ដំណាក់កាលទីមួយ គឺសម័យបុរេប្រវត្តិសាស្ត្រ ពោលគឺមុនឥណ្ឌូនិយម ។
ដំណាក់ទី២ គឺសម័យទំព័រប្រវត្តិសាស្ត្រកម្ពុជា ត្រូវផ្លាស់ប្តូរទម្រង់ថ្មី ក្នុងពេលដែលជនជាតិខ្មែរ គោរពសាសនាក្លិង្គ ។ ក្នុងសម័យនេះ ជំនឿលើលិង្គដែលជាវត្ថុតំណាង ឬជានិមិត្តរូបនៃឥទ្ធិពលមនុស្ស ឬដូនតាត្រូវបានទទួលនូវអត្ថន័យថ្មីក្រោមរូបភាពព្រះសិវលិង្គ ឬលិង្គព្រះវិស្ណុ ។
សិវលិង្គ និង យោនី បុរេអង្គរ ខេត្តបច្ចឹមបុរី (ឯកសារនាយកដ្ឋានសិល្បៈថៃ), លិង្គបុរេអង្គរ នៅសារមន្ទីជាតិភ្នំពេញ និង លិង្គនៅសម័យអង្គរ នៅសារមន្ទីរហ្គីមេ (ថត ១៩៨៥ និង ១៩៩២)
ដំណាក់ ទី៣ គឺសម័យអង្គរ ជាសម័យរីកចម្រើន ។ ដូចដំណាក់ទី២ ដែរគឺសម័យនេះហើយដែលគេឃើញនូវការដុះដាលចំនួនប្រាង្គប្រាសាទឥដ្ឋ ឬថ្មជាច្រើនឥតគណនា ដើម្បីតម្កល់ព្រះលិង្គ ដើម្បីទុកជាទីសក្ការៈបូជា ។
បើនិយាយម្យ៉ាងទៀត ការបូជាព្រះសិវលិង្គនេះហើយ ជាមូលហេតុនៃការដុះដាលនៃស្ថាបត្យកម្មក្នុងទឹកដីខ្មែរ ។
ដំណាក់ទី៤ គឺសម័យបច្ចុប្បន្ន ដែលជំនឿព្រះសិវលិង្គ (លិង្គរបស់ព្រះសិវ ឬ ឥសូរ) ត្រូវបានគេបំភ្លេចចោលចាប់តាំងពីសតវត្សរ៍ទី១៤ នៃគ្រិស្តសករាជ ដោយហេតុថា ព្រះពុទ្ធសាសនាហីនយាន ឬ ថេរវាទ បានក្លាយជាសាសនារដ្ឋក្នុងព្រះរាជណាចក្រកម្ពុជា ។ គឺការផ្លាស់ប្តូរសាសនាកន្លងទៅនេះហើយ បានបង្ហាញឲ្យគេឃើញថា ជនជាតិខ្មែរឈប់បានសាងសង់ប្រាសាទថ្ម ឬ ឥដ្ឋទៀតហើយ ដោយការបូជាលិង្គឈប់រីកសុសសាយដូចសម័យដែលខ្មែរគោរពព្រហ្មញ្ញសាសនា ។
ក៏ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ផ្អែកទៅលើមូលដ្ឋានវប្បធម៌ខ្មែរខាងលើនេះអាចឲ្យគេដឹងថា ជំនឿលើលិង្គដែលជាប្រពៃណីរបស់ខ្មែរ សុទ្ធសាធ នៅបន្តជារៀងរហូតដល់សព្វថ្ងៃ សមស្របតាមវប្បបូជាលិង្គ បង្កប់ដោយអត្ថន័យដ៏ធំទូលាយ និងដ៏ជ្រាលជ្រៅបំផុត ។ កាលវិភាគទេវកថា ប្រពៃណីនីមួយៗបដិមាសាស្ត្រ អាចធ្វើឲ្យយើងឃើញទស្សនៈរបស់ជនជាតិខ្មែរបុរាណនៅគ្រប់លំដាប់ថ្នាក់ នៃសង្គមចំពោះសិវលិង្គ ។
ពិតមែនតែលិង្គដែលខ្មែរសម័យមុនអង្គរនិងអង្គរ គោរពបូជាជានិមិត្តរូបនៃព្រះសិវៈ ប៉ុន្តែក្នុងទស្សនវិជ្ជាបុរាណ លិង្គគឺជាវត្ថុតំណាងនូវរបបរាជាធិបតេយ្យរបស់ជនជាតិខ្មែរទាំងមូល ។
ដូច្នេះហើយបានជាយើងបានឃើញតាមរយៈសិលាចារឹកនូវការគោរព សក្ការៈចំពោះព្រះសិវៈលិង្គ ក្រោមរូបភាព និងឈ្មោះផ្សេងៗ ដូចជាការឧទ្ទិសបូជនិយដ្ឋាន និងការថ្វាយតង្វាយជាដើម ។
ទេវតាសំខាន់ជាងគេបំផុតដែលខ្មែរគោរពបូជានាសម័យមុន ការសាងសង់ប្រាសាទអង្គរវត្ត គឺព្រះសិវលិង្គនេះឯង ។ ក្នុងឱកាសធ្វើពិធីឆ្លងប្រាសាទ ដើម្បីបង្រួបបង្រួមជាតិ និងដើម្បីឧទ្ទិសដល់ព្រះសិវលិង្គផង ព្រះរាជាខ្មែររមែងប្រើពាក្យ គម្តែង/ជគត/ត/រាជ្យ ។ ពាក្យនេះមានន័យថា ’ទេវតាប្រចាំរាជវង្សខ្មែរ ហើយសំដៅទៅព្រះសិវលិង្គនេះឯង ដែលស្ថិត នៅចំកណ្តាលព្រះរាជនគរ ។
ចំពោះខ្មែរ លិង្គគឺមិនគ្រាន់តែរបស់ភេទប្រុសផ្តល់នូវភាពស្រណុកស្រួលក្នុងការ រួមរក្សជាមួយភេទស្រីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាប្រដាប់សម្រាប់បន្តពូជវង្សត្រកូលថែមទៀតផង ។ សារសំខាន់របស់ទស្សនៈនេះ គឺស្ថិតនៅលើការតពូជពង្សវង្សត្រកូស ពោលគឺខ្មែរគោរពថ្វាយបង្គំព្រះសិវលិង្គ ក៏ដោយសារមូលហេតុចម្បងនេះដែរ ។ មួយវិញទៀត ភាពរឹងមាំ ភាពអមតៈរបស់ព្រះលិង្គ ក៏ត្រូវមនុស្សខ្មែរប្រៀបផ្ទឹម ឬប្រដូចនឹងថ្មដែរ ។ ហេតុដូច្នេះហើយ បានជាគេស្ថាបនាលិង្គថ្មសម្រាប់ជាសញ្ញានិមិត្តទុកជាទីសក្ការៈបូជា ។
គេនៅចងចាំថា នាដើមសតវត្សរ៍ទី២០មុននេះ ស្ត្រីខ្មែរជាអ្នកស្រែចម្ការនៅខេត្តកំពត ជានិច្ចកាលបានឡើងភ្នំ ឬចូលក្នុងរូងភ្នំ ទោះបីហត់នឿយយ៉ាងណាក៏ដោយ ដើម្បីបន់ស្រន់សិវលិង្គ ដោយប្រាថ្នាចង់បានកូន ។ នេះជាតម្រូវការសម្រាប់ប្រជាជនខ្មែរធម្មតា និងតម្រូវការរបស់មនុស្សខ្មែរទូទៅផង ។ ខ្មែរបានបូជាលិង្គ ក៏ព្រោះតែមូលហេតុខាងលើនេះ ។ រួមសេចក្តីមកលិង្គ គឺជាប្រភពនៃជីវិត ហើយក្នុងករណីនេះហើយ ដែលជនជាតិខ្មែរបុរាណគោរពបូជា ៕ (ម.ត្រាណេ)
សិវលិង្គ និង យោនី បុរេអង្គរ ខេត្តបច្ចឹមបុរី (ឯកសារនាយកដ្ឋានសិល្បៈថៃ), លិង្គបុរេអង្គរ នៅសារមន្ទីជាតិភ្នំពេញ និង លិង្គនៅសម័យអង្គរ នៅសារមន្ទីរហ្គីមេ (ថត ១៩៨៥ និង ១៩៩២)
No comments:
Post a Comment