Tuesday, November 1, 2011

អំពី​អំបូរ​ខ្មែរ‑មន

ផែនទី​ព្រំដែន​ខ្មែរ​ក្នុង​ស.វ.​ទី​១៣

ផែនទី​ព្រំដែន​ខ្មែរ​ក្នុង​ស.វ.​ទី​១៣

កាល​ពី​ដើម​អំបូរ​ខ្មែរ‑មន​នេះ គេយល់​ថា​គ្រាន់​តែ​ជា​អំបូរ​ភាសា​មួយ​តែ​ប៉ុណ្ណោះ ។ យ៉ាងណាមិញ ភាសាវិទូ​មួយ​ក្រុម មាន​ជា​អាទិ៍ លោក James R. Gogan បាន​រក​ឃើញ​នូវ​អត្ថិភាព​នៃ​អំបូរ​ភាសា​នេះ​មុន​គេ​នៅ​ឆ្នាំ​១៨៥៦ ប៉ុន្តែ​កាល​ណោះ​គេ​និយម​ហៅ​អំបូរ​នេះ​ថា មន‑អណ្ណាមមន‑ខ្មែរ‑អណ្ណាម ទៅ​វិញ ។ ក្រោយ​មក​ទៀត​ដោយ​សិក្សា​ទៅ​ឃើញ​ថា ភាសា​អណ្ណាម​មាន​លក្ខណៈ​ខុស​ប្លែក​អំពី​អំបូរ​ភាសា​ខ្មែរ‑មន ទើប​ភាសា​វិទូ​ខ្លះ​បាន​ដក​ភាសា​នេះ​ចេញ ហើយ​យក​ទៅ​បញ្ចូល​ក្នុង​ក្រុម​ភាសា​ថៃ​វិញ ។ នេះ​ជា​ទស្សនៈ​របស់​លោក Henri Maspéro ដែល​លោក​បាន​លាត​ត្រដាង​យ៉ាង​ច្បាស់​លាស់​ក្នុង​អត្ថបទ​សិក្សា​មួយ​មាន​ចំណងជើង​ថា «Etude sur lar phonitique historique de la langue annamite. Les initiales.» ។

ចំពោះ​ភាសាវិទូ​ជាតិ​អាល្លឺម៉ង់ P. W. Schmidt អំបូរ​ខ្មែរ‑មន មិន​គ្រាន់​តែ​ជា​អំបូរ​ភាសា​ទេ តែ​ជា​អំបូរ​ជាតិ​សាសន៍​ផង​ដែរ ។ ក្នុង​សៀវភៅ «Les peuples mon-khmer» បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩០៨ នៅ​ហាណូយ លោក​បាន​បង្ហាញ​នូវ​លក្ខណៈ​រូបរាង​កាយ​របស់​ជនជាតិ​ទាំង​នោះ​ដែល​មាន​ដូច​តទៅ ៖

  • មាឌ​តូច​ល្មម អាច​ឡើង​ដល់​មធ្យម
  • ស្បែក​សម្បុរ​សណ្ដែកបាយ
  • ភ្នែក​មាន​សណ្ឋាន​ត្រង់ ហើយ​ផ្ដេក​បើក​ធំៗ
  • ច្រមុះ​ទូលាយ
  • ក្បាល​ពយ

គួរ​កត់​សម្គាល់​ថា ចំពោះ​មាឌ​ក្ដី លលាដ៍​ក្បាល​ក្ដី លោក P. W. Schmidt ពុំ​បាន​បង្ហាញ​លេខ​ក្នុង​ការ​វាស់វែង​ឲ្យ​បាន​ច្បាស់​លាស់​ទេ ហើយ​មាន​ចំណុច​ខ្លះ ដូចជា​លលាដ៍​ក្បាល​ជា​ដើម លោក​បាន​បង្ហាញ​លទ្ធផល​ដែល​មាន​ទំនាស់​នឹង​លទ្ធផល​ផ្ដល់​ដោយ​អ្នកប្រាជ្ញ​ផ្សេង​ទៀត ។ ក្នុង​សៀវភៅ​មាន​ចំណងជើង​ថា «Les populations du Cambodge» លោក​បណ្ឌិត G. Olivier បាន​ចុះ​ផ្សាយ​នូវ​តារាង​នៃ​លទ្ធផល​ការ​វាស់វែង​របស់​លោក ហើយ​ដែល​យើង​អាច​ដក​ស្រង់​បាន​ដូច​តទៅ ៖

  • ខ្មែរ​ មាន​កម្ពស់​ជា​មធ្យម ១,៦១ ម និង​សន្ទស្សន៍​លលាដ៍​ក្បាល ៨៤,៥
  • មន មាន​កម្ពស់​ជា​មធ្យម ១,៦២ ម និង​សន្ទស្សន៍​លលាដ៍​ក្បាល ៨៥,៦

បើ​យោល​តាម​លទ្ធផល​ខាងលើ​នេះ យើង​ឃើញ​ថា ខ្មែរ និង​ មន មាន​កម្ពស់​មធ្យម​ដូច​គ្នា (ខុស​គ្នា​តែ ១ ភាគរយ​ប៉ុណ្ណោះ) ឯ​ក្បាល​ក៏​មូល​ដូច​គ្នា​ទៀត (ខុស​គ្នា​តែ ១,១) មិន​មែន​ពយ​ដូច​លោក P. W. Schmidt យល់​នោះ​ទេ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​យើង​អាច​យល់​ថា ត្រង់​ហ្នឹង​គ្រាន់​តែ​ជា​ការ​ភ័ន្តច្រឡំ​ទេ ព្រោះ​លោក​បាន​សរសេរ​សន្និដ្ឋាន​ថា លក្ខណៈ​ទាំង​នោះ អនុញ្ញាត​ឲ្យ​លោក​អះអាង​ថា ពួក​មនុស្ស​នោះ​ស្ថិត​ដាច់​ចេញ​ពី​អំបូរម៉ុងហ្គោល​ផង និង​ពី​អំបូរ​អារ្យន៍​ផង ។

លោក Maurice Glaize អតីត​អភិរក្ស​អង្គរ បាន​សរសេរ​ក្នុង​សៀវភៅ «Les monuments du groupe d’Angkor» ថា «​… Les Khmers se rattachent en effet, tant au point de vue ethnologique que linguistique, aux populations môn de Basse Birmanie…» (ជនជាតិ​ខ្មែរ​ជាប់​ពូជ​អំបូរ​ទាំង​ខាង​ជាតិ​សាសន៍ និង​ទាំង​ខាង​ភាសា​ទៅ​នឹង​ជនជាតិ​មន​នៅ​ប្រទេស​ភូមា​ខាង​ក្រោម) ។ ឯ​លោក Philippe Devillers អ្នក​ស្រាវជ្រាវ​បារាំង​ម្នាក់​ទៀត បាន​សរសេរ​ក្នុង​សៀវភៅL’Asie du Sud-Est ក្បាល​ទី​២​ថា «… Khmers, people de meme souche ethnolinguistique que les Mônes…» (ខ្មែរ​ជា​ជនជាតិ​ដែល​មាន​ឫស​គល់​ខាង​ជាតិ​សាសន៍ និង​ភាសា​ជាមួយ​នឹង​ជាតិ​មន) ។

សរុប​សេចក្ដី​មក យើង​ឃើញ​ថា លទ្ធផល​នៃ​កា​រ​សិក្សា​ស្រាវជ្រាវ​របស់​លោក P. W. Schmidt, លោក G. Olivier, លោក Maurice Glaize និង​លោក Philippe Devillers ដូច​បាន​រៀបរាប់​រួច​មក​ហើយ ជា​ភស្តុតាង​សម្រាប់​បញ្ជាក់ និង​គាំទ្រ​នូវ​ទស្សនៈ​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ដែល​បាន​ចាត់​ទុក​ថា អំបូរ​ខ្មែរ‑មន ជា​អំបូរ​ពិសេស​មួយ

បើ​តាម​ឯកសារ​ថ្មី​ដែល​បោះពុម្ព​ផ្សាយ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៦៤ (Ethnic groups of mainland South-East Asia) អំបូរ​ខ្មែរ‑មន មាន​គ្នា​ទាំង​អស់ ៧៦ ក្រុម រស់​នៅ​ចាប់​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត រហូត​ដល់​សមុទ្រ​ចិន ដោយ​កាត់​តាម​ប្រទេស​ភូមា ប្រទេស​ថៃ ប្រទេស​លាវ ប្រទេស​វៀតណាម និង​ប្រទេស​ខ្មែរ ។ ក្នុង​ចំណោម​ជនជាតិ​ខ្មែរ‑មន​ទាំង​ឡាយ មាន​តែ​ខ្មែរ និង​មន​ទេ​ដែល​បាន​កសាង​អរិយធម៌​ខ្ពង់ខ្ពស់​ជាង​គេ ព្រោះ​ម្យ៉ាង​ដោយ​ហេតុ​ជនជាតិ​ទាំង​នេះ​បាន​ទៅ​រស់​នៅ​ត្រង់​វាល​ទំនាប​នៃ​ទន្លេ​ធំៗ​ដែល​មាន​ជីជាតិ​ល្អ ហើយ​ម្យ៉ាង​ទៀត​ដោយ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​ជន​បរទេស​ទៀត​ផង ។ ចំណែក​ឯ​ជនជាតិ​ខ្មែរ‑មន​ឯ​ទៀត ដែល​រស់​នៅ​តាម​ព្រៃ​ភ្នំ ស្ទើរ​តែ​គ្មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ផង​នោះ ក៏​ឃើញ​ថា គ្មាន​ការ​ចម្រើន​លូត​លាស់ នៅ​ទន់​ខ្សោយ​តែ​គ្រប់​វិស័យ​ទាំង​អស់ ។ ដោយ​ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ប្រាជ្ញ​លោក​បាន​យក​ឈ្មោះ​ពីរ​នេះ​គឺ ខ្មែរ‑មន មក​ធ្វើ​ជា​ឈ្មោះ​សម្រាប់​សម្គាល់​អំបូរ​ទាំង​មូល គឺ​អំបូរ​ខ្មែរ‑មន ប៉ុន្តែ​ខ្មែរ​យើង​បាន​ផ្លាស់​ឈ្មោះ​នេះ​ពី មន‑ខ្មែរ មក​ជា ខ្មែរ‑មន វិញ ព្រោះ​យើង​យល់​ថា ​ខ្មែរ​ជា​ធាតុ​សំខាន់​ជាង​គេ ព្រោះ​ជា​ជាតិ​មួយ​មាន​គ្នា​ច្រើន​ជាង​គេ ហើយ​មាន​ឋានៈ​ជា​រដ្ឋ​ប្រកប​ដោយ​ឯករាជ្យ អធិបតេយ្យ និង​អរិយធម៌​ខ្ពង់ខ្ពស់​ទៀត​ផង ។ គួរ​បញ្ជាក់​ដែរ​ថា ការ​កែប្រែ​រួច​មក​ហើយ​នេះ បាន​ទទួល​ការ​យល់​ព្រម​ពី​អង្គការ​យូណេស្កូ​ក្នុង​សម័យ​ប្រជុំ​កាល​ពី​ខែ​តុលា‑វិច្ឆិកា ឆ្នាំ​១៩៧០ ហើយ ។

ត​ទៅ​នេះ យើង​សូម​លើក​យក​ធាតុ​សំខាន់​ជាងគេ​ពីរ​នៃ​អំបូរ​ខ្មែរ‑មន មក​សិក្សា​ដើម្បី​ឲ្យ​បាន​ដឹង​ថា តើ​ខ្មែរ និង​មន​នេះ​ជា​អ្វី ?

ក. ខ្មែរ

ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ពី​ខ្មែរ ទោះ​ក្នុង​ផ្នែក​ជាតិសាសន៍​ក្ដី ក្នុង​ផ្នែក​ប្រវត្តិសាស្ត្រ​ក្ដី ក្នុង​ផ្នែក​វប្បធម៌‑អរិយធម៌​ក្ដី គេ​តែង​ឃើញ​មាន​បញ្ហា​ចោទ​ឡើង​ចំពោះ​ពាក្យ​ថា ខ្មែរ‑មន‑កម្ពុជា នេះ​ឯង ។ ចំពោះ​ពាក្យ​ទាំង​បី​ខាង​លើ​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ផ្ដល់​យោបល់​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ ។ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា យោបល់​ណា​ត្រឹមត្រូវ​ជាង​យោបល់​ណា​ទេ ។ ដើម្បី​ជា​ការ​ត្រិះរិះ​សម្រាប់​អ្នក​សិក្សា យើង​សូម​លើក​យក​ទស្សនៈ​ទាំង​នោះ​មក​លាត​ត្រដាង​មួយ​ម្ដងៗ​ ដូច​ត​ទៅ​នេះ ៖

១. ទស្សនៈ​លោក G. Coedès

អ្នកប្រាជ្ញ​រូប​នេះ​បាន​យល់​ថា ពាក្យ «ខ្មែរ» ប្រហែល​ជា​កើត​មក​ពី​ការ​ផ្សំ​រវាង​ឈ្មោះ «កម្ពុ» និង «មេរា» ដោយ​សំអាង​ទៅ​លើ​រឿង​ព្រេង​ក្នុង​សិលាចារឹក​បក្សីចាំក្រុង (ស.វ​​.ទី​១០) ដែល​បាន​និទាន​ថា ស្ដេច​ខ្មែរ​យើង​មាន​ដើម​កំណើត​មក​ពី ឥសី​កម្ពុ​ស្វយម្កុវ និង​នាង​ទេព​អប្សរ មេរា ដែល​ព្រះឥសូរ​បាន​ប្រទាន​ឲ្យ​ជា​មហេសី ។ ទស្សនៈ​បែប​នេះ លោក G. Coedès បាន​លាត​ត្រដាង​ក្នុង​ស្នាដៃ​របស់​លោក​ឈ្មោះ Histoire ancienne des Etats Hindouisés d’Extrème-Orient បោះពុម្ព​នៅ​ក្រុង​ហាណូយ កាល​ពី​ឆ្នាំ​១៩៤៤ ហើយ​ត្រូវ​បាន​ព្រះភិក្ខុ​វិរិយបណ្ឌិតោ ប៉ាង ខាត់ យល់​ស្រប​តាម​ទាំង​ស្រុង ។ ក្នុង​ទស្សនាវដ្ដី​ពុទ្ធិកសិក្សា​ឆ្នាំ​ទី​១ លេខ​៥ ឆ្នាំ​១៩៥៧ ព្រះអង្គ​បាន​សរសេរ​ជា​អាទិ៍​ថា ការ​សម្ព័ន្ធ​ឫសី​កម្ពុ និង​នាង​មេរា​នេះ ជា​បុព្វហេតុ​នាំ​ឲ្យ​កើត​ជា​ សូរ្យវង្ស ឬ​ អាទិច្ចវង្ស ឡើង​នៅ​ខាង​ចេនឡា ។ បើ​យើង​អាន​ប្រមៀល​ពាក្យ កម្ពុ មេរា នេះ​បន្តិច​ម្ដងៗ​ក៏​នឹង​បាន​ទៅ​ជា​ពាក្យ​ខ្មែរ​ដូច កម្ពុជា + មេរា > កម្ពុ + មេរ > កម្ព + មេរ > ក័ម + មេរ > ក មេរ > ក្មេរ = ខ្មែរ ។ ដំណើរ​នេះ​មាន​ន័យ​សមរម្យ​ទំនង​បាន​ទៅ​ជា​ពាក្យ​ថា «ខ្មែរ» ណាស់ ។ … អ្នក​បាលី​បាន​ធ្វើ​ពាក្យ​ថា ខ្មែរ ទៅ​ជា​បាលី​ថា ខេមរ ប្រែថា អ្នក​មាន​សេចក្ដី​ក្សេមក្សាន្ត ។

ពាក្យ​ថា «កម្ពុជា» ក៏​កើត​ចេញ​មក​ពី​ពាក្យ​ឫសី កម្ពុ (+ ស្វយម្កវ) នេះ​ដែរ ព្រោះ​កាល​ដែល​ឫសី​កម្ពុ បាន​នាង​អប្សរ​មេរា​នោះ ក៏​បាន​កើត​ទៅ​ជា​វង្ស​មួយ​ខាង​ចេនឡា​ហៅថា សូរ្យវង្សអាទិច្ចវង្ស គឺ​វង្ស​ស្រីកម្ពុ ។ តាម​ប្រវត្តិ​ថា ការ​សម្ព័ន្ធ កម្ពុ មេរា នេះ​កើត​បាន​ជា​បុត្រ​ពីរ​អង្គ ហៅ​ថា កម្ពុជៈ = បុត្រកម្ពុ គឺ​ ស្រុតវរ្ម័ន និង ស្រេស្ឋវរ្ម័ន សោយរាជ្យ​ត​សន្តតិវង្ស​ខាង​ចេនឡា​ជាប់​រៀង​ដរាប​មក ។ ដើម​ឡើយ​គេ​មិន​សូវ​ឃើញ​មាន​ប្រើ​ពាក្យ កម្ពុជៈ នេះ​ទេ តែ​កាល​ព្រះបាទ​ជយវរ្ម័ន​ទី​២ បាន​សោយរាជ្យ មាន​អំណាច​ខ្លាំង​ពូកែ បាន​រួបរួម​ចេនឡា​លើ‑ក្រោម ឲ្យ​ជា​ឯកភាព ហើយ​ទើប​ឃើញ​មាន​សិលាចារឹក​ប្រើ​ពាក្យ​ថា កម្វុជទេស ឬ កម្ពុជទេស = ប្រទេស​នៃ​បុត្រ​កម្ពុ

ចំពោះ​យោបល់​ដែល​ថា​ពាក្យ ខ្មែរ កើត​មក​ពី​ការ​ផ្សំ កម្ពុ និង មេរា លោក​ ឆត្រា​ប្រេមឫឌី និង​លោក Pierre Fabricius ថា មិន​សម​ហេតុ​ផល​ទេ ព្រោះ​មិន​ស្រប​តាម​ក្បួន​ច្បាប់​និរុត្តិវិជ្ជា ។

២. ទស្សនៈ​លោក ឈឹម ក្រសេម

នៅ​ក្នុង​ជំពូក​ទី​១ ស្ដីពី​ដើម​កំណើត​ជាតិ​ខ្មែរ យើង​មាន​ឱកាស​លើក​យក​ទស្សនៈ​នេះ​មក​លាត​ត្រដាង​ម្ដង​រួច​ហើយ ។ នៅ​ពេល​នេះ យើង​គ្រាន់​តែ​ស្រង់​យក​ករណី​ខ្លះ​បង្ហាញ​ឡើង​វិញ​សម្រាប់​បំភ្លឺ​នូវ​ការ​សិក្សា​របស់​យើង​តែ​ប៉ុណ្ណោះ ។ លោក ឈឹម ក្រសេម បាន​សរសេរ​ជា​អាទិ៍​ថា «… ខ្មែរ​យើង​ដើម​ឡើយ មុន​នឹង​មក​រស់​នៅ​ក្នុង​ កម្ពុជរដ្ឋ បាន​អាស្រ័យ​នៅ​ក្នុង កុមេរុរដ្ឋ ជា​ប្រទេស​របស់​ខ្មែរ​អំពី​បុរាណកាល​មក ។ ឈ្មោះ​ជាតិ​ខ្មែរ ហៅ​ត្រឹមត្រូវ​តាម​សូរស័ព្ទ​ដើម​ថាកុមេរុ ដូច្នេះ តែ​តាម​សំឡេង​និយាយ​ជា​ធម្មតា​ថា កុមេរុ៍ ទំនង​ដូច​ជា​ភ្នំ​ព្រះសុមេរុ គេ​ហៅ​នៅ​ត្រឹម សុមេរុ៍ ។ លុះ​យូរ​មក ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​ទៅ​ទៀត​ប្រាកដ​នៅ​សិលាចារឹក​របស់​ខ្មែរ​ថា ក្មេរ ទៅ​ជា​សំឡេង​ផ្សំ ក្រោយ​សម័យ​សិលាចារឹក​មក​បាន​ប្រែ​ថា ខ្មែរ»

ដូច្នេះ បើ​តាម​លោក ឈឹម ក្រសេម ពាក្យ​ ខ្មែរ បាន​ក្លាយ​មក​ពី​ពាក្យ កុមេរុ ដែល​ជា​ឈ្មោះ​សម្គាល់​ជនជាតិ​ខ្មែរ និង​ប្រទេស​របស់​ខ្លួន កាល​ដែល​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ម៉្លេះ ។ លោក ឆត្រា​ប្រេមឫឌី ក្នុង​អត្ថបទ «ខ្មែរ​មក​ពី​ណា ?» ផ្សាយ​តាម​វិទ្យុជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៧៣ បាន​គាំទ្រ​ទស្សនៈ​នេះ​យ៉ាង​សកម្ម​ណាស់ ។

កុមេរុ > ក្មេរ > ខ្មែរ

៣. ទស្សនៈ​លោក ឆត្រា​ប្រេមឫឌី

លោ ឆត្រា​ប្រេមឫឌី ជា​អ្នក​ស្រាវជ្រាវ​ខ្មែរ​ម្នាក់​នៅ​បរទេស ។ ក្នុង​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «ខ្មែរ​មក​ពី​ណា ?» ផ្សាយ​តាម​វិទ្យុ​ជាតិ​កាល​ពី​ខែ​កុម្ភៈ ១៩៧៣ លោក​បាន​បញ្ចេញ​យោបល់​របស់​លោក​ថា «កាល​ពី​សម័យ​បុរាណ ប្រទេស​ខ្មែរ​ផ្នែក​ខាងលើ​ហៅ​ថា ជាន់​លើ ឯ​ផ្នែក​ខាងក្រោម​ហៅ​ថា ក្រោម​ពូជ ។ ពាក្យ​នេះ​ក្លាយ​មក​ទៀត​ទៅ​ជា ក្រមពូជ រួច កមពូជ រួច កម្ពុជាខម»

៤. ទស្សនៈ​លោក កេង វ៉ាន់សាក់

ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​រាជាណាចក្រ (ឥឡូវ​ព្រឹទ្ធសភា) ស្ដីពី​ការ​បង្កើត​វិទ្យាស្ថាន​ខ្មែរ‑មន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​១៩៧០ លោក​ កេង វ៉ាន់សាក់ បាន​ថ្លែង​បំភ្លឺ​អង្គប្រជុំ​ចំពោះ​ពាក្យ ខ្មែរ និង កម្ពុជា មាន​សេចក្ដី​ដូច​តទៅ ៖

ពាក្យ ខ្មែរ ក្លាយ​មក​ពី​ពាក្យ ក + មេ ។ ហេតុ​បាន​ជា​ដូច្នោះ ព្រោះ​ខ្មែរ​យើង​ជា​អ្នក​និយម​ទុក​ស្រី​ជា​ធំ​ក្នុង​គ្រួសារ និង​ក្នុង​សង្គម បាន​សេចក្ដី​ថា ខ្មែរ​យើង​​ជា​អ្នក មេ​និយម (Matriarcaliste) ។ បុព្វបទ «» មាន​នាទី​ធ្វើ​ន័យ​របស់​ពាក្យ​ណា​មួយ​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ខ្លាំង​ក្លា​ឡើង ដូច្នេះ ក + មេ មាន​ន័យថា អ្នក​គោរព​មេ​ខ្លាំង​ជាង​អ្នក​ឯទៀត​ដែល​គោរព​ល្មមៗ ឬ​គោរព​ឪពុក ។

ក = មេ > កមេ, ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ

ពាក្យ​ កម្ពុជា ក្លាយ​មក​ពី ក + ពូជជា ។ ហេតុ​បាន​ជា​គេ​ហៅ​ខ្មែរ​យើង​ថា ពូជជា ព្រោះ​យើង​ពុំ​ដែល​ធ្វើ​ខ្ញុំ​កញ្ជះ​អ្នក​ឯ​ទៀត​ឡើយ ។ ហើយ​ដើម្បី​ឲ្យ​ឃើញ​ន័យ​កាន់​តែ​ខ្លាំង គេ​ដាក់​បុព្វបទ «» ពី​មុខ​មក​ទៅ​ជា ក + ពូជជា > កពូជជា ដែល​អ្នក​បាលី‑សំស្ក្រឹត​និយម​សរសេរ​ទៅ​ជា កម្ពុជា ដូច្នេះ​ទៅ​វិញ ។

សរុប​សេចក្ដី​មក យើង​ឃើញ​ថា ទស្សនៈ​ចំពោះ​ពាក្យ​ ខ្មែរ‑មន‑កម្ពុជា នេះ​មាន​ច្រើន​មែន តែ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ ។ ភាគ​ច្រើន​បាន​ខិតខំ​ពន្យល់​ពាក្យ​ទាំង​នេះ​ដោយ​និយម​ភ្ជាប់​ទៅ​ឫស​គល់​ឥណ្ឌា មាន​តែ​លោក​ កេង វ៉ាន់សាក់ ម្នាក់​ទេ​ដែល​បាន​យក​ឫសគល់​ខ្មែរ‑មន​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពន្យល់​នេះ ។ គួរ​កត់​សម្គាល់​ថា​ពាក្យ ខ្មែរ នេះ​ច្បាស់​ជា​ក្លាយ​មក​ពី​ពាក្យ ខ្មេរ (សម័យ​អង្គរ) ដែល​បាន​ក្លាយ​មក​ពី ក្មេរ ទៀត (សម័យ​មុន​អង្គរ) ។ គួរ​កត់​សម្គាល់​ម្យ៉ាង​ទៀត​ថា ខ្មែរ​យើង​និយម​ហៅ​ខ្លួនឯង​ថា ខ្មែរ ​ឯ​ប្រទេស​យើង យើង​ហៅ​ថា ស្រុក​ខ្មែរ ។ ពាក្យ​ថា កម្ពុជា បាន​ក្លាយ​មក​ពី​ពាក្យ កម្វុ ដែល​​មាន​ប្រើ​ក្នុង​សិលាចារឹក (ព្រះគោ) ឬ កម្វុជទេស (បន្ទាយឆ្មារ) ។ សិលាចារឹក​ចាម​ក៏​មាន​ប្រើពាក្យ កម្វុជទេស នេះ​សម្រាប់​សម្គាល់​ប្រទេស​ខ្មែរ​យើង​ដែរ ។ សិលាចារឹក​បក្សីចាំក្រុង​នៅ​ស.វ.​ទី​១០ បាន​ពន្យល់​ថា ស្ដេច​កម្ពុជា​មាន​ដើម​កំណើត​មក​ពី​ឥសី​កម្ពុ និង​នាង​អប្សរ មេរា ។ បើ​ដូច្នោះ​ឃើញ​ថា ពាក្យ កម្ពុជាមាន​ជាប់​ទាក់ទង​នឹង​ស្ដេច ឬ​រាជវង្ស​នេះ​ច្រើន ។ តើ​ពាក្យ កម្ពុជា នេះ​ត្រូវ​គ្នា​នឹង​ពាក្យ​ចិន​ថា ចេនឡា ឬ​ទេ ? ព្រោះ​ជនជាតិ​នោះ​តែង​ហៅ​ប្រទេស​យើង​ថា ចេនឡា តាំងតែ​ពី​ចេនឡា​ជា​រដ្ឋ​ចំណុះ​របស់​ហ្វូណន​រហូត​ដល់​ពេល​វាយ​ហ្វូណន​ពង្រីក​ឲ្យ​ទៅ​ជា​ចេនឡា​ធំ គឺ​នៅ​ពេល​ដែល​មាន​ប្រើ​ពាក្យ កម្វុទេស ក្នុង​សិលាចារឹក ។ ឯ​ជនជាតិ​យួន ក៏​បាន​ប្រើ​ពាក្យ ចិនឡាប (ចេនឡា) ត​មក​ទៀត​សម្រាប់​សម្គាល់​ប្រទេស​ខ្មែរ​នៅ​សម័យ​ក្រោយ​អង្គរ គឺ​ក្នុង​សម័យ​ដែល​ស្ដេច​ខ្មែរ​មាន​ឋានន្តរនាម​ថា ក្រុង​កម្ពុជាធិបតី

គួរ​កត់​សម្គាល់​ជា​បន្ថែម​ទៀត​ថា ពាក្យ ខ្មែរ នេះ ត្រូវ​បាន​ជនជាតិ​បរទេស​ស្គាល់​យូរណាស់​មក​ហើយ ។ ចិន​ហៅ​យើង​ថា គីម៉ាវ អារ៉ាប់​ហៅ​ថា កោម៉ារ (Qomar) ចាម​ហៅ ក្វីរ‑ក្មីរ យួន​ហៅ កាវម៉េនកាវមៀង សៀម​‑​លាវ​ហៅ ខម ។ ចំពោះ​ពាក្យ​ ខម​ នេះ លោក​ពញា​អនុមាន រាជ ធន អ្នក​ប្រាជ្ញ​ថៃ​ខាង​អក្សរ​សាស្ត្រ​បាន​សរសេរ​ក្នុង​សៀវភៅ Thai Literature in Relation to the Diffusion of her Cultures ថា «Who were the Khoms? They were probably a race of people akin to the Mons and the Khmers or Cambodians of the present day. The old Mon alphabet and also the old Khmer alphabet were called Khom by the Thai» ។ បើ​តាម​ន័យ​ខាងលើ​ ពាក្យ ខម ទំនង​កើត​មក​ពី ខ (ខ្មែរ) + ម (មន) ទេ​ដឹង ? ព្រោះ​ខ្មែរ​យើង​មិន​និយម​ហៅ​ខ្លួនឯង​ជា ខម ទេ មាន​តែ​សៀម​‑លាវ ហើយ​ពួក​នេះ​មាន​ការ​កោត​ស្ញាប់ស្ញែង​ចំពោះ​ពួក ខម នេះ​ណាស់ ព្រោះ​ ខម (ខ្មែរ‑មន?) ជា​អ្នក​មាន​អរិយធម៌​ខ្ពង់ខ្ពស់​ដែល​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ពួក​សៀម‑លាវ​យ៉ាង​សម្បើម ។

ខ. មន

ក្នុង​អំបូរ​ខ្មែរ‑មន មន​ជា​ធាតុ​មួយ​សំខាន់​បន្ទាប់​ពី​ខ្មែរ​មក ។ យ៉ាងណាមិញ ក្នុង​អតីតកាល​មក ជា​ជាតិ​មួយ​ធ្លាប់​ថ្កុំថ្កើង​រុងរឿង មាន​ទឹក​ដី​ធំ​ទូលាយ មាន​ប្រវត្តិសាស្ត្រ​យូរ​អង្វែង​មក​ហើយ ។ ដូន​តា​ខ្មែរ​បុរាណ​ស្គាល់​ជាតិ​មន​នេះ​ច្បាស់​ណាស់​បាន​ជា​លោក​ចងក្រង​ទំនុក​ច្រៀង និង​បទភ្លេង​ជា​ច្រើន​ដែល​មាន​ទាក់ទង​នឹង​ជនជាតិ​នេះ ដូចជា​បទ «មន​មុជ​ទឹក» បទ «សំណា​មន» ។ល។

ជនជាតិ​មន​ហៅ​ខ្លួនឯង​ថា «មន» ប៉ុន្តែ​ជនជាតិ​ភូមា​បែរ​ជា​ហៅ​ជាតិ​នេះ​ថា តៈឡាញ់ (Talaing) វិញ ។ តើ​ពាក្យ ​មន ​នេះ​មាន​ន័យ​សេចក្ដី​ដូចម្ដេច ? ហើយ​ពាក្យ​ថា តៈឡាញ់​ នោះ​មាន​ន័យ​សេចក្ដី​ដូច​ម្ដេច​ដែរ ?

ជនជាតិ​មន​បាន​បញ្ជាក់​ថា គេ​ពុំ​ដែល​ប្រើ​ពាក្យ​អ្វី​ដទៃ​ពី​ពាក្យ មន សម្រាប់​សម្គាល់​ខ្លួន​គេ​ទេ ហើយ​គេ​បាន​បញ្ជាក់​ទៀត​ថា តាម​ទស្សនៈ​របស់​អ្នក​ប្រាជ្ញ​ខ្លះ ពាក្យ មន នេះ​ទំនង​ជា​ក្លាយ​មក​ពី​ពាក្យ​បាលី មនុ ហើយ​មាន​ន័យ​ថា ប្រជាជាតិ​ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ ។

នៅ​ក្នុង​សិលាចារឹក​បុរាណ គេ​ឃើញ​មាន​ប្រើ​ពាក្យ​ថា ម៌េញ៍ ដែល​អ្នក​ស្រាវជ្រាវ​សន្មត​ថា បាន​វិវត្ត​បន្តិច​ម្ដងៗ​ដូច​ខាង​ក្រោម​នេះ ៖

មេញ > រមេញ > រមញ៍ > មញ៍ > មន៍

សព្វថ្ងៃ​នេះ ជនជាតិ​មន ជួន​កាល​សរសេរ​ថា មញ៍ ជួនកាល​សរសេរ​ថា មន៍ ។ ចំពោះ​ពាក្យ​ថា តៈឡាញ់ វិញ មាន​ទស្សនៈ​ច្រើន​បែប​យ៉ាង​ដែល​ខិតខំ​ពន្យល់ ។ នៅ​ទីនេះ យើង​សូម​លើក​យក​តែ​បី​មក​ជម្រាប​ជូន​ដូច​ត​ទៅ​នេះ ៖

១. ទស្សនៈ​យល់​ថា តៈឡាញ់ ក្លាយ​មក​ពី តយឡញ

ទស្សនៈ​ដែល​យល់​ថា តៈឡាញ់ ក្លាយ​មក​ពី តយឡញ (Toi-loin) ។ តយ មាន​ន័យ​ថា «មិច្ឆាទិដ្ឋិកជន» ឯ ឡញ មាន​ន័យ​ថា «ត្រូវ​វិនាស​អន្តរាយ» ។ តយឡញ មាន​ន័យ​ថា «ពួក​មិច្ឆាទិដ្ឋិកជន​ទាំងឡាយ​ត្រូវ​វិនាស​អន្តរាយ» ។

ទស្សនៈ​បែប​នេះ មាន​សំអាង​ទៅ​លើ​រឿង​ព្រេង​ដែល​និទាន​ថា ក្នុង​អតីតកាល​ មាន​ព្រះមហាក្សត្រ​មួយ​អង្គ​មាន​នាម​ថា តិសៈ សោយរាជ្យ​នគរ​ថាទង ។ កាលណោះ​មាន​ពួក​មិច្ឆាទិដ្ឋកជន វា​មក​ញុះញង់ស្ដេច​អង្គ​នេះ​ឲ្យ​យល់​ខុស​ជា​ត្រូវ ដោយ​បោះបង់​ចោល​នូវ​ជំនឿ​លើ​ព្រះពុទ្ធសាសនា ព្រះពុទ្ធរូប​ទាំង​ឡាយ​ត្រូវ​បញ្ជា​ឲ្យ​យក​ទៅ​បោះ​ចោល​ក្នុង​ទឹក​ទន្លេ ។ គ្រានោះ មាន​កូន​ស្រី​សេដ្ឋី​ម្នាក់​មាន​ឈ្មោះ​ថា មិត្លថូ នាង​នោះ​ជា​ពុទ្ធសាសនិក យក​ចិត្ត​ទុក​ដាក់​គោរព​បូជា​ព្រះពុទ្ធ​ខ្លាំង​ណាស់ ហើយ​ដោយ​មិន​បាន​ដឹង​ពី​បញ្ជា​របស់​ស្ដេច​ទមិឡ​ឈ្មោះ តិសៈ ក៏​បាន​ស្រង់​យក​ព្រះពុទ្ធ​បដិមា​ខ្លះ​ដែល​គេ​ទម្លាក់​ក្នុង​ទឹក​ទន្លេ​យក​ទៅ​តម្កល់​ទុក​ក្នុង​ផ្ទះ​នាង ។ អាស្រ័យ​ដោយ​ហេតុ​នោះ នាង​ក៏​ត្រូវ​កាត់​ទោសប្រហារ​ជីវិត ដោយ​ដុត​នឹង​ភ្លើង និង​ដោយ​ឲ្យ​ដំរី​ជាន់ ក៏​ប៉ុន្តែ​ទោះបី​ពួក​ពេជ្ឈឃាត​ខិតខំ​ប្រើ​គ្រប់​មធ្យោបាយ​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​សម្លាប់​នាង​បាន ។ ដោយ​ងឿង​ឆ្ងល់​ខ្លាំង ស្ដេច​ក៏​សួរ​ទៅ​នាង​ថា តើ​នាង​មាន​ចេះ​មន្ត​វិជ្ជា​គាថា​អ្វី ? នាង​ឆ្លើយ​ថា នាង​ពុំ​មាន​សិល្បសាស្ត្រ​អ្វី​ក្រៅ​ពី​ជំនឿ​ដ៏​មុត​មាំ​លើ​ព្រះពុទ្ធ​ឡើយ ។ ស្ដេច តិសៈ យល់​កំហុស​របស់​ខ្លួន​ក៏​វិល​ទៅ​រក​ព្រះពុទ្ធសាសនា​ជាថ្មី​​ឡើង​វិញ ។ បន្ទាប់​មក ក៏​បញ្ជា​ឲ្យ​ចាប់​ពួក​មិច្ឆាទិដ្ឋិកជន​ទាំងឡាយ ព្រម​ជាមួយ​នឹង​ញាតិសន្ដាន​ទាំងអស់​យក​ទៅ​កប់​ត្រឹម​ក សម្លាប់​ដោយ​ភ្ជួរ​ពី​លើ ។ ខ្លះ​ទៀត​ដែល​មិន​ចង់​ស្លាប់​ដោយ​វិធី​នោះ ក៏​រត់​ទៅ​លោត​ទឹក​ធ្វើ​អត្តឃាត​ទៅ ។ ដូច្នេះ​ ពួក​មិច្ឆាទិដ្ឋិកជន​ទាំងឡាយ​ត្រូវ​ស្លាប់​វិនាស​អស់​រលីង​ពី​នគរ ។

ក្នុង​ភាសា​មន ពួក​មច្ឆាទិដ្ឋិកជន​ទាំង​ឡាយ​ត្រូវ​វិនាស​អន្តរាយ គេ​និយាយ​ថា តយឡញ ទើប​មាន​ជន​ខ្លះ​យល់​ស្មាន​ថា យូរៗ​ទៅ​ពាក្យ​នេះ​ក៏​ប្រែ​ក្លាយ​ទៅ​ជា តៈឡាញ់ ដែល​ជនជាតិ​ភូមា​ប្រើ​សម្គាល់​ជាតិ​មន​នេះ​ឯង ។

២. ទស្សនៈ​យល់​ថា តៈឡាញ់ ក្លាយ​មក​ពី តាន និង ឡាញ

ទស្សនៈ​ដែល​យល់​ថា តៈឡាញ់ ក្លាយ​មក​ពី​ពាក្យ​ភូមា​ពីរ​ម៉ាត់​គឺ តាន និង ឡាញ់ (Tan lgaing) ។ នេះ​គឺ​ជា​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ភូមា​ម្នាក់​ឈ្មោះ អ៊ូឆាន់ម្យៈ សាស្ត្រាចារ្យ​អក្សរសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ម៉ាន់តៈឡេ (Mandalay) ។ លោក​នេះ​យល់​ថា តាន មាន​ន័យ​ថា ទឹក ឯ ឡាញ មាន​ន័យ​ថា ចម្រើន​លូតលាស់​ខ្លាំង ឬ​កន្លែង​ដែល​មាន​ទឹក​ជោរជន់ ។ ចំណេរ​ត​មក ពាក្យ តាន ក្លាយ​ជា តៈ ហើយ​ ឡាញ ក្លាយ​ជា ហ្លាញ (Hlaing) ។ នៅ​ទី​នេះ ពាក្យ តៈ គ្មាន​ន័យ​សេចក្ដី​អ្វី​ឲ្យ​ពិត​ប្រាកដ​ទេ ។ ហ្លាញ វិញ មាន​ន័យ​ថា រលក ឬ​រលក​ធំៗ ។ ចំពោះ​អ្នកប្រាជ្ញ​រូប​នេះ ប្រទេស​មន​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ភូមា​ភាគ​ខាងត្បូង​សព្វថ្ងៃ ជា​តំបន់​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ដែល​តែង​តែ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ផង​នោះ សម​ជា​មាន​ឈ្មោះ​ហៅ​ថា តានឡាញ ណាស់ ហើយ​យូរៗ​ទៅ គេ​ក៏​ប្រើ​ពាក្យ​នេះ​សម្រាប់​សម្គាល់​ជនជាតិ​ដែល​រស់​នៅ​ទី​នោះ​តែ​ម្ដង គឺ​ជនជាតិ​មន​ហ្នឹង​ឯង ។ ទស្សនៈ​បែប​នេះ ឃើញ​ថា​មាន​លក្ខណៈ​សម​ហេតុ​ផល​ច្រើន គួរ​យក​ទៅ​ពិចារណា ក៏​ប៉ុន្តែ​គេ​ពុំ​ឃើញ​ប្រើពាក្យ​នេះ​ក្នុង​សិលាចារឹក​សម្រាប់​សម្គាល់​ជនជាតិ​មន​សោះ​ឡើយ ។

៣. ទស្សនៈ​យល់​ថា តៈឡាញ់ ក្លាយ​មក​ពី តេលិង្គណ

ទស្សនៈ​ទី​៣ ដែល​ចាត់​ទុក​ថា តៈឡាញ់ ក្លាយ​មក​ពី​ពាក្យ តេលិង្គណ ដែល​ជា​តំបន់​មួយ​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា ។ តាម​ទស្សនៈ​នេះ គេ​យល់​ថា ជនជាតិ​ឥណ្ឌា​កាល​ពី​ដើម​បាន​មក​ធ្វើ​ជំនួញ​នៅ​ប្រទេស​មន ហើយ​បាន​រៀបការ​ជាមួយ​នឹង​ស្រី​មន តែ​លុះ​ដល់​ត្រលប់​ទៅ​ស្រុកកំណើត​វិញ ពុំ​បាន​នាំ​ប្រពន្ធ​កូន​ទៅ​ជាមួយ​ផង​ទេ ។ ចំពោះ​ពួក​មន​ជាកូន​ទាំង​នោះ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា តៈឡាញ់ គឺ​មាន​ន័យ​ថា គ្មាន​បា ឬ កូន​ឥត​បា ក៏​ប៉ុន្តែ​ចំណេរ​ត​មក ពាក្យ តៈឡាញ់ នេះ ក៏​បាន​ប្រើ​ជា​ទូទៅ​សម្រាប់​ជនជាតិ​មន​ទាំង​មូល ។ ជា​ការ​ពិត​ណាស់​ថា ក្នុង​បុរាណកាល​ជនជាតិ​ឥណ្ឌា និង​មន មាន​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​គ្នា​ជា​ច្រើន ។ ជា​ភស្តុតាង​គឺ​ជនជាតិ​មន បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ជនជាតិ​ឥណ្ឌា​ជា​ច្រើន មាន​តួ​អក្សរ និង​ព្រះពុទ្ធ​សាសនា​ថេរវាទ ជា​ដើម ។ ក្នុង​ទំនាក់​ទំនង​រវាង​ជនជាតិ​ទាំង​ពីរ​នេះ ទំនង​ជា​មាន​ពួក​ឥណ្ឌា​មក​ពី​តំបន់ តេលិង្គណ មែន​ហើយ ។ លោក សឺដែស (Coedès) ក៏​មាន​ព្យល់​ដូច​នេះ​ដែរ «L’appellation de Talaing, appliquée aux Môns par les Birmans, semble indiquer qu’à une certaine époque le Telingana ou region de Madras fut en relations particulièrement actives avec le pays môn» តែ​ការ​ដែល​យក​ពាក្យ​ថា តៈឡាញ់ ប្រើ​សម្រាប់​សម្គាល់​ជនជាតិ​មន​ទាំង​អស់ ហាក់​ដូច​ជា​ពុំ​សូវ​សមរម្យ ។ តាម​យោបល់​របស់​ជនជាតិ​មន​ផ្ទាល់​ថា ពាក្យ តៈឡាញ់ ដែល​មាន​ន័យ​ថា កូន​ឥត​បា ជា​រឿង​ប្រឌិត​ឡើង​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ជាតិ​គេ​តែ​ប៉ុណ្ណោះ ។ តាម​ការ​ពិត​ពាក្យ តៈឡាញ់ នេះ មាន​ន័យ​ថា បាត់បង់ឪពុក ឬ​ឪពុក​ត្រូវ​បាត់​បង់ ហើយ​ក្លាយ​មក​ពី​ពាក្យ ឥតឡញរៈ (L’ta loin ra) ។ ពាក្យ​ថា ឥតៈតៈ នេះ​មាន​ន័យ​ថា ឪពុក ឯ​ពាក្យ​ថា ឡញរៈ មាន​ន័យ​ថា បាត់​បង់ ឬ​វិនាស តែ​នៅ​ទីនេះ​ពាក្យ​ថា ឥតៈ ពុំ​មែន​សម្គាល់​ត្រឹម​តែ​ឪពុក​ជា​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​ប៉ុណ្ណោះ​ទេ តែ​សម្គាល់​នូវ​ទឹក​ដី​ទាំង​មូល ជា​កេរ្តិ៍​ដំណែល​ពី​ដូនតា​របស់​ជនជាតិ​មន​តែ​ម្ដង ។ សូម​ជ្រាប​ថា ក្នុង​គ្រា​ដែល​ជនជាតិ​ភូមា​វាយ​លុក​ចូល​ក្នុង​រដ្ឋ​មន ជនជាតិ​នេះ​រត់​គេច​ពី​ភូមិស្រុក​បណ្ដើរ ស្រែក​បណ្ដើរ​ថា ឥតៈ ឡញរៈ ! បាន​សេចក្ដី​ថា ទឹក​ដី​ឪពុក​យើង​ត្រូវ​វិនាស​អន្តរាយ​អស់​ហើយ តែ​ពាក្យ​ខាង​ដើម​គឺ និង​ពាក្យ​ខាងចុង​គឺ រៈ ឮ​មិន​សូវ​ច្បាស់ នៅ​សល់​តែ​ពាក្យ តៈឡញ ដែល​ក្លាយ​ទៅ​ជា​ តៈឡាញ់ តាម​សម្ដី​របស់​ជនជាតិ​ភូមា​តែ​ម្ដង​ទៅ ។ តើ​ជនជាតិ​ដែល​មាន​ឈ្មោះ​ថា មន នេះ មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​រស់​នៅ​ទីណា​ខ្លះ ? និង​ជា​ពិសេស តើ​ជនជាតិ​នេះ មាន​ប្រវត្តិ​ពី​ខាង​ដើម​រៀង​មក​ដូចម្ដេច​ខ្លះ​ដែរ ?

បើ​តាម​ព័ត៌មាន​ដែល​យើង​បាន​ទទួល​ឃើញ​ថា មន មាន​ចំនួន​សរុប​ប្រហែល ៧ សែន​នាក់ ។ ក្នុង​ប្រទេស​ភូមា ទីកន្លែង​ដែល​ជនជាតិ​នេះ​រស់​នៅ​កុះករ​បំផុត​គឺ​តំបន់​ឆ្នេរ​សមុទ្រ​តេណាស្សេរីម (Tenasserim) និង បេគូ (Pegu) ។ ប៉ុន្តែ​នៅ​ទីក្រុង​រ៉ង់ហ្គូន (Rangoon) និង​ក្នុង​ភូមិ​ឆ្ងាយ​ដាច់​ស្រយាល​ស្ថិត​នៅ​ខាងលិច ក៏​មាន​ជនជាតិ​មន​រស់​នៅ​ខ្លះ​ដែរ ។ ជនជាតិ​មន​ក្នុង​ប្រទេស​ថៃ មាន​ចំនួន​តិច​ជាង​ក្នុង​ប្រទេស​ភូមា ហើយ​ច្រើន​នៅ​ជិតៗ​ក្រុង​បឹងកក់ នៅ​ជុំវិញ​កាន់បុរី(ពួក​នេះ​ជា​កូន​ចៅ​របស់​ជនភៀស​ខ្លួន​នៅ​ស.វ.​ទី​១៨‑១៩) នៅ​លពបុរី នៅ​ឧថៃថានី និង​នៅ​ជិត​នគររាជ

ប្រពៃណី​ប្រវត្តិសាស្ត្រ​មន​បាន​ដំណាល​ថា ជនជាតិ​មន​មាន​កំណើត​នៅ​ត្រង់ ថាទង (សុធម្មវតី) នៅ​ប្រមាណ ៦០០​ឆ្នាំ​មុន​គ.ស.​ម្ល៉េះ ។ តែ​ចម្លែក​ត្រង់​សព្វថ្ងៃ ហាក់​ដូចជា​គ្មាន​សល់​អ្វី​ជា​ដុំ​កំភួន ល្មម​ឲ្យ​ចាត់​ទុក​ទី​នោះ​ថា​ជា​រាជធានី​ចាស់ ឬ​មួយ​បុរាណវត្ថុ​ដែល​នៅ​សល់​ត្រូវ​កប់​បាត់​ទៅ​ក្នុង​ដី​អស់​ទៅ​ហើយ ។ បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​ឯកសារ​ចិន​ឃើញ​ថា ជនជាតិ​មន​បាន​បង្កើត​រដ្ឋ​ទ្វារវតី​នៅ​ស.វ.​ទី​៧ ដែល​មាន​ទីតាំង​នៅ​ត្រង់​វាល​ទំនាប​ខាងក្រោម​នៃ​ទន្លេ​មេណាម​ក្នុង​ប្រទេស​ថៃ​សព្វ​ថ្ងៃ ។ ប៉ុន្តែ​បើ​តាម​ប៉ាន់​ស្មាន​មើល​ទៅ រដ្ឋ​នេះ​ប្រហែល​កកើត​ឡើង​នៅ​មុន​ស.វ.​ទី​៧ ព្រោះ​នៅ​ត្រង់​ព្រះបឋម​ពង​ទឹក ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ​ទ្វារវតី គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​មាន​កាល​កំណត់​មុន​ពាក់​កណ្ដាល​ស.វ.​ទី​៦ ។ ចិន​ប្រហែល​មិន​បាន​ស្គាល់​រដ្ឋ​នេះ​មុន​ស.វ.​ទី​៧ ព្រោះ​វា​នៅ​មិន​ចំ​ផ្លូវ​ជំនួញ ។ នៅ​ក្រោយ​កាល​កំណត់​នេះ​បន្តិច ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះនាង ឆាម្មទេវី ជនជាតិ​មន​បាន​កសាង​រដ្ឋ​មួយ​ទៀត​គឺ​រដ្ឋ​ហរិបុញ្ជ័យ នៅ​ត្រង់​វាល​ទំនាប​ខាងលើ​នៃ​ទន្លេ​មេណាម ។ ប្រភព​ចិន​បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា រដ្ឋ​ថ្មី​មួយ​ត្រូវ​បាន​ស្ថាបនា​ឡើង​ទៀត​គឺ​ជា​រាជាណាចក្រ​ហង្សវតី នៅ​ឆ្នាំ​៨២៥ ដោយ​បង​ប្អូន​ភ្លោះ​ពីរនាក់​ឈ្មោះ សមល និង វិមល ហើយ​រដ្ឋ​នេះ​ស្ថិត​នៅ​ខាងត្បូង​ប្រទេស​ភូមា នៅ​ចន្លោះ​ទន្លេ​ឥរវតី និង​សាលវិន

គេ​បាន​ដឹង​ថា នៅ​ឆ្នាំ​១០៥៧ ស្ដេច​អនោរថ ដែល​បាន​បង្កើត​រដ្ឋ​ភូមា​ដំបូង គឺ​រដ្ឋ​បូកាន បាន​លើក​ទ័ព​ទៅ​វាយ​មន​នៅ​ថាទង ហើយ​ថែម​ទាំង​បាន​ចាប់​យក​ជា​ឈ្លើយ​អស់​ជាច្រើន​ទៅ​ជាមួយ​ផង ។ គួរ​កត់​សម្គាល់​ថា ក្នុង​ចំណោម​ឈ្លើយ​ទាំង​នោះ មាន​អ្នក​ប្រាជ្ញ​បណ្ឌិត កវី ជាច្រើន ដែល​បាន​ផ្សាយ​អរិយធម៌​របស់​ខ្លួន​ដល់​ពួក​អ្នក​ឈ្នះ មាន​តួ​អក្សរ និង​លទ្ធិ​ពុទ្ធសាសនា​ថេរវាទ​ជាដើម ។ មក​ដល់​ស.វ.​ទី​១៦ គឺ​ក្នុង​ឆ្នាំ​១៥៤០ មេទ័ព​ភូមា​ម្នាក់​មក​ពី​តងអ៊ូ បាន​បង្កើត​រាជវង្ស​ថ្មី​មួយ​ទៀត ហើយ​លើក​ទ័ព​ទៅ​វាយ​ក្រុង​បេគូ យក​ធ្វើ​ជា​រាជធានី​របស់​ខ្លួន​រហូត​ត​ទៅ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ជនជាតិ​មន​បាត់​បង់​ឯករាជ្យ អធិបតេយ្យ​របស់​ខ្លួន ហើយ​ចាប់​ពី​ពេល​នោះ​មក ក៏​អស់​មាន​ឋានៈ​ជា​រដ្ឋ រស់​នៅ​បែក​ខ្ញែក​គ្នា ហើយ​ចំនួន​ប្រជារាស្ត្រ​ក៏​កាន់​តែ​រលោះ​ទៅៗ​រហូត​ដល់​សព្វថ្ងៃ ដោយ​ហេតុ​តែ​មាន​ការ​បង្ក្រាប​ដោយ​សម្លាប់​រង្គាល បន្ទាប់​ពី​មាន​ការ​បះបោរ​ទាមទារ​សេរីភាព​ពីរ​លើក គឺ​ក្នុង​រជ្ជកាល​ស្ដេច បាយិណោង ម្ដង (១៥៥១‑១៥៨១) និង​ដោយ​មេទ័ព អាឡោងផាយ៉ា ម្ដង ក្នុង​ឆ្នាំ​១៧៥៧ ហើយ​ប្រហែល​ជា​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ជនជាតិ​ភូមា​និយម​ហៅ​មន​ថា តៈឡាញ់ (មន​ថា តៈឡើង ខ្មែរ​ថា ថ្លើង ក្នុង​ពាក្យ ថ្លើងបះ គឺ​អ្នក​ចូល​ចិត្ត​បះបោរ) ៕

ដកស្រង់​ពី​សៀវភៅ​ស្រុក​ខ្មែរៈ ការ​វិវត្តន៍​ចលនា​នយោបាយ
និពន្ធ​ដោយ សាគូ សាមុត


No comments:

Post a Comment