Friday, October 14, 2011

ចំនួន​ខេត្ត​ខ្មែរ​បុរាណ​បាត់បង់​ទៅ​សៀម​



​ពាក់ព័ន្ធ​ទៅនឹង​ការបាត់បង់​ដី​ខ្មែរ​ទៅ​សៀម ចាប់តាំងពី​សតវត្ស​ទី​១៣​មក ឬ​ក្រោយនេះ​បន្តិច ពី​សតវត្ស​ទី​១៥-១៦ មាន​អ្នកស្រាវជ្រាវ​ខ្លះ​បាន​ទទួលស្គាល់ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​បាត់បង់​ត្រឹមតែ​១១-១២​ខេត្ត ប៉ុណ្ណោះ ។ ខេត្ត​ទាំងនោះ​គឺ : ខេត្ត ស៊ីសាកេត (​ខុ​ខ័​ន្ទ​), សុ​រិ​ន្ទ្រ (​ស​ង្គៈ​) នគររាជ​សីមា​, បុរីរម្យ​, ស្រះកែវ​, ប​ច្ចឹ​ម​បុរី​, (​ស្ទឹង​ជ្រៅ​) អ៊ូ​ប៊ុន​, ខន​កែន​, ច័ន្ទ​បុរី​, ត្រាច (​ត្រាត​), ធន​បុរី និង​អាយុ​ធ្យា ។​
​ ​ការបាត់បង់​នេះ គឺ​ដោយសារតែ​ការ​ចាញ់​សង្គ្រាម​វាតទី​ពី​សំណាក់​ស្តេច​សៀម ដែល​មានបំណង​ត្របាក់​យក​ទឹកដី​ខ្មែរ​ធ្វើជា​ទឹកដី​ខ្លួន ឬក៏​ជួនកាល​មាន​ម​ហិ​ច្ឆិ​តា​យក​ប្រទេស​ខ្មែរ ធ្វើជា​ប្រទេស​ចំណុះ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​វៀតណាម​លើ​ខ្មែរ ។ លើកលែងតែ​ករណី​ក្បត់​មួយ​ពីរ​តែប៉ុណ្ណោះ ។​
​ ​ខេត្ត​ខ្មែរ​បុរាណ​ទាំងនោះ​ត្រូវបាន​បាត់បង់​ជា​បន្តបន្ទាប់​ទៅ​សៀម ដូចដែល​ទើប​ពោល​នៅ​សម័យ​ក្រោយពី​សម័យអង្គរ ។ ក៏ប៉ុន្តែ​ដោយមាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ជាច្រើន​ឥត​ប្រកែក​បាន ឲ្យ​ដឹងថា បណ្តា​ខេត្ត​ថៃ​ផ្សេងៗ ឯ​មួយចំនួន​ក៏​ធ្លាប់ជា​អតីត​ទឹកដី​របស់​ខ្មែរ​ដែរ ចាប់តាំងពី​ការកកើត​ព្រះរាជាណាចក្រ​ខ្មែរ​មកម្ល៉េះ ទោះបីជា​ព្រះរាជ​ពង្សាវតារ​ខ្មែរ មិនបាន​កត់ត្រា​ក្តី ។​ ​នេះ​ជា​អ្វីមួយ​ដែល​តម្រូវ​ឲ្យ​មានការ​បកស្រាយ​អំពី​វិសាលភាព​នៃ​ ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ ហើយ​បំពេញបន្ថែម​ចន្លោះ​ខ្វះខាត​ទាំងឡាយ​ដែល​អាចធ្វើ​ទៅបាន ។​
​ ​តើ​មាន​ខេត្ត​ណាខ្លះ​ទៀត​ដែល​ត្រូវបាន​បាត់បង់​លើ​ថៃ រវាង​សតវត្ស​១៣ និង​១៦ ទោះ​ជាមាន​កាលបរិច្ឆេទ​ខុសគ្នា​ក្តី ពីព្រោះ​យន្តការ​វាតទី​និយម​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​សន្សឹមៗ ដូច​រូបភាព​បណ្តាញ​នៃ​សំណាញ់​សំបុក​ពីងពាង ។​

ផែនទី​នៃ​ព្រះរាជាណាចក្រ​ថៃ នា​ស​.​វ​ទី ១៧ និង ផែនទី​បច្ចុប្បន្ន​ដែលមាន​បណ្តា​ខេត្ត​នានា​

​ ​ជាបឋម​ប្រវត្តិវិទូ​ដែល​សិក្សា​ពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ចាត់ទុក​ស្របគ្នា​ថា ជនជាតិ​ថៃ​ជា​អន្ត​ប្រវេសន៍ ដែល​បាន​កសាង​ព្រះរាជាណាចក្រ​របស់ខ្លួន​លើ​ទឹកដី​ខ្មែរ​បុរាណ គឺ​ខេត្ត​សុខោទ័យ ក្នុងដំណាក់កាល​ដំបូងបង្អស់ ហើយ​មិនយូរប៉ុន្មាន ក៏បាន​វាតទី​ទៅដល់​អាណាខេត្ត​នានា​របស់​ខ្មែរ​ទៀត គឺ​ខេត្ត​អយុធ្យា និង លពបុរី ជាដើម ។ តែ​មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​នៃ​ខេត្ត​ទាំងនោះ ក្នុងការ​សិក្សា​របស់គេ​ឡើយ ដោយហេតុថា បញ្ហា​សាំ​ញុំ ហើយ​មួយវិញទៀត​ឈ្មោះ​នៃ​ខេត្ត​ខ្មែរ​ដែល​ស្ថិតក្នុង​ព្រះរាជាណាចក្រ​ បច្ចុប្បន្ន​ក៏​ពុំ​ត្រូវបាន​គូសបញ្ជាក់​ដោយ​សិលាចារឹក​ដែរ លើកលែងតែ​ករណីខ្លះ​ដែល​ឈ្មោះ​នៃ​ទីក្រុង​ចំនួន​តូច ដែល​ត្រូវបាន​ចា​រលើ​ផ្ទាំង​សិលាចារឹក ព្រះខាន់​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ចំពោះ​បញ្ហា​នេះ​យើង​នឹង​ពិនិត្យ​នៅពេល​បន្តិចទៀត ។​
​ ​យើង​គិតថា ជាការ​ប្រសើរ​ជាង បើ​យើង​ចាត់ទុកថា យើង​ពុំ​ដឹង​អំពី​ឈ្មោះ​ពិត​របស់​អតីត​ខេត្ត​នានា របស់​ខ្មែរ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ត្រូវបាន​បាត់បង់​ទៅហើយ​នោះទេ ហើយ​ឈ្មោះ​ដែល​ត្រូវបាន​ផ្លាស់ប្តូរ ឬ​បង្កើតឡើង​ថ្មី​រវាង​សតវត្ស​ទី​១៤-១៨ គឺ​ត្រូវបាន​ធ្វើឡើង​តា​មកា​រវិ​វ​ត្តិ​របស់​សង្គមជាតិ​ថៃ ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ថ្មី​មួយ ។
​តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​តឹកតាង​ខាង​បុរាណវិទ្យា ដូចជា​ប្រាង្គ​ប្រាសាទ​ជាដើម ជាពិសេស​សិលាចារឹក​ប​ង្ហា​ញ​ថា ក្នុង​អាណាខេត្ត​បច្ចុប្បន្ន ការ​ស្នងរាជ្យ​របស់​មហាក្សត្រ​ខ្មែរ​ត្រូវបាន​បន្ត​ពី​សម័យមុន​អង្គរ​ដោយ​ មិន​ស្រាកស្រាន្ត​មុន​ផែនដី​ថៃ​ត្រូវបាន​ផ្តាច់​ចេញពី​ចក្រភព​កម្ពុជទេស រីឯ​ជនជាតិ​ថៃ​ដើមកំណើត​ខ្មែរ​តែង​រស់​នៅលើ​ទឹកដី​របស់ខ្លួន​រហូតដល់​សតវត្ស ​ទី​២១​នេះ ដូច​ករណី​ខេត្ត​អ៊ូ​ប៊ុន​, ស៊ីសាកេត​, បុរីរម្យ​, សុ​រិ​ន្ទ្រ​, ស្រះកែវ​, ប​ច្ចឹ​ម​បុរី និង​ច័ន្ទ​បុរី​ជាដើម ។ ដូច្នេះ​យើង​ត្រូវតែ​ទទួលស្គាល់ថា មិន​មែនមាន​ត្រឹមតែ​ខេត្ត​១១-១២ ទេ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​បាត់​ទៅលើ​ព្រះរាជាណាចក្រ​ថៃ​តែប៉ុណ្ណោះ ។​
​ចំពោះ​យើង ប្រវត្តិវិទូ​ផ្សេងទៀត​ត្រូវ​គិតថា ខេត្ត​ដែល​បាត់បង់​ពិត​នោះ រួមមាន​ខេត្ត​មួយចំនួន​ទៀតផង ។​
​ ​នៅ​ភូមិភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​ទីក្រុង​បាងកក​យើង​ឃើញ​មាន​ខេត្ត : ន​គន​ផា​នុំ​, សាគ​នន​គន​, ណង​ខៃ​, លើ​យ​, បុរីរម្យ​, នគររាជ​សីមា (​ពិ​មាឃ​), ស៊ីសាកេត​, សុ​រិ​ន្ទ្រ​, អ៊ូ​ប៊ុន​, រយ​អេ​ត​, យ​សោថន​, មុខ​តា​ហាន​, ឧ​ត្ត​ន​ថា​នី​, ជ័យ​ភូមិ​, មហា​សារ​ខាំ​, កាឡា​ស៊ីន និង ខន​កែន ។​
​ ​សូម​កត់សម្គាល់ថា លើកលែងតែ​ខេត្ត​លើ​យ និង​មុខ​តា​ហាន​ចេញ ដែល​យើង​ពុំបាន​ទៅដល់ ហើយ​ពុំ​ដឹងថា មាន​វប្បធម៌​បុរាណ​ខ្មែរ​នៅ​ទីនោះ​ដែរ​ឬ​អត់ ។ ចំណែក​ខេត្ត​ផ្សេងៗ​ទៀត សុទ្ធសឹងតែ​បាន​បន្សល់ទុក​នូវ​ប្រាង្គ​ប្រាសាទខ្មែរ ឬក៏​ស្លាកស្នាម​វប្បធម៌​ខ្មែរ​ផ្សេងៗ​ដូចជា​ចម្លាក់ និង សិលាចារឹក​ជាដើម ដែលមាន​ចំនួន​យ៉ាង​ក្រាសក្រែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។
​ទាក់ទិន​ទៅនឹង​ភូមិភាគ​ខាងត្បូង សូម​រំលឹកថា តំបន់​នៅ​នគរ​ស្រី​ធម្មរាជ​, សុរា​ត​ថា​នី ប៉ា​ក្តា​លុង សុង​ក្លា​, យ៉ា​ឡា​, ជាដើម ដែល​ស្ថិតក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​សៀម​បច្ចុប្បន្ន សុទ្ធសឹង​តែមាន​មនុស្ស​ខ្មែរ​រស់នៅ​រហូតដល់​ស​ត​វត្ស​ទី​១៧ ដោយហេតុថា ស្ថិតក្នុង​ព្រំប្រទល់​នៃ​ដែនដី​ខ្មែរ គឺ​អាណាចក្រ​ភ្នំ និង​ចេនឡា ។
​តាមរយៈ​កំណត់ហេតុ​ចាស់ៗ​របស់​ចិន យើង​ដឹង​ទៀតថា ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​វិញ ក៏​ដូច្នេះ​ដែរ ដោយហេតុថា តំបន់​នេះ​ឈ្មោះ​តំបន់​ដីក្រហម (​សៀន​ឡូ​) ។​

ផែនទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង ហ្វូណន ឬ​នគរ​ភ្នំ (​ម​.​ត ១៩៩៣) និង ផែនទី​នៃ​សម័យ​មហានគរ​របស់​ព្រះបាទ​នរោត្តម​សីហនុ នា​ស​.​វ​ទី ១២ បោះពុម្ព​នៅ​ឆ្នាំ ១៩៦៦ (Cf. Les avaleurs des terres khmeres, Kamboja, 1966)

​ ​សូម​ជម្រាប​ផងដែរ​ថា សិលាចារឹក​ខ្លះ​ក្នុង​ភូមិភាគ​កណ្តាល និង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​សុទ្ធសឹងតែ​ត្រូវបាន​ចារ​ ឡើងជា​ភាសាមន ទន្ទឹមគ្នា​និង​សិលាចារឹក​ខ្មែរ ។ សិលាចារឹក​ដំបូង ដែល​សរសេរ​ជា​ភាសាមន​មាន​លក្ខណៈ​ខ្លីៗ ហើយ​ប្រហែលជា​នៅ​ស​.​វ​ទី​៧-៨ តែប៉ុណ្ណោះ ហើយ​គ្មាន​បង្ហាញ​តឹកតាង​អ្វី​សោះ ក្រៅពី​ថា ប្រជា​ពលករ​ក្នុង​តំបន់​នោះ​គោរព​ព្រះពុទ្ធសាសនា​ភាគច្រើន ហើយ​ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​មន​ទ្វារ​វ​តី ។
​ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី​បើ​យោងតាម​ការស្រាវជ្រាវ​ថ្មី ក៏​គ្មាន​តឹកតាង​ណាមួយ​ជាក់ច្បាស់​ដែល​បញ្ជាក់ថា ទ្វារ​វ​តី គឺជា​រាជធានី ឬក៏​ជា​រដ្ឋ​ឯករាជ​របស់​មន​ឡើយ តែ​ជា​មជ្ឈមណ្ឌល​វប្បធម៌​បែប​ពុទ្ធ​និយម​ដ៏​រុងរឿង​ថ្កើងថ្កាន​អស្ចារ្យ ដែល​បាន​រីកដុះដាល នៅលើ​ទឹកដី​តែមួយ​ជាមួយនឹង​ទឹកដី​ខ្មែរ គឺ​ខេត្ត​លវោ ឬ​លពបុរី​បច្ចុប្បន្ន ។ គប្បី​រំលឹក​ឡើង​ផងដែរ​ថា តាម​រឿងដំណាល​ខ្មែរ​មួយ ស្រី​នគរ​លវោ មាន​រូបឆោម​ល្អ ហើយ​ឆើតឆាយ​ណាស់ ។​
​ ​ដូចដែល​យើង​បាន​ពោល​រួច ខេត្ត​ខ្មែរ​នេះ​ធ្លាប់មាន​ទំនាក់ទំនង​ខាង​វប្បធម៌​យ៉ាង​ជិតស្និត​ជាមួយ​ អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ ហើយ​ឈ្មោះ​របស់​ខេត្ត​នោះ​ត្រូវបាន​គូសបញ្ជាក់​ក្នុង​សិលាចារឹក​នា​ សម័យអង្គរ​មួយ គឺ​សិលាចារឹក K 18 តម្កល់​សព្វថ្ងៃ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។
​ទំព័រ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹងថា ភូមិភាគ​កណ្តាល​នេះ​ជា​ភាគ​មួយ​នៃ​ចក្រភព​នគរ​ភ្នំ និង​ចេនឡា ហើយក៏​មិនមែនជា​ទឹកដី​របស់​មន​ដែរ ។ ផ្ទុយ​ពី​ការអះអាង​របស់​អ្នក​ប្រវត្តិវិទូ​ថៃ តំបន់​នេះ គឺ​ពិតជា​ទឹកដី​របស់​ខ្មែរ​មែន តាំងពីដើម​មក ។
​ ​ជាការ​ពិតណាស់ មុន​សតវត្ស​ទី​១៣ តំបន់់​ភូមិភាគ​កណ្តាល​ជាពិសេស នៅ​ខេត្ត​អយុធ្យា​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ពុំទាន់​មាន​វត្តមាន​របស់​ជន​ ជាតិ​ថៃ​នៅឡើយ​ទេ ហើយ​ស្ថានភាព​នេះ​ក៏ដូចជា​នៅ​តំបន់​ភូមិភាគ​ឥសាន និង​ខាងត្បូង​ផងដែរ ហើយ​ភាសា​ថៃ​ក៏​ពុំទាន់​ត្រូវគេ​ប្រើប្រាស់​នៅឡើយ​ដែរ ដោយ​អ្នក​ម្ចាស់​ស្រុក ។
​បើ​និយាយ​អំពី​ជាតិពន្ធុវិទ្យា មានតែ​ខ្មែរ និង​កុលសម្ព័ន្ធ​មន​-​ខ្មែរ តែប៉ុណ្ណោះ​ដែល​រស់នៅ ។ នៅ​កន្លែង​ខ្លះ​ក៏មាន​ជនជាតិ​មន​រស់នៅ​ដែរ នៅ​ភូមិភាគ​ខាងជើង ដូចជា​នៅ​ហរិ​បុណ្យ​ជាដើម រហូត​នៅ​សតវត្ស​ទី​១២-១៣ ។ ភាពខុសគ្នា​រវាង​ខ្មែរ និង​មន គឺ​វិស័យ​សាសនា​ដែល​ធ្វើ​ឲ្យ​សិល្បៈ​វប្បធម៌​របស់​ពួកគេ​មាន​លក្ខណៈ​ខុសពី​ ខ្មែរ ។​

សិលាចារឹករបស់ព្រះបាទស្រីមហេន្ទ្រវរ្ម័ន នៅខេត្តស្រះកែវ (Ka 387) និង សិលាចារឹកវត្តស្រះឈូក (Ka 110) ឆ្នាំ ៩៨៨ នៃមហាសករាជ ត្រូវជា ១០៦៦ នៃគ.ស សរសេរជាភាសារខ្មែរ បាលី និង សំស្រ្គឹត (ឯកសារនាយកដ្ឋានវិចិត្រសិល្បះថៃ)

​ ​លោក​ជីវ​តាក្វាន់ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​១២៩៦ ពួក​សៀម ឬ​សៀន​នៅ​ភាគ​និរតី​អង្គរ ពោល គឺ​នៅ​ម្តុំ​អយុធ្យា​បាន​បើក​ការវាយលុក​ទីក្រុង​អង្គរ​លើកទីមួយ ដូចដែល​ព្រះរាជ​ពង្សាវតារ​ខ្មែរ​បានលើកឡើង​ដែរ ហើយ​នៅ​រវាង​ឆ្នាំ​១៣៥៣ - ១៣៥៧ អង្គរ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​សៀម ។
​ទោះជា​យ៉ាងណាក៏ដោយ ព្រះរាជ​ពង្សាវតារ​បាន​បន្តទៀតថា ក្រោយមក​បន្តិច​ក្នុង​រាជ​ស្តេច​ស្រី​សុរិយោ​វង្ស អង្គរ​ក៏ត្រូវ​រំដោះ​បាន​វិញ ។ យើង​ក៏​ដឹង​ទៀតថា ទ័ព​សៀម​មិនបាន​ឲ្យ​ខ្មែរ​សុខ​ទេ ព្រោះថា មិនយូរប៉ុន្មាន​ទេ​សៀម​វាយលុក​ហើយ​កាន់កាប់​អង្គរ​ម្តងទៀត ។
​ច្បាប់​ពង្សាវតារ​បាន​និយាយ​បន្តទៀតថា លើក​នេះ​ក៏​ដូច​លើក​មុនៗ ស្តេច​ខ្មែរ គឺ​ព្រះបាទ​ពញាយ៉ាត​បាន​រំដោះ​ព្រះរាជ​នគរ​ឲ្យ​រួចផុត​ពី​ប​ច្ចា​ មិត្រ ហើយ​ដើម្បី​ជៀស​ផុតពី​ការទន្ទ្រាន​មិន​ស្រាកស្រាន្ត ពី​សំណាក់​សៀម​មកពី​អាយុ​ធ្យា ទ្រង់​ក៏​បង្ខំ​ព្រះកាយ​យាង​ចាក​ចេញពី​ព្រះរាជ​ធានី យាង​មកកាន់​តំបន់​ស្រី​សន្ធរ​នៅ​ឆ្នាំ​១៣៨៨ ។ ព្រឹ​ត្ត​ការណ៍​ខាងលើនេះ គឺជា​ទីបញ្ចប់ ឬ​អវសាន​នៃ​សម័យអង្គរ​ដែល​ធ្លាប់តែ​រុងរឿង​ថ្កើ​ន​ថ្កាន ។​
​ ​ឯកសារ​មូលដ្ឋាន​ដ៏​រឹងមាំ​មួយទៀត​ដែល​យើង​ត្រូវ​លើក​នៅទីនេះ គឺ​ប្រភព​សិលាចារឹក​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ និង​អង្គរ នៅលើ​ទឹកដី​ថៃ​សព្វថ្ងៃនេះ ។ ឧទាហរណ៍​ជាក់ស្តែង គឺ​វត្តមាន​របស់​ស្តេច​ខ្មែរ​មុន​អង្គរ​ត្រូវបាន​គូសបញ្ជាក់ នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​តាមរយៈ​សិលាចារឹក ។ ស្តេច​ភ​វ​វរ្ម័នទី​១ និង​ម​ហេ​ន្ទ្រ​វរ្ម័ន មិនមែន​បង្ហាញ​ដំណើរ​ទៅកាន់​ភូមិភាគ​ខាងលើនេះ ដូច​គេ​បាន​យល់​ដោយ​ភ័ន្តច្រឡំ​នោះទេ ព្រោះថា ការធ្វើដំណើរ​ពី​ខេត្ត​ចម្ប៉ា​សាក់​ឆ្ពោះទៅ​ទិស​ខាងជើង​នៃ​ប្រទេស​កម្ពុជា សព្វថ្ងៃ​នៅ​ក្រចេះ ស្ទឹងត្រែង កំពង់ធំ ឆ្ពោះទៅកាន់​ផ្នែក​ខាងក្រោម ក៏​មិនមែនជា​ការឈ្លានពាន​ដែរ ដើម្បី​ពង្រីក​ទឹកដី​ក្នុងន័យ​វាតទី​និយម ។
​ផ្ទុយទៅវិញ​ទង្វើ​នេះ​គឺ​គ្រាន់តែ​ជាការ​ពង្រីក​ឥទ្ធិពល ដណ្តើម​អំណាច​នៅលើ​ដែនដី​មួយ ដែល​ប្រជាជនមាន​ប្រវត្តិសាស្ត្រ​រួម​ពង្សាវតារ​វប្បធម៌ និង​ភាសា​រួម​ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ គឺ​ជនជាតិខ្មែរ​ដ៏​ខ្លាំងពូកែ ហើយ​បុព្វការី​ជន របស់ខ្លួន​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ ដែនដី​គោក ក្នុង​អតីតកាល ។​
​ ​ភស្តុតាង​មួយចំនួនធំ គឺ​សិលាចារឹក​ដងរែក ក៏បាន​គូសបញ្ជាក់​អំពី​ការកាន់កាប់​ទឹកដី​នេះ​ចាប់តាំងពី​ចុង​សតវត្ស​ទី​៦ រហូតដល់​សម័យអង្គ​រដែរ ដែល​រួមមាន​សិលាចារឹក​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី​១ និង​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន នា​សម័យមុន​អង្គរ ។ ចំពោះ​សិលាចារឹក​មុន​អង្គរ​ទាំងនោះ គេ​ឃើញ​សិលាចារឹក K 364, K 1173 និង K 1174 នៅ​ចម្ប៉ា​សាក់ K 122 នៅ​ក្រចេះ K 515 នៅ​នគររាជ​សីមា​, K 116 និង K 720 នៅ​ស្ទឹងត្រែង K 508, K 509 និង K 496 នៅ​អ៊ូ​ប៊ុន Ka 76 នៅ​បុរីរម្យ K 979 នៅ​ស្រី​ទេព K 213 នៅ​បាត់ដំបង K 969 នៅ​តា​ប្រា​យា ខេត្ត​ស្រះកែវ K 377 នៅ​សុ​រិ​ន្ទ្រ និង K 1102 នៅ​ខន​កែន ។​
​ ​គួរ​កត់ចំណាំ​ថា សិលាចារឹក​បុ​រេ​អង្គរ​ទាំងនោះ​គូសបញ្ជាក់​អំពី​ជ័យជំនះ​របស់​ចេនឡា ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ភ​វ​វរ្ម័ន និង​ម​ហេ​ន្ទ្រ​វរ្ម័ន​លើ​នគរ​ភ្នំ ។​
​ ​ទន្ទឹមនឹងនេះ ប្រភព​ត្រូវ​ដឹង​ដែរ​ថា សិលាចារឹក​ក៏​ជា​អំណះអំណាង​សំខាន់បំផុត ដែល​បញ្ជាក់ថា ទឹកដី​នៃ​ប្រទេស​លាវ ថៃ និង​ខ្មែរ​បច្ចុប្បន្ន គឺជា​ទឹកដី​តែមួយ ដែល​គ្រប់គ្រង​ដោយ​ស្តេច​ខ្មែរ ដែលមាន​សាងសង់​យ៉ាងច្បាស់​លាស់ ។ ឧទាហរណ៍​នៅ​សិលាចារឹក K 479 នៅ​ស្រី​ទេព ខេត្ត​ពេជ្រ​ប៊ុន យើង​ដឹងថា ព្រះបាទ​ភ​វ​វរ្ម័ន​គឺជា​ព្រះរាជ​បុត្រា​របស់​ប្រ​ធិ​វិន្ទ​វរ្ម័ន និង​ជា​ព្រះរាជ​នត្តា​របស់ ចក្រ​វ​តិ័​ន សិលាចារឹក K 508 បាន​ឲ្យ​ដឹងថា ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន ចូល​សោយរាជ​មាន​នាម​ថា ចិ​ត្រា​សេន គឺជា​បងប្អូន​គ្នា​ជាមួយ នឹង​ព្រះបាទ​ភ​វ​វរ្ម័ន ដែល​ត្រូវជា​បុត្រា​របស់​ព្រះបាទ​វីរ​វរ្ម័ន និង​ជា​ព្រះរាជ​នត្តា​របស់​សា​វ៌​ភោ​ម ។ រីឯ​សិលាចារឹក K 1173 បាន​បញ្ជាក់ថា ព្រះនាម​ឪពុកមា​របស់​ព្រះបាទ​ចិត្រ​សេន ម​ហេ​ន្ទ្រ​វរ្ម័ន មាន​ព្រះនាម​ថា ស្រី​ក្រ​តាន​តបាស ។​
​ ​និរន្ត​ភាព​នៃ​ការគ្រប់គ្រង​ឬ ជា​អ្វីមួយ​ដែល​គេ​ហៅថា​អំណាច​នយោបាយ​របស់​ខ្មែរ​នៅ​ប្រទេស​ថៃ​នា​ជំនាន់​ នោះ ក៏ត្រូវ​បាន​បន្ត​រហូត​ដល់​សម័យអង្គរ ដូច​ការរកឃើញ​សិលាចារឹក​មួយចំនួន​ជា​ឧទាហរណ៍​ស្រាប់ ។​
​ក្នុងចំណោម​សិលាចារឹក​ខ្មែរ​នា​សម័យអង្គរ នៅ​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​វិញ មាន​សិលាចារឹក Ka 77 មួយ​នៅ​ខេត្ត​សគ​នន​គន ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ ព្រោះ​បាន​ផ្តល់នូវ​ពាក្យ​វិភា​ន ឬ​ពិតាន ជា​លើកដំបូង​បង្អស់​នៅ​ឆ្នាំ ៩៨៨ ស​.​ក ដែល​ត្រូវ​នឹង​ឆ្នាំ ១០៦៦ នៃ​គ​.​ស ។​
​ ​ភូមិភាគ​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​នៅ​ខេត្ត​នគរ​សវ័ន (​នគរ​សួគ៌​) ខាងជើង​ខេត្ត​លពបុរី ក៏បាន​បង្ហាញ​ជា​ប្រយោល​នូវ​វត្តមាន​របស់​ខ្មែរ​តាម​សិលាចារឹក​ដែរ ដូច​ករណី​សិលាចារឹក K 966 ជា​ភាសាបាលី និង​ខ្មែរ​នៅ​ឆ្នាំ​១១៦៧ នៃ​គ​.​ស ជាដើម ។
​នៅ​ជិត​ខេត្ត​អយុធ្យា​មាន​សិលាចារឹក​មុន​អង្គរ​មួយ​ផ្ទាំង​ដែល​ គេ​បាន​រកឃើញ គឺ K 965 ពាក់ព័ន្ធ​ទៅនឹង​ព្រះបាទ​ហ​ស៌​វរ្ម័ន ដែល​ត្រូវជា​ព្រះរាជ​នត្តា​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​សំខាន់​មួយ​ក្នុង​ ប្រវត្តិសាស្ត្រ​កម្ពុជា គឺ​ព្រះបាទ​ឥសាន​វរ្ម័ន (៦១០ -៦៣៥ គ​.​ស​) ។ រីឯ​សម័យអង្គរ​វិញ ក៏​ដូច្នេះ​ដែរ ដូច​ករណី​សិលាចារឹក​អយុធ្យា​មួយ​ថ្មី​ចារ​នៅ​ឆ្នាំ​៩៣៧ នៃ​គ​.​ស ជា​សំ​ស្រឹ្ក​ត និង​ខ្មែរ ជា​ឧទាហរណ៍​ស្រាប់ ។​
​ ​សរុបមក​ការដែល​គេ​និយាយថា ព្រះបាទ​សុរិយា​វរ្ម័នទី​១ បាន​ពង្រីក​ទឹកដី​ខ្មែរលើ​ថៃ​ជា​ការមិន​ត្រឹមត្រូវ ព្រោះថា ទឹកដី​ថៃ​បច្ចុប្បន្ន គឺជា​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង ។ វិសាលភាព​នៃ​ទឹកដី​ខ្មែរ ក្នុងសម័យ​មហានគរ​មិនមែន​បាន​លាតសន្ធឹង​ពី​តំបន់​អង្គរ ដែលជា​មជ្ឈមណ្ឌល​នៃ​អំណាចកណ្តាល​ទៅដល់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​ បច្ចុប្បន្ន ដោយ​នយោបាយ​ឈ្លានពាន​ពង្រីក​ទឹកដី​នោះទេ ហើយ​ភូមិភាគ​នេះ​ក៏​មិនទាន់មាន​វត្តមាន​រប​ស់ជន​ជាតិ​ថៃ​មក​រស់នៅៗ​ឡើយ​ ផងដែរ ។
​ភស្តុតាង​បុរាណវិទ្យា​បញ្ជាក់​យ៉ាងច្បាស់​ថា វិសាលភាព​នៃ​ដែនដី​ខ្មែរ​អង្គរ​គឺជា​លទ្ធផល​នៃ​ការបង្រួបបង្រួម​ជាតិខ្មែរ​ ជាច្រើន​ជំនាន់ ហើយ​ត្រូវធ្វើ​ឡើងជា​បន្តបន្ទាប់​ដោយ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​នៃ​កាល​ ប្បវត្តិ ពោលគឺ មិនមែនជា​ការឈ្លានពាន​ខ្មែរ​ទៅលើ​ជនជាតិ​ផ្សេង​ដែរ ។ ខាងលើនេះ​គឺជា​សច្ចៈ​ភាព​នៃ​ប្រវត្តិសាស្ត្រ ។​
​ ​គួរកត់សម្គាល់​ផងដែរ​ថា ការសិក្សា​នៅ​ខេត្ត​លពបុរី ក៏​ឲ្យ​ដឹង​ទៀតថា នៅ​សម័យ​នគរ​ភ្នំ និង​ចេនឡា ខេត្ត​លពបុរី គឺជា​មជ្ឈមណ្ឌល​នយោបាយ​វប្បធម៌​យ៉ាងសំខាន់ មាន​លក្ខណៈ​ដូចគ្នា​នឹង​អង្គរបុរី​អ៊ូ​ថង ។ សំណង់​សិល្បៈ​ស្ថាបត្យកម្ម និង​ផ្ទាំង​សិលាចារឹក​មុន​អង្គរ និង​អង្គរ​ជាច្រើន ដែល​តម្កល់​សព្វថ្ងៃ​ក្នុង​សារមន្ទីរ​នៃ​ខេត្ត​នេះ​ជា​តឹកតាង​ស្រាប់ ។​
​ ​មានន័យថា ទឹកដី​ភូមិភាគ​ឥសាន កណ្តាល និង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន មិន​គ្រាន់​តែមាន​ជនជាតិខ្មែរ​រស់នៅ​រួចហើយ មុន​ការមកដល់​នៃ​ជនជាតិ​ថៃ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ថែម​ទៀតផង ពោលគឺ ស្ថិតក្រោម​អធិបតេយ្យភាព​របស់​អា​ជ្ញា​ធរ​ខ្មែរ​ពិតៗ ដែល​គេ​មិនត្រូវ​មានការ​ភ័ន្តច្រឡំ ឬ​បំ​ភ្លើ​ស​ការពិត​ឡើយ ។​
​ ​ដោយសារតែ​ជនជាតិ​សៀម ឬ​សៀម​ជា​ជនជាតិ​ចំណូល​ថ្មី​ក្នុង​អតីត​ព្រះរាជា​ណា​កម្ពុជា​បុរាណ ដែល​សព្វថ្ងៃ បានក្លាយ​ទៅជា​ព្រះរាជាណាចក្រ​ថៃ ទើប​គេ​បាន​ជួបប្រទះ​នូវ​ស្លាកស្នាម​វប្បធម៌​ខ្មែរ​គ្រប់​យុគ គ្រប់​សម័យកាល តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​សព្វថ្ងៃ ។
​ដូច​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន គឺជា​ការ​ផ្គុំ​ឡើង​ដោយ​ការ​ច្របាច់​ចូលគ្នា​នូវ​អាណាខេត្ត​ខ្មែរ​ទាំងឡាយ ទាំង​ធំ​ទាំង​តូច ដែល​ប្រជាជន​ខ្មែរ​បាន​បាត់បង់​ជា​បន្តបន្ទាប់​ក្នុង​យន្តការ​នៃ​ ប្រវត្តិសាស្ត្រ ។ ព្រឹ​ត្ត​ការណ៍​នេះ​បាន​កើតឡើង​ក្រោយពី​ការ​លេចធ្លោ​ឡើង​រដ្ឋ​សៀម​ ដំបូងបង្អស់​នៅ​សុខោទ័យ ។ ដូច្នេះ​អាចធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​អំពី​ប្រភព​មន​-​ខ្មែរ ចំពោះ​សម្មិទ្ធិផល​សង្គម​វប្បធម៌​នា​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ខ្មែ​នា​សម័យ​ប្រវត្តិសាស្ត្រ ពោលគឺ​សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​១៣ - ១៤ ។​ ​
​ ​ជារួម គេ​អាច​ឈ្វេងយល់​ពី​ការបាត់បង់​នៃ​ទឹកដី​ខ្មែរ​ដ៏​ធំធេង​នេះ​យ៉ាង​ ត្រឹមត្រូវ ជា​បន្តបន្ទាប់​តាម​វឌ្ឍនាការ​នៃ​ប្រវត្តិសាស្ត្រ ដោយមាន​បុរាណវិទ្យា​ជា​ភស្តុតាង​ឥត​ប្រកែក​បាន ។
​តែ​ទោះ​យ៉ាងនេះ​ក្តី យើង​នៅ​មិនទាន់​អាច​កំណត់​ចំនួន​ខេត្ត​ខ្មែរ​ទាំងនោះ​យ៉ាង​ប្រាកដ​បាន​នៅឡើយ ពីព្រោះ​តាមពិតទៅ ក្រោយពី​ការ​ដណ្តើមបាន​ខេត្ត​បុរាណ​ទាំងនោះ អាជ្ញាធរ​សៀម​រមែងតែ​ផ្លាស់ប្តូរ​ឈ្មោះ​ជានិច្ច ។ ដូច្នេះ យើង​អាច​ដឹង​ឈ្មោះ​បាន ប្រាកដ​នៃ​ឈ្មោះ​ខេត្ត​ណាមួយ​បានជា​ស្ថាពរ លុះត្រា​តែមាន​ចំណារ​លើ​ថ្ម ឬ​កំណត់ហេតុ​ផ្សេងៗ ដែល​យើង​អាច​ផ្ទៀងផ្ទាត់​យ៉ាង​ត្រឹមត្រូវ​ហ្មត់ចត់ ។​
​ ​ម្យ៉ាងវិញទៀត យើង​បានធ្វើការ​កត់សម្គាល់​រួចមកហើយ​នូវ​វត្តមាន​នៃ​ខេត្ត​ខ្មែរ​មួយចំនួន​ ដែល​ត្រូវបាន​ចារ​នៅលើ​ផ្ទាំងសិលា​ប្រាសាទព្រះខ័ន នា​ចុង​សតវត្ស ទី​១២ នៃ​គ​.​ស យ៉ាងហោចណាស់​ក៏​មួយចំនួន​ដែរ តែ​ក្រោយមក​ដោយ​រវាង​សតវត្ស​ទី​១៣ និង​១៨ យើង​ពុំមាន​អត្ថបទ​សិលាចារឹក​បញ្ជាក់ នេះ​ជា​ការណ៍​មួយ​ផ្តល់​ក្តី​លំបាក​ជាច្រើន ដើម្បី​កំណត់​ឈ្មោះ​នៃ​អាណាខេត្ត​ទាំងនោះ​ឲ្យ​បានជា​ក់លាក់ ។​
​ ​ទោះយ៉ាងណា​ក៏ដោយ សិលាចារឹក​និង​អត្ថបទ​មួយចំនួន ជាពិសេស សិលាចារឹក​ប្រាសាទព្រះខ័ន​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​ឈ្មោះ​ខេត្ត ឬ​បុរី​មួយចំនួន​ដូចតទៅ​នេះ : លពបុរី (​ល្វ​បុរី​), ផេ​ត​បុរី (​វេ​ជ្រ​បុរី​), និង កញ្ជានៈ​បុរី (​សិង្ហ​បុរី​) ជាដើម ។​
​ ​សំខាន់​ជាងនេះទៀត ទម្រង់​លក្ខណៈ​ព្រមទាំង​ឈ្មោះ​របស់​ខេត្ត​ខ្មែរ​បុរាណ​ទាំងនោះ​ត្រូវគេ​ ផ្លាស់ប្តូរ​ដោយ​សម​ស្របតាម​ការអភិវឌ្ឍ​ន៍ ឬ​ទំនើបកម្ម​តាម​ដំណាក់កាល​នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ គឺមាន​ការបង្កើត​ខេត្ត​ថ្មី ថែម​ទៀតផង​ដូច​ប្រទេស​ខ្មែរ​នា​សម័យ​ទំនើប​អញ្ចឹង ។
​ដូច្នេះ​ជាទូទៅ គេ​យល់ថា គេ​មិន​គប្បី​ចាប់​អា​ម្មរណ៍​លើ​ចំនួន​ខេត្ត​ដែល​បាន​បាត់បង់​រួចទៅហើយ​ ក្នុង​អតីតកាល​នោះទេ ។ សម្រាប់​យើង ដើម្បី​ប្រ​មើ​មើល​ឲ្យ​ឃើញ​ពី​វិសាលភាព​នៃ​ទឹកដី​ខ្មែរ​នា​សម័យ​មហានគរ គេ​ត្រូវធ្វើ​សេចក្តី​សង្កេត​ថា ទឹកដី​ថៃ​បច្ចុប្បន្ន គឺជា​កេរដំណែល​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន និង​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​យ៉ាងពិត​ប្រាកដ ។​
​ខាងលើនេះ ជា​ប្រការ​ដែល​បង្ហាញ​ឲ្យ​ឃើញថា នៅក្នុង​ខេត្ត​មួយចំនួន​របស់​ថៃ​បច្ចុប្បន្ន ដូចជា ខេត្ត​ចន្ទ​បុរី​, ត្រាត​, ប​ច្ចិ​ម​បុរី​, ស្រះកែវ​, នគររាជ​សីមា និង សុ​រិ​ន្ទ្រ​ជាដើម ដែលមាន​ជនជាតិខ្មែរ​កំពុង​រស់​នៅ ហើយ​ថែមទាំង​រក្សាបាន​ភាសា​ខ្មែរ ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ និង​ប្រពៃណី​ទំនៀម​ទំលាប់​ដូនតា​ផង គឺជា​ទឹកដី​ខ្មែ​ពិតៗ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment