កណ្ដុរត្រូវបានជនជាតិអេហ្ស៊ីបចាត់ទុកជាសត្វចង្រៃតាំងពី ៤០០០ឆ្នាំមុនគ្រិស្តសករាជ ហើយរហូតមកដល់សព្វថ្ងៃវាបន្តធ្វើឲ្យមានបញ្ហាជាច្រើនទាំងនៅក្នុងស្រែ ទាំងនៅក្នុងកន្លែងទុកដាក់ស្រូវអង្ករនៅទ្វីបអាស៊ី ។ ក្នុង ១ ឆ្នាំ កណ្ដុរពេញវ័យ ២៥ ក្បាល អាចស៊ីបំផ្លាញ និងធ្វើឲ្យកខ្វក់គ្រាប់ធញ្ញជាតិប្រមាណកន្លះតោន ។ គ្រាន់តែនៅក្នុងទ្វីបអាស៊ី កណ្ដុរអាចបំផ្លាញស្រូវអង្ករក្នុងបរិមាណដែលអាចចិញ្ចឹមមនុស្សបាន ៤០០ លាននាក់ ។
ដោយមានលក្ខណៈឆ្លាត ប៉ិនប្រសប់ ចេះសម្របសម្រួល និងព្យាយាម កណ្ដុរអាចបន្តមានវត្តមានក្នុងចំនួនដ៏ច្រើន នៅពេលដែលពូជសត្វជាច្រើនផ្សេងទៀតលែងមានវត្តមានលើពិភពលោក ។ នៅក្នុងស្រែ កណ្ដុរស៊ី និងកាត់បំផ្លាញស្រូវអស់ ៥% នៅប្រទេសម៉ាឡេស៊ី និងរហូតដល់ ១៧% នៅប្រទេសឥណ្ឌូណេស៊ី ។ បណ្ឌិត Grant Singleton អ្នកសម្របសម្រួលគណៈកម្មការស្រាវជ្រាវស្រូវមានប្រព័ន្ធស្រោចស្រព និងជាប្រធានគម្រោងគ្រប់គ្រងសត្វកណ្ដុរ ផ្អែកតាមប្រព័ន្ធបរិស្ថាន បាននិយាយថា «វាមិនមែនជារឿងចម្លែកទេចំពោះការដែលកណ្ដុរបានធ្វើឲ្យកសិករបាត់បង់ស្រូវប្រមាណពាក់កណ្ដាល ។ កសិករជាច្រើននៅទ្វីបអាស៊ីតែងមិនបានចាត់ទុកថា កណ្ដុរជាសត្វចង្រៃដែលគួរយកចិត្តទុកដាក់ខ្ពស់ឡើយ ដោយសារតែគាត់យល់ឃើញថាការស៊ីបំផ្លាញរបស់សត្វនេះគឺជារឿងធម្មតា ហើយគាត់ក៏ពុំមានមធ្យោបាយនឹងគ្រប់គ្រងវាដែរ» ។
សត្វកណ្ដុរក៏ជាភ្នាក់ងារចម្លងជំងឺដ៏សកម្មដោយសារតែទឹកនោម លាមក និងចៃរបស់វា ។ ជំងឺទាំងនោះមានជាអាទិ៍គឺ គ្រុនក្ដៅ ឈឺក្បាល ចុះក្អួត រលាកតម្រងម៉ូត្រ ថ្លើម និងស្រោមខួរ ។
ការគ្រប់គ្រងមិនមានភាពងាយស្រួលឡើយដោយសារតែសត្វនេះមានជាង ២០០ ប្រភេទ ហើយមានរបៀបរស់ និងធ្វើសកម្មភាពខុសៗគ្នា ។ កណ្ដុរប្រភេទខ្លះចូលចិត្តស៊ីគ្រាប់ធញ្ញជាតិមិនទាន់ទុំនៅពេលដែលប្រភេទខ្លះទៀតស៊ីបំផ្លាញគ្រាប់ធញ្ញជាតិដែលទុំពេញលេញ ។
ការកើនចំនួនដ៏ឆាប់រហ័សរបស់សត្វនេះគឺដោយសារតែកត្តាមនុស្ស និងលក្ខណៈធម្មជាតិរបស់វា ។ ជាឧទាហរណ៍ ការសិក្សាមួយដែលបានធ្វើនៅប្រទេសឥណ្ឌូណេស៊ី និងវៀតណាមបានរកឃើញថា កណ្ដុរអាចបង្កើតកូនចៅបានយ៉ាងច្រើននៅពេលដែលមានស្រូវក្នុងស្រែ ។ រដូវបង្កាត់ពូជរបស់វាគឺស្មើនឹងចំនួនរដូវធ្វើស្រែ ពោលគឺកាលណាគេធ្វើស្រែតែ ១ ដង ក្នុង ១ ឆ្នាំ កណ្ដុរមានរដូវបង្កាត់ពូជតែ ១ ហើយកាលណាគេធ្វើស្រែ ៣ ដងក្នុង ១ ឆ្នាំ សត្វនេះមានរដូវបង្កាត់ពូជ ៣ ដងដែរ ។
ក្រោយពីពាក់គ្នាជាមួយកណ្ដុរឈ្មោលបាន ២១ ថ្ងៃ កណ្ដុរញីនឹងបង្កើតកូន ហើយបន្ទាប់ពីនោះ ១ ថ្ងៃ វានឹងពាក់គ្នាបន្តទៀត ។ ក្នុងរដូវបង្កាត់ពូជមួយ កណ្ដុរច្រមុះវែងញី ១ក្បាល អាចបង្កើតកូនបានពី ៣ ទៅ ៨ ក្បាល ដែលមានន័យថា ក្នុង ១ រដូវស្រូវ វាអាចបង្កើតកូនបានរហូតដល់ ២៤ ក្បាល ។ តាមធម្មតា កណ្ដុរទាំងអស់នោះនឹងមិនបង្កើតកូនចៅជាបន្តឡើយ កាលណាវាពុំមានស្រូវស៊ីបន្ត ។
ក្នុងអំឡុងឆ្នាំ២០០៧ ដល់ ២០០៩ កសិករដែលមានស្រែតូចៗនៅតំបន់ភ្នំនៃប្រទេសបង់ក្លាដែស ឥណ្ឌា ឡាវ និងមីយ៉ាន់ម៉ា បានជួបប្រទះបញ្ហាខ្វះខាតស្បៀងដ៏ធ្ងន់ធ្ងរ ដោយសារតែកណ្ដុរបានកើនចំនួនយ៉ាងច្រើន ។ ការកើនចំនួននោះគឺបណ្ដាលមកពីឫស្សីមានផ្កា និងផ្លែដំណាលគ្នាជាច្រើនដែលកណ្ដុរអាចស៊ីជាអាហារ ហើយមានលទ្ធភាពបង្កើតកូនចៅឆាប់ជាងឆ្នាំធម្មតា ។
ជាទូទៅ កសិករច្រើនកម្ចាត់វាឆាប់ ឬយឺតពេលពេក ហើយច្រើនពឹងផ្អែកស្ទើរទាំងស្រុងលើថ្នាំពុលដែលក្លាយជាទម្លាប់ធម្មតាតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ។ មានពេលខ្លះ កសិករប្រើថ្នាំសម្លាប់កណ្ដុរមិនត្រឹមត្រូវ ជាហេតុធ្វើឲ្យមានបញ្ហាដល់សត្វស៊ីកណ្ដុរតាមធម្មជាតិ ដូចជា ឆ្មា ឆ្កែ និងសត្វស្លាបមួយចំនួន រហូតដល់មនុស្សទៀតផង ។
ដូចសត្វចង្រៃភាគច្រើនដែរ កណ្ដុរកាន់តែមានភាពស៊ាំនឹងថ្នាំពុល ។ ជាទូទៅ សកម្មភាពស្រាវជ្រាវនានាតែងបានផ្ដោតលើការបង្កើនកម្រិតពុលនៃថ្នាំ និងការធ្វើឲ្យកណ្ដុរកាន់តែចូលចិត្តស៊ីនុយលាយថ្នាំទាំងនោះ ទន្ទឹមគ្នានឹងការធ្វើឲ្យមានផលប៉ះពាល់តិចដល់សត្វផ្សេងទៀត ។ ទោះជាបែបនោះក្ដី គ្រឹះស្ថានស្រាវជ្រាវជាច្រើន រួមទាំងគណៈកម្មការស្រាវជ្រាវស្រូវមានប្រព័ន្ធស្រោចស្រពផង នៅតែមានមន្ទិលលើប្រសិទ្ធភាពក្នុងការគ្រប់គ្រងសត្វនេះ ដោយពឹងផ្អែកតែលើថ្នាំពុល ។
នៅឆ្នាំ២០០៣ គណៈកម្មការស្រាវជ្រាវស្រូវមានប្រព័ន្ធស្រោចស្រព បានសហការជាមួយអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មរបស់ប្រទេសអតីតស្ថិតក្រោមអណានិគមចក្រភពអង់គ្លេស (Commonwealth) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងដៃគូស្រាវជ្រាវ និងផ្សព្វផ្សាយជាតិនៃប្រទេសឥណ្ឌូណេស៊ី និងវៀតណាម ដើម្បីដាក់ឲ្យអនុវត្តនូវវិធីសាស្ត្រគ្រប់គ្រងកណ្ដុរអាស្រ័យតាមប្រព័ន្ធបរិស្ថាន (មិនផ្អែកតាមប្រភេទថ្នាំពុល) ។ កិច្ចការនោះបានផ្ដោតលើការខាតបង់ជាលក្ខណៈសេដ្ឋកិច្ចរបស់កសិករក្រីក្រ បង្កើនសុខភាពមនុស្សដោយកាត់បន្ថយរោគ ឬជំងឺដែលបង្កឡើងដោយសត្វកណ្ដុរ និងកាត់បន្ថយការប្រើប្រាស់ថ្នាំពុល ។ បណ្ឌិត Singleton បាននិយាយថា «ជាគោលបំណង គឺចូលឲ្យដល់ពិភពអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍របស់សត្វកណ្ដុរ ហើយសហការជិតស្និទ្ធជាមួយកសិករដើម្បីបង្កើតឲ្យមានយុទ្ធសាស្ត្រគ្រប់គ្រងដែលមានតម្លៃថោក និងមិនប៉ះពាល់ដល់បរិស្ថាន» ។
ការដាក់របាំងព័ទ្ធជុំវិញស្រែ រួមផ្សំនឹងអង្គប់ ឬ អន្ទាក់ ជាវិធីសាមញ្ញ តែមានប្រសិទ្ធភាពកាលណាការបំផ្លាញកើតមានក្នុងរយៈពេលយូរ ហើយធ្វើឲ្យបាត់បង់ច្រើនជាង ១០% ។ របាំង និងអង្គប់ ឬអន្ទាក់គួរត្រូវបានដាក់ជុំវិញស្រែតូចៗ ដែលដាំដុះស្រូវ ២ ទៅ ៣ សប្ដាហ៍ឆាប់ជាងស្រែក្បែរខាង ។ កណ្ដុរនឹងសសៀរក្បែររបាំងនោះដើម្បីរកច្រកចូលទៅក្នុងស្រែ ហើយជាប់អង្គប់ ឬអន្ទាក់ ។
ការសិក្សាមួយចំនួនដែលបានធ្វើនៅប្រទេសឥណ្ឌូណេស៊ី និងវៀតណាម បានបង្ហាញយ៉ាងច្បាស់ថា កសិករអាចគ្រប់គ្រងចំនួនសត្វកណ្ដុរដោយជោគជ័យបាន កាលណាគាត់រួមដៃគ្នាជាសហគមន៍ ហើយអនុវត្តកិច្ចការពាក់ព័ន្ធទាំងឡាយក្នុងពេលវេលាសមស្រប និងចំកន្លែងដែលសត្វនេះរស់នៅ ។ នៅប្រទេសវៀតណាម គម្រោងខាងលើបានកាត់បន្ថយការបំផ្លាញរបស់សត្វកណ្ដុរ ៥០% ហើយកសិករបន្ថយការប្រើប្រាស់ថ្នាំពុលបានច្រើនជាង ៦០% ។ ជាងនេះទៅទៀត ដោយកិច្ចការនោះតម្រូវឲ្យធ្វើដោយសហការគ្នា វាបានជួយធ្វើឲ្យកសិករនៅក្នុងសហគមន៍កាន់តែមានទំនាក់ទំនងគ្នាជិតស្និទ្ធ ។
នៅឆ្នាំ២០០៩ គម្រោងនេះត្រូវបានទទួលយកទៅអនុវត្តក្នុងកម្រិតជាតិ សម្រាប់កម្មវិធីស្រូវនៅប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម ។ មានកសិករប្រមាណ ១០០.០០០ នាក់ នៅប្រទេសវៀតណាម និង ៧៥.០០០ នាក់ នៅប្រទេសឥណ្ឌូណេស៊ីបានទទួលយកបច្ចេកវិទ្យានោះទៅអនុវត្ត ។ ការអនុវត្តបច្ចេកវិទ្យានេះកំពុងត្រូវបានពង្រីកនៅប្រទេសបង់ក្លាដែស ឡាវ មីយ៉ាន់ម៉ា តង់សានី និង ណាមីប៊ី ៕
រៀបចំដោយ លោកបណ្ឌិត មាស ពិសិដ្ឋ
No comments:
Post a Comment