ការទន្ទ្រានទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពីសំណាក់ប្រទេសជិតខាង ជាពិសេសថៃ ឬ សៀម ត្រូវបានអនុវត្តឡើងជាច្រើនដំណាក់កាល ចាប់តាំងពីសម័យឧត្តុង្គមក ។ ដូច្នេះហើយ នៅដើមស.ត ទី ១៩ បន្តិចម្តងៗអានុភាពរបស់ខ្មែរចេះតែខ្សោយទៅៗជាលំដាប់ ជា ហេតុនាំឲ្យបរទេសបានកាន់អំណាចក្នុងប្រទេសខ្មែរតែម្តង ។ ដោយសារតែមូលហេតុនេះហើយទើប ព្រះបាទអង្គឌួងបានស្វែងរកជំនួយពី បារាំង ដើម្បីថែរក្សាបូរណភាពទឹកដីខ្មែរ កុំឲ្យបាត់បង់តទៅទៀត ។
សូមជម្រាបថាការតាំងអាណានិគមបារាំងមកលើកម្ពុជាធ្វើឡើងដោយពីរដំណាក់កាល ។ ទីមួយកាន់កាប់ត្រួតត្រាកម្ពុជាក្រោម និង ទីពីរត្រួតត្រាព្រះរាជាណាចក្រកម្ពុជា ។ ក្នុងដំណាក់កាលទីពីរនេះ គឺធ្វើឡើងដោយមានសំណូមពរពីព្រះមហាក្សត្រខ្មែរ ដែលចង់គេចផុតពី អាណាព្យាបាលសៀម និង យួន ។
ដូច្នេះការដែលបារាំងយល់ព្រមតាមសំណូមពររបស់ស្តេចខ្មែរ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែសមស្របតាមមនោគមន៍វិជ្ជា ចក្រពត្តិនិយមនាសម័យនោះ ដែលចង់ត្រួតត្រាឥណ្ឌូចិនទាំងមូល ។
ពិធីអភិសេកព្រះបាទនរោត្តមនៅថ្ងៃទី ២០ ខែ សីហា ១៨៦៤ ដោយមានតំណាងអាជ្ញាធរបារាំង ស្រោចទឹកមន្តនៅព្រះសិរសា និងរូបថត ព្រះបាទស៊ីសុវត្ថ និងព្រះអង្គម្ចាស់មុនីវង្ស ថតនៅឆ្នាំ ១៩០៦
មុនការតាំងអាណានិគមបារាំងមកលើកម្ពុជា ព្រះរាជាណាចក្រខ្មែរបានស្ថិតនៅក្នុងភាពទន់ខ្សោយបំផុត ។ ចម្បាំងផ្ទៃក្នុង ដណ្តើមរាជបល្ល័ង្ក និងវាតទីនិយមរបស់សៀម និង យួន បានធ្វើឲ្យប្រទេសខ្មែរបាត់បង់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួននៅឆ្នាំ ១៨០៦ ជាសក្ខីភាពស្រាប់ ពីព្រោះព្រះបាទអង្គច័ន្ទ (ព្រឹត្តិការណ៍ ១៧៩៦-១៨៣៤) ត្រូវបានបំពេញពិធីអភិសេកនៅទីក្រុងបាងកក រៀបចំឡើងដោយព្រះរាជាសៀម ហើយនៅពេលដែលយាងមករាជធានីភ្លាម មហាក្សត្រខ្មែរអង្គនេះ ក៏បានផ្ញើដំរី ក្រមួន ក្រវ៉ាញ និងភ្លុកជាសួយសារអាករថ្វាយស្តេចក្រុងអាណ្ណាម ។
ការដណ្តើមរាជបល្ល័ង្ក បានធ្វើឲ្យស្តេចខ្មែរម្តងរត់ទៅពឹងទ័ពសៀម ម្តងរត់ទៅពឹងទ័ពយួន ដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងប្រទេស បានបង្ហាញឲ្យឃើញថា ខ្មែរបានបាត់បង់នូវឯករាជភាពរបស់ខ្លួន ។
ព្រះបាទអង្គឌួង ជាព្រះបិតារបស់ព្រះបាទនរោត្តម (១៨៦០-១៩០៤) ដែលឡើងសោយរាជ្យនៅចុងឆ្នាំ ១៨៤៧ ត្រូវអភិសេកធ្វើឡើងដោយមានអាណាព្យាបាលតំណាងចក្រភពអាណ្ណាម និងសៀមចូលរួម ។ ប្រទេសទាំង២នេះ បានគ្រប់គ្រងនិងកាន់កាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយនៅតាមអាណាខេត្តនានា ចៅហ្វាយខេត្តជាច្រើនស្ថិតក្នុងភាពភ័យខ្លាច ដោយគ្មានជំនួយពីរដ្ឋបាលភ្នំពេញនាជំនាន់នោះ បានលះបង់ខេត្តជាច្រើននៅភាគខាងជើងនិងខាងត្បូង ដោយកងទ័ពយួនជាច្រើន ។
ដូច្នេះក្រោយពីព្រះបាទអង្គឌួងបានឡើងសោយរាជ្យសម្បត្តិបានត្រឹម៧ឆ្នាំ ស្ថានភាពប្រទេសកម្ពុជាកាន់តែដុនដាប ហេតុនេះហើយបានជាព្រះអង្គបានសម្រេចព្រះទ័យចរចាជាមួយលោកកុងស៊ុលបារាំងនៅសិង្ហបុរី ដើម្បីសុំជំនួយពីប្រទេសបារាំង ។
ការចរចានេះ បាននាំមកនូវការតាំងអាណានិគមរបស់បារាំងនៅថ្ងៃទី ១១ សីហា ១៨៦៣ ទៅលើកម្ពុជាដោយមានលោកសេនាប្រមុខបារាំងឈ្មោះដឺឡា ហ្គ្រាំងឌ័រយ៉ែ ជាទេសាភិបាលនៃកូសាំងស៊ីនកម្ពុជាក្រោម ដែលជាអ្នកតំណាងប្រទេសបារាំង ។
ថ្វីត្បិតតែអាណាព្យាបាលបារាំងមកលើកម្ពុជា ជាលទ្ធផលដ៏ល្អប្រពៃចៀសផុតពីភាពសាបសូន្យបូរណភាពទឹកដី ដូចនគរចម្ប៉ា ប៉ុន្តែរដ្ឋាភិបាលបារាំងពុំមែនធ្វើឡើងដោយសុទ្ធចិត្តប៉ុន្មាននោះទេ ។ ខាងក្រោមនេះ គឺជាឯកសារបង្ហាញភស្តុតាង ដើម្បីបញ្ជាក់ថា អ្វីដែលធ្វើឲ្យបារាំងសម្រេចចិត្តត្រួតត្រាប្រទេសកម្ពុជា ។
* បុព្វហេតុនៃអាណានិគម : ពីដើមសតវត្សរ៍ទី ១៦ រហូតដល់សតវត្សរ៍ទី ១៩ នៃគ្រិសត្តសករាជ មហាអំណាចអឺរ៉ុបជាច្រើន និងជាប្រទេសឧស្សាហកម្មបានតាំងអាណានិគមទៅលើប្រទេសអាហ្វ្រិក និងអាស៊ីមួយចំនួនធំ ហើយមូលហេតុនៃការត្រួតត្រាទៅលើប្រទេសទន់ខ្សោយទាំងនោះ គឺបណ្តាលមកពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ ។
ប្រទេសអឺរ៉ុបទាំងនោះមាន: ព័រទុយហ្កាល់ អេស្បាញ ហុល្លង់ និងជប៉ុនជាដើម ត្រូវការនូវធនធានធម្មជាតិរបស់ប្រទេសដទៃដូចជារ៉ែ ឈើ ភ្លុក និងគ្រឿងទេស ។ល។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសរបស់គេ ។
គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសអឺរ៉ុបទាំងនោះ គេឃើញមានប្រទេសបារាំងសែសដែរ ក៏ប៉ុន្តែវត្តមានរបស់គេនៅក្នុងទ្វីបឥណ្ឌូចិន បានចាប់ផ្តើមយឺតយ៉ាវជាងគេ គឺនៅសតវត្សរ៍ទី ១៧ និងទី ១៨ នៅចិន វៀតណាមខាងជើង (តុងកឹង) និងអាណ្ណាម (កណ្តាល) និងកម្ពុជាក្រោម ដែលយួនទើបតែកាន់កាប់ថ្មីៗនេះនៅឡើយ ។
សតវត្សរ៍ទី ១៩ នៃគ្រិស្តសករាជ ឥទ្ធិពលរបស់មហាអំណាចបារាំងមានភាពទន់ខ្សោយបើប្រៀបធៀបនឹងចក្រភពអង់គ្លេស ដែលជាគូបដិបក្ខ ហើយដែលទើបតែកាន់កាប់ត្រួតត្រាបានប្រទេសឥណ្ឌាដោយជោគជ័យជាស្ថាពរ ។ ក្នុងករណីនេះហើយ ដែលរដ្ឋាភិបាលបារាំងបានរៀបចំយុទ្ធសាស្ត្រថ្មី គម្រោងការថ្មី ដើម្បីលុបលាងនូវបរាជ័យ ហើយលើកមុខលើកមាត់ កេរ្តិ៍ឈ្មោះរបស់ប្រទេសខ្លួនឡើងវិញ តាមរយៈការផ្សព្វផ្សាយគ្រិស្តសាសនា និងអារ្យធម៌ ។ ទន្ទឹមនឹងនេះពួកអ្នកស្រាវជ្រាវ ក៏បានចាប់ផ្តើមសិក្សាពីសង្គមខ្មែរ ពោលគឺអារ្យធម៌វប្បធម៌ខ្មែរ ដើម្បីងាយនឹងត្រួតត្រាគ្រប់គ្រង ។
ទស្សនៈនយោបាយ និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបារាំងនាជំនាន់នោះ បានកត់ត្រាក្នុងឯកសារប្រវត្តិសាស្ត្រមួយគឺ ‹ការត្រិះរិះពិចារណានយោបាយ និងសម្ងាត់› នៅចុងរជ្ជកាលរបស់ព្រះបាទលូអ៊ី១៥ (LOUIS XV) ។ ក្នុងកំណត់ហេតុនោះ គេឃើញមានការពណ៌នាអំពីការបង្កើតឡើងនូវគណៈកម្មាធិការមួយ ដែលក្នុងនោះ គេបានលើកជាសំនួរដោយសម្គាល់ថា ប្រទេសបារាំងអាចនឹងមានមធ្យោបាយដែរឬទេ ដើម្បីបោះទីតាំងនៅក្នុងភូមិភាគអាស៊ីយើងនេះ ដើម្បីកុំឲ្យផលប្រយោជន៍បះទៅលើជញ្ជីងអង់គ្លេស តែម្នាក់ឯងពេក ។
ឯកសារនេះ ក៏បានសន្និដ្ឋានដូចតទៅថា: រហូតដល់ពេលនេះ នៅតែកម្ពុជាក្រោមទេ ដែលប្រហែលជាប្រទេសអង់គ្លេសពុំទាន់យកចិត្តទុកដាក់ចាប់អារម្មណ៍នៅឡើយ ក៏ប៉ុន្តែយើងអាចនឹងសប្បាយចិត្តបានដែរឬទេ កាលបើពួកគេនឹងចាប់អារម្មណ៍ចំពោះទឹកដីនេះ ? បើយើងនឹងមិនសម្រេចចិត្តថា កាន់កាប់ឲ្យបានមុនយើងនឹងមិនបាត់បង់វារហូតឡើយ ។
សូមរំលឹកដែរថា ទ័ពបារាំងបានកាន់កាប់បានទាំងស្រុងដែនដីកម្ពុជាក្រោមនៅឆ្នាំ ១៨៦៧ ក្រោយពីបានច្បាំងឈ្នះកងទ័ពយួន ដែលបានដណ្តើមតំបន់វាលទំនាបនៃទន្លេមេគង្គកម្ពុជាក្រោមខាងលើនេះ ពីប្រទេសកម្ពុជានៅសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជ ។
នយោបាយអាណានិគមបារាំងត្រូវបានបន្តដោយពង្រឹងរហូតដល់ឆ្នាំ ១៩៦៣ ដែលជាឆ្នាំដែលបារាំងបានទទួលជោគជ័យដ៏ធំធេង ពីព្រះមហាក្សត្រខ្មែរបានសព្វព្រះរាជហឫទ័យ ដែលឲ្យព្រះរាជាណាចក្រកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំងសែស ៕ (ម.ត្រាណេ)
No comments:
Post a Comment