Thursday, October 20, 2011

បុព្វហេតុ​នៃ​អាណានិគម​បារាំ​ងមកលើ​កម្ពុជា​


ដោយ​CEN
​ការទន្ទ្រាន​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​សំណាក់​ប្រទេសជិតខាង ជាពិសេស​ថៃ ឬ សៀម ត្រូវបាន​អនុវត្ត​ឡើងជា​ច្រើន​ដំណាក់កាល ចាប់តាំងពី​សម័យ​ឧ​ត្តុ​ង្គ​មក ។ ដូច្នេះហើយ នៅ​ដើម​ស​.​ត ទី ១៩ បន្តិច​ម្តងៗ​អានុភាព​របស់​ខ្មែរ​ចេះតែ​ខ្សោយ​ទៅៗ​ជា​លំដាប់ ជា ហេតុ​នាំ​ឲ្យ​បរទេស​បាន​កាន់អំណាច​ក្នុងប្រទេស​ខ្មែរ​តែម្តង ។ ដោយសារតែ​មូលហេតុ​នេះហើយ​ទើប ព្រះបាទ​អង្គឌួង​បាន​ស្វែងរក​ជំនួយ​ពី បារាំង ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី​ខ្មែរ កុំ​ឲ្យ​បាត់បង់​តទៅទៀត ។​
​ ​សូមជម្រាបថា​ការតាំង​អាណានិគម​បារាំង​មកលើ​កម្ពុជា​ធ្វើឡើង​ដោយ​ពីរ​ដំណាក់កាល ។ ទីមួយ​កាន់កាប់​ត្រួតត្រា​កម្ពុជា​ក្រោម និង ទី​ពីរ​ត្រួតត្រា​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងដំណាក់កាល​ទី​ពីរ​នេះ គឺធ្វើឡើង​ដោយមាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ខ្មែរ ដែល​ចង់​គេច​ផុតពី អាណាព្យាបាល​សៀម និង យួន ។​
​ដូច្នេះ​ការដែល​បារាំង​យល់ព្រម​តាម​សំណូមពរ​របស់​ស្តេច​ខ្មែរ ពុំមែន​ជាការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​សមស្រប​តាម​មនោគមន៍វិជ្ជា ចក្រពត្តិនិយម​នា​សម័យ​នោះ ដែល​ចង់​ត្រួតត្រា​ឥណ្ឌូចិន​ទាំងមូល ។​

ពិធី​អភិសេក​ព្រះបាទ​នរោត្តម​នៅ​ថ្ងៃទី ២០ ខែ សីហា ១៨៦៤ ដោយមាន​តំណាង​អាជ្ញាធរ​បារាំង ស្រោច​ទឹកមន្ត​នៅ​ព្រះ​សិរសា និង​រូបថត ព្រះបាទ​ស៊ី​សុ​វត្ថ និង​ព្រះអង្គម្ចាស់​មុនី​វង្ស ថត​នៅ​ឆ្នាំ ១៩០៦​

​ ​មុន​ការតាំង​អាណានិគម​បារាំង​មកលើ​កម្ពុជា ព្រះរាជាណាចក្រ​ខ្មែរ​បាន​ស្ថិតនៅក្នុង​ភាពទន់ខ្សោយ​បំផុត ។ ចម្បាំង​ផ្ទៃក្នុង ដណ្តើម​រាជបល្ល័ង្ក និង​វាតទី​និយម​របស់​សៀម និង យួន បានធ្វើ​ឲ្យ​ប្រទេស​ខ្មែរ​បាត់បង់​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​នៅ​ឆ្នាំ ១៨០៦ ជា​សក្ខីភាព​ស្រាប់ ពីព្រោះ​ព្រះបាទ​អង្គ​ច័ន្ទ (​ព្រឹត្តិការណ៍ ១៧៩៦-១៨៣៤) ត្រូវបាន​បំពេញ​ពិធី​អភិសេក​នៅ​ទីក្រុង​បាងកក រៀបចំឡើង​ដោយ​ព្រះរាជា​សៀម ហើយ​នៅពេលដែល​យាង​មក​រាជធានី​ភ្លាម មហាក្សត្រ​ខ្មែរ​អង្គ​នេះ ក៏បាន​ផ្ញើ​ដំរី ក្រមួន ក្រវ៉ា​ញ និង​ភ្លុក​ជា​សួយសារអាករ​ថ្វាយ​ស្តេច​ក្រុង​អាណ្ណា​ម ។​
​ ​ការដណ្តើម​រាជបល្ល័ង្ក បានធ្វើ​ឲ្យ​ស្តេច​ខ្មែរ​ម្តងរ​ត់ទៅ​ពឹង​ទ័ព​សៀម ម្តងរ​ត់ទៅ​ពឹង​ទ័ព​យួន ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ប្រទេស បានបង្ហាញ​ឲ្យ​ឃើញថា ខ្មែរ​បាន​បាត់បង់​នូវ​ឯករាជភាព​របស់​ខ្លួន ។​
​ ​ព្រះបាទ​អង្គឌួង ជា​ព្រះបិតា​របស់​ព្រះបាទ​នរោត្តម (១៨៦០-១៩០៤) ដែល​ឡើង​សោយរាជ្យ​នៅ​ចុងឆ្នាំ ១៨៤៧ ត្រូវ​អភិសេក​ធ្វើឡើង​ដោយមាន​អាណាព្យាបាល​តំណាង​ចក្រភព​អាណ្ណា​ម និង​សៀម​ចូលរួម ។ ប្រទេស​ទាំង​២​នេះ បាន​គ្រប់គ្រង​និង​កាន់កាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ហើយ​នៅតាម​អាណាខេត្ត​នានា ចៅហ្វាយខេត្ត​ជាច្រើន​ស្ថិតក្នុង​ភាពភ័យខ្លាច ដោយ​គ្មាន​ជំនួយ​ពី​រដ្ឋបាល​ភ្នំពេញ​នា​ជំនាន់​នោះ បាន​លះបង់​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងជើង​និង​ខាងត្បូង ដោយ​កងទ័ព​យួន​ជាច្រើន ។​
​ ​ដូច្នេះ​ក្រោយពី​ព្រះបាទ​អង្គឌួង​បាន​ឡើង​សោយរាជ្យ​សម្បត្តិ​បាន​ត្រឹម​៧​ឆ្នាំ ស្ថានភាព​ប្រទេស​កម្ពុជា​កាន់តែ​ដុនដាប ហេតុនេះហើយ​បានជា​ព្រះអង្គ​បានសម្រេច​ព្រះទ័យ​ចរចា​ជាមួយ​លោក​កុងស៊ុល​បារាំង​នៅ​សិង្ហ​បុរី ដើម្បី​សុំ​ជំនួយ​ពី​ប្រទេស​បារាំង ។​
​ ​ការចរចា​នេះ បាន​នាំមក​នូវ​ការតាំង​អាណានិគម​របស់​បារាំង​នៅ​ថ្ងៃទី ១១ សីហា ១៨៦៣ ទៅលើ​កម្ពុជា​ដោយមាន​លោក​សេនាប្រមុខ​បារាំង​ឈ្មោះ​ដឺ​ឡា ហ្គ្រាំ​ង​ឌ័​រ​យ៉ែ ជា​ទេសាភិបាល​នៃ​កូសាំងស៊ីន​កម្ពុជា​ក្រោម ដែលជា​អ្នកតំណាង​ប្រទេស​បារាំង ។​
​ ​ថ្វីត្បិតតែ​អាណាព្យាបាល​បារាំង​មកលើ​កម្ពុជា ជា​លទ្ធផល​ដ៏​ល្អ​ប្រពៃ​ចៀស​ផុតពី​ភាព​សាបសូន្យ​បូរណភាព​ទឹកដី ដូច​នគរ​ចម្ប៉ា ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​ពុំមែន​ធ្វើឡើង​ដោយ​សុទ្ធចិត្ត​ប៉ុន្មាន​នោះទេ ។ ខាងក្រោម​នេះ គឺជា​ឯកសារ​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់ថា អ្វីដែល​ធ្វើ​ឲ្យ​បារាំង​សម្រេចចិត្ត​ត្រួតត្រា​ប្រទេស​កម្ពុជា ។​
​ ​* បុព្វហេតុ​នៃ​អាណានិគម : ពី​ដើម​សតវត្សរ៍​ទី ១៦ រហូតដល់​សតវត្សរ៍​ទី ១៩ នៃ​គ្រិស​ត្ត​សករាជ មហាអំណាច​អឺរ៉ុប​ជាច្រើន និង​ជា​ប្រទេស​ឧស្សាហ​កម្មបាន​តាំង​អាណានិគម​ទៅលើ​ប្រទេស​អាហ្វ្រិក និង​អាស៊ី​មួយចំនួនធំ ហើយ​មូលហេតុ​នៃ​ការត្រួតត្រា​ទៅលើ​ប្រទេស​ទន់ខ្សោយ​ទាំងនោះ គឺ​បណ្តាលមកពី​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ ។​
​ ​ប្រទេស​អឺរ៉ុប​ទាំងនោះ​មាន​: ព័រទុយហ្កាល់ អេស្បាញ ហុ​ល្លង់ និង​ជប៉ុន​ជាដើម ត្រូវការ​នូវ​ធនធានធម្មជាតិរ​បស់​ប្រទេស​ដទៃ​ដូចជា​រ៉ែ ឈើ ភ្លុក និង​គ្រឿងទេស ។​ល​។ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​របស់គេ ។​
​ ​គួរ​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អឺរ៉ុប​ទាំងនោះ គេ​ឃើញ​មាន​ប្រទេស​បារាំងសែស​ដែរ ក៏ប៉ុន្តែ​វត្តមាន​របស់គេ​នៅក្នុង​ទ្វីប​ឥណ្ឌូចិន បានចាប់ផ្តើម​យឺតយ៉ាវ​ជាងគេ គឺ​នៅ​សតវត្សរ៍​ទី ១៧ និង​ទី ១៨ នៅ​ចិន វៀតណាម​ខាងជើង (​តុងកឹង​) និង​អាណ្ណា​ម (​កណ្តាល​) និង​កម្ពុជា​ក្រោម ដែល​យួន​ទើបតែ​កាន់កាប់​ថ្មីៗ​នេះ​នៅឡើយ ។​
​ ​សតវត្សរ៍​ទី ១៩ នៃ​គ្រិស្តសករាជ ឥទ្ធិពល​របស់​មហាអំណាច​បារាំង​មាន​ភាពទន់ខ្សោយ​បើ​ប្រៀបធៀប​នឹង​ចក្រភព​អង់គ្លេស ដែលជា​គូបដិបក្ខ ហើយ​ដែល​ទើបតែ​កាន់កាប់​ត្រួតត្រា​បាន​ប្រទេស​ឥណ្ឌា​ដោយ​ជោគជ័យ​ជា​ស្ថាពរ ។ ក្នុងករណី​នេះហើយ ដែល​រដ្ឋាភិបាល​បារាំង​បានរៀបចំ​យុទ្ធសាស្ត្រ​ថ្មី គម្រោងការ​ថ្មី ដើម្បី​លុបលាង​នូវ​បរាជ័យ ហើយ​លើកមុខ​លើក​មាត់ កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ខ្លួន​ឡើងវិញ តាមរយៈ​ការផ្សព្វផ្សាយ​គ្រិស្តសាសនា និង​អារ្យធម៌ ។ ទន្ទឹមនឹងនេះ​ពួក​អ្នកស្រាវជ្រាវ ក៏បាន​ចាប់ផ្តើម​សិក្សា​ពី​សង្គម​ខ្មែរ ពោលគឺ​អារ្យធម៌​វប្បធម៌​ខ្មែរ ដើម្បី​ងាយ​នឹង​ត្រួតត្រា​គ្រប់គ្រង ។​ ​
​ ​ទស្សនៈ​នយោបាយ និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បារាំង​នា​ជំនាន់​នោះ បាន​កត់ត្រា​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​គឺ ‹​ការ​ត្រិះរិះ​ពិចារណា​នយោបាយ និង​សម្ងាត់​› នៅ​ចុង​រជ្ជកាល​របស់​ព្រះបាទ​លូ​អ៊ី​១៥ (LOUIS XV) ។ ក្នុង​កំណត់ហេតុ​នោះ គេ​ឃើញ​មានការ​ពណ៌នា​អំពី​ការបង្កើតឡើង​នូវ​គណៈកម្មាធិការ​មួយ ដែល​ក្នុងនោះ គេ​បាន​លើក​ជា​សំនួរ​ដោយ​សម្គាល់ថា ប្រទេស​បារាំង​អាច​នឹងមាន​មធ្យោបាយ​ដែរឬទេ ដើម្បី​បោះទីតាំង​នៅក្នុង​ភូមិភាគ​អាស៊ី​យើង​នេះ ដើម្បី​កុំ​ឲ្យ​ផលប្រយោជន៍​បះ​ទៅលើ​ជញ្ជីង​អង់គ្លេស តែម្នាក់ឯង​ពេក ។​
​ឯកសារ​នេះ ក៏បាន​សន្និដ្ឋាន​ដូចតទៅ​ថា​: រហូតដល់​ពេលនេះ នៅតែ​កម្ពុជា​ក្រោម​ទេ ដែល​ប្រហែលជា​ប្រទេស​អង់គ្លេស​ពុំទាន់​យកចិត្តទុកដាក់​ចាប់អារម្មណ៍​នៅឡើយ ក៏ប៉ុន្តែ​យើង​អាច​នឹង​សប្បាយ​ចិត្តបាន​ដែរឬទេ កាលបើ​ពួកគេ​នឹង​ចាប់អារម្មណ៍​ចំពោះ​ទឹកដី​នេះ ? បើ​យើង​នឹងមិន​សម្រេចចិត្តថា កាន់កាប់​ឲ្យ​បាន​មុន​យើង​នឹងមិន​បាត់បង់​វារ​ហូត​ឡើយ ។​
​ ​សូម​រំលឹក​ដែរ​ថា ទ័ពបារាំង​បាន​កាន់កាប់​បាន​ទាំងស្រុង​ដែនដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ ១៨៦៧ ក្រោយពី​បាន​ច្បាំង​ឈ្នះ​កងទ័ព​យួន ដែល​បាន​ដណ្តើម​តំបន់​វាលទំនាប​នៃ​ទន្លេមេគង្គ​កម្ពុជា​ក្រោម​ខាងលើនេះ ពី​ប្រទេស​កម្ពុជា​នៅ​សតវត្សរ៍​ទី ១៧ នៃ​គ្រិស្តសករាជ ។​
​ ​នយោបាយ​អាណានិគម​បារាំង​ត្រូវបាន​បន្ត​ដោយ​ពង្រឹង​រហូតដល់​ឆ្នាំ ១៩៦៣ ដែលជា​ឆ្នាំ​ដែល​បារាំង​បានទទួល​ជោគជ័យ​ដ៏​ធំធេង ពី​ព្រះមហាក្សត្រ​ខ្មែរ​បាន​សព្វព្រះរាជហឫទ័យ ដែល​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតក្រោម​អាណាព្យាបាល​បារាំងសែស ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment