អស់រយៈពេលជិតសាមសិបឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមដ៏ឃោរឃៅបានដួលរលំ អ្នករួចរស់ជីវិតម្នាក់ពីយន្ដការនៃការធ្វើទារុណកម្មដ៏គ្មានមេត្តាបានងើបខ្លួនចេញពីប្រវត្ដិសាស្ដ្រ ហើយប្រកាសថា «ខ្ញុំមានជីវិតរស់នៅឡើយ» ។
ខ្មែរក្រហមបានឃុំឃាំង និងធ្វើទារុណកម្មប្រជាជនកម្ពុជាចំនួនប្រមាណ១៤.០០០នាក់ នៅគុកទួលស្លែង ឬ «មន្ទីរស-២១» ។ ការឃុំឃាំងនៅមន្ទីរស-២១ គឺជាការកាត់ទោសប្រហារជីវិតដ៏ពិតប្រាកដមួយ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចចេញមកក្រៅរួចរស់ជីវិត ។ ក្នុងចំណោមនោះក៏មាន ប៊ូ ម៉េង ម្នាក់ដែរ ដែលជាជាងគំនូរម្នាក់ ។ ជាច្រើនឆ្នាំបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម រឿងមួយដែលគួរឱ្យរន្ធត់ជាងគេនៅក្នុងប្រវត្ដិសាស្ដ្រ (១៩៧៥-១៩៧៩) ហើយជាងបីទសវត្សរ៍បន្ទាប់ពីមន្ទីរស-២១បានដួលរំលំ ប៊ូ ម៉េង ត្រូវបានគេជឿជាក់ថា បានស្លាប់បាត់ទៅហើយ ។ នៅក្នុងខែមករា ឆ្នាំ២០០២ កាសែតក្នុងស្រុកជាភាសាអង់គ្លេសមួយនៅក្នុងទីក្រុងភ្នំពេញបានរាយការណ៍ថា គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៧ ឬនៅក្នុងឆ្នាំ១៩៩៨ ហើយនៅក្នុងខែតុលា ឆ្នាំ២០០២ ទស្សនាវដ្ដីកម្ពុជាមួយដែលមានឈ្មោះថា «ទស្សនាវដ្ដីស្វែងរកការពិត» បានឃើញរូបថតមួយសន្លឹករបស់អ្នករួចរស់ជីវិតពីមន្ទីរស-២១ដែលប្រមូលបាននៅអតីតគុកទួលស្លែងនោះ បានរាយការណ៍ថា ប៊ូ ម៉េង «បាត់ខ្លួន» ។
ប៉ុន្ដែ ប៊ូ ម៉េង នៅរស់ជីវិតយ៉ាងពិតប្រាកដ ។ ការដែលគាត់អាចរួចពីទីស្ថានដ៏ព្រៃផ្សៃមួយនេះគឺដោយសារតែគាត់មានជំនាញជាអ្នកគូរគំនូរ ។ នៅក្នុងអំឡុងពេលឃុំឃាំងខ្លួនរបស់គាត់នៅមន្ទីរស-២១ ប៊ូ ម៉េង ត្រូវបានខ្មែរក្រហមបង្ខំឱ្យគូររូបរបស់ ប៉ុល ពត និងមេដឹកនាំកុម្មុយនិស្តផ្សេងៗទៀតក្នុងបំណងឃោសនានយោបាយ ។ ដោយសារតែជំនាញពិសេសរបស់គាត់ មេឃាតករនៅមន្ទីរស-២១បានទុកគាត់ឱ្យនៅរស់ជីវិត ។ ប៉ុន្ដែ ប្រពន្ធរបស់ ប៊ូ ម៉េង ដែលមានឈ្មោះ ម៉ា យឿន ឬកូនប្រុសពីរនាក់របស់គាត់មិនមានវាសនារស់រានមានជីវិតឡើយ ។ ម៉ា យឿន ត្រូវទទួលរងនូវទារុណកម្ម ហើយត្រូវបានសម្លាប់នៅវាលពិឃាតជើងឯក ។ កូនរបស់ ប៊ូ ម៉េង ត្រូវស្លាប់ដោយអត់អាហារនៅកងកុមារ ។
រឿងរ៉ាវរបស់ ប៊ូ ម៉េង គឺជាសាច់រឿងមួយក្នុងចំណោមរឿងរ៉ាវរាប់លានរបស់ប្រជាជនកម្ពុជាដែលទទួលរងនូវភាពទុក្ខវេទនា ការធ្វើទារុណកម្ម និងការជាប់ឃុំឃាំងក្នុងអំឡុងរបបព្រៃផ្សៃរបស់ខ្មែរក្រហម ។
សព្វថ្ងៃរឿងរ៉ាវរបស់ ប៊ូ ម៉េង បានក្លាយជារឿងរ៉ាវដ៏ពិសេសមួយ ហើយការចងចាំរបស់គាត់អាចប្រើប្រាស់ជាឧបករណ៍មួយក្នុងការស្វែងរកការពិត និងយុត្ដិធម៌ ។
សៀវភៅដើម្បីការចងចាំ និងយុត្ដិធម៌សង្គម
មជ្ឈមណ្ឌលឯកសារកម្ពុជាបានចេញផ្សាយសៀវភៅមួយទៀតក្នុងខែឧសភា ឆ្នាំ២០១០ ។ សៀវភៅនេះមានកម្រាស់ ៨០ទំព័រដែលសរសេរជាភាសារអង់គ្លេសមានចំណងជើងថា «ប៊ូ ម៉េង អ្នករស់រានមានជីវិតពីមន្ទីរស-២១: យុត្ដិធម៌សម្រាប់អនាគត មិនគ្រាន់សម្រាប់តែជនរងគ្រោះប៉ុណ្ណោះទេ» ។
បច្ចុប្បន្ន ប៊ូ ម៉េង គឺជាអ្នករស់រានមានជីវិតពីមន្ទីរស-២១ម្នាក់ក្នុងចំណោមបីនាក់ដែលនៅរស់រានមានជីវិតសព្វថ្ងៃ ។ ហើយថ្មីៗនេះដែរ ប៊ូ ម៉េង បានប្រឈមមុខជាមួយ ឌុច ដែលជាប្រធានមន្ទីរស-២១ ហើយ ឌុច នេះហើយដែលជាអ្នកបង្ខំ ប៊ូ ម៉េង ឱ្យគូររូបរបស់ ប៉ុល ពត ដើម្បីជាថ្នូរនឹងការរស់រានមានជីវិតរហូតដល់សព្វថ្ងៃ ។ រូបគំនូររបស់ ប៉ុល ពត ដែលគូរដោយ ប៊ូ ម៉េង ត្រូវបានបោះពុម្ពក្នុងសៀវភៅនេះដែរ ។ ថ្វីដ្បិតតែ ប៊ូ ម៉េង អាចរស់រានមានជីវិត ប៉ុន្ដែប្រពន្ធរបស់គាត់ដែលជាប់នៅមន្ទីរស-២១នេះដូចគ្នា មិនមានវាសនាដូចជាគាត់ទេ ។ អ្នកនិពន្ធ ហ៊ុយ វណ្ណៈ បានជួប ប៊ូ ម៉េង លើកដំបូងនៅខែមករា ឆ្នាំ២០០៣ ក្រោយពេលដែល ប៊ូ ម៉េង ចាប់ផ្ដើមបង្ហាញខ្លួនជាសាធារណៈលើកដំបូង ហើយបានចាប់ផ្ដើមសិក្សាពីជីវិតរបស់គាត់រហូតមក ។ ហ៊ុយ វណ្ណៈ បានស្គាល់នូវការឈឺចាប់ ភាពរីករាយ និងភាពមិនសងសឹកនៃជីវិតផ្ទាល់ខ្លួនរបស់ ប៊ូ ម៉េង ។ ទោះធ្លាប់រស់នៅដោយភាពឈឺចាប់ពីអតីតកាល ប៊ូ ម៉េងនៅតែអាចធ្វើដំណើរទៅមុខជានិច្ច ហើយជម្នះនូវទ្រឹស្ដីមិនសងសឹកចំពោះជនដៃដល់ ជាពិសេស ឌុច ។
សៀវភៅនេះគឺជាសារណាថ្នាក់អនុបណ្ឌិតរបស់ ហ៊ុយ វណ្ណៈ ហើយក្រោយមកបានយកតាក់តែងកែលម្អបន្ថែមដើម្បីបោះពុម្ពផ្សាយចេញជាសៀវភៅនេះ ។ សៀវភៅនេះគឺជាការរៀបរាប់អំពីការចងចាំរបស់ជនរងគ្រោះម្នាក់ដែលត្រូវបានសរសេរជាសៀវភៅសម្រាប់ការចងចាំក្នុងរយៈកាលយូរអង្វែងទៅថ្ងៃអនាគត ៕
ទស្សនាវដ្ដីស្វែងរកការពិត លេខ១២៥ ខែឧសភា ឆ្នាំ២០១០
No comments:
Post a Comment