Saturday, October 29, 2011

ជីវិត និង​ស្នាដៃ​របស់ ណាប៉ូឡេអុង បូណាប៉ារត៍

ដកស្រង់ចេញពី៖ Chouk Khmer

ណាប៉ូឡេអុង បូណាប៉ារត៍ (Napoléon Bonaparte, 1769-1821)

ណាប៉ូឡេអុង បូណាប៉ារត៍ (Napoléon Bonaparte, 1769-1821)

ណាប៉ូឡេអុង កើត​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​១៧៦៩ ក្នុង​ត្រកូល​ជនជាតិ​អ៊ីតាលី ដ៏​ក្រីក្រ​ មាន​កូន​ច្រើន ។ ការ​បាន​ជា​អធិរាជ​ប្រទេស​បារាំង​នេះ អស្ចារ្យ​ណាស់ ដោយ​​បាន​ទទួល​ការ​អនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត។ ​អាយុ​១១​ឆ្នាំ បាន​ចូល​រៀន​ក្នុង​សាលា​យោធា ដល់​អាយុ​១៧​ឆ្នាំ បាន​ឋានន្តរសក្តិ​ជា អនុសេនីត្រី នៅ​រវាង​នេះ​ឯង​ដែល​ណាប៉ូឡេអុង បាន​ដំណើរ​ជីវិត​យ៉ាង​លំបាក​តោកយ៉ាក​បំផុត ។ អាយុ​២៥​ឆ្នាំ បាន​ជា អនុសេនីឯក ធ្វើការ​បាន​ល្បី​ឈ្មោះ​ជា​ដំបូង​នៅ​ក្រុង ទូឡុង តែ​ក៏​ឥត​បាន​ទទួល​ផល​តបស្នង​ឲ្យ​បាន​ស័ក្តិសម​ដែរ ។ គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខងារ​ឯ​ប្រទេស​ទួរគី​ទៅ​ហើយ ។ តែ​ចៃដន្យ​គាត់​ត្រូវ​បាន​ជ្រើស​ឲ្យ​ជា​អ្នក​បង្ក្រាប​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី ហើយ​គាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ជា​ហេតុ​ឲ្យ​គាត់​បាន​ទទួល​ឋានៈ​គ្រាន់​បើ​ឡើង ។ គាត់​រៀបការ​នឹង​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ហ្សូសែហ្វីន ដែល​ជា​អ្នក​មាន​ការ​ស្និទ្ធស្នាល​នឹង​វីរជន​ជាច្រើន ជាហេតុ​ឲ្យ​ណាប៉ូឡេអុង បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជា​លំដាប់ ។ ក្រោយ​ពី​រៀបការ​ហើយ គាត់​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ីតាលី ធ្វើការ​បាន​ជ័យ​ជម្នះ​ជានិច្ច​មក អាយុ​២៨​ឆ្នាំ​បាន​ជា ឧត្ដមសនី និង​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អេហ្ស៊ីប បាន​ជ័យ​ជម្នះ​ដ៏​ធំ ជាហេតុ​ឲ្យ​បាន​ទទួល​ការ​គោរព​រាប់អាន​ពី​ប្រជាជន​ទូទៅ​ក្នុង​ប្រទេស​បារាំង ។

ក្នុង​រយៈកាល​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អេហ្ស៊ីប​នេះ ណាប៉ូឡេអុង​បាន​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​មាន​អំណាច​ទន់​ខ្សោយ ហើយ​ទើប​គាត់​ត្រលប់​មក​កាន់​ក្រុង​ប៉ារីស ដោយ​សារ​ជ័យជម្នះ​របស់​ខ្លួន ទើប​ប្រជាជន​គោរព​រាប់អាន​ច្រើន រហូត​ដល់​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី (ភាសា​បារាំង​នៅ​សម័យ​នោះ​ហៅ​ថា កុងស៊ុល “Consul”) សាង​ប្រយោជន៍​សំខាន់ៗ​ឲ្យ​ដល់​ជាតិ​បារាំង​ជាច្រើន ។ អាយុ​៣៦​ឆ្នាំ ក៏​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​នៃ​ប្រទេស​បារាំង ។ ពង្សាវតារ​ណាប៉ូឡេអុង បន្ត​ពី​នេះ​ទៅ ពេញ​ពោរ​ទៅ​ដោយ​ការ​បង្ហូរ​ឈាម ។ ណាប៉ូឡេអុង​បាន​ជា​ឧទាហរណ៍​មួយ​ដ៏​ខ្ពស់​បំផុត​របស់​មនុស្ស​ដែល​មាន​ភាព​រឹងប៉ឹង​អត់ធន់ ។ កាលបើ​បាន​ធ្វើ​គម្រោង​ការណ៍​អ្វី​មួយ​ហើយ តែង​តែ​យក​ជីវិត​ទៅ​ប្ដូរ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គម្រោង​ការណ៍​នោះ ។ ការ​ដែល​គាត់​អាច​សាង​ខ្លួន​ឡើង​ទៅ​ដល់​ឋានៈ​ខ្ពស់​បំផុត​ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​​នោះ​ក៏​ព្រោះ​លក្ខណៈ​ដែល​រឹងប៉ឹង​ជា​ប្រធាន ។ ណាប៉ូឡេអុង​បាន​ទទួល​ការ​សរសើរ​ថា ជា​មេទ័ព​ដ៏​មាន​ថ្វីដៃ​បំផុត​ក្នុង​លោក ។ តែ​ក៏​បាន​ទទួល​ពាក្យ​រិះគន់​ថា ជា​អ្នក​ប្រាថ្នា​ធ្វើ​ជា​ម្ចាស់​លើ​អឺរ៉ុប លើក​គ្នា​ចោម​វាយ​ណាប៉ូឡេអុង ។ ណាប៉ូឡេអុង​បាក់​ទ័ព​ជាដំបូង​នៅ​ប្រទេស​រុស្សី ហើយ​តមក ក៏​មាន​តែ​ការ​ទទួល​បរាជ័យ ទាល់​តែ​សត្រូវ​ហៀប​ចូល​ដល់​ក្រុង​ប៉ារីស តែ​ដល់​រៀប​នឹង​ចូល​ដល់​ក៏​បាន​ដឹង​ថា រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​រួច​ទៅ​ហើយ ទើប​ត្រលប់​ទៅ​កាន់​ហ្វុងតែនប្លូ ចម្ងាយ​ពី​ប៉ារីស​៥០​គម ទ្រង់​លា​ចាក​រាជសម្បត្តិ ។ ឯ​ខាង​ក្រុង​ប៉ារីស ក៏​តាំង​ស្ដេច​ល្វីស៍​ទី​១៨ ដែ​ជា​វង្ស​ក្សត្រ​ចាស់​របស់​ប្រទេស​បារាំង ឡើង​ជា​ម្ចាស់​ផែនដី ។

ណាប៉ូឡេអុង​លា​ចាក​រាជសម្បត្តិ​ហើយ ក៏​សត្រូវ​របស់​ព្រះអង្គ​នៅ​តែ​ពុំ​ទុក​ចិត្ត ទើប​បង្គាប់​ឲ្យ​រដ្ឋាភិបាល​បារាំង​យក​ណាប៉ូឡេអុង​ទៅ​បំបរ​បង់​នៅ​កោះ​ទៀត ។ ណាប៉ូឡេអុង​ប្រាថ្នា​នឹង​ផ្ដាច់​បង់​ជីវិត​ព្រះអង្គ​ឯង តែ​មាន​គេ​ឃាត់​ទាន់ ក៏​ត្រូវ​នាំ​ទៅ​ចោល​ឯ​កោះ អេសលប៍ នៅ​ថ្ងៃ​១២ ខែ​មេសា ឆ្នាំ​១៨១៣ ។

សូម្បី​នាំ​យក​ទៅ​ចោល​ឯ​កោះ​ហើយ ណាប៉ូឡេអុង​ក៏​ពុំ​អស់​ពឹស ។ នៅ​ទី​នោះ​ពុំ​ដល់​មួយ​ឆ្នាំ​ផង ក៏​លប​ចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេស​ដែល​យាម​ល្បាត មក​កាន់​ទី​គោក​បាន​ទៀត ។ ល្វីស៍​ទី​១៨ ទ្រង់​ជ្រាប​ក៏​បញ្ជូន​កងទ័ព​ទៅ​ចាប់ ។ តែ​កាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ហើយ​ពុំ​ចាប់​ទេ ត្រលប់​ជា​ចុះចូល​នឹង​ណាប៉ូឡេអុង​ទាំង​អស់​ទៅ​វិញ ។ ណាប៉ូឡេអុង​ទើប​បាន​កម្លាំង​ទ័ព​លើក​ចូល​មក​កាន់​ក្រុង​ប៉ារីស ។ ព្រះបាទ​ល្វីស៍​ទី​១៨ ក៏​ស្ដេច​ទ្រង់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បែលហ្សិក ព្រោះ​ទ្រង់​ជ្រាប​ថា នឹង​នៅ​តទល់​ជាមួយ​ណាប៉ូឡេអុង​ពុំ​បាន​ឡើយ ។ ការ​ដែល​ណាប៉ូឡេអុង​ត្រលប់​មក​គ្រា​នេះ​ គ្រប់​ប្រទេស​ក្នុង​អឺរ៉ុប​ចាត់​ទុក​ថា ជា​ការ​ប្រកាស​សង្គ្រាម ទើប​នាំ​គ្នា​ចោម​វាយ​ណាប៉ូឡេអុង ។ ចំណែក​ណាប៉ូឡេអុង ក៏​តស៊ូ​ដោយ​យល់​ថា ជាទីបំផុត​នៃ​ជីវិត ។ ទីបំផុត​ក៏​ត្រូវ​ទ័ព​បច្ចាមិត្ត​ចាប់​កណ្ដាល​សង្គ្រាម និង​ត្រូវ​បញ្ជូន​ទៅ​កាន់​កោះ សាំងអេឡែននៅ​ទី​នោះ​បាន​៦​ឆ្នាំ ក៏​អស់​ព្រះជន្ម​ក្នុង​ជន្មាយុ​៥២​ឆ្នាំ

សេចក្ដី​បញ្ចប់ ណាប៉ូឡេអុង នៅ​រួម​នឹង ហ្សូសែហ្វីន ពុំ​មាន​បុត្រ ក៏​ទ្រង់​លែងលះ​ពី​ហ្សូសែហ្វីន ហើយ​ទ្រង់​សម្រប​នឹង​ម្ចាស់ក្សត្រី​ជាតិ​អូទ្រីស​ទៅ​វិញ ។

ណាប៉ូឡេអុង​ប្រកាន់​ព្រះអង្គ​ថា​ជា​ស្ដេច​ចក្រពត្តិ ក៏​គួរ​ណាស់​ព្រះអំណាច​រាជបារមី​របស់​ព្រះអង្គ ផ្សាយ​ទៅ​សឹង​គ្រប់​ទៅ​ទ្វីប​អឺរ៉ុប​ទាំងមូល ហើយ​ព្រះអង្គ​ទ្រង់​ទីនាំង​សេះ​ស​ជានិច្ច ត្រឹមត្រូវ​តាម​ក្បួន​ព្រាហ្មណ៍​និយម ។

សូម្បី​ទ្រង់​មាន​អំណាច​វាសនា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​រឿង​គួរ​ឲ្យ​ប្លែក ដែល​រំលង​ពោល​ពុំ​បាន គឺ​ទ្រង់​អភ័ព្វ​ខាង​ក្នុង​គ្រួសារ បងប្អូន​ពុំ​នៅ​ក្រោម​ឱវាទ មហេសី​ពុំ​កោត​ក្រែង ផ្ទុយ​ទៅ​វិញ ណាប៉ូឡេអុង​ត្រូវ​ខ្លាច​ក្រែង​ជន​ទាំង​នោះ​ទៅ​វិញ ។ ប្រែ​ថា អំណាច​របស់​ណាប៉ូឡេអុង​ខាង​កិច្ចការ​ផែនដី និង​ខាង​គ្រួសារ ខុស​គ្នា​មេឃ និង​ដី ។ មាន​រឿង​ដំណាល​ថា មហេសី​ទ្រង់​ប្រោស​ចិញ្ចឹម​ឆ្កែ ព្រះអង្គ​ពុំ​ទ្រង់​ប្រោស តែ​ពុំ​អាច​ទ្រង់​ពោល​ដូចម្ដេច​បាន​ឡើយ ។ ពេល​មួយ​នោះ​ឆ្កែ​បាត់ ទ្រង់​សប្បាយ​ព្រះទ័យ​ថា​នឹង​ផុត​ទុក្ខ ហើយ​ទ្រង់​ហាម​ដាច់​ខាត ពុំ​ឲ្យ​អ្នកណា​នាំ​ឆ្កែ​ថ្មី​មួយ​ចូល​វាំង​ទៀត ។ តែ​ពុំ​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​មហេសី​បាន​ឆ្កែ​ថ្មី​មួយ​ទៀត ជា​ការ​ល្មើស​នឹង​ព្រះរាជ​និយម តែ​ក៏​មិន​ប្រាកដ​ថា​ទ្រង់​មាន​ព្រះឱង្ការ​យ៉ាង​ណា​ឡើយ ។

លោក អាធូរ លេវីស៍ (Arthur Lévis) បាន​និយាយ​ឡក​ទុក​ក្នុង​សៀវភៅ​របស់​គាត់​ថា «ព្រះមហាចក្រពត្តិ ព្រះអង្គ​មាន​ព្រះតេជានុភាព​បង្ក្រាប​អឺរ៉ុប​អស់​មួយ​ទ្វីប តែ​ក្នុង​រាជវាំង​ព្រះអង្គ​នោះ សូម្បី​តែ​ទ្រង់​ដេញ​ឆ្កែ​តែ​មួយ​ក្បាល​ចេញ​ក៏​ពុំ​បាន» ៕

ដោយ ស៊ា ប៊ុនភេង សៀវភៅ​សាង​ខ្លួន​ឯង


No comments:

Post a Comment