៦​​លាន​ដុល្លារ​។

ទាំង​នេះ​បង្ហាញ​ថា​អាមេរិក និង​អឺរ៉ុប នៅ​តែ​ជា​ទីផ្សារ​ធំ​សម្រាប់​ទំនិញ​នាំ​មុខ​របស់​កម្ពុជា​។ ប៉ុន្តែ​និន្នាការ​នេះ​​នឹង​នៅ​​យូរ​អង្វែង​​សម្រាប់​កំណើន​នាំ​ចេញ​របស់​ កម្ពុជា​ដែរ​ទេ ខណៈ​ព្យុះ​ហិរញ្ញ​​វត្ថុ​​ចេះ​​តែ​បន្ត​កើត​ឡើង ម្តង​ហើយ​ម្តង​ទៀត​លើ​ប្រទេស​សមាជិក​អឺរ៉ុប និង​អាមេរិក​នោះ​។

វិបត្តិ​ហិរញ្ញវត្ថុ ដែល​កំពុង​រុក​កួន​សមាជិក​អឺរ៉ុប និង​អាមេរិក លើក​នេះ​ទំនង​ជា​បង្ក​ឲ្យ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ធ្ងន់​ធ្ងរ​ជាង​​ កាល​ពី​ឆ្នាំ​២០០៨។

ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​វិបត្តិ​នៅ​​អឺរ៉ុប និង​អាមេរិក នៅ​បន្ត​យូរ​ឆ្នាំ​ទៀត ចង់​មិន​ចង់​ប្រទេស​ទាំង​នោះ​នឹង​ត្បិត​ត្បៀត​ការ​ចំណាយ ហើយ​អាច​នឹង​ធ្វើ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទី​នោះ​ត្រូវ​បាន​កាត់​ បន្ថយ។

សមាជិក​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប លោក Coene Tells L’Echo ​ព្រមាន​ថា អឺរ៉ុប​ទំនង​ជា​ប្រឈម​ភាព​មិន​​ប្រាកដ​ប្រជា​នឹង​សេដ្ឋ​កចិ្ច​របស់​ខ្លួន​ រយៈ​ពេល​យូរ​។ លោក​អះ​អាង​ថា​ភាព​មិន​ប្រាកដ​ប្រជា​នេះ នឹង​ចាប់​ផ្តើម​រយៈ​ពេល​វែង ដោយ​កើត​ឡើង​បន្ត​កន្ទុយ​គ្នា។

ដើម្បី​ចៀសវាង​វិបត្តិ​ដោយ​សារ​តែ​ការ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​​អឺរ៉ុប និង​អាមេរិក កម្ពុជា​កំពុង​តែ​បង្កើន​​កម្លាំង​នៅ​ទី​ផ្សារ​ក្នុង​តំបន់ ព្រោះ​វិបត្តិ​កាល​ពី​ឆ្នាំ ២០០​៨ ​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​មិន​រង្គោះ​រង្គើ​ ឬ​ប៉ះពាល់​ខ្លាំង​ឡើយ តួ​យ៉ាង​ដូច​ជា​ចិន និង​ឥណ្ឌា​ជាដើម ប៉ុន្តែ​សេដ្ឋ​កិច្ច​របស់​​ប្រទេស​ចិន​បែរ​ជា​ងើប​ឡើង​យ៉ាង​លឿន​ទៅ​វិញ​​​។

ម្យ៉ាង​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​នៅ​អាស៊ី ក៏​លឿន​ជាង​នៅ​អាមេរិក និង​អឺរ៉ុប ផង​ដែរ៕


រថយន្ត Subaru Forester ផ្តល់សុវត្ថិភាព និងផាសុកភាពដល់អ្នកប្រើប្រាស់

110325_2a

ដោយ: Phnom Penh Post.

ស៊ូបារូ (Subaru) ប្រហែល​ជា​ពុំ​សូវ​មាន​​ប្រជា​ជន​កម្ពុជា​​ស្គាល់​ច្រើន​ប៉ុន្មាន​ទេ​ប៉ុន្ដែ​ជាក់​ស្ដែង​រថយន្ដ​នេះ​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​លើ​លក្ខខណ្ឌ​ផ្នែក​សុវត្ថិភាព ​ជាមួយ​នឹង​​រចនា​ម៉ូដ​ខាង​ក្នុង​សាមញ្ញ ​និង​​​ផ្នែក​ខាង​ក្រៅ​បែប​ស៊ីមេទ្រី​​។

Forester ស៊េរី​ឆ្នាំ​២០១០​ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ Motor Image Cambodia នូវរថយន្ដ SUV ​​ទ្វា​រ​៤​ ចំណុះ​ម៉ាស៊ីន ២.៥លីត្រ​ ដែល​មាន​វត្ដមាន​នៅ​អគារ​​ពិព័រណ៍​តាំង​ពី​ឆ្នាំ​មុន​ ត្រូវ​បាន​រចនាម៉ូដ​ជាមួយ​នឹង​បច្ចេកវិទ្យា​ម៉ាស៊ីន​ boxer engine និង​ប្រព័ន្ធ​រង្វិល​កង់​ទាំង​៤ (AWD) ​ដែល​អាចជួយ​ទប់​លំនឹង​​​ខាង​ក្រោម​​លើ​ស្ថាន​ភាព​ផ្លូវ​គ្រប់​ប្រភេទ​។ កំពុង​តែ​ចង្អុល​បង្ហាញ​ពី​គំរូសម្ព័ន្ធ​ម៉ាស៊ីន​តូច​ៗរបស់​ម៉ាក​រថយន្ត​ផ្សេងៗ​ លោក​ម៉ៅ វិចិត្រ​ ដែល​​មាន​បទ​ពិសោធ​ជា​អ្នក​ផ្ដល់​​ប្រឹក្សា​ផ្នែក​​​សេវាកម្ម​ បាន​ពន្យល់​ប្រាប់​ថា​៖ «​Boxer Engine បាន​​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ខណៈ​ពេល​កំពុង​បើក​បរ​​លើ​ផ្លូវ​កោង​បត់​ បែន​ ហើយ​ប្រព័ន្ធ​​រង្វិល​កង់​ទាំង​​៤ (AWD) និង​​ប្រព័ន្ធ​គ្រប់​គ្រង​ថាមពល​រថយន្ដ (VDC) បាន​ផ្ដល់​ថាមពល​ដល់​កង់​ទាំង ​៤​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​»។

បុគ្គលិក​មាន​ជំនាញ​បទ​ពិសោធ​ផ្នែក​សេវាកម្ម​រថយន្ដ​ជាង ​១៥ ​ឆ្នាំ​ រូប​នេះ​បាន​ថ្លែង​ថា រថយន្ដ​ Forester ក៏​មាន​មុខ​ងារ​សុវត្ថិភាព​​ជា​ច្រើន​ទៀត​។ ក្នុង​ករណី​បុក​ទង្គិច​ចំ​ពី​មុខ ម៉ាស៊ីន​ផ្នែក​ខាង​ក្រោម​នឹង​រំកិល​ទៅ​ក្រោយ​​ដោយ​មិន​រុញ​បុក​ចង្កូត​ ឬក៏​ធ្វើ​ឲ្យ​អ្នក​បើក​បរ​គ្រោះ​ថ្នាក់​ទេ​។ ក្រៅពី​មាន​ពោង​សុវត្ថិភាព​ដល់​ទី​៨ របារ​ដែក​ដ៏​រឹង​មាំ​ត្រូវ​បាន​បំពាក់​នៅ​​ទ្វារ​ក្រោយ​ទាំង​២​ ដើម្បី​ការ​ពារ​រាល់​ការ​ប៉ះ​ទង្គិច​ផ្នែក​ទាំង​សង​ខាង​ផង​ដែរ​។

ខណៈ​ពេល​ដែល​លោក​​បាន​ណែ​នាំ​អតិថិជន​ឲ្យ​សាក​ល្បង​បើក​បរ​រថយន្ដ Forester ស៊េរី​២០១០​នេះ លោក ​​វិចិត្រ បាន​ថ្លែង​ទាំង​ជំនឿ​ចិត្ដ​មុត​មាំ​ថា​៖ «​ក្រុម​ហ៊ុន​ស៊ូបារូ គឺ​ផ្ដោត​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​ដើម្បី​សុវត្ថិ​ភាព​»។

ជាមួយ​នឹង​បទ​ពិសោធ​ប្រើ​ប្រាស់​រថយន្ត​​​ Forester ​រយៈ​ពេល​៣​ខែ​ ​ លោក ​អៀម វីណា ដែល​ជា​និពន្ធ​នាយក​ទស្សនា​វដ្ដី​រថយន្ដ​ក្នុង​ស្រុក​មួយ បាន​ថ្លែង​ថា រថយន្ដ​នេះ​មាន​មុខ​ងារ​សំខាន់​ច្រើន​យ៉ាង​​ជាង​រថយន្ដ​ដទៃ​។

ដោយ​រៀប​រាប់​បទ​ពិសោធ​បើក​បរ​លើ​ផ្លូវ​រលាក់​រដិប​រដុប និង​ផ្លូវ​រអិល​ទៅ​កាន់​ខេត្ដ​ព្រះវិហារ​ លោក​បាន​និយាយ​ថា៖ «វា​មាន​កម្លាំង​ខ្លាំង​ក្នុងការ​បើក​ឡើង​ផ្លូវ​ចោត​រអិល។ ជាក់​ស្ដែង​ខ្ញុំ​បាន​បើក​វា​ទៅ​ប្រាសាទ​ព្រះវិហារ​ពីរ​លើក ដោយ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៥៣០ គីឡូ​ម៉ែត្រ វា​ស៊ី​ប្រេង​អស់​ប្រមាណ​ជា ៥០ លីត្រ»។ លោក ​វីណា បាន​អធិប្បាយ​ប្រាប់​ទៀត​ថា​៖ «​ស្ថាន​ភាព​ផ្លូវ​កន្លែង​ខ្លះ​មាន​ថ្ម និង​កន្លែង​ខ្លះ​មាន​ក្រាល​កៅស៊ូ និង​ចំណោត​ខ្លាំង រថយន្ត​នេះ​នៅ​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​បរ​មិន​ឃ្លីង​ឃ្លោង ហើយ​ផ្ដល់​សុវត្ថិភាព​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​»។

យោង​តាម​សម្ដី​របស់​លោក ឲ្យ​ដឹង​ថា Subaru ក៏​ទទួល​ពាន​រង្វាន់​មួយ​ចំនួន​ទៀត​​សម្រាប់​ជា​ប្រភេទ​រថយន្ដ​ល្អ​បំផុត​ ក្នុង​ការ​បើក​បរ​លើ​ផ្លូវ​លំបាក​ ហើយ​លោក​​សូម​ឲ្យ​អតិថិជន​សាក​ល្បង​​ដោយ​បើក​បរ​លើ​សណ្ឋាន​ដី​ខ្សាច់​ រដិបរដុប​​នៅ​តំបន់​ការដ្ឋាន​​លើ​កោះ​ពេជ្រ។ បើ​ទោះ​ជា​បិទ​សំឡេង​តន្ដ្រី​ និង​ម៉ាស៊ីន​ត្រជាក់​ក្ដី ក៏​​រថយន្ត​នោះ​បោះពួយ​​ទៅ​មុខ​​​​ ​លើ​ផ្លូវ​ពំនូក​ខ្សាច់​នៅ​កោះ​ពេជ្រ​យ៉ាង​រលូន​​​ដោយ​មិន​បញ្ចេញ​សំឡេង​រ៉ូ​ខ្លាំង​នៃ​ម៉ាស៊ីន។ អ្នក​ណែ​នាំ​ផ្នែក​សេវាកម្ម​រូប​នេះ បាន​បន្ដ​ថា​៖ «​បើ​ទោះ​ជា​កង់​មួយ​ស្ថិត​​លើ​ផ្លូវ​ខ្សាច់​ខណៈ​ពេល​ដែល​កង់​ផ្សេង​ទៀត​លើ​ផ្លូវ​រលោង​ក៏​ដោយ ក៏​ Forester នឹង​អាច​បែង​ចែក​ថាមពល​លើ​កង់​ទាំង​៤​បាន​យ៉ាង​ល្អ​។ ជួនកាល​លោក​អ្នក​ មិន​ទាំង​ដឹង​ខ្លួន​ថា​កំពុង​បើកបរ​លើ​សណ្ឋាន​ផ្លូវ​បែប​ណា​ផង​​»។

Forester មាន​តម្លៃ​៤៥ ០០០​ដុល្លារ ​សម្រាប់​ប្រភេទ​ម៉ាស៊ីន​ចំណុះ​២,០​ លីត្រ​ និងតម្លៃ​៥៣.០០០​ដុល្លារ​សម្រាប់​​ប្រភេទ​ម៉ាស៊ីន​ចំណុះ ២,៥​លីត្រ​។ ប៉ុន្ដែ​លោក វីណា មិន​បាន​យល់​ឃើញ​ថា​ស៊ូបារូមាន​តម្លៃ​ថ្លៃ​ជាង​រថយន្ដ​ផ្សេង​នោះ​ទេ ដោយ​បាន​ថ្លែង​ថា «​តើ​ថ្លៃ​ជាង​ត្រង់​ណា?» ខ្ញុំ​គិត​ថា​ប្រព័ន្ធ​សុវត្ថិភាព​ និង​គុណភាព​របស់​ស៊ូបារូ គឺ​វា​ស័ក្តិ​សម​នឹង​តម្លៃ។ ជាក់​ស្តែង​ថា​ ចំពោះ​​រថយន្ដ​ Forester ២,៥​​XT របស់​ខ្ញុំ​ វា​​មាន​កម្លាំង​ម៉ាស៊ីន ២៣០C​ហើយ​បើ​សិន​ជា​លោក​អ្នក​​ប្រៀប​ធៀប​​តម្លៃ​របស់​រថយន្ដ​នេះ​ទៅ​នឹង​រថយន្ដ​​ផ្សេង​ៗ​ទៀត​ ជា​ការ​ពិត​វា​មាន​តម្លៃ​ថោក​ជាង​។

ចំពោះ​អ្នក​ដែល​ចូល​ចិត្ដ​រថយន្ត​ប្រើ​ដោយ​ប្រព័ន្ធ symmatricy All-wheel drive ជាមួយ​នឹង​​បំពង់​សឺម៉ាំង​ពីរ​ព្រម​ទាំង​មាន​វិទ្យុ Ipod និង​ទូរទស្សន៍​DVD ឧបករណ៍​បំពង​សំឡេង​ចំនួន ៤ លម្អ​ដោយ​ភ្លើង​ជុំ​វិញ។

ចំពោះ​មូល​ហេតុ​នេះ លោក​វីណា បាន​សម្រេច​ចិត្ដ​ទិញ​​ស៊ូបារូ​បើ​ទោះ​ជា​វា​ជា​ប្រភេទ​រថយន្ដ​ស៊េរី​សម្រាប់​កម្ពុជា​ក៏​ដោយ​។ លោក​ក៏​បាន​ណែនាំ​ដល់​អតិថិជន​ផ្សេង​ទៀត​ថា៖ «​យើង​គួរ​តែ​ជ្រើស​រើស​ប្រភេទ​ឡាន​ដែល​បំពាក់​ដោយ​ប្រព័ន្ធ All-wheel Drive ដូច ប្រភេទ​ឡាន Subaru ដែល​មាន​មុន​គេ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា»។

ធ្វើ​ជា​កម្ម​សិទ្ធិ​រថយន្ដ​ស៊េរី​ថ្មី​នេះ​ជា​មួយ​នឹង​ការ​ធានា​រ៉ាប់​រង​លើ​ការ​បើក​បរ​រយៈ​ពេល ៣ ឆ្នាំ ឬស្មើ​នឹង​ចម្ងាយ​ផ្លូវ ៦០០០០ គីឡូ​ម៉ែត្រ ហើយ​អតិថិជន​អាច​ទទួល​​ផលិត​ផល​ដ៏​ល្អ​ជាមួយ​នឹង​ស្ដង់​ដារ​​ Motor Image Academy ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​​ឧស្សាហ​កម្ម​ធុនធ្ងន់​ហ៊្វូជី (FHI គឺជា​រោង​ចក្រ​​ផលិត​រថយន្ដ​ស៊ូបារូ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ជប៉ុន​) ជា​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​​ស៊ូបារុ​ជា​ផ្លូវ​ការ​សម្រាប់​តំបន់​ ដែល​រួម​ទាំង​នៅ​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហុង​កុង ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និង​ចិន​។ មជ្ឈមណ្ឌល​ស៊ូបារូ នៅ​ក្នុង​សង្កាត់​ Toa Payoh គឺជា​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ ដែល​បច្ចុប្បន្ន​ស្គាល់​ជា​ ​ Motor Image Subaru Academy Training Center និង​មាន​បុគ្គលិក​ផ្នែក​បច្ចេក​ទេស​​សេវាកម្ម​និង​ទី​ផ្សារ​របស់​ស៊ូបារូ ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ដែល​ស្រប​តាម «​ស្ដង់​ដារ​បណ្ដុះ​បណ្ដាល​ស៊ូបារូ» ​រៀប​ចំឡើង​ដោយ FHI៕​HR

ពានព្រះស្រី
















សាដៀវឧបករណ៏ភ្លេងមួយដែលចាស់